km:tipitaka:vin:mv:vin.mv.03.03

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » វស្សូបនាយិកក្ខន្ធកៈ

១០៩. សត្តាហករណីយានុជាននា

សង្ខេប

ព្រះពុទ្ធ​ទ្រង់​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​វស្សា​រយៈពេល​ប្រាំពីរ​ថ្ងៃ​នៅពេល​ដែល​គេ​នឹង​ប្រគេន​អគារ​មួយ ។ រឿង​ឧបាសក​​បាន​ឲ្យ​គេ​កសាង​វិហារ​ចំពោះសង្ឃ។

mv 03.03 បាលី cs-km: vin.mv.03.03 អដ្ឋកថា: vin.mv.03.03_att PTS: ?

សត្តាហករណីយានុជាននា (ទី១០៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១០៩)

[៦] គ្រានោះឯង ព្រះមានព្រះភាគ​គង់ក្នុង​ក្រុង​រាជគ្រឹះ​គួរដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់​យាងសំដៅ​ទៅឯក្រុង​សាវត្ថី ទ្រង់យាង​ទៅកាន់ចារិក​ដោយលំដាប់ស្រុក ទើបបាន​ដល់ទៅ​ក្រុង​សាវត្ថី។ បានឮថា ព្រះមានព្រះភាគ​គង់នៅវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុង​សាវត្ថី​នោះឯង។ សម័យនោះឯង ក្នុងកោសល​ជនបទ មានឧបាសក​ឈ្មោះឧទេន បានឲ្យ​គេធ្វើ​វិហារ​ចំពោះ​សង្ឃ។ ឧបាសក​នោះក៏បានបញ្ជូន​បម្រើទៅក្នុងសំណាក់​ភិក្ខុទាំងឡាយថា សូមឲ្យ​លោកម្ចាស់​​ទាំងឡាយនិមន្តមក ដ្បិត​ខ្ញុំ​ករុណា​ប្រាថ្នានឹង​ថ្វាយទានផង ស្តាប់ធម៌ផង នឹងបាន​ឃើញ​ភិក្ខុទាំងឡាយផង។ ភិក្ខុទាំងឡាយនិយាយយ៉ាងនេះ​វិញថា នែអាវុសោ ព្រះមានព្រះភាគ​បាន​បញ្ញត្ត​ហើយថា ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយមិនបាន​នៅចាំ​បុរិមិកាវស្សា​អស់៣ខែ ឬបច្ឆិមិកាវស្សា​អស់៣ខែ​ទេ មិនត្រូវចេញដើរទៅកាន់ចារិកឡើយ សូមឲ្យ​ឧទេនឧបាសក​បង្អង់​ចាំសិន ទំរាំតែភិក្ខុទាំងឡាយនៅចាំវស្សារួច លុះចាំវស្សារួចហើយ មុខជានឹងទៅ បើឧបាសក​នោះ មានការ​ត្រូវធ្វើជាប្រញាប់ សូមឲ្យផ្ញើ​វិហារ​​ទុកក្នុងសំណាក់​ភិក្ខុទាំងឡាយ ដែលនៅ​ក្នុងអាវាស​ក្នុងទី​នោះសិនចុះ។ ឯឧទេន​ឧបាសក ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់​ទាំងឡាយ កាលបើអញ​បានបញ្ជូន​ពាក្យ​បណ្តាំ​ទៅហើយ មិនសមបើនឹងមិន​និមន្តមកសោះ ដ្បិតអញជាទាយក ជាកប្បិយការកៈ ជាឧបដ្ឋាក​របស់​សង្ឃ។ កាល​ឧទេនឧបាសកកំពុង​តែ​ពោលទោស តិះដៀល បន្តុះបង្អាប់​ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះ ភិក្ខុទាំងនោះ​ ក៏​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ​ ទ្រង់ធ្វើ​ធម្មីកថា ក្នុង​វេលានោះ​ឯង រួចហើយ​ទ្រង់ត្រាស់​ហៅភិក្ខុទាំងឡាយ​មក អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ កាលបើជន​ទាំង៧ពួក គឺភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ ឧបាសក១ ឧបាសិកា១ បានបញ្ជូនបម្រើ​មកហើយ តថាគតអនុញ្ញាត​ឲ្យភិក្ខុទៅដោយ​សត្តាហករណីយ (កិច្ច​ដែលគួរធ្វើបាន​៧ថ្ងៃ) កាលបើគេមិនបញ្ជូន​បម្រើមកទេ ភិក្ខុមិនត្រូវ​ទៅទេ ម្នាលភិក្ខុទាំងឡាយ កាលបើជនទាំង៧ពួក​នេះ បានបញ្ជូន​បម្រើមកហើយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុទៅបាន កាលបើ​គេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើ​ការត្រឡប់​ក្នុង​រវាង​៧ថ្ងៃ​។1) ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសក​បាន​ឲ្យគេធ្វើ​វិហារចំពោះសង្ឃហើយ។ បើឧបាសកនោះបញ្ជូនបម្រើមកក្នុង​សំណាក់​ភិក្ខុទាំងឡាយថា សូមលោកម្ចាស់ទាំងឡាយ​និមន្តមក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់ធម៌ផង នឹងឃើញ​ភិក្ខុទាំងឡាយផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានគេបានបញ្ជូន​បម្រើ​មកហើយ ភិក្ខុត្រូវ​ទៅដោយសត្តាហករណី​យ​បាន កាលបើឥតមានគេបញ្ជូន​បម្រើ​មកទេ ភិក្ខុ​មិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់​វិលវិញ​ ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើមាន​ឧបាសក​បានឲ្យគេ​ធ្វើរោង​អឌ្ឍយោគចំពោះ​សង្ឃ។បេ។ ឲ្យគេធ្វើ​ប្រាសាទវែង។ ឲ្យគេធ្វើ​ប្រាសាទ​ដម្បូល​ត្រងិល។ ឲ្យគេធ្វើ​គុហា។ ឲ្យគេធ្វើ​បរិវេណ។ ឲ្យគេធ្វើ​បន្ទប់។ ឲ្យ​គេធ្វើ​សាលា​សម្រាប់​ឆាន់។ ឲ្យគេធ្វើ​រោងភ្លើង។ ឲ្យគេធ្វើកប្បិយកុដិ។ ឲ្យគេធ្វើ​វច្ចកុដិ (បង្គន់)។ ឲ្យគេធ្វើ​ទីចង្រ្កម។ ឲ្យគេធ្វើ​រោងចង្ក្រម។ ឲ្យគេធ្វើអណ្តូងទឹក។ ឲ្យគេធ្វើសាលា​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើ​ផ្ទះជាទី​រក្សាកាយ។ ឲ្យគេធ្វើសាលាសម្រាប់​ប្រើប្រាស់​នៅនាផ្ទះ​ជាទីរក្សាកាយ។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីអារាម។ បើឧបាសក​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​​ភិក្ខុ​ទាំងឡាយថា សូមលោកម្ចាស់​ទាំងឡាយនិមន្តមក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមាន​គេបញ្ជូន​បម្រើ​មកហើយ ភិក្ខុត្រូវ​ទៅដោយសត្តាហករណីយបាន កាលបើ​ឥតមានគេបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ឧបាសក​ចំពោះភិក្ខុច្រើនរូប។បេ។ បានឲ្យគេធ្វើ​វិហារ​ចំពោះភិក្ខុ១រូប។ ឲ្យគេធ្វើ​អឌ្ឍយោគ។ ឲ្យគេធ្វើ​ប្រាសាទវែង។ ឲ្យគេធ្វើ​ប្រាសាទ​​ដម្បូល​ត្រងិល។ ឲ្យគេ​ធ្វើ​គុហា។ ឲ្យគេធ្វើ​បរិវេណ។ ឲ្យគេធ្វើ​​បន្ទប់ទឹក។ ឲ្យ​គេធ្វើរោង​​សម្រាប់​ឆាន់។ ឲ្យគេធ្វើ​​រោងភ្លើង។ ឲ្យគេធ្វើ​​កប្បិយ​កុដិ។ ឲ្យគេធ្វើ​​វច្ចកុដិ។ ឲ្យគេ​ធ្វើ​ទីចង្រ្កម។ ឲ្យគេធ្វើ​​រោងសម្រាប់​ចង្ក្រម។ ឲ្យគេធ្វើ​​អណ្តូង​ទឹក។ ឲ្យគេធ្វើ​សាលា​សម្រាប់​ប្រើប្រាស់​នៅ​នាអណ្តូងទឹក។ ឲ្យគេធ្វើ​ផ្ទះជាទី​រក្សាកាយ។ ឲ្យគេធ្វើ​សាលា​ក្បែរផ្ទះ​ជា​ទីរក្សាកាយ។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេ​ធ្វើអារាម។ ឲ្យគេធ្វើ​​ទី​ដី​អារាម។ បើឧបាសក​​នោះបញ្ជូន​​បម្រើ​ទៅក្នុង​សំណាក់​​ភិក្ខុ​ទាំងឡាយថា សូមលោកម្ចាស់​ទាំងឡាយ​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងឲ្យ​​ទានផង នឹងស្តាប់​​ធម៌ផង នឹងឃើញ​​ភិក្ខុទាំង​ឡាយ​ផង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលបើមាន​គេបញ្ជូន​បម្រើ​មក ភិក្ខុគប្បី​ទៅដោយ​សត្តាហករណីយ​បាន កាលបើ​គេ​មិន​បញ្ជូន​​បម្រើ​មកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុគប្បី​ធ្វើការ​ត្រឡប់​វិលមកវិញ​ក្នុង​រវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមានឧបាសក​បានឲ្យគេធ្វើ​វិហារ​ចំពោះ​ភិក្ខុនី​សង្ឃ ចំពោះ​ភិក្ខុនី​ច្រើន​រូប ចំពោះភិក្ខុនីមួយរូប ចំពោះ​សិក្ខមានាច្រើនរូប ចំពោះសិក្ខមានា​១រូប ចំពោះ​សាមណេរ​ច្រើនរូប ចំពោះ​សាមណេរ១រូប ចំពោះសាមណេរីច្រើនរូប ចំពោះសាមណេរី១រូប។ បានឲ្យ​គេធ្វើ​អឌ្ឍយោគ។ ឲ្យគេធ្វើ​ប្រាសាទវែង។ ឲ្យគេធ្វើ​ប្រាសាទ​​ដំបូល​ត្រងិល។ ឲ្យគេធ្វើ​គុហា។ ឲ្យគេធ្វើ​បរិវេណ។ ឲ្យគេធ្វើ​បន្ទប់ទឹក។ ឲ្យ​គេធ្វើ​រោង​​សម្រាប់​ឆាន់។ ឲ្យគេធ្វើ​រោង​ភ្លើង។ ឲ្យគេធ្វើ​កប្បិយ​កុដិ។ ឲ្យគេ​ធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើ​​ទីចង្រ្កម។ ឲ្យគេធ្វើ​​រោងចង្ក្រម។ ឲ្យគេ​ធ្វើអណ្តូង​ទឹក។ ឲ្យគេ​ធ្វើ​រោង​សម្រាប់ប្រើប្រាស់​​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេ​ធ្វើទីដីអារាម។ បើឧបាសក​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមដ៏ចំរើន​ទាំងឡាយនិមន្តមក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមាន​គេបញ្ជូន​បម្រើ​មកហើយ ភិក្ខុ​គប្បី​​ទៅ​ដោយ​សត្តាហករណីយ​បាន កាលបើគេមិនបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុ​គប្បី​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ឧបាសក​បានឲ្យ​គេធ្វើ​ទីនៅ​ចំពោះខ្លួនឯងវិញ។ ឲ្យគេធ្វើផ្ទះសម្រាប់ដេក។ ឲ្យគេធ្វើ​ឃ្លាំង។ ឲ្យ​គេធ្វើ​ប៉ម (បញ្ចា)។ ឲ្យ​គេធ្វើ​​ប្រាសាទ​បួនជ្រុង។ ឲ្យគេធ្វើ​​រានផ្សារ។ ឲ្យគេធ្វើ​រោងរានផ្សារ។ ឲ្យគេ​ធ្វើប្រាសាទ​​វែង។ ឲ្យគេធ្វើ​ប្រាសាទ​ដំបូល​ត្រងិល។ ឲ្យគេ​ធ្វើ​គុហា។ ឲ្យគេ​ធ្វើបរិវេណ។ ឲ្យគេ​ធ្វើ​បន្ទប់​ទឹក។ ឲ្យ​គេធ្វើរោង​សម្រាប់បរិភោគ។ ឲ្យគេធ្វើ​រោងភ្លើង។ ឲ្យគេធ្វើ​ផ្ទះសម្រាប់​ចំអិនអាហារ។ ឲ្យគេធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើ​ទីចង្រ្កម។ ឲ្យគេធ្វើ​រោងចង្ក្រម។ ឲ្យគេធ្វើ​អណ្តូង​ទឹក។ ឲ្យគេធ្វើរោង​សម្រាប់​ប្រើប្រាស់​​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើ​ផ្ទះជាទី​រក្សាកាយ។ ឲ្យគេធ្វើ​សាលា​ក្បែរផ្ទះ​ជាទីរក្សាកាយ។ ឲ្យគេ​ធ្វើ​ស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើ​ទី​ដី​អារាម។ មានការដណ្តឹង​(កូនស្រី) ដើម្បី​កូន​ប្រុស​ក្តី មានការដណ្តឹង​(កូនប្រុស) ដើម្បីកូនស្រី​ក្តី គេមានជម្ងឺក្តី គេប្រាប់​ព្រះសូត្រ​ដែលគេ​ដឹង​ប្រាកដក្តី។ បើឧបាសក​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយថា សូម​លោកដ៏ចំរើន​​ទាំងឡាយ​និមន្តមករៀន​យកព្រះសូត្រនេះ កុំឲ្យព្រះសូត្រ​នេះសាបសូន្យ​ទៅ​ឡើយ។ ម្យ៉ាងទៀត ឧបាសកនោះ មានកិច្ចឯណានីមួយក្តី មានកិច្ច​ត្រូវធ្វើ (ខានមិនបាន)ក្តី។ បើឧបាសក​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយថា សូម​លោកដ៏ចំរើន​​ទាំងឡាយ​និមន្តមក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុទាំងឡាយ កាលបើ​មាន​​គេ​បញ្ជូន​បម្រើ​មក ភិក្ខុគប្បី​ទៅដោយ​សត្តាហករណីយ​បាន កាលបើ​គេមិនបញ្ជូន​បម្រើមក​ទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុង​រវាង​៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ បើមានឧបាសិកា​បានឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ។ បើ​ឧបាសិកា​​នោះបញ្ជូន​បម្រើ​ទៅ​ក្នុង​​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមលោកម្ចាស់​ទាំងឡាយ​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើមាន​គេ​បញ្ជូន​​បម្រើ​មកហើយ ភិក្ខុ​គប្បី​​ទៅដោយសត្តាហករណីយបាន កាល​បើគេ​មិនបញ្ជូន​បម្រើមកទេ ភិក្ខុ​​មិនត្រូវ​ទៅទេ ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងសាសនា​នេះ បើមានឧបាសិកា​​បានឲ្យគេធ្វើ​អឌ្ឍយោគ​ចំពោះសង្ឃ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេ​ធ្វើ​ប្រាសាទ​ដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោង​សម្រាប់​ឆាន់។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើ​កប្បិយកុដិ។ ឲ្យគេ​ធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើទីចង្ក្រម។ ឲ្យគេធ្វើ​​រោងចង្ក្រម។ ឲ្យគេធ្វើ​អណ្តូងទឹក។ ឲ្យគេធ្វើ​រោងសម្រាប់​ប្រើប្រាស់​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើផ្ទះ​ជាទីរក្សាកាយ។ ឲ្យគេធ្វើ​សាលាក្បែរ​ផ្ទះ​ជាទីរក្សាកាយ។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើ​មណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ បើ​ឧបាសិកា​​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមលោកម្ចាស់​ទាំងឡាយ​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​មាន​គេបញ្ជូន​បម្រើ​មក ភិក្ខុ​គប្បី​​ទៅដោយសត្តាហករណីយបាន កាល​បើគេ​មិនបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសិកា​គេបានធ្វើវិហារ​ចំពោះភិក្ខុច្រើនរូប។បេ។ ចំពោះភិក្ខុ១រូប ចំពោះ​ភិក្ខុនីសង្ឃ ចំពោះ​ភិក្ខុនីច្រើនរូប ចំពោះភិក្ខុនី១រូប ចំពោះសិក្ខមានា​ច្រើនរូប ចំពោះ​សិក្ខមានា១រូប ចំពោះ​សាមណេរ​ច្រើនរូប ចំពោះ​សាមណេរ១រូប ចំពោះ​សាមណេរី​ច្រើនរូប ចំពោះ​សាមណេរី១រូប។បេ។ បានឲ្យគេធ្វើ​លំនៅ​​ចំពោះខ្លួនឯង។ ឲ្យគេធ្វើផ្ទះសម្រាប់​ដេក។ ឲ្យគេ​ធ្វើ​ឃ្លាំង។ ឲ្យគេធ្វើ​ប៉ម (បញ្ចា)។ ឲ្យគេធ្វើ​ប្រាសាទ​បួនជ្រុង។ ឲ្យគេធ្វើរានផ្សារ។ ឲ្យគេធ្វើ​រោងរានផ្សារ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេធ្វើ​ប្រាសាទ​ដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោង​សម្រាប់​បរិភោគអាហារ។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើផ្ទះសម្រាប់​ចំអិនអាហារ។ ឲ្យគេធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើទីចង្ក្រម។ ឲ្យគេធ្វើ​រោងចង្ក្រម។ ឲ្យគេធ្វើ​អណ្តូងទឹក។ ឲ្យគេធ្វើ​រោងសម្រាប់​ប្រើប្រាស់​នៅនាអណ្តូងទឹក។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ មានការដណ្តឹង​ (កូនស្រី) ដើម្បីកូន​ប្រុសក្តី មានការដណ្តឹង​(កូនប្រុស) ដើម្បីកូនស្រីក្តី គេមាន​ជម្ងឺក្តី គេប្រាប់ព្រះសូត្រដែល​គេដឹង​ប្រាកដ​ក្តី។ បើ​ឧបាសិកា​​នោះបញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមលោកម្ចាស់​ទាំងឡាយ​​និមន្ត​មករៀន​យកនូវព្រះសូត្រ​នេះ កុំឲ្យ​ព្រះសូត្រនេះ​សាបសូន្យ​ទៅឡើយ។ ម្យ៉ាងទៀត ឧបាសិកានោះ មានកិច្ចឯណានីមួយក្តី មានកិច្ច​ត្រូវធ្វើ (ខានមិនបាន) ក្តី។ បើឧបាសិកានោះ បញ្ជូន​បម្រើ​ទៅក្នុងសំណាក់​ភិក្ខុទាំងឡាយថា សូមលោកម្ចាស់​ទាំងឡាយ​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​​គេបញ្ជូន​បម្រើ​មកហើយ ភិក្ខុ​គប្បី​​ទៅដោយសត្តាហករណីយបាន កាល​បើគេ​មិនបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមានភិក្ខុឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ ភិក្ខុនី​ឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ សិក្ខមានាឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ សាមណេរឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ សាមណេរី​ឲ្យគេធ្វើ​វិហារ​ចំពោះសង្ឃ ចំពោះភិក្ខុច្រើនរូប ចំពោះ​ភិក្ខុ១រូប ចំពោះ​ភិក្ខុនី​សង្ឃ ចំពោះ​ភិក្ខុនីច្រើនរូប ចំពោះភិក្ខុនី១រូប ចំពោះសិក្ខមានា​ច្រើនរូប ចំពោះ​សិក្ខមានា១រូប ចំពោះ​សាមណេរ​ច្រើនរូប ចំពោះ​សាមណេរ១រូប ចំពោះ​សាមណេរី​ច្រើនរូប ចំពោះ​សាមណេរី​១​រូប។បេ។ បានឲ្យគេធ្វើវិហារ​​ចំពោះខ្លួនឯង។ ឲ្យគេ​ធ្វើ​អឌ្ឍយោគ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេ​ធ្វើ​ប្រាសាទដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើ​បរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោង​សម្រាប់​បរិភោគអាហារ។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេ​ធ្វើកប្បិយកុដិ។ ឲ្យគេធ្វើ​វច្ចកុដិ។ ឲ្យគេធ្វើ​ទី​ចង្ក្រម។ ឲ្យគេធ្វើ​រោងចង្ក្រម។ ឲ្យគេធ្វើ​អណ្តូងទឹក។ ឲ្យគេ​ធ្វើ​រោងសម្រាប់​ប្រើប្រាស់​នៅនា​​អណ្តូង​ទឹក។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើ​អារាម។ ឲ្យគេធ្វើទីដីអារាម។ បើសាមណេរី​​នោះ​បញ្ជូន​បម្រើ​ទៅក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ថា សូមលោកម្ចាស់​ទាំងឡាយ​​និមន្ត​មក ខ្ញុំករុណា​ប្រាថ្នា​នឹងថ្វាយ​ទានផង នឹងស្តាប់​ធម៌ផង នឹងឃើញ​​ភិក្ខុទាំងឡាយ​ផង។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​​មាន​គេបញ្ជូន​បម្រើ​មកហើយ ភិក្ខុ​គប្បី​​ទៅដោយសត្តាហករណីយបាន កាល​បើគេ​មិនបញ្ជូន​បម្រើមកទេ ភិក្ខុ​មិនត្រូវ​ទៅទេ ភិក្ខុ​ត្រូវ​ធ្វើការ​ត្រឡប់​វិលវិញ​ក្នុងរវាង​៧ថ្ងៃ។

 

1)
សេចក្តីថា ភិក្ខុលើកសត្តាហៈចេញទៅអំពីវត្ត​ហើយ ត្រូវត្រឡប់មកវត្ត​ខាងក្នុង​អរុណថ្ងៃទី​៧វិញ កុំទៅ​នៅក្រៅវត្ត​ឲ្យហួស​អរុណថ្ងៃទី៧ឡើយ។
km/tipitaka/vin/mv/vin.mv.03.03.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann