km:tipitaka:vin:mv:vin.mv.06.25

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ

១៨៤. វុឌ្ឍបព្វជិតវត្ថុ

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 06.25 បាលី cs-km: vin.mv.06.25 អដ្ឋកថា: vin.mv.06.25_att PTS: ?

វុឌ្ឍបព្វជិតវត្ថុ (ទី១៨៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៨៤)

[១៣៧] គ្រានោះ ព្រះដ៏មានព្រះភាគគង់ក្នុងក្រុងកុសិនារា តាមគួរ​ដល់ពុទ្ធអធ្យាស្រ័យ​ហើយ ទ្រង់យាងទៅកាន់​ចារិក ​ក្រុង​អាតុមា ជាមួយនឹងភិក្ខុសង្ឃ​ជាច្រើន ចំនួន​១២៥០រូប។ ក៏​សម័យ​នោះឯង ភិក្ខុ1) មួយរូប​ធ្លាប់ធ្វើជាង​កោរ​កាត់ បួសឯចាស់ នៅអាស្រ័យ​ក្នុងក្រុង​អាតុមា។ ទារក2) ពីរនាក់របស់​ភិក្ខុនោះមានសំឡេងពីរោះ ប្រកបដោយ​សេចក្តី​វាងវៃ មិនខ្ជិលច្រអូស សម្រេច​សិល្បៈ​ក្នុងវិជ្ជា​កោរកាត់ ក្នុងសំណាក់អាចារ្យ​របស់ខ្លួន។ ភិក្ខុបួស​ឯចាស់​នោះ បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ​ជាច្រើន ចំនួន​១២៥០រូប មកកាន់​ក្រុងអាតុមា។ គ្រានោះឯង ភិក្ខុបួសឯចាស់នោះ បាននិយាយ​ពាក្យនេះនឹង​ទារកទាំងឡាយនោះ​ថា នែអ្នកទាំងឡាយ ឮថា ព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ​ជាច្រើន ចំនួន១២៥០រូប ស្តេច​មក​កាន់​ក្រុងអាតុមា នែអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ទៅយក​ប្រដាប់កាំបិតកោរ ព្រមទាំង​បំពង់ និងថង់ ហើយដើរទៅកាន់ផ្ទះ​ជាលំដាប់ៗ ចូរប្រមូលអំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈ​ខ្លះ យើងនឹងធ្វើទឹកបានបបរ​ ថ្វាយ​ដល់ព្រះដ៏មានព្រះភាគ ដែលទ្រង់​ពុទ្ធដំណើរមកដល់។ ទារក​ទាំងនោះ ទទួលពាក្យភិក្ខុបួស​ឯចាស់នោះថា ករុណាលោកឪពុក ហើយក៏កាន់យក​ប្រដាប់​កាំបិត​កោរ ដោយបំពង់ និងថង់ ដើរទៅកាន់ផ្ទះ​ជាលំដាប់ៗ ប្រមូល​អំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈ​ខ្លះ។ មនុស្សទាំងឡាយ ឃើញទារកទាំងនោះ មានសំឡេងពីរោះ ប្រកបដោយ​សេចក្តី​វាងវៃ ទុកជា​អ្នកណា​មិនចង់​ឲ្យធ្វើ (កាត់ ឬកោរ) អ្នកទាំងនោះ ក៏ឲ្យធ្វើ លុះឲ្យ​ធ្វើហើយ ក៏ឲ្យ​តម្លៃ​ជាច្រើន។ ឯទារកទាំងនោះ ប្រមូលអំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈ​ខ្លះ ជាច្រើន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់​ទៅក្រុង​អាតុមា។ បានឮថា ព្រះដ៏មានព្រះភាគ គង់ក្នុង​ភូសាគារ3) ជិតក្រុង​អាតុមានោះ។ លុះកន្លងរាត្រីនោះទៅ ទើបភិក្ខុ​បួសឯចាស់នោះ ឲ្យចាត់ចែង​បបរជាច្រើន ហើយបង្អោនថ្វាយចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទទួលបបរ​របស់ខ្ញុំ​ព្រះអង្គ។ ព្រះតថាគតទាំងឡាយ ទ្រង់ជ្រាបហើយ សួរ​ក៏មាន ទ្រង់ជ្រាបហើយ មិនសួរក៏មាន ទ្រង់ជ្រាប​កាលគួរហើយ សួរក៏មាន ទ្រង់ជ្រាបកាល​គួរ​ហើយ មិនសួរក៏មាន ព្រះតថាគត​ទាំងឡាយ សួរតែហេតុ​ដែលប្រកបដោយ​ប្រយោជន៍ មិនសួរ​ហេតុដែលមិនប្រកប​ដោយប្រយោជន៍ឡើយ ព្រោះហេតុ​មិនប្រកប​ដោយ​ប្រយោជន៍​ ព្រះតថាគត​ទាំងឡាយ សម្លាប់បង់​ហើយដោយ​អរិយមគ្គ។ ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទាំងឡាយ ទ្រង់​សួរពួកភិក្ខុដោយហេតុពីរប្រការ គឺទ្រង់សួរ​ដើម្បី​នឹងសំដែងធម៌១ ដើម្បី​នឹង​បញ្ញត្ត​សិក្ខាបទ​ដល់​សាវក​ទាំងឡាយ១។ គ្រានោះឯង ព្រះដ៏មានព្រះភាគ មានព្រះបន្ទូលនេះ នឹង​ភិក្ខុបួស​ឯចាស់​នោះថា នែភិក្ខុ បបរនេះ អ្នកឯង​បានមកពីណា។ ទើបភិក្ខុបួស​ឯចាស់នោះ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អំពើ​នេះមិនសមគួរ មិនទំនង មិនត្រូវបែប មិនមែនជា​របស់សមណៈ មិនគប្បី មិនគួរ​ធ្វើទេ នែ​មោឃបុរស អ្នកឯង​ជាអ្នកបួស មិនសមបើនឹងបបួល (គេឲ្យធ្វើ) ក្នុងការមិនគួរសោះ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួក​ជនដែល​មិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់​បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយ (មក ហើយទ្រង់​មានព្រះបន្ទូល) ថា ម្នាលភិក្ខុទាំងឡាយ បព្វជិត មិនត្រូវបបួល (គេឲ្យធ្វើ) ក្នុងការ​មិនគួរទេ បព្វជិតណាបបួល ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុដែលធ្លាប់ធ្វើ​ជាងកោរកាត់ (មកពីដើម) មិន​ត្រូវរក្សាគ្រឿង​ប្រដាប់កាំបិត​កោរទុកទេ ភិក្ខុណា​រក្សាទុក ត្រូវអាបត្តិទុក្កដ។

[១៣៨] គ្រានោះឯង ព្រះមានព្រះភាគ គង់ក្នុងក្រុងអាតុមា គួរ​តាមពុទ្ធ​អធ្យាស្រ័យហើយ ក៏ទ្រង់​យាង​ទៅកាន់ចារិក​ក្រុងសាវត្ថី។ លុះព្រះមានព្រះភាគ ទ្រង់ត្រាច់​ទៅកាន់ចារិក ដោយលំដាប់ បានដល់ទៅ​ក្រុងសាវត្ថីនោះ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថីនោះ។ ក៏សម៏យ​នោះឯង ក្នុងក្រុង​សាវត្ថី មានផ្លែឈើជា​ខាទនីយៈ4) ច្រើនពោរពាស។ ទើបភិក្ខុទាំងឡាយ​ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ផ្លែឈើជាខាទនីយ ដូចម្តេច ដែលព្រះមានព្រះភាគ ទ្រង់អនុញ្ញាត ផ្លែឈើជាខាទនីយៈ ដូចម្តេច ដែលព្រះមានព្រះភាគ​មិនបានអនុញ្ញាត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​ដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ផ្លែឈើ​ជា​ខាទនីយៈ​គ្រប់យ៉ាង។

[១៣៩] ក៏សម័យនោះឯង មនុស្សទាំងឡាយដាំពូជឈើទាំងឡាយជារបស់សង្ឃ​ ក្នុង​ដីជា​របស់​បុគ្គល ដាំពូជឈើទាំងឡាយជារបស់បុគ្គល ​ក្នុង​ដីជា​របស់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានព្រះបន្ទូល​ថា ម្នាលភិក្ខុទាំងឡាយ (បើ) ពូជឈើទាំងឡាយជារបស់សង្ឃ ដែលដាំក្នុង​ដីជារបស់បុគ្គល ត្រូវភិក្ខុឲ្យចំណែក5) (ដល់ម្ចាស់ដីខ្លះ) ហើយសឹមបរិភោគ (បើ) ពូជឈើទាំងឡាយ ជារបស់បុគ្គល ដែលដាំ​ក្នុងដី​ជារបស់សង្ឃ ត្រូវ​ភិក្ខុ​ឲ្យ​ចំណែក​ (ដល់​ម្ចាស់ដីខ្លះ) ហើយសឹមបរិភោគ។

 

1)
តាមសារត្ថទីបនីដីកាថា ភិក្ខុនោះឈ្មោះ​សុភទ្ទ។
2)
ក្មេងពីរនាក់នេះ ជាកូនរបស់​លោក បានបួស​ជាសាមណេរ។
3)
តាមសារត្ថទីបនីដីកាថា មានគំនរចំបើង​ធំនៅទីនោះ គេបាន​កាយចំបើងចេញពីខាងក្នុង ហើយធ្វើឲ្យសមគួរ​ ជាលំនៅ​របស់បព្វជិតទាំងឡាយ ដូចជា​សាលា។
4)
ផ្លែឈើដែលត្រូវ​ទំពាឆាន់។
5)
អដ្ឋកថា ថា ត្រូវបែងជា១០ភាគ ហើយត្រូវយក១ភាគ ដែលជាភាគទី១០ ឲ្យដល់​ម្ចាស់ដី សល់ក្រៅ​ពីនោះ ៩ភាគ ត្រូវបានម្ចាស់ពូជ។ រឿងចែកយ៉ាងនេះ ជាបោរាណកចារិត្តក្នុងជម្ពូទ្វីប។
km/tipitaka/vin/mv/vin.mv.06.25.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann