User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.06.18

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ

១៧៧. លិច្ឆវីវត្ថុ

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 06.18 បាលី cs-km: vin.mv.06.18 អដ្ឋកថា: vin.mv.06.18_att PTS: ?

លិច្ឆវីវត្ថុ (ទី១៧៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៧៧)

ពួក​ស្តេច​លិច្ឆវី ក្រុងវេសាលី បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរ​មកដល់​កោដិគ្រាម។ ពួក​ស្តេចលិច្ឆវី ក្រុងវេសាលី ក៏ឲ្យពួក​សារថី ទឹមយានដ៏ថ្លៃថ្លា ហើយឡើង​គង់យាន​ដ៏ថ្លៃថ្លា ចេញ​អំពី​ក្រុងវេសាលី ទៅដោយយានដ៏ថ្លៃថ្លាទាំងអម្បាល​នោះ​ ដើម្បីជួបនឹង​ព្រះដ៏មានព្រះភាគ។ ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌ខៀវ មានសម្បុរខៀវ1) ទ្រង់ព្រះពស្ត្រខៀវ2) មានគ្រឿង​តែងខ្លួន​ក៏ខៀវ3) ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌លឿង មានសម្បុរលឿង ទ្រង់ព្រះពស្ត្រលឿង មានគ្រឿង​តែងខ្លួន​ក៏លឿង ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌ក្រហម មានសម្បុរក្រហម ទ្រង់ព្រះពស្ត្រក្រហម មានគ្រឿង​តែងខ្លួន​ក៏ក្រហម ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌ស មានសម្បុរស ទ្រង់​ព្រះពស្ត្រស មានគ្រឿង​តែងខ្លួន​ក៏ស។​ លំដាប់នោះ នាងអម្ពបាលី ជាស្រី​ផ្កាមាស ប្រជល់​ចន្ទោលដោយចន្ទោល បំប៉ះនឹមដោយនឹម បំប៉ះកង់ដោយកង់ បំប៉ះភ្លៅដោយភ្លៅ (នៃយាន) របស់ពួកស្តេចលិច្ឆវីកំឡោះៗ។ គ្រានោះ ស្តេចលិច្ឆវី​ទាំងនោះ និយាយ​នឹង​នាងអម្ពបាលី ជាស្រីផ្កាមាសថា ម្នាលមេ អម្ពបាលី ព្រោះហេតុអ្វីបានជានាង​មក​ប្រជល់​ចន្ទោលដោយចន្ទោល បំប៉ះនឹមដោយនឹម បំប៉ះកង់ដោយកង់ បំប៉ះភ្លៅដោយភ្លៅ (នៃយាន) របស់យើងជាស្តេច​លិច្ឆវីកំឡោះៗ។ នាងអម្ពបាលី​តបថា បពិត្រអយ្យបុត្ត​4) ទាំងឡាយ ព្រោះថា ខ្ញុំបាន​និមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បី​នឹងឆាន់​ក្នុងថ្ងៃស្អែក។ ស្តេច​លិច្ឆវី​ទាំងអម្បាលនោះ មានព្រះបន្ទូលថា ម្នាលមេអម្ពបាលី ចូរនាងឲ្យ​ភត្តនេះ​មកយើងចុះ (យើងនឹងឲ្យដំឡៃនាង) ចំនួន​១សែនកហាបណៈ។ នាងអម្ពបាលីតបថា បពិត្រ​អយ្យបុត្ត ទុកជាព្រះអង្គប្រទានក្រុងវេសាលី ព្រមទាំងសួយសារអាករ ដែលមាននៅ​ក្នុងជនបទ មកខ្ញុំ ខ្ញុំក៏​មិនព្រមថ្វាយភត្តនោះឡើយ។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ទះម្រាម​ព្រះហស្ថ ហើយពោលថា ម្នាលអ្នកទាំងឡាយដ៏ចំរើន យើងចាញ់មាតុគ្រាមហើយ ម្នាលគ្នាយើង​ដ៏ចំរើន យើងចាញ់មាតុគ្រាមហើយ។ លំដាប់នោះ ស្តេចលិច្ឆវី​ទាំងនោះ (ក៏នាំគ្នា) ចូលទៅកាន់​ទីដែល​ព្រះដ៏មានព្រះភាគ​គង់នៅ។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញ​ស្តេចលិច្ឆវីទាំងនោះ កំពុង​យាងមកអំពីចម្ងាយ លុះឃើញហើយ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា​ដែលមិនធ្លាប់ឃើញទេវតា ក្នុងស្ថានតាវត្តិង្សទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរ​រមិលមើល​ពួកលិច្ឆវីបរិសទ្យចុះ អ្នកទាំងឡាយ ចូររមិលមើល​ពួកលិច្ឆវីបរិសទ្យរឿយៗចុះ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរប្រៀបធៀបពួកលិច្ឆវីបរិសទ្យ ទៅនឹងពួក​ទេវតា​ក្នុងជាន់​តាវត្តិង្សមើលចុះ។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ ក៏ដាក់យានទុកក្នុងទីមួយ ហើយចុះអំពី​យាន ដើរទៅដោយជើងទទេ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយ​បង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីសមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ពួកស្តេច​លិច្ឆវី ដែលអង្គុយក្នុងទីសមគួរនោះឯង ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថា។ ឯស្តេចលិច្ឆវីទាំងនោះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថាហើយ ក៏ពោលពាក្យនេះ នឹងព្រះដ៏​មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏​មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ​ ទទួលភត្ត​ពួកខ្ញុំព្រះអង្គ​ ក្នុងថ្ងៃស្អែក។ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលលិច្ឆវីទាំងឡាយ តថាគត បានទទួលភត្ត​ របស់នាង​អម្ពបាលី ជាស្រីផ្កាមាស ​ក្នុងថ្ងៃ​ស្អែករួចទៅហើយ។ លំដាប់នោះ ស្តេច​លិច្ឆវី​ទាំងនោះ ទះម្រាមព្រះហស្ថ ហើយពោលថា ម្នាលគ្នាយើងដ៏ចំរើន យើងចាញ់មាតុគ្រាម​ហើយ ម្នាលគ្នាយើងដ៏ចំរើន យើងចាញ់មាតុគ្រាម​ហើយ។ លំដាប់នោះ ស្តេច​លិច្ឆវីទាំងនោះ ត្រេកអររីករាយ តាមភាសិត​របស់ព្រះដ៏​មានព្រះភាគហើយ ក្រោកចាកអាសនៈ ក្រាបថ្វាយ​បង្គំ​ព្រះ​មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ គ្រានោះ ព្រះដ៏​មានព្រះភាគ គង់ក្នុង​កោដិគ្រាម គួរតាមព្រះអធ្យាស្រ័យ ហើយយាង​ទៅកាន់នាទិកាប្រទេស។ ព្រះអង្គ ទ្រង់គង់​នៅក្នុង​រោងឥដ្ឋ ក្នុងនាទិកាប្រទេសនោះឯង។ លុះព្រលឹមឡើង នាងអម្ពបាលី ជាស្រីផ្កាមាស ក៏តាក់​តែង​ខាទនីយភោជនីយាហារ (បង្អែម ចំអាប) ក្នុងអារាម (ផ្ទះ) របស់ខ្លួន ហើយចាត់​បម្រើឲ្យទៅ​ក្រាប​បង្គំ​ទូលកាល​គួរ ដល់ព្រះដ៏​មានព្រះភាគថា ពេលគួរហើយព្រះអង្គ ភត្តសម្រេចហើយ។ គ្រានោះ ព្រះដ៏​មានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរអំពីព្រលឹម យាងតម្រង់ទៅ​កាន់​ទីអង្គាស (ចង្ហាន់) របស់នាងអម្ពបាលី ជាស្រីផ្កាមាស លុះយាងទៅដល់ហើយ ទើបគង់លើ​អាសនៈ ដែលគេក្រាលថ្វាយ ព្រមទាំងភិក្ខុសង្ឃ។ គ្រានោះ នាងអម្ពបាលី ជាស្រីផ្កាមាស អង្គាស​ថ្វាយខាទនីយភោជនីយាហារ (បង្អែម ចំអាប) ដ៏ឆ្ងាញ់ពីសារ ដោយដៃខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែព្រះដ៏​មានព្រះភាគ ទ្រង់ឈប់ទទួល សោយស្រេចហើយ លែងលូកព្រះហស្ថ​ទៅក្នុងបាត្រហើយ ទើប (នាង) អង្គុយ​នៅក្នុងទី​សមគួរ។ កាលបើនាងអម្ពបាលី ជាស្រីផ្កាមាស អង្គុយនៅក្នុងទីដ៏សមគួរហើយ ទើបពោលពាក្យ​នេះ នឹង​ព្រះដ៏​មានព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមថ្វាយ​នូវអម្ពបាលិវននេះ ដល់​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន។ ព្រះដ៏​មានព្រះភាគ ក៏ទ្រង់ទទួលនូវ​អារាម (នោះ)។ គ្រានោះ ព្រះដ៏​មានព្រះភាគ ពន្យល់នាងអម្ពបាលី ជាស្រីផ្កាមាស ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យត្រេកអរ ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ យាងទៅកាន់ព្រៃមហាវន។ បានឮថា ព្រះមានព្រះភាគ គង់នៅក្នុង​កូដាគារសាលា នាមហាវន ជិតក្រុង​វេសាលីនោះឯង។

ចប់ វារៈពោលអំពីស្តេចលិច្ឆវី។

 

1)
១.២.៣ ក្នុងតតិយសារត្ថទីបនីដីកា តតិយសមន្តថា សូម្បីរាជរថ ទង់ សេះ ដងជន្លួញ ក៏សឹង​ប្រដាប់​ដោយមាស និងកែវ​ មានសម្បុរខៀវទាំងអស់ ទាំងលឿង ក្រហម ស ក៏ដូចគ្នា។
2)
3)
4)
អយ្យបុត្ត គឺព្រះអង្គម្ចាស់
km/tipitaka/vin/mv/vin.mv.06.18.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann