User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.08.16

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចីវរក្ខន្ធកៈ

២១៧. តិចីវរានុជាននា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 08.16 បាលី cs-km: vin.mv.08.16 អដ្ឋកថា: vin.mv.08.16_att PTS: ?

តិចីវរានុជាននា (ទី២១៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២១៧)

[៥៦] គ្រានោះ ព្រះមានព្រះភាគគង់ក្នុងក្រុងរាជគ្រឹះ គួរដល់​ពុទ្ធអធ្យាស្រ័យ ហើយក៏ទ្រង់​ចៀស ទៅកាន់ចារិកក្រុងវេសាលី។ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ជាចន្លោះក្រុង​រាជគ្រឹះ និងចន្លោះ​ក្រុងវេសាលី ក៏បានទតឃើញ​ភិក្ខុទាំងឡាយច្រើនរូប មានចីវរ​វេច​ជាសំពាយ បានដាក់ផ្នត់ចីវរលើក្បាលខ្លះ ដាក់ផ្នត់ចីវរលើ​ ក ខ្លះ ដាក់ផ្នត់ចីវរលើចង្កេះខ្លះ ដើរមក លុះទត​ឃើញហើយ ព្រះដ៏មានព្រះភាគ ទ្រង់រិះគិតយ៉ាងនេះថា ពួកមោឃបុរសទាំងនេះ វិលមករក​សេចក្តីលោភ ក្នុងចីវរឆាប់រហ័សណាស់ បើដូច្នោះ គួរតថាគត ចងសីមាតាំងទុកនូវ​ខេត្តដែន ក្នុងចីវរ ដល់ភិក្ខុទាំងឡាយ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់​ចារិក ដោយ​លំដាប់ ទើបបានដល់ទៅក្រុងវេសាលី។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងគោតមចេតិយ ទៀបក្រុងវេសាលីនោះ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចីវរតែមួយ គង់នៅ​ក្នុងទី​កណ្តាលវាល ក្នុងវេលាយប់ ក្នុងសម័យ​មានទឹកសន្សើមធ្លាក់ចុះ ក្នុងរាត្រីទាំងឡាយ ដែលត្រជាក់ នៅក្នុងហេមន្តរដូវ ឋិតនៅជាចន្លោះ នៃខែមាឃ និងខែផល្គុណ1) ព្រះអង្គក៏មិនរងាឡើយ លុះបឋមយាមកន្លងទៅហើយ ទើបព្រះអង្គរងា ហើយព្រះអង្គ ទ្រង់ចីវរជាគំរប់ពីរ ព្រះអង្គក៏បាត់រងាទៅ លុះមជ្ឈិមយាមកន្លងទៅហើយ ទើប​ព្រះអង្គរងា ហើយព្រះអង្គទ្រង់ដណ្តប់​ចីវរជាគំរប់បី ព្រះអង្គក៏បាត់រងាទៀត លុះបច្ឆិមយាម​កន្លង​ទៅហើយ កាលអរុណរះឡើង រាត្រីក៏ភ្លឺព្រាងៗ ទើបព្រះអង្គរងា ព្រះអង្គទ្រង់ដណ្តប់​ចីវរ​ជាគំរប់​បួន ព្រះអង្គក៏បាត់រងាទៅ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់រិះគិតដូច្នេះថា ក្នុងធម៌វិន័យនេះ កុលបុត្តទាំងឡាយណា ដែលជាអ្នករងាជាប្រក្រតី ជាអ្នកខ្លាចរងា កុលបុត្តទាំងនោះ ក៏អាច​ញុំាង​អត្តភាពឲ្យប្រព្រឹត្ត​ទៅ ដោយចីវរ៣បាន បើដូច្នេះ គួរតថាគត ចងសីមា ហើយតាំងទុក​នូវខេត្ត​ដែន​ក្នុងចីវរ ហើយអនុញ្ញាតចីវរ៣ ដល់ភិក្ខុទាំងឡាយ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនេះ តថាគត បានដើរទៅកាន់ផ្លូវឆ្ងាយ ជាចន្លោះក្រុង​រាជគ្រឹះ និងចន្លោះ​ក្រុងវេសាលី ហើយឃើញ​ភិក្ខុច្រើនរូប មានចីវរ​វេច​ជាសំពាយ ដាក់ផ្នត់​ចីវរ​លើក្បាល​ខ្លះ ដាក់ផ្នត់ចីវរលើ​ ក ខ្លះ ដាក់ផ្នត់ចីវរលើចង្កេះខ្លះ ដើរមក លុះ​ឃើញហើយ តថាគត មាន​សេចក្តី​ត្រិះរិះដូច្នេះថា ពួកមោឃបុរសទាំងនេះ វិលមករក​សេចក្តីលោភ ក្នុងចីវរ​ឆាប់​ពេកណាស់ បើដូច្នោះ គួរតថាគត ចងសីមា តាំងទុកនូវ​ខេត្តដែន ក្នុងចីវរដល់ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនេះ តថាគត ទ្រង់ចីវរតែមួយ អង្គុយនៅ​ក្នុងទី​កណ្តាលវាល ក្នុងវេលាយប់ ក្នុងសម័យ​មានទឹកសន្សើមធ្លាក់ចុះ ក្នុងរាត្រីទាំងឡាយ ដែលត្រជាក់ នៅក្នុង​ហេមន្តរដូវ ឋិតនៅជាចន្លោះ នៃខែមាឃ និងខែផល្គុណ តថាគត ក៏មិនរងាឡើយ លុះបឋមយាម​កន្លងទៅហើយ ទើបតថាគតរងា តថាគត បានដណ្តប់ចីវរជាគំរប់ពីរ តថាគតក៏បាត់រងាទៅ លុះ​មជ្ឈិមយាមកន្លងទៅហើយ ទើបតថាគតរងា តថាគតបានដណ្តប់​ចីវរជាគំរប់បី ទើបតថាគត​បាត់​រងា​ទៅ លុះបច្ឆិមយាម​កន្លង​ទៅហើយ អរុណរះឡើង រាត្រី​ក៏ភ្លឺព្រាងៗ ទើបតថាគតរងា តថាគត​បាន​ដណ្តប់​ចីវរ​ជាគំរប់​បួន តថាគតក៏បាត់រងាទៅ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មានសេចក្តី​រិះគិត​ដូច្នេះថា ក្នុងធម៌វិន័យនេះ កុលបុត្ត​ទាំងឡាយណា ដែលជាអ្នករងាជាប្រក្រតី ជាអ្នកខ្លាច​រងា កុលបុត្តទាំងនោះ អាច​ញុំាង​អត្តភាពឲ្យប្រព្រឹត្ត​ទៅ ដោយចីវរ៣បាន បើដូច្នេះ គួរតថាគត ចងសីមា តាំងទុក​នូវខេត្ត​ដែន​ក្នុងចីវរ គួរអនុញ្ញាតចីវរ៣ ដល់ភិក្ខុទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតចីវរ​៣ គឺ​សង្ឃាដិពីរជាន់ ឧត្តរាសង្គៈ (ចីពរ)១ជាន់ ស្បង់១ជាន់។

 

1)
វិមតិវិនោទនីដីកាថា រាត្រី៨ គឺ​ខាងចុងខែមាឃ ៤រាត្រី ខាងដើមខែផល្គុណ៤រាត្រី ហៅថា រាត្រីនៅជាចន្លោះនៃខែមាឃ និងខែ​ផល្គុណ។
km/tipitaka/vin/mv/vin.mv.08.16.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann