User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.06.04

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ

១៦៣. គុឡាទិអនុជាននា

សង្ខេប

ព្រះ​ពុទ្ធ​បាន​អនុញ្ញាត​អោយ​ឆាន់ស្ករ​អំពៅ​លាយ​ជាមួយ​ម្សៅនិងផ្សេងៗ​ទៀត។

mv 06.04 បាលី cs-km: vin.mv.06.04 អដ្ឋកថា: vin.mv.06.04_att PTS: ?

គុឡាទិអនុជាននា (ទី១៦៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៦៣)

[៩៦] គ្រានោះ ព្រះមានព្រះភាគ គង់​ទៀប​ក្រុង​សាវត្ថី គួរ​តាម​ព្រះ​អធ្យាស្រ័យ​ហើយ ទ្រង់​យាង​ទៅកាន់​ចារិក​ក្រុង​រាជគ្រឹះ។ ព្រះកង្ខារេវត​ដ៏មានអាយុ បានដើរចូល​ទៅកាន់​កន្លែង​ធ្វើ​ស្ករ​អំពៅ ក្នុងពាក់​កណ្តាលផ្លូវ ហើយបាន​ឃើញ​ពួក​ជន​កំពុង​ដាក់​ម្សៅខ្លះ ផេះខ្លះ​ លាយ​ក្នុង​ស្ករ​អំពៅ លុះឃើញ​ហើយ ក៏មាន​សេចក្តី​រង្កៀស​ថា ស្ករអំពៅ​លាយ​ដោយ​​អាមិសៈ​ ជាអកប្បិយៈ ប្រហែល​ជាស្ករ​អំពៅ មិនគួរ​ភិក្ខុ​នឹងឆាន់ក្នុង​វេលា​វិកាល​ទេដឹង (កាល​រង្កៀស​ដូច្នេះហើយ) ព្រម​ទាំង​បរិសទ្យ​ ក៏មិនហ៊ានឆាន់​ដុំស្ករ​អំពៅ​ឡើយ។ ពួក​ភិក្ខុណា​សំគាល់​ពាក្យ​ព្រះរេវត​នោះ​ ថាជា​ពាក្យ​គួរស្តាប់បាន ភិក្ខុទាំងនោះ ក៏មិនហ៊ាន​ឆាន់​ស្ករអំពៅដែរ។ ភិក្ខុទាំងឡាយ បាន​ក្រាបទូល​ដំណើរនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាល​ភិក្ខុទាំងឡាយ ពួក​ជន​ដាក់​ម្សៅខ្លះ ផេះខ្លះ លាយក្នុង​ស្ករ​អំពៅ​ដើម្បី​ប្រយោជន៍​អ្វី។ ពួក​ភិក្ខុ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះ​ដ៏មានព្រះភាគ ដើម្បី​ប្រយោជន៍​ឲ្យ​ស្អិត។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ បើគេ​ដាក់​ម្សៅ​ខ្លះ ផេះខ្លះ​លាយ​ក្នុងស្ករអំពៅ គ្រាន់តែ​ឲ្យស្អិត (ប៉ុណ្ណោះទេ) ស្ករអំពៅ​នោះ នៅរាប់​ថាជា​ស្ករ​អំពៅ​ដដែល។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុ​ឆាន់​ស្ករអំពៅ​(នោះ) ​បានតាម​សប្បាយ។ ព្រះកង្ខារេវត​ដ៏មានអាយុ បានឃើញ​សណ្តែកបាយ​ ដុះលើដុំលាមក ក្នុងទី​ពាក់​កណ្តាល​ផ្លូវ លុះឃើញ​ហើយ ក៏​រង្កៀស​ថា សណ្តែកបាយ​ ជាអកប្បិយៈ ទុក​ជាចំអិន​ហើយ សណ្តែកបាយ ក៏គង់​តែដុះឡើង​ខ្លះទៀត កាល​រង្កៀស​ដូច្នេះហើយ ព្រម​ទាំង​បរិសទ្យ​ ក៏មិន​ហ៊ាន​ឆាន់​សណ្តែកបាយ​ឡើយ។ ពួក​ភិក្ខុណា​ សំគាល់​ពាក្យ​ព្រះកង្ខារេវត​នោះ​ ថាជា​ពាក្យ​គួរស្តាប់បាន ភិក្ខុទាំងនោះ ក៏មិនហ៊ាន​ឆាន់​សណ្តែកបាយដែរ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ បើសណ្តែកបាយ​ដែល​គេ​ចំអិន​ហើយ នៅតែ​ដុះឡើង​ខ្លះទៀត ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​ឲ្យ​ភិក្ខុ​ឆាន់សណ្តែក​បាយ​ ​(នោះ) ​បានតាម​សប្បាយ។ ក៏សម័យ​នោះឯង ភិក្ខុមួយរូប មានអាពាធកើតអំពី​ខ្យល់ក្នុង​ពោះ។ ភិក្ខុនោះ​បានផឹក​ថ្នាំ ឈ្មោះ​លោណសោចិរកៈ ​1) ភិក្ខុនោះ ក៏បាត់​អាពាធ​កើត​អំពី​ខ្យល់​ក្នុង​ពោះ​នោះទៅ។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​ដំណើរ​នុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុឈឺ​ ឆាន់ថ្នាំ​ឈ្មោះ​លោណសោចិរកៈ (នោះ) បានតាម​សប្បាយ ឲ្យភិក្ខុ​មិនឈឺ​ ឆាន់​ថ្នាំ​លាយ​ទឹក ដោយវិធី​ប្រើ​ប្រាស់​ដូច​ទឹក (មានទឹក​ផ្លែស្វាយ​ជាដើម) បាន។

 

1)
អដ្ឋកថា កែតតិយបារាជិកថា ថ្នាំឈ្មោះ​លោណសោចិរកនោះ គេធ្វើ​ដាក់​ផ្លែសម៉ កន្ទួតព្រៃ សម៉ពិភេគ គ្រឿង​ចត់ និងស្រូវ​ទាំងពួង មានស្រូវ​សាលីជាដើម និង​អបរណ្ណជាតិ មានសណ្តែកល្ង​ជាដើម និង​បាយនៃ​ស្រូវ​៧ប្រការ មាន​ស្រូវ​សាលី​ជាដើម និងផ្លែឈើទាំង​ពួង មានផ្លែចេកជាដើម និងលម្ពង់​ឈើទាំងពួង មានលម្ពង់​ផ្តៅ និង​កាកោះជាដើម និងត្រីសាច់ និងភេសជ្ជៈ​ជាច្រើន មានទឹកឃ្មុំ ទឹកអំពៅ អម្បិលសិន្ធវជាដើម ហើយត្រាំ​ក្នុងភាជន៍ បិទមាត់ភាជន៍​ឲ្យជិត ទុកឲ្យយូរកំណត់១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំ​ក៏បាន។ ថ្នាំ​នោះ​ក៏​ឆ្អិន​ល្អ មានពណ៌​ដូចទឹក​ផ្លែព្រីង សម្រាប់ឆាន់កែរោគខ្យល់ ក្អក ឃ្លង់ ស្គមលឿង និង​ឫសដូងបាទ​ជាដើម ម្យ៉ាងទៀត ជាថ្នាំ​សម្រាប់​ឆាន់​ក្រោយបាយ។
km/tipitaka/vin/mv/vin.mv.06.04.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann