User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.04.01

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » បវារណក្ខន្ធកៈ

១២០. អផាសុកវិហារោ

សង្ខេប

ព្រះ​សង្ឃ​​ខ្លះ​​បាន​​ចូល​​វស្សា​​នៅ​​ស្ងៀម មិន​​លើក​​ទឹក​​ចិត្ត​​គ្នា។ ព្រះ​ពុទ្ធ​​ទ្រង់​​អនុញ្ញាត​​ឱ្យ​​បវារណា​មុន​ចេញ​វស្សា។ រឿង​ពួក​ភិក្ខុ​នៅចាំ​វស្សា​​ក្នុង​កោស​ល​ជនបទ មក​គាល់​ព្រះសាស្តា​១ រឿង​​ភិក្ខុ​នៅ​​រួម​គ្នា​​ដូច​​បសុ​សត្វ (គឺ​សត្វ​ដែល​គេ​ចិញ្ចឹម) មិន​ជា​ទី​សប្បាយ​១ រឿង​​បវារណា​ជា​ការ​អនុលោម​​ដល់​គ្នា​​នឹង​គ្នា​១ រឿង​ពួក​ឆព្វគ្គិយ​ភិក្ខុ​អង្គុយ​លើ​​អាសនៈ​ ក្នុង​ពេល​ដែល​ភិក្ខុ​ជា​ថេរៈ​ កំពុង​​បវារណា​១។

mv 04.01 បាលី cs-km: vin.mv.04.01 អដ្ឋកថា: vin.mv.04.01_att PTS: ?

អផាសុកវិហារោ (ទី១២០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១២០)

[២០] ​សម័យ​នោះឯង ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់​នៅវត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានភិក្ខុច្រើនរូប ជាមិត្រ ទើបនឹងបាន​ជួបប្រទះ​គ្នា​ថ្មី ជា​មិត្រស្និទ្ធិស្នាលមាំមួន បានចូលវស្សានៅក្នុងអាវាស១ ក្នុងកោសលជនបទ។ គ្រានោះ ភិក្ខុ​ទាំង​នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ដោយឧបាយដូចម្តេចហ្ន៎ យើងនឹងបាន​ព្រមព្រៀង​គ្នា ស្មោះ​សរ មិនវិវាទគ្នា នៅចាំវស្សាឲ្យបានស្រួលផង មិនលំបាកដោយអាហារ​បិណ្ឌបាតផង។ លំដាប់​នោះ​ឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះយ៉ាងនោះថា បើយើងមិននិយាយគ្នា មិនចរចារ​គ្នា​ទៅ​វិញ​ទៅមក ភិក្ខុណាត្រឡប់មក​ពីបិណ្ឌបាត​អំពីស្រុក​មុនគេ ភិក្ខុនោះ គប្បីក្រាលអាសនៈ ដំកល់​ទឹក​សម្រាប់​លាងជើង តាំងសម្រាប់​រងជើង​ដែលលាង​រួចហើយ និងគ្រឿងសម្រាប់​ជូតជើង​ដែល​មិន​ទាន់​លាង​ គប្បីលាងភាជន៍​សម្រាប់ផ្ទេរបាយ ហើយ​យកទៅដំកល់ទុក គប្បី​ដំកល់ទឹក​ឆាន់ និងទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកពីបិណ្ឌបាត​អំពីស្រុកក្រោយគេ បើមានបិណ្ឌបាត​សល់​អំពីភិក្ខុនោះឆាន់ បើភិក្ខុនោះប្រាថ្នា គប្បីឆាន់ចុះ បើមិនប្រាថ្នាទេ គួរចាក់ចោលទៅលើទី​ដែល​គ្មាន​​ស្មៅស្រស់ ឬជះចោល​ទៅក្នុងទឹកដែល​គ្មានសត្វ(ក៏បាន) ភិក្ខុនោះគប្បីរើអាសនៈ ទុក​ដាក់ទឹក​សម្រាប់លាងជើង តាំងសម្រាប់រងជើង និងគ្រឿងសម្រាប់ជូតជើង គប្បីលាងភាជន៍​សម្រាប់​ផ្ទេរ​បាយ ហើយរៀបចំទុកដាក់ គប្បីទុកដាក់ទឹកឆាន់ ទឹកប្រើប្រាស់ គប្បី​បោសច្រាស​រោងភត្ត ភិក្ខុ​ណាឃើញក្អម​ដាក់ទឹកឆាន់ក្តី ក្អមដាក់ទឹក​ប្រើប្រាស់ក្តី ក្អមលាងវច្ចៈក្តី ដែលរលីង​ទទេ ភិក្ខុនោះ​គួរ​ដំកល់ទុក បើភិក្ខុនោះមិនអាច ព្រោះវិការ​ដៃ (ឈឺដៃ) គួរហៅគ្នីគ្នា ដោយអាការ​បោយដៃ មក​ឲ្យ​ដំ​កល់ទុក តែកុំឲ្យបញ្ចេញវាចា​ព្រោះបច្ច័យ​នោះឡើយ យ៉ាងនេះឯង ទើបយើង​ទាំងអស់​គ្នា​ព្រម​ព្រៀង ស្មោះសរ មិនវិវាទគ្នា នៅចាំវស្សា​ក៏ស្រួលផង មិនបានលំបាក​ដោយ​អាហារ​បិណ្ឌបាត​ផង។ គ្រានោះឯង ភិក្ខុទាំងនោះក៏លែងស្តីហៅរកឆ្លើយ​ឆ្លងគ្នានឹងគ្នា​ទៅវិញ​ទៅមក ភិក្ខុណា​ត្រឡប់​មកពីបិណ្ឌបាត​អំពីស្រុក​មុនគេ ភិក្ខុនោះ ក៏ក្រាលអាសនៈ ដំកល់​ទឹក​សម្រាប់​​លាងជើង តាំងសម្រាប់​រងជើង​ និងគ្រឿងសម្រាប់​ជូតជើង​​ លាងភាជន៍​សម្រាប់ផ្ទេរបាយ រួចដំកល់ទុក ​ដំកល់​ទឹក​ឆាន់ និងទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាត​អំពីស្រុកក្រោយគេ បើមាន​អាហារ​​សេសសល់​អំពីភិក្ខុនោះឆាន់ បើភិក្ខុនោះប្រាថ្នា ក៏ឆាន់ទៅ បើមិនប្រាថ្នាទេ ចាក់​ចោល​ទៅលើទី​គ្មាន​ស្មៅស្រស់ ឬជះចោល​​ទៅក្នុងទឹកដែល​គ្មានសត្វក្តី ភិក្ខុនោះរើអាសនៈចេញ ទុក​ដាក់ទឹក​សម្រាប់លាងជើង តាំងសម្រាប់រងជើង គ្រឿងសម្រាប់ជូតជើង លាងភាជន៍​សម្រាប់​ផ្ទេរបាយ ហើយរៀបទុកដាក់ ទុកដាក់ទឹកឆាន់ និងទឹកប្រើប្រាស់ ​បោសច្រាស​រោងភត្ត ភិក្ខុ​ណា​ឃើញ​ក្អម​សម្រាប់ដាក់ទឹកឆាន់ក្តី ក្អមសម្រាប់ដាក់ទឹក​ប្រើប្រាស់ក្តី ក្អមដាក់ទឹកសម្រាប់វច្ចៈក្តី ដែល​​រលីង​ទទេ ភិក្ខុនោះក៏ដំកល់ទុក បើភិក្ខុ​នោះ​មិន​អាច ព្រោះវិការ​ដៃ ក៏ហៅគ្នីគ្នា ដោយអាការ​បោយដៃ មកឲ្យដំកល់ទុក តែមិនបានបញ្ចេញវាចា​ព្រោះបច្ច័យ​នោះឡើយ។

[២១] ការដែលចូលទៅគាល់ព្រះមានព្រះភាគនុ៎ះ ជាទំនៀម​របស់​ភិក្ខុទាំងឡាយ ដែល​ចាំ​វស្សា​រួចហើយ។ វេលានោះឯង ភិក្ខុទាំងនោះ លុះនៅចាំវស្សាកន្លង៣ខែ​ទៅហើយ ក៏រៀបចំ​ទុក​ដាក់​សេនាសនៈ រួចកាន់យកបាត្រ និងចីវរ ចេញដើរសំដៅទៅក្រុងសាវត្ថី លុះដើរទៅដោយ​លំដាប់​ហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុង​សាវត្ថី លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​នៅក្នុងទី​ដ៏​សម​គួរ។ ការរីករាយ​ជាមួយ​នឹងពួកភិក្ខុជាអាគន្តុកនុ៎ះឯង ជាទំនៀម​របស់ព្រះពុទ្ធ​មានព្រះភាគ​ទាំង​ឡាយ (គ្រប់ព្រះអង្គ)។ គ្រានោះឯង ព្រះដ៏មានព្រះភាគ​ ទ្រង់ត្រាស់នូវ​ព្រះពុទ្ធ​ដីកា​នេះ​នឹងពួក​ភិក្ខុ​​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ល្មម​អត់ធន់​សេចក្តី​ទុក្ខបានឬទេ ល្មម​ឲ្យ​ឥរិយាបថ​​ប្រព្រឹត្តទៅស្រួល​បានឬទេ​ អ្នកទាំងឡាយជាបុគ្គលព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិន​ទាស់​​ទែងគ្នា នៅចាំវស្សាដោយសប្បាយហើយឬ មួយទៀត អ្នកទាំងឡាយ​ មិនលំបាក​ដោយ​បិណ្ឌបាតទេឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំ​ល្មមអត់​ទ្រាំ​សេចក្តី​ទុក្ខបាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំល្មមឲ្យឥរិយាបថ​ប្រព្រឹត្ត​ទៅស្រួលបាន បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំក៏ព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សា​តាម​សប្បាយ មួយទៀត យើងខ្ញុំមិនលំបាក​ដោយបិណ្ឌបាតទេ។ ព្រះតថាគតទាំងឡាយ ទ្រង់ជ្រាប​ហើយត្រាស់​សួរក៏មាន ទ្រង់ជ្រាបហើយ មិនត្រាស់សួរ (ក៏មាន) ទ្រង់ជ្រាបកាល​គួរ​ហើយ ត្រាស់សួរ(ក៏មាន) ទ្រង់ជ្រាបកាលគួរហើយមិនត្រាស់​សួរ (ក៏មាន) ព្រះតថាគត​ទាំងឡាយ ត្រាស់​សួរ​ចំពោះតែហេតុដែល​ប្រកបដោយ​ប្រយោជន៍ មិនទ្រង់ត្រាស់សួរ​ហេតុដែល​ឥត​ប្រយោជន៍​ឡើយ (ព្រោះ) ហេតុដែលឥតប្រយោជន៍ ព្រះតថាគត​ទាំងឡាយ​ទ្រង់ផ្តាច់ផ្តិល​ដោយ​អរិយមគ្គ​ហើយ។ ព្រះពុទ្ធទាំងឡាយដ៏មានព្រះភាគត្រាស់សួរ​ចំពោះ​ភិក្ខុទាំងឡាយ ដោយ​អាការ​ពីរយ៉ាង គឺទ្រង់ត្រាស់សួរ​ ដោយទ្រង់គិតថា តថាគត​នឹងសំដែង​ធម៌ម្យ៉ាង និងបញ្ញត្ត​សិក្ខាបទ​ដល់សាវក​ទាំងឡាយ​ម្យ៉ាង។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នេះ​នឹងពួក​ភិក្ខុ​ទាំង​នោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅ​ចាំ​វស្សា​​ដោយសប្បាយ​យ៉ាងណាទៅ មួយទៀត អ្នកទាំងឡាយមិនលំបាក​ដោយ​អាហារ​បិណ្ឌបាត​ទេឬ។ ភិក្ខុទាំងឡាយក្រាបទូល​ថា បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំ​ព្រះភិក្ខុ​ច្រើនរូបជាមិត្រ បាន​ជួប​ប្រទះ​​គ្នាជាមិត្រ សេពគប់គ្នាមាំមួន ចូលទៅចាំវស្សា​ក្នុងអាវាស​មួយនា​កោសលជនបទនេះ បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះមានសេចក្តី​ត្រិះរិះដូច្នេះថា យើងគប្បី​ជាបុគ្គល​ព្រម​ព្រៀង​គ្នា ស្រុសស្រួលគ្នា កុំទាស់ទែងគ្នា នៅចាំវស្សា​ដោយសប្បាយ មួយទៀត យើងមិនគប្បី​លំបាក​ដោយ​បិណ្ឌបាត ដោយឧបាយដូចម្តេចហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះមានសេចក្តី​ត្រិះរិះ​ដូច្នេះ​ទៀតថា ប្រសិនបើយើងកុំ​គប្បី​ហៅរកគ្នា កុំគប្បីចរចារក​គ្នាទៅវិញទៅមក ភិក្ខុ​ណា​ត្រឡប់មក​ពីបិណ្ឌបាតក្នុងស្រុក​មុនគេ ភិក្ខុនោះ ត្រូវរៀបចំអាសនៈ ដំកល់ទឹក​លាងជើង តាំង​រងជើង ទ្រនាប់សម្រាប់​ជូតជើង​ លាងភាជន៍​សម្រាប់ផ្ទេរភត្ត រួចហើយ​ដំកល់ទុក ហើយ​ដំកល់​ទឹក​ផឹក ទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាត​ក្នុង​ស្រុក​ក្រោយ​គេ បើមានអាហារសេស​សល់​​អំពីភិក្ខុឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ចុះ បើមិនចង់ឆាន់ទេ ក៏គប្បីចាក់ចោលលើទី​ដែល​គ្មាន​​ស្មៅស្រស់ ឬបាចចោលក្នុងទឹកដែល​គ្មានសត្វ ភិក្ខុ​នោះ​ត្រូវសា​អាសនៈ ត្រូវទុក​ដាក់ទឹក​សម្រាប់​លាងជើង តាំងសម្រាប់រងជើង និងទ្រនាប់សម្រាប់ជូតជើង ត្រូវលាងភាជន៍​សម្រាប់​ផ្ទេរ​ភត្ត ហើយយកទៅទុកដាក់ រួចត្រូវទុកដាក់ទឹកផឹក ទឹកប្រើប្រាស់ ត្រូវ​បោស​​រោងភត្ត ភិក្ខុ​ណា​ឃើញ​ក្អម​​ទឹកផឹក​ក្តី ក្អមទឹក​ប្រើប្រាស់ក្តី ក្អមដាក់ទឹកសម្រាប់លាងវច្ចៈក្តី ដែលរលីង​ទទេ ត្រូវ​ភិក្ខុ​នោះ​ដំកល់ទុក បើភិក្ខុនោះមិនអាច (នឹងធ្វើការនោះបាន) ព្រោះវិការ​នៃដៃ (គឺឈឺដៃជាដើម) ត្រូវបោយដៃហៅភិក្ខុទីពីរ ឲ្យដំកល់ទុក មិនត្រូវបញ្ចេញវាចា​ព្រោះហេតុ​នោះ​ឡើយ កាល​បើ​ធ្វើ​យ៉ាង​នេះហើយ ទើបបានយើង​ទាំងឡាយ ជាបុគ្គលព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិន​ទាស់​ទែង​គ្នា នៅចាំវស្សា​ដោយសប្បាយ មួយវិញទៀត យើងទាំងឡាយ​មិនលំបាក​ដោយ​​បិណ្ឌបាតទេ បពិត្រ​ព្រះអង្គដ៏ចំរើន លំដាប់នោះឯង យើងខ្ញុំ​មិនហៅរកគ្នា មិនចរចារកគ្នា​ទៅវិញ​ទៅមកទេ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាតក្នុងស្រុក​មុនគេ ភិក្ខុនោះ ក៏ក្រាលអាសនៈ ដំកល់​ទុកនូវទឹក​​លាង​ជើង តាំង​រងជើង​ និងទ្រនាប់សម្រាប់​ជូតជើង​​ លាងភាជន៍​សម្រាប់ផ្ទេរភត្ត ហើយដំកល់ទុក រួច​​ដំកល់ទឹកផឹក ទឹក​ប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពី​បិណ្ឌបាត​ក្នុងស្រុកក្រោយគេ បើ​មាន​អាហារ​​សេសសល់​អំពីភិក្ខុឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ទៅ បើមិនចង់ឆាន់ទេ ភិក្ខុនោះក៏ចាក់​ចោលលើទី​ដែលគ្មាន​ស្មៅស្រស់ក៏បាន បាចចោល​​ក្នុងទឹកដែល​គ្មានសត្វក៏បាន ភិក្ខុនោះ​សា​អាសនៈ​ចេញ ហើយទុក​ដាក់ទឹក​លាងជើង តាំង​រងជើង និងទ្រនាប់សម្រាប់ជូតជើង លាងភាជន៍​សម្រាប់​ផ្ទេរភត្ត ហើយយកទៅទុក រួចដាក់ទឹកផឹក ទឹកប្រើប្រាស់ ​បោស​រោងភត្ត ភិក្ខុ​ណា​ឃើញ​ក្អម​ដាក់ទឹកផឹកក្តី ក្អមដាក់ទឹក​ប្រើប្រាស់ក្តី ក្អមទឹកសម្រាប់លាងវច្ចៈក្តី ដែល​រលីង​ទទេ ភិក្ខុ​នោះ​ក៏ដងយកមក​ដំកល់ទុក បើភិក្ខុ​នោះ​មិន​អាច (នឹងធ្វើការនោះបាន) ព្រោះវិការនៃដៃ (ឈឺ​ដៃ​ជា​ដើម) ភិក្ខុនោះបក់ដៃហៅភិក្ខុទីពីរ ឲ្យដង​យកមកដំកល់ទុក មិនបាច់បញ្ចេញវាចា​ព្រោះហេតុ​នោះឡើយ។ បពិត្រ​ព្រះអង្គដ៏ចំរើន កាលបើធ្វើយ៉ាងនេះហើយ យើងខ្ញុំក៏ព្រមព្រៀងគ្នា ស្រុស​ស្រួល​គ្នា មិនទាស់ទែងគ្នា នៅចាំ​វស្សាជាសប្បាយ មួយវិញទៀត យើងខ្ញុំមិនលំបាក ដោយបិណ្ឌបាតឡើយ។

[២២] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ឮថាមោឃបុរស​ទាំងឡាយនេះ នៅ(ចាំវស្សា) មិនសប្បាយទេ (តែ) ប្តេជ្ញា​ថាខ្លួន​ជាអ្នក​នៅដោយសប្បាយ ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរសទាំងឡាយ​នេះនៅ​ដូចជាការ​នៅរួម​របស់បសុសត្វ (សត្វចិញ្ចឹម) ហើយប្តេជ្ញាថា ខ្លួន​ជាអ្នក​នៅសប្បាយ ម្នាល​ភិក្ខុ​ទាំងឡាយ ឮថា​មោឃបុរស​ទាំងឡាយ​នេះ នៅ​ដូចជាការ​នៅរួម​របស់​​សត្វពពែ (តែ) ប្តេជ្ញាថាខ្លួន​ជាអ្នក​នៅ​សប្បាយ ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរស​ទាំងឡាយ​នេះនៅ​ដូចជាការនៅរបស់បុគ្គល​ប្រមាទ (តែ) ប្តេជ្ញាថាខ្លួន​ជាអ្នក​នៅដោយ​សប្បាយ​ ម្នាល​ភិក្ខុទាំងឡាយ មោឃបុរសទាំងឡាយ​នេះ មិនសមបើ​នឹងសមាទានមូគវត្ត (វត្តរបស់មនុស្សគ) ដែលជា​តិត្ថិយសមាទាន (សមាទាន​របស់​តិរ្ថិយ) ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួកជនដែល​មិនទាន់ជ្រះថ្លា​ទេ។បេ។ លុះទ្រង់​បន្ទោស​ហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុ​ទាំង​ឡាយ មិនត្រូវភិក្ខុ​សមាទាន​មូគវត្ត ​ដែល​ជា​តិត្ថិយ​សមាទានទេ ភិក្ខុណាសមាទានត្រូវអាបត្តិ​ទុក្កដ។ ​ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងឡាយ ដែលនៅចាំវស្សា​រួចហើយ បវារណា​​ដោយស្ថាន​៣យ៉ាង គឺដោយឃើញក្តី ដោយ​ឮក្តី ដោយរង្កៀសក្តី។ បវារណានោះជាការ​អនុលោម​ដើម្បីពោល​ប្រដៅ​នូវគ្នានឹងគ្នា ជាការ​ចេញ​ចាក​អាបត្តិ ជាការធ្វើវិន័យ​ឲ្យជាប្រធាន នឹង​ប្រាកដ​ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយ​បវារណា​យ៉ាងនេះ។ ត្រូវភិក្ខុ​ដែល​ឆ្លាស ប្រតិពល ឲ្យសង្ឃ​ដឹងថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ថ្ងៃនេះ​ជា​ថ្ងៃ​បវារណា។ បើបវារណាកម្មមាន​កាល​គួរដល់​សង្ឃហើយ គួរសង្ឃបវារណា។ ត្រូវភិក្ខុ​ជាថេរៈ​ធ្វើ​ឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយ​ច្រហោង ផ្គង​អញ្ជលីឡើង ហើយនិយាយយ៉ាងនេះ​នឹងសង្ឃថា នែ​អាវុសោ ខ្ញុំសូម​បវារណា​នឹងសង្ឃ ដោយឃើញ​ក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំង​ឡាយ​​ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែ​អាវុសោ ខ្ញុំសូមបវារណា​នឹងសង្ឃ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូម​លោក​ដ៏​មាន​អាយុ​​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ហើយ​ពោល​ចំពោះខ្ញុំ កាលបើខ្ញុំ​ឃើញ នឹង​ធ្វើ​តាម នែអាវុសោ ខ្ញុំសូម​បវារណា​នឹងសង្ឃ​ជាគំរប់​បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូម​លោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម ត្រូវភិក្ខុ​ខ្ចីវស្សាធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយ​និយាយ​យ៉ាង​នេះនឹងសង្ឃថា បពិត្រព្រះសង្ឃ​ដ៏ចំរើន ខ្ញុំសូម​បវារណា​នឹងសង្ឃ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ ហើយ​ពោល​ចំពោះ​ខ្ញុំ កាល​បើខ្ញុំ​ឃើញ នឹងធ្វើ​តាម បពិត្រ​ព្រះសង្ឃដ៏ចំរើន ខ្ញុំសូមបវារណា​នឹងសង្ឃ​ជាគំរប់​ពីរដង​ផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ហើយពោល​ចំពោះ​ខ្ញុំ កាលបើខ្ញុំ​ឃើញ នឹងធ្វើតាម បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ខ្ញុំសូមបវារណា​នឹង​សង្ឃ​ជាគំរប់បីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ​ទាំងឡាយ​អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ ហើយពោលចំពោះ​ខ្ញុំ កាលបើខ្ញុំ​ឃើញ នឹងធ្វើតាម។

[២៣] សម័យនោះឯង កាលដែលភិក្ខុទាំងឡាយជាថេរៈ​កំពុងតែអង្គុយច្រហោង បវារណា ពួកឆព្វគ្គិយភិក្ខុក៏​នៅលើអាសនៈ​ទាំងឡាយ​។ ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នាតិច​។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល​បន្តុះបង្អាប់​ថា កាលដែលភិក្ខុទាំងឡាយ​ជាថេរៈកំពុង​អង្គុយ​ច្រហោង បវារណា មិនសមបើពួក​ឆព្វគ្គិយ​ភិក្ខុ​ហ៊ាននៅ​លើអាសនៈ​ទាំងឡាយ​សោះ។ ទើបភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថាកាលដែលភិក្ខុ​ទាំងឡាយ​ជាថេរៈ កំពុង​អង្គុយ​ច្រហោង​បវារណា ពួកឆព្វគ្គិយភិក្ខុនៅលើអាសនៈ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រ​ព្រះមានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធ​មានព្រះភាគ ទ្រង់បន្ទោសថា ម្នាល​ភិក្ខុទាំងឡាយ កាលដែលភិក្ខុទាំងឡាយជាថេរៈកំពុង​អង្គុយ​ច្រហោង បវារណា មោឃបុរស​ទាំងឡាយ​នោះមិនសម​បើនឹងហ៊ាននៅលើ​អាសនៈ​ទាំងឡាយទេ ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ​មិនមែន​នាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់​ធ្វើធម្មីកថា​ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែល​ភិក្ខុ​ជាថេរៈ​ទាំងឡាយ​កំពុង​អង្គុយ​ច្រហោង បវារណា ភិក្ខុ​មិនត្រូវ​នៅលើអាសនៈ​ទាំងឡាយទេ ភិក្ខុណានៅ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុទាំងអស់​នោះ អង្គុយច្រហោង ហើយបវារណា។ ក៏សម័យ​នោះឯង ព្រះថេរៈ​មួយអង្គ ថយកំឡាំង​ដោយជរា កាលបើ​អង្គុយ​ច្រហោង រង់ចាំទំរាំ​ភិក្ខុទាំងឡាយ​បវារណាគ្រប់គ្នា ក៏ជ្រុលជ្រប់ដួលទៅ។ ភិក្ខុទាំងឡាយ ក្រាបទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុអង្គុយច្រហោង ក្នុងពេលដែល​ខ្លួនកំពុង​បវារណា លុះបវារណា​រួចហើយ ទើបអង្គុយ​លើអាសនៈបាន។

 

km/tipitaka/vin/mv/vin.mv.04.01.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann