User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.06.03

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ

១៦២. បិលិន្ទវច្ឆវត្ថុ

សង្ខេប

ព្រះ​ពុទ្ធ​បាន​អនុញ្ញាត​អោយ​​ទទួល​អារាមិក។ ព្រះ​ពុទ្ធ​បាន​អនុញ្ញាត​អោយ​ទុក​ភេសជ្ជៈ​៥​យ៉ាង​ក្នុង​រយៈពេល​៧​ថ្ងៃ។

mv 06.03 បាលី cs-km: vin.mv.06.03 អដ្ឋកថា: vin.mv.06.03_att PTS: ?

បិលិន្ទវច្ឆវត្ថុ (ទី១៦២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៦២)

[៩៣] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ ឲ្យគេ​ជម្រះ​ញកភ្នំក្បែរ​ក្រុង​រាជគ្រឹះ ប្រាថ្នា​នឹងធ្វើ​ទីពួន ឬទីជ្រកកោន។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ យាងចូល​ទៅកាន់​លំនៅ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ រួចគង់​នៅក្នុងទីដ៏​សមគួរ។ លុះព្រះបាទ​មាគធសេនិយពិម្ពិសារគង់​ក្នុងទី​ដ៏សមគួរ​ហើយ ក៏ទ្រង់​មាន​ព្រះឱង្ការ​នេះ នឹង​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុថា បពិត្រ​លោកដ៏ចំរើន ព្រះថេរៈ​ប្រើឲ្យគេ​ធ្វើ​អ្វី។ ព្រះបិលិន្ទវច្ឆ​ឆ្លើយថា បពិត្រមហារាជ អាត្មាភាព​ ឲ្យគេជម្រះ​ញកភ្នំ ប្រាថ្នានឹង​ធ្វើ​ទីពួន ឬទី​ជ្រក​កោន។ ស្តេចសួរថា បពិត្រលោក​ដ៏ចំរើន លោកម្ចាស់​ មានសេចក្តី​ត្រូវការ ​ដោយ​អារាមិកជន​1) ​ដែរឬ។ ព្រះបិលិន្ទវច្ឆ​ឆ្លើយថា បពិត្រ​មហារាជ ព្រះដ៏មានបុណ្យ​មិនទាន់​អនុញ្ញាត​អារាមិកជន​នៅឡើយ​ទេ។ ស្តេច​ទ្រង់មាន​ព្រះឱង្ការ​ថា បពិត្រ​លោកដ៏ចំរើន បើដូច្នោះ​ គួរលោក​ក្រាបទូល​សួរ​ព្រះដ៏​មានព្រះភាគ ហើយ​មកប្រាប់ខ្ញុំ​វិញ។ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ទទួលស្តាប់​ព្រះឱង្ការ​នៃ​ព្រះបាទ​មាគធ​សេនិយពិម្ពិសារ​ដោយពាក្យថា សូមថ្វាយ​ព្រះពរ​មហារាជ។ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​ក៏បាន​ពន្យល់​ព្រះបាទ​មាគធ​សេនិយពិម្ពិសារ​ឲ្យទ្រង់​ឃើញច្បាស់​ ឲ្យ​កាន់យកព្រម ឲ្យអាចហ៊ាន ឲ្យត្រេកអរ ដោយពាក្យ​ដ៏ប្រកប​ដោយធម៌។ លំដាប់នោះ ព្រះបាទ​មាគធ​សេនិយពិម្ពិសារ កាល​ដែល​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​បានពន្យល់​ឲ្យទ្រង់​ឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាច​ហ៊ាន ឲ្យ​ត្រេកអរ ដោយពាក្យ​ប្រកបដោយ​ធម៌ រួចហើយក៏ទ្រង់​ក្រោក​ចាកអាសនៈ ថ្វាយបង្គំ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ក្រោយពីនោះមក ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ បាន​ប្រើ​បម្រើ​ឲ្យទៅកាន់​សំណាក់​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់មាន​សេចក្តី​ប្រាថ្នា​នឹងប្រគេន​នូវ​អារាមិកជន បពិត្រ​ព្រះអង្គ​ដ៏ចំរើន តើ​ខ្ញុំព្រះអង្គ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះ​ដ៏មានព្រះភាគ ទ្រង់​ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត (ឲ្យ​ភិក្ខុទទួល) អារាមិកជន។ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់ចូល​ទៅកាន់​លំនៅ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ជាគំរប់​ពីរដង លុះចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ហើយគង់​នៅក្នុង​ទី​ដ៏សមគួរ។ លុះព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់​គង់​ក្នុង​ទី​ដ៏សមគួរ​ហើយ ក៏ទ្រង់​មានព្រះ​ឱង្ការ​ដូច្នេះ នឹង​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុថា បពិត្រ​លោកដ៏​ចំរើន ព្រះដ៏មានបុណ្យ​ទ្រង់​បាន​អនុញ្ញាត​អារាមិកជន​ហើយឬ។ ព្រះបិលិន្ទវច្ឆ​ឆ្លើយថា ថ្វាយព្រះពរ មហារាជ។ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់​មាន​ព្រះ​ឱង្ការ​ថា បពិត្រ​លោកដ៏ចំរើន បើដូច្នោះ ខ្ញុំ​ព្រះករុណា​នឹងប្រគេន​អារាមិកជន​ដល់លោកម្ចាស់។ គ្រានោះឯង ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ទទួល​ថា នឹងប្រគេន​អារាមិកជន​ដល់ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ហើយក៏ទ្រង់​ភ្លេចទៅ លុះយូរមក ទើបបាន​ទ្រង់​រឭក​ឃើញ ក៏មានព្រះឱង្ការ​ហៅមហាមាត្យ​ម្នាក់​ ជាអ្នក​សម្រេច​រាជការ​ទាំងពួងថា ម្នាលនាយ អារាមិកជនណា​​ ដែលអញ​ទទួលថា​នឹងប្រគេន​ដល់លោក​ម្ចាស់ អារាមិកជន​នោះ តើអញ​បានប្រគេន​ហើយឬ។ មហាមាត្យ​ក្រាបទូលថា បពិត្រ​ព្រះ​សម្មតិទេព ព្រះអង្គ​មិនទាន់​បានប្រគេន​អារាមិកជន​ដល់លោកម្ចាស់​នៅឡើយទេ។ ព្រះបាទ​ពិម្ពិសារ​ទ្រង់​សួរ​ថា ម្នាលនាយ តាំងពីថ្ងៃនោះ មកដល់​ឥឡូវនេះ តើយូរ​ប៉ុន្មាន​រាត្រីហើយ។ មហាមា្យ​នោះ បាន​រាប់​រាត្រី​ទាំងឡាយ (ឃើញ) ហើយក៏​ក្រាបបង្គំ​ទូល​ព្រះបាទ​មាគធសេនិយពិម្ពិសារ​ក្នុងពេល​នោះ​ដូច្នេះថា បពិត្រ​ព្រះសម្មតិទេព (បើ​គិតតាំង​ពីថ្ងៃ​នោះ ដល់មក​ថ្ងៃនេះ) ចំនួន​ប្រាំរយ​រាត្រីហើយ។ ស្តេច​ទ្រង់​មានព្រះឱង្ការថា ម្នាលនាយ បើដូច្នោះ ចូរអ្នកឯង​ប្រគេន​អារាមិកជន​ប្រាំរយ​នាក់​ ដល់​លោកម្ចាស់ចុះ។ មហាមាត្យ​នោះ ទទួល​ស្តាប់​ព្រះឱង្ការ​ព្រះបាទ​មាគធសេនិយពិម្ពិសារ​ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយក៏ប្រគេន​អារាមិកជន​ប្រាំរយ​នាក់ដល់​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ។ (ចាប់ដើម​ពីនោះមក) ស្រុក (នោះ) ក៏តាំង​នៅជាស្រុក​មួយដោយឡែក។ ពួកជន​ក៏​ហៅ​ស្រុកនោះថា អារាមិកគ្រាមខ្លះ បិលិន្ទវច្ឆគ្រាមខ្លះ។

[៩៤] សម័យ​នោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ជាជីតុន​2) ក្នុងស្រុកនោះ។ គ្រានោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុស្លៀកស្បង់ អំពី​ព្រឹក ហើយ​ប្រដាប់​ដោយបាត្រ និងចីវរ ចូលទៅកាន់​បិលិន្ទវច្ឆគ្រាម ដើម្បីបិណ្ឌបាត។ សម័យ​នោះ​ឯង ក្នុងស្រុកនោះ មានល្បែង​មហោស្រព។ ពួកទារក​3) ក៏បានប្រដាប់​ខ្លួន ស្អិតស្អាង​ដោយកម្រង​ផ្កា ហើយលេងមហោស្រព។ ក្នុងពេលនោះ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ បាន​ត្រាច់​ទៅ​បិណ្ឌបាត​តាមលំដាប់​ច្រកក្នុង​បិលិន្ទវច្ឆគ្រាម ហើយ​ចូលទៅ​កាន់​ផ្ទះ​អារាមិកជន​ម្នាក់ លុះ​ចូល​ទៅ​ដល់​ហើយ ក៏គង់​លើអាសនៈ​ ដែលគេ​ក្រាលប្រគេន។ សម័យ​នោះឯង ធីតា​4) របស់​ប្រពន្ធ​អារាមិកជន​នោះឃើញ​ពួកទារក​ដទៃ ប្រដាប់ខ្លួន ស្អិតស្អាង​ដោយកម្រងផ្កា ក៏យំទារថា អ្នកម៉ែ ចូរ​ឲ្យកម្រង​ផ្កាដល់ខ្ញុំ អ្នកម៉ែ ចូរឲ្យគ្រឿង​ប្រដាប់​ដល់ខ្ញុំ។ ក្នុងពេលនោះ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ បានពោលពាក្យនេះ នឹង​ប្រពន្ធ​របស់​អារាមិកជន​នោះថា ព្រោះហេតុអ្វី បានជា​ទារិកា​5) នេះយំ។ ប្រពន្ធ​របស់​អារាមិកជន​នោះឆ្លើយថា បពិត្រ​លោកដ៏ចំរើន ទារិកា​នេះ ឃើញ​ពួក​ទារក​ដទៃប្រដាប់​ខ្លួន ស្អិតស្អាង​ដោយកម្រង​ផ្កា ក៏យំទារថា អ្នកម៉ែ ចូរ​ឲ្យ​កម្រង​ផ្កា​ដល់ខ្ញុំ អ្នកម៉ែ ចូរ​ឲ្យគ្រឿង​ប្រដាប់​ដល់ខ្ញុំ ដូច្នេះ ឯយើងខ្ញុំ​ទាំងឡាយ ជាអ្នកកំសត់ នឹងបាន​កម្រង​ផ្កា​មកពីណា នឹងបាន​គ្រឿង​ប្រដាប់​មកពីណា។ គ្រានោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ចាប់​យក​រង្វេល​ស្មៅមួយ ហើយនិយាយ​ដូច្នេះ​នឹង​ប្រពន្ធ​អារាមិកជន​នោះថា បើដូច្នោះ មានតែ​នាង​ចូរ​បំពាក់​រង្វេល​ស្មៅ​នេះ លើក្បាល​ទារិកានោះចុះ។ ទើប​ប្រពន្ធ​អារាមិកជន​នោះ ក៏​ចាប់យក​រង្វេល​ស្មៅ​នោះ ហើយ​បំពាក់លើក្បាល​ទារិកានោះ។ រង្វេលស្មៅនោះ ក៏ក្លាយ​ទៅជា​កម្រង​ផ្កា​មាស ល្អល្អះ គួរពិតពិល​រមិលមើល ជាទីនាំ​ឲ្យ​កើត​សេចក្តី​ជ្រះថ្លា។ ទុកជា​ខាងក្នុង​ព្រះរាជវាំង ក៏​រក​កម្រង​ផ្កា​មាស​បែបនេះ​គ្មាន។ ពួកមនុស្ស​ក៏​ក្រាបបង្គំ​ទូល​ព្រះបាទ​មាគធសេនិយពិម្ពិសារ​ថា បពិត្រ​ព្រះសម្មតិទេព ក្នុងផ្ទះ​អារាមិកជន​ឯណោះ មាន​កម្រង​ផ្កាមាស ល្អល្អះ គួរពិតពិល​រមិល​មើល ជាទីនាំ​ឲ្យ​កើត​សេចក្តី​ជ្រះថ្លា ទុកជា​ខាងក្នុង​វាំងរបស់​ព្រះ​ករុណា ក៏​រក​កម្រង​ផ្កា​មាស​បែបនោះ​គ្មានដែរ អារាមិកជន​នោះ ជាអ្នក​កំសត់ទេ នឹងមាន​កម្រងផ្កា​មាសពីណា ប្រាកដ​ជា​វា​លួច​គេមក​មិនខានឡើយ។ ក្នុងវេលានោះ ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ ទ្រង់​ប្រើឲ្យមនុស្ស​ទៅចាប់​ចង​ត្រកូល​អារាមិកជននោះ។ លុះវេលាព្រឹក​ព្រហាមឡើង ជាថ្ងៃ​គំរប់ពីរ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់​ដោយបាត្រ និងចីវរ ហើយចូល​ទៅបិណ្ឌបាត​ឯបិលិន្ទវច្ឆគ្រាម កាលបើ​ត្រាច់​ទៅបិណ្ឌបាត​ តាម​លំដាប់ច្រក ក្នុងបិលិន្ទវច្ឆគ្រាមហើយ ក៏ចូល​ទៅរក​ផ្ទះ​អារាមិកជន​នោះ លុះចូល​ទៅដល់ហើយ ក៏សួរ​ពួកមនុស្ស ​ដែល​នៅជិតខាងថា ត្រកូល​អារាមិកជន​នេះ តើទៅឯណា។ ពួក​មនុស្ស​ ដែល​នៅជិតខាង​ឆ្លើយថា បពិត្រ​លោកដ៏​ចំរើន ត្រកូល​អារាមិជន ស្តេច​ឲ្យ​ចាប់ចង​អស់ទៅហើយ ព្រោះហេតុតែ​កម្រង​ផ្កាមាស (ដែល​លោកម្ចាស់​ឲ្យទៅ)​នុ៎ះ។ ឯព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ក៏ចូលទៅ​កាន់​ព្រះរាជនិវេស៍​របស់ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ លុះចូល​ទៅដល់​ហើយ ក៏គង់​លើអាសនៈ ​ដែល​គេ​ក្រាលប្រគេន។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ ចូល​ទៅរក​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ លុះចូល​ទៅ​ដល់​ហើយ ក៏​ថ្វាយបង្គំ ​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ហើយគង់​ក្នុង​ទីសមគួរ។ លុះព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ គង់ក្នុង​ទី​សមគួរហើយ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ បាន​ថ្វាយ​ព្រះពរ​ដូច្នេះ​ថា បពិត្រ​មហារាជ ហេតុអ្វី​ បានជា​ព្រះអង្គ​ឲ្យ​គេ​ចាប់​ចង​ត្រកូល​អារាមិកជន​មក។ ព្រះបាទ​ពិម្ពិសារ​ឆ្លើយថា បពិត្រ​លោកម្ចាស់ ព្រោះ​ក្នុង​ផ្ទះ​អារាមិកជន​នោះ មានកម្រង​ផ្កា​មាស​ ល្អល្អះ គួរ​ពិត​ពិល​រមិលមើល ជាទីនាំ​ឲ្យកើត​សេចក្តី​ជ្រះថ្លា ទុកជា​ខាងក្នុង​វាំង​របស់​ខ្ញុំ ក៏​រកកម្រង​ផ្កា​បែប​នេះគ្មានដែរ អារាមិកជន​នោះ ជាមនុស្ស​កំសត់ទេ នឹង​មានកម្រង​ផ្កាមាស​ពីណា ប្រាកដ​ជាវា​លួច​គេ​មក​មិនខានឡើយ។ គ្រានោះ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ​បានអធិដ្ឋាន​ប្រាសាទ​ របស់ព្រះបាទ​មាគធសេនិយពិម្ពិសារ​ឲ្យទៅជាមាស (មួយរំពេច)។ ប្រាសាទ​នោះ ក៏​ក្លាយ​ទៅជា​មាសសុទ្ធ។ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ថ្វាយព្រះពរ​សួរថា បពិត្រ​មហារាជ មាសច្រើន​ម្ល៉េះនេះ តើ​ព្រះអង្គ​បាន​មក​ពីណា។ ព្រះបាទ​ពិម្ពិសារ​ឆ្លើយថា បពិត្រ​លោកដ៏ចំរើន មាសនេះ​ខ្ញុំដឹងហើយ នេះជា​ឥទ្ធានុភាព​របស់​លោកម្ចាស់​ទេតើ មានបន្ទូល​ដូច្នោះហើយ ក៏ឲ្យ​គេដោះលែង​ត្រកូល​អារាមិកជន​នោះទៅ។

[៩៥] ពួក​មនុស្ស​បាន​ឮដំណឹង​ថា ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ សំដែង​ឥទ្ធិបាដិហារ្យ ជា​ឧត្តរិមនុស្សធម្ម ដល់បរិសទ្យ ព្រមទាំងស្តេចហើយ ក៏មានចិត្ត​ត្រេកអរជ្រះថ្លា នាំគ្នា​យក​ភេសជ្ជៈ​ទាំង៥ គឺ​ទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ មកប្រគេន​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ។ ឯ​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ បានលាភមក​ហើយ ក៏តែង​ចាត់ចែង​បណ្តាភេសជ្ជៈ​ទាំង​៥ ភេសជ្ជៈ​ណាមួយ ដែល​លោកបាន​មកៗ (នោះ) ដល់បរិសទ្យ​ជាធម្មតា។ ចំណែក​ខាង​បរិសទ្យ​របស់​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុនោះ ជាមនុស្ស​ល្មោភច្រើន តែង​យក​ភេសជ្ជៈទាំង​អម្បាល​ម៉ាន ដែលខ្លួន​បានមកៗ ទុក​ដាក់ពេញ​ថ្លាងខ្លះ ពេញក្អមខ្លះ ពេញសម្ពត់​តម្រង​ទឹកខ្លះ ពេញ​ថង់ខ្លះ ហើយព្យួរ​ទុក​រាល់ៗ​បង្អួច។ ភេសជ្ជៈ​ទាំងនោះ​ហៀរហូរ​កំពប់ខ្ចាយ។ កុដិ​ក៏ដេរដាស​ដោយ​ពួក​កណ្តុរ។ ពួក​មនុស្ស​ដើរ​ទៅកាន់​វិហារ​ចារិក​ បានឃើញ​ហើយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកសមណៈ ជាសក្យបុត្រនេះ មានរបស់​ទុក​ដាក់ក្នុង​ឃ្លាំង ដូចជា​ព្រះបាទ​មាគធ​សេនិយពិម្ពិសារ​ដែរ។ ពួក​ភិក្ខុ​បាន​ឮមនុស្ស​ទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ពួក​ភិក្ខុណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​ភិក្ខុ​មិនគួរ​នឹង​មកសន្សំ (ភេសជ្ជៈ) ដោយសេចក្តីល្មោភច្រើន​បែប​ដូច្នេះសោះ។ ទើប​ភិក្ខុ​ទាំងនោះ ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរថា ម្នាល​ភិក្ខុ​ទាំងឡាយ ឮថា​ពួកភិក្ខុ​សន្សំ (ភេសជ្ជៈ) ដោយសេចក្តី​ល្មោភច្រើន​បែប​ដូច្នេះ ពិតមែនឬ។ ពួក​ភិក្ខុ​ក្រាបទូលថា បពិត្រ​ព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះសម្ពុទ្ធ​ទ្រង់​តិះដៀល​ ហើយទ្រង់​ធ្វើ​ធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ភេសជ្ជៈ​ទាំងឡាយណា ដែល​ពួក​ភិក្ខុ​មានជម្ងឺ គប្បី​លិទ្ធ​ភ្លក់ (ឆាន់)​បាន គឺទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ ភិក្ខុទទួល​ភេសជ្ជៈ​ទាំង​នោះហើយ ត្រូវទុកដាក់​ឆាន់​បាន​កំណត់​ត្រឹម​៧ថ្ងៃ ជាយ៉ាងយូរ​បំផុត បើភិក្ខុ​ទុក​ភេសជ្ជៈ​ទាំងនោះ​ឲ្យកន្លងហួស​ពីកំណត់​នោះទៅ ត្រូវ​វិនយធរ​ឲ្យភិក្ខុ​នោះធ្វើ​តាមធម៌​។6)

ចប់ វារៈសំដែងអំពីភេសជ្ជៈ ដែលព្រះមានព្រះភាគអនុញ្ញាតជាបឋម។

 

1)
មនុស្ស​ដែលស្តេច​បាន​វេរ​ផ្តាច់​ ឲ្យជាអ្នកថែរក្សាវត្ត (រាជ​ពីដើម​ហៅថាពលព្រះ)។
2)
ជាអ្នកធ្លាប់​ចូលទៅ​មកក្នុងត្រកូល។
3)
ក្មេងប្រុស។
4)
កូនស្រី
5)
ក្មេងស្រី
6)
ត្រូវឲ្យភិក្ខុនោះ​សំដែង​អាបត្តិ​បាចិត្តិយចេញ។​
km/tipitaka/vin/mv/vin.mv.06.03.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann