km:tipitaka:vin:mv:vin.mv.06.15

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ

១៧៤. សុនិធវស្សការវត្ថុ

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 06.15 បាលី cs-km: vin.mv.06.15 អដ្ឋកថា: vin.mv.06.15_att PTS: ?

សុនិធវស្សការវត្ថុ (ទី១៧៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៧៤)

[១១៩] សម័យនោះឯង មហាមាត្យ​នៅក្នុងដែន​មគធៈ ឈ្មោះ​សុនីធៈ១ វស្សការៈ១ នាំគ្នាកសាង​ក្រុងក្នុង​បាដលិគ្រាម ដើម្បីនឹង​ការពារ​ពួករាជត្រកូល ដែលនៅក្នុងដែនវជ្ជី។ ព្រះមានព្រះភាគ ទ្រង់​តើនឡើងក្នុង​បច្ចូសសម័យនៃរាត្រី ហើយទ្រង់ទតដោយ​ទិព្វចក្ខុ ដ៏ស្អាត​កន្លង​លើសចក្ខុ​របស់មនុស្ស បានឃើញពួក​ទេវតាជាច្រើនកំពុង​គយគន់មើលទៅកន្លែង​សង់​ផ្ទះ ក្នុងបាដលិគ្រាម។ ទេវតាមានសក្តិធំ គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិធំទាំងឡាយ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិជាកណ្តាល គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិជាកណ្តាលទាំងឡាយ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិទាប គយគន់មើល​ទីកន្លែង​សង់ផ្ទះ​ក្នុង​ប្រទេស​ណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិទាបទាំងឡាយ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មក ហើយទ្រង់សួរថា ម្នាលអានន្ទ ជនពួកណាហ្ន៎ គេសាង​ក្រុង​ក្នុងបាដលិគ្រាម។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន មហាមាត្យ​ក្នុងដែនមគធៈ ឈ្មោះ​សុនីធៈ និងវស្សការៈ សាង​ក្រុង​ក្នុងបាដលិគ្រាម ដើម្បី​នឹងការពារ​នូវពួករាជត្រកូល ដែល​នៅក្នុង​ដែន​វជ្ជី។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ បានប្រឹក្សាគ្នា​នឹងពួក​ទេវតា ក្នុងស្ថានតាវត្តិង្ស1) ថាយ៉ាងណាមិញ ម្នាលអានន្ទ មហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះ​សុនីធៈ និងវស្សការៈ សាង​ក្រុង​ក្នុងបាដលិគ្រាម ដើម្បី​នឹងការពារ​នូវពួករាជត្រកូលក្នុង​ដែន​វជ្ជី យ៉ាងនោះដែរ ម្នាលអានន្ទ តថាគត​ក្រោកឡើងក្នុងបច្ចូសសម័យ នៃរាត្រី ក្នុងសុញ្ញាគារដ្ឋាន (ផ្ទះស្ងាត់) នេះ ហើយមើល​ដោយ​ទិព្វចក្ខុ​ដ៏ស្អាត​ កន្លង​លើសចក្ខុរបស់​មនុស្ស បានឃើញពួកទេវតា​ជាច្រើន កំពុង​គយគន់មើល​ទៅកន្លែង​សង់ផ្ទះ ក្នុងបាដលិគ្រាម។ ពួក​ទេវតាមានសក្តិធំ គយគន់​មើលទី​កន្លែង​សង់ផ្ទះ​ក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិធំ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិជាកណ្តាល គយគន់មើល​ទីកន្លែង​សង់ផ្ទះ​ក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិជាកណ្តាល ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិទាប គយគន់មើល​ទីកន្លែង​សង់ផ្ទះ​ក្នុង​ប្រទេស​ណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិទាប ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ម្នាលអានន្ទ ទីប្រជុំ​របស់អរិយបុគ្គលទាំងឡាយ ដែលមាន​ទាំងអម្បាលមាណ និងផ្លូវជំនួញ ដែលមានទាំងអម្បាលមាណ បាដលិបុត្រនេះ ក៏ជាក្រុងប្រសើរជាង​ទីប្រជុំ​ព្រះអរិយបុគ្គល និងផ្លូវ​ជំនួញ​អម្បាលនោះ ម្យ៉ាងទៀត ជាកន្លែង​បែកធ្លាយ ឬ​របូត​បង្វេច​ទ្រព្យ ម្នាលអានន្ទ ​ក្រុងបាដលិបុត្រមុខជានឹងមាន​សេចក្តីអន្តរាយ​៣យ៉ាង គឺអន្តរាយ​អំពីភ្លើង១ អន្តរាយអំពី​ទឹក១ អន្តរាយអំពី​ហេតុខាងក្នុង គឺបែកចាកគ្នានឹងគ្នា១។

[១២០] គ្រានោះ មហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ (នាំគ្នា) ចូលទៅ​គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល​ទៅរក​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួរជាទីរីករាយ និងពាក្យ​គួរជាទីរលឹក ល្មម​ឲ្យកើត​សេចក្តីស្និទ្ធស្នាល​ហើយ ទើបឋិត​នៅក្នុងទីសមគួរ។ លុះមហាមាត្យ​ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលពាក្យដូច្នេះ​នឹងព្រះដ៏មានព្រះភាគ​ថា សូមព្រះ​គោតមដ៏ចំរើនទទួលភត្តរបស់ខ្ញុំ​ព្រះអង្គ​ទាំងឡាយ ដើម្បីឆាន់​ក្នុងថ្ងៃស្អែក មួយអន្លើ​ដោយភិក្ខុ​សង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួល​និមន្ត​ដោយភាវៈ​ស្ងៀម។ គ្រានោះ មហាមាត្យនៅក្នុង​ដែន​មគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោក​ចាក​ទីអង្គុយ ហើយដើរចេញទៅ។ គ្រានោះ មហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ តាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម (រួចហើយ) ចាត់បម្រើឲ្យទៅ​ក្រាបបង្គំ​ទូល​កាលដ៏គួរ ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាល (នេះជាកាលគួរហើយ) ភត្ត​ក៏សម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់​ដោយបាត្រ និង​ចីវរ ក្នុង​វេលាព្រឹក យាងចូលទៅកាន់លំនៅមហាមាត្យ នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេរៀបចំថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ គ្រានោះ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ក៏អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយខាទនីយភោជនីយហារ ដ៏ឆ្ងាញ់​ពីសាដោយដៃ​នៃខ្លួន ត្រាតែ​ភិក្ខុ​សង្ឃហាមឃាត់ លុះកំណត់​ដឹងថា ព្រះមានព្រះភាគ ទ្រង់សោយរួចហើយ ដាក់ព្រះហស្តចុះចាក​បាត្រហើយ ក៏អង្គុយនៅក្នុងទីដ៏សមគួរ។ លុះមហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់​អនុមោទនា ដោយ​ព្រះគាថា​ទាំងឡាយ​នេះថា

[១២១] មនុស្ស ជាបណ្ឌិតជាតិ រមែង​សម្រេច​នូវការ​នៅក្នុង​ប្រទេសណាហើយ ក៏តែង​ឲ្យពួក​បុគ្គល​អ្នកមានសីល ដែលសង្រួមល្អ ប្រព្រឹត្តធម៌ដ៏ប្រសើរ ឲ្យបរិភោគ​ក្នុងលំនៅរបស់ខ្លួន ហើយបានទាំង​ឧទ្ទិស​ផលទក្ខិណាទាន (ឲ្យចំណែកបុណ្យ) ដល់ពួកទេវតាដែលនៅ​ក្នុងប្រទេស​នោះ (ថែមទៀត)។ ទេវតា​ទាំងនោះ តែងបូជា​ចំពោះមនុស្សដែលបាន​បូជាដល់ខ្លួន តែងរាប់​អាន​ចំពោះ​មនុស្សដែល​រាប់អានដល់ខ្លួន តែងអនុគ្រោះ​មនុស្សនោះ ដូចជាមាតា​អនុគ្រោះបុត្រ ដែល​ខ្លួន​បីថ្នម ផ្ទាប់​នឹងទ្រូង​ឲ្យចំរើនឡើង។ មនុស្ស​ដែលទេវតា​ បានអនុគ្រោះហើយ ក៏តែងឃើញ​នូវ​សេចក្តី​ចំរើនសព្វៗកាល។

[១២២] លំដាប់នោះ ព្រះមានព្រះភាគ​ ទ្រង់អនុមោទនាដោយព្រះគាថាទាំងឡាយនេះ ចំពោះ​មហាមាត្យ​ នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ (ចប់ហើយ) ក៏ទ្រង់​ក្រោកចាក​អាសនៈ​ យាងចេញទៅ។ សម័យនោះឯង មហាមាត្យ ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដើរតាមព្រះមានព្រះភាគ អំពីក្រោយៗ ដោយគិតថា ក្នុងថ្ងៃនេះ ព្រះសមណគោតម នឹងយាងចេញទៅ តាមទ្វារណា ទ្វារនោះ នឹងបាន​ឈ្មោះថា គោតមទ្វារ នឹងឆ្លងស្ទឹងគង្គា តាមកំពង់ណា កំពង់នោះ នឹងបានឈ្មោះថា គោតមតិត្ថ។ គ្រានោះ ព្រះដ៏​មានព្រះភាគ​ ទ្រង់​យាងចេញ​ តាមទ្វារណា ទ្វារនោះក៏ឈ្មោះថា គោតមទ្វារ ជាប្រាកដ (ដល់​សព្វថ្ងៃនេះ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងចូលទៅកាន់ស្ទឹង​គង្គា។ ស្ទឹងគង្គា​មាន​ទឹកពេញប្រៀប ត្រឹមស្មើនឹង​មាត់ច្រាំង ល្មមសត្វ​ក្អែក​ ឱនផឹកបាន។ មនុស្សពួកខ្លះ ​រកទូក មនុស្ស​ពួកខ្លះ​រកផែ មនុស្ស​ពួកខ្លះ​ ចងក្បូន ប្រាថ្នានឹងឆ្លងអំពី​ត្រើយខាងអាយ ទៅកាន់​ត្រើយខាង​នាយ។ ព្រះដ៏មានព្រះភាគ ទ្រង់បានឃើញ​មនុស្សទាំងនោះ គឺមនុស្ស​ពួកខ្លះ ​កំពុងរកទូក មនុស្សពួកខ្លះ​ កំពុង​រកផែ មនុស្ស​ពួកខ្លះ ​កំពុងចងក្បូន ប្រាថ្នានឹង​ឆ្លងអំពីត្រើយ​ខាងអាយ ទៅត្រើយ​ខាងនាយ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់ឃើញ​ហើយ ក៏និម្មិត​ព្រះអង្គបាត់ (មួយរំពេច) អំពី​ត្រើយខាង​អាយ នៃស្ទឹងគង្គា ទៅប្រាកដនៅត្រើយ​ខាងនាយ ជាមួយ​នឹងភិក្ខុសង្ឃ គួរនា​ដូចជាបុរស មានកំឡាំង​ លាចេញនូវដើមដៃ ​ដែលបត់ចូល ឬបត់ចូលនូវ​ដើមដៃ ដែលលាចេញ ឆាប់រហ័សដូច្នោះឯង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់ នូវ​សេចក្តី​នោះហើយ ទើបបន្លឺ​ឡើង នូវ​ឧទាន​គាថា​នេះ ក្នុងវេលានោះថា ពួកជនណាឆ្លងស្ទឹង គឺតណ្ហា​ដ៏ជ្រៅឆ្ងាយ​ទូលាយបាន (ពួកជននោះឯង) តែង​ធ្វើស្ពាន គឺអរិយមគ្គមិនឲ្យប៉ះពាល់ទីជាទំនាប​ទាំងឡាយ ហើយឆ្លងបាន សេចក្តីពិតថា ជន​ធម្មតា (ដែលប្រាថ្នា​នឹងឆ្លងទឹកបន្តិចបន្តួច) តែង​ចងក្បូន (ទើបឆ្លងទៅបាន) ឯជនជាអ្នក​ប្រាជ្ញទាំងឡាយ គឺព្រះពុទ្ធ​ និងសាវករបស់ព្រះពុទ្ធ លោកបាន​ឆ្លង​រួចស្រឡះហើយ។

 

1)
អដ្ឋកថា និងដីកាថា ពួកមហាមាត្យ ដែលសាង​ក្រុង​ក្នុងបាដលិគ្រាម ក៏ហាក់​ដូចជាបាន​ទៅប្រឹក្សា​គ្នានឹងទេវតា​ក្នុងស្ថានតាវត្តិង្ស។
km/tipitaka/vin/mv/vin.mv.06.15.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann