km:tipitaka:vin:mv:vin.mv.05.02

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចម្មក្ខន្ធកៈ

១៤៨. ទិគុណាទិឧបាហនបដិក្ខេបោ

សង្ខេប

ការ​បញ្ញត្តិ​ពាក់​ស្បែក​ជើង​ពី​ដើម។ រឿង​​ព្រះ​ដ៏​មាន​ព្រះ​ភា​គ ទ្រង់​អនុញ្ញាត​​ស្បែក​ជើង​​មួយ​ជាន់​១។

mv 05.02 បាលី cs-km: vin.mv.05.02 អដ្ឋកថា: vin.mv.05.02_att PTS: ?

ទិគុណាទិឧបាហនបដិក្ខេបោ (ទី១៤៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៤៨)

[៥៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា នែភិក្ខុ​ទាំងឡាយ ពួកកុលបុត្ត តែង​ប្រកាស​គុណ គឺអរហត្តផលយ៉ាង​នេះឯង ពួកកុលបុត្តទាំងនោះ បានប្រកាស​សេចក្តី​នៃបុគ្គល​ជាអរហន្តផង មិនបានបង្អោន​ខ្លួនទៅ​ដោយអំនួតថា ខ្លួនជា​ព្រះអរហន្តផង ម្យ៉ាងទៀត ក្នុងលោកនេះ មានពួកមោឃបុរស​ខ្លះ ប្រកាស​ព្រះអរហត្តផល ទំនង​ធ្វើ​ដូច​ជា​សើច​លេង មោឃបុរស​ទាំងនោះ តែងដល់​នូវ​សេចក្តី​ចង្អៀត​ចង្អល់ ក្នុងកាលជាខាងក្រោយ (មិនខានឡើយ)។ វេលានោះ ព្រះមានព្រះភាគទ្រង់​ត្រាស់ហៅ​ព្រះសោណៈដ៏​មានអាយុថា នែសោណៈ អ្នកឯង​ធ្លាប់ចំរើនដោយសេចក្តីសុខ នែសោណៈ ឥឡូវនេះ តថាគតអនុញ្ញាត​ស្បែក​ជើង​១ជាន់​ឲ្យអ្នក។ ព្រះសោណៈ​នោះក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​បាន​លះបង់​ប្រាក់​ចំនួន​៨០រទេះ​ធំ (គឺ១រទេះធំ​កំណត់​ពីររទេះតូច) ផង បានលះបង់​នូវពួក​សេនា​ប្រកប​ដោយ​ដំរី៧ផង ហើយបានចេញពីផ្ទះមកបួស​ក្នុង​ភាព នៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ ជនទាំង​ឡាយ​មុខ​ជា​នឹងពោល (តិះដៀល) ដល់ខ្ញុំព្រះអង្គថា សោណកោឡិវិស ​បានលះបង់​ប្រាក់​ចំនួន​៨០រទេះ​យ៉ាងធំផង បានលះបង់​ នូវពួក​សេនា ​ប្រកប​ដោយ​ដំរី៧ផង ហើយបានចេញ​ចាក​ផ្ទះ​ មកបួស​ក្នុង​ភាព នៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ ឥឡូវនេះ សោណកោឡិវិស​នេះ នៅជាប់​ចំពាក់​នឹងស្បែកជើង១ជាន់ បើព្រះដ៏មានព្រះភាគ​ នឹង​ទ្រង់​អនុញ្ញាត​ដល់ភិក្ខុសង្ឃ ទើបខ្ញុំ​ព្រះអង្គ​ហ៊ាន​ប្រើប្រាស់ បើព្រះដ៏មានព្រះភាគ​ មិនទ្រង់អនុញ្ញាត​ដល់​ភិក្ខុសង្ឃទេ ខ្ញុំព្រះអង្គ​មិនហ៊ាន​ប្រើប្រាស់ទេ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​នូវ​ធម្មីកថា ក្នុង​វេលានោះហើយ ទ្រង់​ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ស្បែកជើង​១ជាន់ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់​ស្បែកជើង​២ជាន់ មិនត្រូវ​ពាក់​ស្បែកជើង​៣ជាន់ មិនត្រូវ​ពាក់​ស្បែកជើង​៤ជាន់ឡើងទៅទេ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។

 

km/tipitaka/vin/mv/vin.mv.05.02.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann