km:tipitaka:vin:mv:vin.mv.05.06

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចម្មក្ខន្ធកៈ

១៥២. កដ្ឋបាទុកាទិបដិក្ខេបោ

សង្ខេប

ព្រះ​ពុទ្ធ​បាន​ហាម​មិន​អោយយក​វត្ថុធាតុខ្លះៗមកធ្វើ​ស្បែក​ជើង។ ព្រះ​ពុទ្ធ​​ហាម​​លេង​ប្រើ​ធ្វើ​បាប​សត្វ​គោ(សត្វ​តិរិច្ឆាន)។

mv 05.06 បាលី cs-km: vin.mv.05.06 អដ្ឋកថា: vin.mv.05.06_att PTS: ?

កដ្ឋបាទុកាទិបដិក្ខេបោ (ទី១៥២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៥២)

សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ក្រោកឡើង​ក្នុងបច្ចូសសម័យ​នៃ​រាត្រី (ជិតភ្លឺ) ក៏ពាក់​ទ្រនាប់​ជើងឈើ ហើយចង្ក្រម​ក្នុងទីវាល មានសំឡេងហ៊ោ មានសំឡេងខ្លាំង មានសំឡេងថា ខដខដៈ ហើយនិយាយ​តិរច្ឆានកថា​ផ្សេងៗ គឺនិយាយ​ពីស្តេច និយាយពី​ចោរ និយាយ​ពី​មហាមាត្យ និយាយពី​សេនា និយាយ​ពីភ័យ និយាយពី​ចម្បាំង និយាយពី​គ្រឿងស៊ី និយាយពីគ្រឿងផឹក និយាយពីសំពត់ និយាយពីការដេក និយាយពីកម្រងផ្កា និយាយពីគ្រឿង​ក្រអូប និយាយពីញាតិ និយាយពីយាន និយាយពីស្រុក និយាយពីនិគម និយាយពីនគរ និយាយពីជនបទ និយាយពីស្រី និយាយពីប្រុស និយាយពីបុគ្គលដែល​ក្លៀវក្លា និយាយពី​ច្រកផ្លូវ និយាយពី​កន្លែង​ក្អមទឹក (គឺកំពង់ទឹក) និយាយពីបុព្វប្រេត (គឺញាតិ​ដែលស្លាប់ទៅហើយ) និយាយពី​ពាក្យឥត​ប្រយោជន៍​ មានប្រការ​ផ្សេងៗ និយាយពីរឿង​កុហក​ក្នុងលោក (មានរឿង​ក្អែកស កុកក្រហមជាដើម) និយាយពីរឿងជីក​សមុទ្រ និយាយពីសេចក្តី​ចំរើន និងសេចក្តី​សាបសូន្យ ហើយជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយ​ឃ្លាត​ចាកសមាធិខ្លះ។ ភិក្ខុទាំងឡាយ​ណា មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិនសមបើ​នឹងក្រោកឡើងក្នុងបច្ចូសសម័យ នៃរាត្រី ហើយពាក់​ទ្រនាប់ជើង​ឈើ ដើរ​ក្នុងទីវាល មានសំឡេងហ៊ោ សំឡេងខ្លាំង សំឡេងខដខដៈ ហើយនិយាយពី​តិរច្ឆានកថា​ផ្សេងៗ គឺនិយាយ​ពីស្តេច និយាយពី​ចោរ។បេ។ និយាយពីសេចក្តី​ចំរើន និងសេចក្តី​សាបសូន្យដូច្នេះៗ ហើយជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយ​ ឃ្លាត​ចាកសមាធិខ្លះ​សោះ។ គ្រានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកឆព្វគ្គិយ​ភិក្ខុ ក្រោកឡើងក្នុងបច្ចូសសម័យ​ នៃ​រាត្រី​ហើយ ក៏ពាក់​ទ្រនាប់ជើង​ឈើ ដើរទៅ​ក្នុងទីវាល មានសំឡេងហ៊ោ សំឡេងខ្លាំង សំឡេងខដខដៈ ហើយនិយាយ​តិរច្ឆានកថា​ផ្សេងៗ គឺនិយាយ​ពីស្តេច និយាយពី​ចោរ។បេ។ និយាយពីសេចក្តី​ចំរើន និងសេចក្តី​សាបសូន្យដូច្នេះៗ ហើយដើរជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយ​ឃ្លាត​ចាកសមាធិខ្លះ​ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ លុះព្រះមានព្រះភាគ​ ទ្រង់បន្ទោស​រួច ទ្រង់ធ្វើ​ធម្មីកថា ហើយទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក​ ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងឈើឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។

[៥៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្រុង​រាជគ្រឹះ ដោយសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ រួចហើយ​ទ្រង់យាង​សំដៅ​ទៅក្រុង​ពារាណសី ទ្រង់យាង​ទៅកាន់ចារិក​ដោយលំដាប់ ក៏បានដល់​ទៅក្រុង​ពារាណសីនោះ។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់​គង់​នៅក្នុងព្រៃ​ឥសិបតនមិគទាយវន ទៀបក្រុង​ពារាណសី។ វេលានោះឯង ពួកឆព្វគ្គិយភិក្ខុគិតថា ទ្រនាប់ជើង​ឈើ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ក៏ប្រើគេឲ្យកាត់​ត្នោតខ្ចីទាំងឡាយ (យកមកធ្វើ) ជាទ្រនាប់​ជើង​ស្លឹកត្នោត ហើយពាក់​ ឯត្នោតខ្ចី​ទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន។ មនុស្សទាំងឡាយ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជាសក្យបុត្ត មិនសម​បើនឹង​ហ៊ាន​ប្រើ​គេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកត្នោត ហើយពាក់សោះ ឯដើម​ត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន ពួកសមណៈ ជាសក្យបុត្ត ហ៊ាន​បៀតបៀន​វត្ថុ​ដែល​មាន​ជីវិត មានឥន្ទ្រិយ​តែ១។ កាលមនុស្សទាំងនោះ កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​ក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក៏ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកឆព្វគ្គិយភិក្ខុ ប្រើគេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកត្នោត ហើយពាក់ ​ត្នោតខ្ចីទាំងនោះ លុះ​គេ​កាត់​ហើយ ក៏ស្វិតស្រពោន ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មោឃបុរស​ទាំងនោះ មិន​សម​​បើនឹង​ប្រើ​គេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកត្នោត ហើយពាក់ទេ ​ត្នោត​ខ្ចី​ទាំង​នោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនអស់ ម្នាលភិក្ខុទាំងឡាយ ដ្បិតពួកមនុស្ស​តែង​សំគាល់​ថា ដើមឈើមានជីវិត ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនបានដឹកនាំពួកជន​ដែលមិនទាន់​ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោស​រួច ទ្រង់ធ្វើនូវ​ធម្មីកថា ហើយ​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​​មក​ ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងស្លឹកត្នោតឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតថា ទ្រនាប់ជើងស្លឹកត្នោត ព្រះដ៏​មានព្រះភាគទ្រង់ហាមហើយ ទើបប្រើគេឲ្យកាត់​នូវឫស្សីខ្ចីទាំងឡាយវិញ (យកមកធ្វើ) ជាទ្រនាប់​ជើង​ស្លឹកឫស្សី ហើយពាក់​ ឯឫស្សីខ្ចី​ទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនអស់។ មនុស្សទាំងឡាយ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជាសក្យបុត្រ មិនគួរ​បើ​នឹង​​ហ៊ាន​ប្រើ​គេឲ្យកាត់ឫស្សីខ្ចីទាំងឡាយ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកឫស្សី ហើយពាក់សោះ ឯឫស្សីខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនទៅ ពួកសមណៈ ជាសក្យបុត្រ ហ៊ាន​បៀតបៀន​​របស់​ដែល​មាន​ជីវិត មានឥន្ទ្រិយ​តែ១។ កាលមនុស្សទាំងនោះ កំពុងតែ​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​ក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងស្លឹកឫស្សីឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។

[៦០] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​ក្រុង​ពារាណសី គួរតាមពុទ្ធ​អធ្យាស្រ័យ រួចទ្រង់យាងទៅកាន់ចារិក នៃក្រុង​ភទ្ទិយៈ កាលទ្រង់​យាង​ទៅកាន់ចារិក​ ដោយលំដាប់ ក៏បានដល់ទៅក្រុងភទ្ទិយៈនោះ។ បានឮមកថា ព្រះអង្គ​គង់នៅ​ក្នុងព្រៃ​ជាតិយាវន ទៀបក្រុងភទ្ទិយៈនោះ។ សម័យនោះឯង ពួកភទ្ទិយៈភិក្ខុ (ភិក្ខុដែល​នៅក្នុង​ក្រុង​ភទ្ទិយៈ) មានសេចក្តីខ្វល់ខ្វាយ​ក្នុងការ​ប្រដាប់​ទ្រនាប់ជើង មានប្រការផ្សេ​ងៗ គឺធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ងខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​សំពត់​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ក៏លះបង់​ចោល​នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា។1) ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភទ្ទិយភិក្ខុ មិនសម​បើនឹងខ្វល់ខ្វាយក្នុង​ការ​តាក់តែង​ទ្រនាប់​ជើង​មានបការ​ផ្សេងៗ គឺ ធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ង​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើ​ទ្រនាប់​ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយ​លះបង់​នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញាសោះ។ វេលានោះ ភិក្ខុទាំងនោះ​បានក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភទ្ទិយភិក្ខុខ្វល់ខ្វាយ​ក្នុងការតាក់តែង​ទ្រនាប់ជើង មានបការផ្សេងៗ គឺធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ងខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​សំពត់​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយលះបង់​បាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរស​ទាំងនោះ មិន​សម​បើនឹងខ្វល់ខ្វាយក្នុង​ការតាក់តែង​ទ្រនាប់ជើង មានបការផ្សេងៗ គឺធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ងខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​សំពត់​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ លះបង់​នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនបានដឹកនាំពួកជន​ដែលមិនទាន់​ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោស​រួច ទ្រង់ធ្វើនូវ​ធម្មីកថា ហើយ​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​​មក​ ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅ មិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅយាប្ល៉ង មិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅដំណេកទន្សាយ មិនត្រូវ​ពាក់ទ្រនាប់ជើងស្លឹកទន្សែ មិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅមានពណ៌​ដូចផ្កាឈូក មិនត្រូវ​ពាក់ទ្រនាប់ជើងសំពត់​ដែលគេត្បាញ​ដោយរោមសត្វ មិនត្រូវ​ពាក់ទ្រនាប់ជើងមាស មិនត្រូវ​ពាក់ទ្រនាប់ជើងប្រាក់ មិនត្រូវ​ពាក់ទ្រនាប់ជើងកែវមណី មិនត្រូវ​ពាក់ទ្រនាប់ជើងកែវ​ពិទូរ្យ មិនត្រូវ​ពាក់ទ្រនាប់ជើង​កែវផ្លេក មិនត្រូវ​ពាក់ទ្រនាប់ជើងសម្រិត មិនត្រូវ​ពាក់ទ្រនាប់ជើងកែវ​កញ្ចក់ មិនត្រូវ​ពាក់ទ្រនាប់ជើងសំណប៉ាហាំង (សំណស) មិនត្រូវ​ពាក់ទ្រនាប់ជើងសំណភក់ (សំណខ្មៅ) មិនត្រូវ​ពាក់ទ្រនាប់ជើងទង់ដែងទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវប្រើប្រាស់​ទ្រនាប់ជើង (គឺជ្រុញជើង) ណាមួយ​ដែលគួរ​នឹងឲ្យកម្រើកទៅបាន ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទ្រនាប់ជើង៣យ៉ាង ដែលគេដំកល់នៅជានិច្ច ដែលគេ​ឲ្យកម្រើក​ទៅមិនបាន គឺ​ទ្រនាប់​ជើង​សម្រាប់​បន្ទោបង់​នូវវច្ចៈ១ ទ្រនាប់ជើងសម្រាប់បន្ទោបង់​នូវ​បស្សាវៈ១ ទ្រនាប់ជើង​សម្រាប់​​លាងជម្រះ(លាមក)១។ ​

[៦១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់​ក្នុងនគរ​ភទ្ទិយៈ គួរដល់ពុទ្ធអធ្យាស្រ័យ រួច​ទ្រង់​យាង​ទៅកាន់​ចារិក​ក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់​ចារិក​ដោយលំដាប់ ក៏បានដល់​ទៅ​ក្រុង​សាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្ត​ជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថីនោះ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ កាលមេគោទាំងឡាយ កំពុង​តែហែលឆ្លង​ទឹកស្ទឹង​អចិរវតី ក៏ចាប់ស្នែងខ្លះ ចាប់ស្លឹកត្រចៀកខ្លះ ចាប់កខ្លះ ចាប់កន្ទុយខ្លះ ឡើងជិះលើ​ខ្នងខ្លះ មានចិត្តតម្រេក ក៏ស្ទាបអង្គជាតខ្លះ ចាប់ជ្រមុជកូនគោ​ទៅក្នុងទឹក​ឲ្យស្លាប់ខ្លះ។ មនុស្ស​ទាំងឡាយក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត កាលមេគោ​ទាំង​ឡាយ កំពុង​ឆ្លង​ទឹក មិនសមបើនឹង​ចាប់ស្នែងខ្លះ ចាប់ស្លឹកត្រចៀកខ្លះ ចាប់កខ្លះ ចាប់កន្ទុយខ្លះ ឡើងជិះលើ​ខ្នងខ្លះ មានចិត្តតម្រេក ហើយស្ទាបអង្គជាតខ្លះ ចាប់ជ្រមុជកូនគោ​ទៅក្នុងទឹក​ឲ្យស្លាប់ខ្លះ ដូចជាពួក​គ្រហស្ថអ្នក​បរិភោគនូវ​កាមគុណសោះ។ កាលមនុស្សទាំងនោះ​កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយបានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ចាប់​ស្នែង​មេគោទាំងឡាយ មិនត្រូវចាប់ស្លឹកត្រចៀក មិនត្រូវចាប់ក មិនត្រូវចាប់កន្ទុយ មិនត្រូវឡើងជិះលើ​ខ្នង ភិក្ខុណាឡើងជិះ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវ​មានចិត្ត​ត្រេកអរ ពាល់អង្គជាត (មេគោ) ឡើយ ភិក្ខុណាពាល់ ត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុ​មិនត្រូវ​ធ្វើ​កូនគោ​ឲ្យ​ស្លាប់ឡើយ ភិក្ខុណាធ្វើ​ឲ្យស្លាប់ ភិក្ខុនោះ​ វិនយធរ​ត្រូវ​ឲ្យធ្វើតាមធម៌​។2)

 

1)
អដ្ឋកថា កែមហាខន្ធកៈ ពន្យល់​សេចក្តីថា អធិសីល បានខាង​បាតិមោក្ខសីល។ អធិចិត្ត​ បានខាង​ សមាធិភាវនា​ជាលោកិយ។ អធិប្បញ្ញា បានខាង​មគ្គភាវនា​ជាលោកុត្តរ។
2)
ត្រូវសម្រេច​អាបត្តិ​តាម​សញ្ចិច្ចបាណសិក្ខាបទ សប្បាណវគ្គ​បាចិត្តិយកណ្ឌ។ ក្នុងខន្ធកៈ​ទាំងអស់ មានបំណងប្រាប់​តែ​អាបត្តិ​ដែលមាន​ក្រៅបាតិមោក្ខ បើកន្លែងណា​មាននិយាយ​ជាប់​ទាក់ទង​ដោយ​អាបត្តិក្នុង​បាតិមោក្ខផងនោះ គ្រាន់តែមានប្រាប់ថា ត្រូវធ្វើតាមធម៌ៗ យ៉ាងនេះ ព្រោះបាននិយាយ​រួច​មកហើយ។​
km/tipitaka/vin/mv/vin.mv.05.06.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann