km:tipitaka:vin:mv:vin.mv.03.01

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » វស្សូបនាយិកក្ខន្ធកៈ

១០៧. វស្សូបនាយិកានុជាននា

សង្ខេប

អ្នក​​ប្រហែល​​ជា​​ឆ្ងល់​​ថា ហេតុ​​អ្វី​​បាន​​ជា​​ព្រះ​ពុទ្ធ​បាន​អនុញ្ញាត​​ឲ្យ​​កាន់​វស្សា? រឿង​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​អនុញ្ញាត​​ឲ្យ​ភិក្ខុ​ចូលវស្សា​១ ពួក​ភិក្ខុ​គិត​ថា យើង​​ត្រូវ​ចូល​វស្សា​​ក្នុង​កាល​ណា​ហ្ន៎១ ពួក​ភិក្ខុ​គិត​ថា ថ្ងៃ​ចូល​វស្សា​ តើ​មាន​ប៉ុន្មាន​​យ៉ាង​១។

mv 03.01 បាលី cs-km: vin.mv.03.01 អដ្ឋកថា: vin.mv.03.01_att PTS: ?

វស្សូបនាយិកានុជាននា (ទី១០៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១០៧)

[១] សម័យ​នោះ ព្រះពុទ្ធ​មានព្រះភាគ ទ្រង់គង់​នៅវត្ត​វេឡុវន កលន្ទកនិវាបស្ថាន ទៀប​ក្រុង​រាជគ្រឹះ។ គ្រានោះឯង ការនៅចាំវស្សា​ ព្រះមានព្រះភាគ​មិនទាន់​បាន​បញ្ញត្ត​ដល់ភិក្ខុទាំង​ឡាយ​នៅឡើយ។ ភិក្ខុទាំងនោះក៏ចេញដើរ​ទៅកាន់​ចារិក អស់​ហេមន្តរដូវខ្លះ អស់​គិម្ហរដូវខ្លះ អស់​វស្សានរដូវខ្លះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យ​បុត្តិយ៍ មិនសមបើនឹងដើរទៅកាន់ចារិក​អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរ​ជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀននូវវត្ថុ​ដែលមានជីវិត​ មានឥន្ទ្រិយ​តែ១ ញុំាងសត្វ​តូចៗ​ជាច្រើន​ឲ្យដល់នូវ​សេចក្តីវិនាស​សោះ សូម្បីពួកបរិព្វាជក​ មានលទ្ធិដទៃទាំងនេះ ដែល​ជាអ្នក​ពោល​ធម៌អាក្រក់ ម្តេចគង់នឹងសម្ងំឈប់​សម្រាកនៅចាំវស្សា សូម្បីទាំងពួក​សត្វស្លាបនេះ​ទៀត​សោត ក៏គង់ធ្វើសំបុក​លើចុងឈើ​ទាំងឡាយ ហើយនឹងសម្ងំ​ឈប់សម្រាក​នៅ​ចាំវស្សា​ដែរ ចំឡែក​តែ​ពួក​សមណៈ ជាសក្យបុត្តិយ៍នេះ នៅតែដើរ​ទៅកាន់ចារិក អស់ហេមន្តរដូវខ្លះ អស់​គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅ​ស្រស់​ទាំងឡាយ បៀតបៀន​នូវវត្ថុ​ដែល​មានជីវិត​ មានឥន្ទ្រិយ​តែ១ ញុំាងសត្វ​​តូចៗ​ជាច្រើន​​ឲ្យដល់នូវ​​សេចក្តីវិនាស។ កាលមនុស្ស​ទាំងនោះ កំពុង​​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​​ក៏បានឮច្បាស់។ គ្រានោះឯង ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់​ធ្វើ​នូវធម្មីកថា ក្នុងវេលានោះឯង រួចហើយ​ទើបទ្រង់​ត្រាស់​ហៅភិក្ខុទាំងឡាយ​​មកអនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​​ឲ្យភិក្ខុចូល​វស្សា។1)

[២] គ្រានោះឯង ភិក្ខុទាំងឡាយ​មានសេចក្តី​តិ្រះរិះយ៉ាងនេះថា យើងគួរចូលវស្សា​ក្នុង​កាល​ណាហ្ន៎។ ភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុចូលវស្សា​ក្នុងវស្សានរដូវ។ លំដាប់​នោះ ភិក្ខុ​ទាំង​ឡាយ​មានសេចក្តី​ត្រិះរិះយ៉ាងនេះថា ថ្ងៃចូលវស្សា​ តើមានប៉ុន្មាន​ហ្ន៎។ ភិក្ខុទាំងនោះ ​ក្រាប​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សា​នេះមាន​ពីរ គឺថ្ងៃបុរិមិកា​2) វស្សា១ ថ្ងៃបច្ឆិមិកា​3) វស្សា១ ភិក្ខុ​គួរចូល​បុរិមិកាវស្សា ក្នុងថ្ងៃ​បន្ទាប់​នៃថ្ងៃពេញ​បូណ៌មីខែអាសាធ (គឺថ្ងៃ១រោច​ខែអាសាធ) ភិក្ខុគួរចូល​បច្ឆិមិកាវស្សាក្នុងថ្ងៃ​ដែល​កន្លង​ហួស១ខែអំពីថ្ងៃពេញបូណ៌មីខែអាសាធ (គឺថ្ងៃ១រោច ខែស្រាពណ៌) ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សាមានតែពីរយ៉ាងនេះឯង។

 

1)
អដ្ឋកថា អធិប្បាយថា ក្នុងវស្សានរដូវ ភិក្ខុ​ត្រូវចូល​វស្សា​ឲ្យគ្រប់បីខែ។
2)
ថ្ងៃចូលវស្សាមុន។
3)
ថ្ងៃចូលវស្សាក្រោយ។
km/tipitaka/vin/mv/vin.mv.03.01.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann