User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.06.14

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ

១៧៣. បាដលិគាមវត្ថុ

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 06.14 បាលី cs-km: vin.mv.06.14 អដ្ឋកថា: vin.mv.06.14_att PTS: ?

បាដលិគាមវត្ថុ (ទី១៧៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៧៣)

[១១៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរ​ដល់ព្រះ​អធ្យាស្រ័យហើយ ទើបយាងចេញ​ទៅកាន់ចារិកនៃ​បាដលិគ្រាម មួយអន្លើដោយ​ភិក្ខុសង្ឃ​ច្រើន ប្រមាណ​១២៥០រូប។ គ្រាកាលព្រះដ៏មានព្រះភាគ ទ្រង់យាង​ទៅកាន់ចារិក​ដោយលំដាប់ ក៏បាន​ដល់ទៅ​បាដលិគ្រាមនោះ។ ពួកឧបាសក​នៅក្នុង​បាដលិគ្រាម បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់យាងមកដល់​បាដលិគ្រាមហើយ។ គ្រានោះ ពួកឧបាសកនៅក្នុង​បាដលិគ្រាម បាននាំគ្នាចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​ក្នុងទីសមគួរ។ លុះពួកឧបាសក​ អ្នកនៅក្នុង​បាដលិគ្រាម អង្គុយ​ក្នុងទីសមគួរ​ហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យ​ឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យ​អាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ពួកឧបាសក អ្នកនៅក្នុងដែនបាដលិគ្រាម លុះ​ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ​ ដោយធម្មីកថា ទើបក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ព្រម​ទាំងភិក្ខុសង្ឃ​ទទួលយក​រោងសំណាក់​របស់យើងខ្ញុំ​ទាំងឡាយ។ ព្រះដ៏មានព្រះភាគ ទ្រង់​ទទួល​ដោយ​ភាវៈ​ស្ងៀម។ លំដាប់នោះ ពួក​ឧបាសក អ្នកនៅ​ក្នុង​បាដលិគ្រាម​ បានដឹងថា ព្រះមានព្រះភាគទ្រង់ទទួលហើយ ក៏នាំគ្នា​ក្រោកចាក​អាសនៈ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅកាន់​រោងសំណាក់ លុះចូល​ទៅដល់​ហើយ ក៏បាន​ក្រាលរោង​សំណាក់​ដោយគ្រឿង​កម្រាល​សព្វគ្រប់ហើយ ក៏តែងតាំង​អាសនៈទាំងឡាយ និងដម្កល់​ក្អមទឹក តែងតាំង​ប្រទីប​ប្រេង ហើយចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទី​សមគួរ។ ពួកឧបាសក អ្នកនៅ​ក្នុងបាដលិគ្រាម បានឋិត​នៅក្នុងទី​សមគួរហើយ បានក្រាបបង្គំ​ទូលព្រះមានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឯរោងសំណាក់​យើងខ្ញុំ បានក្រាលកម្រាល​សព្វគ្រប់ហើយ អាសនៈ​ទាំងឡាយ​ យើងខ្ញុំ​បានតែង​តាំងស្រេចហើយ ក្អមទឹកយើងខ្ញុំ បានដម្កល់​ទុកហើយ ប្រទីបប្រេង យើងខ្ញុំបាន​តែងតាំង​ស្រេចហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះមានព្រះភាគ សំគាល់​កាលដ៏​គួរ​ និងនិមន្ត​ទៅក្នុងកាល​ឥឡូវ​នេះចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ហើយ​ប្រដាប់​ដោយបាត្រ និងចីវរ យាងទៅកាន់​រោង​សំណាក់​ជាមួយ​នឹងភិក្ខុសង្ឃ លុះយាងទៅដល់ហើយ ទ្រង់​លាង​ព្រះបាទ​ទាំងគូហើយ ក៏យាងចូលទៅកាន់​រោងសំណាក់ ទ្រង់គង់​ផ្អែក​នឹងសសរ​កណ្តាល បែរព្រះភក្ត្រ​ទៅទិស​ខាងកើត។ ពួកភិក្ខុក៏បាន​លាងជើង ហើយចូលទៅកាន់​រោងសំណាក់ដែរ ហើយអង្គុយ​ផ្ទាប់​នឹងជញ្ជាំងទិសខាងលិច បែរមុខ​ទៅទិសខាងកើត ឈមមុខ​ត្រង់​ទៅរកព្រះដ៏មានព្រះភាគ។ ចំណែកពួកឧបាសក អ្នកនៅក្នុង​បាដលិគ្រាម ក៏បាន​លាងជើង ហើយនាំគ្នាចូលទៅ​កាន់រោងសំណាក់ ហើយអង្គុយ​ផ្ទាប់នឹង​ជញ្ជាំង​ខាងកើត បែរមុខ​ទៅទិស​ខាងលិច ឈមមុខ​ត្រង់​ទៅរក​ព្រះដ៏មានព្រះភាគដែរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ពួកឧបាសក​ អ្នកនៅក្នុងបាដលិគ្រាមមក ហើយទ្រង់ត្រាស់ថា។

[១១៦] ម្នាលគហបតិទាំងឡាយ ទោសទាំង៥ប្រការនេះ ជាទោសនៃ​បុគ្គលទ្រុស្តសីល 1) ឬវិបត្តិ​ចាកសីល។ ទោសទាំង៥ប្រការនោះ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីល ក្នុងលោកនេះ តែង​បាន​នូវសេចក្តីវិនាស​នៃសម្បត្តិ​ដ៏ច្រើន ហេតុមកពីសេចក្តី​ប្រមាថ។ នេះជាទោស​ទី១ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ តែង​មានកិត្តិសព្ទអាក្រក់ ឮខ្ចរខ្ចាយទៅ។ នេះជាទោស​ទី២ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ (បើ) ចូលទៅកាន់​បរិសទ្យណា ទោះបី​ជាខត្តិយបរិសទ្យ​ក្តី ជាព្រាហ្មណ៍បរិសទ្យក្តី ជាគហបតិបរិសទ្យក្តី ជាសមណបរិសទ្យក្តី ក៏គ្មាន​ក្លៀវក្លា មានតែ​មុខឱន​ចុះ ហើយដើរចូល​ទៅ។ នេះជាទោស​ទី៣ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ វេលាទៀបស្លាប់ តែងវង្វេងស្មារតី។ នេះជាទោស​ទី៤ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាល​គហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ លុះរំលាងខន្ធ​បន្ទាប់​អំពី​មរណៈ រមែងទៅកាន់អបាយ2) (តិរច្ឆាន) ទុគ្គតិ3) (ប្រេត) វិនិបាត4) (អសុរកាយ) និរយ (នរក)។ នេះជាទោស​ទី៥ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ទោសទាំង៥ប្រការនេះឯង ជាទោស​នៃបុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាក​សីល។

[១១៧] ម្នាលគហបតិទាំងឡាយ អានិសង្សទាំង៥ប្រការនេះ ជាអានិសង្សនៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ អានិសង្សទាំង៥ប្រការនោះ តើដូចម្តេចខ្លះ។ ម្នាល​គហបតិ​ទាំងឡាយ បុគ្គលមានសីល ឬបរិបូណ៌ដោយសីល ក្នុងលោកនេះ តែង​បាន​នូវគំនរ ​នៃសម្បត្តិ​ដ៏ច្រើន ហេតុមកពីសេចក្តីមិន​ប្រមាថ។ នេះជាអានិសង្ស​ទី១ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ តែង​មានកិត្តិសព្ទដ៏ពីរោះ ឮខ្ចរខ្ចាយទៅ។ នេះជាអានិសង្ស​ទី២ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ (បើ) ចូលទៅកាន់​បរិសទ្យណា ទោះបី​ជា​ខត្តិយ​បរិសទ្យ​​ក្តី ជាព្រាហ្មណ៍បរិសទ្យក្តី ជាគហបតិបរិសទ្យក្តី ជាសមណបរិសទ្យក្តី ក៏​ក្លៀវក្លា មិនឱនមុខ​ចុះ គឺថា មិនក្រអឹមក្រអៀម ហើយដើរចូល​ទៅ។ នេះជាអានិសង្ស​ទី៣ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គល​មាន​សីល ឬបរិបូណ៌ដោយសីលហើយ លុះវេលាទៀបស្លាប់ ក៏មិនវង្វេងស្មារតីឡើយ។ នេះជាអានិសង្ស​ទី៤ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាល​គហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ លុះរំលាងខន្ធ​បន្ទាប់​អំពី​មរណៈ រមែងទៅកាន់មនុស្សលោក ឬទេវលោក។ នេះជាអានិសង្ស​ទី៥ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ អានិសង្សទាំង៥ប្រការនេះឯង ជាអានិសង្ស​​នៃបុគ្គលមានសីល ឬបរិបូណ៌ដោយ​សីល។

[១១៨] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឧបាសក​ទាំងឡាយ នៅក្នុង​បាដលិគ្រាម​ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា អស់​រាត្រីជាច្រើន ហើយបញ្ជូន​ទៅដោយ​ព្រះពុទ្ធ​ដីកាថា ម្នាលគហបតិទាំងឡាយ រាត្រី (បឋមយាម) កន្លង​ទៅហើយ អ្នកទាំងឡាយ ចូរដឹងនូវកាល​ដ៏គួរ នឹងត្រឡប់ទៅវិញ​ក្នុងកាលឥឡូវ​នេះចុះ។ ឧបាសក​ទាំងឡាយនៅក្នុងបាដលិគ្រាម បានទទួលព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក្រោកចាកទីអង្គុយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ វេលាដែល​ឧបាសក​ទាំងឡាយ នៅក្នុងបាដលិគ្រាម ចៀសចេញ​ទៅមិនយូរប៉ុន្មាន ព្រះអង្គក៏​ទ្រង់យាងចូល​ទៅកាន់​សុញ្ញាគារដ្ឋាន (គឺ​ផ្ទះស្ងាត់)។

 

1)
ក្នុង​តតិយសារត្ថទីបនីដីកាតតិយសមន្ត អធិប្បាយពីរយ៉ាង គឺបុគ្គល​មិនបាន​សមាទានសីល ឬសមាទានសីលហើយធ្វើ​សីលឲ្យដាច់ទៅវិញ។
2)
ប្រទេស​ប្រាសចាក​សេចក្តីសុខ។
3)
ទី គឺបណ្ឌិតគប្បីខ្ពើម។
4)
ចូរមើលវិនយបិដក មហាវិភង្គភាគទី១ ទំព័រ​១៤​ឯណោះ។
km/tipitaka/vin/mv/vin.mv.06.14.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann