km:tipitaka:vin:mv:vin.mv.08.13

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចីវរក្ខន្ធកៈ

២១៤. ភណ្ឌាគារសម្មុតិអាទិកថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 08.13 បាលី cs-km: vin.mv.08.13 អដ្ឋកថា: vin.mv.08.13_att PTS: ?

ភណ្ឌាគារសម្មុតិអាទិកថា (ទី២១៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២១៤)

[៤៩] សម័យនោះឯង ពួកភិក្ខុអ្នកទុកដាក់ចីវរ ទុកចីវរក្នុងមណ្ឌប (បារាំ) ខ្លះ ក្រោមម្លប់​ឈើខ្លះ ទៀបយុរស្បូវខ្លះ ក្នុងទីកណ្តាលវាលខ្លះ។ ពួកសត្វកណ្តុរខ្លះ ពួកសត្វកណ្តៀរខ្លះ ក៏កាត់​ចីវរទាំងនោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ (បើ) សង្ឃប្រាថ្នា​នូវទីណា គឺវិហារក្តី ប្រាសាទមានសណ្ឋាន​ដូច​ស្លាបគ្រុឌក្តី ប្រាសាទវែងក្តី ប្រាសាទមានដំបូលត្រងិលក្តី គូហាក្តី ក៏តថាគត​អនុញ្ញាតឲ្យសង្ឃ​សន្មតនូវទីនោះឲ្យជាឃ្លាំងបាន។ ម្នាលភិក្ខុទាំងឡាយ គួរសង្ឃសន្មតយ៉ាងនេះ។ ត្រូវភិក្ខុ​អ្នកឆ្លាស ប្រតិពល ញុំាង​សង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាល​ដ៏សមគួរ​ដល់សង្ឃហើយ សង្ឃគួរសន្មតវិហារឈ្មោះនេះ ឲ្យជាឃ្លាំងបាន។ នេះជាពាក្យ​ផ្តៀង​សង្ឃឲ្យដឹង។ បពិត្រ​ព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ សង្ឃសន្មតវិហារឈ្មោះនេះ ឲ្យជាឃ្លាំងហើយ។ ការសន្មតិ​វិហារឈ្មោះនេះ ឲ្យជាឃ្លាំង គួរដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម (បើ) មិនគួរ​ដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏​មានអាយុអង្គនោះ គប្បីពោលឡើង។ វិហារឈ្មោះនេះ សង្ឃបានសន្មត​ ឲ្យជាឃ្លាំងហើយ។ ការ​សន្មតិ​គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូម​ចាំទុកនូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

[៥០] សម័យនោះឯង ចីវរក្នុងឃ្លាំង​របស់សង្ឃ ​ឥតមានលោកណា​គ្រប់គ្រងរក្សាឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យសន្មត​ភិក្ខុ ដែល​ប្រកបដោយអង្គ៥ ឲ្យជាអ្នក​រក្សាឃ្លាំង គឺភិក្ខុដែលមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះ​ភយាគតិ១ ដឹងនូវ​របស់ ដែល​ខ្លួនបានគ្រប់គ្រង​រក្សាហើយ និងមិនទាន់បានគ្រប់គ្រង​រក្សា១។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវអង្វរករភិក្ខុជាមុន លុះអង្វរករហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បើកម្មមានកាលសមគួរ ​ដល់សង្ឃហើយ សង្ឃគួរសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នករក្សាឃ្លាំង។ នេះជាពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុ​ឈ្មោះនេះ ឲ្យជាអ្នករក្សាឃ្លាំង។ ការសន្មតិ​ភិក្ខុឈ្មោះនេះ ឲ្យជាអ្នករក្សាឃ្លាំង គួរដល់​លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុអង្គនោះ គួរស្ងៀម (បើ) មិនគួរ​ដល់លោក​ដ៏មាន​អាយុ​អង្គណាទេ លោកដ៏​មានអាយុអង្គនោះគប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត​ឲ្យជាអ្នករក្សាឃ្លាំងហើយ។ ការ​សន្មតិ​នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជា​សង្ឃ​ស្ងៀម​នៅ។ ខ្ញុំសូម​ចាំទុកនូវ​រឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។

[៥១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបណ្តេញ​ភិក្ខុអ្នករក្សាឃ្លាំងឲ្យចៀសចេញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបណ្តេញ1) ភិក្ខុអ្នករក្សា​ឃ្លាំងចេញទេ ភិក្ខុណាបណ្តេញ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។

[៥២] សម័យនោះឯង ចីវរក្នុងឃ្លាំង​របស់សង្ឃក៏សម្បូណ៌ឡើង។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យសង្ឃ​ដែលនៅជួបជុំគ្នា2) ចែកចីវរបាន។ គ្រានោះឯង សង្ឃទាំងពួង កាលចែកចីវរ ក៏បានធ្វើនូវ​សេចក្តីកោលាហលឡើង។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃ​សន្មតភិក្ខុដែល​ប្រកប​ដោយអង្គ៥ ឲ្យជាអ្នក​ចែកចីវរបាន គឺ ភិក្ខុដែលមិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះ​មោហាគតិ១ មិនលុះភយាគតិ១ ដឹងនូវរបស់ដែលខ្លួនបានចែកហើយ និងមិនទាន់បានចែក១។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវអង្វរករភិក្ខុជាមុន លុះ​អង្វរកររួចហើយ ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលសមគួរដល់សង្ឃហើយ សង្ឃគួរសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកចែកចីវរ។ នេះជា​ពាក្យផ្តៀងសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកចែកចីវរ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាអ្នកចែកចីវរ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ គប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត​ឲ្យជាអ្នកចែកចីវរហើយ។ ការសន្មតិ​នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ វេលានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តី​រិះគិតដូច្នេះថា យើងគួរចែកចីវរដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុជ្រើសរើស (ចីវរ) ជាមុន ហើយស្ទង់មើល (ដម្លៃ) ហើយលៃលកចីវរដែលមានសណ្ឋានតូចធំ ថ្លៃច្រើនតិច (ឲ្យ​មានចំណែក​ស្មើគ្នា) ហើយរាប់ភិក្ខុ ហើយចងចីវរ​ឲ្យជា​ពួកៗ រួចសឹមដំកល់ទុក នូវចំណែកនៃចីវរ។ វេលានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តីរិះគិតដូច្នេះថា យើងត្រូវឲ្យចំណែកចីវរ​ដល់ពួកសមណេរ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុទាំងឡាយ ឲ្យចំណែក​ពាក់កណ្តាល​ ដល់ពួកសាមណេរ។ សម័យនោះឯង ភិក្ខុ១រូប មានសេចក្តីប្រាថ្នានឹងឆ្លងស្ទឹង ឬឆ្លងផ្លូវ​ឆ្ងាយ ហើយចង់បានចំណែករបស់ខ្លួន (ជាប់ទៅផង)។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ​ ឲ្យចំណែក​របស់ខ្លួន (គឺ​របស់ភិក្ខុអ្នកឆ្លងស្ទឹង) ដល់ភិក្ខុអ្នកឆ្លង (ស្ទឹង ឬផ្លូវឆ្ងាយ) ចុះ។ សម័យនោះឯង ភិក្ខុ១រូប មានសេចក្តីប្រាថ្នានឹងឆ្លងស្ទឹង ឬឆ្លងផ្លូវឆ្ងាយ ចង់បាន​ចំណែក​ថ្លៃច្រើន​ជាងគេ។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើកប្បិយភណ្ឌ គេបានឲ្យហើយ តថាគត​អនុញ្ញាតឲ្យភិក្ខុ ឲ្យចំណែក​ដ៏ច្រើនចុះ។ គ្រានោះ ពួកភិក្ខុអ្នកចែកចីវរ មានសេចក្តីរិះគិតដូច្នេះថា យើងត្រូវឲ្យ​ចំណែក​ចីវរដូចម្តេចហ្ន៎ យើងត្រូវឲ្យចំណែក​ចីវរ​ដោយលំដាប់​ភិក្ខុដែលមកឬ ៗនឹងត្រូវ​ឲ្យ​ចំណែក​ចីវរ តាមលំដាប់ភិក្ខុចាស់។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើចីវរខ្វះហើយ តថាគត​អនុញ្ញាត​ឲ្យអ្នកទាំងឡាយ ញុំាង​ភិក្ខុឲ្យត្រេកអរសិន ហើយសឹមធ្វើការបោះស្លាក។

 

1)
បុគ្គលដែលមិនត្រូវបណ្តេញ​ចេញ ចាកទីកន្លែង មាន៤ពួក គឺភិក្ខុចាស់ជាង១ ភិក្ខុជាអ្នករក្សាឃ្លាំង១ ភិក្ខុមានជម្ងឺ១ ភិក្ខុដែលបានសេនាសនៈ​អំពី​សង្ឃ១។ ភិក្ខុក្មេងមិនត្រូវបណ្តេញភិក្ខុចាស់ចេញ ព្រោះលោកចាស់ជាងខ្លួន។ ភិក្ខុជាអ្នករក្សា​ឃ្លាំង ភិក្ខុមិនត្រូវបណ្តេញចេញ ព្រោះសង្ឃ​បានសន្មតឲ្យជាអ្នករក្សាឃ្លាំង។ ភិក្ខុមានជម្ងឺ ភិក្ខុ​មិនត្រូវបណ្តេញចេញ ព្រោះលោកឈឺ។ ភិក្ខុដែលបានសេនាសនៈ អំពីសង្ឃ ភិក្ខុមិនត្រូវ​បណ្តេញចេញ ព្រោះសង្ឃបានឲ្យទីកន្លែង ជាទីសប្បាយ ដល់លោក ដែលជាពហូសូត្រ មានឧបការៈ​ដល់​សង្ឃដោយកិច្ច មានបង្រៀន​បាឡី និង​អដ្ឋកថាជាដើម (អដ្ឋកថា)។
2)
បានដល់​សង្ឃ ដែលនៅខាងក្នុងឧបចារសីមា​ជាមួយគ្នា (អដ្ឋកថា)។
km/tipitaka/vin/mv/vin.mv.08.13.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann