km:tipitaka:vin:mv:vin.mv.05.03

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចម្មក្ខន្ធកៈ

១៤៩. សព្វនីលិកាទិបដិក្ខេបោ

សង្ខេប

ព្រះ​ពុទ្ធ​បាន​ហាម​ការ​ពាក់​ស្បែក​ជើង​តាម​ប្រភេទ​ពណ៍​និង​ម៉ូត។​ រឿង​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ហាម​ស្បែក​ជើង​​ពណ៌​ខៀវ ពណ៌​លឿង ពណ៌​ក្រហម ពណ៌​​ហង្សបាទ ពណ៌​ខ្មៅ។ ស្បែក​ជើង​ពណ៌​​ក្រហម​ក្រមៅ (ដូច​ខ្នង​ក្អែប) និង​ពណ៌​​លឿងទុំ (ដូច​ផ្កា​ឈូក)១ រឿង​​ទ្រង់​​ហាម​ខ្សែ​ស្បែក​ជើង ​មាន​ពណ៌​​ខៀវ​​ជា​ដើម​១ រឿង​ទ្រង់​​ហាម​ស្បែក​​ជើង​​បិទ​កែង​ជើង​១ រឿង​​ទ្រង់​ហាម​ស្បែក​ជើង​ ស្រោប​ជើង​ទាំង​អស់​ រហូ​ត​ស្មង​ជើង​១ រឿង​​ទ្រង់​ហាម​​ស្បែក​ជើង​ ដែល​គេ​ក្រង ​ជា​របៀប​បិទ​ខ្នង​ជើង​១ រឿង​ទ្រង់​ហាម​ស្បែក​ជើង​ញាត់​ដោយ​​គរ​១ រឿង​ទ្រង់​ហាម​ស្បែក​ជើង​មាន​ពណ៌​​វិចិត្រ ​ដូច​ស្លាប​​សត្វទទា​១ រឿង​ទ្រង់​ហាម​ស្បែក​ជើង​​មាន​ខ្សែ​មាន​សណ្ឋាន​​ដូច​ស្នែង​កែះ​១ រឿង​ទ្រង់​ហាម​ស្បែក​ជើង ​មាន​ខ្សែ​មាន​សណ្ឋាន​ ​ដូច​ស្នែង​​ពពែ​១។ រឿង​ទ្រង់​ហាម​ស្បែក​ជើង មាន​ខ្សែ​ងរ មាន​សណ្ឋាន​ ដូច​​កន្ទុយ​​សត្វ​ខ្ទួយ​១ រឿង​ទ្រង់​ហាម​ស្បែក​ជើង ដែល​ចាក់​ស្រេះ​ ដោយ​ព្រុយ​​កន្ទុយ​សត្វ​ក្ងោក​១ រឿង​ទ្រង់​ហាម​ស្បែក​ជើង​ដ៏​​វិចិត្រ​​ផ្សេង​ៗ​១។

mv 05.03 បាលី cs-km: vin.mv.05.03 អដ្ឋកថា: vin.mv.05.03_att PTS: ?

សព្វនីលិកាទិបដិក្ខេបោ (ទី១៤៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៤៩)

[៥៤] ​សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើងពណ៌ខៀវសុទ្ធ (ដូចពណ៌​ផ្កាត្រកៀត)។បេ។ ពាក់ស្បែកជើងពណ៌លឿងសុទ្ធ (ដូចពណ៌ផ្កាកណ្ណិការ)។ ពាក់ស្បែក​ជើង​ពណ៌ក្រហមសុទ្ធ (ដូចពណ៌ផ្កាច្បារ)។ ពាក់ស្បែកជើងពណ៌ហង្សបាទសុទ្ធ (ដូចពណ៌​ស្បែង)។ ពាក់ស្បែកជើងពណ៌ខ្មៅសុទ្ធ (ដូចពណ៌ផ្លែផ្គាំ)។ ពាក់ស្បែក​ជើងពណ៌​ក្រហមក្រមៅសុទ្ធ (ដូចពណ៌ខ្នងក្អែប)។ ពាក់ស្បែកជើងពណ៌លឿងទុំសុទ្ធ (ដូចពណ៌ស្លឹកឈើទុំ ឬដូចផ្កាឈូក)។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួកគ្រហស្ថដែល​បរិភោគ​នូវកាមគុណ។ ភិក្ខុទាំងឡាយបាន​ក្រាបទូល​សេចក្តីនុះ​ ចំពោះ​ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់​ស្បែកជើង​ពណ៌ខៀវសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌លឿងសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ក្រហមសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ហង្សបាទសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ខ្មៅសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ក្រហម​ក្រមៅសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌លឿងទុំសុទ្ធ​ឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង​មានខ្សែខៀវ។ ពាក់ស្បែកជើង​មានខ្សែលឿង។ ពាក់ស្បែកជើង​មានខ្សែក្រហម។ ពាក់ស្បែកជើង​មានខ្សែហង្សបាទ។ ពាក់ស្បែកជើង​មានខ្សែខ្មៅ។ ពាក់ស្បែកជើង​មានខ្សែក្រហម​ក្រមៅ។ ពាក់ស្បែកជើង​មានខ្សែលឿងទុំ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​​ថា ដូចជាពួកគ្រហស្ថដែល​បរិភោគ​នូវ​កាមគុណ។ ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​​សេចក្តីនុះ​ចំពោះ​ព្រះដ៏​មានព្រះភាគ​ជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់​ស្បែកជើង​មានខ្សែខៀវទេ មិនត្រូវពាក់ស្បែកជើង​មានខ្សែលឿង មិនត្រូវពាក់ស្បែកជើង​មានខ្សែក្រហម មិនត្រូវពាក់ស្បែកជើង​មានខ្សែហង្សបាទ មិនត្រូវពាក់ស្បែកជើង​មានខ្សែខ្មៅ មិនត្រូវពាក់ស្បែកជើង​មានខ្សែក្រហម​ក្រមៅ មិនត្រូវពាក់ស្បែកជើង​មានខ្សែលឿងទុំទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង​បិទកែង។ ពាក់​ស្បែកជើងស្រោបជើងទាំងអស់រហូតដល់​ស្មងជើង (ដូច​ជាស្បែកជើង​អ្នកស្រុក​យោនកៈ)។ ពាក់ស្បែកជើង​ដែលគេក្រង ជារបៀប​បិទខ្នងជើង។ ពាក់ស្បែកជើងដែលញាត់​ដោយគរ។ ពាក់​ស្បែកជើង មានខ្សែវិចិត្រ​ដូចស្លាបទទា។ ពាក់ស្បែកជើងមានខ្សែ​មានសណ្ឋាន​ដូចស្នែង​កែះ។ ពាក់ស្បែកជើងមានខ្សែ​មានសណ្ឋានដូច​ស្នែង​ពពែ។ ពាក់ស្បែកជើងមានខ្សែ មានសណ្ឋានដូច​កន្ទុយសត្វ​ខ្ទួយ។ ពាក់ស្បែកជើងដែលចាក់ស្រែះ​ដោយ​ព្រុយកន្ទុយក្ងោក។ ពាក់ស្បែកជើងដែល​វិចិត្រ (ផ្សេងៗ)។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួក​គ្រហស្ថ ដែល​បរិភោគ​​នូវកាមគុណ។ ភិក្ខុទាំងឡាយបាន​ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ជា​ម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់​ស្បែកជើងបិទកែង មិនត្រូវពាក់​ស្បែកជើងដែលស្រោបជើងទាំងអស់រហូតស្មងជើង មិនត្រូវពាក់​ស្បែកជើង​ដែលគេក្រងជារបៀប​បិទខ្នងជើង មិនត្រូវពាក់​ស្បែកជើងដែលញាត់ដោយគរ មិនត្រូវពាក់​ស្បែកជើងដែលមានខ្សែវិចិត្រ​ដូចស្លាបទទា មិនត្រូវពាក់​ស្បែកជើងមានខ្សែ​មានសណ្ឋាន​ដូចស្នែង​កែះ មិនត្រូវពាក់​ស្បែកជើងមានខ្សែមានសណ្ឋានដូច​ស្នែងពពែមិនត្រូវពាក់​ស្បែកជើងមានខ្សែមានសណ្ឋាន​ដូចកន្ទុយសត្វខ្ទួយ មិនត្រូវពាក់​ស្បែកជើងដែលគេ​ស្រេះដោយ​ព្រុយ​កន្ទុយក្ងោក មិនត្រូវពាក់​ស្បែកជើងដែលវិចិត្រ​(ផ្សេងៗ)ឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកសត្វសីហៈ។ ពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លាធំ។ ពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លាដំបង។ ពាក់ស្បែកជើង ដែលចំជាយ​ដោយ​ស្បែកខ្លារខិន។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកភេ។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកឆ្មា។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកសត្វកង្ហែន។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកមៀម។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួកគ្រហស្ថ ដែល​បរិភោគ​​នូវកាមគុណ។ ភិក្ខុទាំងឡាយបាន​ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវពាក់​ស្បែកជើង ដែលចំជាយ​ដោយ​ស្បែក​សត្វ​សីហៈ មិនត្រូវពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកខ្លាធំ មិនត្រូវពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លាដំបង មិនត្រូវពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លារខិន មិនត្រូវ​ពាក់ស្បែក​ជើង​ដែល​ចំជាយ​ដោយស្បែក​ភេ មិនត្រូវ​ពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកឆ្មា មិនត្រូវ​ពាក់ស្បែកជើង​​ដែល​ចំជាយ​ដោយស្បែកសត្វកង្ហែន មិនត្រូវពាក់ស្បែកជើងដែលចំជាយ​ដោយ​ស្បែក​មៀម ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។

 

km/tipitaka/vin/mv/vin.mv.05.03.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann