km:tipitaka:vin:mv:vin.mv.02.33

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ

១០០. សីមោក្កន្តិកបេយ្យាលំ

សង្ខេប

កិច្ច​ការ​ពេល​ពួក​ភិក្ខុក្នុង​អាវាស និង​​អាគន្តុក​ភិក្ខុ មាន​ថ្ងៃ​ឧបោសថ​ផ្សេង​គ្នា។

mv 02.33 បាលី cs-km: vin.mv.02.33 អដ្ឋកថា: vin.mv.02.33_att PTS: ?

សីមោក្កន្តិកបេយ្យាលំ (ទី១០០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១០០.)

[១៩៦] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួក​អាវាសិក​ភិក្ខុ​ច្រើន​រូប គឺចំនួន៤រូប ឬច្រើន​ជាង៤រូបឡើងទៅ ប្រជុំគ្នា​​ក្នុងឧបោសថ​​ថ្ងៃនោះ។ ភិក្ខុទាំងនោះ​មិន​ដឹង​ថា មានពួក​​អាវាសិក​​ភិក្ខុដទៃ​​ដើរចូលមក​ខាងក្នុង​សីមា​ឡើយ។បេ។ ភិក្ខុ​ទាំងនោះ មិនដឹង​ថា ពួក​អាវាសិក​ភិក្ខុដទៃ បានដើរ​ចូល​មកខាង​ក្នុងសីមា​ហើយ។បេ។ ភិក្ខុ​ទាំងនោះ មិនឃើញ​​ពួកអាវាសិក​ភិក្ខុ​ដទៃកំពុង​​ដើរចូល​មកខាង​ក្នុងសីមា​ឡើយ។បេ។ ភិក្ខុទាំង​នោះមិនឃើញ​​ពួកអាវាសិក​ភិក្ខុដទៃ​​បានដើរ​ចូលមក​ខាងក្នុង​សីមា។បេ។ ភិក្ខុទាំង​នោះ មិនឮថា ពួក​អាវាសិក​ភិក្ខុដទៃ​​ដើរចូល​​មកខាងក្នុង​សីមា។បេ។ ភិក្ខុទាំង​នោះមិនឮថា ពួក​អាវាសិក​ភិក្ខុដទៃ បាន​ដើរចូល​មក​ខាងក្នុង​សីមា។បេ។ អាវាសិក​ភិក្ខុ និងអាវាសិក​ភិក្ខុមាន​ចំនួន​១៧៥តិក​ន័យ អាគន្តុកភិក្ខុ និង​អាវាសិកភិក្ខុ ក៏មាន​ចំនួន​១៧៥ តិកន័យ​ដែរ អាវាសិក​ភិក្ខុ និងអាគន្តុក​ភិក្ខុក៏​មាន​ចំនួន​១៧៥តិកន័យ​ដែរ អាគន្តុកភិក្ខុ និង​អាគន្តុក​ភិក្ខុផងគ្នា ក៏មាន​ចំនួន​១៧៥​តិក​ន័យ​ដែរ បូករួម​ទាំងអស់​ត្រូវជា​៧០០តិកន័យ ដោយ​បេយ្យាល​មុខ។

[១៩៧] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើថ្ងៃ​ទី១៤ ជាថ្ងៃរបស់​ពួក​អាវាសិក​ភិក្ខុ ថ្ងៃទី១៥ ជាថ្ងៃ​របស់​ពួកអាគន្តុកភិក្ខុ។ បើពួកអាវាសិកច្រើនជាង ត្រូវពួក​អាគន្តុកភិក្ខុ​ប្រព្រឹត្ត​តាម​ពួកអាវាសិកភិក្ខុ​​វិញចុះ1) ។ បើទុកជា​ស្មើៗគ្នា ក៏ត្រូវតែ​ពួក​អាគន្តុក​ភិក្ខុប្រព្រឹត្ត​​តាមពួក​​អាវាសិកភិក្ខុ​ដែរ។ បើពួក​អាគន្តុក​ច្រើនជាង ត្រូវពួក​​អាវាសិកភិក្ខុ​​ប្រព្រឹត្ត​​តាម​ពួក​​អាគន្តុក​​ភិក្ខុវិញ​ចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើថ្ងៃ​ទី១៥ ជាថ្ងៃ​របស់​ពួក​អាវាសិកភិក្ខុ ថ្ងៃទី១៤ ជាថ្ងៃ​របស់​ពួក​អាគន្តុក​ភិក្ខុ។ បើពួក​​អាវាសិក​ភិក្ខុច្រើនជាង ត្រូវពួក​អាគន្តុក​ភិក្ខុ​ប្រព្រឹត្ត​តាម​ពួកអាវាសិក​ភិក្ខុចុះ។ បើចំនួន​ស្មើៗគ្នាទេ ត្រូវពួក​​អាគន្តុកភិក្ខុ​ប្រព្រឹត្ត​តាមពួក​អាវាសិក​ភិក្ខុវិញ។ បើពួក​អាគន្តុកភិក្ខុ​ច្រើនជាង ត្រូវពួក​​អាវាសិក​ភិក្ខុប្រព្រឹត្ត​​តាមពួក​អាគន្តុក​ភិក្ខុ​វិញចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនា​នេះ បើថ្ងៃ​ទី១កើត ឬ១រោច របស់​​ពួកអាវាសិក​ភិក្ខុ ថ្ងៃទី១៥ របស់​​ពួកអាគន្តុក​ភិក្ខុ។ បើពួក​អាវាសិកភិក្ខុ​ច្រើនជាង ពួកអាវាសិក​​ភិក្ខុមិន​ប្រាថ្នា (នឹងឲ្យ) មិនត្រូវ​ឲ្យសេចក្តី​ព្រមព្រៀង ដល់ពួក​​អាគន្តុកភិក្ខុ​​ឡើយ ត្រូវពួក​អាគន្តុក​ភិក្ខុ ចេញ​ទៅក្រៅ​សីមា ហើយធ្វើ​ឧបោសថ។ បើជា​ស្មើៗគ្នាវិញ ពួកអាវាសិក​ភិក្ខុ​​មិនចង់​ឲ្យ ក៏មិនត្រូវ​ឲ្យសាមគ្គី ដល់ពួក​អាគន្តុកភិក្ខុ​ដែរ ត្រូវតែពួក​អាគន្តុក​ភិក្ខុ ចេញ​ទៅក្រៅ​​សីមា ហើយធ្វើឧបោសថចុះ។ បើពួក​អាគន្តុក​ភិក្ខុ​ច្រើនជាង ត្រូវពួក​អាវាសិក​ភិក្ខុឲ្យសាមគ្គី ដល់​ពួក​​អាគន្តុកភិក្ខុ ឬត្រូវចេញ​​ទៅក្រៅសីមា។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើថ្ងៃ​ទី១៥ ជារបស់​ពួក​អាវាសិកភិក្ខុ ថ្ងៃ១កើត ឬ១រោច ជាថ្ងៃ​របស់​ពួក​អាគន្តុកភិក្ខុ។ បើពួកអាវាសិក​ភិក្ខុច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ ឲ្យសាមគ្គី ដល់ពួក​អាវាសិកភិក្ខុ ឬត្រូវចេញ​ទៅ​ខាងក្រៅ​សីមា។ បើជា​ស្មើៗគ្នាវិញ ត្រូវពួកអាគន្តុក​​ភិក្ខុ ឲ្យសាមគ្គី ដល់ពួកអាវាសិកភិក្ខុ ឬត្រូវចេញទៅខាង​ក្រៅ​សីមា។ បើអាគន្តុក​ភិក្ខុ​ច្រើនជាង អាគន្តុក​ភិក្ខុមិនប្រាថ្នា (នឹងឲ្យ) ក៏មិនត្រូវ​ឲ្យសាមគ្គី​​ដល់អាវាសិក​ភិក្ខុឡើយ ត្រូវពួក​​អាវាសិក​​ភិក្ខុ ចេញ​​ទៅធ្វើឧបោសថ​ខាងក្រៅ​សីមា។

 

1)
អដ្ឋកថា ថា ពួកភិក្ខុ​នៅក្នុងអាវាស​ថា ថ្ងៃ​ចាតុទ្ទសីឧបោសថ ចំណែក​ខាងពួក​ភិក្ខុដែល​មកពីដែនខាងក្រៅថា ថ្ងៃ​បណ្ណរសី​ឧបោសថ បើពួកភិក្ខុ​នៅក្នុងអាវាស​(ច្រើនជាង) បានធ្វើ​បុព្វកិច្ច​ថា អជ្ជុបោសថោចាតុទ្ទសោ​ដូច្នេះហើយ ត្រូវ​តែពួក​​អាគន្តុក​ភិក្ខុ​ប្រព្រឹត្ត​​តាម កុំរឹង​ទទឹង​ឡើយ។
km/tipitaka/vin/mv/vin.mv.02.33.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann