ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ
កិច្ចការចំពោះរោងឧបោសថ៖ ការបោសសំអាត រៀបចំក្រាលទីកន្លែងអង្គុយ និងអុជប្រទីប។
mv 02.18 បាលី cs-km: vin.mv.02.18 អដ្ឋកថា: vin.mv.02.18_att PTS: ?
បុព្វករណានុជាននា (ទី៨៥)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨៥.)
[១៧៩] ក៏សម័យនោះឯង រោងឧបោសថក្នុងអាវាសមួយស្មោកគ្រោក។ ភិក្ខុជាអាគន្តុកៈទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយមិនសមបើនឹងមិនបោសរោងឧបោសថសោះ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបោសរោងឧបោសថ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ត្រូវអ្នកណាបោសរោងឧបោសថហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈបង្គាប់ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈបង្គាប់ហើយ ក៏នៅតែមិនបោស។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានជម្ងឺ (បើ) ព្រះថេរៈបង្គាប់ហើយ មិនត្រូវមិនបោសទេ (ថាត្រូវតែបោស) ភិក្ខុណាមិនបោស ត្រូវអាបត្តិទុក្កដ។ ក៏សម័យនោះឯង ភិក្ខុមិនបានក្រាលអាសនៈ ក្នុងរោងឧបោសថ។ ភិក្ខុទាំងឡាយអង្គុយផ្ទាល់ដី កាយភិក្ខុក្តី ចីវរទាំងឡាយក្តី ប្រឡាក់ដោយដី។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុក្រាលអាសនៈ ក្នុងរោងឧបោសថ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ត្រូវអ្នកណាក្រាលអាសនៈក្នុងរោងឧបោសថហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈបង្គាប់ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈបង្គាប់ហើយ ក៏នៅតែមិនក្រាលអាសនៈ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈឺ (បើ) ភិក្ខុជាថេរៈបង្គាប់ហើយ មិនត្រូវមិនក្រាលអាសនៈទេ ភិក្ខុណាមិនក្រាល ត្រូវអាបត្តិទុក្កដ។ ក៏សម័យនោះឯង ក្នុងរោងឧបោសថគ្មានប្រទីប។ ភិក្ខុទាំងឡាយ ជាន់កាយគ្នាខ្លះ ជាន់ចីវរគ្នាខ្លះ ក្នុងទីងងឹត។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអុជប្រទីបក្នុងរោងឧបោសថ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ត្រូវអ្នកណាអុជប្រទីបក្នុងរោងឧបោសថហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈបង្គាប់ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈបង្គាប់ហើយ ក៏នៅតែមិនអុជប្រទីប។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈឺ (បើ) ព្រះថេរៈបង្គាប់ហើយ មិនត្រូវមិនអុជប្រទីបទេ ភិក្ខុណាមិនអុជប្រទីប ត្រូវអាបត្តិទុក្កដ1) ។