User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.06.23

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ

១៨២. កេណិយជដិលវត្ថុ

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 06.23 បាលី cs-km: vin.mv.06.23 អដ្ឋកថា: vin.mv.06.23_att PTS: ?

កេណិយជដិលវត្ថុ (ទី១៨២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៨២)

[១៣៤] លំដាប់នោះ កាលព្រះមានព្រះភាគ កាលទ្រង់​ត្រាច់ទៅកាន់ចារិក​ដោយលំដាប់ បានយាងទៅដល់​អាបណនិគម។ ជដិល​ឈ្មោះកេណិយៈ បានឮដំណឹងថា នែគ្នាយើង ឮថា ព្រះសមណគោតម ជាសក្យបុត្រ (ចេញ) ចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវមកដល់​អាបណនិគមដោយលំដាប់ ក៏កិត្តិសព្ទពីរោះ​របស់ព្រះគោតម​ដ៏ចំរើននោះឯង ឮខ្ចរខ្ចាយសុះ​សាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់​ព្រះនាមថា អរហំ ព្រោះព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះ​ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌​​ ដោយប្រពៃ ចំពោះព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះ​ព្រះអង្គបរិបូណ៌​ដោយវិជ្ជា និងចរណៈ ថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ យាងទៅកាន់​ព្រះនិព្វាន ថា លោកវិទូ ព្រោះព្រះអង្គ​ជ្រាបច្បាស់​នូវ​ត្រៃ​លោក ថា អនុត្តរោ ព្រោះព្រះអង្គប្រសើរ​ដោយសីលាទិគុណ រកបុគ្គល​ណាមួយ​ស្មើគ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាន​នូវបុរស​ ដែលគួរ​ទូន្មានបាន ថា សត្ថាទេវមនុស្សានំ ព្រោះព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ថា ពុទ្ធោ ព្រោះព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ថា ភគវា ព្រោះព្រះអង្គ​លែងវិល​ត្រឡប់មកកាន់ភពថ្មី​ទៀត ព្រះអង្គបាន​ត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវ​ព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាង​លោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ញុំាង​មនុស្ស ជា​សម្មតិទេព និង​មនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ព្រះអង្គទ្រង់សំដែងធម៌ ពីរោះ​បទដើម ពីរោះបទកណ្តាល និងពីរោះបទចុង ទ្រង់ប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ ព្រមទាំង​ព្យញ្ជនៈដ៏ពេញ​បរិបូណ៌ ដ៏បរិសុទ្ធអស់ជើង ក៏ដំណើរដែលបានឃើញ បានជួប​នឹងព្រះ​អរហន្ត​ទាំង​ឡាយ មានសភាពយ៉ាងនោះ ជាការ​ប្រពៃពេក។ លំដាប់នោះ កេណិយជដិល មានសេចក្តី​ត្រិះរិះ​ដូច្នេះថា គួរអញ​ឲ្យគេនាំយករបស់អ្វីហ្ន៎ ទៅថ្វាយព្រះសមណគោតម។ ទើប​កេណិយ​ជដិល មានសេចក្តីត្រិះរិះ​ដូច្នេះថា ឫសីទាំងឡាយណា ដែលជាបុព្វបុរស​របស់​ព្រាហ្មណ៍​ទាំងឡាយ ដែលជាអ្នកកសាងមន្ត ជាអ្នករាយមន្ត បទមន្តបុរាណនេះ ដែល​ពួកឫសីណា បានច្រៀង​មកហើយ បាន​រាយមកហើយ បានសន្សំមកច្រើនហើយ ឥឡូវនេះ ព្រាហ្មណ៍​ទាំងឡាយ តែងស្វាធ្យាយតាមបទមន្តនោះ តែងសូត្រ​តាមបទមន្តនោះ តែងពោល​តាមបទមន្ត​ ដែលឫសី​ទាំងឡាយ​នោះពោលហើយ តែង​បង្រៀន​តាមបទមន្ត ដែលឫសី​ទាំងឡាយ​នោះ​បង្រៀន​មកហើយ ដូចជាព្រាហ្មណ៍ ឈ្មោះអដ្ឋកៈ ព្រាហ្មណ៍ឈ្មោះវាមកៈ ព្រាហ្មណ៍ឈ្មោះ​វាមទេវៈ ព្រាហ្មណ៍ឈ្មោះវេស្សាមិត្តៈ ព្រាហ្មណ៍ឈ្មោះ​យមត្តគ្គិ ព្រាហ្មណ៍ឈ្មោះអង្គិរសៈ ព្រាហ្មណ៍ឈ្មោះភារទ្វាជៈ ព្រាហ្មណ៍ឈ្មោះវាសេដ្ឋៈ ព្រាហ្មណ៍ឈ្មោះកស្សបៈ ព្រាហ្មណ៍ឈ្មោះ​ភគុ ពួកព្រាហ្មណ៍​ទាំងនោះ ជាអ្នកវៀរចាកការបរិភោគ​ក្នុងរាត្រី វៀរចាកការបរិភោគខុសកាល (រាប់​ពីពេលថ្ងៃត្រង់​ទៅដល់អរុណរះ) ត្រេកអរនឹងទឹកបានទាំងឡាយ មានសភាព​យ៉ាងនេះ សូម្បី​ព្រះសមណគោតម ក៏ជាអ្នកវៀរចាកការបរិភោគ​ក្នុងរាត្រី វៀរចាកវិកាលភោជន ព្រះសមណ​គោតម ក៏គួរ​ត្រេកអរ​នឹងទឹកបាន​ទាំងឡាយ​ មានសភាព​យ៉ាងនេះដែរហើយ ក៏ឲ្យគេ​តាក់តែង​ទឹកបានជាច្រើន ឲ្យរែកទៅ​ដោយ​ម្រែក​ទាំងឡាយ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏រីករាយ​ជាមួយនឹង​ព្រះដ៏មានព្រះភាគ ហើយពោលនូវ​ពាក្យរាក់ទាក់ រីករាយ សំណេះសំណាលគួរ​រលឹករួចហើយ ក៏បានឈរ​នៅក្នុង​ទីគួរមួយ។ លុះកេណិយ​ជដិល ឈរ​នៅក្នុងទីគួរ​មួយហើយ បានទូលពាក្យនេះនឹង​ព្រះដ៏មានព្រះភាគថា សូមព្រះគោតម​ដ៏ចំរើន​ទទួលទឹកបាន​របស់ខ្ញុំ​ព្រះអង្គ។ ព្រះមានព្រះភាគ​មានព្រះបន្ទូលថា នែកេណិយៈ បើដូច្នោះ អ្នកឯង​ចូរប្រគេនដល់ភិក្ខុទាំងឡាយចុះ។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ានទទួល។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយទទួលឆាន់ចុះ។ គ្រានោះ កេណិយជដិល ក៏បាន​អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយទឹកបានទាំងឡាយដ៏ច្រើន ដោយដៃខ្លួនឯង កាលដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់លាងព្រះហស្ថហើយ លែងលូក​ព្រះហស្ថ​ទៅក្នុងបាត្រហើយ ក៏អង្គុយ​ក្នុងទីគួរមួយ។ លុះកេណិយជដិល​អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ពន្យល់​ឲ្យឃើញ​តាម ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ឯកេណិយជដិល កាលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យឃើញ​តាម ឲ្យកាន់​យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏បានក្រាបទូលពាក្យនេះ​នឹង​ព្រះដ៏​មាន​ព្រះភាគដូច្នេះថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តខ្ញុំព្រះអង្គ ដើម្បី​ឆាន់​ក្នុងថ្ងៃ​ស្អែក។ ព្រះដ៏មានព្រះភាគ មានព្រះបន្ទូល​ថា នែ​កេណិយៈ ភិក្ខុសង្ឃ​ច្រើនណាស់ ចំនួន​១២៥០អង្គ អ្នកសោត ក៏ជ្រះថ្លាខ្លាំង​ក្នុងព្រាហ្មណ៍​ទាំងឡាយហើយ។ កេណិយ​ជដិល​ បានក្រាបទូល​ពាក្យនេះ នឹងព្រះមានព្រះភាគ អស់វារៈជាគំរប់​ពីរដងផងថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ទុកជាភិក្ខុសង្ឃច្រើន ចំនួន​១២៥០អង្គក្តី ទុកជាខ្ញុំព្រះអង្គជ្រះថ្លា​ខ្លាំងក្នុងពា្រហ្មណ៍​ទាំងឡាយក្តី ក៏សូម​ព្រះគោតម​ដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួល​ភត្តខ្ញុំ​ព្រះអង្គ ដើម្បី​ឆាន់​ក្នុងថ្ងៃ​ស្អែក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា នែ​កេណិយៈ ភិក្ខុសង្ឃ​ច្រើន​ណាស់ ចំនួន​១២៥០អង្គ អ្នកឯងសោត ក៏ជ្រះថ្លាខ្លាំង​ក្នុងព្រាហ្មណ៍​ទាំងឡាយហើយ។ កេណិយ​ជដិល​ បានទូល​ពាក្យនេះ នឹងព្រះដ៏មានព្រះភាគ អស់វារៈជាគំរប់​បីដងផងថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ទុកជាភិក្ខុ​សង្ឃ​ច្រើន ចំនួន​១២៥០អង្គក្តី ទុកជាខ្ញុំព្រះអង្គជ្រះថ្លា​ខ្លាំង ក្នុងពា្រហ្មណ៍​ទាំង​ឡាយ​ក្តី ក៏សូម​ព្រះគោតម​ដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួល​ភត្តខ្ញុំ​ព្រះអង្គ ដើម្បី​ឆាន់​ក្នុងថ្ងៃ​ស្អែក។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួល​ដោយតុណ្ហីភាព។ លំដាប់នោះ កេណិយជដិល​ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។ ព្រោះនិទាន​នេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទឹកបានទាំងឡាយ៨យ៉ាង គឺ ទឹកផ្លែស្វាយ ទឹកផ្លែព្រីង ទឹកផ្លែចេកមានគ្រាប់ ទឹកផ្លែចេកឥតគ្រាប់ ទឹកផ្លែស្រគំ ទឹកផ្លែចន្ទន៍ ទឹកក្រអៅឈូក ទឹកផ្លែមាក់ប្រាំង។1) ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទឹកផ្លែឈើ​គ្រប់យ៉ាង លើកលែងតែ​ផ្លែស្រូវ។2) ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទឹកស្លឹកឈើគ្រប់យ៉ាង លើកលែងតែទឹកបន្លែដែលឆ្អិនហើយ3) ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ទឹកផ្កាឈើគ្រប់យ៉ាង លើកលែងតែ​ទឹក​ផ្កា​ស្រគំ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកអំពៅ។ លុះកន្លង​រាត្រីនោះទៅ កេណិយ​ជដិល ឲ្យគេតាក់តែងខាទនីយភោជនីយាហារ​ដ៏ថ្លៃថ្លា ក្នុងអាស្រមខ្លួន ហើយឲ្យក្រាបបង្គំ​ទូល​ភត្តកាល ដល់​ព្រះមាន​ព្រះភាគ​ថា បពិត្រព្រះគោតមដ៏ចំរើន កាលនេះជាកាលគួរ ភត្តសម្រេច​ហើយ។ វេលានោះ ក្នុង​បុព្វណ្ហសម័យ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរ យាងចូលទៅ​កាន់អាស្រមរបស់កេណិយ​ជដិល លុះយាងចូលទៅហើយ ទ្រង់គង់​លើអាសនៈ ដែលគេក្រាលថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ លំដាប់នោះឯង កេណិយ​ជដិល បានអង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង កាលដឹងថា​ព្រះដ៏មានព្រះភាគ ទ្រង់សោយ​ស្រេច លែងលូកព្រះហស្ថ​ទៅក្នុងបាត្រហើយ ក៏អង្គុយ​ក្នុងទី​សមគួរ។ លុះកេណិយ​ជដិល​អង្គុយ​ក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់​អនុមោទនា ដោយគាថាទាំងឡាយនេះថា។

[១៣៥]

យញ្ញៈទាំងឡាយ មានការបូជាភ្លើង ជាប្រធាន សាវិត្តិឆន្ទ ជាប្រធានរបស់​ឆន្ទសាស្ត្រ ស្តេច​ ជាប្រធាន​របស់​មនុស្សទាំងឡាយ សាគរ ជាប្រធានរបស់ស្ទឹង​ទាំងឡាយ ព្រះចន្ទ ជាប្រធាននៃ​នក្ខត្តឫក្ស​ទាំងឡាយ ព្រះអាទិត្យ ជាប្រធាន​នៃ​ពន្លឺទាំងឡាយ ព្រះសង្ឃ​ប៉ុណ្ណោះ ជាប្រធាន​របស់មនុស្ស​ទាំងឡាយ ដែលប្រាថ្នានូវបុណ្យ ហើយបូជា។

គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថាទាំងឡាយនេះ ចំពោះ​កេណិយជដិលហើយ ក៏ទ្រង់​ក្រោកចាកអាសនៈ ចៀសចេញទៅ។

 

1)
អដ្ឋកថា ថា ទឹកអដ្ឋបានទាំងនេះ ជារបស់ត្រជាក់ក្តី ឆ្អិនដោយ​កំដៅថ្ងៃក្តី ក៏គួរ បើចំអិន​ដោយភ្លើង មិនគួរ។
2)
បានដល់ស្រូវ៧ប្រការ។
3)
រសពួកស្លឹកឈើ ដែល​ជា​យាវកាលិក ជារបស់គួរ​ក្នុងបុរេភត្តប៉ុណ្ណោះ រសស្លឹកឈើ ដែលជាយាវជីវិក ភិក្ខុចំអិន​លាយ​នឹងសប្បិ​ជាដើម គួរ​អស់កាល​៧ថ្ងៃ បើចំអិនដោយទឹកសុទ្ធ គួរដរាបដល់អស់ បើចំអិន​ដោយទឹកដោះ​ជាដើម មិនគួរ សូម្បីស្លឹកឈើ​ដែលគេចំអិន​ដោយវត្ថុឯទៀតៗ ក៏ហៅថា រសបន្លែដែរ។
km/tipitaka/vin/mv/vin.mv.06.23.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann