km:tipitaka:vin:mv:vin.mv.06.12

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ

១៧១. តរុណបសន្នមហាមត្តវត្ថុ

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 06.12 បាលី cs-km: vin.mv.06.12 អដ្ឋកថា: vin.mv.06.12_att PTS: ?

តរុណបសន្នមហាមត្តវត្ថុ (ទី១៧១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៧១)

[១១២] ពួកមនុស្ស​បានឮដំណឹងថា ព្រះដ៏​មានព្រះភាគ ទ្រង់​អនុញ្ញាត​បបរ​ និងនំមានរស​ផ្អែមដល់​ភិក្ខុទាំងឡាយ (ដូច្នោះ) ហើយ។ មនុស្ស​ទាំងនោះ ក៏នាំគ្នាតាក់តែង​បបរភោជ្ជ ​1) និងនំមានរសផ្អែម ពីព្រឹកព្រហាម (មកប្រគេនភិក្ខុទាំងឡាយ)។ ពួកភិក្ខុបានឆាន់បបរភោជ្ជ និងនំមានរសផ្អែម ឆ្អែតពីព្រឹកព្រហាមហើយ លុះទៅឆាន់​ក្នុងរោងភត្ត​ទៀត ក៏មិនបានឆ្ងាញ់ពីសា។ សម័យនោះឯង មានមហាមាត្យម្នាក់ ជាអ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី (មិនទាន់មុតមាំ) បាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានទុក ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ លំដាប់នោះ មហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែគួរអាត្មាអញតាក់តែង​ចង្ហាន់សាច់ ចំនួន​១២៥០​សម្រាប់ (ឲ្យល្មម) ដល់ភិក្ខុ១២៥០រូប ហើយប្រគេនចង្ហាន់​សាច់មួយសម្រាប់​ៗ ដល់ភិក្ខុមួយរូបៗ។ មហាមាត្យ អ្នកមានសេចក្តីជ្រះថ្លា​ថ្មី​នោះ លុះកន្លងរាត្រីនោះទៅ ក៏បានតាក់តែង​ខាទនីយភោជនីយៈ ដ៏ឧត្តម និងចង្ហាន់សាច់​១២៥០​សម្រាប់ ហើយក៏ប្រើបម្រើឲ្យទៅក្រាបបង្គំទូល​ពេលឆាន់ ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ពេលនេះល្មមហើយ ភត្តសម្រេចហើយ។ គ្រានោះ ពេលព្រឹកព្រហាម ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ស្បង់​ ហើយប្រដាប់​ដោយបាត្រ និងចីវរ យាងទៅកាន់ផ្ទះ​មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ លុះយាង​ទៅដល់ហើយ ទ្រង់គង់​លើអាសនៈ ដែលគេរៀបចំថ្វាយ មួយអន្លើ​ ដោយភិក្ខុសង្ឃ។ ឯមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ បានអង្គាស​ពួកភិក្ខុ​ក្នុងរោងភត្ត។ ភិក្ខុ​ទាំងឡាយ​ បាននិយាយ​យ៉ាងនេះថា ម្នាលអាវុសោ អ្នកចូរឲ្យ (ភត្ត) តែបន្តិចចុះ ម្នាលអាវុសោ អ្នកចូរឲ្យតែបន្តិចបានហើយ។ មហាមាត្យនិយាយថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​ទាំងឡាយ កុំទទួលភត្តបន្តិចបន្តួច ដោយគិតថា មហាមាត្យនេះ មានសេចក្តីជ្រះថ្លាថ្មី ខាទនីយ​ភោជនីយៈ ខ្ញុំបានចាត់ចែងទុកហើយជាច្រើន ទាំងចង្ហាន់សាច់១២៥០សម្រាប់ផង ខ្ញុំនឹងប្រគេន​ចង្ហាន់សាច់​មួយសម្រាប់ៗ ដល់ភិក្ខុមួយរូបៗ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​ទាំងឡាយ​ ទទួល ដរាបដល់ឆ្អែត។ ពួកភិក្ខុនិយាយតបថា ម្នាលអាវុសោ យើងទាំងឡាយ ទទួលភត្ត​បន្តិច​ៗ ព្រោះ​ហេតុប៉ុណ្ណេះ ក៏ទេ យើងទាំងឡាយ ឆាន់បបរភោជ្ជ និងនំ​មានរសផ្អែម ឆ្អែតអំពីព្រឹក​រួចហើយ ព្រោះហេតុនោះ បានជាយើងទទួលភត្តតែបន្តិចៗ។ លំដាប់នោះ មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ខ្ញុំបាននិមន្ត​លោកម្ចាស់ទាំងឡាយ​រួចហើយ មិនសមបើនឹងទៅឆាន់បបរភោជ្ជ​របស់ជនឯទៀតសោះ (លោកម្ចាស់​ខ្លាចក្រែង) ខ្ញុំ​មិនអាច​នឹងប្រគេន​ឲ្យឆាន់ឆ្អែត​បានឬ។ មហាមាត្យនោះ មានសេចក្តីក្រោធ តូចចិត្ត ប្រាថ្នានឹង​ចោទ កាលដាក់បាត្រ​ភិក្ខុទាំងឡាយពេញហើយ ក៏ដើរទៅនិយាយថា ពួកលោកណាចង់​ឆាន់ក្តី នាំយកទៅក្តី​ (ក៏តាមចិត្តចុះ)។ លំដាប់នោះ មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ បានអង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយខាទនីយភោជនីយៈ ដ៏ឧត្តម ដោយដៃនៃខ្លួន ឲ្យឆ្អែត ស្កប់ស្កល់ ត្រាតែលោកប្រកែក លែងទទួលទៀត លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថទៅក្នុងបាត្រហើយ (មហាមាត្យ) ក៏អង្គុយ​ក្នុងទីសមគួរ។ លុះមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ អង្គុយ​នៅក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យ​ឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់​ក្រោកចាក​អាសនៈ យាងចេញទៅ។ ឯមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ កាលព្រះដ៏មានព្រះភាគ យាងចេញទៅ​ មិនយូរប៉ុន្មាន ក៏កើតសេចក្តីរង្កៀស និងសេចក្តីក្តៅក្រហាយថា អាត្មាអញ ឥតលាភទេតើ លាភរបស់អាត្មាអញ គ្មានសោះទេហ្ន៎ ទាំងអត្តភាពជាមនុស្សសោត ក៏​អាត្មាអញ​បានដោយកម្រ មិនមែនអាត្មាអញ​បានដោយងាយទេ (ឥឡូវ) អាត្មាអញ ខឹង តូចចិត្ត ប្រាថ្នា​នឹងចោទ បានដាក់បាត្រភិក្ខុទាំងឡាយឲ្យពេញ ហើយដើរចៀសចេញទៅ និយាយថា លោក​ទាំងឡាយ​ ចូរឆាន់ក្តី នាំយកទៅក្តី (ក៏តាមចិត្តចុះ) កម្មដែលអាត្មាអញ សន្សំមកជាច្រើន​ហើយ (នេះ) នឹងជាបុណ្យ ឬជាបាបហ្ន៎។ ឯមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះ​មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះអង្គុយ​ក្នុងទីសមគួរ​ហើយ ក៏ក្រាប​បង្គំ​ទូលព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រះដ៏មានព្រះភាគ យាង​ចេញ​​ទៅមិនយូរប៉ុន្មាន ក្នុងវេលានេះ ខ្ញុំព្រះអង្គក៏មានសេចក្តីរង្កៀស និងសេចក្តី​ក្តៅ​ក្រហាយថា អាត្មា​អញ ឥតលាភទេតើ លាភរបស់អាត្មាអញ គ្មានសោះទេហ្ន៎ ទាំងអត្តភាពជាមនុស្សសោត ក៏​អាត្មាអញ​បានដោយកម្រ មិនមែនអាត្មាអញ​បានដោយងាយទេ (ឥឡូវ) អាត្មាអញ ខឹង អន់ចិត្ត ប្រាថ្នា​នឹងចោទ បានដាក់បាត្រភិក្ខុទាំងឡាយឲ្យពេញហើយ ដើរចៀសចេញទៅ និយាយថា លោក​ទាំងឡាយ​ ចូរឆាន់ក្តី នាំយកទៅក្តី (ក៏តាមចិត្តចុះ) កម្មដែលអាត្មាអញ បាន​សន្សំ​មកជា​ច្រើន​​ហើយ (នេះ) នឹងជាបុណ្យ ឬជាបាបហ្ន៎ បពិត្រ​ព្រះអង្គដ៏ចំរើន កម្មដែលខ្ញុំព្រះអង្គ​បាន​សន្សំ​មកជាច្រើនហើយ (នេះ) តើនឹងជាបុណ្យ ឬជាបាប។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអាវុសោ ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដែលអ្នកបាន​និមន្ត​ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ដោយចំណែកណា ចំណែកដែលអ្នកបាន​សន្សំហើយនោះ ក៏ជាបុណ្យ​យ៉ាងច្រើន គ្រាប់បាយ​មួយគ្រាប់ៗរបស់អ្នក ដែលភិក្ខុមួយរូបៗ ទទួលហើយ ដោយចំណែកណា ចំណែកដែលអ្នកបានសន្សំនោះ ក៏ជាបុណ្យ​យ៉ាងច្រើនហើយ ឈ្មោះថា អ្នកឯង​ប្រារព្ធ​យកឋានសួគ៌ហើយ។ ឯមហាមាត្យ អ្នកមានសេចក្តី​ជ្រះថ្លាថ្មីនោះ ក៏គិតថា ប្រហែលជាលាភ​របស់អាត្មាអញហើយ ប្រហែលជាអាត្មាអញ បានអត្ត​ភាព ជាមនុស្សល្អហើយ ប្រហែលជាអាត្មាអញ បានសន្សំបុណ្យជាច្រើនហើយ ប្រហែល​ជាឈ្មោះថា អាត្មាអញ​ប្រារព្ធ​យកឋានសួគ៌ហើយ ក៏មានចិត្តរីករាយ ស្រស់ស្រាយឡើង ក្រោកចាក​អាសនៈ ហើយថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយត្រាស់សួរ​ ចំពោះ​ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា គេបាននិមន្ត​ពួកភិក្ខុទៅក្នុងត្រកូលដទៃហើយ ភិក្ខុទាំងនោះ នៅឆាន់បបរភោជ្ជ របស់​ត្រកូលឯទៀតវិញ ពិតមែនឬ។ ពួកភិក្ខុក្រាបបង្គំ​ទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​ភិក្ខុទាំងឡាយ មោឃបុរស​ទាំងនោះ បាននិមន្ត​ក្នុងត្រកូលដទៃហើយ មិនសមបើ​នឹងទៅ​ឆាន់​បបរភោជ្ជ របស់ត្រកូលឯទៀតសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ទ្រង់តិះដៀលហើយ ទ្រង់ធ្វើ​ធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក​ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុទទួលនិមន្តក្នុងត្រកូលដទៃហើយ មិនត្រូវឆាន់បបរភោជ្ជ របស់ត្រកូល​ឯទៀតទេ ភិក្ខុណាឆាន់ ត្រូវវិនយធរ​ឲ្យភិក្ខុនោះធ្វើតាមធម៌ (គឺ​ឲ្យសំដែងអាបត្តិ​ចេញ)។

 

1)
បបរ​ដែល​គេធ្វើ​អំពីភោជន​ទាំង៥ គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១ ដែលនាំ​ឲ្យកើតបវារណា តាមសិក្ខាបទទី៥ នៃភោជនវគ្គ។
km/tipitaka/vin/mv/vin.mv.06.12.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann