User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.06.19

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ

១៧៨. សីហសេនាបតិវត្ថុ

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 06.19 បាលី cs-km: vin.mv.06.19 អដ្ឋកថា: vin.mv.06.19_att PTS: ?

សីហសេនាបតិវត្ថុ (ទី១៧៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៧៨)

[១២៦] សម័យនោះឯង ពួកស្តេចលិច្ឆវី ដែលមានកេរ្តិឈ្មោះល្បីល្បាញ​ក្រៃលែង អង្គុយប្រជុំគ្នា ក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ1) ពោលសរសើរ​គុណព្រះធម៌2) ពោលសរសើរគុណព្រះសង្ឃ3) ដោយបរិយាយជាច្រើន។ សម័យនោះ សីហសេនាបតិ ជាសាវកនិគ្រណ្ឋ ក៏អង្គុយនៅ​ក្នុងកណ្តាល​បរិសទ្យនោះដែរ។ ទើបសីហសេនាបតិ ត្រិះរិះដូច្នេះថា ព្រះដ៏​មានព្រះភាគនោះ ព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធ​ប្រាកដ ឥតសង្ស័យឡើយ ព្រោះហេតុនោះ ពួកស្តេចលិច្ឆវី​ទាំងនោះ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ​គុណព្រះសង្ឃ ដោយបរិយាជាច្រើន បើដូច្នោះ មានតែអាត្មាអញ​ចូលទៅ ដើម្បី​ឃើញ​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ (លងមើល)។ លំដាប់នោះ សីហសេនាបតិ ចូលសំដៅទៅត្រង់ទីដែល​និគណ្ឋនាដបុត្តនៅ លុះចូលទៅដល់ហើយ ក៏សំពះនិគណ្ឋនាដបុត្ត ហើយអង្គុយនៅក្នុងទីសមគួរ។ លុះសីហសេនាបតិ អង្គុយនៅក្នុងទីសមគួរហើយ ទើបនិយាយទៅ​នឹងនិគណ្ឋនាដបុត្តថា បពិត្រ​លោកដ៏ចំរើន ខ្ញុំចង់ចូលទៅឃើញ​ព្រះសមណគោតម (ម្តងមើល)។ និគណ្ឋនាដបុត្តពោលថា នែអ្នកសីហៈ អ្នកឯងជាអ្នកនិយាយ​ចំពោះកិច្ចការថា ត្រូវធ្វើ និងចូលទៅមើលសមណគោត្តម ជាអ្នកពោលពាក្យឃាត់​កិច្ចការថា មិនត្រូវ​ធ្វើដូចម្តេចបាន ម្នាលអ្នកសីហៈ ព្រោះសមណគោតម ជាអ្នកពោល​ពាក្យ​ឃាត់​កិច្ចការ ថាមិនត្រូវធ្វើ សំដែងធម៌ហាមកិច្ចការថា មិនត្រូវធ្វើ និងទូន្មាន​សាវកទាំងឡាយ ដោយពោលពាក្យឃាត់កិច្ចការ​ថា មិនត្រូវធ្វើនោះដែរ។ ឯការរៀបចំដំណើរ​របស់សីហសេនាបតិ ដើម្បីនឹងទៅឃើញព្រះដ៏​មានព្រះភាគ (នុ៎ះ) ក៏អាក់ខានទៅ។ ពួក​ស្តេចលិច្ឆវី​​ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ​គុណព្រះសង្ឃ ដោយបរិយាជាច្រើន អស់វារៈ​ជាគំរប់ពីរដងផង។បេ។ អស់វារៈ​ជាគំរប់​បីដងផង។ ឯសីហសេនាបតិ ក៏មានសេចក្តី​ត្រិះរិះក្នុងវារៈជាគំរប់បីដងថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គ​ជា​ព្រះអរហន្តសម្មាសម្ពុទ្ធប្រាកដ ឥតសង្ស័យឡើយ ព្រោះហេតុនោះហើយ បានជាពួក​ស្តេចលិច្ឆវី​​​ទាំងនេះ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ​គុណព្រះសង្ឃ ដោយបរិយាជាច្រើន និគ្រណ្ឋទាំង (នេះ) ទោះអញលាក្តី មិនលាក្តី នឹងធ្វើអ្វីអញ បើដូច្នោះ អាត្មាអញ មិនបាច់លា​និគ្រណ្ឋ​ទាំង (នេះ) ទេ គួរតែចូលទៅឃើញ​ព្រះដ៏មានព្រះភាគ ជា​ព្រះអរហន្តសម្មាសម្ពុទ្ធនោះតែម្តង។ លំដាប់នោះ សីហសេនាបតិ ចេញទៅអំពីក្រុងវេសាលី ដោយរថ៥០០ ក្នុងវេលាថ្ងៃ ដើម្បីនឹងឃើញ​ព្រះដ៏មានព្រះភាគ ហើយដាក់យានទុកក្នុងទី​សមគួរ ទើបចុះ​អំពីយាន ដើរទៅដោយជើងទទេ ចូលតម្រង់ទៅកាន់ទីដែល​ព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ទើបអង្គុយក្នុងទីសមគួរ។ លុះសីហសេនាបតិអង្គុយក្នុងទី​សមគួរហើយ បានក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​បានឮថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការ​ថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពោលពាក្យ​ឃាត់​កិច្ចការ​ថា មិនត្រូវធ្វើ ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន គេទាំងឡាយតែងពោលយ៉ាងនេះថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការ​ថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពោលពាក្យ​ឃាត់​កិច្ចការ​ថា មិនត្រូវធ្វើដូច្នោះដែរ បពិត្រ​ព្រះអង្គដ៏ចំរើន គេទាំងនោះពោលត្រង់ តាមពាក្យរបស់ព្រះអង្គ មិនមែន​ពោលបង្កាច់​ព្រះអង្គ ​ដោយពាក្យ​មិនពិតទេឬ ដ្បិត​ព្រះអង្គតែងពោលជាក់ច្បាស់ ​នូវធម៌ ​សមគួរ​ដល់ធម៌ ប្រសិនបើមាន​សហធម្មិកណាមួយបាននិយាយ​ត្រូវតាម​ព្រះពុទ្ធដីកាដែល​ព្រះអង្គ​បានពោល (នោះ) ក៏មិនបាន​ដល់​នូវហេតុ​ដំណេះដំនៀល​ឡើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះហើយ បានជាយើង​ខ្ញុំ​ព្រះអង្គ​មិនចង់ពោល​បង្កាច់​ព្រះដ៏មានព្រះភាគ។

[១២៧] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលសីហៈ មានហេតុជាទំនង​គួរឲ្យអ្នកផងថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យឃាត់កិច្ចការ​ថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​គួរឲ្យអ្នកផងថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលថា ត្រូវធ្វើកិច្ចការ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មាន​សាវក​ទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជា​ទំនង​ គួរឲ្យអ្នកផងថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់​ផ្តិលទេតើ សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិលនោះដែរ ដែល​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីខ្ពើមរអើម ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា គួរខ្ពើមរអើមនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញទេតើ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញ​នោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកដុតកំដៅទេតើ សំដែងធម៌ ដើម្បីដុតកំដៅ ទាំង​ទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាមនុស្សឥតកំណើត សំដែងធម៌ ដើម្បីមិនឲ្យមានកំណើត ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យមិនមានកំណើតនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកទំនុកបំរុង សំដែងធម៌ ដើម្បីទំនុកបំរុង ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ឲ្យទំនុកបំរុងនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យថា មិនត្រូវធ្វើ សំដែងធម៌ ហាមថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច ម្នាលសីហៈ ដ្បិតតថាគតពោលថា មិនត្រូវធ្វើចំពោះតែកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត និងពោលឃាត់​កិច្ចការថា មិនត្រូវធ្វើចំពោះតែអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការថា មិនត្រូវធ្វើ សំដែងធម៌ហាមថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលថា ត្រូវធ្វើ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ដ្បិតតថាគតពោលថា ត្រូវធ្វើចំពោះតែកាយសុចរិត វចីសុចរិត មនោសុចរិត និងពោលថា ត្រូវធ្វើចំពោះតែកុសលធម៌ដែលមានប្រយោជន៍​ច្រើន​ប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណ​គោតម ជាអ្នកពោលថា ត្រូវធ្វើ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះ​តថាគត​ថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិល សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិល ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ដ្បិតតថាគតពោលថា ត្រូវកាត់ផ្តាច់ផ្តិលរាគៈ ទោសៈ មោហៈ និងពោលថា ត្រូវកាត់ផ្តាច់ផ្តិលនោះ ចំពោះតែអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិល សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិល ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យ​អ្នក​ផង​​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីការខ្ពើមរអើម ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវខ្ពើមរអើមនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះតថាគតខ្ពើមចំពោះតែកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត និងខ្ពើមចំពោះសេចក្តីប្រកបចិត្ត ផ្តេកផ្តិតទៅរកអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីការខ្ពើមរអើម ទាំងទូន្មាន​សាវកទាំងឡាយ ដោយការខ្ពើមរអើមនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះ​តថាគត​ សំដែងធម៌ចំពោះផ្លូវ​ប្រតិបត្តិ ដែលបំផ្លាញ​បង់នូវ​រាគៈ ទោសៈ មោហៈ និងសំដែងធម៌​ចំពោះផ្លូវប្រតិបត្តិ បំផ្លាញបង់នូវអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯង​ហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកដុតកំដៅ សំដែងធម៌ ដើម្បីដុតកំដៅ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះ​តថាគត​ពោលថា កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ជាទីតាំង​នៃសេចក្តី​ក្តៅក្រហាយ ជាអកុសលធម៌ដ៏​អាក្រក់ ម្នាលសីហៈ អកុសលធម៌ដ៏អាក្រក់​ទាំងឡាយ ដែលជាទីតាំង​នៃសេចក្តីក្តៅក្រហាយ (នោះ) បើអ្នកណាបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើ​វត្ថុ​សម្រាប់​កើត​​ទៀត​ ឲ្យអស់រលីង ដូចជាដើម​ត្នោតដែលគេក្របែល គាស់រំលើង ឲ្យលែងដុះ​តទៅទៀត​ហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើត​តទៅខាងមុខ​ទៀត​​ហើយ តថាគត ហៅអ្នកនោះថា អ្នកដុតកំដៅ ម្នាលសីហៈ អកុសលធម៌ដ៏អាក្រក់​ទាំងឡាយ ដែល​ជាទីតាំង​នៃសេចក្តីក្តៅក្រហាយ (នោះ) តថាគតឯង បានលះស្រឡះហើយ បានផ្តាច់​ផ្តិល​ឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើត​ទៀត​ ឲ្យអស់រលីង ដូចដើម​ត្នោត​ ដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌លែងមានកំណើត​តទៅខាងមុខ​ហើយ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នក​ផង​​ថា​ចំពោះ​តថាគត​ថា ព្រះសមណគោតម ជាអ្នកដុតកំដៅ សំដែងធម៌ ដើម្បីដុតកំដៅ ទាំង​ទូន្មាន​សាវក​ទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនង​ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកឥតកំណើត សំដែងធម៌ ដើម្បី​មិនឲ្យមានកំណើត ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនឲ្យមាន​កំណើតនោះដែរ ដែល​គេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះកិរិយាដេកក្នុង​គភ៌​តទៅទៀត ដំណើរ​កើត​ក្នុងភព តទៅខាងមុខទៀត បើអ្នកណាបាន​លះស្រឡះហើយ បាន​​ផ្តាច់​ផ្តិល​ឫស​គល់​អស់​ហើយ បានធ្វើវត្ថុសម្រាប់កើត​ទៀត​ ឲ្យអស់រលីង ដូចដើម​ត្នោតដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅទៀតហើយ ឲ្យជាធម៌​ លែងមាន​កំណើត​​តទៅខាងមុខទៀត​ហើយ តថាគត ហៅអ្នកនោះថា អ្នកឥតកំណើត ម្នាលសីហៈ កិរិយា​ដេកក្នុង​គភ៌ តទៅទៀត ដំណើរកើតក្នុងភព តទៅខាងមុខទៀត តថាគត បានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើត​ទៀត​ ឲ្យអស់រលីង ដូចដើម​ត្នោត​ ដែល​គេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅ​ទៀត​ហើយ ឲ្យជាធម៌ លែងមានកំណើត​ តទៅខាងមុខ​ទៀតហើយ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នក​ផង​​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកឥតកំណើត សំដែងធម៌ ដើម្បីមិនឲ្យមានកំណើត ទាំង​ទូន្មាន​សាវកទាំងឡាយ ដោយពាក្យមិនឲ្យមានកំណើតនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកទំនុកបំរុងពួក សំដែងធម៌ ដើម្បីទំនុកបំរុង ទាំង​ទូន្មាន​សាវក​ទាំង​ឡាយ ដោយពាក្យថា ឲ្យទំនុកបំរុងនោះដែរ ដែលគេថានោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះតថាគតជាអ្នក​ទំនុកបំរុងពួក សំដែងធម៌ ដើម្បី​ទំនុកបំរុង ដោយសេចក្តីទំនុកបំរុង​ដ៏ឧត្តម4) ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ឲ្យទំនុកបំរុង​នោះដែរ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរឲ្យអ្នកផង​ថា​ចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកទំនុកបំរុង សំដែងធម៌ ដើម្បីទំនុកបំរុង ទាំង​ទូន្មាន​សាវក​ទាំង​ឡាយ ដោយពាក្យថា ឲ្យទំនុកបំរុងនោះដែរ ដែលគេថានោះ ត្រូវហើយ។

[១២៨] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សីហសេនាបតិ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ​ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គ​សំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ គួរនាដូចជាមនុស្សចាប់បើក​របស់​ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ពុំនោះ ដូចជាមនុស្សបើកបង្ហាញ​របស់ដែលគេលាក់​ បិទបាំង ពុំនោះសោត ដូចជាមនុស្សអ្នកប្រាប់ផ្លូវ ដល់អ្នកវង្វេង ឬក៏ដូចជាមនុស្សកាន់ប្រទីបប្រេង ទ្រោលបំភ្លឺ​ក្នុងទីងងឹត ដោយគិតថា មនុស្ស​មានភ្នែក មើលឃើញនូវរូបទាំងឡាយបាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវ​ព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថា​ជាទីរឭក សូមព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំ​ព្រះអង្គ ថាជាឧបាសក ដល់ហើយនូវ​ព្រះរតនត្រ័យ ថាជាទីរឭកស្មើដោយជីវិត តាំងអំពីថ្ងៃនេះទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ អ្នកឯងចូរ​ធ្វើនូវការ​គិតជញ្ជឹងមើលសិន ឯការគិតជញ្ជឹងមើល (នោះ) ជាកិច្ចប្រពៃ​ របស់មនុស្ស​ជាអ្នកដឹងទាំងឡាយ ដូចអ្នកឯង (នេះ)។ សីហសេនាបតិ ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ត្រេកអររីករាយ ជាច្រើនលើសជាងប្រមាណ តាមព្រះពុទ្ធដីការបស់​ព្រះមានព្រះភាគនេះ ដ្បិត​ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងខ្ញុំព្រះអង្គថា ម្នាលសីហៈ ចូរអ្នកឯង​ធ្វើនូវការ​គិតជញ្ជឹងមើលសិន ឯការគិតជញ្ជឹង​មើល (នោះ) ជាកិច្ចប្រពៃ​របស់មនុស្ស​ជាអ្នកដឹង​ទាំងឡាយ ដូចអ្នកឯង (នេះ) បពិត្រព្រះអង្គដ៏ចំរើន តិរិ្ថយដទៃទាំងឡាយ បានខ្ញុំព្រះអង្គជាសាវក មុខជាគេ​នាំគ្នាលើកទង់ជុំវិញក្រុងវេសាលីទាំងអស់ រួច (គេប្រកាសសេចក្តី) ថា យើងទាំងឡាយ បានសីហសេនាបតិ​មកជាសាវកហើយ ក៏ក្នុងកាលឥឡូវនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​នឹង​ខ្ញុំ​ព្រះអង្គយ៉ាងនេះថា ម្នាលសីហៈ ចូរអ្នកឯងធ្វើនូវការ​គិតជញ្ជឹង​មើលសិន ឯការគិតជញ្ជឹង​មើល (នោះ) ជាកិច្ចប្រពៃ របស់មនុស្ស​ជាអ្នកដឹងទាំងឡាយ ដូចអ្នកឯង (នេះ) បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាទីរឭក ជាគំរប់ពីរដង សូមព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់ព្រះរតនត្រ័យ ថាជាទីរឭកស្មើដោយជីវិត តាំងអំពីថ្ងៃនេះទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ ត្រកូលរបស់អ្នក ជាអណ្តូង​បម្រុង​ពួកនិគ្រណ្ឋ ជាយូរណាស់មកហើយ អ្នកសំគាល់​ថាបាន​អ្នកណា នឹងឲ្យបិណ្ឌបាត​ដល់តិរ្ថិយ​ដែលចូលមកនោះ។ សីហសេនាបតិ ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គត្រេកអរ​ រីករាយ​ជាច្រើនលើសប្រមាណ តាមពុទ្ធដីកា​របស់​ព្រះដ៏​មានព្រះភាគនេះ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹង​ខ្ញុំព្រះអង្គ​យ៉ាងនេះថា ម្នាលសីហៈ ត្រកូលរបស់អ្នក ជាអណ្តូង​បម្រុង​ពួកនិគ្រណ្ឋ ជាយូរណាស់មកហើយ អ្នកសំគាល់​ថាបាន​អ្នក​ណា នឹងឲ្យបិណ្ឌបាត​ដល់និគ្រណ្ឋ​ ដែលចូលមកនោះវិញ បពិត្រ​ព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំ​ព្រះអង្គ​ស្តាប់បានហើយ ថាព្រះសមណគោតម ទ្រង់ត្រាស់នឹងខ្ញុំ​យ៉ាងនេះថា អ្នកត្រូវ​ឲ្យទាន​ដល់​តថាគតតែម្យ៉ាង មិនត្រូវឲ្យទាន​ដល់ពួកនិគ្រណ្ឋ​ដទៃទេ អ្នកត្រូវ​ឲ្យទាន​ដល់សាវក​របស់​តថាគត​តែម្យ៉ាង មិនត្រូវឲ្យទាន​ដល់ពួកសាវក​របស់ពួកនិគ្រណ្ឋ​ដទៃទេ ទានដែលអ្នកឲ្យហើយ ដល់​តថាគត ជាទានមានផលច្រើន ទានដែលអ្នកឲ្យ​ហើយ ដល់ពួកនិគ្រណ្ឋដទៃ ជាទាន​មិនមាន​ផល​ច្រើនទេ ទានដែលអ្នកឲ្យហើយ ដល់​ពួកសាវករបស់តថាគត ជាទានមានផលច្រើន ទានដែល​អ្នក​ឲ្យ​ហើយ ដល់ពួកសាវករបស់និគ្រណ្ឋដទៃ ជាទាន​មិនមាន​ផល​ច្រើនទេ ក៏ក្នុងកាលឥឡូវ​នេះ ព្រះដ៏មានព្រះភាគ បបួលខ្ញុំ​ព្រះអង្គ​ឲ្យធ្វើទាន​ដល់ពួកនិគ្រណ្ឋ (វិញ) បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែ​ខ្ញុំព្រះអង្គដឹងកាលដ៏សមគួរ​ ក្នុងការឲ្យទាននេះ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់​នូវ​ព្រះដ៏មានព្រះភាគ ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាទីរឭក ជាគំរប់បីដង សូម​ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​នូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់ព្រះរតនត្រ័យ ថាជាទីរឭក ដោយ​ជីវិត តាំងអំពី​នេះទៅ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា ដល់សីហសេនាបតិ គឺសំដែងនូវ​ទានកថា សីលកថា សគ្គកថា ទោសរបស់​កាម​ទាំងឡាយ ដ៏លាមកសៅហ្មង និងអានិសង្ស​ក្នុងការចេញបួស។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា សីហសេនាបតិ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាក​នីវរណៈ មានចិត្តរីករាយ មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ក្នុងកាលនោះ ព្រះអង្គក៏សំដែងនូវ​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ​តែង​លើកឡើង​សំដែង​ដោយ​ព្រះអង្គឯង គឺ (សំដែង) ទុក្ខ សមុទយ និរោធ មគ្គ។ ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់ ដោយវត្ថុ​មានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់​ដោយល្អបាន យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់សីហសេនាបតិ ក្នុងទីអង្គុយ​នោះឯងថា ធម្មជាត​ណាមួយ មានសេចក្តី​កើតឡើង​ជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់​ទៅវិញជាធម្មតា ក៏មានឧបមេយ្យ​ដូច្នោះឯង។ គ្រានោះ សីហសេនាបតិ បានឃើញ​ធម៌ហើយ បានដល់​ធម៌ហើយ បានត្រាស់ដឹង​ធម៌ហើយ ឈមចុះកាន់​ធម៌ស៊ប់ហើយ កន្លងផុតសេចក្តី​សង្ស័យ​ហើយ កាត់បង់នូវ​សេចក្តី​ងឿងឆ្ងល់ ជាអ្នកដល់នូវ​សេចក្តីក្លាហាន លែង​ជឿស្តាប់បុគ្គល​ដទៃ ក្នុងសាសនា​របស់ព្រះសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំ​ព្រះអង្គ ក្នុងថ្ងៃស្អែកនេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត​ ដោយតុណ្ហីភាព។ គ្រានោះ សីហសេនាបតិ ដឹងថាព្រះដ៏មានព្រះភាគ ទ្រង់ទទួល​និមន្តហើយ ក៏ក្រោកចាក​ទីអង្គុយ ថ្វាយបង្គំ​លាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។ ទើបសីហសេនាបតិ បង្គាប់បុរស​ម្នាក់​ថា នែនាយ អ្នកឯង​ចូរទៅ​រកសាច់សត្វស្លាប់​ស្រាប់មក។ លុះកន្លងរាត្រីយប់នោះហើយ ទើប​សីហ​សេនាបតិ តាក់តែងខាទនីយភោជនីយាហារដ៏ឆ្ងាញ់ពីសា ហើយចាត់បម្រើឲ្យទៅក្រាបទូល​នូវ​ភត្តកាល ដល់ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន (កាលនេះ) ជាកាល​សមគួរហើយ ភត្ត​ក៏សម្រេចហើយ។ គ្រានោះ ក្នុងបុព្វណ្ហសម័យ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយទ្រង់​បាត្រចីវរ យាងទៅកាន់​ផ្ទះសីហសេនាបតិ លុះចូល​ទៅដល់ហើយ គង់លើអាសនៈ ដែលគេ​ក្រាល​បម្រុង​ទុក ព្រមទាំងភិក្ខុសង្ឃ។ សម័យ​នោះឯង និគ្រណ្ឋទាំងឡាយច្រើន (នាំគ្នានៅ) គ្រប់ច្រក នៅគ្រប់ផ្លូវត្រឡែងកែង ក្នុងក្រុងវេសាលី ហើយផ្គងដៃឡើង កន្ទក់កន្ទេញថា ថ្ងៃនេះ សីហសេនាបតិ សម្លាប់សត្វចិញ្ចឹម​ដ៏ធាត់ៗ ធ្វើភត្ត​បម្រុង​សមណគោតម សមណគោតម​ដឹងថា សាច់​គេធ្វើចំពោះខ្លួន ក៏នៅតែឆាន់សាច់​នោះដែរ។ គ្រានោះ មានបុរស​ម្នាក់ ចូលទៅរក​សីហ​សេនាបតិ លុះចូលទៅ​ដល់ហើយ និយាយ​ខ្សិប​ជិតត្រចៀក​សីហសេនាបតិថា បពិត្រលោក​ដ៏ចំរើន សូមលោកជ្រាបចុះ ពួកនិគ្រណ្ឋទាំងអម្បាលនេះជាច្រើន (នាំគ្នានៅ) គ្រប់ច្រក នៅគ្រប់ផ្លូវត្រឡែងកែង ក្នុងក្រុងវេសាលី ហើយផ្គងដៃឡើង កន្ទក់កន្ទេញថា ថ្ងៃនេះ សីហសេនាបតិ សម្លាប់សត្វចិញ្ចឹម​ដ៏ធាត់ៗ ធ្វើភត្ត​បម្រុង​សមណគោតម សមណគោតម​ដឹងថា សាច់​គេធ្វើចំពោះខ្លួនហើយ ក៏នៅតែឆាន់សាច់​នោះដែរ។ សីហសេនាបតិ និយាយថា ម្នាលអ្នក ចូរ​កុំនិយាយឡើយ លោកដ៏មានអាយុទាំងអម្បាលនោះ ប្រាថ្នានឹងពោលទោសព្រះពុទ្ធ ប្រាថ្នានឹងពោលទោសព្រះធម៌ ប្រាថ្នានឹងពោលទោសព្រះសង្ឃ អស់កាល​ជាយូរមកហើយ លោកដ៏មានអាយុទាំងអម្បាលនោះ ពោលបង្កាច់​ព្រះដ៏មានព្រះភាគនោះដោយ​របស់ដែល​មិនមាន ដោយការទទេ ដោយពាក្យមុសាវាទ ដោយពាក្យមិនពិត មិនអស់​មិនហើយឡើយ ក៏​ឯការពិត (នោះ) យើងមិនក្លែងផ្តាច់​បង់ជីវិតសត្វ ព្រោះហេតុ​ជីវិត (របស់ខ្លួន) ទេ។ គ្រានោះ សីហសេនាបតិ អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយ​ភោជនីយដ៏ផ្ចិតផ្ចង់ ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឈប់ទទួល សោយជាស្រេច ដាក់​ព្រះហស្ថ​អំពី​បាត្រ ទើបអង្គុយ​នៅក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​សីហសេនាបតិ ដែលអង្គុយ​ហើយក្នុងទីសមគួរ ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ យាងចេញទៅ។ ព្រោះរឿងនេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយ​មក ហើយទ្រង់ (បញ្ញត្ត) ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលដឹងថា សាច់គេធ្វើចំពោះ (ខ្លួន) កុំគប្បី​បរិភោគ ភិក្ខុណា​បរិភោគ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ត្រីនិងសាច់ ដែលបរិសុទ្ធ​ដោយបំផុត៣​យ៉ាង គឺមិនបានឃើញ មិនបានឮ មិនបានរង្កៀស។

 

1)
ក្នុងដីកា ពន្យល់​សេចក្តីថា ពោលសរសើរពុទ្ធគុណ ដោយចរិយា៣ គឺ ញាតត្ថចរិយា១ លោកត្ថចរិយា១ ពុទ្ធត្ថចរិយា១។
2)
ពោលសរសើរធម្មគុណ ដោយចំណែកនិកាយ៥ បិដក៣ នវង្គសត្ថុសាសន៩ ធម្មក្ខន្ធ៨៤.០០០។
3)
ពោលសរសើរ​សង្ឃគុណ ដោយអំណាចបព្វជ្ជាថា ភទ្ទិយរាជ មហាកប្បិនរាជ បុក្កុស យសកុលបុត្ត សោណសេដ្ឋិបុត្ត រដ្ឋបាលកុលបុត្ត (លោកទាំងអម្បាលនេះជាដើម) ស្តាប់ធម៌ហើយ បាននូវ​សទ្ធា លះស្វេត្រឆត្ររាជសម្បត្តិ លះទី​សេនាបតិ ទីជាសេដ្ឋី ទីជានាយឃ្លាំង ចេញបួស​ក្នុងសាសនា​របស់​ព្រះសាស្តា។
4)
ក្នុងដីកាថា ទំនុកបំរុងដើម្បីឲ្យបាន​សម្រេចមគ្គ៤ និងផល៤។
km/tipitaka/vin/mv/vin.mv.06.19.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann