User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.08.14

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចីវរក្ខន្ធកៈ

២១៥. ចីវររជនកថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 08.14 បាលី cs-km: vin.mv.08.14 អដ្ឋកថា: vin.mv.08.14_att PTS: ?

ចីវររជនកថា (ទី២១៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២១៥)

[៥៣] សម័យនោះឯង ភិក្ខុទាំងឡាយជ្រលក់ចីវរ ដោយអាចម៍គោខ្លះ ដោយដីស្អិត មានពណ៌លឿងខ្លះ។ ចីវរនោះ ក៏មានពណ៌មិនល្អ។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ទឹកជ្រលក់៦យ៉ាង គឺទឹកជ្រលក់កើតពីមើម១ ទឹកជ្រលក់កើតពីដើម១ ទឹកជ្រលក់កើតពីសម្បក១ ទឹកជ្រលក់កើតពីស្លឹក១ ទឹកជ្រលក់កើតពីផ្កា១ ទឹកជ្រលក់កើតពីផ្លែ១។ សម័យនោះឯង ភិក្ខុទាំង​ឡាយ ជ្រលក់ចីវរ ដោយទឹកត្រជាក់។ ចីវរនោះ ក៏មានក្លិនមិនល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវឆ្នាំង​ជ្រលក់តូច ដើម្បីដាំទឹកជ្រលក់។ ទឹកជ្រលក់​ក៏​ផុលឡើង។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចងប្រទាស។1) សម័យនោះឯង ភិក្ខុទាំងឡាយ មិនដឹងទឹកជ្រលក់ឆ្អិនហើយ ឬនៅមិនទាន់ឆ្អិន។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យបន្តក់​2) ដំណក់ទឹក លើទឹក​ក៏បាន លើខ្នងក្រចកក៏បាន។ សម័យនោះឯង ភិក្ខុទាំងឡាយ កាលដាក់ទឹកជ្រលក់ ក៏ទង្គិចនឹង​ឆ្នាំង ៗក៏បែកទៅ។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវបោយសម្រាប់ដងទឹកជ្រលក់ ដែលមាន​ដង។ សម័យនោះឯង ភាជន៍សម្រាប់ដាក់ទឹកជ្រលក់ របស់ភិក្ខុទាំងឡាយមិនទាន់មាន។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវឆ្នាំងសម្រាប់ដាក់ទឹកជ្រលក់ និងក្អមសម្រាប់ដាក់​ទឹក​ជ្រលក់។ សម័យនោះឯង ភិក្ខុទាំងឡាយ គក់ចីវរក្នុងថាសខ្លះ ក្នុងបាត្រខ្លះ។ ចីវរក៏ដាច់ដាចអស់។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវស្នូកសម្រាប់ជ្រលក់។ សម័យនោះឯង ភិក្ខុទាំងឡាយ​ ត្រដាងហាលចីវរ លើផែនដី ចីវរក៏ប្រឡាក់​ដោយអាចម៍ដី។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវកម្រាលស្មៅ។ កម្រាលស្មៅ ពួកសត្វកណ្តៀរកោរអស់ទៅ។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវឈើស្នួរ សម្រាប់ហាលចីវរ និងខ្សែស្បៀង។ ភិក្ខុទាំងឡាយ ពាក់ចីវរចំ​ទីពាក់​កណ្តាល ទឹកជ្រលក់ ក៏ហៀរចុះទៅតាមជាយទាំងពីរ។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យចង​ត្រង់ជាយចីវរ។ ជាយចីវរក៏ទក់។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវ​ខ្សែសម្រាប់​ចង​ជាយ​ចីវរ។ ទឹកជ្រលក់ ក៏ហៀរទៅតាមជាយម្ខាង។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យជ្រលក់ចីវរ​ប្រែ​ត្រឡប់​ឲ្យសព្វគ្រប់ ម្យ៉ាងទៀត កាលបើដំណក់ទឹក​ មិនទាន់ដាច់អស់ទេ ភិក្ខុកុំអាលដើរចេញ​ឡើយ។ សម័យនោះឯង ចីវរដិតខ្លាំងពេក។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យត្រាំចីវរទៅក្នុង​ទឹក (ទទេ)។ សម័យនោះឯង ចីវរ​ក៏​មានសាច់រឹង។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យគក់ចីវរ​ដោយដៃ។

[៥៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ចីវរមិនបានកាត់ ទ្រទ្រង់ចីវរជ្រលក់​ ដោយទឹកចត់ មានពណ៌ដូចភ្លុក។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនត្រូវប្រើប្រាស់​ចីវរ ដែល​មិនបានកាត់ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។

 

1)
គឺដាក់ឈើតារាងនៅមាត់ឆ្នាំង ដើម្បីកុំឲ្យគ្រឿងជ្រលក់ មានចំណាំងឈើជាដើម ផុលឡើងបាន។
2)
បើទឹកដែលដាំពុះហើយ យកទៅបន្តក់លើភាជនៈទឹក (ដទៃ) ក៏មិនសាយចេញរហ័ស ឬបន្តក់​លើខ្នង​ក្រចក ក៏ដូច្នោះដែរ (អដ្ឋកថា)។
km/tipitaka/vin/mv/vin.mv.08.14.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann