User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.08.09

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចីវរក្ខន្ធកៈ

២១០. វរយាចនាកថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 08.09 បាលី cs-km: vin.mv.08.09 អដ្ឋកថា: vin.mv.08.09_att PTS: ?

វរយាចនាកថា (ទី២១០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២១០)

វេលានោះ មិនយូរប៉ុន្មាន កាយរបស់​ព្រះមានព្រះភាគ ក៏បាន​ជាប្រក្រតីវិញ។ ខណៈនោះ ជីវកកោមារភត្យ បាននាំយកសំពត់ ​សិវេយ្យកៈ1) ១គូនោះចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ។ ជីវកកោមារភត្យ អង្គុយនៅក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ ដោយពាក្យថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គសូមពរ១ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា នែជីវកៈ ព្រះតថាគតទាំងឡាយ មានពរកន្លងហើយ។ ជីវកកោមារភត្យ ទូលថា សូមទ្រង់​ព្រះមេត្តាប្រោស អំពើណាគួរផង មិនមានទោសផង (ខ្ញុំព្រះអង្គសូមចំពោះអំពើនោះ)។ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់ថា នែជីវកៈ អ្នកចូរនិយាយមកចុះ។ ជីវកកោមារភត្យ​ទូលថា សូមទ្រង់​ព្រះមេត្តាប្រោស ព្រះមានព្រះភាគក្តី ភិក្ខុសង្ឃក្តី តែងតែ​ទ្រទ្រង់សំពត់បង្សុកូល សូមទ្រង់​ព្រះមេត្តាប្រោស សំពត់សិវេយ្យកៈ​១គូនេះ​ហើយ ដែលព្រះបាទបជ្ជោត​បញ្ចូនមកឲ្យ​ខ្ញុំព្រះអង្គ ជាសំពត់លើសលុបប្រសើរ ជាប្រធានខ្ពង់ខ្ពស់​ក្រៃលែងជាងសំពត់​ដ៏ច្រើន ជាងគូនៃសំពត់​ដ៏ច្រើន ជាងរយនៃគូ​សំពត់​ដ៏ច្រើន ជាងពាន់​នៃគូសំពត់​ដ៏ច្រើន ជាង​សែននៃគូ​សំពត់​ដ៏ច្រើន សូមទ្រង់​ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់ទទួលយកសំពត់សិវេយ្យកៈ​១គូ របស់ខ្ញុំព្រះអង្គ សូមទ្រង់​អនុញ្ញាត​ គហបតិចីវរ ដល់ភិក្ខុសង្ឃផង។ ព្រះមានព្រះភាគ ព្រមទទួល​យកសំពត់​សិវេយ្យកៈ​ ១គូ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់​ជីវកកោមារភត្យ ឲ្យឃើញ ឲ្យ​កាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ជីវកកោមារភត្យ កាលដែល​ព្រះមាន​ព្រះភាគ ទ្រង់ពន្យល់ ឲ្យឃើញ ឲ្យ​កាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា​ហើយ ក៏ក្រោក​ចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយថយ​ចេញ​ទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះ រួចទ្រង់​ត្រាស់​​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​នូវគហបតិចីវរ ភិក្ខុណា​ប្រាថ្នា (បង្សុកូល) ភិក្ខុនោះ ចូរទ្រទ្រង់​សំពត់បង្សុកូលចុះ ភិក្ខុណាប្រាថ្នា (គហបតិចីវរ) ភិក្ខុនោះ ចូរ​ត្រេកអរ ​នឹងគហបតិចីវរចុះ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត តថាគត ពោលសរសើរសេចក្តី​សន្តោស​ដោយបច្ច័យណាមួយ (តាមមានតាមបាន)។

[៤២] ពួកមនុស្សក្រុងក្រុងរាជគ្រឹះ បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត​គហបតិចីវរ ដល់ភិក្ខុទាំងឡាយហើយ។ មនុស្សទាំងនោះ ក៏មានចិត្តរីករាយ ស្រស់ស្រាយឡើងថា យើងមុខជានឹងបានឲ្យទាន មុខជានឹងបានធ្វើបុណ្យ ក្នុងកាលនោះឯង ចាប់ដើម​តាំងពី​ព្រះដ៏មានព្រះភាគ ទ្រង់បានអនុញ្ញាត​ គហបតិចីវរ ​ដល់ភិក្ខុទាំងឡាយ។ ក្នុងក្រុងរាជគ្រឹះ មាន​ចីវរ​ច្រើនពាន់កើតឡើងតែក្នុង១ថ្ងៃប៉ុណ្ណោះ។ ពួកមនុស្ស ដែលនៅក្នុងជនបទ បានឮដំណឹងថា គហបតិចីវរ ព្រះមានព្រះភាគ ទ្រង់បានអនុញ្ញាត ដល់ភិក្ខុទាំងឡាយហើយ។ មនុស្សទាំងនោះ ក៏មានចិត្តរីករាយ ស្រស់ស្រាយឡើងថា យើងមុខជានឹងបានឲ្យទាន មុខជានឹងបាន​ធ្វើបុណ្យ ក្នុង​កាល​នោះឯង ចាប់ដើម​តាំងពី​ព្រះដ៏មានព្រះភាគ ទ្រង់បានអនុញ្ញាត ​គហបតិចីវរ ​ដល់ភិក្ខុ​ទាំង​ឡាយ។ សូម្បីតែក្នុងជនបទ ក៏មាន​ចីវរ​ច្រើនពាន់កើតឡើងតែក្នុង១ថ្ងៃប៉ុណ្ណោះ។

[៤៣] សម័យនោះឯង សំពត់បាវារ2) កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​សំពត់បាវារ។ សំពត់បាវារ ធ្វើពីសូត្របានកើតឡើង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ សំពត់បាវារ​ ដែលគេធ្វើ​ពីសូត្រ។ សំពត់​កោជវៈ3) បានកើតឡើង។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​សំពត់​កោជវៈ។

ចប់ ភាណវារៈ ជាដម្បូង។

 

1)
អដ្ឋកថា ថា បានដល់សំពត់ដែលគេចោលនៅព្រៃខ្មោច ក្នុងឧត្តរកុរុទ្វីប។ បានឮមកថា ពួកមនុស្សក្នុងឧត្តរកុរុទ្វីប តែងរុំសាកសព​ដោយសំពត់​នោះឯង ហើយយកទៅចោល។ មានសត្វបក្សី មានប្រមោយដូចដំរី វាសំគាល់នូវសំពត់នោះ ថាជាដុំសាច់ ហើយឆាបនាំយក​ទៅដំកល់​ទុកលើកំពូលភ្នំហិមពាន្ត បកសំពត់នោះចោលចេញ វាស៊ីសាច់សពនោះ។ វេលានោះ ពួក​អ្នកដើរព្រៃ បានឃើញសំពត់នោះហើយ ក៏នាំយកមកថ្វាយស្តេច។ សំពត់នេះហើយ ដែល​ព្រះបាទ​បជ្ជោត បានមក​ដោយហេតុយ៉ាងនេះឯង។
2)
សំពត់បែបយ៉ាងល្អ ដែលគេធ្វើមានលាយ​ដោយរោមសត្វ​ដ៏ទន់។
3)
(អដ្ឋកថា) សំពត់នេះ ប្រហែល​គ្នានឹងសំពត់​បាវារៈ សំពត់នេះ គេធ្វើពីរោមសត្វ។
km/tipitaka/vin/mv/vin.mv.08.09.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann