km:tipitaka:vin:mv:vin.mv.08.19

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចីវរក្ខន្ធកៈ

២២០. និសីទនាទិអនុជាននា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 08.19 បាលី cs-km: vin.mv.08.19 អដ្ឋកថា: vin.mv.08.19_att PTS: ?

និសីទនាទិអនុជាននា (ទី២២០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២២០)

[៦២] សម័យនោះឯង ពួកភិក្ខុបានឆាន់​ភោជន​ទាំងឡាយដ៏ឧត្តម ក៏ភ្លេចស្មារតី មិនដឹងខ្លួន សិងលក់ទៅ។ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុងសិងលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ សេនាសនៈ ក៏ប្រឡាក់ដោយអសុចិ។ កាលនោះ ព្រះមានព្រះភាគ មានព្រះអានន្ទ​ដ៏មានអាយុ ជាបច្ឆាសមណៈ1) ទ្រង់ពុទ្ធ​ដំណើរទៅកាន់​សេនាសនចារិក ហើយទតឃើញ​សេនាសនៈ​ប្រឡាក់ដោយអសុចិ លុះទតឃើញ​ច្បាស់ ក៏ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ សេនាសនៈ​នេះ ប្រឡាក់​ដោយវត្ថុ​អ្វី។ អានន្ទក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុងពេលនេះ ពួកភិក្ខុបានឆាន់​ភោជន​ទាំងឡាយដ៏ឧត្តម ក៏ភ្លេចស្មារតី មិនដឹងខ្លួន ហើយសិងលក់ទៅ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុងតែសិងលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ បពិត្រព្រះមានព្រះភាគ សេនាសនៈនោះ ប្រឡាក់ដោយអសុចិ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ ព្រោះតែភិក្ខុទាំងនោះភ្លេចស្មារតី មិនដឹងខ្លួន បានជាដេកលក់ទៅ អសុចិឃ្លាតចេញ ដោយយល់សប្តិ ម្នាលអានន្ទ ពួកភិក្ខុណាដំកល់​ស្មារតី​ខ្ជាប់ ដឹងខ្លួន​ ហើយដេកលក់ទៅ អសុចិរបស់ភិក្ខុទាំងនោះ មិនឃ្លាតចេញទេ ម្នាលអានន្ទ ម្យ៉ាងទៀត ពួកភិក្ខុណា ជាបុថុជ្ជនមែន តែគ្មានតម្រេក ក្នុងកាមទាំងឡាយ អសុចិរបស់​ពួកភិក្ខុនោះ ក៏មិនឃ្លាតចេញដែរ ម្នាលអានន្ទ ឯពាក្យថា អសុចិរបស់ព្រះអរហន្ត ឃ្លាត​ចេញនេះ មិនសមហេតុ មិនសមផលទេ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​នូវ​ធម្មីកថា ហើយត្រាស់ហៅពួកភិក្ខុមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត មានអានន្ទ​ជាបច្ឆាសមណៈ ដើរទៅកាន់​សេនាសនចារិក ក្នុងទីនេះ បានឃើញ​សេនាសនៈ​ប្រឡាក់​ដោយ​អសុចិ លុះឃើញហើយ ក៏ហៅអានន្ទមកសួរថា ម្នាលអានន្ទ សេនាសនៈ​នេះ ប្រឡាក់​ដោយវត្ថុ​អ្វី អានន្ទឆ្លើយថា បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុងពេលនេះ ពួកភិក្ខុបានឆាន់​ភោជន​ទាំងឡាយ ដ៏ឧត្តម ហើយភ្លេចស្មារតី មិនដឹងខ្លួន ដេកលក់ទៅ កាលបើភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន កំពុង​ដេកលក់ អសុចិ ក៏ឃ្លាតចេញ ដោយយល់សប្តិ បពិត្រព្រះមានព្រះភាគ សេនាសនៈនោះ ប្រឡាក់​ដោយអសុចិ តថាគត ក៏ពោលថា ម្នាលអានន្ទ យ៉ាងហ្នឹងហើយ ម្នាលអានន្ទ យ៉ាងហ្នឹង​ហើយ ម្នាលអានន្ទ ព្រោះតែភិក្ខុទាំងនោះ ភ្លេចស្មារតី មិនដឹងខ្លួន បានជាដេកលក់ទៅ អសុចិ​ឃ្លាតចេញ ដោយយល់សប្តិ ម្នាលអានន្ទ ភិក្ខុទាំងឡាយណា ដំកល់​ស្មារតី​ខ្ជាប់ ដឹងខ្លួន​ ហើយ​ដេកលក់ទៅ អសុចិរបស់ភិក្ខុទាំងនោះ មិនឃ្លាតចេញទេ ម្នាលអានន្ទ ម្យ៉ាងទៀត ពួកភិក្ខុណា ជា​បុថុជ្ជនមែន តែគ្មានតម្រេក ក្នុងកាមទាំងឡាយ អសុចិរបស់​ពួកភិក្ខុនោះ ក៏មិនឃ្លាតចេញដែរ ម្នាលអានន្ទ ឯពាក្យថា អសុចិ របស់ព្រះអរហន្តឃ្លាត​ចេញនេះ មិនសមហេតុ មិនសមផលទេ។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់ភិក្ខុភ្លេចស្មារតី មិនដឹងខ្លួន ដេក​លក់ទៅនេះ មាន៥យ៉ាង គឺ ភិក្ខុនោះលក់លំបាក១ ភ្ញាក់លំបាក១ ឃើញសុបិនអាក្រក់១ ទេវតា​មិនរក្សា១ អសុចិឃ្លាតចេញ១ ម្នាលភិក្ខុទាំងឡាយ ទោសរបស់ភិក្ខុភ្លេចស្មារតី មិនដឹងខ្លួន ហើយ​ដេក​លក់ទៅ មាន៥​យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស​របស់ភិក្ខុ ដែល​បានដំកល់​ស្មារតីខ្ជាប់ ដឹងខ្លួនហើយ ដេក​លក់ទៅនេះ មាន៥យ៉ាង គឺ ភិក្ខុនោះដេកលក់ស្រួល១ ភ្ញាក់ស្រួល១ មិនឃើញសុបិនអាក្រក់១ ទេវតារក្សា១ អសុចិមិនឃ្លាតចេញ១ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់​ភិក្ខុ​បាន​ដំកល់​ស្មារតីខ្ជាប់ ដឹងខ្លួន ហើយ​ដេក​លក់ទៅ មាន៥យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​​និសីទនៈ (សំពត់​ទ្រាប់អង្គុយ) ដើម្បី​រក្សាកាយ ដើម្បី​រក្សាចីវរ ដើម្បីរក្សាសេនាសនៈ។ សម័យនោះឯង និសីទនៈតូចពេក រក្សាសេនាសនៈ​ទាំងអស់​មិនបាន។ ពួកភិក្ខុ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុចង់បានកម្រាលទំហំប៉ុន្មាន តថាគត​អនុញ្ញាត ​ឲ្យធ្វើទំហំប៉ុណ្ណោះ។

[៦៣] សម័យនោះឯង ព្រះវេលដ្ឋសីសៈដ៏មានអាយុ ជាឧបជ្ឈាយ៍របស់ព្រះអានន្ទ​ដ៏មាន​អាយុ​ កើតបូសធំ។ ចីវរទាំងឡាយ របស់​ព្រះវេលដ្ឋសីសៈនោះ ជាប់ស្អិតនឹងកាយ ដោយទឹក​រំអិល។ ពួក​ភិក្ខុ យក​ទឹកផ្សើម​ចីវរទាំង​នោះឲ្យជោក ហើយទើបបកចេញបាន។ គ្រានោះ ព្រះ​មានព្រះភាគ ទ្រង់ពុទ្ធដំណើរ ទៅកាន់​សេនាសនចារិក ទ្រង់ទតឃើញ​ភិក្ខុទាំងនោះ ​កំពុង​យកទឹក​ទៅផ្សើមចីវរ​ទាំងនោះ ​ឲ្យជោក ហើយបកចេញ ក៏ទ្រង់ពុទ្ធដំណើរចូលទៅកាន់​សំណាក់​ភិក្ខុ​ទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មាន​ព្រះពុទ្ធដីកា​នេះ នឹង​ភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​ មានអាពាធ​ដូចម្តេច។ ភិក្ខុទាំងនោះ ​ក្រាបបង្គំ​ទូលថា បពិត្រព្រះ​អង្គ​ដ៏ចំរើន លោក​ដ៏មានអាយុនេះ កើតបូសធំ ចីវរទាំងឡាយ ជាប់​ស្អិត​នឹងកាយ ដោយ​ទឹករំអិល យើងខ្ញុំ​ទាំងឡាយ​ យកទឹក​មកផ្សើមចីវរ​ទាំងនោះ ​ឲ្យជោក ហើយបកចេញ។ ព្រោះ​និទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅពួកភិក្ខុ​មក ​ក្នុងពេល​នោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានអាពាធ គឺកម ឬរមាស់ក្តី បូសតូចក្តី ​ទឹករងៃក្តី បូសធំក្តី តថាគត​អនុញ្ញាត សំពត់​សម្រាប់គ្របកម (ជាដើម) ដល់ភិក្ខុនោះ។

[៦៤] គ្រានោះ នាងវិសាខាមិគារមាតា នាំយកសំពត់សម្រាប់ជូតមុខ ចូលទៅកាន់​សំណាក់​​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​ក្នុងទី​សមគួរ។ លុះ​នាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ​ទូល ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គទ្រង់ទទួល​សំពត់សម្រាប់​ជូតមុខ​ របស់ខ្ញុំព្រះអង្គ ដើម្បីជា​ប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង។ ‌ព្រះដ៏មានព្រះភាគ ក៏បានទទួល​សំពត់​សម្រាប់​ជូតមុខ (នោះ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​​នាង​វិសាខាមិគារមាតា ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ឯ​នាង​វិសាខាមិគារមាតា កាលដែល​ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​​ ឲ្យឃើញច្បាស់ ឲ្យកាន់​យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះ​មាន​ព្រះភាគ ធ្វើប្រទក្សិណ2) ហើយចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅ​ពួក​ភិក្ខុមក ក្នុងពេលនោះថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត សំពត់​សម្រាប់ជូតមុខ។

[៦៥] សម័យនោះឯង មល្លក្សត្យឈ្មោះ​រោជៈ ជាសំឡាញ់របស់ព្រះអានន្ទដ៏មានអាយុ។ មល្លក្សត្យ ឈ្មោះរោជៈ (នោះ) បានទុកដាក់សំពត់សម្បកឈើ លើកដៃនៃព្រះអានន្ទ​ដ៏មាន​អាយុ។ ឯ​ព្រះអានន្ទដ៏មានអាយុ ក៏ត្រូវការនឹងសំពត់សម្បកឈើ។ ភិក្ខុទាំងឡាយ ក្រាប​បង្គំ​ទូលសេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត​ឲ្យភិក្ខុកាន់យក​ ដោយសេចក្តីស្និទ្ធស្នាលរបស់មិត្រ ប្រកបដោយអង្គ​៥គឺ មិត្រ​ដែល​គ្រាន់​តែ​បានឃើញ​គ្នាម្តងមួយគ្រា១ មិត្រដែលស្និទ្ធស្នាលនឹងគ្នាមាំមួន១ មិត្រដែល​បាននិយាយ​បើក​ឱកាស​​គ្នាតាមត្រូវការ១ មិត្រនោះមានជីវិត​រស់នៅ១ ភិក្ខុដឹងថា បើអាត្មាអញ កាន់យកវត្ថុ​ណា​មួយ​ហើយ មិត្រនោះ មានសេចក្តីត្រេកអរ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុ​កាន់​យក​ ដោយសេចក្តីស្និទ្ធស្នាល របស់មិត្រ ​ប្រកបដោយអង្គ​ ទាំង​៥នេះបាន។

 

1)
ជាសមណៈ ដើរតាមក្រោយព្រះអង្គ។
2)
ដើរវិលខាងស្តាំ
km/tipitaka/vin/mv/vin.mv.08.19.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann