User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.05.01

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចម្មក្ខន្ធកៈ

១៤៧. សោណកោឡិវិសវត្ថុ

សង្ខេប

ព្រះ​បាទ​បសេន​ទិ​កោ​សលបាន​ដឹក​នាំប្រ​ជា​ជន៨​មុឺន​នាក់​អោយទៅ​គាល់​ព្រះ​ពុទ្ធ​ បានស្តាប់​ធម៌​សម្រេច​សោតា​មគ្គ។ កុល​បុត្រសោណៈបាន​ចេញ​ចាក​ផ្ទះ​ដោយ​ប្រតិបត្តិ​តឹង​ពេក​សម្រេច​ចិត្ត​ចង់សឹកវិញ។ព្រះ​ពុទ្ធបានណែ​នាំកុំ​អោយ​ប្រតិបត្តិ​តឹងពេក​ឬ​ធូរ​ពេកដោយប្រៀប​ធៀបទៅនឹង​ការលេង​ពិណ។ រឿង​​ព្រះបាទ​​មាគធៈ ជា​ធំ​លើ​អ្នក​ស្រុក​​៨ម៉ឺន​១ រឿង​​សោណ​សេដ្ឋីបុត្រ​១ រឿង​​សាគត​ភិក្ខុ​​សំដែង​​ឥទ្ធិបាដិ​ហារ្យ ជា​ឧត្តរិ​មនុស្ស​ធម៌​ច្រើន លើ​ភ្​នំគិជ្ឈកូដ​១ រឿង​​សោណភិក្ខុ​​បួស​ហើយ ប្រារព្ធ​ព្យាយាម​​ក្រៃ​ពេក បាទា​ក៏​បែក១ រឿង​​ព្រះ​ដ៏មាន​ព្រះ​ភាគ ទ្រង់​ទូន្មាន​​ឲ្យ​​សោណ​ភិក្ខុ​តាំង​​ព្យាយាម​​តាម​ខ្សែ​ពិណ​១។

mv 05.01 បាលី cs-km: vin.mv.05.01 អដ្ឋកថា: vin.mv.05.01_att PTS: ?

សោណកោឡិវិសវត្ថុ (ទី១៤៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៤៧)

[៤៩] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះបាទមាគធសេនិយពិម្ពិសារ សោយរាជ្យ​ជាឥស្សរាធិបតិលើអ្នកស្រុកទាំង​៨ម៉ឺន។ សម័យនោះឯង ក្នុងក្រុងចម្បា មានកូនសេដ្ឋីម្នាក់ឈ្មោះ​សោណៈ ជាកោឡិវិសគោត្ត ហើយជា​សុខុមាលជាតិ។ សេដ្ឋិបុត្តនោះ មានរោមជាច្រើនដុះ​ត្រង់បាតជើងទាំងពីរ។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់​ប្រជុំ​ពួកអ្នក​ស្រុកទាំង​៨ម៉ឺន ហើយទ្រង់បញ្ជូនរាជបម្រើ​ទៅក្នុង​សំណាក់​សោណកោឡិវិសដោយ​មានកិច្ចអ្វីនីមួយថា សោណៈចូរមក ដ្បិតយើងចង់​ឲ្យសោណៈ​មក។ វេលានោះឯង ឯមាតាបិតា​នៃសោណកោឡិវិសបាននិយាយ​ពាក្យនេះនឹង​សោណកោឡិវិសថា នែសោណៈ​កូន ឥឡូវស្តេច​ចង់​ទតមើលជើង​របស់អ្នក នែសោណៈ​កូន អ្នកឯង​កុំចាំបាច់​លាជើង​បង្ហាញ​ស្តេចឡើយ អ្នកឯង​ចូរ​អង្គុយ​ពែនភ្នែន​ចំពោះ​ព្រះភក្ត្រ​ស្តេចចុះ កាលបើ​អ្នកអង្គុយនៅហើយ ស្តេចគង់នឹង​ទតឃើញ​ជើងអ្នកហើយ។ គ្រានោះឯង ពួកជនក៏​បាននាំសោណកោឡិវិស​មកដោយគ្រែស្នែង (មកថ្វាយស្តេច)។ ខណៈនោះ សោណកោឡិវិស ក៏​បានចូលទៅគាល់ព្រះបាទ​មាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះបាទ​មាគធសេនិយពិម្ពិសារ រួចហើយអង្គុយពែនភ្នែន​ចំពោះព្រះភក្ត្រស្តេច។ ឯព្រះបាទ​មាគធសេនិយ​ពិម្ពិសារ ក៏បានទតទៅឃើញ​រោមទាំងឡាយ​ដែលដុះ​ពេញបាតជើង​របស់សោណកោឡិវិស។ គ្រានោះឯង ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ ទ្រង់បានប្រដៅនូវ​ប្រយោជន៍1) ទាំងឡាយជាបច្ចុប្បន្ន ចំពោះពួក​អ្នកស្រុកទាំង៨ម៉ឺននោះស្រេចហើយ ក៏ទ្រង់​បញ្ជូន​ទៅវិញថា នែនាយទាំងឡាយ យើងបានប្រដៅអ្នករាល់គ្នា​ ក្នុងប្រយោជន៍​ជាបច្ចុប្បន្ន​ហើយ អ្នកទាំងឡាយចូរ​នាំគ្នាទៅវិញចុះ តែអ្នកទាំងឡាយត្រូវនាំគ្នាទៅគាល់​ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគនោះ មុខជានឹងប្រៀនប្រដៅ​នូវប្រយោជន៍​ទាំងឡាយ​ក្នុង​បរលោក​ដល់យើងទាំងឡាយ។ វេលានោះឯង ពួកអ្នកស្រុកទាំង៨ម៉ឺន​នោះ បានទៅឯភ្នំ​គិជ្ឈកូដ។ សម័យនោះឯង ព្រះសាគតដ៏មានអាយុ ជាអ្នកបម្រើព្រះដ៏មានព្រះភាគ។ វេលានោះ ពួកអ្នកស្រុក​ទាំង៨ម៉ឺននោះ បានចូល​ទៅរកព្រះសាគត​ដ៏មានអាយុ លុះចូលទៅ​ដល់ហើយ ក៏បាននិយាយពាក្យនេះ​នឹងព្រះសាគត​ដ៏មាន​អាយុថា បពិត្រលោកដ៏ចំរើន ឥឡូវពួកអ្នកស្រុក​ទាំង៨ម៉ឺននេះ បានចូលមកក្នុងទីនេះ ដើម្បី​ឃើញព្រះដ៏មានព្រះភាគ បពិត្រលោកដ៏ចំរើន យើងខ្ញុំគួរបាន​ឃើញព្រះដ៏មានព្រះភាគ ទើប​ជាការប្រពៃ។ ព្រះសាគតភិក្ខុតបវិញថា នែអ្នកដ៏មានអាយុទាំងឡាយ បើដូច្នោះ អ្នករាល់គ្នា​ឈប់​បង្អង់​ចាំអាត្មា​នៅទី​នេះ១ស្របក់ចុះ ចាំអាត្មា​ក្រាបទូល​ព្រះដ៏មានព្រះភាគ​សិន។ គ្រានោះឯង កាលពួកអ្នកស្រុកទាំង៨ម៉ឺន​នោះកំពុងតែសំឡឹង​មើលក្នុងទី​ចំពោះមុខ ​ព្រះសាគត​ដ៏មានអាយុ ក៏ជ្រែក​ចុះចំផែនថ្ម2) ហើយទៅផុស​ក្នុងទីចំពោះ​ព្រះភក្ត្រ​ព្រះដ៏មានព្រះភាគ រួចក៏បាន​ពោល​ពាក្យនេះ​នឹងព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវ​មាន​ពួកអ្នកស្រុកទាំង​៨ម៉ឺន​នេះ បាន​ចូលមកក្នុងទីនេះ​ដើម្បី​ឃើញព្រះដ៏មានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ​រមែង​ជ្រាបនូវកាល​គួរ ជាប្រយោជន៍​ក្នុងកាលឥឡូវ​នេះ។ ព្រះដ៏មានព្រះភាគតបថា នែសាគត បើដូច្នោះ អ្នកចូរទៅ​រៀបចំក្រាលអាសនៈ ត្រង់ម្លប់នៃវិហារចុះ។ ព្រះសាគត​ដ៏មានអាយុ​បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏នាំ​យកតាំង ជ្រែកចុះក្នុង​ទី​ចំពោះ​ព្រះភក្ត្រ​ព្រះដ៏មានព្រះភាគ កាលអ្នកស្រុក​ទាំង​៨ម៉ឺន​នោះ កំពុង​សំឡឹង​មើលក្នុង​ទីចំពោះ​មុខ ក៏ស្រាប់តែទៅផុស​ចំផែនថ្ម ហើយក្រាលអាសនៈ​ត្រង់ម្លប់​នៃវិហារ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់យាងចេញពី​វិហារ ទៅគង់នៅ​លើអាសនៈ​ដែលព្រះសាគត​ត្ថេរៈ​បានក្រាល​ត្រង់ម្លប់​នៃវិហារ។ លំដាប់នោះឯង ពួកអ្នកស្រុកទាំង​៨ម៉ឺន​នោះ បានចូល​ទៅគាល់​ព្រះដ៏​មានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​នៅក្នុងទី​ដ៏សមគួរ។ គ្រានោះ ពួកអ្នក​ស្រុកទាំង​៨ម៉ឺននោះ ក៏អបអរ រាក់ទាក់នឹងព្រះសាគត​ដ៏មាន​អាយុទៅវិញ មិនបានអបអរ​រាក់ទាក់​នឹង​ព្រះដ៏មានព្រះភាគ ដូច្នោះឡើយ។ វេលានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​សេចក្តី​បរិវិតក្ក​ ​ក្នុងចិត្តរបស់​ពួកអ្នកស្រុក​ទាំង៨ម៉ឺន ដោយព្រះទ័យ​នោះហើយ ទើបទ្រង់ត្រាស់​ហៅព្រះសាគត​ដ៏មានអាយុ​មកថា នែសាគត បើដូច្នោះ​ អ្នកចូរ​សំដែង​ឥទ្ធិប្បាដិហារ្យ ដែលជាធម៌​របស់មនុស្សជាន់ខ្ពស់ ឲ្យក្រៃលែង​ឡើង​ទៅទៀត។ ព្រះសាគត​ដ៏​មានអាយុ​បានទទួល​ស្តាប់​ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ហោះ​ទៅលើវេហាស៍ ចង្រ្កម គឺដើរខ្លះ ឈរខ្លះ គង់ខ្លះ សិងខ្លះ បណ្តាល​ឲ្យកើតផ្សែងខ្លះ បណ្តាល​ឲ្យ​កើតភ្លើងខ្លះ បាត់​ខ្លួន​ទៅខ្លះ ក្នុងប្រទេស​ទំនេរ គឺ​អាកាស។ វេលានោះ ព្រះសាគតដ៏មានអាយុ លុះបាន​សំដែង​ឥទ្ធិប្បាដិហារ្យ ជាធម៌​របស់មនុស្សជាន់ខ្ពស់ មានប្រការច្រើនយ៉ាង ​នៅលើប្រទេស​ទំនេរ គឺអាកាស​រួចហើយ ក៏មកក្រាបសិរសា ទៀប​ព្រះបាទា នៃព្រះដ៏មានព្រះភាគ ហើយក៏​បាន​ក្រាបបង្គំ​ទូលពាក្យនេះ នឹងព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាគ្រូ​របស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវក បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាគ្រូ​របស់​ខ្ញុំ​ព្រះ​អង្គ ខ្ញុំព្រះអង្គជាសាវក។ ខណៈនោះ អ្នកស្រុកទាំង​៨ម៉ឺននោះ ក៏ពោលថា នែគ្នាយើង​ដ៏ចំរើន គួរ​អស្ចារ្យពេកណាស់ នែគ្នាយើងដ៏ចំរើន ហេតុដែលមិនធ្លាប់កើត កើត​ឡើងហើយតើ អម្បាល​សាវក​មានឫទ្ធិ​ខ្លាំង មានអានុភាព​ច្រើនម្ល៉ោះ​ទៅហើយ ចំណង់​បើគ្រូ គង់មានឫទ្ធានុភាព​ក្រៃលែង ជាងនេះ​ពិតប្រាកដ ហើយបែរមកអបអរ​ រាក់ទាក់​ នឹង​ព្រះដ៏មានព្រះភាគវិញ លែងអបអរ​រាក់ទាក់​ នឹង​ព្រះសាគតដ៏មានអាយុ​ដូច្នោះទៀតឡើយ។ វេលានោះ ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់ជ្រាបសេចក្តី​បរិវិតក្ក ​ក្នុងចិត្ត​របស់​ពួកអ្នកស្រុក ទាំង​៨ម៉ឺន​នោះ ដោយ​ព្រះទ័យហើយ ទើបទ្រង់​សំដែងនូវ​អនុបុព្វីកថា ឯអនុបុព្វីកថានោះ តើដូចម្តេចខ្លះ គឺព្រះអង្គ​ទ្រង់សំដែង​ទាន​កថា សីលកថា សគ្គកថា សំដែងពីទោស​ របស់កាមគុណ ដែលជារបស់លាមកសៅហ្មង និងអានិសង្ស​ក្នុងកិរិយា​ចេញបួស។ ​ព្រះដ៏មានព្រះភាគ ​ជាម្ចាស់ ទ្រង់​បានជ្រាបថា ពួក​ជនទាំង​នោះមានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាក​នីវរណៈ មានចិត្តអណ្តែតឡើង មានចិត្ត​ជ្រះថ្លា​ក្នុងវេលា​ណាហើយ ក៏ទ្រង់សំដែងនូវ​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ​ តែងលើក​ឡើង​សំដែង​ដោយ​ព្រះអង្គ​ឯង គឺសំដែងពី​កងទុក្ខ ហេតុដែលនាំឲ្យកើតកងទុក្ខ សេចក្តីរំលត់នូវ​កងទុក្ខ និងផ្លូវ​ដែល​ដល់​នូវ​សេចក្តី​រំលត់​កងទុក្ខ ក្នុងវេលានោះ។ សំពត់សស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរ​ទទួល​យកគ្រឿង​ជ្រលក់​ដោយ​ល្អ យ៉ាងណាមិញ ធម្មចក្ខុ (គឺ​សោតាបត្តិមគ្គ) ឥតមានធូលី ឥតមាន​មន្ទិល ក៏កើតឡើងដល់​ពួកអ្នកស្រុក​ទាំង៨ម៉ឺន​នោះ លើអាសនៈ​នោះថា ធម្មជាតឯណានីមួយ មានសេចក្តីកើតឡើង​ជាធម្មតា ធម្មជាតទាំងអស់នោះ តែងមានសេចក្តីរលត់​ទៅវិញ​ជាធម្មតា យ៉ាង​នោះឯង។ ពួកជន​ទាំងនោះ ក៏បានយល់នូវ​អរិយសច្ចធម៌ហើយ បានដល់នូវ​អរិយសច្ច​ធម៌​ហើយ បានដឹងច្បាស់ ​នូវ​អរិយសច្ចធម៌​ហើយ បានចុះចិត្តស៊ប់ ​ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុត​សេចក្តីសង្ស័យ ប្រាសចេញពី​សេចក្តី​ងឿងឆ្ងល់ ដល់​នូវសេចក្តី​ក្លៀវក្លា មិនបានជឿបុគ្គលដទៃ​ ក្នុងសាសនា នៃ​ព្រះសាស្តា ក៏បាន​ក្រាបបង្គំ​ទូលពាក្យ​នេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ច្បាស់ណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ហើយ បពិត្រព្រះ​អង្គ​ដ៏ចំរើន បុគ្គលផ្ងារឡើង ​នូវ​ភាជន៍ដែលគេផ្កាប់ចុះ ឬបើកឡើង​ នូវ​វត្ថុដែល​កំបាំង ឬប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងផ្លូវ ឬទ្រោល​បំភ្លឺ​ប្រទីបប្រេង​ ក្នុងទីងងឹត ដោយគិតថា ពួកជន​ដែលមានចក្ខុ នឹងបាន​ឃើញ​នូវរូបទាំងឡាយ យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះភាគ បានសំដែង​ដោយ​អនេក​បរិយាយ ក៏ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយនេះ សូមដល់​នូវ​ព្រះដ៏មាន​ព្រះភាគ ​ជាម្ចាស់ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផងថា ជាទីរលឹក សូម​ព្រះដ៏មាន​ព្រះភាគជាម្ចាស់ ចាំទុកនូវយើងខ្ញុំ​ថា ជា​ឧបាសក បានដល់​នូវ​ព្រះរតនត្រ័យ ថាជា​ទីរលឹក​ស្មើ​ដោយជីវិត ចាប់ដើម​តាំងពីថ្ងៃនេះទៅ។

សោណស្ស បព្វជ្ជា

(សោណស្ស បព្វជ្ជា)

[៥០] គ្រានោះ សោណកោឡិវិស មានសេចក្តីត្រិះរិះ​ដូច្នេះថា ធម៌​ដែលព្រះដ៏​មានព្រះភាគ​ទ្រង់សំដែងហើយ យ៉ាងណាៗ អាត្មាអញ​ក៏បានដឹងជាក់ បុគ្គលដែលនៅគ្រប់គ្រង​រក្សាផ្ទះនេះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យពេញលេញ ឲ្យបរិសុទ្ធ​ដោយចំណែក១ ដូច​ជាសង្ខ ដែលបុគ្គល​ដុសខាត់​ហើយទេ បើដូច្នោះ មានតែអាត្មាអញនឹងកោរសក់ ពុកមាត់ ហើយស្លៀក​ដណ្តប់​សំពត់​កាសាយ ចេញចាកផ្ទះ ហើយបួស​ក្នុងភាព​ នៃបុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ។ ខណៈនោះ ពួកអ្នកស្រុកទាំង​៨ម៉ឺននោះ ក៏បានត្រេកអរ​រីករាយ​នឹងធម៌ ដែលព្រះមានព្រះភាគ​ទ្រង់​សំដែងហើយ ក៏ក្រោកចេញចាក​អាសនៈ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចធ្វើ​ប្រទក្សិណ ហើយក៏ចៀស​ចេញទៅ។ វេលានោះឯង សោណកោឡិវិស កាលបើពួកអ្នកស្រុកទាំង៨ម៉ឺន​ ចៀសចេញ​ទៅមិនយូរ​ប៉ុន្មាន បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាប​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ សោណកោឡិវិស លុះ​អង្គុយ​នៅក្នុងទី​ដ៏សមគួរ​ហើយ ក៏បានក្រាបបង្គំទូល​ពាក្យនេះ នឹងព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ធម៌​ដែលព្រះអង្គ ​ទ្រង់សំដែងហើយ យ៉ាងណាៗ ខ្ញុំព្រះអង្គ​ក៏ដឹងបានទាំងអស់ បុគ្គលដែលនៅគ្រប់គ្រង​រក្សាផ្ទះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបានពេញលេញ ឲ្យបាន​បរិសុទ្ធ​ដោយចំណែក១ ដូច​ជាសង្ខ ដែលបុគ្គល​ដុសខាត់​ហើយទេ បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវ ខ្ញុំព្រះអង្គចង់កោរសក់ និងពុកមាត់ ហើយស្លៀក​ដណ្តប់​សំពត់​កាសាយ ចេញចាកផ្ទះ ហើយបួស​ក្នុងភាព​នៃបុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏​មានព្រះភាគ ទ្រង់ព្រះមេត្តាបំបួស​ខ្ញុំព្រះអង្គ។ សោណកោឡិវិស បានបព្វជ្ជា​ឧបសម្បទា​ក្នុង​សំណាក់​ព្រះមានព្រះភាគ។ លុះព្រះសោណដ៏​មានអាយុ បានឧបសម្បទាមិនយូរ​ប៉ុន្មាន ក៏បានទៅ​គង់​នៅ​ព្រៃ​សីតវន (ព្រៃត្រជាក់)។ កាលសោណភិក្ខុនោះ ខំព្យាយាមខ្លាំង ដើរចង្ក្រមទៅ បាទារបស់​លោក​ក៏បែក (ចេញ​ឈាម)។ ទីចង្ក្រមក៏ប្រឡាក់ដោយឈាម ដូច​ជាទី​ដែលសម្រាប់​សម្លាប់គោ។ ខណៈនោះ កាលព្រះសោណៈ​ដ៏មានអាយុ​ សម្ងំ​ក្នុងទីស្ងាត់ ក៏កើត​ការត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះថា ពួក​សាវក​ឯណាមួយ ​នៃព្រះដ៏​មានព្រះភាគ ដែលមានព្យាយាម​ប្រឹងប្រែង បណ្តាសាវក​ទាំងនោះ អាត្មាអញ ​ក៏ជាសាវកមួយដែរ តែបើទុកជាដូច្នោះ ក៏ចិត្ត​របស់​អាត្មាអញ ​នៅមិនទាន់​ផុតចាក​អាសវៈ ដោយមិនមានឧបាទានឡើយ ឯត្រកូលរបស់​អាត្មាអញ ក៏​មានទ្រព្យ​សម្បត្តិ​បរិបូណ៌ដែរ អាត្មាអញ អាច​នឹងបរិភោគ​ទ្រព្យ​សម្បត្តិផង អាច​នឹងធ្វើ​បុណ្យ​ផង បើដូច្នោះ គួរ​អាត្មាអញ វិលត្រឡប់ទៅ​ ដើម្បី​ហីនភេទវិញ (គឺសឹក) ហើយនឹង​បរិភោគ​ទ្រព្យ​សម្បត្តិ​ផង ធ្វើបុណ្យផង។ លំដាប់នោះ ព្រះដ៏​មានព្រះភាគ ទ្រង់បាន​ជ្រាប​សេចក្តីត្រិះរិះ ​ក្នុងចិត្ត​របស់​ព្រះសោណៈ​ដ៏មានអាយុ ដោយព្រះទ័យហើយ ក៏ស្រាប់តែ​បាត់ព្រះអង្គពីលើភ្នំគិជ្ឈកូដ ទៅប្រាកដ​ព្រះអង្គនៅឯព្រៃសីតវន ប្រៀបដូចបុរស​មាន​កំឡាំង លាចេញនូវ​ដើមដៃ ​ដែលខ្លួន​បត់ចូល ឬបត់ចូលនូវ​ដើមដៃ ដែលខ្លួន​លាចេញ។ វេលានោះ ព្រះដ៏​មានព្រះភាគ ទ្រង់​យាង​ទៅកាន់​សេនាសនចារិក​ ជាមួយ​នឹងពួកភិក្ខុជាច្រើនរូប បានយាងសំដៅ​ទៅកាន់​ទី​ចង្ក្រម​របស់​ព្រះសោណៈ​ដ៏មានអាយុនោះ។ ព្រះមានព្រះភាគ ​ក៏បានទត​ទៅឃើញ​ទីចង្ក្រម​របស់ព្រះ​សោណៈ​ដ៏មានអាយុ​ប្រឡាក់ដោយឈាម លុះទត​ឃើញហើយ ក៏​ត្រាស់ហៅភិក្ខុទាំងឡាយ​មកសួរថា ម្នាលភិក្ខុទាំងឡាយ ទីចង្ក្រមនេះ ជាទីចង្ក្រម​របស់អ្នកណា បានជាប្រឡាក់​ដោយឈាម ដូចជាទី​សម្រាប់​សម្លាប់គោ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន កាលព្រះសោណៈ​ដ៏មាន​អាយុខំព្យាយាម​ដើរចង្ក្រមទៅ បាទា​របស់លោកក៏បែក នេះជាទីចង្ក្រម​របស់​លោក​នោះ ដែល​ប្រឡាក់ដោយឈាម ដូចជាទី​ដែលសម្រាប់​សម្លាប់គោ។ វេលានោះ ព្រះមាន​ព្រះភាគ ទ្រង់​យាងចូលទៅកាន់​វិហារ​របស់​ព្រះសោណៈ​ដ៏មានអាយុ លុះយាង​ចូលទៅ​ដល់ហើយ ក៏ទ្រង់​គង់​នៅលើ​អាសនៈ ដែលគេ​បាន​ក្រាលទុក។ ចំណែកឯព្រះសោណៈ​ដ៏មានអាយុ ក៏ក្រាបថ្វាយ​បង្គំ​ព្រះ​​មានព្រះភាគ រួចហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះ​ព្រះសោណៈ​ដ៏មានអាយុ អង្គុយ​នៅក្នុង​ទីដ៏សមគួរហើយ ទើបព្រះ​មានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល​យ៉ាងនេះថា នែសោណៈ កាលអ្នកសម្ងំនៅ​ក្នុងទីស្ងាត់ ក៏កើត​ការត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះថា ពួក​សាវក​ណាមួយ ​របស់ព្រះ​មានព្រះភាគ ដែលមានព្យាយាម​ប្រឹងប្រែង បណ្តា​សាវក​ទាំងនោះ អាត្មាអញ​ ក៏ជាសាវកមួយដែរ តែបើទុកជាដូច្នោះ ក៏ចិត្ត​របស់​អាត្មាអញ​នៅមិន​ទាន់​​ផុតចាក​អាសវៈទាំងឡាយ ដោយ​មិនមាន​ឧបាទាន​ឡើយ ម្យ៉ាងទៀត ទ្រព្យ​សម្បត្តិ​ក្នុង​ត្រកូល​​របស់អាត្មាអញ ក៏​មាន​បរិបូណ៌ អាត្មាអញអាច​នឹងបរិភោគ​ទ្រព្យ​សម្បត្តិផង ធ្វើ​បុណ្យ​ផង បើដូច្នោះ គួរ​អាត្មាអញ វិលត្រឡប់ទៅ ​ដើម្បី​ហីនភេទ​ ហើយ​​បរិភោគ ​នូវទ្រព្យ​សម្បត្តិ​ផង ធ្វើបុណ្យផង។ សោណៈ​ភិក្ខុនោះ​ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ពិតមែន។ ព្រះ​មានព្រះភាគ ទ្រង់សួរថា នែសោណៈ អ្នកឯងសំគាល់ហេតុនោះ​ដូចម្តេច កាលពីដើម​អ្នកឯងនៅជា​គ្រហស្ថនោះ ជាអ្នកឆ្លាស​ក្នុងសូរ​សំឡេង​ខ្សែពិណឬ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន ពិតមែន។ ព្រះ​មានព្រះភាគ ទ្រង់​សួរថា នែសោណៈ អ្នកឯង​សំគាល់​ហេតុនោះដូចម្តេច កាលណាខ្សែ​ពិណ​ របស់អ្នក​តឹងពេកទៅ តើពិណ​របស់អ្នកឯង មានសំឡេង​ពីរោះឬ គួរ​ដល់ការងារ ​ក្នុងកាល​នោះដែរឬ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការនុ៎ះ​មិនដូច្នោះទេ។ ព្រះ​មានព្រះភាគទ្រង់​សួរថា នែសោណៈ អ្នកឯង​សំគាល់​ហេតុនោះដូចម្តេច កាលណាបើខ្សែ​ពិណ​ របស់អ្នកធូរពេក តើពិណ​របស់អ្នកឯង មានសំឡេង​ពីរោះឬ គួរ​ដល់ការងារ ​ក្នុងកាល​នោះដែរឬ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការនុ៎ះ​មិនដូច្នោះទេ។ ព្រះ​មានព្រះភាគទ្រង់​សួរថា នែសោណៈ អ្នក​សំគាល់​ហេតុនោះដូចម្តេច កាលណាបើខ្សែ​ពិណ​ របស់អ្នក មិន​តឹងពេក មិនធូរពេក តាំងនៅក្នុងគុណ​ដ៏ល្មម តើពិណ​របស់អ្នកឯង មានសំឡេង​ពីរោះឬ គួរ​ដល់ការងារ​ក្នុងកាល​នោះដែរឬ។ ព្រះសោណៈ​​នោះក្រាប​ទូល​ថា ព្រះករុណាព្រះអង្គ។ ព្រះ​មានព្រះភាគ ទ្រង់ត្រាស់ថា នែសោណៈ សេចក្តី​ព្យាយាម​ដែល​តឹងពេក នាំឲ្យកើត​សេចក្តីរាយមាយ សេចក្តីព្យាយាម​ដែលធូរពេក នាំឲ្យកើត​សេចក្តីខ្ជិល​ច្រអូស ដូចខ្សែពិណយ៉ាង​នោះឯង ព្រោះហេតុនោះ នែសោណៈ ក្នុងវេលានេះ អ្នកចូរតាំង​សេចក្តី​ព្យាយាម​ឲ្យស្មើ​ ក្នុងធម្មវិន័យ​នេះ ត្រូវប្រើឥន្ទ្រិយ​ទាំងឡាយ​ឲ្យ​ស្មើគ្នាផង ត្រូវកាន់​យក​នូវ​និមិត្ត​ក្នុងសមថៈនោះផង។ ព្រះសោណៈ​ដ៏មានអាយុ បានទទួលស្តាប់​ព្រះពុទ្ធដីកា​ព្រះ​មាន​ព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ វេលានោះឯង ​ព្រះ​មានព្រះភាគទ្រង់ទូន្មាន​ព្រះសោណៈ​ដ៏​មានអាយុ ដោយឱវាទ​នេះរួចហើយ ទើបទ្រង់​បាត់ព្រះអង្គ អំពី​ទីចំពោះ​មុខ នៃ​ព្រះសោណៈ​ដ៏​មានអាយុ នៅនាព្រៃសីតវន ហើយទ្រង់​ប្រាកដ​នៅលើភ្នំគិជ្ឈកូដវិញ ប្រៀបដូចជាបុរស​ដែលមាន​កំឡាំង លាដើមដៃ ដែលខ្លួនបត់ចូល ឬ​បត់ចូល ​នូវដើមដៃ ​ដែលខ្លួន​លាចេញ។ លំដាប់នោះ លុះ​សម័យ​តមក ព្រះសោណៈ​ដ៏មានអាយុ ក៏បានតាំង​សេចក្តី​ព្យាយាម​ស្មើ បាន​ប្រើឥន្ទ្រិយ​ទាំង​៥​ក៏​ស្មើ​គ្នាផង បានកាន់​យកនូវ​និមិត្ត​ក្នុងសមថៈ​នោះឯង។ វេលានោះ ព្រះសោណៈ​ដ៏មានអាយុ បាន​ចៀស​ចេញ ទៅ​តែម្នាក់ឯង ឥតមាន​សេចក្តី​ប្រមាទឡើយ ខំព្យាយាម​ ដុតបង់​នូវកិលេស បញ្ជូន​ចិត្ត​ឲ្យបែរទៅ (កាន់​ព្រះនិព្វាន) ពួក​កុលបុត្រ ​ដែលចេញចាក​ផ្ទះហើយ ទៅបួស​ក្នុងភាព​ជាបុគ្គលមិនមាន​ប្រយោជន៍​ដោយផ្ទះ ដោយប្រពៃ ដើម្បីប្រយោជន៍​ដល់​អនុត្តរ​ធម៌ណា (ព្រះសោណៈ) ក៏បានធ្វើឲ្យជាក់ច្បាស់​ នូវអនុត្តរធម៌​នោះ ជាទីបំផុត​ នៃមគ្គព្រហ្មចារ្យ ដោយបញ្ញា​របស់ខ្លួន​ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បាន​សម្រេច​សម្រាន្ត​នៅ ដោយ​ឥរិយាបថទាំង​៤ មិនយូរ​ប៉ុន្មាន ក៏បានដឹង​ច្បាស់ថា ជាតិកំណើតរបស់​អាត្មាអញ ​អស់ហើយ ព្រហ្មចរិយធម៌​អញ​ ក៏​បាននៅចប់ហើយ កិច្ចដែលត្រូវធ្វើ អញ​ក៏បាន​ធ្វើហើយ នឹងមានកិច្ច​ដទៃអំពីកិច្ច​នេះតទៅ​ទៀត គ្មានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះសោណៈ​ដ៏មានអាយុ ក៏ជាព្រះអរហន្ត​អង្គមួយដែរ។

[៥១] លំដាប់នោះ កាលព្រះសោណៈ​ដ៏មានអាយុ បានសម្រេច​ព្រះអរហត្តហើយ ក៏មាន​សេចក្តី​រិះគិត​ដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ​នឹងសំដែងគុណ គឺអរហត្តផល ក្នុងសំណាក់​ព្រះដ៏​​មានព្រះភាគ។ វេលានោះ ព្រះសោណៈ​ដ៏មានអាយុ បានចូលទៅគាល់​ព្រះ​មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ​ព្រះ​មានព្រះភាគ រួចអង្គុយ​នៅក្នុងទីដ៏​សមគួរ។ ព្រះ​សោណៈ​​ដ៏មានអាយុ អង្គុយ​នៅក្នុងទី​ដ៏សមគួរហើយ ក៏បាន​ក្រាបបង្គំ​ទូលពាក្យនេះ នឹងព្រះដ៏​មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុណា ជាព្រះអរហន្តខីណាស្រព បានសិក្សា​ព្រហ្មចារ្យ​ចប់ហើយ មានកិច្ច​សម្រេច​ហើយ មានភារៈ​ដាក់ចុះហើយ3) បានសម្រេច​ប្រយោជន៍របស់​ខ្លួនហើយ មានកិលេស​ ជាគ្រឿង​ប្រកប​សត្វក្នុងភព​អស់ហើយ មានចិត្ត​ផុតស្រឡះ​ហើយ (ចាកកិលេស) ព្រោះដឹងដោយ​ប្រពៃ ភិក្ខុនោះ​មាន​អធ្យាស្រ័យបង្អោន​ទៅកាន់​ហេតុ​ទាំង៦យ៉ាង គឺ​មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​នេក្ខម្ម4) (គឺ​អរហត្ត)១ មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីស្ងាត់១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនព្យាបាទ​១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់ទៅ​នៃ​ឧបាទាន១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់​ទៅនៃ​តណ្ហា១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនវង្វេង១ បពិត្រ​ព្រះអង្គដ៏ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុ​ពួកខ្លះ មានសេចក្តី​រិះគិត​ដូច្នេះថា លោកដ៏មានអាយុនេះ ឈ្មោះថាមានអធ្យាស្រ័យ​ បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះ​អាស្រ័យ​នូវគុណ គ្រាន់តែសេចក្តី​ជឿ​ប៉ុណ្ណោះឯង បពិត្រព្រះអង្គដ៏ចំរើន បុគ្គល​កុំគប្បី​យល់​ហេតុ​នេះ ដូច្នេះឡើយ បពិត្រព្រះអង្គដ៏​ចំរើន ឯភិក្ខុ ដែលជា​ព្រះខីណាស្រព បានសិក្សា​ព្រហ្មចារ្យ​ចប់ហើយ មានកិច្ច​សម្រេចហើយ កាលមិនបាន​ពិចារណាខ្លួន ដែលមានកិច្ច​ត្រូវធ្វើ ឬ​មិនបាន​ពិចារណា​ នូវសេចក្តី​ចំរើន​នៃកិច្ច ដែលខ្លួនបានធ្វើ​ហើយ បានឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ បពិត្រព្រះអង្គដ៏​ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុ​ពួកខ្លះ មានសេចក្តី​រិះគិត​យ៉ាង​នេះថា លោក​ដ៏មានអាយុនេះ ជាអ្នកប្រាថ្នា​លាភសក្ការៈ និងសេចក្តីសរសើរហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ បពិត្រព្រះអង្គ​ដ៏ចំរើន បុគ្គល​កុំគប្បី​យល់​ហេតុ​នេះ ដូច្នេះឡើយ បពិត្រ​ព្រះអង្គដ៏​ចំរើន ឯភិក្ខុជា​ព្រះខីណាស្រព សិក្សា​ព្រហ្មចារ្យ​ចប់ហើយ មានកិច្ច​សម្រេចហើយ មិនបាន​ពិចារណានូវខ្លួន ដែលមានកិច្ច​ត្រូវធ្វើ ឬ​មិនបាន​ពិចារណា​នូវសេចក្តី​ចំរើន​នៃកិច្ច ដែលខ្លួនបានធ្វើ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ ព្រោះ​អស់​ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ ព្រោះ​អស់​មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ បពិត្រព្រះអង្គដ៏​ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុ​ពួកខ្លះ មានសេចក្តី​រិះគិត​យ៉ាង​នេះថា លោក​ដ៏មានអាយុនេះ កាល​ត្រឡប់​មកកាន់សេចក្តី​ប្រកាន់សីល ប្រកាន់​វត្ត​ដោយ​សភាវៈ​ថ្លៃថ្លា ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅ​កាន់​​សេចក្តីមិន​ព្យាបាទ បពិត្រព្រះអង្គ​ដ៏ចំរើន បុគ្គល​កុំគប្បី​យល់​ហេតុនេះ​ ដូច្នេះឡើយ បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុជា​ព្រះខីណាស្រព បានសិក្សាព្រហ្មចារ្យចប់ហើយ មានកិច្ច​សម្រេច​ហើយ មិនបាន​ពិចារណានូវ​ខ្លួន​ ដែលមានកិច្ច​ត្រូវធ្វើ ឬ​មិនបាន​ពិចារណា​ នូវសេចក្តី​ចំរើន នៃកិច្ច​ដែលខ្លួនធ្វើហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនព្យាបាទ ព្រោះអស់រាគៈ ព្រោះ​ប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនព្យាបាទ ព្រោះ​អស់​ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនព្យាបាទ ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ ឈ្មោះ​ថាមាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់ទៅនៃ​ឧបាទាន ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់ធម៌ ជាគ្រឿង​អស់ទៅ​នៃឧបាទាន ព្រោះអស់ទោសៈ ព្រោះ​ប្រាសចាក​ទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់ធម៌ ​ជាគ្រឿង​អស់​ទៅ​នៃ​ឧបាទាន ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់ទៅ ​នៃតណ្ហា ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​ បង្អោន​ទៅកាន់ធម៌ ជាគ្រឿង​អស់ទៅ ​នៃតណ្ហា ព្រោះអស់ទោសៈ ព្រោះ​ប្រាសចាក​ទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់ធម៌ ជាគ្រឿង​អស់​ទៅ​ នៃ​តណ្ហា ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនវង្វេង ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនវង្វេង ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនវង្វេង ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ បពិត្រព្រះអង្គដ៏​ចំរើន ភិក្ខុកាល​បើមានចិត្ត​ផុតស្រឡះប្រពៃ​យ៉ាងនេះហើយ បើទុក​ជារូប​ទាំងឡាយ​ដែល​មានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយភ្នែក មកកាន់​គន្លងភ្នែក ក៏មិនបាន​គ្រប​សង្កត់​ចិត្ត​របស់ភិក្ខុ​នោះបានឡើយ ចិត្តរបស់ភិក្ខុនោះ ដែលអារម្មណ៍​មិនបានធ្វើ​ឲ្យ​ច្រឡំ ដោយកិលេស ជាចិត្ត​ឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើក ដោយតណ្ហាហើយ ពិចារណា​ឃើញ​នូវ​សេចក្តី​កើតឡើង​ និងសេចក្តី​រលត់ទៅនៃចិត្តនោះ បើសំឡេង​ទាំងឡាយ​ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយ​ត្រចៀកបាន… ក្លិនទាំងឡាយ​ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយច្រមុះបាន… រស​ទាំងឡាយ​​ ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយអណ្តាតបាន… ផោដ្ឋព្វៈ (គឺ​អារម្មណ៍​ដែល​មក​ប៉ះ​ត្រូវកាយ) ទាំងឡាយ ​ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយកាយបាន… ធម្មារម្មណ៍ (គឺ​អារម្មណ៍​ដែល​កើត​ក្នុងចិត្ត) ទាំងឡាយ​ ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយចិត្តបាន មកកាន់​ផ្លូវ​នៃចិត្ត ក៏គ្របសង្កត់​ចិត្ត​របស់លោក​នោះ​មិនបានឡើយ ចិត្តរបស់លោកនោះ ដែល​អារម្មណ៍​មិនបាន​ធ្វើ​ឲ្យ​ច្រឡំ​ដោយកិលេស ជាចិត្ត​ឋិតនៅ​ខ្ជាប់ខ្ជួន ឥត​មានកម្រើកដោយ​តណ្ហាហើយ លោក​​បានពិចារណា​ឃើញ នូវ​សេចក្តី​កើត​ឡើង និងសេចក្តី​រលត់​ទៅ នៃចិត្ត​នោះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឧបមាដូចជា​ភ្នំថ្ម ឥតធ្លុះ ឥត​ប្រហោង ជាភ្នំតាន់សុទ្ធ បើមានសំណុំខ្យល់ ​ដែលមាន​កំឡាំង​​ខ្លាំង​ បក់បោក​មកពីទិស​ខាងកើតក្តី ក៏ញុំាង​ភ្នំនោះ ឲ្យកម្រើក​មិនបាន ឲ្យ​រំជួយ​មិនបាន ឲ្យ​ញាប់​ញ័រ​មិនបានឡើយ បើមានសំណុំខ្យល់​ ដែលមាន​កំឡាំង​ខ្លាំង​ បក់បោក​មកពីទិស​ខាងលិច​ក្តី។បេ។ បើមានសំណុំខ្យល់​ ដែលមាន​កំឡាំង​ខ្លាំង​ បក់បោក​មកពីទិស​ខាងជើងក្តី។បេ។ បើមាន​សំណុំ​ខ្យល់​​ ដែលមាន​កំឡាំង​ខ្លាំង​ បក់បោក​មកពីទិស​ខាងត្បូងក្តី ក៏ញុំាង​ភ្នំនោះ ឲ្យកម្រើក​មិនបាន ឲ្យ​រំជួយ​មិនបាន ឲ្យ​ញាប់​ញ័រ​មិនបានឡើយ បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុកាល​មានចិត្ត​ផុត​ស្រឡះ​ ដោយ​ប្រពៃ​យ៉ាងនេះហើយ បើរូបទាំងឡាយ​ ដែលមានកំឡាំង​ គួរនឹង​ដឹងច្បាស់​ដោយភ្នែក មកកាន់​គន្លង​ភ្នែកក្តី ក៏​គ្រប​សង្កត់​ចិត្ត ​របស់លោក​នោះមិនបានឡើយ ចិត្តរបស់លោកនោះ ដែលអារម្មណ៍​មិនបានធ្វើ​ឲ្យ​ច្រឡំ​ដោយកិលេស ជាចិត្ត​ឋិត​នៅខ្ជាប់ខ្ជួន ឥតមាន​កម្រើក ដោយ​តណ្ហា លោក​ពិចារណា​​​នូវ​សេចក្តី​កើតឡើង​ និង​សេចក្តី​រលត់​ទៅនៃចិត្តនោះ បើសំឡេង​ទាំងឡាយ ​​ដែលមាន​កំឡាំង​គួរនឹង​ដឹងច្បាស់​ដោយត្រចៀកក្តី… ក្លិនទាំងឡាយ​ ដែលមានកំឡាំង​ គួរនឹង​ដឹងច្បាស់​ដោយច្រមុះក្តី… រស​ទាំងឡាយ​ដែលមានកំឡាំង ​គួរនឹង​ដឹងច្បាស់​ដោយ​អណ្តាត​ក្តី… ផោដ្ឋព្វៈ​ទាំងឡាយ​​ដែលមាន​កំឡាំង​គួរនឹង​ដឹងច្បាស់​ដោយកាយក្តី… ធម្មារម្មណ៍​ទាំងឡាយ ​ដែលមានកំឡាំង ​គួរនឹង​ដឹងច្បាស់​ដោយចិត្ត មកកាន់​ផ្លូវ​ចិត្តក្តី ក៏គ្របសង្កត់​នូវចិត្ត ​របស់លោក​នោះ​មិនបានឡើយ ចិត្តរបស់លោកនោះ ដែល​អារម្មណ៍​មិនបាន​ធ្វើ​ឲ្យ​ច្រឡំ​ដោយកិលេស ជាចិត្ត​ឋិតនៅ​ខ្ជាប់ខ្ជួន ឥត​មានកម្រើកដោយ​តណ្ហា លោក​រមែងពិចារណា ​នូវ​សេចក្តី​កើត​ឡើង និង​សេចក្តី​​រលត់​នៃចិត្ត​នោះ ក៏មានឧបមេយ្យដូច្នោះឯង។

[៥២] ភិក្ខុ​កាលបើមានអធ្យាស្រ័យ​បង្អោន​ទៅកាន់​នេក្ខម្មៈ (គឺ​អរហត្ត)​ផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​ស្ងប់ស្ងាត់​នៃចិត្តផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនព្យាបាទ​ផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​​ធម៌​ជាគ្រឿង​អស់ទៅ​នៃឧបាទាន​ផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌​ជាគ្រឿង​អស់ទៅនៃ​តណ្ហាផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនវង្វេង​នៃ​ចិត្ត​ផង ចិត្ត​ក៏ផុតស្រឡះ​ដោយប្រពៃ ព្រោះ​បានឃើញ​នូវសេចក្តី​កើត និង​សេចក្តី​វិនាស​នៃអាយតនៈ កាលភិក្ខុ​នោះ​មានចិត្ត​ផុត​ស្រឡះ​ហើយដោយ​ប្រពៃ មានចិត្ត​រម្ងាប់ហើយ សេចក្តី​ចំរើន​នៃកិច្ច ​ដែល​ភិក្ខុនោះ​បានធ្វើ​ហើយក៏គ្មាន ​កិច្ច​ដែលគួរ​នឹង​ធ្វើក៏គ្មាន។ ថ្មដែលតាន់សុទ្ធ មិនបាន​រំជួយដោយខ្យល់ យ៉ាងណាមិញ រូប សំឡេង ក្លិន រស ផស្សៈ និង​ធម្មារម្មណ៍​ទាំងអស់ ដែល​ជាទីគាប់ចិត្តក្តី មិនជាទី​គាប់ចិត្ត​ក្តី ក៏ញុំាង​ចិត្ត​របស់​ភិក្ខុ​ជាតាទិបុគ្គល​5) ឲ្យ​ញាប់ញ័រ​មិនបាន យ៉ាងនោះដែរ ចិត្តរបស់ភិក្ខុ​នោះ ជាចិត្ត​ឋិត​នៅខ្ជាប់​ខ្ជួន ជាចិត្ត​ផុតស្រឡះ​ចាកកិលេសហើយ លោកពិចារណា​នូវ​សេចក្តី​កើត និង​សេចក្តី​រលត់​នៃចិត្តនោះ។

 

1)
(អដ្ឋកថា) សំដៅយក​អំពើទាំងឡាយ មានការភ្ជួរស្រែ និងលក់ដូរ​ជាដើម ដែលប្រកប​ដោយធម៌ និងចិញ្ចឹមមាតាបិតា​ដែលប្រកបដោយធម៌។
2)
អដ្ឋកថា ថា ផែនថ្មមានសណ្ឋានដូចព្រះចន្ទពាក់កណ្តាលវង់ នៅខាងក្រោមជណ្តើរ។
3)
កិលេស​១០យ៉ាង និងខន្ធ៥ ជាដើម ឈ្មោះថា ភារៈ គឺគ្រឿង​ធ្ងន់ ដែលហៅថា​មានភារៈ​ដាក់ចុះហើយ គឺអស់​រវល់​ដោយកិលេស និងខន្ធ​ជាដើមនោះតទៅទៀត។
4)
អដ្ឋកថា ថា បានចាក់ធ្លុះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់​នូវព្រះអរហត្ត។
5)
(អដ្ឋកថា) បុគ្គល​ដែល​មិនញាប់ញ័រ​ដោយសេចក្តី​ត្រេកអរ និង​សេចក្តី​អន់ចិត្ត ក្នុងអារម្មណ៍​ជាទីគាប់ចិត្ត និងអារម្មណ៍​មិនជាទីគាប់ចិត្ត។
km/tipitaka/vin/mv/vin.mv.05.01.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann