User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.04.20

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » បវារណក្ខន្ធកៈ

១៣៩. វជ្ជនីយបុគ្គលសន្ទស្សនា

vin.mv.04.20 | book_007

(១៣៩)

[៣៩] ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណាក្នុងបរិសទ្យ​ដែលមានភិក្ខុនីអង្គុយ​ជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិន​ត្រូវភិក្ខុបវារណា​ក្នុងបរិសទ្យ​ ដែលមាននាង​សិក្ខមានា សាមណេរ សាមណេរី បុគ្គលអ្នកលាសិក្ខា បុគ្គល​អ្នកត្រូវ​អន្តិមវត្ថុ​ អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវ​ភិក្ខុ​បវារណា​ក្នុងបរិសទ្យ ​ដែលមានភិក្ខុត្រូវ​សង្ឃលើកវត្ត ព្រោះ​មិនឃើញអាបត្តិ អង្គុយជាមួយ​ផងទេ ភិក្ខុ​ណាបវារណា ត្រូវវិនយធរ​ឲ្យភិក្ខុនោះ ធ្វើ​តាម​ធម៌ (គឺឲ្យសំដែងអាបត្តិចេញ)។ មិនត្រូវភិក្ខុ​បវារណា​ ក្នុងបរិសទ្យ ​ដែលមានភិក្ខុ​ត្រូវសង្ឃ​លើកវត្ត​ ព្រោះមិនសំដែង​អាបត្តិ ភិក្ខុត្រូវសង្ឃលើកវត្ត ព្រោះ​មិនលះទិដ្ឋិអាក្រក់ ​អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវវិនយធរ​ឲ្យភិក្ខុនោះ ធ្វើតាមធម៌។ មិនត្រូវភិក្ខុ​បវារណា​ក្នុងបរិសទ្យ ​ដែលមានបណ្ឌក (ខ្ទើយ) ​អង្គុយ​ជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ មិនត្រូវភិក្ខុ​បវារណា ​ក្នុងបរិសទ្យ​ដែលមានបុគ្គល ជាថេយ្យសំវាសក1) បុគ្គល​គេចទៅចូល​សាសន៍​តិរ្ថិយ តិរច្ឆាន បុគ្គល​អ្នកសម្លាប់មាតា អ្នកសម្លាប់បិតា អ្នកសម្លាប់​ព្រះអរហន្ត អ្នកទ្រុស្តភិក្ខុនី អ្នកបំបែកសង្ឃ អ្នកធ្វើ​លោហិតុប្បាទ (ធ្វើ​ព្រះលោហិត​ព្រះពុទ្ធ​ឲ្យពងឡើង) បុគ្គលជា​ឧភតោព្យញ្ជនកៈ (មនុស្សមាន​ភេទ​ពីរ) ​អង្គុយ​ជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវ​ភិក្ខុបវារណា ដោយឲ្យ​បវារណា ឈ្មោះថាបរិវាសិក (មានបរិសទ្យក្រោក​ចេញទៅ​ហើយ) វៀរលែង​តែបរិសទ្យ​មិនទាន់ក្រោក​ចេញ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណា ​ក្នុងថ្ងៃ​មិនមែន​ថ្ងៃ​បវារណាទេ វៀរលែងតែ​សង្ឃសាមគ្គី ​បវារណាចេញ។

ចប់ ទុតិយភាណវារៈ។

 

1)
លួចសំវាស
km/tipitaka/vin/mv/vin.mv.04.20.txt · ពេលកែចុងក្រោយ: 2018/11/12 07:35 និពន្ឋដោយ Johann