km:tipitaka:vin:mv:vin.mv.03.02

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » វស្សូបនាយិកក្ខន្ធកៈ

១០៨. វស្សានេ ចារិកាបដិក្ខេបាទិ

សង្ខេប

ព្រះ​សង្ឃ​​ត្រូវ​​ស្នាក់​​នៅ​​​​​មួយ​​កន្លែងសម្រាប់​​វស្សា ​និង​មិន​​ត្រូវ​​ធ្វើ​​ដំណើរ​​ពេញ​​មួយ​​យប់។ រឿង​​ពួក​​ឆព្វគ្គិយ​​​ភិក្ខុ​​​បាន​​​ចូល​​វស្សា​​​ហើយ ចេញ​​ដើរ​​ទៅ​​កាន់​​​ចារិក​​​ក្នុង​​កណ្តាល​​​វស្សា​​១ មិន​​ប្រាថ្នា​​​នឹង​​ចូល​​វស្សា​​​១ វេលា​​​ជិត​​ចូល​​វស្សា​​​ហើយ ក្លែង​​​ដើរ​​ចេញ​​​ទៅ​​កាន់​​អាវាស​​ដទៃ​​១ ស្តេច​​​ពិម្ពិសារ​​​ប្រាថ្នា​​​នឹង​​លើក​​ខែ​​១។

mv 03.02 បាលី cs-km: vin.mv.03.02 អដ្ឋកថា: vin.mv.03.02_att PTS: ?

វស្សានេ ចារិកាបដិក្ខេបាទិ (ទី១០៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១០៨)

[៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបាន​ចូលវស្សា​ហើយ ក៏ចេញ​ដើរទៅកាន់​ចារិក​ក្នុង​កណ្តាល​វស្សា។ មនុស្សទាំងឡាយពោលទោស តិះដៀស បន្តុះបង្អាប់​ដូចក្នុង​គ្រាមុន​នោះ​ទៀត​ថា ពួកសមណៈ ជាសក្យ​បុត្តិយ៍ មិនសមបើនឹងដើរទៅកាន់ចារិក​អស់ហេមន្តរដូវខ្លះ អស់​គិម្ហ​រដូវ​ខ្លះ អស់វស្សានរដូវខ្លះ ដើរ​ជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀនវត្ថុ​ដែលមានជីវិត​ មានឥន្ទ្រិយ​តែ​មួយ ញុំាងពួកសត្វ​តូចៗ​ជាច្រើន​ឲ្យដល់នូវ​សេចក្តីវិនាស​សោះ យ៉ាងដូចជា​ពួក​តិរ្ថិយ​ដទៃនេះ ដែល​​​ពោល​ធម៌អាក្រក់ ម្តេចគង់នឹងសម្ងំឈប់​សម្រាកនៅចាំវស្សា អស់​ទាំងពួក​សត្វ​ស្លាប​នេះ​ទៀត​​សោត ក៏ធ្វើ​សំបុក​​ទាំងឡាយ​ទុកនៅ​លើចុងឈើទាំងឡាយ ហើយនឹង​សម្ងំ​នៅចាំវស្សា​ដូចគ្នា​ដែរ ចំឡែក​តែ​ពួក​សមណៈ ជាសក្យបុត្តិយ៍នេះ ម្តេចឡើយ​ក៏នៅតែដើរ​ទៅកាន់ចារិក អស់​ហេមន្ត​រដូវ​ខ្លះ អស់​គិម្ហរដូវខ្លះ អស់វស្សាន​រដូវខ្លះ ដើរជាន់ស្មៅ​ស្រស់​ទាំងឡាយ បៀតបៀន​វត្ថុ​ដែល​មាន​ជីវិត​ មានឥន្ទ្រិយ​តែមួយ ញុំាងពួកសត្វ​​តូចៗ​ជាច្រើន​​ឲ្យដល់នូវ​​សេចក្តីវិនាស។ កាលមនុស្ស​ទាំង​នោះ កំពុង​​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​​ក៏បានឮច្បាស់។ ពួក​ភិក្ខុណា​ដែល​មានសេចក្តីប្រាថ្នា​តិច ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួក​ឆព្វគ្គិយភិក្ខុ​ចូលវស្សាហើយ មិនសម​បើនឹង​ចេញដើរ​ទៅកាន់​ចារិក​ក្នុងកណ្តាល​វស្សាសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់​ធ្វើ​ធម្មីកថា​រួចហើយ ត្រាស់ហៅ​ភិក្ខុទាំងឡាយ​​មកបញ្ញត្ត​ថា ម្នាល​ភិក្ខុ​​​ទាំងឡាយ ភិក្ខុចូល​វស្សាហើយ មិននៅចាំបុរិមិកាវស្សា​​អស់ខែ​៣ ឬបច្ឆិមិកាវស្សា​អស់​ខែ៣ទេ មិនត្រូវចៀសចេញទៅ​កាន់​ចារិក​ឡើយ ភិក្ខុណា​ចៀស​ចេញ​ទៅ ត្រូវអាបត្តិ​ទុក្កដ។

[៤] សម័យនោះឯង ពួកឆព្វគ្គិយ​ភិក្ខុមិនប្រាថ្នា​នឹងចូលវស្សា។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំមិនចូល​វស្សា​ឡើយ (គឺត្រូវតែ​ចូលវស្សា) ភិក្ខុណាមិនចូល​វស្សា ត្រូវអាបត្តិទុក្កដ។ សម័យ​នោះឯង ពួក​ឆព្វគ្គិយភិក្ខុមិនប្រាថ្នានឹងចូលវស្សាក្នុង​ថ្ងៃចូលវស្សា​នោះ ក៏ក្លែង​ដើរ​ចេញពីទីអាវាស។ ភិក្ខុ​ទាំង​ឡាយ​​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមិនប្រាថ្នា​នឹងចូលវស្សា ក៏ក្លែង​ដើរចេញ​ពីអាវាស​ទៅក្នុង​ថ្ងៃចូលវស្សា​នោះ​មិនបានទេ ភិក្ខុ​ណា​ចេញ​ដើរទៅ ត្រូវអាបត្តិ​ទុក្កដ។

[៥] សម័យនោះឯង ព្រះបាទ​មាគធសេនិយពិម្ពិសារទ្រង់​មានសេចក្តី​ប្រាថ្នា​ដើម្បី​នឹងលើក​ខែ1) ក៏បញ្ជូន​រាជបម្រើ​ទៅក្នុងសំណាក់​ភិក្ខុទាំងឡាយថា លោកម្ចាស់​ទាំងឡាយ​គួរតែចូលវស្សា​ក្នុង​ខែ​ខាងមុខ (ខែ​អាសាធក្រោយ)។ ភិក្ខុទាំងឡាយ​ក្រាបទូលសេចក្តី​នុ៎ះ​​ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុប្រព្រឹត្ត​ទៅតាមសេ្តច​ទាំងឡាយចុះ។

 

1)
អដ្ឋកថា ថា ទ្រង់មានសេចក្តី​ប្រាថ្នានឹងលើកខែជាដម្បូង​នៃវស្សានរដូវ គឺប្រាថ្នា​នឹងធ្វើខែ​ស្រាពណ៌ ឲ្យទៅ​ជាខែអាសាធវិញ (ខែ​អាសាធ​ខាងដើម ហៅបឋមាសាធ ខែដែល​លើក​ខាង​ក្រោយ ហៅទុតិយាសាធ)។
km/tipitaka/vin/mv/vin.mv.03.02.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann