km:tipitaka:vin:mv:vin.mv.05.11

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចម្មក្ខន្ធកៈ

១៥៦. គិហិវិកតានុញ្ញាតាទិ

សង្ខេប

ឧបាសក​​សោណៈ​បានសុំព្រះ​មហា​កច្ចាយនៈបំបួស​ រួចចង់​ទៅ​គាល់​ព្រះ​ពុទ្ធផ្ទាល់។

mv 05.11 បាលី cs-km: vin.mv.05.11 អដ្ឋកថា: vin.mv.05.11_att PTS: ?

គិហិវិកតានុញ្ញាតាទិ (ទី១៥៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៥៧)

[៦៨] សម័យនោះឯង ព្រះមហាកច្ចានៈ​ដ៏មានអាយុ គង់នៅ​លើភ្នំឈ្មោះ​បបាត ទៀបក្រុង​ឈ្មោះកុររឃរៈ ក្នុងអវន្តីជនបទ។ សម័យនោះឯង ឧបាសកឈ្មោះ​សោណកុដិកណ្ណ ​1) ជាឧបដ្ឋាករបស់​ព្រះមហាកច្ចានៈ​ដ៏មានអាយុ។ វេលានោះ ឧបាសក​ឈ្មោះសោណកុដិកណ្ណ បានចូលទៅរកព្រះមហាកច្ចានៈ​ដ៏មានអាយុ លុះចូលទៅ​ដល់​ហើយ ក៏ថ្វាយបង្គំ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ រួចអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះឧបាសក​ឈ្មោះសោណកុដិកណ្ណអង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏បានិយាយ​ពាក្យនេះនឹង​ព្រះមហាកច្ចានៈ​ដ៏មានអាយុថា បពិត្រ​លោកដ៏ចំរើន ធម៌ដែល​លោកម្ចាស់​មហាកច្ចានៈ​បានសំដែង​ហើយយ៉ាងណាៗ ខ្ញុំ​ករុណាក៏ដឹង​ច្បាស់ តែបុគ្គល​ដែលនៅ​គ្រប់គ្រងផ្ទះ មិនងាយ​នឹង​ប្រព្រឹត្តព្រហ្មចរិយធម៌​នេះ​ឲ្យបរិបូណ៌ ពេញលេញ ឲ្យស្អាតរលីង​ ដូចជា​សង្ខ​ដែលបុគ្គល​ដុស​ខាត់​ហើយ បពិត្រលោក​ដ៏ចំរើន ឥឡូវ​ខ្ញុំករុណា​ចង់កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់​សំពត់​កាសាយ​ទាំងឡាយ ហើយចេញចាកផ្ទះ ទៅបួស​ក្នុងភេទ​របស់​បុគ្គល​គ្មានផ្ទះ បពិត្រ​លោកដ៏​ចំរើន សូមលោកម្ចាស់​មហាកច្ចានៈ​បំបួស​ខ្ញុំផង។ កាលបើ​ឧបាសក​នោះនិយាយ​យ៉ាង​នេះហើយ ព្រះមហាកច្ចានៈ​ដ៏មានអាយុ ក៏បាននិយាយពាក្យនេះ​នឹងសោណកុដិកណ្ណ​ឧបាសក​ថា នែសោណៈ ការប្រព្រឹត្ត​នូវ​ការដេក​តែម្នាក់ឯង បរិភោគនូវភត្ត​តែមួយពេល និងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ ដរាប​អស់​មួយជីវិត មិនងាយ​នឹងធ្វើ​បានឡើយ នែសោណៈ ណ្ហើយចុះ អ្នកឯង​គួរ​តែនៅជាគ្រហស្ថ ប្រកបតាម​ពាក្យ​ប្រៀនប្រដៅ ​របស់​ព្រះពុទ្ធ​ទាំងឡាយ គឺ​ការដេកតែ​ម្នាក់ឯង ការ​បរិភោគ​ភត្ត​តែម្តង និងការប្រព្រឹត្ត​ព្រហ្មចរិយធម៌ សមគួរ​តាមកាល ក្នុងភេទជា​គ្រហស្ថ​នោះចុះ។ ការ​ប្រុងប្រៀប​នឹងបួស​របស់សោណកុដិកណ្ណ​ឧបាសកនោះ ក៏​បានរម្ងាប់​ស្ងប់ស្ងាត់​ទៅក្នុង​ពេល​នោះឯង។ សោណកុដិកណ្ណ​ឧបាសក បានចូលទៅរក​ព្រះមហាកច្ចានៈ​ដ៏មានអាយុ​ជាគំរប់​ពីរដង​ផង។បេ។ សោណកុដិកណ្ណ​ឧបាសក បានចូលទៅរក​ព្រះមហាកច្ចានៈ​ដ៏មានអាយុ​ជាគំរប់​បីដង​ផង លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈ​ដ៏មានអាយុ រួចអង្គុយ​នៅក្នុង​ទីដ៏​សមគួរ។ លុះសោណកុដិកណ្ណ​ឧបាសក អង្គុយ​នៅក្នុងទី​ដ៏សមគួរហើយ ក៏បានិយាយ​ពាក្យ​នេះ​ នឹង​​ព្រះមហាកច្ចានៈ​ដ៏មាន​អាយុថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែល​លោកម្ចាស់​មហាកច្ចានៈ​ បាន​សំដែង​​ហើយយ៉ាងណាៗ ខ្ញុំ​ករុណាក៏ដឹង​ច្បាស់ (តែថា) បុគ្គល​ដែលនៅ​គ្រប់គ្រងផ្ទះ មិនងាយ​នឹង​ប្រព្រឹត្ត​ នូវ​ព្រហ្មចរិយធម៌​​នេះ ​ឲ្យបានពេញអស់ជើង ឲ្យបានស្អាតអស់ជើង​ ដូចជា​សង្ខ ​ដែលគេ​ដុស​​ខាត់​ហើយទេ បពិត្រលោក​ដ៏ចំរើន ឥឡូវ​ខ្ញុំករុណា​ចង់កោរសក់ និងពុកមាត់ ហើយ​ស្លៀក​ដណ្តប់​​សំពត់​កាសាយ​ ចេញចាកផ្ទះ ទៅបួស​ក្នុងភេទ​របស់​បុគ្គល​គ្មានផ្ទះ បពិត្រ​លោកដ៏​ចំរើន សូមលោកម្ចាស់​មហាកច្ចានៈ​ បំបួស​ខ្ញុំផង។ ព្រះមហាកច្ចានៈ​ដ៏មានអាយុ ក៏បានបំបួស​សោណកុដិកណ្ណ​ឧបាសក ​ក្នុងវេលានោះឯង។ សម័យ​នោះឯង អវន្តិទក្ខិណាបថជនបទ មាន​ភិក្ខុតិចណាស់។ វេលានោះ ព្រះមហាកច្ចានៈ​ដ៏មានអាយុ ឲ្យប្រជុំ​ភិក្ខុសង្ឃ​មានពួក១០ ដែលមក​ពីទិស​នោះៗ ហើយឲ្យឧបសម្បទា​សោណៈ​ដ៏​មានអាយុ ដោយក្រ លំបាក​ពេកណាស់ លុះតែ​កន្លង​៣ឆ្នាំទៅ (ទើប​រក​គណៈសង្ឃ​បានគ្រប់ដប់)។ លំដាប់នោះ កាលសោណៈ​ដ៏មានអាយុ​ នៅចាំ​វស្សា​រួចហើយ នៅក្នុងទីស្ងាត់ លាក់ខ្លួន​សម្ងំ ក៏កើតការ​ត្រិះរិះ​ ក្នុងចិត្ត​យ៉ាង​នេះថា អាត្មាអញ​គ្រាន់​តែ​បានឮថា ព្រះមានព្រះភាគ​នោះ បែប​យ៉ាងនេះៗ តែអាត្មាអញ​ មិនដែល​ឃើញ​ព្រះមានព្រះភាគ ​ចំពោះ​មុខសោះ។ បើឧបជ្ឈាយ៍​អនុញ្ញាតឲ្យ​អាត្មាអញទៅ អាត្មាអញ​គួរ​តែទៅ ឲ្យ​បានឃើញព្រះមានព្រះភាគ ជាអរហន្ត​សម្មាសម្ពុទ្ធ​នោះ។ គ្រានោះ ព្រះសោណៈ​ដ៏មានអាយុ លុះវេលា​ថ្ងៃរសៀល ក៏ចេញ​អំពី​ទីលាក់ខ្លួនពួន​សម្ងំហើយ ចូលទៅរកព្រះមហាកច្ចានៈ​ដ៏​មាន​អាយុ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈ​ដ៏មានអាយុ រួចក៏​អង្គុយ​នៅក្នុង​ទីដ៏សម​គួរ។ លុះ​ព្រះសោណៈ​ដ៏មានអាយុ អង្គុយ​នៅក្នុងទៅ​ដ៏សមគួរហើយ បាននិយាយ​ពាក្យនេះ​នឹង​ព្រះមហាកច្ចានៈ​​ដ៏មានអាយុថា បពិត្រលោក​ដ៏ចំរើន កាលខ្ញុំករុណា​នៅក្នុងទីស្ងាត់ លាក់ខ្លួន ពួន​សម្ងំក្នុងទីនេះ ក៏កើតការ​ត្រិះរិះ​ក្នុងចិត្ត​យ៉ាង​នេះថា អាត្មាអញ​គ្រាន់​តែ​បានឮថា ព្រះមាន​ព្រះភាគ​​នោះ បែប​យ៉ាងនេះៗ តែអាត្មាអញ ​មិនដែល​ឃើញ​ព្រះមានព្រះភាគ​ ក្នុងទីចំពោះ​មុខ​បាន​ម្តង​សោះ បើឧបជ្ឈាយ៍​អនុញ្ញាត ឲ្យ​អាត្មាអញទៅ គួរតែអាត្មាអញទៅ ឲ្យ​បានឃើញ​ព្រះមាន​ព្រះ​ភាគ ជាអរហន្តសម្មាសម្ពុទ្ធ​នោះ បពិត្រ​លោកដ៏ចំរើន បើឧបជ្ឈាយ៍​អនុញ្ញាត​ឲ្យខ្ញុំ​ករុណាទៅ ខ្ញុំ​ករុណា​គួរ​នឹងទៅ ឲ្យបានឃើញ​ព្រះមានព្រះភាគ​ ជាអរហន្តសម្មាសម្ពុទ្ធនោះ។ ព្រះមហាកច្ចានៈ​ក៏និយាយ​តប​វិញថា នែសោណៈ ប្រពៃ​ពេកណាស់ហើយ នែសោណៈ លោកចូរ​ទៅ​គាល់​ព្រះមាន​ព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធ​នោះចុះ នែសោណៈ លោកមុខជា​នឹងបានឃើញ​ព្រះមានព្រះភាគនោះ ជាទីនាំ​ឲ្យកើត​សេចក្តី​ជ្រះថ្លា គួរ​ឲ្យជ្រះថ្លា មានឥន្ទ្រិយ​រម្ងាប់ហើយ មានព្រះទ័យ​រម្ងាប់ហើយ បានដល់​នូវ​បញ្ញា​សម្រាប់​ទូន្មាន និងសមាធិ​សម្រាប់​រម្ងាប់​ដ៏ឧត្តម បានទូន្មាន​ព្រះអង្គហើយ បានរក្សាព្រះអង្គហើយ បានឈ្នះ​ឥន្ទ្រិយ​ហើយ បាន​ប្រាសចាក​កិលេស​ហើយ នែសោណៈ បើដូច្នោះ លោកចូរថ្វាយ​បង្គំ​ព្រះបាទ​ទាំងគូ ​របស់​ព្រះមានព្រះភាគ ដោយសិរសា តាមពាក្យខ្ញុំថា បពិត្រ​ព្រះអង្គដ៏​ចំរើន ឧបជ្ឈាយ៍​ របស់​ខ្ញុំ​ព្រះអង្គ ​ឈ្មោះ​មហាកច្ចានៈ​ដ៏​មានអាយុ សូម​ក្រាបថ្វាយបង្គំ ​ចំពោះ​ព្រះបាទ​ទាំងគូ ​របស់ព្រះ​ដ៏មានព្រះភាគ​ដោយ​សិរសា រួច​ហើយ​ចូរលោក​ក្រាបទូល​យ៉ាងនេះ (ទៀត)​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ដែន​អវន្តិទក្ខិណាបថ មានភិក្ខុ​តិចណាស់ ខ្ញុំព្រះអង្គ​ប្រជុំ​ភិក្ខុសង្ឃ​មានពួក១០ ​អំពី​ប្រទេស​នោះៗ ហើយបាន​ឧបសម្បទា ​ដោយលំបាកពេកណាស់ លុះតែ​កន្លង​៣ឆ្នាំ​ទៅហើយ (ទើបស្រេច) ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរ​ទ្រង់​អនុញ្ញាត ​នូវ​ឧបសម្បទា ​ក្នុងដែន​អវន្តិទក្ខិណាបថ ដោយគណៈសង្ឃ​ ឲ្យតិច​ល្មមទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ ​មានផែនដី​ខ្មៅស្អិត គ្រោតគ្រាត រឹងរដិបរដុប ​ដោយស្នាម​ជើងគោ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរទ្រង់​អនុញ្ញាត​ ស្បែកជើង​៤ជាន់​ឡើងទៅ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ ពួកមនុស្ស​រាប់អាន​ការ​ងូត​ទឹក​ណាស់ ប្រកប​ដោយសេចក្តី​ស្អាត​ព្រោះទឹក ធ្វើម្តេចហ្ន៎ ព្រះមាន​ព្រះភាគ គួរទ្រង់​អនុញ្ញាត​ ការ​ងូត​ទឹកឲ្យបាន​ជានិច្ច​ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ដែនអវន្តិទក្ខិណាបថ មាន​កម្រាល​ស្បែកច្រើន គឺស្បែក​ចៀម ស្បែកពពែ ស្បែកម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមជ្ឈិមជនបទ មានស្មៅ ឈ្មោះ​ឯរគុ​2) ស្មៅឈ្មោះ​មោរគុ3) ស្មៅឈ្មោះ​មជ្ជារុ​4) ស្មៅឈ្មោះ​ជន្តុ​5) យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ ក៏មានកម្រាលស្បែក គឺ​ស្បែកចៀម ស្បែក​ពពែ ស្បែកម្រឹគ​ដូច្នោះដែរ ធ្វើម្តេចហ្ន៎ ព្រះដ៏មាន​ព្រះភាគ គួរ​ទ្រង់​អនុញ្ញាត​កម្រាល​ស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ មនុស្សទាំងឡាយ ​ប្រគេន​ចីវរ ដើម្បី​ភិក្ខុ​ដែលនៅ​ក្រៅសីមាថា យើងប្រគេន​ចីវរ​នេះ ដល់​ភិក្ខុ​ឈ្មោះនេះ ភិក្ខុទាំងនោះ​ មកប្រាប់​ថា នែអាវុសោ ពួកមនុស្ស​ឈ្មោះនេះ បានប្រគេន​ចីវរ​ ដើម្បី​លោកហើយ ភិក្ខុទាំងនោះ ​ក៏រង្កៀស មិនត្រេកអរ ព្រោះយល់ឃើញថា កុំឲ្យ​ត្រូវនិស្សគ្គិយ​ ដល់​យើងឡើយ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរ​ទ្រង់​ប្រាប់​របៀប​ប្រតិបត្តិ​ក្នុងចីវរ។ ឯព្រះសោណៈ​ដ៏​មានអាយុ​ទទួល​ស្តាប់ពាក្យ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ​ដោយពាក្យថា ករុណាលោកម្ចាស់ រួច​ហើយក៏​ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ ធ្វើប្រទក្សិណ ហើយទុក​ដាក់​គ្រឿង​សេនាសនៈ រួចកាន់​យកបាត្រនិង​ចីវរ ចេញដើរ​ដោយលំដាប់​ទៅ​ក្រុង​សាវត្ថី ក៏ចូល​ទៅរក​ព្រះមានព្រះភាគ ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរ​ក្រុង​សាវត្ថី លុះចូលទៅ​ដល់ហើយ ក៏​ក្រាបថ្វាយបង្គំ​ព្រះ​មានព្រះភាគ ហើយអង្គុយនៅ​ក្នុងទី​ដ៏សមគួរ។ វេលានោះ ព្រះ​មាន​ព្រះភាគ ទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុមកថា នែអានន្ទ អ្នកចូរ​ទៅក្រាល​សេនាសនៈ​ឲ្យអាគន្តុកភិក្ខុនេះ (បន្តិច)។ គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ​គិតថា ព្រះមានព្រះភាគទ្រង់​បង្គាប់​អញ​ថា នែអានន្ទ អ្នកឯងចូរក្រាល​សេនាសនៈ ​ឲ្យអាគន្តុកភិក្ខុនេះ (បន្តិច) ចំពោះភិក្ខុណា ព្រះ​មាន​ព្រះភាគ ទ្រង់​ប្រាថ្នា​ ដើម្បីគង់​នៅក្នុងវិហារ១ ជាមួយនឹង​ភិក្ខុនោះ គឺថាព្រះមានព្រះភាគ ប្រាថ្នា​ដើម្បីគង់​នៅក្នុងវិហារ១ ​ជាមួយ​នឹងព្រះសោណៈ​ដ៏មានអាយុ លុះគិត​ដូច្នោះហើយ ក៏ក្រាល​សេនាសនៈ ​ចំពោះ​ព្រះសោណៈ​ដ៏មានអាយុ​ ក្នុងវិហារ ​ដែលព្រះមានព្រះភាគ​គង់នៅ។

[៦៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុងទីកណ្តាលវាល អស់រាត្រី​ជាច្រើន ទើប​យាង​ចូលទៅ​កាន់វិហារ។ ចំណែកខាង​ព្រះសោណៈ​ដ៏មានអាយុ ក៏នៅ​ក្នុងទីកណ្តាលវាល អស់​រាត្រី​ជាច្រើន ទើបចូល​ទៅកាន់វិហារដែរ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់​ក្រោកឡើង​ក្នុងបច្ចូសសម័យនៃរាត្រី បានត្រាស់បង្គាប់​ព្រះសោណៈ​ដ៏មានអាយុថា នែភិក្ខុ អ្នកគួរ​នឹងសំដែង​ធម៌​បន្តិចទៅ។ ព្រះសោណៈ​ដ៏មានអាយុ បានទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏សំដែង​នូវ​សូត្រទាំងឡាយ មាននៅក្នុងអដ្ឋកវគ្គ​ទាំងអស់ ​ដោយ​សរភញ្ញ។ លុះចប់​សរភញ្ញ​ របស់ព្រះសោណៈ​ដ៏មានអាយុ​ហើយ ព្រះ​មានព្រះភាគ ក៏បាន​អនុមោទនា​ ក្នុងខណៈ​នោះថា នែភិក្ខុ ពីរោះហើយៗ នែភិក្ខុ សូត្រទាំងឡាយ​ ដែល​មានក្នុង​អដ្ឋកវគ្គ អ្នកបានរៀន​មកត្រឹមត្រូវហើយ អ្នកបានធ្វើ​ទុកក្នុងចិត្ត​ល្អហើយ បានពិចារណា​ល្អហើយ អ្នកប្រកប​ដោយសំដី​ដ៏​ពីរោះ ​ក្បោះក្បាយ ប្រាសចាកទោស គួរនឹងញុំាង​ជនឲ្យ​បានដឹង​ច្បាស់​នូវ​សេចក្តី នែភិក្ខុ អ្នកមានវស្សាប៉ុន្មានហើយ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ទើបបាន​តែ១វស្សាទេ។ ព្រះមានព្រះភាគ ទ្រង់សួរថា នែភិក្ខុ ហេតុអ្វី​បានជា​អ្នកធ្វើ​ការ​ឲ្យយឺតយូរ​យ៉ាងនេះ (ក្របួសម្ល៉េះ)។ ព្រះសោណៈ​ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ឯទោស​ក្នុងកាម​ទាំងឡាយ ខ្ញុំព្រះអង្គ​បានឃើញ​មកជាយូរហើយ តែថាធម្មតា​ ឃរាវាស មានសេចក្តី​ចង្អៀត​ចង្អល់ច្រើន មានកិច្ចច្រើន មានការងារច្រើន។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់​សេចក្តី​នុ៎ះ​ហើយ ទើបទ្រង់​បន្លឺ​ឡើងនូវ​ឧទាន​នេះ ក្នុងវេលានោះថា

បុគ្គល​បានឃើញ​ទោសក្នុងលោកហើយ

ដឹងនូវធម៌​ដែលប្រាសចាកឧបធិក្កិលេស

ជាព្រះអរិយៈ រមែងមិនត្រេកអរ​ក្នុងបាប

ជាបុគ្គលស្អាត រមែង​មិនត្រេកអរ​ក្នុងបាប។

 

1)
ឧបាសក​ឈ្មោះ​សោណៈ តែងពាក់គ្រឿង​ប្រដាប់​ត្រចៀក មានដម្លៃ​មួយកោដិ បានជាគេ​ហៅថា កុដិកណ្ណ ជាប់ផង (អដ្ឋកថា)
2)
១.២.៣.៤ តាមអដ្ឋកថា ថា ស្មៅទាំង៤យ៉ាងនេះ គេ​តែង​យក​មកធ្វើជា​កន្ទេល​រឹងខ្លះ កន្ទេលទន់ខ្លះ ឯស្មៅ​ឈ្មោះ​ឯរគុ​មានសម្ផស្ស​រឹង គ្រោតគ្រាត ស្មៅឈ្មោះ​មោរគុ​នោះ ​មានចុង​ក្រហម មានសាច់​ល្អិតទន់ មានសម្ផស្ស​ស្រួល គេតែង​យក​មក​ធ្វើ​ជាកន្ទេល​ទន់​សម្រាប់ដេក កាលបើដេក​សង្កត់​ទៅហើយ លុះក្រោកចេញ ក៏ប៉ោងឡើងវិញ ឯស្មៅ​ឈ្មោះ​មជ្ជារុនោះ គេ​យក​មកធ្វើជា​សំពត់​សាដក​ក៏បាន ស្មៅឈ្មោះ​ជន្តុនោះ មានពណ៌​ដូចកែវមណី។
3)
4)
5)
km/tipitaka/vin/mv/vin.mv.05.11.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann