User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.06.02

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ

១៦១. មូលាទិភេសជ្ជកថា

សង្ខេប

ព្រះ​ពុទ្ធ​បាន​អនុញ្ញាត​​សម្ភារ ភេសជ្ជៈ​​និង​ថ្នាំ​ច្រើន​ប្រភេទ​សម្រាប់​ព្យាបាល​ជម្ងឺ​​ ដែលអាច​រក្សា​ទុក​បាន​រហូត។

mv 06.02 បាលី cs-km: vin.mv.06.02 អដ្ឋកថា: vin.mv.06.02_att PTS: ?

មូលាទិភេសជ្ជកថា (ទី១៦១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៦១)

[៧៦] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយឫស ឬមើមជា​ភេសជ្ជៈ។​ ​ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតនូវ​ឫស ឬមើមជាភេសជ្ជៈ គឺមើមរមៀត មើមខ្ញី មើមលំពាន់ មើម​ប្រស់ មើមអាច់ឆ្ពឹស មើមរំដេង មើមស្បូវភ្លាំង មើមស្មៅ​ក្រវាញជ្រូក ម្យ៉ាងទៀត មើម​ដទៃ​ណា ជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បី​ខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុ​ទទួលមើមទាំងឡាយនោះ ហើយរក្សាទុក​ ដរាប​ទាល់អស់បាន កាលបើ​មានហេតុ ទើប​ភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការ ដោយម្សៅជា​ភេសជ្ជៈ ដែលកើត​អំពី​ឫស ឬមើម។​ ​ពួកភិក្ខុ ក្រាបទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតថ្មកិន និង​កូនថ្មកិន។

[៧៧] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយទឹកចត់ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតទឹកចត់ ជាភេសជ្ជៈ គឺទឹកចត់​ កើត​អំពី​ដើមស្តៅ ទឹកចត់​កើត​អំពី​ដើមខ្លែងគង់ ទឹកចត់​កើត​អំពី​ដើមអម្បែងថ្ងៃ ទឹកចត់​កើត​អំពី​វល្លិ៍បណ្តូលពេជ្រ ទឹកចត់​កើត​អំពី​ដើមទន្លា ឬថ្ងាន់ ម្យ៉ាងទៀត ទឹកចត់​ដទៃ​ណាជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​ទឹក​ចត់ទាំងនោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៧៨] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយស្លឹកឈើ ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតស្លឹកឈើ ជាភេសជ្ជៈ គឺស្លឹកស្តៅ ស្លឹកខ្លែងគង់ ស្លឹកអម្បែងថ្ងៃ ស្លឹក​ម្រះព្រៅ ឬជីរលីងលាក់ ស្លឹកកប្បាស ម្យ៉ាងទៀត ស្លឹក​ដទៃ​ណាជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បី​ខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​ស្លឹក​ទាំង​នោះ ហើយទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៧៩] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយផ្លែឈើ ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតផ្លែឈើ​ជាភេសជ្ជៈ គឺផ្លែពិលង្គ ផ្លែដីប្លី ផ្លែម្រេច ផ្លែសម៉ ផ្លែសម៉ពីភេក ផ្លែកន្ទួតព្រៃ ផ្លែក្រវ៉ាញ ម្យ៉ាងទៀត ផ្លែឈើ​ដទៃ​ណាជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​ផ្លែឈើទាំងឡាយនោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយ​ភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៨០] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយជ័រឈើ​ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតជ័រឈើ​ជាភេសជ្ជៈ គឺជ័រ​ដែលហូរចេញ​អំពី​ដើមហិង្គុ១ ជ័រ​ដែលគេ​យកស្លឹក និងមែកហិង្គុ​មករំងាស់១ ជ័រ​ដែលគេយក​តែស្លឹក​ហិង្គុ​តែម្យ៉ាង​មករំងាស់១ (ជ័រ​ទាំង៣​យ៉ាងនេះ ជាជាតិ​ហិង្គុ​ទាំងអស់) ជ័រ​ដែលហូរចេញ​អំពី​ត្រួយឈើ១ ជ័រ​ដែលហូរចេញ​អំពី​ស្លឹកឈើ១ ជ័រ​ដែលគេបេះ​ស្លឹកឈើ​យកមកធ្វើ១ កំញាន១ ម្យ៉ាងទៀត ជ័រឈើ​ដទៃ​ណា​ដែលជា​ភេសជ្ជៈ មិនផ្សាយទៅ​ដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុង​ភោជនីយៈ ឲ្យភិក្ខុទទួលជ័រឈើទាំងនោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយ​ភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៨១] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយអំបិល ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតអំបិល​ជាភេសជ្ជៈ គឺអំបិលកើត​ក្បែរឆ្នេរ​សមុទ្ទ មានបែបដូច​ដីខ្សាច់ អំបិល​មានពណ៌ខ្មៅ (អំបិល​ប្រក្រតី) អំបិល​មានពណ៌​ស កើតលើភ្នំ អំបិល​ដែល​មានពន្លក​ដុះ​អំពី​ផែនដី (អំបិល​ដែលកើត​អំពី​អាចម៍ដី​មានរសប្រៃ) អំបិល​មានពណ៌ក្រហម​ដែល​គេចំអិន​ជាមួយ​នឹងគ្រឿង​សម្ភារៈ​ទាំងពួង ម្យ៉ាងទៀត អំបិល​ដទៃ​ណាដែលជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បី​ខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​អំបិល​ទាំង​នោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើ​គ្មាន​ហេតុ​ទេ ហើយ​ភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៨២] សម័យនោះឯង ព្រះវេលដ្ឋសីសៈដ៏មានអាយុ​ ជាឧបជ្ឈាយ៍​របស់ព្រះអានន្ទ​ដ៏មានអាយុ​ កើតបូសធំ។ ចីវរដែល​ប្រឡាក់​ដោយទឹក​រំអិល ក៏ជាប់ស្អិត​នៅនឹងកាយ​របស់​ព្រះវេលដ្ឋសីសៈ​នោះ។ ពួក​ភិក្ខុក៏យក​ទឹក​ទៅលាប​ចីវរ​នោះឲ្យសើមៗ ហើយបកចេញ។ ព្រះដ៏​មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់​សេនាសនចារិក បានទតឃើញ​ភិក្ខុទាំងនោះ​កំពុង​យកទឹក​ទៅលាបចីវរ​ទាំងនោះ​ឲ្យសើមៗ ហើយបកចេញ លុះទតហើយ ទ្រង់ចូលទៅកាន់​សំណាក់​ភិក្ខុ​ទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មាន​ពុទ្ធដម្រាស់​នេះនឹង​ភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​មានអាពាធ​ដូចម្តេច។ ពួកភិក្ខុ​ក្រាបបង្គំ​ទូលថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ព្រះវេលដ្ឋសីសៈ​ដ៏មានអាយុនេះ កើតបូសធំ ចីវរ​ប្រឡាក់​ដោយទឹក​រំអិល ជាប់​ស្អិត​នៅ​នឹងកាយ ខ្ញុំព្រះអង្គ​ទាំងឡាយ​ យកទឹក​មកលាបចីវរ​ទាំងនោះ​ឲ្យសើមៗ ហើយបកចេញ។ ព្រោះ​និទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មក​ក្នុងពេល​នោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមានអាពាធ គឺកម ឬរមាស់ក្តី បូសតូចក្តី អាពាធ​ទឹករងៃក្តី បូសធំក្តី និងកាយ​មានក្លិន​អាក្រក់ តថាគត​អនុញ្ញាត​គ្រឿង​លំអិត ជាភេសជ្ជៈ​ដល់ភិក្ខុនោះ តថាគត​អនុញ្ញាត​អាចម៍គោ ដីស្អិត និងកាក​នៃគ្រឿង​ជ្រលក់ ដល់ភិក្ខុ​ដែលមាន​ជម្ងឺ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ត្បាល់ និងអង្រែ។

[៨៣] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយគ្រឿង​លំអិត ជា​ភេសជ្ជៈ ដែលគេរែង​រួចស្រេចហើយ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតកញ្ច្រែង សម្រាប់រែង​គ្រឿង​លំអិត។ (ពួក​ភិក្ខុ​មានជម្ងឺ) មានសេចក្តី​ត្រូវការ​ដោយគ្រឿង​លំអិត​ដ៏ល្អិត​ក្រៃលែង។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​កញ្ច្រែងសំពត់​1)

[៨៤] សម័យនោះឯង មានភិក្ខុ​១រូប មានអាពាធ​កើតអំពី​អមនុស្ស ​។2) អាចារ្យ​និងឧបជ្ឈាយ៍​ជាអ្នកបម្រើ​ភិក្ខុនោះ ក៏​មិនអាច​នឹងធ្វើ​ភិក្ខុនោះ​ឲ្យស្បើយ​រោគ​បាន។ ភិក្ខុនោះ​ទៅកាន់​កន្លែង​គេសម្លាប់ជ្រូក ហើយក៏ស៊ីសាច់ឆៅ ​3) ផឹកឈាមស្រស់។4) អាពាធ​របស់​ភិក្ខុនោះ ដែលកើតអំពី​អមនុស្ស​នោះ ក៏រម្ងាប់ទៅ។ ពួក​ភិក្ខុក្រាបបង្គំ​ទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​សាច់ឆៅ ឈាមស្រស់ ដល់ភិក្ខុ​ដែល​មានអាពាធ​កើតអំពី​អមនុស្ស។

[៨៥] សម័យនោះឯង ភិក្ខុ១រូប មានអាពាធ ឈឺភ្នែក។ ​ភិក្ខុទាំងឡាយ នាំគ្នា​គ្រាហ៍​ភិក្ខុ​នោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង។ ព្រះ​មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់​សេនាសនចារិក បានទតឃើញ​ភិក្ខុទាំងនោះ​កំពុង​នាំគ្នា​គ្រាហ៍​ភិក្ខុនោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង លុះ​ទតឃើញហើយ ក៏ទ្រង់ចូលទៅកាន់​លំនៅ​ភិក្ខុ​ទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មាន​ពុទ្ធតម្រាស់​នេះនឹង​ភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​មានអាពាធ​ដូចម្តេច។ ភិក្ខុទាំងនោះ​ក្រាបបង្គំ​ទូលថា បពិត្រព្រះ​អង្គ​ដ៏ចំរើន លោក​ដ៏មានអាយុនេះ មានអាពាធ​ឈឺភ្នែក ខ្ញុំព្រះអង្គ​ទាំងឡាយ នាំគ្នា​គ្រាហ៍​ភិក្ខុនោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង។ ព្រោះ​និទាន​នេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេល​​នោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតថ្នាំបន្តក់ភ្នែក គឺថ្នាំបន្តក់ភ្នែក​មានពណ៌​ខ្មៅ (ដែលគេស្លដោយ​គ្រឿងសម្ភារៈ​ទាំងពួង) ​ថ្នាំបន្តក់ភ្នែក​ធ្វើពី​បារទ (ដែលគេធ្វើ​ដោយ​គ្រឿង​សម្ភារៈ​ផ្សេងៗ) ថ្នាំបន្តក់ភ្នែក​ដែលកើត​ក្នុងខ្សែទឹក​ជ័ររង់ និងធ្យូង (ដែល​គេយក​អំពី​អណ្តាត​បទីប)។ ពួកភិក្ខុ​មានសេចក្តី​ត្រូវការ​ដោយ​ដោយវត្ថុ​ដែលយកមក​កិនលាយ​ជាមួយគ្នា​នឹងថ្នាំ​បន្តក់ភ្នែក។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ខ្លឹមក្លាំពាក់ កំញាន និងមើម​ស្មៅ​ក្រវាញជ្រូក។ សម័យ​នោះឯង ពួកភិក្ខុ​ទុកថ្នាំបន្តក់ភ្នែក​ទាំងឡាយ​ ដែលជាម្សៅ​ក្នុងសៀនទាំង​ឡាយខ្លះ ក្នុងផ្តិល​ទាំងឡាយខ្លះ (ថ្នាំបន្តក់​ទាំងឡាយនោះ) ច្រឡូក​ច្រឡំ​ទៅដោយ​កំទេច​ស្មៅ​ទាំងឡាយខ្លះ ដោយអាចម៍ដី​ទាំងឡាយខ្លះ។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ក្លាក់ សម្រាប់​ដាក់​ថ្នាំ​បន្តក់ភ្នែក។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ក្លាក់​សម្រាប់ដាក់​ថ្នាំ​បន្តក់ភ្នែក​ខ្ពស់ និង​ទាប (គឺ​មានល្អ មានអាក្រក់) គឺក្លាក់​ធ្វើដោយមាស និងក្លាក់​ធ្វើដោយប្រាក់។ មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួក​គ្រហស្ថ​ ដែលបរិភោគ​កាមគុណ។ ​ភិក្ខុទាំង​ឡាយ ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់​ក្លាក់​ សម្រាប់​ដាក់​ថ្នាំបន្តក់ភ្នែក​ខ្ពស់ និងទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ក្លាក់​ធ្វើដោយ​ឆ្អឹង ​5) ធ្វើដោយភ្លុក ធ្វើដោយស្នែង ធ្វើដោយ​ដើម​បបុស ធ្វើ​ដោយដើមឫស្សី ធ្វើដោយឈើ ធ្វើដោយជ័រឈើ ធ្វើដោយ​ផ្លែឈើ ធ្វើដោយ​លោហធាតុ​6) ធ្វើដោយ​គូថសង្ខ។ សម័យ​នោះឯង ពួក​ភិក្ខុ​មិនបានបិទក្លាក់​សម្រាប់ដាក់ថ្នាំ​បន្តក់ភ្នែក ថ្នាំ​ទាំងនោះ ក៏ច្រឡូក​ច្រឡំ​ដោយ​កំទេច​ស្មៅ​ទាំង​ឡាយខ្លះ ដោយអាចម៍ដី​ទាំងឡាយខ្លះ។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាត​គម្រប ឬឆ្នុក។ គម្រប​ចេះតែធ្លាក់។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាត​ឲ្យភិក្ខុ​រុំ ឬចងក្លាក់​ដោយខ្សែ។ ក្លាក់ក៏ចេះតែបែក។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ឲ្យភិក្ខុ​ស្រេះ​ដោយខ្សែ។ សម័យនោះ ពួក​ភិក្ខុ​បន្តក់ភ្នែក ​ដោយម្រាមដៃ ភ្នែក​ទាំងឡាយ ក៏មិនស្រួល។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ចង្កឹះក្លាក់។ សម័យ​នោះ ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់​ចង្កឹះក្លាក់​ដ៏​ខ្ពស់ និង​ទាប គឺចង្កឹះ​ធ្វើដោយមាសខ្លះ ​ធ្វើដោយប្រាក់ខ្លះ។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ដូចជាពួក​គ្រហស្ថ​ អ្នកបរិភោគ​កាមគុណ។ ​ភិក្ខុទាំង​ឡាយ ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះ​ដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់ចង្កឹះ​ក្លាក់ដ៏​​ខ្ពស់ និង​ទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ចង្កឹះដែល​ធ្វើ​ដោយ​ឆ្អឹង ធ្វើដោយភ្លុក ធ្វើដោយស្នែង។បេ។ ធ្វើដោយ​គូថសង្ខ។ សម័យនោះ ចង្កឹះក្លាក់ ក៏​ធ្លាក់​ទៅលើ​ផែនដី ចង្កឹះក្លាក់នោះក៏​អាក្រក់ មិនស្អាត។ ភិក្ខុទាំង​ឡាយ ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ អនុញ្ញាត​ បំពង់​សម្រាប់​ដាក់​ចង្កឹះ។ សម័យ​នោះឯង ពួកភិក្ខុ​រក្សាក្លាក់​សម្រាប់​ដាក់ថ្នាំបន្តក់​ភ្នែកខ្លះ ចង្កឹះ​ក្លាក់​ខ្លះ​នៅតែនឹងដៃ។ ភិក្ខុទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ថង់​សម្រាប់​ដាក់ក្លាក់។ ខ្សែយោគ​របស់ថង់​នោះ ក៏​មិនទាន់មាន។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាតនូវខ្សែយោគ និងខ្សែ​សម្រាប់ចង។

[៨៦] សម័យនោះឯង ព្រះបិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ​ កើតជម្ងឺក្តៅក្បាល។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ប្រេង​សម្រាប់​លាបក្បាល។ ព្រះបិលិន្ទវច្ឆត្ថេរ ក៏នៅ​តែអត់ទ្រាំ​រោគនោះ​មិនបាន។ ពួក​ភិក្ខុ​ក្រាបទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នត្ថុកម្ម (គឺការហិត ឬបញ្ច្រក ទៅតាម​ច្រមុះ)។ ឯថ្នាំ​សម្រាប់ហិត ឬបញ្ច្រក​ ទៅតាម​ច្រមុះ​ ក៏កំពប់ខ្ចាយទៅ។ ភិក្ខុ​ទាំងឡាយ ក្រាបបង្គំទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតបំពង់​សម្រាប់​បញ្ច្រក​ទៅ​តាម​​ច្រមុះ (គឺបំពង់នត្ថុ)។ សម័យ​នោះឯង ពួកឆព្វគ្គិយ​ភិក្ខុ ​ប្រើប្រាស់​បំពង់​នត្ថុដ៏ខ្ពស់​និងទាប គឺ​បំពង់​នត្ថុ​ធ្វើ​ដោយមាស​ខ្លះ ធ្វើដោយប្រាក់ខ្លះ។ ពួក​មនុស្សពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួក​គ្រហស្ថ ​ដែល​បរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់​បំពង់​នត្ថុ​ដ៏ខ្ពស់ និងទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​បំពង់​នត្ថុ ដែលធ្វើដោយឆ្អឹង។បេ។ ធ្វើដោយគូថសង្ខ។ ភិក្ខុទាំងឡាយ​បន្តក់ថ្នាំ​សម្រាប់​នត្ថុទៅមិនស្មើគ្នា ​។7) ពួកភិក្ខុ​ក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​បំពង់​សម្រាប់នត្ថុជាគូ ​8) ភិក្ខុទាំងនោះ​ ក៏នៅ​តែអត់ទ្រាំ​មិនបាន។ ភិក្ខុទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យជក់​យកផ្សែង។ ពួក​ភិក្ខុក៏​យកថ្នាំ​នោះមក​មូរ ធ្វើជា​បារី ហើយជក់ទៅ (ក៏ត្រឡប់​ទៅជា) ក្តៅក។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវខ្សៀរ។ សម័យ​នោះឯង ឆព្វគ្គិយ​ភិក្ខុ​ប្រើប្រាស់​ខ្សៀរដ៏ខ្ពស់​និងទាប គឺខ្សៀរ​ធ្វើ​ដោយមាស​ខ្លះ ធ្វើដោយប្រាក់ខ្លះ។ ​មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួក​គ្រហស្ថ​ដែល​បរិភោគ​កាម​គុណ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់​ខ្សៀរទាំងឡាយ​ដ៏ខ្ពស់ និងទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតខ្សៀរ ដែលធ្វើដោយឆ្អឹង។បេ។ ដែល​ធ្វើ​ដោយ​គូថសង្ខ។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានបិទ​គ្រប​ខ្សៀរទុក សត្វតូចៗ ក៏ចូល​ទៅក្នុង​ខ្សៀរនោះ។ ពួកភិក្ខុ​ក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតនូវ​គម្រប។ សម័យ​នោះឯង ពួកភិក្ខុ​រក្សាខ្សៀរ​នៅតែ​នឹងដៃ។ ភិក្ខុ​ទាំង​ឡាយ​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតនូវថង់​សម្រាប់​ដាក់ខ្សៀរ។ ឯខ្សៀរ និងគម្របក៏ទង្គិចគ្នា។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវថង់​ជាគូ។ ខ្សែយោគរបស់​ថង់​ ក៏មិនទាន់មាន​នៅឡើយ។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​នូវខ្សែយោគ និងខ្សែ​សម្រាប់ចង។

[៨៧] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ មានអាពាធ កើតអំពីខ្សល់។ ពេទ្យ​ទាំងឡាយ​និយាយ​យ៉ាងនេះថា ភិក្ខុត្រូវស្លប្រេង។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ស្លប្រេងបាន។ ភិក្ខុ​ទាំងឡាយ​ក៏លាយ​ទឹកស្រវឹង​ក្នុងប្រេង​ដែល​ស្លនោះ។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​លាយ​ទឹក​ស្រវឹង​ក្នុងប្រេង​ដែលស្លបាន។ សម័យ​នោះឯង ពួកឆព្វគ្គិយ​ភិក្ខុស្លប្រេង លាយទឹក​ស្រវឹង​ច្រើនពេក ដល់នាំគ្នាផឹក​ប្រេងនោះទៅ ក៏ស្រវឹង។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ផឹកប្រេង​ដែលគេលាយ​ទឹក​ស្រវឹង​ច្រើនពេកទេ ភិក្ខុណាផឹក ត្រូវវិនយធរ​ឲ្យភិក្ខុនោះ​ធ្វើតាម​ធម៌ ​9) ម្នាលភិក្ខុទាំងឡាយ ប្រេងស្លណាដែល​គ្មានពណ៌ គ្មានក្លិន និងគ្មាន​រស​របស់​ទឹកស្រវឹង​ប្រាកដ​ឡើងទេ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ផឹកប្រេង​ ដែលគេ​លាយ​ទឹកស្រវឹង​មានសភាព​យ៉ាងនោះបាន។ សម័យ​នោះឯង ពួកភិក្ខុ​ស្លប្រេង លាយទឹក​ស្រវឹង​ច្រើនពេក។ ក្នុងពេលនោះ ភិក្ខុ​ទាំងឡាយក៏មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ប្រេងដែល​គេលាយ​នឹងទឹកស្រវឹង​ច្រើនពេក តើយើង​ត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ទុកដាក់ប្រេង​ ដែលគេលាយ​ទឹកស្រវឹង​ច្រើនពេក​នោះ ជាថ្នាំរឹត ឬលាបទៅវិញ។ សម័យ​នោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ មានប្រេង​ដែលស្ល​ហើយជាច្រើន។ តែគ្មានភាជន៍​សម្រាប់​ដាក់ប្រេង។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវតុម្ព (គឺ​កុណ្ឌីទឹក) ទាំង៣យ៉ាង គឺតុម្ពធ្វើដោយ​ទង់ដែង១ តុម្ព​ធ្វើដោយឈើ១ តុម្ព​ធ្វើ​ដោយ​ផ្លែឈើ១។ សម័យ​នោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​កើតរោគខ្យល់​ក្នុងអវយវៈ។ ភិក្ខុ​ទាំង​ឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​សេទកម្ម (ការធ្វើឲ្យ​ចេញញើស)។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅ​តែ​អត់ទ្រាំ​មិនបាន។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឆ្ពង់​ដោយស្លឹកឈើ និងមែក​ឈើផ្សេងៗ។ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​ ក៏នៅតែ​អត់ទ្រាំ​មិនបាន។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យឆ្ពុងធំ ​10) ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ក៏នៅតែ​អត់ទ្រាំ​មិនបាន។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទឹកដែល​គេ​ស្ងោរលាយ​នឹង​ស្លឹកឈើ មែកឈើ​ផ្សេងៗ។ ​​​​​​​​​ព្រះបិលិន្ទវច្ឆ​ដ៏មាន​អាយុ ក៏នៅតែ​អត់ទ្រាំ​មិនបាន។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតបន្ទប់ទឹក​11)

[៨៨] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ កើតរោគខ្សល់ ចុកសៀត​ក្នុងសន្លាក់​ដៃជើង​ជាដើម។ ភិក្ខុទាំងឡាយ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុធ្វើឈាម​ឲ្យ​ហូរចេញបាន។ ព្រះបិលិន្ទវច្ឆ​ដ៏​​មានអាយុ ក៏នៅ​តែ​អត់ទ្រាំ​មិនបាន។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុជប់​យក​ឈាម ដោយ(បំពង់)​ស្នែងបាន។

[៨៩] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ មានបាទាបែក។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ថ្នាំ​សម្រាប់លាប​ជើង។ ព្រះបិលិន្ទវច្ឆ​ដ៏​​មានអាយុ ក៏នៅ​តែ​អត់ទ្រាំ​មិនបាន។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុតាក់​តែង​ទឹក​ស្រវឹង (សម្រាប់​លាបជើង​ឲ្យស្រួល)។

[៩០] សម័យនោះឯង ភិក្ខុ​មួយរូប​ មានអាពាធ​កើតពក។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​សត្ថកម្ម (វះដោយកាំបិត)។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវការ​ដោយទឹកចត់។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ទឹក​ចត់។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវការ​ដោយម្សៅល្ង។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតម្សៅល្ង។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវការ​ដោយដុំ​សត្តូវ (សម្រាប់​បិទមុខដំបៅ)។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ដុំ​សត្តូវ។ ភិក្ខុទាំងឡាយ មានសេចក្តី​ត្រូវការ​ដោយសំពត់​សម្រាប់​រុំដម្បៅ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​កំណាត់​សំពត់​សម្រាប់​រុំ​ដម្បៅ។ ដម្បៅក៏​រមាស់។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​លាង​ដោយម្សៅ​គ្រាប់ស្ពៃ។ ដម្បៅ​ក៏រីក​ឡើង។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ចំហុយ​ដម្បៅ​នោះ។ (លុះចំហុយ​ទៅហើយ) សាច់​ក៏ដុះ​លាន​ចេញមក។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​យកទឹក​លាយ​នឹងអម្បិលក្រួស​មកបង្កាត់ (ដម្បៅ​នោះចេញ)។ (លុះ​បង្កាត់​ទៅហើយ) ដម្បៅ​ក៏​មិនបាន​ដុះសាច់ឡើង។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​​ប្រេង​សម្រាប់​លាបដម្បៅ។ ប្រេង​ក៏ហៀរហូរចេញ។ ពួក​ភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​សំពត់​សម្រាប់​បិទ​ប្រេង និងថ្នាំ​រក្សាដម្បៅ​ទាំងអស់។

[៩១] សម័យ​នោះឯង មានភិក្ខុ១រូប​ពស់ចឹក។ ​ភិក្ខុទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ឲ្យ​ថ្នាំ​មហាវិក័ដ​៤យ៉ាង គឺគូថ (អាចម៍)១ ទឹមូត្រ(ទឹកនោម)១ ផេះ១ ដី១។ ក្នុងពេលនោះ ភិក្ខុ​ទាំងឡាយ មានសេចក្តី​​ត្រិះរិះដូច្នេះថា យើងមិនបាច់​ទទួល​ប្រគេន​ថ្នាំទាំងនេះទេឬ ឬត្រូវ​តែ​ទទួល​ប្រគេន​ទើបបាន។ ​ភិក្ខុទាំងឡាយ ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាលបើ​មាន​កប្បិយ​​12) ការកៈ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ប្រើ​កប្បិយការកៈ​នោះទទួល​ជំនួស​បាន កាលបើ​គ្មាន​កប្បិយការកៈ​ទេ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​កាន់យក​ខ្លួនឯង ហើយឆាន់ចុះ។ សម័យ​នោះឯង ភិក្ខុ១រូប​ផឹកថ្នាំ​ពិស។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុផឹកគូថ (អាចម៍​ដែល​លាយ​ដោយ​ទឹក)។ ក្នុងពេលនោះ ភិក្ខុ​ទាំងនោះ មានសេចក្តី​​ត្រិះរិះដូច្នេះថា យើងមិនបាច់​ទទួល​ប្រគេន (នូវ​គូថនោះ) ទេឬ ឬថាគួរ​តែ​ទទួល​ប្រគេន​ទើបបាន ​ភិក្ខុទាំងឡាយ ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតដូច្នេះ កាល​បើ​ភិក្ខុ​បន្ទោបង់​គូថណាហើយ បានទទួលទុក (អំពី​ថ្ងៃមុន) លុះដល់​ទៅថ្ងៃស្អែក គូថនោះ ឈ្មោះ​ថា​ភិក្ខុ​បាន​ទទួល​រួចហើយ មិនបាច់​ទទួល​ប្រគេន​ទៀតទេ។

[៩២] សម័យ​នោះឯង ភិក្ខុ​១រូប​មានអាពាធ ព្រោះត្រូវថ្នាំស្នេហ៍។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុផឹកទឹក​លាយ​ដោយ​អាច់បំណាស់ ​។13) សម័យ​នោះឯង ភិក្ខុ​១រូប​មានអាពាធ ខូច​ធាតុ​ភ្លើង (កើតរោគមួល)។ ភិក្ខុទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះ​អង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុផឹកទឹកក្បុង​14) សម័យ​នោះឯង ភិក្ខុ​១រូប​ កើតរោគស្គមលឿង។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុឆាន់​សម៉ ដែលត្រាំ​ដោយទឹកនោម​។15) សម័យ​នោះឯង ភិក្ខុ​១រូប​មានអាពាធ គឺខូចសម្បុរ។ ភិក្ខុទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុធ្វើការ​លាប​ដោយគ្រឿង​ក្រអូបបាន។ សម័យ​នោះឯង ភិក្ខុ​១រូប ​មានកាយប្រកប​ដោយ​រោគទល់។ ភិក្ខុ​ទាំង​ឡាយ ​​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុផឹកថ្នាំបញ្ចុះ។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​ទឹក​អង្ករ​ថ្លា។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​នូវទឹក​អង្ករថ្លា។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​ទឹកសណ្តែក​បាយ​ស្ងោរ ដែលគេ​មិនបាន​ធ្វើស្និទ្ធ (គឺ​គេ​មិនបាន​ត្រង​ឲ្យ​ស្អាតបាត)។ ភិក្ខុទាំងឡាយ ​ក្រាប​បង្គំទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ទឹកសណ្តែកបាយស្ងោរ ដែលគេ​មិនបាន​ធ្វើឲ្យស្និទ្ធ។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​ទឹកសណ្តែកបាយស្ងោរ​ ដែលគេ​ធ្វើ​ឲ្យស្និទ្ធ (គេ​បាន​ត្រង​ឲ្យស្អាត​បាត)។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ទឹក​សណ្តែកបាយ​ស្ងោរ ដែលគេ​ធ្វើឲ្យស្និទ្ធ។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​សាច់​ដែល​មានឱជារស។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតសាច់​ដែលមាន​ឱជារស។

 

1)
វត្ថុសម្រាប់រែង​គ្រឿង​លំអិត មានម្សៅ​ជាដើម ដែលហៅថា កាតៅ។
2)
ជម្ងឺ​ដែល​ឈឺ​ព្រោះ​ខ្មោចចូល
3)
៣.៤ អដ្ឋកថា ថា ភិក្ខុនោះ​មិនស៊ីសាច់ឆៅ ផឹកឈាមស្រស់​នោះខ្លួនឯងទេ គឺខ្មោច​ដែលវាចូល​ភិក្ខុនោះ​វាស៊ី វាផឹក លុះស៊ី​ផឹក​ហើយ វាចេញទៅ។
4)
5)
វៀរលែង​តែឆ្អឹង​មនុស្ស​ចេញ ក្រៅពីនោះ ទោះឆ្អឹង​អ្វីៗក៏គួរ​ទាំងអស់។
6)
គឺក្លាក់​ដែលធ្វើ​ពីជាតិស្ពាន់ ទង់ដែង ដែក សំណភក់ សំណប៉ាហាំង។
7)
គឺប្រេង​ដែលចូល​ទៅតាម​ច្រមុះនោះ​ មិនស្មើគ្នា ចួនកាលច្រើន ចួន​កាលតិច។
8)
ដើម្បី​ឲ្យនត្ថុ​ចូលទៅព្រមគ្នា។
9)
ត្រូវឲ្យ​ភិក្ខុនោះ​សំដែង​អាបត្តិ​បាចិត្តិយចេញ។
10)
អដ្ឋកថា ថា ត្រូវ​ដាក់​រងើកភ្លើង​ឲ្យពេញ​ក្នុងរណ្តៅ ឲ្យបាន​ប្រមាណ​មួយជំហរ​បុរស រួចបិទ​រណ្តៅ​នោះ​ដោយ​អាចម៍ដី និងដីខ្សាច់​ជាដើមហើយ ក្រាលស្លឹកឈើ​ផ្សេងៗ​លើរណ្តៅ​នោះ ហើយ​យកប្រេង​លាបខ្លួន រួច​ដេក​ប្រែចុះ ប្រែឡើង​លើរណ្តៅនោះ ឲ្យចេញ​ញើស​ពីសរីរៈ។
11)
អដ្ឋកថា ថា ត្រូវ​ដាក់ទឹកក្តៅ​ឲ្យពេញ​ក្នុងភាជន៍ ឬស្នូក ហើយចូលទៅ​ធ្វើការ​ឆ្ពុង​ក្នុងបន្ទប់ទឹក​នោះ។
12)
សំដៅ​យក​បុគ្គល​ដែល​ប្រសប់​ធ្វើ​វត្ថុ​មិនគួរ ឲ្យជាវត្ថុ​គួរ
13)
ព្រះអង្គទ្រង់​អនុញ្ញាត​ឲ្យភិក្ខុ​យកអាច់​បំណាស់​ដែលជាប់នឹង​ផាលនង្គ័ល មកលាយ​នឹងទឹក​ហើយផឹក។
14)
អដ្ឋកថា ថា ឲ្យ​យក​បាយមកដុត​នឹងភ្លើងឲ្យឆេះ​ជាផេះ ហើយច្រោះត្រងយកទឹកមកផឹក។
15)
អដ្ឋកថា ថា សំដៅយក​តែ​ទឹកនោម​គោម្យ៉ាង មិនបាននិយាយ​ដល់ទឹកនោម​មនុស្សទេ។
km/tipitaka/vin/mv/vin.mv.06.02.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann