km:tipitaka:vin:mv:vin.mv.06.20

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ

១៧៩. កប្បិយភូមិអនុជាននា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 06.20 បាលី cs-km: vin.mv.06.20 អដ្ឋកថា: vin.mv.06.20_att PTS: ?

កប្បិយភូមិអនុជាននា (ទី១៧៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៧៩)

[១២៩] សម័យនោះឯង ក្រុងវេសាលីមានបាយបរិបូណ៌ មានសន្ទូងល្អ មានបិណ្ឌបាត​បានស្រួល ងាយនឹងញុំាង​អត្តភាពឲ្យប្រព្រឹត្ត​ទៅបាន ដោយការស្វែងរក និងការព្យាយាម។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ទីស្ងាត់ សម្ងំនៅក្នុងព្រះកម្មដ្ឋាន ទើបទ្រង់ត្រិះរិះ​ដោយព្រះទ័យ​យ៉ាងនេះថា ខាទនីយភោជនីយៈ​ទាំងឡាយណា ដែលតថាគតបាន​អនុញ្ញាត​ហើយ ដល់ភិក្ខុទាំងឡាយ ក្នុងកាលដែលស្រុកមានអំណត់​ មានសន្ទូងមិនល្អ មានបិណ្ឌបាត​បាន​ដោយលំបាក គឺខាទនីយភោជនីយៈ ដែលទុកដាក់​ខាងក្នុង (អកប្បិយកុដិ) ចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួល​របស់ជាឧគ្គហិត ដែលគេ​នាំមកអំពី​ទីនោះ ដែល​ភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅ​ក្នុងព្រៃ វត្ថុ​នៅក្នុងស្រះ ក៏ក្នុងថ្ងៃនេះ ភិក្ខុទាំងឡាយ នៅបរិភោគ​ភត្តទាំងនោះឬ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ចេញអំពីការសម្ងំនៅក្នុង​ព្រះកម្មដ្ឋាន ក្នុងវេលារសៀលហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទ​ដ៏មានអាយុមក ទ្រង់​ (សួរ) ថា ម្នាលអានន្ទ ខាទនីយភោជនីយៈ​ទាំងឡាយណា ដែលតថាគតបាន​អនុញ្ញាត​ហើយ ដល់​ភិក្ខុ​ទាំង​ឡាយ ក្នុងកាលមានអំណត់​ មានសន្ទូងមិនល្អ មានបិណ្ឌបាត​បាន​ដោយលំបាក គឺ​ខាទនីយ​ភោជនីយៈ ដែលទុកដាក់​ខាងក្នុង និងចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួល​របស់ជាឧគ្គហិត ដែលគេ​នាំមកអំពី​ទីនោះ ដែល​ភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅ​ក្នុងព្រៃ វត្ថុ​នៅក្នុងស្រះ ក៏ក្នុងថ្ងៃនេះ តើភិក្ខុទាំងឡាយ នៅបរិភោគ​ភត្តទាំងនោះឬអ្វី។ ព្រះអានន្ទ ក្រាបបង្គំទូល​ថា បពិត្រព្រះដ៏មានព្រះភាគ ភិក្ខុទាំងឡាយ នៅបរិភោគនៅឡើយ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ត្រាស់ហៅភិក្ខុទាំង​ឡាយមក ហើយទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ខាទនីយភោជនីយៈ​ទាំងឡាយណា ដែលតថាគតបាន​អនុញ្ញាត​ហើយ ដល់​ភិក្ខុ​ទាំង​ឡាយ ក្នុងកាលមានអំណត់​ មានសន្ទូងមិនល្អ មានបិណ្ឌបាត​បាន​ដោយលំបាក គឺ​ខាទនីយ​ភោជនីយៈ ដែលទុកដាក់​ខាងក្នុង និងចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួល​របស់ជាឧគ្គហិត ដែលគេ​នាំមកអំពី​ទីនោះ ដែល​ភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅ​ក្នុងព្រៃ វត្ថុ​នៅក្នុងស្រះ ឥឡូវនេះ តថាគតហាម​ខាទនីយ​ភោជនីយៈ​ទាំងនោះ តាំងពី​ថ្ងៃនេះទៅ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុកុំគប្បីបរិភោគ​នូវ​ខាទនីយភោជនីយ ជាអន្តោវុត្ថ (ទុកដាក់ខាងក្នុងអកប្បិយកុដិ) អន្តោបក្ក (ចំអិន​ខាងក្នុង​អកប្បិយកុដិ) សាមំបក្ក (ភិក្ខុចំអិនខ្លួនឯង) ឧគ្គហិតប្បដិគ្គហិត (កាន់ជាមុន ហើយទើប​ឲ្យគេ​ប្រគេន) បើភិក្ខុណាបរិភោគ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុឆាន់រួចហើយ ហាមភត្តហើយ កុំគប្បី​ឆាន់​អនតិរិត្តភោជន (ភោជនថ្មោង) គឺខាទនីយភោជនីយ ដែលទាយក​នាំមក​អំពីទីនោះ ភិក្ខុទទួល​ក្នុងវេលាមុនភត្ត វត្ថុ​ដែលតាំង​នៅក្នុងព្រៃ វត្ថុដែលតាំងនៅ​ក្នុងស្រះ បើភិក្ខុណា​បរិភោគ វិនយធរត្រូវ​កាត់សេចក្តីតាមអាបត្តិ។

[១៣០] សម័យនោះឯង ពួកមនុស្សអ្នកជនបទផ្ទុកអម្បិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយាហារខ្លះច្រើនមុខ ក្នុងរទេះទាំងឡាយ ហើយបង្វិល​រទេះមកឈប់​នៅក្បែរ​ក្លោងទ្វារខាង​ក្រៅអារាម ដោយប៉ងថា យើងទាំងឡាយនឹងបាននូវលំដាប់ (ទីកន្លែង) ក្នុងកាលណា យើងនឹង​ធ្វើ​ភត្ត (ថ្វាយសង្ឃ) ក្នុងកាលនោះ។ (ចួនពេលនោះ) មហាមេឃក៏ទូទឹមឡើង។ គ្រានោះ ពួក​មនុស្ស​ទាំងអម្បាលនោះ ចូល​ទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ទើបទូល​ព្រះអានន្ទដ៏មានអាយុ ដោយពាក្យដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន មនុស្ស​អ្នកនៅ​ក្នុងជនបទ ផ្ទុកអម្បិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយាហារខ្លះ​ច្រើនមុខ ក្នុងរទេះទាំងឡាយ ហើយមកឈប់​នៅក្បែរក្លោងទ្វារនេះ ចួនពេលនោះ មហាមេឃក៏ទូទឹមឡើង បពិត្រព្រះអានន្ទដ៏ចំរើន មនុស្សអ្នក​នៅក្នុងជនបទទាំងនោះ គួរប្រតិបត្តិ​ដូចម្តេចទៅ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក្រាបទូលសេចក្តី​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលអានន្ទ ណ្ហើយចុះ បើសង្ឃប្រាថ្នានៅទីណា គឺជាវិហារក្តី អឌ្ឍយោគក្តី ប្រាសាទក្តី ប្រាសាទត្រងិលក្តី​ គូហាក្តី ដែលនៅ​ចុងក្រោយគេ សង្ឃចូរ​សន្មត (នូវ​ទីនោះ) ឲ្យជាកប្បិយភូមិ ហើយឲ្យអ្នក​ជនបទ​ទាំង​នោះ នៅក្នុងទីនោះចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ គឺភិក្ខុ​ជាអ្នកឆ្លាស ប្រតិពល គប្បី​ប្តឹងសង្ឃ​ឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បើកម្មមានកាលសមគួរ​ដល់​សង្ឃហើយ សង្ឃគប្បី​សន្មត​វិហារ​ឈ្មោះនេះ ឲ្យជា​កប្បិយភូមិ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃ​សន្មត​វិហារ​ឈ្មោះនេះ ឲ្យជា​កប្បិយភូមិ។ ការសន្មត​វិហារ​ឈ្មោះនេះ ឲ្យជា​កប្បិយភូមិ សមគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏​មានអាយុ​អង្គនោះគប្បីស្ងៀម បើមិនសមគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏​មានអាយុ​អង្គនោះគប្បីនិយាយឡើង។ សង្ឃបានសន្មតវិហារឈ្មោះនេះ ឲ្យជាកប្បិយភូមិហើយ។ ការ​សន្មត​នេះ សមគួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរ​នេះ ដោយ​អាការស្ងៀមនៅយ៉ាងនេះ។ សម័យនោះឯង មនុស្សទាំងឡាយដាំបបរ ដាំបាយ ស្លសម្ល ចិញ្ច្រាំសាច់ ពុះឧស ធ្វើសំឡេងគឹកកង ក្នុងកប្បិយភូមិ ដែលសង្ឃ​សន្មត​ឲ្យនោះឯង។ ព្រះដ៏​មានព្រះភាគ ទ្រង់តើនឡើងក្នុងវេលា​បច្ចូសសម័យ​នៃរាត្រី បានឮសំឡេង​គឹកកងខ្លាំង ខ្ញៀវខ្ញារ1) លុះឮហើយ ទើបទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុមកសួរថា ម្នាល​អានន្ទ សំឡេងគឹកកងខ្លាំង ខ្ញៀវខ្ញារនោះ តើជាសំឡេងអ្វី។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវនេះ មនុស្សទាំងឡាយដាំបបរ ដាំបាយ ស្លសម្ល ចិញ្ច្រាំសាច់ ពុះឧស ក្នុងកប្បិយភូមិ ដែលសង្ឃ​សន្មត​នោះឯង បពិត្រព្រះដ៏មានព្រះភាគ សំឡេងគឹកកងខ្លាំង ខ្ញៀវខ្ញារនោះ ជាសំឡេងនុ៎ះឯង។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់​ធ្វើធម្មីកថា ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ​មក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនគួរ​ប្រើប្រាស់​នូវ​កប្បិយភូមិ ដែលសង្ឃសន្មតទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវ​កប្បិយភូមិបីយ៉ាង គឺឧស្សាវនន្តិកា​2) ១ គោនិសាទិកា3) ១ គហបតិកា4) ១។ សម័យនោះឯង យសោជភិក្ខុដ៏មានអាយុ មានជម្ងឺ។ មនុស្សទាំងឡាយនាំភេសជ្ជៈ ដើម្បីប្រយោជន៍​ដល់លោកនោះ។ ភិក្ខុទាំងឡាយ ដាក់​ទុកភេសជ្ជៈ​ទាំងនោះ​ក្រៅ (លំនៅ)។ សត្វតូចៗ (មានកណ្តុរ) ជាដើម ទំពាស៊ីខ្លះ ពួកចោរលួច​យកទៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​រឿងនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យអ្នកទាំងឡាយប្រើប្រាស់នូវ​កប្បិយភូមិ ដែលសង្ឃ​សន្មតឲ្យ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​នូវកប្បិយភូមិ៤យ៉ាងគឺ ឧស្សាវនន្តិកា១ គោនិសាទិកា១ គហបតិកា១ សម្មតិកា5) ១។

 

1)
សំឡេង​ដូចក្អែក​កញ្ជ្រៀវ។
2)
អដ្ឋកថា កប្បិយកុដិ ដែលសង្ឃសូត្រព្រមគ្នាថា កប្បិយកុដឹ ករោម យើងទាំងឡាយ ធ្វើកប្បិយកុដិដូច្នេះ បីដង ហើយកសាងឡើង ឈ្មោះថា ឧស្សាវនន្តិកា។
3)
ខ្ទមតូច ឬរោងតូច ដែលចាស់​ គ្រាំគ្រា ដូចរោងគោ គួរជាកប្បិយកុដិបាន ឈ្មោះថា គោនិសាទិកា ៗមានពីរយ៉ាងគឺ សេនាសនៈ ដែលគ្មានរបង ឬជញ្ជាំង ឈ្មោះថា អារាមគោនិសាទិកា១ សេនាសនៈ​ទាំងអស់ ដែលមានរបង ឬជញ្ជាំងខ្លះក្តី មិនមានខ្លះក្តី ឈ្មោះថា វិហារគោនិសាទិកា១។
4)
មនុស្សទាំងឡាយ កសាងអាវាសហើយ គេនិយាយថា សូមលោកម្ចាស់ទាំងឡាយ ប្រើប្រាស់នូវ​ (កប្បិយកុដិ) នេះចុះ កប្បិយកុដិនេះ ឈ្មោះថា គហបតិកា។
5)
កុដិ ដែលសង្ឃប្រកាសដោយ​ញត្តិទុតិយកម្ម សន្មតឲ្យជាកប្បិយកុដិ ហៅថា សម្មតិកា។
km/tipitaka/vin/mv/vin.mv.06.20.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann