km:tipitaka:vin:mv:vin.mv.03.07

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » វស្សូបនាយិកក្ខន្ធកៈ

១១៣. អន្តរាយេ អនាបត្តិវស្សច្ឆេទវារោ

សង្ខេប

អន្តរាយ​​អាច​​នឹង​​ដាច់​​វស្សា ប៉ុន្តែ​​មិន​​មាន​​កំហុស​​ទេ។ រឿងសត្វ​សាហាវ​បៀតបៀន​ពួកភិក្ខុ១ សត្វមានពិស​បៀតបៀន​ពួក​ភិក្ខុ១ ពួកចោរ​បៀត​បៀន​​ពួកភិក្ខុ១ ពួកបិសាច​បៀតបៀន​ពួកភិក្ខុ១ ភ្លើងឆេះស្រុក និងឆេះទី​សេនាសនៈ​ទាំងពីរ​រឿង១ ទឹកជន់​លិចស្រុក​១ ចោរ​មកតាំងនៅ​ក្នុងស្រុក១ ពួកទាយកជា​ច្រើន​ឥតមាន​សទ្ធា​ជ្រះថ្លា១ ភិក្ខុនៅ​ចាំវស្សា​ក្នុងអាវាស​ដទៃ ហើយ​មិនដែល​បានភោជន​សៅហ្មង ឬឧត្តម​ឆាន់​ឲ្យ​ឆ្អែត​ពេញ​លេញ១ ភិក្ខុនៅចាំវស្សាហើយ​មិនដែល​បានភោជន​ឆាន់​ឲ្យសប្បាយ​១ ភិក្ខុ​បានភេសជ្ជៈ​ជាទី​សប្បាយ​ហើយ តែ​មិនបានឧបដ្ឋាក​ដ៏សមគួរ១ ស្រីប្រលោម​ភិក្ខុ១ ស្រី​ផ្កាមាស​ប្រលោម​ភិក្ខុ១ នាងថុល្លកុមារី​ប្រលោម​ភិក្ខុ១ មនុស្ស​ខ្ទើយ​ប្រលោម​ភិក្ខុ១ ញាតិ​ប្រលោម​ភិក្ខុ១ ស្តេចប្រលោម​ភិក្ខុ១ ពួកចោរ​ប្រលោមភិក្ខុ១ ពួកអ្នកលេង​ប្រលោម​ភិក្ខុ១ ភិក្ខុឃើញ​កំណប់​ទ្រព្យ១។

mv 03.07 បាលី cs-km: vin.mv.03.07 អដ្ឋកថា: vin.mv.03.07_att PTS: ?

អន្តរាយេ អនាបត្តិវស្សច្ឆេទវារោ (ទី១១៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១១៣)

[១០] សម័យនោះឯង ភិក្ខុទាំងឡាយ​បានចាំវស្សា​ក្នុងអាវាស១ ក្នុងកោសល​ជនបទ ពួក​សត្វ​សាហាវ​តែងទៅបៀតបៀន។ ពួកសត្វសាហាវនោះ​មកចាប់​ភិក្ខុទាំងនោះខ្លះ មកចោម​ព័ទ្ធ​បង្អើល​ភិក្ខុទាំងនោះខ្លះ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយ​បានចូលវស្សា​ហើយ​មានពួកសត្វ​សាហាវ​មកបៀតបៀន។ ចាប់​យកភិក្ខុទាំងនោះក្តី មកចោម​ព័ទ្ធ​បង្អើល​ភិក្ខុ​ទាំងនោះ​ក្តី។ ភិក្ខុទាំងឡាយត្រូវធ្វើទុកក្នុងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុ​ទាំងឡាយ​បានចូលវស្សា​ហើយ ពួកសត្វមានពិស1) ​មកបៀតបៀន។ សត្វទីឃជាតិទាំងនោះខាំភិក្ខុខ្លះ មកចោម​ព័ទ្ធ​បង្អើល​ភិក្ខុ​ទាំងនោះ​ខ្លះ។ ភិក្ខុទាំងនោះត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ បើភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ​មានពួកចោរ​មកបៀតបៀន។ ចោរទាំងនោះ​ប្លន់ភិក្ខុទាំងឡាយខ្លះ វាយសំពង​​ភិក្ខុ​ទាំងឡាយខ្លះ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ​មានពួកបិសាច​បៀត​បៀន។ បិសាចទាំងនោះ​ចូលទៅ (ក្នុងសរីរៈរបស់ភិក្ខុទាំងឡាយនោះ)​ខ្លះ នាំយក (ភិក្ខុ​ទាំង​ឡាយ​នោះ)​ទៅខ្លះ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀស​ចេញ​​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុង​សាសនា​នេះ ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ស្រាប់តែភ្លើងឆេះ​ស្រុក​ជាទីគោចរ។ ភិក្ខុទាំងឡាយ​ក៏លំបាក​ដោយអាហារបិណ្ឌបាត ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយ​ចៀស​ចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុង​សាសនា​នេះ ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ស្រាប់តែ​ភ្លើងឆេះ​ទីសេនាសនៈ។ ភិក្ខុទំាងឡាយ​ក៏លំបាក​ដោយទីសេនាសនៈ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏​ក្នុង​សាសនានេះ ភិក្ខុទាំងឡាយ​ចូលវស្សា​ហើយ ស្រាប់តែ​មានទឹកជន់​មកលិច​ស្រុកជាទីគោចរ។ ភិក្ខុទាំងឡាយ​ក៏លំបាក​​ដោយអាហារ​បិណ្ឌបាត។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏​ក្នុង​សាសនានេះ ​មានទឹកជន់​លិចទីសេនាសនៈ​របស់ពួក​ភិក្ខុដែល​ចូលវស្សា​ហើយ។ ភិក្ខុទាំងឡាយ​ក៏លំបាក​​ដោយទីសេនាសនៈ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្ត​ថា អាវាសនេះឯង មានសេចក្តី​អន្តរាយ ហើយចៀសចេញ​ទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែ​មិន​ត្រូវ​អាបត្តិទេ។

[១១] សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សា​ហើយក្នុងអាវាស១ ស្រាប់តែ​មានពួកចោរ​មកនៅក្នុង​ស្រុក​ជាទីគោចរ។ ភិក្ខុទាំងនោះ​ បានក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ ស្រុកជាទីគោចរ មានក្នុងទីណា តថាគត​អនុញ្ញាត​ឲ្យភិក្ខុទាំងឡាយ​ទៅនៅក្នុង​ទីនោះចុះ។ ចំណែកអ្នកស្រុកក៏​បែកគ្នា​ទៅជាពីរ​ផ្នែក។ ភិក្ខុ​ទាំង​ឡាយ​ បានក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកស្រុកទាំងឡាយ​មានចំនួន​ច្រើនជាង​ នៅក្នុងទីណា តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ទាំងឡាយ​​ទៅនៅ​ក្នុងទីនោះបាន។ (ចំណែក) អ្នកស្រុក​ដែលឥត​មានសទ្ធា ឥតមាន​សេចក្តី​ជ្រះថ្លា ច្រើនជាង។ ភិក្ខុទាំងឡាយ​ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​អនុញ្ញាត​​ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកស្រុកដែលមានសទ្ធា​ជ្រះថ្លា​ មាននៅក្នុងទីណា តថាគត​អនុញ្ញាត​ឲ្យភិក្ខុទាំងឡាយ​ទៅនៅ​ក្នុងទីនោះឯង។

[១២] សម័យនោះឯង ក្នុងកោសលជនបទ មានពួកភិក្ខុចូលវស្សា​ក្នុងអាវាស១ ក៏មិនដែល​បានភោជន​សៅហ្មង ឬឧត្តម​ឲ្យបានឆ្អែត​ពេញលេញ​ម្តងសោះ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកភិក្ខុដែលចូលវស្សាហើយ មិនបានភោជន​សៅហ្មង ឬឧត្តម​ល្មម​ឆ្អែត​ពេញលេញ​ទេ។ ភិក្ខុទាំងនោះ​ត្រូវតាំងចិត្តថា អាវាស​នេះឯង មានសេចក្តី​អន្តរាយ ហើយចៀស​ចេញទៅ​ចុះ។ ភិក្ខុទាំងនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើ​ពួក​ភិក្ខុ​ដែល​ចូលវស្សាហើយ បានភោជន​សៅហ្មង ឬឧត្តម​ល្មម​ឆ្អែត​ពេញលេញ​ហើយ តែមិនបាន​ភោជន​ទាំងឡាយ​ឲ្យជាទី​សប្បាយសោះ។ ភិក្ខុទាំងនោះ​ត្រូវតាំងចិត្តថា អាវាស​នេះឯង មាន​សេចក្តី​​អន្តរាយ ហើយចៀស​ចេញទៅ​ចុះ។ ភិក្ខុទាំងនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើ​ពួក​ភិក្ខុ​ដែល​ចូលវស្សាហើយ បានភោជន​សៅហ្មង ឬឧត្តម​ល្មម​ឆ្អែត​ពេញលេញ​ហើយ បាន​ភោជន​ទាំងឡាយ​ក៏ជាទី​សប្បាយ តែមិនបាន​ភេសជ្ជៈ​ទាំងឡាយ​ជាទីសប្បាយ​សោះ។ ភិក្ខុទាំងនោះ​ត្រូវតាំងចិត្តថា អាវាស​នេះឯង មាន​សេចក្តី​​អន្តរាយ ហើយចៀស​ចេញទៅ​ចុះ។ ភិក្ខុទាំងនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនា​នេះ បើ​ពួក​ភិក្ខុ​ដែល​ចូលវស្សាហើយ បានភោជន​សៅហ្មង ឬឧត្តម​ល្មម​ឆ្អែត​ពេញលេញ​បាន​ភោជន​ទាំងឡាយ​ក៏ជាទី​សប្បាយ បាន​ភេសជ្ជៈ​ទាំងឡាយក៏​ជាទីសប្បាយ​ តែមិនបានអ្នក​ឧបដ្ឋាក​ឲ្យសមគួរសោះ។ ភិក្ខុទាំងនោះ​ត្រូវតាំងចិត្តថា អាវាស​នេះឯង មាន​សេចក្តី​​អន្តរាយ ហើយ​ចៀស​ចេញទៅ​ចុះ។ ភិក្ខុទាំងនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមាន​ស្រីមក​ប្រលោម​ភិក្ខុ​ដែល​ចូលវស្សាហើយថា លោកម្ចាស់​ចូរនិមន្ត​មក ខ្ញុំករុណាប្រគេនប្រាក់លោកក្តី ខ្ញុំករុណាប្រគេនមាសលោកក្តី ខ្ញុំករុណាប្រគេនស្រែលោកក្តី ខ្ញុំករុណាប្រគេនចំការ​លោកក្តី ខ្ញុំករុណាប្រគេន​គោឈ្មោលលោកក្តី ខ្ញុំករុណាប្រគេន​គោញី​លោកក្តី ខ្ញុំករុណាប្រគេន​ខ្ញុំប្រុស​លោកក្តី ខ្ញុំករុណាប្រគេន​ខ្ញុំស្រីលោកក្តី ខ្ញុំករុណាប្រគេន​កូនស្រី​ ដើម្បីឲ្យជា​ភរិយា​លោកក្តី ខ្ញុំករុណាជា​ភរិយាលោកក្តី ខ្ញុំករុណានំាយក​ស្រីដទៃ​មកឲ្យជាភរិយា​លោកក្តី។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់ថា ចិត្តជាធម្មជាត​ តែងប្រែត្រឡប់​រហ័ស​ដោយពិត ក្រែងព្រហ្មចរិយធម៌​របស់អាត្មាអញ​នឹងមាន​សេចក្តី​អន្តរាយ ដូច្នេះហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមាន​ស្រីផ្កាមាសមក​ប្រលោម​ភិក្ខុ​ដែល​ចូល​វស្សា​ហើយ។បេ។ ថុល្លកុមារី (ស្រីចាស់ក្រមុំ) មកប្រលោម ខ្ទើយមកប្រលោម ពួកញាតិមកប្រលោម ពួកស្តេច​មកប្រលោម ពួកចោរ​មកប្រលោម ពួកអ្នកលេង​មកប្រលោមថា បពិត្រ​លោកដ៏ចំរើន សូមលោកម្ចាស់​និមន្ត​មក យើងខ្ញុំប្រគេនប្រាក់លោកក្តី យើងខ្ញុំប្រគេនមាសលោកក្តី យើងខ្ញុំ​ប្រគេន​ស្រែលោកក្តី យើងខ្ញុំប្រគេនចំការ​លោកក្តី យើងខ្ញុំប្រគេន​គោឈ្មោលលោកក្តី យើងខ្ញុំ​ប្រគេន​គោញី​លោកក្តី យើងខ្ញុំប្រគេន​ខ្ញុំប្រុស​លោកក្តី យើងខ្ញុំប្រគេន​ខ្ញុំស្រីលោកក្តី យើងខ្ញុំប្រគេន​កូនស្រី​ ដើម្បីឲ្យជា​ភរិយា​លោកក្តី យើងខ្ញុំនំាយក​ស្រីដទៃ​មកឲ្យជាភរិយា​លោកក្តី។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា ចិត្តជាធម្មជាត​ តែង​ប្រែ​ត្រឡប់​​រហ័ស​ដោយពិត ក្រែងមានសេចក្តីអន្តរាយ​ដល់ព្រហ្មចរិយធម៌​របស់អាត្មាអញ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើភិក្ខុ​ចូល​វស្សា​ហើយ ឃើញកំណប់​ទ្រព្យ​ឥតមានម្ចាស់។ ក្នុងវេលានោះ បើ​ភិក្ខុ​មាន​សេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់ថា ចិត្តជាធម្មជាត​ តែង​ប្រែ​ត្រឡប់​​រហ័ស​ដោយពិត ក្រែងមានសេចក្តីអន្តរាយ ​ដល់ព្រហ្មចរិយធម៌​របស់អញ ដូច្នេះ​ហើយ ត្រូវ​ចៀស​ចេញទៅបាន។ ភិក្ខុនោះដាច់​វស្សា តែមិនត្រូវ​អាបត្តិទេ។

 

1)
សិរឹសប សំដៅយក​សត្វលូនវារ ដែល​មានពិស មានពស់​ ក្អែបជាដើម។
km/tipitaka/vin/mv/vin.mv.03.07.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann