User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.08.17

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចីវរក្ខន្ធកៈ

២១៨. អតិរេកចីវរកថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 08.17 បាលី cs-km: vin.mv.08.17 អដ្ឋកថា: vin.mv.08.17_att PTS: ?

អតិរេកចីវរកថា (ទី២១៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២១៨)

[៥៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថា ចីវរ៣ ព្រះដ៏មានព្រះភាគ ទ្រង់​អនុញ្ញាត​រួចហើយ ៗក៏នាំគ្នាចូលទៅកាន់ស្រុក ដោយចីវរ៣ដទៃទៀត នៅក្នុងវត្ត ដោយចីវរ៣ដទៃទៀត ចុះ​ទៅកាន់កំពង់ ជាទីស្រង់ទឹក ដោយចីវរ៣ដទៃទៀត។ ភិក្ខុទាំងឡាយណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងទ្រទ្រង់អតិរេកចីវរសោះ។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុង​ពេលនោះ រួចទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់​អតិរេកចីវរទេ ភិក្ខុណាទ្រទ្រង់ ភិក្ខុនោះត្រូវវិនយធរ ឲ្យធ្វើតាមធម៌។ សម័យនោះ អតិរេកចីវរ បានកើតឡើង ដល់ព្រះអានន្ទដ៏មានអាយុ។ ឯព្រះអានន្ទដ៏មានអាយុ ប្រាថ្នាប្រគេនចីវរ​នោះ ទៅព្រះសារីបុត្តដ៏មានអាយុ។ ព្រះសារីបុត្តដ៏មានអាយុ ក៏គង់នៅឯក្រុងសាកេត។ វេលានោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីរិះគិតដូច្នេះថា ព្រះមានព្រះភាគ បានបញ្ញត្តថា ភិក្ខុ​មិនត្រូវ​ទ្រទ្រង់អតិរេកចីវរទេ ក៏ឯអតិរេកចីវរនេះ កើតឡើង​ដល់អាត្មាអញហើយ តែថា អាត្មាអញ ចង់​ប្រគេនចីវរនេះ ទៅព្រះសារីបុត្តដ៏មានអាយុ ឥឡូវ ព្រះសារីបុត្តដ៏មានអាយុ គង់នៅឯក្រុងសាកេត តើអាត្មាអញ ត្រូវប្រតិបត្តិដូចម្តេច។ ខណៈនោះ ព្រះអានន្ទដ៏មានអាយុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់សួរថា នែអានន្ទ ចុះសារីបុត្ត នៅយូរប៉ុន្មានថ្ងៃទៀត ទើបបានមកដល់។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះ​មានព្រះភាគ ព្រះសារីបុត្ត មុខជានឹងមកក្នុងថ្ងៃទី៩ ឬក្នុងថ្ងៃទី១០។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុទាំងឡាយ ទ្រទ្រង់អតិរេកចីវរ កំណត់ត្រឹម១០ថ្ងៃ។ សម័នោះ អតិរេកចីវរ កើតឡើងដល់ភិក្ខុទាំងឡាយ។ វេលានោះ ភិក្ខុទាំងឡាយ មានសេចក្តី​ត្រិះរិះ​​ដូច្នេះថា យើងគួរប្រតិបត្តិក្នុងអតិរេកចីវរ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យវិកប្បអតិរេកចីវរទុកបាន។

[៥៨] គ្រានោះ ព្រះដ៏មានព្រះភាគគង់ក្នុងក្រុងវេសាលី គួរដល់ពុទ្ធអធ្យាស្រ័យ ហើយក៏​ទ្រង់​យាងទៅកាន់ចារិកក្រុងពារាណសី កាលទ្រង់យាងទៅកាន់ចារិកដោយលំដាប់ ក៏បានដល់​ទៅក្រុងពារាណសី។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងឥសិបតនមិគទាយវន ទៀប​ក្រុងពារាណសីនោះ។ សម័យនោះ ភិក្ខុ១រូប មានស្បង់ធ្លុះ។ វេលានោះ ភិក្ខុនោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ចីវរ៣ គឺសង្ឃាដិ២ជាន់ ឧត្តរាសង្គៈ១ជាន់ ស្បង់១ជាន់ ព្រះដ៏មានព្រះភាគ បាន​អនុញ្ញាត​រួចហើយ ឯស្បង់របស់អាត្មាអញធ្លុះ បើដូច្នោះ គួរអាត្មាអញប៉ះនូវបម្នះ កាលបើដូច្នោះ ស្បង់នោះ នឹងទៅជា២ជាន់ដោយជុំវិញ កណ្តាល១ជាន់។ វេលានោះ ភិក្ខុនោះ ក៏បានប៉ះនូវ​បម្នះ។ ព្រះដ៏មានព្រះភាគ បានយាងទៅ​កាន់សេនាសនចារិក ក៏បានទតឃើញភិក្ខុនោះ កំពុង​ប៉ះ​នូវបម្នះ លុះទតឃើញហើយ ក៏ទ្រង់​យាងចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទ្រង់ត្រាស់​នឹងភិក្ខុនោះដូច្នេះថា នែភិក្ខុ អ្នកធ្វើអ្វី។ ភិក្ខុនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំ​ព្រះអង្គ​ប៉ះនូវបម្នះ។ ព្រះដ៏មានព្រះភាគ ទ្រង់តបថា ប្រពៃហើយ ៗភិក្ខុ ប្រពៃហើយភិក្ខុ អ្នកបាន​ប៉ះ​នូវបម្នះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កាលបើសំពត់នៅ​ថ្មោង ឬសំពត់ដែលគេបោក​លាងម្តងហើយ តថាគត អនុញ្ញាត (ឲ្យអ្នកទាំងឡាយធ្វើ) សង្ឃាដិ២ជាន់ ឧត្តរាសង្គៈ១ជាន់ ស្បង់១ជាន់ (បើ) សំពត់ដែលគេរើឡើងពីរដូវ (គឺ​សំពត់​ចាស់) តថាគតអនុញ្ញាត ឲ្យអ្នកទាំងឡាយ ធ្វើសង្ឃាដិ​៤ជាន់ ឧត្តរាសង្គៈ​២ជាន់ ស្បង់២ជាន់ អ្នកទាំងឡាយ គួរធ្វើនូវសេចក្តីប្រឹងប្រែង ស្វែងរកសំពត់បង្សុកូល សំពត់ធ្លាក់ចុះក្នុងរានផ្សារ តាមត្រូវការ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវបម្នះ1) នូវការជុល នូវក្រវិលកណ្ឌុំ នូវកណ្ឌុំ នូវការ​ធ្វើ​ឲ្យមាំ។2)

 

1)
បានដល់សំពត់ ដែលភិក្ខុប៉ះត្រង់​កន្លែងធ្លុះ ឬត្រង់កន្លែង​ដែលខ្លួនកាត់ចេញ។
2)
បានដល់សំពត់ ដែលភិក្ខុប៉ះត្រង់កន្លែង ដែលមិនបានកាត់ចេញ។
km/tipitaka/vin/mv/vin.mv.08.17.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann