ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ
ថ្ងៃនេះជាថ្ងៃអ្វី? មានលោកប៉ុន្មានអង្គ? ថ្ងៃនេះជាថ្ងៃសីល? ព្រះពុទ្ធអនុញ្ញាតឲ្យ រាប់បក្ខ រាប់ចំនួនភិក្ខុ ប្រាប់ថ្ងៃឧបោសថ។
mv 02.17 បាលី cs-km: vin.mv.02.17 អដ្ឋកថា: vin.mv.02.17_att PTS: ?
បក្ខគណនាទិឧគ្គហណានុជាននា (ទី៨៤)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨៤.)
[១៧៧] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងចោទនាវត្ថុនគរ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយត្រឡប់មកកាន់ក្រុងរាជគ្រឹះវិញទៀត។ ក៏សម័យនោះឯង មនុស្សទាំងឡាយសួរពួក ភិក្ខុដែលកំពុងត្រាច់ទៅបិណ្ឌបាតថា បពិត្រលោកដ៏ចំរើន តិថីនៃបក្ខបានប៉ុន្មានហើយ (គឺប៉ុន្មានកើត ប៉ុន្មានរោចហើយ)។ ភិក្ខុទាំងឡាយបាននិយាយយ៉ាងនេះថា នែអាវុសោ យើងមិនដឹងទេ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាកូនចៅព្រះពុទ្ធជាសក្យៈទាំងនេះ ត្រឹមតែវិជ្ជារាប់បក្ខ (ប៉ុណ្ណេះ) មិនដឹងទៅហើយ។ ចំណង់បើការល្អណាមួយដទៃទៀត ធ្វើម្តេចពួកសមណៈទាំងនេះនឹងដឹងបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរៀនរាប់បក្ខ។1) ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ត្រូវអ្នកណារៀនរាប់បក្ខហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងអស់គ្នារៀនរាប់បក្ខ។ សម័យនោះឯង ពួកមនុស្សសួរភិក្ខុទាំងឡាយដែលកំពុងត្រាច់ទៅបិណ្ឌបាតថា បពិត្រលោកដ៏ចំរើន ភិក្ខុទាំងឡាយមានប៉ុន្មានអង្គ។ ភិក្ខុទាំងឡាយបាននិយាយយ៉ាងនេះថា នែអាវុសោ យើងមិនដឹងទេ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាកូនចៅព្រះពុទ្ធជាសក្យៈទាំងនេះ ត្រឹមតែគ្នីគ្នាមានប៉ុន្មាន ក៏មិនដឹង(ទៅហើយ) ធ្វើម្តេចឡើយ ពួកសមណៈទាំងនេះនឹងដឹងការល្អ តិចតួចដទៃបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរាប់ពួកភិក្ខុ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា យើងគួររាប់ភិក្ខុទាំងឡាយក្នុងកាលណាហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរាប់ត្រឹមតែឈ្មោះ ឬឲ្យកាន់យកស្លាកក្នុងឧបោសថថ្ងៃនោះ។
[១៧៨] ក៏សម័យនោះឯង ភិក្ខុទាំងឡាយមិនដឹងថាថ្ងៃនេះ ជាថ្ងៃឧបោសថ ក៏នាំគ្នាដើរទៅកាន់ស្រុកឆ្ងាយ ដើម្បីបិណ្ឌបាត។ ភិក្ខុទាំងឡាយនោះមកដល់ក្នុងពេលដែលភិក្ខុកំពុងសំដែងនូវបាតិមោក្ខ ក៏មាន មកដល់ក្នុងពេលដែលភិក្ខុសំដែងនូវបាតិមោក្ខចប់ហើយក៏មាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់ថា ថ្ងៃនេះជាថ្ងៃឧបោសថ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ត្រូវភិក្ខុណាប្រាប់ថ្ងៃឧបោសថហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈ ប្រាប់អំពីព្រឹក។ ក៏សម័យនោះឯង ព្រះថេរៈមួយអង្គភ្លេច (មិនបានប្រាប់) អំពីព្រឹក។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់ក្នុងពេលឆាន់ក៏បាន។ ភិក្ខុក៏ភ្លេចក្នុងពេលឆាន់ទៀត។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរលឹកឃើញកាលណា ប្រាប់កាលនោះចុះ។