User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.07.06

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » កឋិនក្ខន្ធកៈ

១៩២. អាទាយបន្នរសកំ

សង្ខេប

អំពី​ដោះ​កឋិន​ផ្សេងៗ​គ្នា​ទៀត។

mv 07.06 បាលី cs-km: vin.mv.07.06 អដ្ឋកថា: vin.mv.07.06_att PTS: ?

អាទាយបន្នរសកំ (ទី១៩២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(១៩២)

[១០] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ។ កាលភិក្ខុនោះ​ទៅដល់​ក្រៅ​សីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹង​មិន​ត្រឡប់​វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះឲ្យសម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​ធ្វើ​ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរចៀសចេញទៅ។ កាលភិក្ខុនោះ ទៅដល់ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ។ កាលភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏មានគំនិត​យ៉ាង​នេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹងមិន​ត្រឡប់​វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ​កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[១១] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញ​នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ​ទៅដល់​ក្រៅ​សីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះឲ្យសម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​ធ្វើ​ចីវរសម្រេច ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរចៀសចេញទៅ ដោយតាំងចិត្តថា អាត្មាអញ​នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅ​ដល់​ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះឡើយ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ ដោយតាំងចិត្តថា អាត្មាអញ​នឹងមិនត្រឡប់វិញទេ។ កាលភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏មានគំនិត​យ៉ាង​នេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ​កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[១២] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺ​ភិក្ខុនោះគ្មានគំនិតថា អាត្មាអញ​នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ​នឹងមិន​ត្រឡប់វិញ ក៏គ្មានដែរ។1) កាលភិក្ខុនោះ​ទៅដល់​ក្រៅ​សីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ​នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ​ឲ្យ​សម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​​ចីវរសម្រេច ជាកំណត់។ ភិក្ខុបាន​ក្រាល​កឋិន​រួច​ហើយ នាំយក​ចីវរចៀសចេញទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មាន​គំនិតថា អាត្មាអញ​នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ​នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាល​ភិក្ខុ​នោះ ទៅ​ដល់​ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះទេ អាត្មាអញ នឹងមិនត្រឡប់វិញទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុបានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ ដោយមិនបានតាំងចិត្ត គឺភិក្ខុនោះគ្មាន​គំនិតថា អាត្មាអញ​នឹងត្រឡប់វិញ ទាំងគំនិតរបស់ភិក្ខុនោះថា អាត្មាអញ​នឹងមិនត្រឡប់វិញ ក៏គ្មានដែរ។ កាលភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏មានគំនិត​យ៉ាង​នេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះ​ក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ​កំពុង​ធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។

[១៣] ភិក្ខុបានក្រាលកឋិនរួចហើយ នាំយកចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញ​នឹងត្រឡប់វិញ។ កាលភិក្ខុនោះ​ទៅដល់​ក្រៅ​សីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ​ឲ្យ​សម្រេច។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់​ធ្វើ​ចីវរសម្រេច ជាកំណត់។ ភិក្ខុ​បាន​ក្រាល​កឋិន​រួចហើយ នាំយក​ចីវរចៀសចេញទៅ ដោយបំណងថា អាត្មាអញ​នឹងត្រឡប់វិញ។ កាល​ភិក្ខុ​នោះ ទៅ​ដល់​ក្រៅសីមា ក៏មានគំនិតយ៉ាងនេះថា អាត្មាអញ​នឹងមិន​ធ្វើចីវរ​នេះទេ អាត្មាអញ នឹងមិន​ត្រឡប់វិញទេ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះ​ថា​ដោះ ត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់។ ភិក្ខុ​បានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ​នឹងត្រឡប់​វិញ។ កាលភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏មានគំនិត​យ៉ាង​នេះថា អាត្មាអញ​នឹង​ធ្វើចីវរ​នេះក្នុង​ទីនេះឯង អាត្មាអញ នឹងមិនត្រឡប់វិញទេ។ ភិក្ខុនោះ ក៏បានធ្វើចីវរ​នោះ។ កាលភិក្ខុនោះ​កំពុងធ្វើ ចីវរនោះក៏វិនាសទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ចីវរវិនាស ជាកំណត់។ ភិក្ខុ​បានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មាអញ​នឹងត្រឡប់​វិញ។ ភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏បានធ្វើចីវរនោះ។ ភិក្ខុនោះធ្វើចីវររួចហើយ ឮដំណឹងថា កឋិនក្នុងអាវាសនោះ សង្ឃព្រមគ្នា​ដកហើយ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់ឮ​ដំណឹង​ ជាកំណត់។ ភិក្ខុ​បានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មា​អញ​​ នឹងត្រឡប់​វិញ។ ភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏បានធ្វើចីវរ​នោះ។ លុះភិក្ខុនោះ​ធ្វើចីវរស្រេច​ហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ​នឹងត្រឡប់វិញដែរ (តែមិនទាន់បាន​ត្រឡប់​នៅឡើយ) កឋិន​ក៏ដោះខាងក្រៅ (នោះ) ទៅ។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ត្រង់កន្លង​ខេត្តកឋិន ជាកំណត់។ ភិក្ខុ​បានក្រាលកឋិនរួចហើយ នាំយក​ចីវរ​ចៀស​ចេញ​ទៅ ដោយបំណងថា អាត្មា​អញ​​ នឹងត្រឡប់​វិញ។ លុះភិក្ខុនោះ ទៅ​ដល់​ក្រៅ​សីមា ក៏បានធ្វើចីវរ​នោះ។ ភិក្ខុនោះ​ធ្វើ​ចីវរ​នោះ​ស្រេច​ហើយ គិតថា អាត្មាអញ នឹងត្រឡប់វិញ អាត្មាអញ ​នឹងត្រឡប់វិញ ហើយ​ក៏បាន​មក​ទាន់​​ពេលដោះកឋិនមែន។ កឋិន​របស់​ភិក្ខុ​នោះ ឈ្មោះថាដោះ ជាមួយ​នឹងភិក្ខុទាំងឡាយ។

 

1)
ភិក្ខុនោះមានគំនិតជាកណ្តាល នឹងគិតថាត្រឡប់វិញ ឬមិនត្រឡប់វិញ​ជាដាច់ខាត ក៏ទេ។
km/tipitaka/vin/mv/vin.mv.07.06.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann