User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.04.04

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » បវារណក្ខន្ធកៈ

១២៣. ញាតកាទិគ្គហណកថា

សង្ខេប

រឿង​ញាតិ​​ចាប់​ភិក្ខុ​​ក្នុង​ថ្ងៃ​បវារណា​១ រឿង​ស្តេច​​ចាប់​ភិក្ខុ​​ក្នុង​ថ្ងៃ​បវារណា​១ រឿង​ពួក​ចោរ​​ចាប់​ភិក្ខុ​​ក្នុង​ថ្ងៃ​បវារណា​១ រឿង​ពួក​អ្នក​លេង​​ចាប់​ភិក្ខុ​ក្នុង​ថ្ងៃ​បវារណា​១ រឿង​ភិក្ខុ​ជា​​សត្រូវ​​​ចាប់​ភិក្ខុ​​ក្នុង​ថ្ងៃ​បវារណា​១។

mv 04.04 បាលី cs-km: vin.mv.04.04 អដ្ឋកថា: vin.mv.04.04_att PTS: ?

ញាតកាទិគ្គហណកថា (ទី១២៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១២៣)

[២៦] ក៏សម័យនោះឯង ពួកញាតិ​ចាប់ភិក្ខុមួយអង្គក្នុងថ្ងៃ​បវារណានោះ។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនោះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ បើមាន​ពួកជន​ជាញាតិ​ចាប់ភិក្ខុ​ក្នុងថ្ងៃបវារណានោះ។ ត្រូវ​ភិក្ខុទាំងឡាយ​និយាយ​នឹង​ពួកជន​ជាញាតិនោះយ៉ាងនេះថា នែអ្នកដ៏មានអាយុទាំងឡាយ សូម​អ្នកទាំងឡាយ​លែង​ភិក្ខុនេះមួយរំពេចសិន ទំរាំ​ភិក្ខុនេះបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការដែលបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹង​ពួក​ជន​ជា​ញាតិនោះ​យ៉ាងនេះថា នែអ្នកដ៏មានអាយុទាំងឡាយ សូមអ្នកទាំងឡាយនៅ​ក្នុង​ទីដ៏សមគួរ​មួយរំពេចសិន ទំរាំ​ភិក្ខុនេះឲ្យបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះ​ដូច្នេះ​ហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹងពួកជនជាញាតិនោះ​យ៉ាង​នេះ​ថា នែអ្នកដ៏មានអាយុទាំងឡាយ សូមអ្នកទាំងឡាយនាំភិក្ខុនេះ ទៅកាន់​ទីក្រៅសីមា​​មួយ​រំពេច​សិន ទំរាំ​សង្ឃបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃបវារណាដោយពួកឡើយ បើបវារណា ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនានេះ បើស្តេចទាំងឡាយ​ចាប់ភិក្ខុ(ក្តី) ពួកចោរចាប់ភិក្ខុ​(ក្តី) ពួក​អ្នកលេង​ចាប់​​ភិក្ខុ​(ក្តី) ពួក​ភិក្ខុជាសត្រូវ​ចាប់ភិក្ខុ (ក្តី) ​ក្នុងថ្ងៃបវារណានោះ។ ត្រូវ​ភិក្ខុទាំងឡាយ​និយាយនឹង​ពួកភិក្ខុ​ជាសត្រូវទាំងនោះយ៉ាងនេះថា នែលោកដ៏មានអាយុទាំងឡាយ សូម​អស់​លោក​ទាំងឡាយ​​លែង​ភិក្ខុនេះមួយរំពេចសិន ទំរាំ​ភិក្ខុនេះបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹង​ភិក្ខុ​ជាសត្រូវ​ទាំងនោះ​យ៉ាងនេះថា នែលោកដ៏មានអាយុទាំងឡាយ សូមលោកទាំងឡាយនៅ​ក្នុង​ទីដ៏សមគួរ​មួយរំពេចសិន ទំរាំ​ភិក្ខុនេះឲ្យបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះ​ដូច្នេះ​ហើយ ការ​បាន​នុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយ​និយាយ​នឹងពួកភិក្ខុជាសត្រូវទាំងនោះ​យ៉ាង​នេះ​ថា នែលោកដ៏មានអាយុទាំងឡាយ សូមអស់លោកនាំភិក្ខុនេះទៅកាន់ទី​ក្រៅសីមា​​មួយ​រំពេច​សិន ទំរាំ​សង្ឃបវារណារួច។ បើសង្ឃបានសេចក្តី​យល់ព្រម​នុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃបវារណាដោយពួកឡើយ បើបវារណា ត្រូវអាបត្តិ​ទុក្កដ។

 

km/tipitaka/vin/mv/vin.mv.04.04.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann