User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.08.18

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចីវរក្ខន្ធកៈ

២១៩. វិសាខាវត្ថុ

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 08.18 បាលី cs-km: vin.mv.08.18 អដ្ឋកថា: vin.mv.08.18_att PTS: ?

វិសាខាវត្ថុ (ទី២១៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២១៩)

[៥៩] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្រុងពារាណសី គួរដល់ពុទ្ធអធ្យាស្រ័យ​ហើយ ក៏​ទ្រង់​យាងទៅកាន់ចារិកក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់​ទៅក្រុងសាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថីនោះ។ វេលានោះ នាងវិសាខាមិគារមាតា បានចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​​នៅក្នុងទីដ៏សមគួរ។ កាល​នាងវិសាខាមិគារមាតាអង្គុយ​នៅក្នុង​ទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​នាងវិសាខាមិគារមាតា ដែលអង្គុយ​នៅក្នុងទី​សមគួរ​ហើយ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់​នោះ នាងវិសាខាមិគារមាតា លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រាបបង្គំទូលពាក្យនេះ នឹង​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់ទទួលភត្ត​របស់ខ្ញុំ​ព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃ​ស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត​ ដោយ​តុណ្ហីភាព។ លំដាប់នោះ នាងវិសាខាមិគារមាតា បានដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទ្រង់​ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ សម័យនោះឯង លុះរាត្រីនោះកន្លងទៅហើយ មានភ្លៀងធំធ្លាក់ចុះ​សព្វទ្វីប​ទាំង៤។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ភ្លៀងធ្លាក់ចុះ ក្នុងវត្តជេតពនយ៉ាងណា ភ្លៀងធ្លាក់ចុះក្នុងទ្វីបទាំង៤ ក៏យ៉ាង​នោះដែរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរងូតជំរះកាយគ្រប់ៗគ្នាទៅចុះ (ព្រោះ) ភ្លៀងធំ ដែលធ្លាក់​សព្វទ្វីបទាំង៤នេះ ជាបំផុតត្រឹមនេះហើយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា របស់​ព្រះដ៏​មានព្រះភាគ ដោយពាក្យថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះករុណាព្រះអង្គ ហើយ​ក៏នាំគ្នា​ដាក់ចីវរ​ចេញ ងូតទឹកភ្លៀង ជំរះកាយ1) គ្រានោះ នាងវិសាខាមិគារមាតា បានឲ្យជនតាក់តែងខាទនីយភោជនីយាហារ ដ៏ឧត្តម ហើយ​បង្គាប់​ទាសីថា នែហង ហងចូរទៅកាន់អារាម ហើយ​ក្រាបបង្គំទូលភត្តកាល2) ​ថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេច​ហើយ។ ទាសីនោះ ទទួល​ស្តាប់​ពាក្យរបស់​នាងវិសាខាមិគារមាតា ដោយពាក្យថា ច៎ាសអ្នកជាម្ចាស់ ហើយទៅកាន់អារាម ក៏បានឃើញពួកភិក្ខុ ដែលដាក់ចីវរចេញ កំពុងងូតទឹកភ្លៀងជំរះកាយ លុះឃើញហើយ ក៏គិត​ថា ក្នុងអារាមនេះ គ្មានពួកភិក្ខុទេ មានតែពួកអាជីវក កំពុងងូតទឹកភ្លៀងជំរះកាយ រួចហើយក៏ត្រឡប់​ចូលទៅកាន់​សំណាក់​នាងវិសាខាមិគារមាតាវិញ លុះចូលទៅដល់ហើយ ក៏និយាយ​ពាក្យនេះ នឹង​នាងវិសាខាមិគារមាតាថា បពិត្រអ្នកម្ចាស់ ក្នុងអារាមនេះ គ្មានពួកភិក្ខុទេ មានសុទ្ធតែ​ពួកអាជីវក កំពុងងូតទឹកភ្លៀងជំរះកាយ។ លំដាប់នោះ នាងវិសាខាមិគារមាតា ជាបណ្ឌិត ជាស្រីឆ្លាស ជាអ្នកប្រាជ្ញ បានរិះគិតយ៉ាងនេះថា ច្បាស់ជាលោកម្ចាស់ទាំងឡាយ ដាក់ចីវរ​ចេញ ហើយ​នាំគ្នា​ងូតទឹកភ្លៀង​ជំរះកាយ តែទាសីនេះ ជាស្រីល្ងង់ សំគាល់ថា ក្នុងអារាម គ្មានភិក្ខុទេ មានសុទ្ធតែពួក​អាជីវក កំពុងនាំគ្នាងូតទឹកភ្លៀង ជំរះកាយ។ នាងវិសាខាមិគារមាតា បង្គាប់ទាសីថា នែហង ហងចូរទៅកាន់អារាម ហើយ​ក្រាបបង្គំទូលភត្តកាល​ថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាល​គួរហើយ ភត្តក៏សម្រេច​ហើយ។ កាលនោះ ភិក្ខុទាំងនោះ ងូតទឹក​ឲ្យត្រជាក់ខ្លួន មានកាយ​ដ៏ស្រួលហើយ ក៏នាំគ្នា​យកចីវរទាំងឡាយ ចូលទៅកាន់លំនៅ ដូចដែលវិញ។ ឯទាសីនោះ ទៅកាន់​អារាម មិនឃើញពួកភិក្ខុ ក៏គិតថា ក្នុងអារាមគ្មានភិក្ខុសោះ មានតែអារាមទទេ ហើយក៏​ត្រឡប់ចូល​ទៅកាន់សំណាក់​នាងវិសាខាមិគារមាតាវិញ លុះចូលទៅដល់ហើយ បាននិយាយ​ពាក្យនេះ នឹង​នាងវិសាខាមិគារមាតាថា បពិត្រអ្នកម្ចាស់ ក្នុងអារាម គ្មានភិក្ខុសោះ មានតែ​អារាម​ទទេ។ លំដាប់នោះ នាងវិសាខាមិគារមាតា ជាបណ្ឌិត ជាស្រីឆ្លាស ជាអ្នកប្រាជ្ញ បានរិះគិត​យ៉ាង​នេះថា ច្បាស់ជាលោកម្ចាស់ទាំងឡាយ ​ងូតទឹកឲ្យត្រជាក់ខ្លួន មានកាយដ៏ស្រួល ហើយនាំយក​ចីវរ​ទាំងឡាយ ចូលទៅកាន់​លំនៅដូចដែល ទាសីនេះ ជាស្រីល្ងង់ សំគាល់ថា ក្នុងអារាម គ្មានពួកភិក្ខុសោះ មានតែអារាមទទេ។ នាងវិសាខា ក៏បង្គាប់ទាសីទៀតថា នែហង ហង​ចូរ​ទៅ​កាន់អារាម ហើយ​ក្រាបបង្គំទូលភត្តកាល​ថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាល​គួរហើយ ភត្តក៏សម្រេច​ហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នករាល់គ្នា រៀបចំបាត្រ និងចីវរចុះ (ព្រោះ) ដល់ពេលចង្ហាន់ហើយ។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះបន្ទូល​របស់​ព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ លុះវេលា​ព្រឹកឡើង ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ហើយទ្រង់​បំបាត់​ព្រះអង្គ អំពីវត្តជេតពន ទៅប្រាកដ​ទៀបក្លោងទ្វារ ​របស់​នាងវិសាខាមិគារមាតា (ដោយឆាប់​រហ័ស) ប្រៀបដូច​បុរស​មានកំឡាំង លាដៃដែលខ្លួនបត់ចូល ឬបត់ដៃ​ដែលខ្លួន​លាចេញ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់​លើអាសនៈ ​ដែលគេតាក់តែងថ្វាយ ជាមួយនឹងព្រះភិក្ខុសង្ឃ។ គ្រានោះ នាងវិសាខាមិគារមាតាគិតថា អើហ្ន៎ (ហេតុនេះ) អស្ចារ្យពេកណាស់ អើហ្ន៎ (ហេតុនេះ) ចំឡែកពេកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថាជំនន់ប្រមាណ​ត្រឹមជង្គង់ខ្លះ ត្រឹមចង្កេះខ្លះ កំពុងហូរទៅៗ សូម្បីតែជើង ឬចីវរ​របស់ភិក្ខុ១អង្គ ក៏គ្មានទទឹក​ឡើយ ហើយក៏មានចិត្តរីករាយ​ខ្ពស់ឡើង រួចអង្គាសព្រះភិក្ខុសង្ឃ​ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយៈ និងភោជនីយាហារដ៏ឧត្តម ដោយដៃ​របស់ខ្លួន ត្រាតែព្រះភិក្ខុសង្ឃហាមឃាត់ លុះកំណត់ដឹងថា ព្រះមានព្រះភាគ ឆាន់ហើយ ដាក់​ព្រះហស្តចុះ​ចាកបាត្រហើយ នាងក៏​អង្គុយ​នៅក្នុងទីសមគួរ។ នាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ​ទូលពាក្យនេះ នឹង​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមពរ៨ប្រការ​អំពីព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​នាងវិសាខា ធម្មតា ព្រះតថាគតទាំងឡាយ​គ្មានពរទេ។ នាងវិសាខា ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមតែពរណា ដែលគួរ និងពរណា​ ដែលឥតទោស។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាល​នាងវិសាខា ចូរនាង​និយាយមកចុះ។ នាងវិសាខា ក៏ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចង់ប្រគេន​វស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ចង់ប្រគេន​អាគន្តុកភត្ត (ភត្តដែល​ប្រគេន​ដល់ភិក្ខុទើប​មកដល់ថ្មី) ចង់ប្រគេនគមិកភត្ត (ភត្តដែលប្រគេនដល់ភិក្ខុអ្នកមានដំណើរទៅ) ចង់ប្រគេនគិលានភត្ត (ភត្តដែលប្រគេន​ដល់ភិក្ខុមានជម្ងឺ) ចង់ប្រគេនគិលានុបដ្ឋាកភត្ត (ភត្តដែលប្រគេន​ដល់ភិក្ខុអ្នកបម្រើជម្ងឺ) ចង់ប្រគេន​គិលានភេសជ្ជៈ (ថ្នាំដែលប្រគេន ដល់​ភិក្ខុមានជម្ងឺ) ចង់ប្រគេន​ធុវយាគូ (បបរ ដែល​ត្រូវប្រគេន​ជានិច្ច) ដល់ព្រះសង្ឃ និងចង់ប្រគេន​ឧទកសាដិក (សំពត់​សម្រាប់ងូតទឹក) ដល់ភិក្ខុនីសង្ឃ ដរាបដល់អស់ជីវិត។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលនាងវិសាខា នាងឃើញអំណាច​ប្រយោជន៍​ដូចម្តេច បានជាសូមពរ​៨ប្រការ​ អំពី​តថាគត។ នាងវិសាខា ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលាព្រឹកមិញនេះ ខ្ញុំព្រះអង្គ​បង្គាប់ទាសីថា នែហង ហងចូរទៅកាន់អារាម ហើយ​ក្រាបបង្គំទូលភត្តកាល​ថា បពិត្រ​ព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេច​ហើយ បពិត្រព្រះអង្គដ៏ចំរើន ទាសីនោះ ក៏ទៅកាន់អារាម ហើយបានឃើញពួកភិក្ខុ ដាក់ចីវរចេញហើយ កំពុងនាំគ្នាងូត​ទឹកភ្លៀង​ជំរះកាយ លុះឃើញហើយ ក៏សំគាល់​ថា ក្នុងអារាម គ្មានពួកភិក្ខុទេ មានសុទ្ធតែពួក​អាជីវក កំពុងងូតទឹកភ្លៀង ជំរះកាយ រួចក៏ត្រឡប់​ចូលមកកាន់​សំណាក់​ខ្ញុំព្រះអង្គ លុះចូលមក​ដល់ហើយ បាននិយាយ​ពាក្យនេះ នឹងខ្ញុំព្រះអង្គថា បពិត្រអ្នកម្ចាស់ ក្នុងអារាម គ្មានពួកភិក្ខុទេ មានសុទ្ធតែ​ពួកអាជីវក ងូតទឹកភ្លៀង ជំរះកាយ បពិត្រព្រះអង្គដ៏ចំរើន កិរិយាអាក្រាត ជាការ​មិន​ស្អាត គួរខ្ពើមរអើម បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជា​ចង់​ប្រគេន​វស្សិកសាដិក ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុជាអាគន្តុកៈ (ទើបមកដល់ថ្មី) មិនទាន់ឆ្លាសក្នុងផ្លូវ មិនទាន់ឆ្លាស ក្នុងទីគោចរ លំបាក​នឹងត្រាច់​ទៅបិណ្ឌបាត ភិក្ខុជាអាគន្តុកៈនោះ នឹងឆាន់អាគន្តុកភត្ត របស់ខ្ញុំព្រះអង្គហើយ មុខជានឹង​ឆ្លាស​ក្នុងផ្លូវ ឆ្លាសក្នុងទីគោចរ មិនលំបាក​នឹងត្រាច់ទៅបិណ្ឌបាត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេនអាគន្តុកភត្ត ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុអ្នកដំណើរ បើរវល់តែស្វែងរកភត្ត​សម្រាប់ខ្លួន មុខជានឹងបែកខ្ញែក ចាកគ្នីគ្នា ឬបើចង់ទៅកាន់លំនៅ ក្នុងប្រទេសណា នឹងចូលទៅដល់​ប្រទេស​នោះខុសកាលវេលា នាំឲ្យលំបាកនឹងទៅកាន់ផ្លូវឆ្ងាយ កាលបើភិក្ខុអ្នកដំណើរនោះ បានឆាន់​គមិកភត្តរបស់ខ្ញុំព្រះអង្គហើយ មុខជាមិនបែកខ្ញែក ចាកគ្នីគ្នាទេ ឬបើចង់ទៅកាន់​លំនៅ​ក្នុងប្រទេស​ណា ក៏បានចូលទៅដល់ប្រទេសនោះ មិនខុសកាលវេលា ឃើញថា មិនលំបាក​នឹងទៅកាន់​ផ្លូវឆ្ងាយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេន​គមិកភត្ត ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មាន​តទៅ​ទៀត ភិក្ខុមានជម្ងឺ កាលបើមិនបានភោជន​ ជាទីសប្បាយទេ អាពាធ​ក៏រឹងរឹតតែចំរើនឡើង ឬនឹង​ធ្វើ​មរណភាពទៅក៏សឹងមាន កាលបើ​ភិក្ខុមានជម្ងឺនោះ បានឆាន់​គិលានភត្ត របស់ខ្ញុំ​ព្រះអង្គហើយ អាពាធ ក៏មិនចំរើនឡើង មរណភាពក៏គ្មាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាច​ប្រយោជន៍​​នេះហើយ បានជាចង់​ប្រគេនគិលានភត្ត ដល់ព្រះសង្ឃ​អស់មួយជីវិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុអ្នកបម្រើភិក្ខុឈឺ កាលបើរវល់តែនឹង​ស្វែងរក​ភត្ត​សម្រាប់​ខ្លួនហើយ មុខជានឹងនាំយកភត្តមកឲ្យភិក្ខុឈឺក្នុងវេលាថ្ងៃពេក ហើយក៏នឹងធ្វើ​ភិក្ខុឈឺ ឲ្យដាច់​ចង្ហាន់ បើភិក្ខុអ្នកបម្រើភិក្ខុឈឺនោះ បានឆាន់គិលានុបដ្ឋាកភត្ត របស់ខ្ញុំព្រះអង្គហើយ នឹង​បាននាំយកភត្ត ​មកឲ្យភិក្ខុឈឺ​ ក្នុងកាលគួរ ហើយនឹងមិន​ធ្វើភិក្ខុឈឺ ឲ្យដាច់ចង្ហាន់ឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេន​គិលានុបដ្ឋាកភត្ត ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មានតទៅទៀត ភិក្ខុមានជម្ងឺ កាលបើមិនបានភេសជ្ជៈ ជាទីសប្បាយទេ អាពាធក៏រឹងរឹតតែចំរើនឡើង ឬ​នឹងធ្វើ​មរណភាពទៅក៏សឹងមាន កាលបើភិក្ខុមានជម្ងឺនោះ បានឆាន់គិលានភេសជ្ជៈ របស់ខ្ញុំ​ព្រះអង្គ​ហើយ អាពាធក៏មិនចំរើនឡើង មិនធ្វើមរណភាព​ទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញ​អំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេន​គិលានភេសជ្ជៈ ដល់សង្ឃ​អស់មួយជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពរដទៃ​ មានតទៅទៀត ព្រះដ៏មានព្រះភាគ ទ្រង់យល់​ឃើញអានិសង្ស​ទាំង១០យ៉ាងហើយ បានជាទ្រង់​អនុញ្ញាត​បបរ ក្នុងអន្ធកវិន្ទប្រទេស បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញអានិសង្សទាំងនោះដែរ បានជាចង់​ប្រគេន​ធុវយាគូ ដល់សង្ឃ​អស់មួយ​ជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុនី ក្នុងសាសនានេះ មានកាយអាក្រាត ងូតទឹកក្នុងកំពង់មួយ ជាមួយនឹង​ពួកស្រីពេស្យា (ផ្កាមាស) នាស្ទឹង​អចិរវតី បពិត្រព្រះអង្គដ៏ចំរើន ពួកស្រីពេស្យា​ទាំងនោះ នាំគ្នាចំអក ចំអន់ពួក​ភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់ទាំងឡាយ នៅក្មេង​នៅឡើយ ប្រញាប់អ្វីប្រព្រឹត្តព្រហ្មចរិយធម៌ គួរតែលោកម្ចាស់ទាំងឡាយ នៅបរិភោគ​កាមគុណ​សិន បើលោកម្ចាស់ទាំងឡាយ ចាស់ជរាវេលាណា សឹមនាំគ្នាប្រព្រឹត្តព្រហ្មចរិយធម៌​វេលានោះចុះ យ៉ាងនេះ ទើបឈ្មោះថា លោកម្ចាស់ទាំងឡាយ បានរក្សា​ប្រយោជន៍​ទាំងពីរទុក បពិត្រព្រះអង្គដ៏ចំរើន កាលបើពួកស្រីពេស្យា និយាយចំអក ចំអន់ (ឲ្យដូច្នេះ) ហើយ ភិក្ខុនី​ទាំងនោះ ក៏មានសេចក្តីអៀនខ្មាស បពិត្រព្រះអង្គដ៏ចំរើន មាតុគ្រាម មានកាយអាក្រាត ជាការ​មិនស្អាតទេ គួរខ្ពើមរអើមពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍​នេះហើយ បានជាចង់​ប្រគេន​ឧទកសាដិកៈ3) ដល់ភិក្ខុនីសង្ឃ​អស់មួយជីវិត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ចុះ​នាងយល់ឃើញ​អានិសង្សដូចម្តេច បានជានាងសូមពរ​៨ប្រការ អំពីតថាគត។ នាងវិសាខា ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុក្នុងសាសនានេះ នៅចាំវស្សាក្នុងទិសទាំងឡាយ រួចហើយនឹងមកកាន់​ក្រុងសាវត្ថី ដើម្បីគាល់ព្រះអង្គ ភិក្ខុទាំងនោះនឹងចូលមកគាល់​ព្រះអង្គ ហើយសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុឈ្មោះនេះ ធ្វើមរណកាលហើយ ភិក្ខុនោះ មានគតិ​ដូចម្តេច មានបរលោកដូចម្តេច ព្រះដ៏មានព្រះភាគ មុខជានឹងទ្រង់ព្យាករណ៍បញ្ហានេះ ក្នុងសោតាបត្តិផលក្តី សកទាគាមិផលក្តី អនាគាមិផលក្តី អរហត្តផលក្តី ខ្ញុំព្រះអង្គ នឹងចូល​ទៅរកភិក្ខុទាំងនោះ ហើយនឹងសួរថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន លោកម្ចាស់នោះ ធ្លាប់និមន្តមកក្រុងសាវត្ថីដែរឬ បើប្រសិនជាពួកភិក្ខុនិយាយប្រាប់​ខ្ញុំព្រះអង្គថា ភិក្ខុនោះ ធ្លាប់​និមន្ត​មក​ក្រុងសាវត្ថីដែរ ខ្ញុំព្រះអង្គ នឹងដល់នូវសេចក្តី​ចូលចិត្ត​ក្នុងហេតុនេះថា ច្បាស់ជាលោកម្ចាស់នោះ ធ្លាប់បានបរិភោគ​វស្សិកសាដិកក្តី អាគន្តុកភត្តក្តី គមិកភត្តក្តី គិលានភត្តក្តី គិលានុបដ្ឋាកភត្តក្តី គិលានភេសជ្ជៈក្តី ធុវយាគូក្តី (មិនខាន) កាលខ្ញុំព្រះអង្គនោះ រលឹកទាននោះរឿយៗហើយ សេចក្តីត្រេកអរទន់ នឹងកើតឡើង កាលបើសេចក្តីត្រេកអរទន់​ កើតឡើងហើយ ចិត្តប្រកបដោយបីតិ នឹងកើតឡើង កាលបើចិត្តប្រកបដោយបីតិ​ កើតឡើងហើយ កាយក៏នឹងស្ងប់រម្ងាប់ លុះខ្ញុំព្រះអង្គ មានកាយស្ងប់រម្ងាប់ហើយ នឹងទទួលសេចក្តីសុខ កាលបើខ្ញុំព្រះអង្គ បានទទួលសេចក្តីសុខហើយ ចិត្ត​ក៏នឹងដំកល់​មាំ ឥន្ទ្រិយភាវនា ពលភាវនា ពោជ្ឈង្គភាវនានោះ នឹងមានដល់ខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានយល់ឃើញអានិសង្ស​នេះហើយ បានជាសូមពរ​៨ប្រការ អំពី​ព្រះតថាគត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ល្អហើយ ល្អហើយ ម្នាលនាងវិសាខា នាង​បានយល់ឃើញអានិសង្សនេះ ហើយ​បានសូមពរ​៨ប្រការ អំពីតថាគត ជាការប្រពៃពិត ម្នាល​នាងវិសាខា (បើដូច្នោះ) តថាគតអនុញ្ញាត​ពរ៨ប្រការ​ដល់នាង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់​អនុមោទនា ចំពោះ​នាងវិសាខា ដោយគាថា​ទាំងឡាយ​នេះថា

[៦០] ស្រីណាជាអ្នកឲ្យបាយ និងទឹក មានចិត្តរីករាយ មានសីលបរិបូណ៌ ជាសាវិកា​របស់ព្រះសុគត គ្របសង្កត់នូវ​សេចក្តី​កំណាញ់បាន ហើយឲ្យនូវទាន ស្រីនោះឯង តែងបាន​នូវផល គឺអារម្មណ៍ដ៏ប្រសើរ​ដោយប្រពៃ មានរូបជាដើម បានបន្ទោបង់នូវសេចក្តីសោក នាំមក​នូវ​សេចក្តីសុខ មានកំឡាំង និងអាយុទិព្វ ស្រីនោះ ជាស្រីមានសេចក្តី​ប្រាថ្នានូវបុណ្យ មានសេចក្តីសុខ ឥតមានទុក្ខ តែងរីករាយក្នុងស្ថានសួគ៌ អស់កាលជាអង្វែង ព្រោះអាស្រ័យ​នូវ​មគ្គចិត្ត ដ៏ប្រាសចាកធូលី មិនមានកិលេស (នោះឯង)។

[៦១] កាលនោះ ព្រះដ៏មានព្រះភាគទ្រង់អនុមោទនាចំពោះ​នាងវិសាខាមិគារមាតា ដោយគាថាទាំងនេះហើយ ទ្រង់ក្រោកចាកអាសនៈ យាងចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​វស្សិកសាដិកៈ អាគន្តុកភត្ត គមិកភត្ត គិលានភត្ត គិលានុបដ្ឋាកភត្ត គិលានភេសជ្ជៈ ធុវយាគូ និងឧទកសាដិកៈ ជារបស់ភិក្ខុនីសង្ឃ។

ចប់ វារៈពោលអំពីនាងវិសាខា។

 

1)
ភិក្ខុទាំងនោះ ងូតទឹកភ្លៀងគ្មានសំពត់ងូត (អាក្រាត)។
2)
ពេលគួរឆាន់​ចង្ហាន់
3)
សំពត់សម្រាប់ងូតទឹក ឬដែល​ហៅជាពាក្យកាត់ខ្លី​ថា សំពត់ងូត។
km/tipitaka/vin/mv/vin.mv.08.18.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann