User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.04.22

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » បវារណក្ខន្ធកៈ

១៤១. បវារណាឋបនំ

សង្ខេប

ទោស​និង​ការ​ឃាត់​បវរណា​ក្នុងកំឡុង​ពេល​បវរណា។

mv 04.22 បាលី cs-km: vin.mv.04.22 អដ្ឋកថា: vin.mv.04.22_att PTS: ?

បវារណាឋបនំ (ទី១៤១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៤១)

[៤១] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​មានអាបត្តិ (ថាត្រូវអាបត្តិ) ហើយបវារណា។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុដែលមានអាបត្តិ មិនត្រូវបវារណាទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុណាមានអាបត្តិហើយ បវារណា តថាគត​អនុញ្ញាត​ ឲ្យភិក្ខុសុំ​ធ្វើឱកាស​ ហើយចោទ​អាបត្តិ ដល់ភិក្ខុនោះ។ ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលដែលភិក្ខុ​ឯទៀត​សូមឱកាស មិនប្រាថ្នា​នឹងបើកឱកាស​ឲ្យ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យឃាត់​នូវបវារណា ដល់ភិក្ខុដែលមិនធ្វើឱកាស (មិនបើកឲ្យ) ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវឃាត់បវារណាយ៉ាង​នេះ ត្រូវ​ភិក្ខុសូត្រ ក្នុងកណ្តាល​សង្ឃ ចំពោះ​បុគ្គលនោះ ដែលមានក្នុងទីចំពោះមុខ​ ក្នុងថ្ងៃ​បវារណា​នោះ គឺ​ថ្ងៃទី​១៤ ឬថ្ងៃទី១៥ ថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលឈ្មោះនេះ ប្រកបដោយ​អាបត្តិហើយ បវារណា ខ្ញុំសូមឃាត់​ នូវបវារណា របស់បុគ្គលនោះ មិនគួរសង្ឃ​បវារណានឹង​បុគ្គល​នោះ ដែល​មានក្នុងទីចំពោះមុខទេ។ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ក៏សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ ​គិតគ្នាថា ពួកភិក្ខុមានសីលជាទីស្រឡាញ់ មុខជានឹងឃាត់​បវារណា​ របស់ពួក​យើង​ជាមុនហើយ ក៏តាំងរូតរះ​ឃាត់បវារណា ​ដល់ពួកភិក្ខុដែលបរិសុទ្ធ​មិនត្រូវអាបត្តិ ដោយឥត​មានរឿង ឥតមានហេតុអ្វី ថែមទាំងឃាត់បវារណា ដល់​ពួកភិក្ខុ​ដែលបានបវារណា​ហើយផង។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុឃាត់បវារណា ដល់​ពួកភិក្ខុដែល​បរិសុទ្ធ ដែល​មិនត្រូវអាបត្តិ ​ដោយឥត​មានរឿង ឥតមានហេតុអ្វីទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន​ត្រូវឃាត់បវារណា ​ដល់ពួក​ភិក្ខុ ដែលបានបវារណាហើយទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិ​ទុក្កដ។

[៤២] ម្នាលភិក្ខុទាំងឡាយ បវារណាដែល​ភិក្ខុបានឃាត់ហើយ ដោយប្រការដូច្នេះឯង។ បវារណា ដែលភិក្ខុឃាត់​មិនបាន ដូចមានសេចក្តី​តទៅនេះ។ ម្នាលភិក្ខុទាំងឡាយ បវារណា ​ដែល​ភិក្ខុឃាត់មិនបាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះតេវាចិកា​បវារណា​ ដែលសង្ឃបានសូត្រហើយ បានពោលហើយ បានបញ្ចប់ស្រេចហើយ បវារណាឈ្មោះថា ភិក្ខុឃាត់មិនបាន ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះទ្វេវាចិកា​បវារណា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​ឯកវាចិកាបវារណា​ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​សមានវស្សិកាបវារណា ដែលសង្ឃបានសូត្រហើយ បានពោលហើយ បានបញ្ចប់ស្រេចហើយ បវារណាឈ្មោះថា ភិក្ខុឃាត់មិនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បវារណា ដែល​ភិក្ខុមិនត្រូវឃាត់ ​ដូចបានសំដែង​មកនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បវារណា ដែលឈ្មោះថា ភិក្ខុឃាត់បាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ឃាត់​​បវារណា ចំពោះតេវាចិកា​បវារណា​ ដែលសង្ឃបានសូត្រហើយ បានពោលហើយ តែមិនទាន់ចប់ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះទ្វេវាចិកា​បវារណា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​ឯកវាចិកាបវារណា​ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុឃាត់​បវារណា ចំពោះ​សមានវស្សិកា​បវារណា​ដែល​សង្ឃបានសូត្រហើយ បានពោលហើយ តែមិនទាន់ចប់ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ម្នាលភិក្ខុទាំងឡាយ បវារណាឈ្មោះថា ​ភិក្ខុបានឃាត់ហើយ ​ដូច​ពោល​មក​នេះ​ឯង។

[៤៣] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើប្រសិន​ជាមានភិក្ខុ​ ឃាត់បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុឯទៀត​ បានស្គាល់ភិក្ខុនោះថា លោកដ៏មានអាយុ​នេះឯង មានកាយសមាចារមិន​បរិសុទ្ធ1) មានវចីសមាចារ​មិនបរិសុទ្ធ2) មានអាជីវៈ​មិនបរិសុទ្ធ3) ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃ​សង្រួបសង្រួមថា នែភិក្ខុ កុំឡើយ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំធ្វើការ​វិវាទ​គ្នាឡើយ ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់​បវារណា ​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុដទៃ​បានស្គាល់ភិក្ខុនោះថា លោក​ដ៏មាន​អាយុ​នេះឯង មានកាយសមាចារ​បរិសុទ្ធ តែមានវចីសមាចារ​មិនបរិសុទ្ធ មានអាជីវៈ​មិនបរិសុទ្ធ ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃ​សង្រួប​សង្រួមថា នែភិក្ខុ កុំឡើយ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំ​វិវាទ​គ្នា​ឡើយ ដូច្នេះហើយ សឹមបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុឯទៀត​បានស្គាល់ភិក្ខុនោះថា លោកដ៏មាន​អាយុ​​នេះឯង មានកាយសមាចារ​បរិសុទ្ធ មានវចីសមាចារបរិសុទ្ធ តែមានអាជីវៈ​មិនបរិសុទ្ធ ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃ​សង្រួបសង្រួមថា នែ​ភិក្ខុ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំ​វិវាទ​គ្នា ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់បវារណា​ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណា​នោះ។ បើពួកភិក្ខុដទៃ​ស្គាល់ភិក្ខុនោះថា លោកដ៏មាន​អាយុ​​នេះឯង មានកាយសមាចារ​បរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានអាជីវៈ​បរិសុទ្ធ តែល្ងង់ មិនឆ្លាស កាលគេចោទសួរ ក៏មិន​អាច​ឲ្យ​គេចោទសួរបាន។ ត្រូវសង្ឃ​សង្រួបសង្រួមថា កុំឡើយ​ភិក្ខុ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំ​វិវាទ​គ្នា ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុ​ឃាត់បវារណា​ ចំពោះ​ភិក្ខុ​ផងគ្នា ក្នុងថ្ងៃ​បវារណានោះ។ បើពួកភិក្ខុដទៃ ​​ស្គាល់ភិក្ខុនោះថា លោកដ៏មាន​អាយុ​​នេះឯង មានកាយសមាចារ​បរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានអាជីវៈ​​បរិសុទ្ធ ជាបណ្ឌិត ឆ្លាស មានប្រាជ្ញា កាលមានគេចោទសួរ អាចឲ្យគេចោទសួរបាន។ ត្រូវភិក្ខុ​ទាំងឡាយ និយាយនឹង​ភិក្ខុនោះថា នែអាវុសោ លោកនេះឯង ឃាត់បវារណា ​ចំពោះ​ភិក្ខុនេះ លោកឃាត់​បវារណា​នោះ ព្រោះហេតុអ្វី លោកឃាត់ព្រោះសីលវិបត្តិ ឬឃាត់​ព្រោះ​អាចារវិបត្តិ ឬ​ឃាត់​ព្រោះ​ទិដ្ឋិវិបត្តិ។ បើភិក្ខុអ្នកឃាត់នោះ និយាយយ៉ាងនេះថា ខ្ញុំឃាត់ព្រោះសីលវិបតិ្ត ខ្ញុំឃាត់​ព្រោះ​អាចារវិបតិ្ត ខ្ញុំឃាត់ព្រោះទិដ្ឋិវិបតិ្ត។ ត្រូវភិក្ខុទាំងឡាយ និយាយនឹង​ភិក្ខុនោះ ​យ៉ាងនេះថា លោក​ដ៏​មានអាយុ ស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់​ទិដ្ឋិវិបត្តិ​ដែរឬ។ បើភិក្ខុនោះ​និយាយ​យ៉ាងនេះ​ថា នែអាវុសោ ខ្ញុំស្គាល់សីលវិបតិ្ត អាចារវិបត្តិ ទិដ្ឋិវិបត្តិ ជាប្រាកដ។ ត្រូវភិក្ខុទាំងឡាយ និយាយ​ នឹង​ភិក្ខុ​នោះ​ យ៉ាងនេះថា នែអាវុសោ ចុះដូចម្តេចហៅថា សីលវិបត្តិ ដូចម្តេចហៅថា អាចារវិបត្តិ ដូចម្តេចហៅថា ទិដ្ឋិវិបត្តិ។ បើភិក្ខុនោះ ​និយាយ​យ៉ាងនេះ​ថា បារាជិក៤ សង្ឃាទិសេស១៣ នេះហៅថាសីលវិបតិ្ត ថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត នេះហៅថា អាចារវិបត្តិ មិច្ឆាទិដ្ឋិ និងអន្តគ្គាហិកាទិដ្ឋិ នេះហៅថា ទិដ្ឋិវិបត្តិ។ ត្រូវភិក្ខុទាំងឡាយ និយាយ​ នឹង​ភិក្ខុ​នោះ ​យ៉ាង​នេះ​ថា នែអាវុសោ លោកឃាត់បវារណា ចំពោះ​ភិក្ខុនេះ អ្នកឃាត់ដោយឃើញ ឬឃាត់ដោយឮ ឬឃាត់ដោយរង្កៀស។ បើភិក្ខុនោះ​ និយាយ​យ៉ាងនេះ​ថា ខ្ញុំឃាត់ដោយឃើញក្តី ខ្ញុំឃាត់ដោយ​ឮក្តី ខ្ញុំឃាត់ដោយ​រង្កៀសក្តី។ ត្រូវភិក្ខុទាំងឡាយ និយាយ​នឹង​ភិក្ខុ​នោះ ​យ៉ាងនេះថា នែអាវុសោ លោកឃាត់​បវារណា ចំពោះ​ភិក្ខុនេះ ​ដោយឃើញ តើលោកឃើញហេតុ​ដូចម្តេច លោកឃើញអ្វី​ ក្នុង​បវារណានោះ លោកឃើញក្នុងកាលណា លោកឃើញ​ក្នុងទីណា កាលភិក្ខុនោះ​ ត្រូវ​អាបត្តិ​បារាជិក លោកឃើញដែរឬ កាលភិក្ខុនេះ​ត្រូវអាបត្តិ​សង្ឃាទិសេស លោកឃើញដែរឬ កាលភិក្ខុនេះ​ ត្រូវ​អាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត លោកឃើញ​ដែរឬ ចំណែក​លោកនៅក្នុងទីណា ឯភិក្ខុនេះ​នៅក្នុងទីណា លោកកំពុងធ្វើអ្វីខ្លះ ភិក្ខុនេះ​កំពុងធ្វើអ្វីខ្លះ។ បើ​ភិក្ខុនោះ ​និយាយ​យ៉ាងនេះ​ថា នែអាវុសោ ខ្ញុំមិនមែនឃាត់បវារណា ​ចំពោះ​ភិក្ខុនេះ ​ដោយ​ឃើញ​ទេ ខ្ញុំឃាត់បវារណា ដោយ​ឮទេតើ។ ត្រូវភិក្ខុទាំងឡាយ និយាយ​នឹង​ភិក្ខុ​នោះ ​យ៉ាងនេះថា នែ​អាវុសោ លោកឃាត់​បវារណាណា ចំពោះ​ភិក្ខុនេះ​ដោយឮ លោកឮហេតុ​ដូចម្តេច ក្នុងបវារណា​នោះ លោកឮអ្វី លោកឮក្នុងកាលណា លោកឮ​ក្នុងទីណា លោកឮថា ភិក្ខុនេះ ​ត្រូវ​អាបត្តិ​បារាជិក​ហើយឬ លោកឮថា ភិក្ខុនេះ​ ត្រូវអាបត្តិ​សង្ឃាទិសេសហើយឬ លោកឮថា ភិក្ខុនេះ​ ត្រូវ​អាបត្តិថុល្លច្ច័យ អាបត្តិបាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត​ហើយឬ លោកឮពីភិក្ខុឬ លោកឮ​ពីភិក្ខុនីឬ ឮពីនាងសិក្ខមានាឬ ឮពីសាមណេរឬ ឮពីសាមណេរីឬ ឮពី​ឧបាសកឬ ឮពីឧបាសិកាឬ ឮពីស្តេចទាំងឡាយឬ ឮពី​ពួកមហាមាត្យ​ស្តេចឬ ឮពីពួកតិរ្ថិយឬ ឮពីពួកសាវកតិរ្ថិយឬ។ បើភិក្ខុនោះ ​និយាយថា នែអាវុសោ ខ្ញុំមិនបានឃាត់​បវារណា​ ចំពោះភិក្ខុនេះដោយឮទេ ខ្ញុំឃាត់​បវារណា​ ដោយរង្កៀសទេតើ។ ត្រូវភិក្ខុទាំងឡាយ និយាយ​នឹង​ភិក្ខុ​នោះ ​យ៉ាងនេះថា នែ​អាវុសោ លោកឃាត់​បវារណាណា ចំពោះ​ភិក្ខុនេះ​ដោយរង្កៀស លោករង្កៀស​ដូចម្តេច ក្នុងបវារណា​នោះ ហេតុអ្វីក៏លោករង្កៀស លោករង្កៀសក្នុងកាលណា លោករង្កៀស​ក្នុងទីណា លោករង្កៀសថា ភិក្ខុនេះ ​​ត្រូវ​អាបត្តិ​បារាជិក​ហើយឬ លោករង្កៀសថា ភិក្ខុនេះ ​ត្រូវអាបត្តិ​សង្ឃាទិសេសហើយឬ លោករង្កៀសថា ភិក្ខុនេះ​ ត្រូវ​អាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត​ហើយឬ លោករង្កៀសព្រោះឮពីភិក្ខុឬ លោករង្កៀសព្រោះឮ​ពីភិក្ខុនីឬ លោករង្កៀសព្រោះ​ឮពី​​សិក្ខមានាឬ លោករង្កៀសព្រោះឮពីសាមណេរឬ លោករង្កៀសព្រោះឮពីសាមណេរីឬ លោករង្កៀសព្រោះ​ឮពី​​ឧបាសកឬ លោករង្កៀសព្រោះឮពីឧបាសិកាឬ លោករង្កៀសព្រោះឮពីពួកស្តេចឬ លោក​រង្កៀសព្រោះឮពី​ពួកមហាមាត្យ​ស្តេចឬ លោករង្កៀសព្រោះឮពីពួកតិរ្ថិយឬ លោក​រង្កៀស​ព្រោះឮពីពួកសាវកតិរ្ថិយឬ។ បើភិក្ខុនោះ​ និយាយថា នែអាវុសោ ខ្ញុំមិនមែនឃាត់​បវារណា​ចំពោះភិក្ខុនេះ ដោយរង្កៀសទេ មួយវិញទៀត ខ្ញុំក៏មិនដឹងថា ខ្ញុំឃាត់​បវារណា​ចំពោះភិក្ខុនោះ ដោយ​ហេតុអ្វីទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ មិនធ្វើចិត្ត​ របស់ពួក​សព្រហ្មចារី ជាវិញ្ញូ ឲ្យ​ត្រេកអរ ​តាមការសាក​សួរទេ គួរនឹងពោលថា ភិក្ខុដែល​ត្រូវគេចោទ មិនគួរ​ភិក្ខុ​ដទៃ​តិះដៀលទេ គឺឥតទោសទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ធ្វើចិត្ត​របស់​សព្រហ្មចារី ជាវិញ្ញូឲ្យ​ត្រេកអរ​តាមសេចក្តីសាក​សួរ គួរពោលថា ភិក្ខុដែល​ត្រូវចោទ គួរ​ភិក្ខុ​ដទៃ​តិះដៀលបាន (មានទោស)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ប្តេជ្ញា​ចំពោះភិក្ខុ ដែលខ្លួន​តាម​កំចាត់(ចោទ) ដោយអាបត្តិបារាជិក រកមូលគ្មាន ត្រូវសង្ឃលើកអាបត្តិ​សង្ឃាទិសេស (ចំពោះ​ភិក្ខុអ្នកចោទនោះ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ប្តេជ្ញា​ចំពោះភិក្ខុ ដែលខ្លួន​តាម​កំចាត់ (ចោទ) ដោយអាបត្តិសង្ឃាទិសេស មិនមានមូល ត្រូវសង្ឃ​ឲ្យភិក្ខុ​នោះ ធ្វើតាមធម៌ (ត្រូវសំដែងអាបត្តិចេញ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​អ្នកចោទនោះ ប្តេជ្ញាចំពោះ​ភិក្ខុ ដែល​ខ្លួនតាមកំចាត់ ដោយអាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត រកមូលគ្មាន ត្រូវសង្ឃ​ឲ្យ​ភិក្ខុនោះធ្វើតាមធម៌ (សំដែងអាបត្តិចេញ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុដែលត្រូវចោទ ប្តេជ្ញាខ្លួនថា ត្រូវអាបត្តិបារាជិក ត្រូវសង្ឃ​ធ្វើ​នាសនកម្ម (ចំពោះភិក្ខុនោះ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ ដែលត្រូវចោទនោះ ប្តេជ្ញា​ខ្លួនថា ​ត្រូវអាបត្តិសង្ឃាទិសេស ត្រូវសង្ឃលើកអាបត្តិ​សង្ឃាទិសេសហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ ដែលត្រូវចោទនោះ ប្តេជ្ញា​ខ្លួនថា​ ត្រូវអាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត ត្រូវសង្ឃឲ្យភិក្ខុនោះ ធ្វើ​តាមធម៌ (សំដែងអាបត្តិ​ ហើយ​សឹម​បវារណា​ចុះ)។

 

1)
សេចក្តីប្រព្រឹត្តិ​ដោយកាយ​មិនបរិសុទ្ធ។
2)
សេចក្តីប្រព្រឹត្តិ​ដោយវាចា​មិនបរិសុទ្ធ។
3)
សេចក្តីចិញ្ចឹមជីវិត​មិនបរិសុទ្ធ។
km/tipitaka/vin/mv/vin.mv.04.22.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann