User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.06.06

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ

១៦៥. ឧគ្គហិតបដិគ្គហណា

សង្ខេប

ព្រះ​ពុទ្ធ​បាន​អនុញ្ញាត​អោយ​ភិក្ខុ​រើស​ផ្លែ​ឈើ​ដែល​បាន​ឃើញ​ដាក់​នៅ​កន្លែង​មួយ​​ដើម្បីអោយ​គ្រហស្ថ​អាច​ប្រគេនបានក្នុង​ករណីលំបាក​បិណ្ឌបាត។ ព្រះ​ពុទ្ធ​អនុញ្ញាត​អោយ​ទទួលទានដែល​ប្រគេនពីទីកន្លែង​និមន្តភត្ត​នៅ​ក្នុង​ទី​អាសនៈ​បាន។

mv 06.06 បាលី cs-km: vin.mv.06.06 អដ្ឋកថា: vin.mv.06.06_att PTS: ?

ឧគ្គហិតបដិគ្គហណា (ទី១៦៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៦៥)

[១០០] សម័យ​នោះឯង ពួក​ភិក្ខុច្រើនរូប​នៅចាំវស្សា​ក្នុងដែន​កាសី ហើយក៏​នាំគ្នាទៅ​កាន់​ក្រុង​រាជគ្រឹះ ដើម្បី​គាល់​ព្រះមានព្រះភាគ លុះទៅ​ដល់ពាក់កណ្តាលផ្លូវ ក៏រក​ភោជន​សៅហ្មង ឬឧត្តម​នឹងឆាន់​ឲ្យឆ្អែត​បរិបូណ៌​មិនបាន (ឃើញ) មានតែ​ផ្លែឈើ​ ដែលគួរ​នឹងឆាន់​ជាច្រើន តែរក​បុគ្គល​ជា​កប្បិយការកគ្មាន។ ភិក្ខុទាំងនោះ មានរូបកាយ​លំបាក ក៏នាំគ្នាចូល​ទៅគាល់​ព្រះ​ដ៏មាន​ព្រះភាគ ក្នុងវត្ត​វេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចក៏​អង្គុយនៅក្នុង​ទៅសមគួរ។ ការដែលរីករាយ​ជាមួយ​នឹងពួក​ភិក្ខុ​អាគន្តុក​នេះឯង ជាប្រវេណីរបស់ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទាំងឡាយ (គ្រប់ព្រះអង្គ)។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល​ដូច្នេះ​ នឹងភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ​ល្មម​អត់ទ្រាំ​សេចក្តី​លំបាក​បានដែរ​ឬទេ ល្មមញុំាង​ឥរិយាបថ ​ឲ្យប្រព្រឹត្ត​ទៅបាន​ស្រួល​ដែរ​ឬទេ អ្នក(រាល់គ្នា) ដើរមក​តាមផ្លូវ​ឆ្ងាយ មិនលំបាក​ទេឬ ម្យ៉ាងទៀត ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ​ មកអំពី​ទីណា។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំង​ឡាយ​ល្មម​ធន់ទ្រាំ​បាន បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ ​ល្មមញុំាង​ឥរិយាបថ​ឲ្យប្រព្រឹត្ត​ទៅ​ស្រួលបាន បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​ទាំងឡាយ ​នៅ​ចាំវស្សា​ក្នុង​ដែន​កាសី ហើយមកកាន់​ក្រុង​រាជគ្រឹះ ដើម្បី​គាល់​ព្រះអង្គ​ ក្នុងទីនេះ លុះមកដល់​ពាក់កណ្តាលផ្លូវ រកភោជន​សៅហ្មង ឬឧត្តម​នឹងឆាន់​ឲ្យបានឆ្អែត​បរិបូណ៌​គ្មាន (ឃើញ)​មានតែ​ផ្លែឈើ ​ដែល​គួរ​នឹងឆាន់​ជាច្រើន តែរកបុគ្គល ​ជាកប្បិយការកៈ​គ្មាន ហេតុនោះ បានជា​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ មានរូប​កាយ​លំបាក មកតាមផ្លូវ​ឆ្ងាយ។ ព្រោះនិទាននេះ ដំណើរនេះ ទើ់បព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយទ្រង់ត្រាស់​ហៅពួក​ភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ (បើភិក្ខុណា) បានឃើញ​ផ្លែឈើ ដែល​គួរ​នឹងឆាន់​ក្នុងទីណា តែរកបុគ្គល​ ជាកប្បិយការកៈ​គ្មាន តថាគត​ អនុញ្ញាត​ឲ្យ​ (ភិក្ខុនោះ) រើស​ខ្លួន​ឯង ហើយនាំយកទៅ​ លុះឃើញ​បុគ្គល​ ជា​កប្បិយការកៈ​ហើយ ត្រូវដាក់ចុះ​លើផែនដី ឲ្យកប្បិយការកៈ​ប្រគេន ហើយឆាន់ចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុ​ទទួល​របស់​ឧគ្គហិត គឺវត្ថុ​ដែល​ភិក្ខុកាន់យក​ហើយបាន។

[១០១] សម័យនោះឯង ប្រេងល្ងថ្មី និងទឹកឃ្មុំថ្មី​កើតឡើង​ដល់​ព្រាហ្មណ៍​ម្នាក់។ ឯព្រាហ្មណ៍​នោះ ក៏ត្រិះរិះ​ដូច្នេះថា បើដូច្នោះ មានតែគួរ​អាត្មាអញ ​ប្រគេន​ប្រេងល្ងថ្មី និងទឹក​ឃ្មុំថ្មី​ ដល់ភិក្ខុសង្ឃ​ មានព្រះពុទ្ធ​ ជាប្រធាន។ ទើបព្រាហ្មណ៍​នោះ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ បានស្មោះសរ រីករាយ​ ទៅនឹង​ព្រះដ៏មានព្រះភាគ លុះធ្វើ​ពាក្យ​គួរ​ជាទី​រីករាយ គួរ​ជាទីរលឹក ​ឲ្យសម្រេច​ហើយ ក៏ឈរ​នៅក្នុងទី​សមគួរ។ លុះព្រាហ្មណ៍​នោះ ឈរ​នៅក្នុង​ទីសមគួរ​ហើយ បាននិមន្ត​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះគោតម​ដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ​ ទទួល​ភត្តរបស់​ខ្ញុំ​ព្រះអង្គ​ ដើម្បី​ឆាន់​ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​ទទួល​និមន្ត​ ដោយភាវៈ​ស្ងៀម។ ចំណែក​ព្រាហ្មណ៍​នោះ ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ​ទ្រង់​ទទួល​និមន្ត​ហើយ ទើបចៀសចេញទៅ។ លុះកន្លង​រាត្រី​នោះទៅហើយ ព្រាហ្មណ៍​នោះ​បានតាក់​តែង ​នូវខាទនីយភោជនីយាហារ​យ៉ាងឧត្តម ស្រេច​ហើយ ទើប​ឲ្យ​ក្រាបបង្គំ​ទូល​នូវ​កាល​គួរ ​ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ពេលនេះ​សមគួរ​ហើយ ភត្ត​សម្រេច​ហើយ។ លំដាប់​នោះ ព្រះដ៏​មានព្រះភាគ ​ទ្រង់​ស្បង់​ហើយ ប្រដាប់​ដោយបាត្រ​ និង​ចីវរ​អំពី​ព្រឹក យាង​ទៅ​កាន់ផ្ទះ​ព្រាហ្មណ៍​នោះ លុះយាង​ទៅដល់ហើយ ទ្រង់គង់​លើអាសនៈ ​ដែល​ព្រាហ្មណ៍​តាក់តែង​ទុក ព្រមទាំង​ភិក្ខុសង្ឃ។ ឯព្រាហ្មណ៍​នោះ ​បាន​អង្គាស​ថ្វាយ​ខាទនីយភោជនីយាហារ (បង្អែមចំអាប) ដ៏ឆ្ងាញ់​ពីសារ​ ដោយដៃ​ខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ​ មាន​ព្រះពុទ្ធ ​ជា​ប្រធាន​ឲ្យ​ឆ្អែត​ស្កប់ស្កល់ ត្រាតែ​ដល់​លោកប្រកែក ​លែងទទួល​ទៀត លុះព្រះដ៏មានព្រះភាគ​ ទ្រង់​សោយ​ស្រេច​ លែងលូក​ព្រះហស្ថ​ទៅក្នុងបាត្រ (ព្រាហ្មណ៍) ក៏អង្គុយ​ក្នុងទីសមគួរ។ លុះព្រាហ្មណ៍​នោះ​អង្គុយ​នៅ​ក្នុងទីសមគួរ​ហើយ ទើបព្រះ​ដ៏​មានព្រះភាគ​ ទ្រង់​ពន្យល់​ឲ្យឃើញ​ច្បាស់ ឲ្យ​កាន់យកតាម ឲ្យ​អាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ទ្រង់​ក្រោកចាកអាសនៈ ​យាងចៀស​ចេញទៅ។ កាល​ព្រះដ៏មានព្រះភាគ យាងចេញ​ទៅ មិនយូរ​ប៉ុន្មាន ព្រាហ្មណ៍​នោះ ក៏​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា អាត្មា​អញ​និមន្ត​ព្រះភិក្ខុ​សង្ឃ មានព្រះពុទ្ធ​ ជាប្រធាន​មក ​ដោយមាន​បំណង​ថា នឹង​ប្រគេន​ប្រេង​ល្ងថ្មី និង​ទឹក​ឃ្មុំ​ថ្មី ដើម្បី​ប្រយោជន៍ ​ដល់​ប្រេង​ល្ង និង​ទឹកឃ្មុំ​ណា ប្រេង​ល្ង​ និងទឹក​ឃ្មុំនោះ អាត្មា​អញ​ភ្លេច​ប្រគេន​ទៅហើយ បើដូច្នោះ មានតែ​អាត្មាអញ​ឲ្យគេ​នាំយក​នូវ​ប្រេង​ល្ងថ្មី និងទឹកឃ្មុំ​ថ្មី ដោយ​ក្រឡរ និងក្អម​ទៅកាន់​អារាម។ ទើប​ព្រាហ្មណ៍​នោះ ​ឲ្យគេ​នាំយកប្រេង​ល្ងថ្មី និងទឹកឃ្មុំ​ថ្មី​ ដោយ​ក្រឡរ និងក្អម ទៅកាន់​អារាម ហើយបាន​ចូលទៅរក​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ក៏ឈរ​នៅក្នុង​ទីសមគួរ។ លុះព្រាហ្មណ៍​នោះ ឈរ​នៅក្នុងទី​សមគួរ​ហើយ បានក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំព្រះអង្គ​បាននិមន្ត​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយមាន​បំណង​ថា​ នឹង​ប្រគេន​ប្រេងល្ងថ្មី និងទឹកឃ្មុំថ្មី ដើម្បី​ប្រយោជន៍​ ដល់​ប្រេង​ល្ង ​និង​ទឹកឃ្មុំណា ប្រេងល្ង និងទឹក​ឃ្មុំនោះ ខ្ញុំព្រះអង្គ​ក៏ភ្លេចប្រគេន សូមព្រះគោតម​ដ៏ចំរើន ទទួល​យក​ប្រេង​ល្ងថ្មី និងទឹកឃ្មុំថ្មី​របស់​ខ្ញុំព្រះអង្គ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ​ អ្នកឯង​ចូរ​ប្រគេន ​ដល់​ភិក្ខុ​ទាំងឡាយចុះ។ គ្រានោះឯង កាលស្រុក​កើត​ទុរភិក្ស (អត់បាយ) ភិក្ខុ​ទាំងឡាយ ​ក៏ហាមឃាត់​វត្ថុ​បន្តិចបន្តួច​ខ្លះ ​1) ពិចារណា ហើយហាម​ឃាត់​ខ្លះ​2) ម្យ៉ាង​​ទៀត សង្ឃ​ទាំងអស់ ក៏បាន​ហាម​ភត្ត​រួចហើយ។ ពួកភិក្ខុក៏​រង្កៀស ហើយមិនហ៊ាន​ទទួល។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរ​ទទួល​ចុះ ចូរឆាន់​ចុះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ដែលឆាន់ហើយ ហាមភត្ត​រួចហើយ ឆាន់​ភោជន​មិនមែន​ជា​របស់​ដែល​អំពី​ភិក្ខុ​ឈឺ ឬ​មិនបាន​ធ្វើ​វិនយកម្ម ដែលគេ​នាំយកមកអំពី​ទីដែល​គេនិមន្ត​នោះបាន។

 

1)
ក្នុងវិមតិវិនោទនីដីកា ថា កាលបើ​មាន​ទាយក​ប្រគេន​វត្ថុ​បន្តិចបន្តួច​រួចហើយ ភិក្ខុទាំងឡាយ​ក៏ហាមឃាត់​ មិនទទួល​ទៀត។
2)
ភិក្ខុ​កំណត់​ដឹងថា យើងអាច​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយវត្ថុ​មានប្រមាណ​ប៉ុណ្ណេះ វត្ថុ​ដ៏​សល់​អំពី​នេះ ចូរ​បាន​ដល់​ភិក្ខុ​ឯទៀត​ចុះ ហើយក៏ហាម​ឃាត់​មិនទទួល។
km/tipitaka/vin/mv/vin.mv.06.06.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann