km:tipitaka:vin:mv:vin.mv.08.30

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ចីវរក្ខន្ធកៈ

២៣១. ទុគ្គហិតសុគ្គហិតាទិកថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 08.30 បាលី cs-km: vin.mv.08.30 អដ្ឋកថា: vin.mv.08.30_att PTS: ?

ទុគ្គហិតសុគ្គហិតាទិកថា (ទី២៣១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២៣១)

[៧៧] សម័យនោះឯង ព្រះរេវតដ៏មានអាយុ បានផ្ញើចីវរទៅប្រគេន​ព្រះសារីបុត្តដ៏​មានអាយុនឹងដៃភិក្ខុ១រូប ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ព្រះថេរៈ​ផងចុះ។ គ្រានោះ​ឯង លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុនោះក៏យកចីវរនោះ (មកប្រើប្រាស់ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងព្រះរេវតដ៏មានអាយុ។ គ្រាក្រោយ ព្រះរេវតដ៏មានអាយុ បាន​មក​​ជួប​នឹងព្រះសារីបុត្តដ៏មានអាយុ ហើយសួរថា បពិត្រព្រះថេរៈ​ដ៏ចំរើន ខ្ញុំករុណាបានផ្ញើចីវរ មកប្រគេន​ព្រះថេរៈ តើចីវរនោះ បានដល់មកហើយឬ។ ព្រះសារីបុត្តឆ្លើយថា ម្នាលអាវុសោ ខ្ញុំមិន​ឃើញចីវរនោះទេ។ ទើប​ព្រះរេវតដ៏មានអាយុ បាននិយាយ ​ទៅនឹងភិក្ខុនោះថា ម្នាលអាវុសោ ខ្ញុំបាន​ផ្ញើចីវរ មកប្រគេន​ព្រះថេរៈ នឹងដៃលោកដ៏មានអាយុ តើចីវរនោះ នៅឯណា។ ភិក្ខុនោះ​ឆ្លើយថា បពិត្រព្រះថេរៈដ៏ចំរើន ខ្ញុំបានយកចីវរនោះ (មកប្រើប្រាស់ ដោយខ្លួនឯងទៅហើយ) ដោយអាង​សេចក្តីស្និទ្ធស្នាល នឹងលោកដ៏មានអាយុ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅ នឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះ ផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ក៏យកចីវរ (មកប្រើប្រាស់ ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាង​នេះ) ហៅថា កាន់យកល្អ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់​ ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាល នឹងភិក្ខុអ្នកចាំ​ទទួលយក​ចីវរនោះ (យ៉ាងនេះ) ហៅថា កាន់យក​មិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅ នឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ក៏យកចីវរ (មកប្រើប្រាស់ ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាង​នេះ) ហៅថា កាន់យកមិនល្អទេ។ បើភិក្ខុអ្នកទទួលបញ្ញើ យកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាល នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅ នឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុដែល​ផ្ញើចីវរមកនោះ ស្លាប់ទៅហើយ ៗក៏អធិដ្ឋាន​មតកចីវរ1) របស់​ភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានល្អ។ បើភិក្ខុអ្នកទទួលបញ្ញើ យកចីវរ (មកប្រើប្រាស់​ ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងភិក្ខុអ្នកចាំទទួលចីវរនោះ (យ៉ាង​នេះ) ហៅថា កាន់យក​មិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុដែលចាំទទួលចីវរនោះ ស្លាប់​ទៅហើយ ៗក៏អធិដ្ឋាន​មតកចីវរ ​របស់ភិក្ខុនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានមិនល្អ (អធិដ្ឋានមិនឡើង)។ បើភិក្ខុ​អ្នក​ទទួល​បញ្ញើ យកចីវរ (មកប្រើប្រាស់ ​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាល នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅ នឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ចូរលោកប្រគេនចីវរនេះ ដល់ភិក្ខុ ឈ្មោះនេះផងចុះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុទាំងពីររូប2) ស្លាប់ទៅហើយ ៗក៏អធិដ្ឋានមតកចីវរ របស់ភិក្ខុអ្នកផ្ញើនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានល្អ។ បើភិក្ខុ​អ្នកទទួលបញ្ញើ អធិដ្ឋាន​មតកចីវរ របស់​ភិក្ខុដែល​ចាំទទួល​ចីវរវិញ (យ៉ាងនេះ) ហៅថា អធិដ្ឋាន​​មិន​ល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើ ក៏យកចីវរ (មកប្រើប្រាស់ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល​នឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាង​នេះ) ហៅថា កាន់យកមិនល្អទេ។ បើភិក្ខុអ្នកទទួលបញ្ញើ យកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាលនឹងភិក្ខុអ្នកចាំ​ទទួលយក​ចីវរវិញ (យ៉ាងនេះ) ហៅថា កាន់យកល្អ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរ​ទៅនឹងដៃ​​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ក៏យកចីវរ (មកប្រើប្រាស់ដោយខ្លួន​ឯងវិញ) ដោយអាងសេចក្តី​ស្និទ្ធស្នាល នឹងភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាង​នេះ) ហៅថា កាន់យកល្អ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាល​នឹងភិក្ខុ​អ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យក​មិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរទៅនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើ ក៏ឮដំណឹងថា ភិក្ខុដែល​ផ្ញើចីវរមកនោះ ស្លាប់ទៅហើយ ហើយក៏អធិដ្ឋានមតកចីវរ របស់​ភិក្ខុអ្នកផ្ញើនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានមិនល្អទេ។ បើភិក្ខុអ្នកទទួលបញ្ញើយកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាលនឹងភិក្ខុអ្នកចាំ​ទទួលយក​ចីវរនោះ (យ៉ាងនេះ) ហៅថា កាន់យក​ល្អ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួល​បញ្ញើនោះ ឮដំណឹងថា ភិក្ខុអ្នកចាំទទួលយកចីវរនោះ ស្លាប់ទៅហើយ ៗក៏អធិដ្ឋានមតក​ចីវរ របស់ភិក្ខុអ្នកចាំទទួលយកចីវរនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានល្អ។ បើភិក្ខុអ្នក​ទទួល​បញ្ញើ​យកចីវរ (មកប្រើប្រាស់​ដោយខ្លួនឯងវិញ) ដោយអាង​សេចក្តី​សិ្នទ្ធស្នាលនឹងភិក្ខុអ្នកផ្ញើនោះ (យ៉ាងនេះ) ហៅថា កាន់យក​មិនល្អទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមាន​ភិក្ខុផ្ញើចីវរនឹងដៃ​ភិក្ខុផងគ្នា ដោយពាក្យថា ខ្ញុំករុណា ប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុអ្នកទទួលបញ្ញើនោះ ឮដំណឹងថា ភិក្ខុទាំងពីររូបស្លាប់​ទៅហើយ ៗក៏អធិដ្ឋាន​មតកចីវរ របស់​ភិក្ខុអ្នកផ្ញើទៅនោះ (យ៉ាង​នេះ) ហៅថា អធិដ្ឋានមិនល្អ។ បើភិក្ខុអ្នកទទួលបញ្ញើ អធិដ្ឋានមតកចីវរ របស់ភិក្ខុអ្នកចាំទទួលចីវរនោះ (យ៉ាងនេះ) ហៅថា អធិដ្ឋានល្អ។

 

1)
ចីវររបស់​ភិក្ខុដែលស្លាប់
2)
សំដៅយកភិក្ខុអ្នកផ្ញើចីវរ១រូប ភិក្ខុអ្នកចាំទទួលយកចីវរ១រូប។
km/tipitaka/vin/mv/vin.mv.08.30.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann