User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.08.24

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចីវរក្ខន្ធកៈ

២២៥. មតសន្តកកថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 08.24 បាលី cs-km: vin.mv.08.24 អដ្ឋកថា: vin.mv.08.24_att PTS: ?

មតសន្តកកថា (ទី២២៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២២៥)

[៧៣] សម័យនោះឯង មានភិក្ខុពីររូបដើរទៅតាមផ្លូវឆ្ងាយ ក្នុងកោសលជនបទ។ ភិក្ខុទាំងពីររូបនោះ ចូលទៅកាន់អាវាស១។ ក្នុងអាវាសនោះ មានភិក្ខុមួយរូបឈឺ។ ភិក្ខុទាំង​នោះ ក៏មានសេចក្តីត្រិះរិះ​ ដូច្នេះថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់សរសើរ​ការបម្រើ​ជម្ងឺពេក​ណាស់ អាវុសោ បើដូច្នោះ មានតែយើងទាំងឡាយ នឹងបម្រើភិក្ខុនេះ។ ភិក្ខុទាំងនោះ ក៏នាំគ្នា​បម្រើភិក្ខុឈឺនោះ។ កាលដែលភិក្ខុទាំងនោះ កំពុងបម្រើ ភិក្ខុឈឺ ក៏ធ្វើមរណកាលទៅ។ គ្រានោះ​ ភិក្ខុទាំងនោះ ក៏នាំយកបាត្រ និងចីវររបស់​ភិក្ខុឈឺនោះ ទៅឯក្រុងសាវត្ថី ហើយក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុ​(ណាមួយ) ធ្វើមរណភាពទៅហើយ ត្រូវសង្ឃជាម្ចាស់លើបាត្រ និងចីវរ (របស់ភិក្ខុនោះ) តែថា ពួកភិក្ខុអ្នកបម្រើជម្ងឺ មានឧបការៈ​ច្រើនជាងគេ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃ​ ឲ្យត្រៃចីវរ និងបាត្រ ដល់ភិក្ខុអ្នកបម្រើជម្ងឺចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុអ្នក​បម្រើជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយនិយាយ​យ៉ាងនេះ នឹងសង្ឃថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន ភិក្ខុឈ្មោះនេះ ធ្វើមរណភាពទៅហើយ ត្រៃចីវរ និងបាត្រនេះ ជារបស់​ភិក្ខុនោះ។ ភិក្ខុដែល​ឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​ភិក្ខុឈ្មោះនេះ ធ្វើមរណភាពទៅហើយ ត្រៃចីវរ និងបាត្រនេះ ជារបស់ភិក្ខុនោះ។ បើការ​ឲ្យ​ត្រៃចីវរ និងបាត្រ មានកាលសមគួរដល់សង្ឃហើយ សង្ឃត្រូវឲ្យត្រៃចីវរ និងបាត្រនេះ ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​ភិក្ខុឈ្មោះនេះ ធ្វើមរណភាពទៅហើយ ត្រៃចីវរនេះ និងបាត្រនេះ ជារបស់ភិក្ខុនោះ។ ឥឡូវ សង្ឃបានឲ្យត្រៃចីវរ និងបាត្រនេះ ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺហើយ។ ការឲ្យត្រៃចីវរ និងបាត្រ​ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺនេះ (បើ) គាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ ត្រូវស្ងៀម (បើ) មិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុ​អង្គនោះ និយាយឡើង។ សង្ឃបានឲ្យត្រៃចីវរ និងបាត្រនេះ ដល់ពួកភិក្ខុ អ្នកបម្រើជម្ងឺហើយ។ ការឲ្យត្រៃចីវរ និងបាត្រ ដល់ពួកភិក្ខុ អ្នកបម្រើជម្ងឺ ប្រហែលជាគាប់ចិត្ត ​ដល់សង្ឃហើយ ព្រោះ​ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តី​នេះ ដោយអាការស្ងៀមយ៉ាងនេះ។ សម័យនោះឯង មានសាមណេរមួយរូប ធ្វើមរណភាព។ ពួកភិក្ខុ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើសាមណេរ (ណាមួយ) ធ្វើមរណភាពទៅហើយ ត្រូវសង្ឃជាម្ចាស់លើបាត្រ និងចីវរ (របស់សាមណេរនោះ) តែថា ភិក្ខុអ្នកបម្រើជម្ងឺ មានឧបការៈ​ច្រើនជាង។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យសង្ឃ ឲ្យចីវរ និងបាត្រ​ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុអ្នក​បម្រើជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយនិយាយ​យ៉ាងនេះនឹងសង្ឃថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សាមណេរឈ្មោះនេះ ធ្វើមរណភាពទៅហើយ ចីវរ និងបាត្រនេះ ជារបស់សាមណេរនោះ។ ភិក្ខុដែល​ឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​សាមណេរឈ្មោះនេះ ធ្វើមរណភាពទៅហើយ ចីវរ និងបាត្រនេះ ជារបស់សាមណេរនោះ។ បើការ​ឲ្យចីវរ និងបាត្រ មានកាលសមគួរដល់សង្ឃហើយ សង្ឃត្រូវឲ្យចីវរ និងបាត្រនេះ ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​សាមណេរឈ្មោះនេះ ធ្វើមរណភាពទៅហើយ ចីវរ និងបាត្រនេះ ជារបស់សាមណេរនោះ។ ឥឡូវ សង្ឃឲ្យចីវរ និងបាត្រនេះ ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺហើយ។ ការឲ្យចីវរ និងបាត្រ​ដល់ពួក​ភិក្ខុអ្នកបម្រើជម្ងឺនេះ (បើ) គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះ ត្រូវស្ងៀម (បើ) មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុ​អង្គនោះ និយាយឡើង។ ចីវរ និងបាត្រនេះ សង្ឃបានឲ្យ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺហើយ។ ការឲ្យចីវរ និងបាត្រ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺ ប្រហែលជាគាប់ចិត្ត​ ដល់សង្ឃហើយ ព្រោះ​ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុករឿង​នេះ ដោយអាការស្ងៀមនៅ យ៉ាងនេះ។ សម័យនោះឯង មានភិក្ខុមួយរូប និងសាមណេរមួយរូប បម្រើភិក្ខុឈឺ។ កាលបើភិក្ខុ និងសាមណេរ​ទាំងនោះ កំពុង​បម្រើ ភិក្ខុឈឺនោះ ក៏ធ្វើមរណភាពទៅ។ ឯភិក្ខុអ្នកបម្រើជម្ងឺនោះ ក៏មានសេចក្តីត្រិះរិះថា អាត្មាអញ ត្រូវឲ្យចំណែកចីវរ​ទៅសាមណេរ ដែលជាអ្នកបម្រើជម្ងឺដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុ ឲ្យចំណែកស្មើគ្នា ទៅសាមណេរ ដែលជាអ្នកបម្រើជម្ងឺចុះ។ សម័យនោះឯង មានភិក្ខុ១រូប មានទ្រព្យច្រើន មានបរិក្ខារច្រើន ធ្វើមរណភាពទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុ (ណាមួយ) ធ្វើមរណភាពទៅហើយ ត្រូវសង្ឃជាម្ចាស់លើបាត្រ និងចីវរ (របស់ភិក្ខុនោះ) តែថា ពួកភិក្ខុអ្នកបម្រើជម្ងឺ មានឧបការៈ​ច្រើនជាងគេ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ឲ្យសង្ឃ ឲ្យត្រៃចីវរ និងបាត្រ​ ដល់ពួកភិក្ខុអ្នកបម្រើជម្ងឺចុះ បើមាន​វត្ថុណាមួយ ជាគ្រឿងលហុភណ្ឌ1) ឬជាគ្រឿង​លហុបរិក្ខារ2) នៅក្នុងទីនោះ តថាគតអនុញ្ញាតឲ្យសង្ឃ ដែលមានក្នុងទីចំពោះមុខ (ព្រមព្រៀង​គ្នា) ចែកគ្រឿង​លហុភណ្ឌ និងគ្រឿង​លហុបរិក្ខារនោះបាន បើមានគ្រឿង​គរុភណ្ឌ ឬគ្រឿង​គរុបរិក្ខារណា នៅក្នុងទីនោះ គ្រឿងគរុភណ្ឌ និងគ្រឿង​គរុបរិក្ខារនោះ ត្រូវទុកសម្រាប់​សង្ឃដែល​មក ឬមិនទាន់បានមកពីទិសទាំង៤ ភិក្ខុមិនត្រូវលះ មិនត្រូវចែកគ្នាទេ។

 

1)
១.២ គឺរបស់​រាយរង ក្រៅអំពីគរុភណ្ឌទាំង​២៥
2)
km/tipitaka/vin/mv/vin.mv.08.24.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann