km:tipitaka:vin:mv:vin.mv.05.12

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចម្មក្ខន្ធកៈ

១៥៨. មហាកច្ចានស្ស បញ្ចវរបរិទស្សនា

សង្ខេប

ព្រះ​ពុទ្ធ​បាន​អនុញ្ញាត​​អោយ​មាន គណៈ​សង្ឃ​គំរប់​៥​ក្នុង​ការ​ធ្វើ​ឧបសម្បទាបាន។ ព្រះ​ពុទ្ធ​បាន​អនុញ្ញាត​អោយប្រើ​ប្រាស់​កម្រាល​ធ្វើ​អំពី​ស្មៅ ​ស្បែក​សត្វ ស្បែក​ជើង​៤​ជាន់​ ការ​ងូត​ទឹក​ជា​ប្រចាំ និង ទទួល​ចីវរចំពោះ​បុគ្គល​នៅ​ក្រៅ​សីមា នៅ​ក្រៅ​តំបន់​​ជនបទ​កណ្តាល។

mv 05.12 បាលី cs-km: vin.mv.05.12 អដ្ឋកថា: vin.mv.05.12_att PTS: ?

មហាកច្ចានស្ស បញ្ចវរបរិទស្សនា (ទី១៥៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៥៨)

[៧០] គ្រានោះ ព្រះសោណៈ​ដ៏មានអាយុ​គិតថា ព្រះមានព្រះភាគ ទ្រង់​ស្មោះសរ​នឹងអាត្មា​អញ​ដោយពិត ព្រះឧបជ្ឈាយ៍​របស់អាត្មាអញ​ បានផ្ញើពាក្យ​បណ្តាំណា កាលនេះ ជាកាលគួរ​នឹង​ក្រាបទូល​ តាមពាក្យ​បណ្តាំនោះ ទើប​ក្រោកចាក​អាសនៈ ធ្វើឧត្តរាសង្គ លើស្មាម្ខាង ហើយក្រាប​ទៀប​ព្រះបាទ​ទាំងគូ​ របស់ព្រះមានព្រះភាគ​ ដោយសិរសា ហើយក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមាន​ព្រះភាគថា បពិត្រ​ព្រះអង្គដ៏​ចំរើន ព្រះឧបជ្ឈាយ៍​ របស់​ខ្ញុំ​ព្រះអង្គ ​ឈ្មោះ​មហាកច្ចានៈ​ដ៏​មានអាយុ សូមឱនសិរសា​ ក្រាបថ្វាយបង្គំ​​ព្រះបាទ​ទាំងគូ​ របស់ព្រះ​ដ៏មានព្រះភាគ​​ជាម្ចាស់ ម្យ៉ាងទៀត លោកឲ្យខ្ញុំព្រះអង្គ​​ក្រាបទូល​យ៉ាងនេះ​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ដែន​អវន្តិទក្ខិណាបថ មានភិក្ខុ​តិច (ចាប់ដើម​តាំងពីខ្ញុំ​ព្រះអង្គ​បានបួស​ជាសាមណេរ) កន្លងទៅ៣ឆ្នាំហើយ ទំរាំ​ប្រជុំ​ភិក្ខុសង្ឃ​បាន១០រូប ដែលមកពីទិស​នោះៗ ហើយទើបបាន​ឧបសម្បទា ​ដោយលំបាកពន់​ពេក​ណាស់ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរ​ទ្រង់​អនុញ្ញាត ​នូវ​ឧបសម្បទា ​ក្នុងដែន​អវន្តិទក្ខិណាបថ ដោយគណៈសង្ឃ តិចជាងមុន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ​ មានផែនដី​ខ្មៅស្អិត គ្រោតគ្រាត រឹងរដិបរដុប ​ដោយស្នាម​ជើងគោ ធ្វើម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់​អនុញ្ញាត ​ស្បែកជើង​៤ជាន់​ឡើងទៅ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ ពួកមនុស្ស​ រាប់អាន​ការ​ងូត​ទឹក​ណាស់ ប្រកប​ដោយសេចក្តី​ស្អាត​ព្រោះទឹក ធ្វើម្តេចហ្ន៎ ព្រះដ៏មាន​ព្រះភាគ គួរទ្រង់​អនុញ្ញាត ​ការ​ងូត​ទឹក ឲ្យបាន​ជានិច្ច​ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មាន​កម្រាល​ស្បែកទាំងឡាយ គឺស្បែក​ចៀម ស្បែកពពែ ស្បែកម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមជ្ឈិមជនបទ មានស្មៅឈ្មោះ​ឯរគុ ស្មៅឈ្មោះ​មោរគុ ស្មៅឈ្មោះ​មជ្ជារុ ស្មៅឈ្មោះ​ជន្តុ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មានកម្រាលគេធ្វើ​ដោយស្បែកទាំងឡាយ គឺ​ស្បែកចៀម ស្បែក​ពពែ ស្បែកម្រឹគ​ ក៏ដូច្នោះដែរ ធ្វើម្តេចហ្ន៎ ព្រះដ៏មាន​ព្រះភាគ គួរ​ទ្រង់​អនុញ្ញាត​កម្រាលទាំងឡាយ​ ដែល​គេធ្វើដោយ​ស្បែក គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ក្នុងកាលឥឡូវនេះ មនុស្សទាំងឡាយ​ គេប្រគេន​ចីវរ ដើម្បីពួក​ភិក្ខុ ​ដែលនៅ​ក្រៅសីមាថា យើងនឹងប្រគេន​ចីវរ​នេះ ដើម្បី​ភិក្ខុ​ឈ្មោះនេះ ភិក្ខុទាំងនោះ​មកហើយ ប្រាប់​ថា នែអាវុសោ ពួកមនុស្ស​​ឈ្មោះនេះ បានប្រគេន​ចីវរ​​ចំពោះ​លោក ភិក្ខុទាំងនោះ​ក៏រង្កៀស មិនត្រេកអរ ដោយ​គិត​ថា កុំឲ្យ​មាននិស្សគ្គិយ ​ដល់​យើងឡើយ ធ្វើដូចម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរ​ទ្រង់​ប្រាប់​របៀប​ប្រតិបត្តិ​ក្នុងចីវរ។

[៧១] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​នូវធម្មីកថា​ក្នុងវេលានោះ រួច​ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ ដែនអវន្តិទក្ខិណាបថ មានភិក្ខុតិច ម្នាល​ភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទ ​1) ទាំងអស់ តថាគត​អនុញ្ញាត​នូវ​ឧបសម្បទា​ដោយគណៈសង្ឃ មានវិនយធរ​2) ជាគំរប់​ប្រាំបាន។ បណ្តាជនបទ​ទាំងនោះ ជនបទ​ទាំងឡាយនេះ ដែលជា​បច្ចន្តិមជនបទ គឺក្នុងទិសខាងកើត មាននិគមឈ្មោះ​កជង្គល ខាងនាយកជង្គលនិគម​នោះ មាននិគម​ឈ្មោះ​មហាសាលា ខាងនាយ​និគម​ឈ្មោះ​មហាសាលានោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយចូលមក ជា​មជ្ឈិមជនបទ។ ក្នុងទិស​អាគ្នេយ៍ មានស្ទឹងឈ្មោះ​សល្លវតី ខាងនាយ​ស្ទឹង​សល្លវតីនោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយ​ចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងត្បូង មាននិគម​ឈ្មោះ​សេតកណ្ណិក ខាងនាយ​សេតកណ្ណិកនិគមនោះ ហៅថា​បច្ចន្តិមជនបទ ខាង​អាយ​ចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងលិច មានស្រុកព្រាហ្មណ៍​ ឈ្មោះថូនគ្រាម ខាងនាយ​ស្រុក​ថូនគ្រាមនោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាង​ជើង មានភ្នំឈ្មោះ​ឧសីរធជ ខាងនាយភ្នំនោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិម​ជនបទ។ ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងឡាយ​បែបនេះ តថាគត​អនុញ្ញាត​នូវ​ឧបសម្បទា​ដោយគណៈសង្ឃ មានវិនយធរ​ជាគំរប់៥បាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ មានផែនដីខ្មៅស្អិត រឹងគ្រោតគ្រាត រដិបរដុប​ដោយស្នាមជើងគោ ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងអស់ តថាគត​អនុញ្ញាតស្បែកជើង​៤ជាន់​ឡើងទៅ។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ ពួកមនុស្ស​ច្រើនរាប់អាន​ការងូតទឹក ប្រកបដោយ​សេចក្តី​ស្អាត​ព្រោះទឹក ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងអស់ តថាគត​អនុញ្ញាត​នូវការងូតទឹក​បានជានិច្ច។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ មានកម្រាល​ស្បែក​ទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ម្នាលភិក្ខុទាំងឡាយ ក្នុងមជ្ឈិមជនបទ​ទាំងឡាយ មានស្មៅឈ្មោះ​ឯរគុ ស្មៅឈ្មោះ​មោរគុ ស្មៅឈ្មោះ​មជ្ជារុ ស្មៅឈ្មោះ​ជន្តុ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ មានកម្រាល​ស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ ក្នុង​បច្ចន្តិមជនបទ​ទាំងអស់ តថាគត​អនុញ្ញាតកម្រាលស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួក​មនុស្ស​ប្រគេន​ចីវរ​ដើម្បី​ភិក្ខុទាំងឡាយ ដែល​នៅក្រៅសីមាថា យើងប្រគេនចីវរ​នេះ ចំពោះ​ភិក្ខុឈ្មោះនេះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ត្រេកអរបាន ចីវរ​មិនទាន់​មកដល់ដៃ​ដរាបណា ចីវរ​នោះ ភិក្ខុ​មិនត្រូវ​រាប់​តាម​កំណត់​ថ្ងៃ ​3) ​ដរាបនោះ។

ចប់ ចម្មក្ខន្ធកៈ ទី៥។

ក្នុងខន្ធកៈនេះ មាន​និទាន​៦៣។

ឧទ្ទាន​នៃចម្មក្ខន្ធកៈ​នោះ គឺ

 

1)
សំដៅយក​ប្រទេស​ ជាខាងក្រៅពី​មជ្ឈិម​ប្រទេស។
2)
សំដៅយកគ្រូសូត្រ
3)
តាមធម្មតា ក្នុងមជ្ឈិមបទេស ភិក្ខុបានទទួល​ចីវរ​ក្តី បានដឹង​ដំណឹង​ចីវរ​ដែល​គេ​មិនប្រគេនក្តី ភិក្ខុត្រូវរាប់​ថ្ងៃ​តាំង​តែបាន​ទទួល ឬបានដឹងដំណឹង​នោះ បើភិក្ខុ​មិនបាន​វិកប្ប ឬ​មិនបាន​អធិដ្ឋាន​ឲ្យហួស​កំណត់​១០ថ្ងៃទៅ ចីវរនោះ​ជានិស្សគ្គិយ ឯបច្ចន្តិមជនបទ តាមពុទ្ធានុញ្ញាតនេះ បើចីវរ​មិនទាន់ដល់ដៃ ភិក្ខុ​មិនបាច់​រាប់ថ្ងៃឡើយ។
km/tipitaka/vin/mv/vin.mv.05.12.txt · ពេលកែចុងក្រោយ: 2022/10/10 08:53 និពន្ឋដោយ Johann