km:tipitaka:vin:mv:vin.mv.04.21

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » បវារណក្ខន្ធកៈ

១៤០. ទ្វេវាចិកាទិបវារណា

សង្ខេប

កិច្ច​បវរណា​នៅ​ពេល​មាន​សេចក្ដី​អន្តរាយ។

mv 04.21 បាលី cs-km: vin.mv.04.21 អដ្ឋកថា: vin.mv.04.21_att PTS: ?

ទ្វេវាចិកាទិបវារណា (ទី១៤០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៤០)

[៤០] ក៏សម័យនោះឯង មានអាវាសមួយ​ក្នុងកោសលជនបទ​ កើតសញ្ចរភ័យ1) ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយ មិនអាច​នឹងបវារណា​ជាតេវាចិកាបវារណា (បវារណា ជាគំរប់៣ដង) ​បាន។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុបវារណា ​ជាទ្វេវាចិកាបវារណា (បវារណា​ ជាគំរប់ពីរដង) ​បាន។ (កាលនោះ) សញ្ចរភ័យ​ដ៏ក្លាខ្លាំងជាងមុន​កើតឡើងទៀត។ ពួកភិក្ខុ មិនអាច​នឹងបវារណា ​ជាទ្វេវាចិកាបវារណា​បាន។ ភិក្ខុ​ទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត ឲ្យ​ភិក្ខុបវារណា ​ជាឯកវាចិកាបវារណា (បវារណា​តែម្ដងៗ) ​បាន។ សញ្ចរភ័យ​ដ៏ក្លាខ្លាំងជាងមុន​កើតឡើងទៀត។ (កាលនោះ) ពួកភិក្ខុមិនអាច​បវារណា​ជាឯកវាចិកាបវារណា​​បាន។ ពួកភិក្ខុ ក្រាបទូលដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យ​ភិក្ខុបវារណា​ជាសមានវស្សិកា​បវារណា (ឲ្យភិក្ខុ​ដែលមានវស្សាស្មើៗ​គ្នា បវារណា​ព្រមគ្នា)​បាន។ ក៏សម័យនោះ​ឯង ក្នុងអាវាសមួយ មានពួកមនុស្ស(មក) ឲ្យទានក្នុងថ្ងៃបវារណានោះ អស់រាត្រីជាច្រើន (ជិតភ្លឺ)។ ទើប​ភិក្ខុទាំងឡាយនោះ​ មានសេចក្តីត្រិះរិះ​ដូច្នេះថា ពួកមនុស្សទាំងនេះ​ ឲ្យទានអស់​រាត្រី​ជាច្រើន បើសង្ឃ​នឹងបវារណា​ ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនទាន់ ដ្បិតរាត្រីនេះ​ ជិតភ្លឺ​ហើយ តើយើង​ទាំងឡាយ ត្រូវប្រតិបត្តិ​ដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណាមួយ​ មានពួក​មនុស្ស ឲ្យទានក្នុងថ្ងៃ​បវារណានោះ អស់រាត្រីជាច្រើន។ បើពួកភិក្ខុ​ក្នុងទីនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ពួកមនុស្សដែល​ឲ្យទាន អស់​រាត្រី​ជាច្រើន បើសង្ឃ​នឹងបវារណា​ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនទាន់ ដ្បិតរាត្រី​ជិតភ្លឺ​ហើយ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិតមាន) ពួកមនុស្សអ្នក​ឲ្យ​ទាន អស់រាត្រីជាច្រើន។ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណា​មិនទាន់ទេ ដ្បិតរាត្រីជិតភ្លឺហើយ។ បើកម្មមានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួក​ភិក្ខុនិយាយធម៌ ពួកភិក្ខុរៀនព្រះសូត្រ​សង្គាយនា (ផ្ទៀងផ្ទាត់) ព្រះសូត្រ ពួកភិក្ខុជាវិនយធរ​ វិនិច្ឆ័យ​វិន័យ ពួកភិក្ខុធម្មកថិក​សាកច្ឆាធម៌ ពួក​ភិក្ខុធ្វើសេចក្តីឈ្លោះគ្នា ក្នុងថ្ងៃបវារណានោះ អស់រាត្រីជាច្រើន។ បើពួកភិក្ខុក្នុងអាវាស​នោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ពួកភិក្ខុធ្វើសេចក្តីឈ្លោះគ្នា អស់រាត្រីជាច្រើន បើសង្ឃ​នឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹង​បវារណា​មិនទាន់ ព្រោះរាត្រីទៀបភ្លឺហើយ។ ត្រូវ​ភិក្ខុ​ដែល​ឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពួកភិក្ខុធ្វើ​សេចក្តី​ឈ្លោះគ្នា អស់រាត្រីជាច្រើន។ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណា​មិន​ទាន់ ព្រោះរាត្រីទៀបភ្លឺហើយ បើកម្មមានកាលគួរ​ដល់សង្ឃហើយ គួរសង្ឃបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ក្នុងអាវាសមួយ ក្នុងកោសល​ជនបទ មានភិក្ខុសង្ឃច្រើន​ ប្រជុំគ្នា​ ក្នុងថ្ងៃបវារណានោះ ទីដែលគត់​ភ្លៀងក៏តិច មហាមេឃ​ក៏តាំងឡើង (គឺនឹងធ្លាក់ភ្លៀង)។ ទើបភិក្ខុទាំងនោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើនម្ល៉េះ ទីដែលគត់ភ្លៀង​ក៏តិច មហាមេឃ ​ក៏តាំងឡើងហើយ បើសង្ឃ​នឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹង​បវារណា​មិនហើយ ជាប្រាកដ ភ្លៀងនេះនឹងធ្លាក់​ចុះ​មិនខាន គួរពួកយើង​ប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណា​មួយ មានភិក្ខុសង្ឃច្រើន ​ប្រជុំគ្នា​ ក្នុងថ្ងៃបវារណានោះ។ ទីគត់​ភ្លៀងក៏តិច ភ្លៀងធំ​ក៏តាំងឡើង​ហើយ។ បើពួកភិក្ខុក្នុងអាវាសនោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើន​ដល់​ម្ល៉េះ ទីដែលគត់ភ្លៀង​ក៏តិច ភ្លៀងធំ ​ក៏តាំងឡើងហើយ បើសង្ឃ​នឹងបវារណា ជា​តេវាចិកា​បវារណា សង្ឃនឹង​បវារណា​មិនហើយ ជាប្រាកដ ភ្លៀងនឹងធ្លាក់​ចុះ​មិនខាន។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើនណាស់។ ទីគត់ភ្លៀងក៏តិច ភ្លៀងធំ ក៏​តាំងឡើយហើយ។ បើសង្ឃ​នឹងបវារណា​ជា​តេវាចិកា​បវារណា សង្ឃនឹងបវារណា​មិនហើយជាប្រាកដ ភ្លៀងនេះធ្លាក់​ចុះមិនខាន។ បើកម្ម​មានកាល​គួរ​ដល់សង្ឃហើយ សង្ឃគប្បីបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាស​ណា​មួយ មានការអន្តរាយអំពីស្តេច ក្នុងថ្ងៃបវារណានោះ។បេ។ មានការអន្តរាយ​អំពីចោរ។ មានការអន្តរាយ​អំពី​ភ្លើង។ មានការអន្តរាយអំពីទឹក។ មានការអន្តរាយអំពីមនុស្ស។ មានការអន្តរាយអំពី​អមនុស្ស (មានខ្មោចបិសាច​ជាដើម)។ មានការអន្តរាយអំពី​សត្វសាហាវ។ មានការអន្តរាយ​អំពី​សត្វលូនវារ (ពស់តូចពស់ធំ)។ មានការអន្តរាយដល់​ជីវិត។ មានការអន្តរាយដល់​ព្រហ្មចារ្យ។ បើពួកភិក្ខុ​ក្នុង​អាវាស​នោះ​ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា នេះឯង​ជា​សេចក្តីអន្តរាយ​ដល់ព្រហ្មចារ្យ បើសង្ឃ​នឹងបវារណា ជា​តេវាចិកា​បវារណា សង្ឃនឹង​បវារណា​មិនហើយជាប្រាកដ នឹងមាន​ការអន្តរាយ​ដល់ព្រហ្មចារ្យ​នេះមិនខាន។ ត្រូវភិក្ខុឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ នេះជាការអន្តរាយ​ដល់ព្រហ្មចារ្យ បើសង្ឃ​នឹងបវារណា​ ជា​តេវាចិកា​បវារណា សង្ឃនឹងបវារណា​មិនហើយ ជាប្រាកដ ការអន្តរាយ ដល់​ព្រហ្មចារ្យ​នេះ មុខជានឹងកើត​ឡើងមិន​ខាន។ បើកម្ម​មានកាល​គួរ​ដល់សង្ឃហើយ គួរសង្ឃបវារណា ជា​ទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។

 

1)
ភ័យ​ដែល​កើតអំពី​មនុស្ស​នៅក្នុងព្រៃ។
km/tipitaka/vin/mv/vin.mv.04.21.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann