km:tipitaka:vin:mv:vin.mv.04.07

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » បវារណក្ខន្ធកៈ

១២៦. អាបត្តិអាវិករណវិធិ

សង្ខេប

កិច្ចរបស់​ភិក្ខុ​​​ដែល​រំលឹក​​ទោស​របស់​ខ្លួន​ក្នុង​ពេល​​កំពុង​បវរណា។ រឿង​ភិក្ខុ​កំពុង​តែ​បវារណា ហើយ​រលឹក​ឃើញ​​អាបត្តិ។

mv 04.07 បាលី cs-km: vin.mv.04.07 អដ្ឋកថា: vin.mv.04.07_att PTS: ?

អាបត្តិអាវិករណវិធិ (ទី១២៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១២៦)

ក៏សម័យនោះឯង ភិក្ខុ១រូប កំពុងតែបវារណា​ ក៏រលឹក​ឃើញ​អាបត្តិ។ ទើបភិក្ខុ​នោះ មានសេចក្តី​ត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្ត​ហើយថា ភិក្ខុដែល​មានអាបត្តិ​ មិនត្រូវបវារណា​ទេ ឥឡូវ ​អាត្មាអញ ត្រូវអាបត្តិហើយ តើអាត្មាអញ ត្រូវប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូល​​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើមានភិក្ខុកំពុងតែបវារណា ក៏រលឹកឃើញអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ និយាយ​យ៉ាង​នេះ នឹងភិក្ខុជិតខាងថា នែអាវុសោ ខ្ញុំត្រូវអាបត្តិ​ឈ្មោះនេះហើយ ខ្ញុំចេញ​ពីទីនេះ​ហើយ នឹងសំដែងអាបត្តិនោះចេញ លុះពោលដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវភិក្ខុធ្វើ​នូវសេចក្តី​អន្តរាយ​ដល់បវារណា​ព្រោះហេតុ​ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនា​នេះ បើភិក្ខុកំពុងតែបវារណា ហើយមានសេចក្តី​សង្ស័យនឹងអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ និយាយ​យ៉ាង​នេះ នឹងភិក្ខុជិតខាងថា នែអាវុសោ ខ្ញុំមានសេចក្តីសង្ស័យ​ នឹងអាបត្តិ​ឈ្មោះ​នេះ​ កាល​ណា ខ្ញុំអស់​សេចក្តីសង្ស័យ ខ្ញុំនឹងសំដែងអាបត្តិនោះចេញ ​ក្នុងកាលនោះ លុះពោលដូច្នេះហើយ ត្រូវ​បវារណាចុះ។ មិនត្រូវភិក្ខុធ្វើ​សេចក្តី​អន្តរាយ​ដល់បវារណា​ព្រោះហេតុ​ប៉ុណ្ណោះទេ។

 

km/tipitaka/vin/mv/vin.mv.04.07.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann