User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.04.25

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » បវារណក្ខន្ធកៈ

១៤៤. ភណ្ឌនការកវត្ថុ

សង្ខេប

កិច្ច​ដើម្បី​ដោះ​ស្រាយ​បញ្ហាចំពោះ​ព្រះ​សង្ឃ​ដែលមានចេតនា​មិនល្អ។

mv 04.25 បាលី cs-km: vin.mv.04.25 អដ្ឋកថា: vin.mv.04.25_att PTS: ?

ភណ្ឌនការកវត្ថុ (ទី១៤៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៤៤)

[៤៦] ក៏សម័យនោះឯង ពួកភិក្ខុច្រើនរូប​ដែលជាមិត្រគ្រាន់តែ​ឃើញគ្នា​ និងជាមិត្រ​បានគប់គ្នា (មិត្រស្និទ្ធស្នាលមាំមួន) ចូលទៅចាំវស្សាក្នុងអាវាសមួយក្នុងកោសលជនបទ។ ពួក​ភិក្ខុដទៃដែលនៅជិតខាងភិក្ខុទាំងឡាយនោះ ធ្វើ​សេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះគ្នា ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ជាអ្នកធ្វើ​អធិករណ៍​ក្នុងសង្ឃចូលទៅចាំវស្សា​ដោយប៉ងថា កាលបើភិក្ខុទាំងនោះនៅចាំវស្សារួចហើយ ពួកយើងនឹង​ឃាត់បវារណា​ក្នុងថ្ងៃដែលបវារណា។ ពួកភិក្ខុទាំងនោះបានឮដំណឹងថា ពួក​ភិក្ខុដទៃដែលនៅជិតខាងយើង ជាអ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់​គ្នា ធ្វើសេចក្តីឈ្លោះប្រកែក ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ជាអ្នកធ្វើ​អធិករណ៍​ក្នុងសង្ឃចូលទៅចាំវស្សា​ ដោយគិតថា កាលបើភិក្ខុទាំងនោះនៅចាំវស្សារួចហើយ ពួកយើងនឹង​ឃាត់បវារណា​ក្នុងថ្ងៃដែលបវារណា គួរយើងទាំងឡាយប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុច្រើនរូប ជាមិត្រដែលធ្លាប់​ឃើញគ្នា​ ជាមិត្រស្និទ្ធស្នាលមាំមួន ចូល​ទៅចាំវស្សាក្នុងអាវាសមួយ។ ពួក​ភិក្ខុដទៃដែលនៅជិតខាងពួកភិក្ខុទាំងនោះ ជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីឈ្លោះ ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា ជាអ្នកធ្វើ​អធិករណ៍​ក្នុងសង្ឃ ចូលទៅចាំវស្សា​ដោយប៉ងថា កាលបើភិក្ខុទាំងនោះ នៅចាំវស្សារួចហើយ ពួកយើងនឹង​ឃាត់បវារណា ​ក្នុងថ្ងៃដែលបវារណា។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យពួក​ភិក្ខុទាំងនោះ ធ្វើ​ចាតុទ្ទសីឧបោសថ​ពីរបីឧបោសថ1) ដោយគិតថា ធ្វើដូចម្តេច​ពួក​យើង​នឹងគប្បី​បវារណា​ឲ្យបាន​មុនពួកភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ​ជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះប្រកែកគ្នា ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើ​អធិករណ៍​​ក្នុងសង្ឃទាំងនោះ មកកាន់អាវាស ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុអ្នកនៅក្នុងអាវាស​ទាំងនោះ ប្រជុំគ្នាបវារណាភ្លាមៗចុះ លុះបវារណាហើយ ត្រូវនិយាយថា នែអាវុសោ យើង​ទាំងឡាយ​បានបវារណា​រួចហើយ លោកដ៏មានអាយុ​ទាំងឡាយ​សំគាល់​យ៉ាងណា ក៏ចូរ​ធ្វើ​យ៉ាងនោះចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុដែល​ជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តី​ឈ្លោះ​គ្នា វិវាទគ្នា ធ្វើតិរច្ឆានកថា ធ្វើ​អធិករណ៍​​ក្នុងសង្ឃទាំងនោះ មិនបានដឹងរឿងអ្វី ហើយមកកាន់អាវាសនោះ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុអ្នកនៅក្នុងអាវាស​ទាំងនោះ ក្រាល​អាសនៈ ដំកល់ទឹក​លាងជើង តាំងរងជើង ទ្រនាប់​សម្រាប់ជូតជើង ត្រូវក្រោកឡើង ទទួលយកបាត្រ និងចីវរ ត្រូវសួរភិក្ខុទាំងនោះ​ដោយទឹកឆាន់។ ត្រូវបំភាន់​ភិក្ខុទាំងនោះ​ ហើយទៅកាន់ទីក្រៅសីមា ហើយសឹមបវារណាចុះ។ លុះបវារណាហើយ ត្រូវនិយាយថា នែអាវុសោ យើង​ទាំងឡាយ​បានបវារណា​រួចហើយ លោកដ៏មានអាយុ​ទាំងឡាយ​សំគាល់​យ៉ាង​ណា ចូរ​ធ្វើ​យ៉ាងនោះចុះ។ បើភិក្ខុបានកិច្ចនោះ ដោយអាការដូច្នោះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុអ្នកនៅក្នុង​អាវាស​ដែលឆ្លាស ប្រតិពល ឲ្យពួកភិក្ខុ​អ្នកនៅ​ក្នុងអាវាស​ផងគ្នា​ដឹងថា សូមលោកដ៏មានអាយុទាំងឡាយ​ដែលនៅ​ក្នុង​អាវាស​ស្តាប់ខ្ញុំ បើកម្មមាន​កាលគួរ​ដល់លោក​ដ៏មានអាយុ​ទាំងឡាយ​ណាហើយ យើងត្រូវធ្វើឧបោសថ ត្រូវសំដែងបាតិមោក្ខ ត្រូវបវារណា ក្នុងកាឡបក្ខ គឺក្នុងរនោច ដែលមកដល់​ឥឡូវនេះឯង។ ម្នាលភិក្ខុទាំងឡាយ បើពួក​ភិក្ខុជាអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តី​ឈ្លោះប្រកែក ធ្វើសេចក្តី​ទាស់ទែង ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុងសង្ឃទាំងនោះ​ និយាយយ៉ាងនេះនឹងអាវាសិកភិក្ខុទាំងនោះ​ថា នែអាវុសោ ខ្ញុំសូមអង្វរ ចូរលោកទាំងឡាយ​បវារណា​ចំពោះយើង​ក្នុងកាលឥឡូវនេះចុះ។ ត្រូវអាវាសិកភិក្ខុ​និយាយនឹង​ភិក្ខុទាំងនោះយ៉ាងនេះថា នែអាវុសោ លោកទាំងឡាយ​មិនមែន​ជាធំ​ក្នុងការ​បវារណា​របស់យើងទេ យើងមិនទាន់​បវារណានៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បើពួក​ភិក្ខុជាអ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់ ធ្វើសេចក្តី​ឈ្លោះប្រកែក ធ្វើសេចក្តី​ទាស់ទែង ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុង​សង្ឃ​ទាំងនោះនៅ​ទាល់តែអស់​កាឡបក្ខនោះ ត្រូវ​អាវាសិកភិក្ខុ​ដែលឆ្លាស​​ ប្រតិពល ឲ្យពួកអាវាសិកភិក្ខុ​​ផង​គ្នា​ដឹងដោយពាក្យ​ដូច្នេះថា សូមលោកដ៏មានអាយុទាំងឡាយ​ដែលនៅ​ក្នុង​អាវាស​ស្តាប់ខ្ញុំ បើកម្ម​មាន​កាលគួរ​ដល់លោក​ដ៏មានអាយុ​ទាំងឡាយហើយ យើងទាំងឡាយ​ត្រូវធ្វើឧបោសថ ត្រូវ​សំដែងបាតិមោក្ខ ត្រូវបវារណា ក្នុងជុណ្ហបក្ខ ដែលមកដល់​ក្នុងកាលឥឡូវនេះ គឺក្នុងខ្នើត។ ម្នាល​ភិក្ខុ​ទាំងឡាយ បើពួក​ភិក្ខុអ្នកធ្វើ​សេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តី​ឈ្លោះ ធ្វើសេចក្តីវិវាទ ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុងសង្ឃទាំងនោះ​ និយាយយ៉ាងនេះនឹងភិក្ខុទាំងនោះ​ថា នែអាវុសោ ខ្ញុំសូម​អង្វរ ចូរលោកទាំងឡាយ​បវារណា​ចំពោះយើងទាំងឡាយ ​ក្នុងកាលឥឡូវនេះចុះ។ ត្រូវ​អាវាសិកភិក្ខុ​ទាំងឡាយ ​និយាយយ៉ាងនេះនឹងភិក្ខុទាំងឡាយ​នោះថា នែអាវុសោ លោក​ទាំងឡាយ​មិនមែន​ជាធំ​ក្នុងការ​បវារណា​របស់យើងទេ យើងមិនទាន់​បវារណានៅឡើយ។ ម្នាល​ភិក្ខុទាំងឡាយ បើពួក​ភិក្ខុអ្នកធ្វើ​សេចក្តី​ប្រកួត​ប្រកាន់ ធ្វើសេចក្តី​ឈ្លោះ ធ្វើសេចក្តី​ទាស់ទែង ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍​ក្នុង​សង្ឃ​ទាំងនោះនៅ​ទាល់តែអស់​ជុណ្ហបក្ខនោះទៀត ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះនាំគ្នា​បវារណា​ ដោយខានមិនបាន​ក្នុងតិថីជាគំរប់​៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុងជុណ្ហបក្ខ ដែលមក​ដល់ឥឡូវ​នេះ (ថ្ងៃពេញបូណ៌មី ខែកត្តិក)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ​កំពុង​តែបវារណា ហើយមានភិក្ខុឈឺ​ឃាត់​បវារណា​ដល់ភិក្ខុមិនឈឺ ត្រូវភិក្ខុដទៃ​និយាយ​នឹងភិក្ខុឈឺ​នោះយ៉ាងនេះថា លោកដ៏​មានអាយុ​ជាអ្នក​មានជម្ងឺ ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ជាបុគ្គល​មិនគាប់ចិត្ត​នឹងការ​សាកសួរទេ នែអាវុសោ ចូរលោករង់ចាំ ទំរាំ​លោកជារោគសិន ដល់លោកជារោគហើយ កាលបើ​ត្រូវការនឹងចោទ ក៏ចោទចុះ។ កាលបើភិក្ខុនិយាយ​យ៉ាងនេះហើយ ភិក្ខុដែលឈឺនោះ នៅតែ​ចោទ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ​កំពុង​តែបវារណា ហើយមានភិក្ខុមិនឈឺ​ឃាត់​បវារណា​ដល់ភិក្ខុឈឺ ត្រូវភិក្ខុដទៃ​និយាយ​នឹងភិក្ខុមិនឈឺ​នោះ​យ៉ាងនេះថា នែអាវុសោ ភិក្ខុនេះឯងឈឺ ក៏ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ជាបុគ្គល​មិនគួរដល់ការ​សួរដេញដោលទេ នែអាវុសោ ចូរលោករង់ចាំ ទំរាំភិក្ខុនេះជារោគសិន ដល់​លោកនេះជារោគហើយ កាលបើ​លោកប្រាថ្នា​នឹងចោទ ក៏ចោទចុះ។ កាលបើភិក្ខុដទៃ​និយាយ​​យ៉ាងនេះហើយ ភិក្ខុមិនឈឺនោះនៅតែ​ចោទ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ​ កំពុង​តែបវារណា ហើយមាន​ភិក្ខុឈឺ​​ឃាត់​បវារណា​ដល់ភិក្ខុឈឺ ត្រូវភិក្ខុដទៃ​និយាយយ៉ាងនេះ​នឹងភិក្ខុ​នោះថា លោកដ៏​មាន​អាយុ​ទាំងឡាយ ​ជាអ្នកឈឺ ក៏ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ​មិនគួរ​ដល់​ការ​សួរដេញដោលទេ នែអាវុសោ ចូរលោកបង្អង់សិន ទំរាំ​លោកទាំងឡាយជារោគ ដល់​លោក​ដែល​មានហេតុ (នោះ) ជាសះស្បើយ​ហើយ កាលបើលោក​ត្រូវការនឹងចោទ ក៏ចោទភិក្ខុដែល​ឥតរោគ (នោះចុះ)។ កាលបើភិក្ខុដទៃនិយាយ​យ៉ាងនោះហើយ ភិក្ខុឈឺនោះនៅតែ​ចោទ ត្រូវអាបត្តិ​បាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុទាំងឡាយនោះ កំពុង​តែបវារណា ហើយមានភិក្ខុ​មិនឈឺឃាត់​បវារណា​ដល់ភិក្ខុមិនឈឺ។ ត្រូវសង្ឃដេញដោល​ភិក្ខុ​ទាំងពីរ​រូបដោយ​ត្រឹមត្រូវ សាកសួរ​ដោយត្រឹមត្រូវ ហើយឲ្យភិក្ខុទាំងនោះ​ធ្វើតាម​ធម៌ (គឺសំដែង​អាបត្តិ) ហើយ​សឹមបវារណាចុះ។

 

1)
ក្នុងវស្សា៣ខែ បើមានហេតុទាស់ ទ្រង់អនុញ្ញាត​ឲ្យធ្វើ​ចាតុទ្ទសីឧបោសថ​ពីរបី​ឧបោសថបាន គឺឧបោសថ​ទី៣-៤-៥។ ឯទី៣ គឺរនោច​ខែស្រាពណ៍ ទី៤-៥ ខែភទ្ទបទ។ ឯធ្វើ​បែបនេះខុស​ពីធម្មតា​តែខែភទ្ទបទមួយទេ។
km/tipitaka/vin/mv/vin.mv.04.25.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann