User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.10

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ

កោសម្ពិក្ខន្ធកៈ (ទី១០)

សង្ខេប

?

mv 10 បាលី cs-km: vin.mv.10 អដ្ឋកថា: vin.mv.10_att PTS: ?

កោសម្ពិក្ខន្ធកៈ (ទី១០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

១០. កោសម្ពកក្ខន្ធកោ

២៧១. កោសម្ពកវិវាទកថា

(២៧១)

[១៤៤] សម័យនោះឯង ព្រះពុទ្ធជាម្ចាស់មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀប​ក្រុងកោសម្ពី។ វេលានោះឯង មានភិក្ខុមួយរូប ត្រូវអាបត្តិ។ ភិក្ខុនោះ យល់ឃើញអាបត្តិនោះថា ជាអាបត្តិមែន ពួកភិក្ខុដទៃយល់ឃើញអាបត្តិនោះថា មិនមែនជាអាបត្តិទៅវិញ។ លុះកាលជា​ខាងក្រោយមក ភិក្ខុនោះ ត្រឡប់យល់ឃើញអាបត្តិនោះថា មិនមែនជាអាបត្តិទៅវិញ ពួក​ភិក្ខុដទៃ ត្រឡប់​យល់ឃើញអាបត្តិនោះ​ថា ជាអាបត្តិទៅវិញ។ គ្រានោះ ភិក្ខុទាំងនោះ បាននិយាយពាក្យ​នេះ នឹងភិក្ខុនោះថា នែអាវុសោ លោកត្រូវអាបត្តិហើយ តើលោកបានឃើញអាបត្តិនុ៎ះ​ឬទេ។ ភិក្ខុនោះតបទៅវិញថា នែអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញនោះ គ្មានទេ។ វេលានោះ ភិក្ខុទាំង​នោះ បានសេចក្តីព្រមព្រៀងគ្នាហើយ ក៏លើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ។ ឯភិក្ខុនោះ​សោត ក៏ជាពហុស្សូត (ជាអ្នកចេះដឹងច្រើន) ស្ទាត់ក្នុងបិដក ជាអ្នកទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តី​រអែង និងមានសេចក្តីស្រឡាញ់ក្នុងសិក្ខា។ លំដាប់នោះ ភិក្ខុនោះ ក៏បានចូលទៅរកពួកភិក្ខុ ដែល​ជាមិត្ត​គ្រាន់តែឃើញគ្នា និងជាមិត្តដ៏មាំមួន ហើយនិយាយពាក្យនេះថា នែអាវុសោ នេះជាអនាបត្តិ នេះ​មិនមែនជាអាបត្តិទេ ខ្ញុំជាភិក្ខុ ដែលមិនត្រូវអាបត្តិ ជាភិក្ខុឥតត្រូវអាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុ ដែលសង្ឃ មិនគួរលើកវត្ត ជាភិក្ខុ ដែលសង្ឃលើកវត្តមិនបានទេ សង្ឃបានលើកវត្តខ្ញុំ ដោយកម្មមិនប្រកប​ដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុ បពិត្រលោកដ៏មាន​អាយុ​ទាំងឡាយ សូមលោក​ទាំងឡាយ មកជាបក្ខពួករបស់ខ្ញុំតាមធម៌ តាមវិន័យ។ ភិក្ខុនោះ ក៏បានភិក្ខុ ដែលជាមិត្តគ្រាន់តែ​ឃើញគ្នា និងមិត្តដ៏មាំមួន មកជាបក្ខពួកឡើង។ មិនតែប៉ុណ្ណោះ ភិក្ខុនោះ ក៏បញ្ជូនបម្រើ ទៅក្នុង​សំណាក់​ពួកភិក្ខុ ដែលជាមិត្តគ្រាន់តែបាន​ឃើញគ្នា និងមិត្តដ៏មាំមួន ដែល​នៅក្នុងជនបទថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ខ្ញុំជាភិក្ខុដែលមិនត្រូវ​អាបត្តិ ជាភិក្ខុឥត​ត្រូវ​អាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុដែលសង្ឃ មិនគួរលើកវត្ត ជាភិក្ខុដែលសង្ឃលើកវត្ត​មិនបានទេ សង្ឃ​បាន​លើក​វត្តខ្ញុំ ដោយកម្មមិនប្រកប​ដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់​ហេតុ​ឡើយ សូមអស់លោកដ៏មានអាយុទាំងឡាយ មកជាបក្ខពួកនឹងខ្ញុំតាមធម៌ តាមវិន័យ។ ភិក្ខុនោះ ក៏បានភិក្ខុដែលជាមិត្តគ្រាន់តែបាន​ឃើញគ្នា និងមិត្តដ៏មាំមួន ដែលនៅ​ក្នុងជនបទ មកជាបក្ខពួកឡើង។ គ្រានោះ ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃ​លើកវត្តនោះ បានចូល​ទៅរកពួកភិក្ខុអ្នកលើកវត្ត លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះ នឹង​ពួកភិក្ខុ​លើកវត្ត​ថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ភិក្ខុនេះ មិនត្រូវអាបត្តិ ភិក្ខុនេះ ឥត​ត្រូវអាបត្តិ (អ្វីទេ) ភិក្ខុនេះ សង្ឃមិនគួរលើកវត្ត ភិក្ខុនេះ សង្ឃ​លើកវត្តមិនបានទេ សង្ឃលើកវត្ត​ភិក្ខុនេះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់​ហេតុឡើយ។ កាលបើ​ភិក្ខុទាំងនោះ និយាយយ៉ាងនេះហើយ ពួកភិក្ខុអ្នកលើកវត្ត បាននិយាយពាក្យនេះ នឹងពួក​ភិក្ខុអ្នក​ប្រព្រឹត្តតាមភិក្ខុដែល​សង្ឃលើកវត្តវិញថា នែអាវុសោ នេះមិនមែនជាអនាបត្តិទេ ភិក្ខុនេះ ត្រូវអាបត្តិហើយ ភិក្ខុនេះ មិនមែនជាមិន​ត្រូវអាបត្តិទេ ភិក្ខុនេះ សង្ឃគួរលើកវត្តបានហើយ ភិក្ខុនេះ មិនមែនជាភិក្ខុ ដែលសង្ឃ​លើកវត្តមិនបានទេ ភិក្ខុនេះ សង្ឃលើកវត្ត ដោយ​កម្ម​ប្រកប​ដោយ​ធម៌ ជាកម្មមិនកំរើក ជាកម្មគួរដល់​ហេតុហើយ បពិត្រលោកដ៏មានអាយុ​ទាំងឡាយ អស់លោក​កុំប្រព្រឹត្តតាម កុំតាមចោមរោម​ភិក្ខុ ដែលសង្ឃបានលើកវត្តនេះឡើយ។ ឯពួក​ភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុដែលសង្ឃ​លើកវត្តនោះ កាលបើពួក​ភិក្ខុអ្នកលើកវត្តនិយាយ យ៉ាង​នេះ​ហើយ ក៏នៅតែប្រព្រឹត្តតាម នៅតែតាមចោមរោមភិក្ខុ ដែលសង្ឃ​បានលើកវត្ត​ហើយនោះដដែល។

[១៤៥] គ្រានោះ មានភិក្ខុ១រូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ភិក្ខុនោះ លុះអង្គុយ​នៅក្នុងទី​សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុង​ទីនេះ មានភិក្ខុ១រូប ត្រូវអាបត្តិហើយ ភិក្ខុនោះ បានយល់ឃើញអាបត្តិនោះ ថាជាអាបត្តិ​មែន តែពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា មិនមែនជាអាបត្តិ លុះកាលជា​ខាងក្រោយ ភិក្ខុនោះ ត្រឡប់យល់ឃើញអាបត្តិនោះថា មិនមែនជាអាបត្តិទៅវិញ ពួក​ភិក្ខុដទៃ ត្រឡប់​យល់ឃើញ​អាបត្តិនោះ​ថា ជាអាបត្តិទៅវិញ សូមទ្រង់ព្រះមេត្តាប្រោស ក្នុងវេលានោះឯង ភិក្ខុទាំងឡាយនោះ និយាយពាក្យ​នេះ នឹងភិក្ខុនោះថា នែអាវុសោ លោកត្រូវអាបត្តិហើយ តើលោកឃើញអាបត្តិនុ៎ះ​ឬទេ ភិក្ខុនោះឆ្លើយថា នែអាវុសោ អាបត្តិដែលខ្ញុំត្រូវឃើញនោះ គ្មានទេ សូមទ្រង់ព្រះមេត្តា​ប្រោស គ្រានោះ ភិក្ខុទាំង​នោះ បានសេចក្តីសាមគ្គីគ្នាហើយ ក៏លើកវត្តភិក្ខុនោះ ព្រោះ​មិន​ឃើញ​អាបត្តិ សូមទ្រង់ព្រះមេត្តាប្រោស ឯភិក្ខុនោះ​សោត ក៏ជាពហុស្សូត ស្ទាត់ក្នុងបិដក ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ហើយជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តី​រអែង មានសេចក្តីស្រឡាញ់ក្នុងសិក្ខា សូមទ្រង់ព្រះមេត្តាប្រោស គ្រានោះ ភិក្ខុនោះ ចូលទៅរកពួកភិក្ខុ ដែល​ជាមិត្ត​គ្រាន់តែឃើញគ្នា និងមិត្តដ៏មាំមួន ហើយនិយាយពាក្យនេះថា នែអាវុសោ នេះជាអនាបត្តិ នេះ​មិនមែនជាអាបត្តិទេ ខ្ញុំជាភិក្ខុដែលមិនត្រូវអាបត្តិ ជាភិក្ខុ​ឥត​ត្រូវ​អាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុដែលសង្ឃ មិនគួរលើកវត្ត ជាភិក្ខុដែលសង្ឃលើកវត្តមិនបានទេ សង្ឃបានលើកវត្តខ្ញុំ ដោយកម្មមិនប្រកប​ដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុ បពិត្រលោកដ៏មានអាយុទាំងឡាយ សូមអស់លោក មកជាបក្ខពួកនឹងខ្ញុំតាមធម៌ តាមវិន័យ សូមទ្រង់ព្រះមេត្តាប្រោស ភិក្ខុនោះ ក៏បានភិក្ខុដែលជាមិត្តគ្រាន់តែ​ឃើញគ្នា និងជាមិត្តដ៏មាំមួន មកជាបក្ខពួកឡើង មិនតែប៉ុណ្ណោះ ភិក្ខុនោះ បានបញ្ជូនបម្រើ ទៅក្នុង​សំណាក់​ពួកភិក្ខុ ដែល​ជា​មិត្ត​គ្រាន់តែ​ឃើញគ្នា និងជាមិត្តដ៏មាំមួន ដែលនៅក្នុងជនបទថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ខ្ញុំជាភិក្ខុដែលមិនត្រូវអាបត្តិ ជាភិក្ខុឥត​ត្រូវ​អាបត្តិ (អ្វីទេ) ខ្ញុំជាភិក្ខុ ដែល​សង្ឃ មិនគួរលើកវត្ត ជាភិក្ខុដែលសង្ឃលើកវត្តមិនបានទេ សង្ឃ​បាន​លើក​វត្តខ្ញុំ ដោយកម្ម​មិន​ប្រកប​​ដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់ហេតុ សូមអស់លោកដ៏មានអាយុ មក​ជា​បក្ខពួកនឹងខ្ញុំតាមធម៌ តាមវិន័យ សូមទ្រង់ព្រះមេត្តាប្រោស ភិក្ខុនោះ ក៏បានភិក្ខុ ដែល​ជាមិត្ត​គ្រាន់តែ​ឃើញគ្នា និងជាមិត្តដ៏មាំមួន ដែលនៅ​ក្នុងជនបទ មកជាបក្ខពួកឡើង សូមទ្រង់​ព្រះមេត្តាប្រោស វេលានោះ ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃ​លើកវត្តនោះ បានចូល​ទៅរកពួកភិក្ខុអ្នកលើកវត្ត លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះ នឹង​ពួកភិក្ខុអ្នក​លើកវត្ត​ថា នែអាវុសោ នេះជាអនាបត្តិ នេះមិនមែនជាអាបត្តិទេ ភិក្ខុនេះ មិនត្រូវអាបត្តិ ភិក្ខុនេះ ឥត​ត្រូវ​អាបត្តិ (អ្វីទេ) ភិក្ខុនេះ សង្ឃមិនគួរលើកវត្ត ភិក្ខុនេះ សង្ឃ​លើកវត្តមិនបានទេ សង្ឃបានលើកវត្ត​ភិក្ខុនេះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកំរើក ជាកម្មមិនគួរដល់​ហេតុ សូមទ្រង់ព្រះមេត្តា​ប្រោស កាលបើ​ភិក្ខុទាំងនោះ និយាយយ៉ាងនេះហើយ ឯពួកភិក្ខុអ្នកលើកវត្ត ក៏និយាយពាក្យនេះ នឹងពួក​ភិក្ខុអ្នក​ប្រព្រឹត្តតាមភិក្ខុ ដែល​សង្ឃលើកវត្ត យ៉ាងនេះថា នែអាវុសោ នេះជាអាបត្តិ នេះមិនមែនជាអនាបត្តិទេ ភិក្ខុនេះ ត្រូវអាបត្តិហើយ ភិក្ខុនេះ មិនមែនជាមិន​ត្រូវអាបត្តិទេ ភិក្ខុនេះ សង្ឃគួរលើកវត្តហើយ ភិក្ខុនេះ មិនមែនជាភិក្ខុ ដែលសង្ឃ​លើកវត្តមិនបានទេ សង្ឃបានលើកវត្ត​ភិក្ខុនេះ ដោយ​កម្ម​ប្រកប​ដោយ​ធម៌ ជាកម្មមិនកំរើក ជាកម្មគួរដល់​ហេតុហើយ បពិត្រលោកដ៏មានអាយុ​ទាំងឡាយ អស់លោក​កុំប្រព្រឹត្តតាម កុំតាមចោមរោម​ភិក្ខុ ដែល​សង្ឃ​បាន​លើកវត្តនេះឡើយ សូមទ្រង់ព្រះមេត្តាប្រោស ក៏ពួក​ភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃ​លើក​វត្តនោះ កាលបើពួក​ភិក្ខុ អ្នកលើកវត្ត និយាយយ៉ាងនេះហើយ ក៏នៅតែប្រព្រឹត្តតាម នៅតែតាម​ចោមរោម​ភិក្ខុ ដែលសង្ឃ​បានលើកវត្ត​នោះដដែល។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ភិក្ខុសង្ឃបែកគ្នាហើយ ភិក្ខុសង្ឃបែកគ្នាហើយ ទើបទ្រង់ក្រោកចាកអាសនៈ ហើយយាង​ចូលទៅ​រកពួកភិក្ខុអ្នកលើកវត្ត លុះយាងចូលទៅដល់ហើយ ក៏ទ្រង់​គង់លើអាសនៈ ដែលគេរៀបចំក្រាល​ថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់រួចហើយ ក៏មានព្រះពុទ្ធដីកា នឹងពួកភិក្ខុអ្នកលើកវត្ត យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំសំគាល់ភិក្ខុ ដែលសង្ឃគប្បីលើកវត្ត ព្រោះ​ហេតុណាមួយថា ការនេះប្រាកដដល់យើងហើយ ការនេះប្រាកដដល់យើងហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញ​អាបត្តិនោះថា ជាអនាបត្តិ ឯពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា ជាអាបត្តិមែន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ទាំងនោះ ស្គាល់ភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុ​នេះ ជាពហុស្សូត។បេ។ មានសេចក្តី​ស្រឡាញ់ក្នុងសិក្ខា បើយើងនឹងលើកវត្តភិក្ខុនេះ ព្រោះមិនឃើញអាបត្តិ យើងនឹងមិនធ្វើ​ឧបោសថ ជាមួយនឹង​ភិក្ខុនេះ យើងវៀរលែងភិក្ខុនេះចេញ ទើបធ្វើឧបោសថ (នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់​របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ មុខជានឹងមានដល់សង្ឃ ព្រោះការ​លើកវត្ត​ភិក្ខុនោះជាហេតុមិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃ មិនគួរ​នឹងលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញ​អាបត្តិនោះថា ជាអនាបត្តិ ឯពួកភិក្ខុដទៃ យល់​ឃើញ​អាបត្តិនោះថា ជាអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ទាំងនោះ ស្គាល់ភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុ​នេះ ជាពហុស្សូត។បេ។ មានសេចក្តី​ស្រឡាញ់ក្នុងសិក្ខា បើយើងនឹង​លើកវត្ត​ភិក្ខុនេះ ព្រោះមិនឃើញនូវអាបត្តិហើយ យើងមុខជាមិនបវារណា ជាមួយនឹងភិក្ខុនេះ តែយើង​វៀរ​លែងភិក្ខុនេះចេញ ហើយបវារណា យើងមុខជានឹង​មិនធ្វើសង្ឃកម្ម ជាមួយ​នឹងភិក្ខុនេះដែរ​ តែយើងវៀរលែង​ភិក្ខុនេះចេញ ហើយធ្វើសង្ឃកម្ម យើងមុខជានឹងមិនអង្គុយ​លើអាសនៈ ជាមួយនឹង​ភិក្ខុនេះដែរ តែយើងវៀរលែងភិក្ខុនេះចេញ ហើយអង្គុយ​លើអាសនៈ យើងមុខ​ជានឹងមិនអង្គុយនៅក្នុងទីឆាន់​បបរ ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែង​ភិក្ខុនេះចេញ ហើយអង្គុយនៅក្នុងទីឆាន់បបរ យើងមុខ​ជានឹងមិនអង្គុយក្នុងរោងភត្ត ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែង​ភិក្ខុនេះចេញ ហើយអង្គុយក្នុងរោងភត្ត យើងមុខ​ជានឹងមិននៅក្នុងទីដែល​មានដម្បូលមួយ ជាមួយនឹងភិក្ខុនេះដែរ តែយើងវៀរលែង​ភិក្ខុនេះចេញ ហើយនៅក្នុងទីដែល​មានដម្បូល​មួយ យើងមុខ​ជានឹងមិនធ្វើអភិវាទនកម្ម1) បច្ចុដ្ឋានកម្ម2) អញ្ជលិកម្ម3) និងសាមីចិកម្ម4) តាមលំដាប់ចាស់ ជាមួយ​នឹងភិក្ខុនេះដែរ តែយើងវៀរលែង​ភិក្ខុនេះចេញ ហើយធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាម​លំដាប់​ចាស់​ខ្ចី (នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់​របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ មុខជានឹង​មាន​ដល់​សង្ឃ ព្រោះការ​លើកវត្ត​ភិក្ខុនោះជាហេតុមិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃ មិនគួរ​នឹងលើកវត្តភិក្ខុនោះ ព្រោះមិនឃើញអាបត្តិទេ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ បានសំដែងសេចក្តីនុ៎ះ ដល់ពួកឧក្ខេបកភិក្ខុរួចហើយ ក៏ទ្រង់ក្រោកចាក​អាសនៈ ហើយ​យាង​ចូលទៅរក​ពួក ​ឧក្ខិត្តានុវត្តកភិក្ខុ លុះយាងចូលទៅដល់ហើយ ទ្រង់គង់​លើ​អាសនៈ ដែលគេ​រៀបចំថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ក៏មានព្រះពុទ្ធដីកា​ទៅនឹង​ពួក ​ឧក្ខិត្តានុវត្តកភិក្ខុ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវអាបត្តិហើយ កុំសំគាល់​អាបត្តិថា ខ្លួនមិនត្រូវសំដែង ដោយគិតថា យើងមិនត្រូវអាបត្តិទេ យើងមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញ​អាបត្តិនោះ ថាជាអនាបត្តិ តែពួកភិក្ខុដទៃ យល់ឃើញអាបត្តិនោះថា ជាអាបត្តិមែន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ ស្គាល់ភិក្ខុទាំងនោះ យ៉ាងនេះថា អស់លោកដ៏មានអាយុនេះ ជាពហុស្សូត។បេ។ មាន​ការប្រាថ្នាក្នុងសិក្ខា មិនគួរនឹងលុះអគតិ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីវង្វេង សេចក្តីខ្លាច ព្រោះហេតុអាត្មាអញ ឬព្រោះហេតុ​ពួកបុគ្គលដទៃឡើយ បើភិក្ខុទាំងនេះ នឹងលើកវត្ត​​អាត្មាអញ ព្រោះមិនឃើញអាបត្តិហើយ មុខជានឹងមិនធ្វើឧបោសថ ជាមួយនឹង​អាត្មាអញទេ តែភិក្ខុទាំងនោះ វៀរលែងអាត្មាអញ ហើយធ្វើឧបោសថ (នោះ) ការបង្កហេតុ ការឈ្លោះ ការប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់​របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ មុខជានឹងមានដល់សង្ឃ ព្រោះការ​លើកវត្ត​អាត្មាអញនោះ ជាហេតុមិនខាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃ គួរ​តែសំដែងអាបត្តិនោះចេញ តាមសេចក្តីជឿពាក្យ របស់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ត្រូវអាបត្តិហើយ។ ភិក្ខុនោះ យល់ឃើញ​អាបត្តិនោះថា ជាអនាបត្តិ តែពួកភិក្ខុដទៃ យល់​ឃើញ​អាបត្តិនោះថា ជាអាបត្តិមែន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​នោះ ស្គាល់ភិក្ខុទាំងនោះ យ៉ាងនេះថា លោកដ៏មានអាយុទាំង​នេះ ជាពហុស្សូត។បេ។ មានការប្រាថ្នាក្នុងសិក្ខា មិនគួរ​នឹងលុះអគតិ ព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីវង្វេង សេចក្តីខ្លាច ព្រោះហេតុ​អាត្មាអញ ឬព្រោះហេតុពួក​ភិក្ខុដទៃឡើយ បើភិក្ខុទាំងនេះ នឹង​លើកវត្តអាត្មាអញ ព្រោះ​មិន​ឃើញ​អាបត្តិហើយ មុខជានឹងមិនបវារណា ជាមួយនឹងអាត្មាអញដែរ តែវៀរចាកអាត្មាអញ ហើយបវារណា មុខជានឹង​មិនធ្វើសង្ឃកម្ម ជាមួយ​នឹងអាត្មាអញដែរ តែវៀរចាក​អាត្មាអញ ហើយធ្វើសង្ឃកម្ម មុខជានឹងមិនអង្គុយ​លើអាសនៈ ជាមួយនឹងអាត្មាអញដែរ តែវៀរចាក​អាត្មាអញ ហើយអង្គុយ​លើអាសនៈ មុខ​ជានឹងមិនអង្គុយក្នុងទីឆាន់​បបរ ជាមួយនឹងអាត្មាអញដែរ តែវៀរចាក​អាត្មាអញ ហើយអង្គុយក្នុងទីឆាន់បបរ មុខ​ជានឹងមិនអង្គុយក្នុងរោងភត្ត ជាមួយ​នឹងអាត្មាអញដែរ តែវៀរចាក​អាត្មាអញ ហើយអង្គុយក្នុងរោងភត្ត មុខ​ជានឹងមិននៅក្នុងទី​មាន​ដម្បូលមួយ ជាមួយនឹងអាត្មាអញដែរ តែវៀរចាក​អាត្មាអញ ហើយនៅក្នុងទី​មានដម្បូល​មួយ មុខ​ជានឹងមិនធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាមលំដាប់ចាស់ខ្ចី ជាមួយ​នឹងអាត្មាអញដែរ តែវៀរចាក​អាត្មាអញ ហើយធ្វើអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម និងសាមីចិកម្ម តាម​លំដាប់​ចាស់​ខ្ចី (នោះ) សេចក្តីបង្កហេតុ សេចក្តីឈ្លោះ សេចក្តីប្រកាន់ផ្សេងៗ សេចក្តីវិវាទ សេចក្តីបែកធ្លាយនៃសង្ឃ សេចក្តីប្រេះឆានៃសង្ឃ សេចក្តីកំណត់​របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ព្រោះហេតុតែអាត្មាអញនោះ មុខជានឹងមានដល់សង្ឃមិនខាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកមានចិត្តធ្ងន់ ក្នុងការបំបែកសង្ឃហើយ ត្រូវតែសំដែង​អាបត្តិនោះ​ចេញ តាមសេចក្តីជឿពាក្យ របស់ភិក្ខុដទៃ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​សេចក្តីនុ៎ះ​ ដល់​ពួកភិក្ខុ អ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តហើយ ក៏ទ្រង់​ក្រោកចាកអាសនៈ យាងចេញទៅ។

[១៤៦] សម័យនោះឯង ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្ត ក៏នៅតែធ្វើ​ឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល។ ចំណែកខាងពួកភិក្ខុអ្នកលើកវត្ត ក៏ទៅធ្វើ​ឧបោសថ ធ្វើសង្ឃកម្ម ក្រៅសីមាវិញ។ វេលានោះ មានភិក្ខុអ្នកលើកវត្ត១រូប ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទី​ដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឥឡូវពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្តនោះ ធ្វើឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល សូមទ្រង់ព្រះមេត្តាប្រោស ចំណែកខាង​យើង​ខ្ញុំព្រះអង្គ ដែលជា ឧក្ខេបកភិក្ខុ ក៏ទៅធ្វើឧបោសថ ធ្វើសង្ឃកម្ម ក្រៅសីមាវិញហើយ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ បើពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃ​លើកវត្ត​ទាំងនោះ នឹងធ្វើឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល ត្រូវដូចជាញត្តិ និងអនុស្សាវនា ដែលតថាគតបានបញ្ញត្តហើយ កម្មរបស់ភិក្ខុទាំងនោះ ក៏ឈ្មោះថា ប្រកបដោយធម៌ ឥតមានកំរើក ហើយជាកម្មសមគួរដល់ហេតុ។ ម្នាលភិក្ខុ បើអស់អ្នកជាឧក្ខេបកភិក្ខុ (ភិក្ខុ​អ្នកលើកវត្ត) នឹងធ្វើឧបោសថ ធ្វើសង្ឃកម្ម ខាងក្នុងសីមានោះដដែល ត្រូវដូចជាញត្តិ និងអនុស្សាវនា ដែលតថាគត បានបញ្ញត្តហើយ កម្មរបស់អ្នកទាំងឡាយនោះសោត ក៏ឈ្មោះថា ប្រកបដោយធម៌ ឥតមានកំរើក ហើយជាកម្មសមគួរដល់ហេតុ។ ហេតុអ្វី បានជាតថាគត ពោល​យ៉ាងនេះ។ ម្នាលភិក្ខុ ព្រោះភិក្ខុទាំងនោះ មានសំវាសផ្សេងៗ អំពីអ្នកទាំងឡាយ ចំណែកខាង​អ្នក​ទាំងឡាយ ក៏មានសំវាសផ្សេងគ្នា អំពី​ភិក្ខុទាំងនោះដែរ។ ម្នាលភិក្ខុ ឯភូមិរបស់ភិក្ខុ មានសំវាស​ផ្សេងគ្នានេះ មាន២យ៉ាង គឺ ភិក្ខុធ្វើខ្លួនឲ្យមានសំវាស​ផ្សេងគ្នាដោយខ្លួនឯង១ សង្ឃព្រមព្រៀង​គ្នា លើកវត្ត​ភិក្ខុនោះ ព្រោះមិនឃើញអាបត្តិ ឬមិនបានសំដែង​អាបត្តិ ឬមិនបានលះបង់ទិដ្ឋិ​អាក្រក់​ចេញ១ ម្នាលភិក្ខុ ភូមិរបស់ភិក្ខុដែលមានសំវាសផ្សេងគ្នា មាន២យ៉ាងនេះឯង។ ម្នាលភិក្ខុ ភូមិ​របស់​ភិក្ខុដែលមានសំវាសស្មើគ្នានេះ មាន២យ៉ាងគឺ ភិក្ខុធ្វើខ្លួនឲ្យមានសំវាស​ស្មើគ្នា ដោយខ្លួន​ឯង១ សង្ឃព្រមព្រៀង​គ្នា ធ្វើឱសារណាកម្ម (លើកលែងទោស) ភិក្ខុដែលសង្ឃបានលើកវត្តហើយ ព្រោះមិនឃើញអាបត្តិ ឬមិនសំដែង​អាបត្តិ ឬមិនបានលះបង់ទិដ្ឋិ​អាក្រក់​ចេញនោះ១ ម្នាលភិក្ខុ ភូមិរបស់ភិក្ខុ ដែលមានសំវាសស្មើគ្នា មាន២យ៉ាងនេះឯង។

[១៤៧] សម័យនោះឯង ភិក្ខុទាំងឡាយកើតសេចក្តីបង្កហេតុ ឈ្មោះទាស់ទែងគ្នា សំដែង​កាយកម្ម និងវចីកម្ម ធ្វើអាការប៉ះពាល់ដោយដៃ មិនសមគួរដល់គ្នានឹងគ្នា ក្នុងរោងភត្ត ក្នុងចន្លោះ​ផ្ទះ។ មនុស្សទាំងឡាយ ក៏ពោលទោស​ តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត មិនសម​បើនឹងកើតសេចក្តីបង្កហេតុ ឈ្មោះទាស់ទែងគ្នា សំដែងកាយកម្ម និងវចីកម្ម ធ្វើអាការ​ប៉ះពាល់​ដោយដៃ មិនសមគួរដល់គ្នានឹងគ្នា ក្នុងរោងភត្ត ក្នុងចន្លោះផ្ទះសោះ។ ភិក្ខុទាំងឡាយ ក៏បានឮសំដីមនុស្សទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយ មិនសមបើនឹងកើតសេចក្តីបង្កហេតុ។បេ។ ធ្វើអាការប៉ះពាល់ដោយដៃ ក្នុងរោងភត្ត ក្នុងចន្លោះផ្ទះ​សោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា មានពួកភិក្ខុ កើត​សេចក្តីបង្កហេតុ។បេ។ ធ្វើអាការប៉ះ​ពាល់​ដោយដៃ ក្នុងរោងភត្ត ក្នុងចន្លោះ​ផ្ទះ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ការនោះ​ពិតមែនព្រះអង្គ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោស។បេ។ លុះបន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ កំពុងធ្វើកិច្ចមិនប្រកបដោយធម៌ កំពុងតែពោលវាចា មិនជាទីរីករាយរកគ្នា អ្នកទាំងឡាយ មិនគប្បី​អង្គុយលើអាសនៈ ដោយគិតថា យើងសំដែងនូវកាយកម្ម និងវចីកម្ម ធ្វើអាការប៉ះ​ពាល់ ដោយដៃ មិនសមគួរ​ដល់គ្នានឹងគ្នា ដោយហេតុមានប្រមាណប៉ុណ្ណេះទេ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ កំពុងធ្វើកិច្ចប្រកបដោយធម៌ កំពុងតែពោលវាចា ជាទីរីករាយរកគ្នា អ្នកទាំងឡាយ គួរ​អង្គុយលើអាសនៈឃ្លាតពីគ្នា។

[១៤៨] សម័យនោះឯង ភិក្ខុទាំងឡាយកើតសេចក្តីបង្កហេតុ ឈ្មោះទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែងមាត់ ក្នុងកណ្តាលជំនុំសង្ឃ។ ភិក្ខុទាំងនោះ មិនអាច​នឹងរម្ងាប់​អធិករណ៍នេះបានឡើយ។ គ្រានោះ មានភិក្ខុ១រូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះភិក្ខុ​នោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​សេចក្តីព្រះមានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីនេះ មានពួកភិក្ខុ កើត​សេចក្តីបង្កហេតុ ឈ្មោះទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែងមាត់ ក្នុងកណ្តាលជំនុំសង្ឃ ភិក្ខុទាំងនោះ មិនអាច​នឹង​រម្ងាប់​អធិករណ៍នោះ​បានឡើយ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ យាងទៅជួបនឹង​ភិក្ខុទាំងនោះ ដោយសេចក្តីអនុគ្រោះ។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលនិមន្ត ដោយភាវៈស្ងៀម​នៅ។ វេលានោះ ព្រះមានព្រះភាគ ក៏យាងទៅជួបនឹងភិក្ខុទាំងនោះ លុះយាង​ចូលទៅដល់ហើយ គង់លើអាសនៈ ដែលគេរៀបចំថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់​ទៅនឹងភិក្ខុទាំងនោះ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើសេចក្តីបង្កហេតុ កុំធ្វើសេចក្តីឈ្មោះគ្នា កុំធ្វើសេចក្តីប្រកាន់​ផ្សេងៗគ្នា កុំធ្វើសេចក្តី​វិវាទគ្នា។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ក៏ស្រាប់តែមានភិក្ខុ១រូប ជាអធម្មវាទី ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ជាម្ចាស់ធម៌ ទ្រង់ឈប់នៅចុះ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ទ្រង់មានសេចក្តី​ខ្វល់ខ្វាយតិច ទ្រង់ប្រកបតែនឹងធម៌ ដែលជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នរឿយៗចុះ ឯយើងខ្ញុំ មុខជានឹងប្រាកដ ដោយសេចក្តីបង្កហេតុ ដោយសេចក្តីឈ្មោះគ្នា ដោយសេចក្តីប្រកាន់ផ្សេងៗគ្នា ដោយសេចក្តី​វិវាទគ្នានេះមិនខាន។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះ នឹងភិក្ខុទាំងនោះ ជាគំរប់​ពីរដងទៀតថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើសេចក្តីបង្កហេតុ កុំធ្វើ​សេចក្តី​ឈ្មោះគ្នា កុំធ្វើសេចក្តីប្រកាន់​ផ្សេងៗគ្នា កុំធ្វើសេចក្តី​វិវាទគ្នា។ ភិក្ខុជាអធម្មវាទីនោះ ក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ ជាគំរប់ពីរដងទៀត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះ​ដ៏​មានព្រះភាគ ជាម្ចាស់ធម៌ ទ្រង់ឈប់នៅចុះ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ មានសេចក្តី​ខ្វល់ខ្វាយតិច ទ្រង់ប្រកបតែនឹងធម៌ ដែលជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នរឿយៗចុះ ឯយើងខ្ញុំ មុខជានឹងប្រាកដ ដោយសេចក្តីបង្កហេតុ ដោយសេចក្តីឈ្មោះគ្នា ដោយសេចក្តី​ប្រកាន់​ផ្សេងៗ​គ្នា ដោយសេចក្តី​វិវាទគ្នានេះមិនខានទេ។

២៧២. ទីឃាវុវត្ថុ

រឿងទីឃាវុកុមារ

[១៤៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានសេ្តចក្នុងដែនកាសី ក្រុងពារាណសី ទ្រង់ព្រះនាមព្រហ្មទត្ត ជាស្តេចស្តុកស្តម្ភមាំមួន មានទ្រព្យច្រើន មានសម្បត្តិច្រើន មានពលច្រើន មានពាហនៈច្រើន មានដែនច្រើន មានឃ្លាំង និងជង្រុកដ៏បរិបូណ៌។ មានស្តេចក្នុងដែនកោសល ឈ្មោះទីឃីតិ ជាស្តេច​កំសត់ មានទ្រព្យតិច មានសម្បត្តិតិច មានពលតិច មានពាហនៈតិច មានដែនតិច មានឃ្លាំង និងជង្រុកមិនបានបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត បានរៀបចំពួកសេនាប្រកបដោយអង្គ៤ លើកចេញទៅច្បាំង នឹងស្តេច​ទីឃីតិ​កោសល។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ បានឮដំណឹងថា ស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត រៀបចំពួកសេនា ប្រកបដោយអង្គ៤ លើកចេញមកច្បាំង​នឹងអាត្មាអញហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចដែនកោសល ព្រះនាម​ទីឃីតិ ទ្រង់​ព្រះតម្រិះយ៉ាងនេះថា ស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ជាស្តេចស្តុកស្តម្ភមាំមួន មានទ្រព្យ​ច្រើន មានសម្បត្តិច្រើន មានពលច្រើន មានពាហនៈច្រើន មានដែនច្រើន មានឃ្លាំង​ និងជង្រុកដ៏បរិបូណ៌ ឯអាត្មាអញសោត ក៏ជាស្តេចកំសត់ មានទ្រព្យតិច មានសម្បត្តិតិច មាន​ពលតិច មានពាហនៈតិច មានដែនតិច មានឃ្លាំង​ និងជង្រុកមិនបរិបូណ៌ អាត្មាអញ នឹងអាច​ដើម្បីតទល់ ​នឹងស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត សូម្បីតែម្តង ក៏មិនបាន បើដូច្នោះ គួរតែ​អាត្មាអញ លបរត់ចេញ ទៅពីក្រុងជាមុន ឲ្យហើយ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ ក៏នាំមហេសី លបរត់ចេញទៅ ពីក្រុងជាមុន។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះ ស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដណ្តើមយកពួកពល ពាហនៈ ជនបទ ឃ្លាំង ជង្រុក របស់ស្តេច ​ក្នុងដែនកោសល ព្រះនាមទីឃីតិ ហើយក៏គ្រប់គ្រង​រក្សា។ ម្នាលភិក្ខុទាំងឡាយ ឯ​ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី យាងចេញ​ទៅឯក្រុង ពារាណសី ក៏បានទៅដល់ក្រុង​ពារាណសី ដោយលំដាប់។ ម្នាលភិក្ខុទាំងឡាយ បានឮមកថា ស្តេចក្នុងដែន​កោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ក្លែងភេទរបស់ខ្លួន មិនឲ្យ​បុគ្គលដទៃស្គាល់បាន ទ្រង់ស្លៀកដណ្តប់ជា បរិព្វាជក ហើយក៏នៅ​អាស្រ័យ​ក្នុងផ្ទះស្មូនឆ្នាំង ក្នុងឱកាសមួយ ជាទីបំផុត​ ក្រុងពារាណសីនោះឯង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មហេសី របស់​ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ មិនយូរ​ប៉ុន្មាន ក៏ទ្រង់គភ៌។ ឯព្រះមហេសីនោះ ក៏កើតមានចំណង់ មានសភាពយ៉ាងនេះ គឺព្រះនាង ចង់ឃើញពួកសេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរនៅ​ក្នុងទី មានផែនដីរាបស្អាត ក្នុងវេលា ដែលព្រះអាទិត្យរះឡើង១ ចង់សោយទឹក ដែលគេលាង​ព្រះខាន់១។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មហេសី របស់​ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ ក៏បានក្រាបទូល​ស្តេចក្នុងដែន​កោសល ព្រះនាមទីឃីតិ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់​មានគភ៌ហើយ ឯខ្ញុំម្ចាស់ កើតមានចំណង់​ មានសភាពយ៉ាងនេះ គឺខ្ញុំម្ចាស់​ ចង់ឃើញ​សេនា ប្រកបដោយអង្គ៤ ស្អិតស្អាង​គ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរនៅ​ ក្នុងទីមាន​ផែនដី​រាបស្អាត ក្នុងវេលា ដែលព្រះអាទិត្យរះឡើង១ ចង់ផឹកទឹក ដែលគេលាង​ព្រះខាន់១។ ស្តេចនោះ ទ្រង់ត្រាស់តប​ទៅ​វិញ​ថា នែនាងទេវី បើយើងជាអ្នកកំសត់ម្ល៉េះ តើនឹងទៅរកសេនា ប្រកបដោយ​អង្គ៤ ស្អិតស្អាង​គ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរ នៅ​ក្នុងទីមានផែនដីរាបស្អាត និងទឹក ដែលគេលាង​ព្រះខាន់បានមកពីណា។ ព្រះនាងទេវីទូលតបថា បពិត្រព្រះសម្មតិទេព បើខ្ញុំម្ចាស់មិនបានគ្រឿង​ទាំង​នោះទេ ខ្ញុំម្ចាស់​មុខជានឹងស្លាប់មិនខាន។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង មាន​ព្រាហ្មណ៍ ជាបុរោហិត របស់ស្តេច​ក្នុង ដែនកាសី ព្រះនាមព្រហ្មទត្ត ជាសំឡាញ់​នឹងស្តេច ក្នុងដែនកោស ឈ្មោះទីឃីតិ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ យាងចូលទៅរកព្រាហ្មណ៍ ជាបុរោហិត​របស់ ស្តេច​ក្នុងដែន​កាសី ព្រះនាមព្រហ្មទត្ត លុះចូលទៅ​ដល់​ហើយ ទ្រង់ត្រាស់ទៅនឹងព្រាហ្មណ៍ ជាបុរោហិត របស់ស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា នែសំឡាញ់ ឥឡូវ ស្រីជាសំឡាញ់​របស់​អ្នក មានគភ៌ហើយ ឯចំណង់របស់នាងនោះ កើតឡើងបែបនេះ គឺនាងនោះ ចង់តែឃើញ​ពួក​សេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿង​ប្រដាប់ ពាក់អាវក្រោះ ហើយឈរនៅ​ក្នុងទី ​មានផែន​ដី​រាបស្អាត ក្នុងវេលាព្រះអាទិត្យរះឡើង និងចង់ផឹកទឹក ដែលគេលាង​ព្រះខាន់។ ឯព្រាហ្មណ៍​បុរោហិត ទូលតបវិញថា សូមទ្រង់ព្រះមេត្តា​ប្រោស បើដូច្នោះ យើងខ្ញុំ ចង់ឃើញ​ព្រះនាងទេវី​ផង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មហេសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ ក៏បាន​ចូល​ទៅរកព្រាហ្មណ៍ ជាបុរោហិតរបស់ស្តេច​ក្នុង​ដែនកាសី ព្រះនាមព្រហ្មទត្ត។ ម្នាលភិក្ខុទាំងឡាយ ឯព្រាហ្មណ៍ ជាបុរោហិតរបស់​ស្តេច​ក្នុងដែន​កាសី ព្រះនាមព្រហ្មទត្ត បានឃើញមហេសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ យាងមកអំពីចម្ងាយ លុះឃើញ​ហើយ ក៏ក្រោកចាកអាសនៈ ហើយធ្វើសំពត់សម្រាប់​បង្ក លើស្មាម្ខាង រួចប្រណម្យ​អញ្ជលីឡើង ចំពោះមហេសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ ហើយបន្លឺឡើងនូវឧទាន ៣ដងថា អើហ្ន៎ ស្តេចក្នុងដែន កោសល បានមកឋិតនៅ ក្នុងផ្ទៃហើយ អើហ្ន៎ ស្តេច​ក្នុងដែនកោសល បានមកឋិត​នៅក្នុងផ្ទៃហើយ បពិត្រព្រះនាងទេវី ព្រះនាងកុំព្រួយ​ព្រះទ័យឡើយ លុះវេលាព្រះអាទិ្យ​រះឡើងហើយ ព្រះនាងមុខជានឹងបានឃើញ​ពួកសេនា ប្រកបដោយ​អង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរនៅក្នុងទី មានផែនដីរាប​ស្អាត​ផង បានសោយ​ទឹក ដែលគេលាងព្រះខាន់ផង មិនខានឡើយ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ព្រាហ្មណ៍ជាបុរោហិត របស់ស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត បានចូលទៅគាល់​ស្តេច​ក្នុង​ដែនកាសី ព្រះនាមព្រហ្មទត្ត លុះចូលទៅដល់ហើយ ក៏ក្រាបទូលស្តេច​ ក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស និមិត្តទាំងឡាយ ក៏ប្រាកដដូច្នេះ កាលបើព្រះអាទិត្យរះឡើង ក្នុងវេលាថ្ងៃស្អែកហើយ សូមឲ្យពួកសេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរ នៅលើទីមានផែនដី​រាបល្អផង សូមឲ្យ​ជនទាំងឡាយ លាងនូវព្រះខាន់ផង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេច​ក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត ក៏បានត្រាស់បង្គាប់ ទៅពួកមនុស្សថា នែនាយទាំងឡាយ ព្រាហ្មណ៍​ជាបុរោហិត បានបង្គាប់យ៉ាងណា ក៏អស់អ្នករាល់គ្នា ចូរធ្វើយ៉ាងនោះកុំខាន។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ព្រះអាទិត្យរះឡើងហើយ ឯមេហសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ ក៏បាន​ឃើញ​ពួក​សេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយ​ឈរនៅ​លើទីមាន​ផែនដី​រាបល្អផង បានសោយទឹក ដែលគេលាងព្រះខាន់ផង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មហេសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ លុះមានគភ៌ចាស់ហើយ ក៏ទ្រង់​ប្រសូត​ព្រះរាជបុត្រ​មក។ ព្រះមាតាបិតា ទ្រង់ប្រទាននាម កុមារនោះថា ទីឃាវុ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទីឃាវុកុមារ មិនយូរប៉ុន្មាន ក៏បានដល់នូវការដឹងក្តី។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេច​ក្នុងដែនកោស ព្រះនាមទីឃីតិ ទ្រង់រិះគិតយ៉ាងនេះថា ស្តេច​ក្នុងដែនកាសី ឈ្មោះ​ព្រហ្មទត្ត​នេះ បានធ្វើសេចក្តីវិនាស ដល់យើងជាច្រើន ទាំងពួកពលផង ពាហនៈផង ជនបទផង ឃ្លាំងផង ជង្រុកផង របស់យើង ស្តេចនេះ ក៏រឹបជាន់យកអស់ ប្រសិនបើ​ស្តេចនេះ ជ្រាបដំណឹងយើងហើយ មុខជានឹងឲ្យមនុស្ស​សម្លាប់យើងទាំងបីនាក់ មិនខានឡើយ បើដូច្នោះហើយ គួរអាត្មាអញ ឲ្យ​ទីឃាវុកុមារ ចេញទៅនៅក្រៅក្រុងវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ ក៏បានឲ្យទីឃាវុកុមារ ចេញទៅនៅខាងក្រៅក្រុង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ កាលនៅខាងក្រៅក្រុង មិនយូរប៉ុន្មាន ក៏បានសិក្សា ចេះដឹងនូវសិល្បសាស្ត្រសព្វ​គ្រប់។

[១៥០] ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង នាយខ្មាន់ព្រះកេស របស់ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ នៅអាស្រ័យ ក្នុងសំណាក់ស្តេច ​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត។ ម្នាលភិក្ខុទាំងឡាយ នាយខ្មាន់ព្រះកេស របស់ស្តេច​ ក្នុងដែនកោសល ព្រះនាមទីឃីតិ បានឃើញ​ស្តេច​ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ធ្វើភេទរបស់ខ្លួន ​មិនឲ្យ​បុគ្គល​ដទៃ​ស្គាល់បាន ទ្រង់ស្លៀកដណ្តប់​ ជាបរិព្វាជក ហើយនៅអាស្រ័យ ក្នុងផ្ទះស្មូនឆ្នាំង ក្នុងទីឱកាសមួយ ជាទីបំផុត ក្រុងពារាណសី លុះបានឃើញហើយ ក៏បានចូលទៅគាល់ស្តេច ក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត លុះចូលទៅដល់ហើយ ក៏ក្រាបទូលស្តេច​ ​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឥឡូវស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំង​មហេសី ធ្វើភេទរបស់ខ្លួន មិនឲ្យបុគ្គលដទៃស្គាល់បាន ទ្រង់ស្លៀកដណ្តប់​ ជាបរិព្វាជក ហើយនៅ​អាស្រ័យ ក្នុងផ្ទះស្មូនឆ្នាំង ក្នុងទីឱកាស មួយជាទីបំផុត ក្រុងពារាណសី ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ក៏ទ្រង់បង្គាប់ ពួកមនុស្ស​ទាំងឡាយថា នែនាយ​ទាំងឡាយ បើដូច្នោះ អ្នករាល់គ្នា ចូរទៅនាំយកស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំង​មហេសីមក។ ម្នាលភិក្ខុទាំងឡាយ ឯមនុស្សទាំងនោះ បានទទួល​ព្រះឱង្ការ របស់ស្តេចក្នុងដែន​កាសី ព្រះនាម​ព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ព្រះអង្គ ហើយក៏ទៅនាំយកស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំង​មហេសីមក។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់បង្គាប់ ទៅពួកមនុស្ស​ទាំងឡាយថា នែនាយ​ទាំងឡាយ បើដូច្នោះ អ្នករាល់គ្នា ចូរនាំគ្នាចាប់ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ចងឲ្យមានដើមដៃ ទៅខាងក្រោយ5) ឲ្យខ្ជាប់ដោយខ្សែដ៏មាំ ហើយកោរក្បាលឲ្យរលីងចេញ រួច (ត្រូវទូង) ស្គរ ដែលមាន​សំឡេងឮខ្លាំង ហើយនាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង រួចនាំចេញតាមទ្វារ​ខាងត្បូង ហើយកាប់​ជា៤កំណាត់ កប់ទៅក្នុងរណ្តៅគ្រប់ទិសទាំង៤ ជាខាងត្បូងនៃក្រុង។ ម្នាលភិក្ខុទាំងឡាយ ឯមនុស្សទាំងនោះ បានទទួល​ព្រះឱង្ការ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយក៏នាំគ្នាចាប់ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ឲ្យមានដើមដៃទៅខាងក្រោយ ឲ្យខ្ជាប់ដោយខ្សែដ៏មាំ ហើយកោរក្បាលឲ្យរលីងចេញហើយ (ទូង) ស្គរ ដែលមានសំឡេងឮខ្លាំង រួចនាំបណ្តើរជុំវិញសព្វ​ច្រកសព្វផ្លូវត្រឡែងកែង។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះ ទីឃាវុកុមារ មានសេចក្តីត្រិះរិះ​ យ៉ាងនេះថា អាត្មាអញ ខានឃើញមាតាបិតាយូរណាស់ហើយ បើដូច្នោះ គួរតែអាត្មាអញ ទៅមើល​មាតាបិតាបានម្តងសិន។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ ចូលទៅក្រុង​ពារាណសីហើយ ក៏បានឃើញមាតាបិតា ដែលគេកំពុងតែចងស្លាបសេក ជាប់ដោយខ្សែ​ដ៏មាំ កោរក្បាល​ឲ្យរលីងចេញ (ទូង)ស្គរ ដែលមានសំឡេងឮខ្លាំង ហើយនាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង លុះឃើញហើយ ក៏ចូលទៅរកមាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ឯ​ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ ទ្រង់ទតទៅឃើញ ទីឃាវុកុមារ មកអំពីចម្ងាយ លុះឃើញ​ហើយ ក៏មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរមិនដែល​រម្ងាប់ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ​តែងរម្ងាប់ដោយការមិនចងពៀរ។ ម្នាលភិក្ខុទាំងឡាយ កាលបើស្តេចនោះ មានព្រះឱង្ការ​ យ៉ាងនេះហើយ ពួកមនុស្សទាំងនោះ ក៏ពោលពាក្យនេះ នឹងស្តេចក្នុងដែនកោសល ព្រះនាម​ទីឃីតិថា ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិនេះឆ្កួត និយាយផ្តេសផ្តាសទេតើ នរណា​ឈ្មោះ ទីឃាវុ (ជាកូន) របស់ស្តេចនេះ ស្តេចនេះនិយាយទៅនឹង​នរណា យ៉ាងនេះថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរមិនដែល​រម្ងាប់​ដោយការ​ចង​ពៀរ​ទេ នែទីឃាវុកូន នែទីឃាវុកូន ឯពៀរតែងរម្ងាប់ដោយការមិនចងពៀរ។ ស្តេច​ទីឃីតិនោះតបទៅវិញថា នែនាយ យើងមិនមែនឆ្កួត និយាយផ្តេសផ្តាសទេ បើនរណា ជាអ្នកប្រាជ្ញ អ្នកនោះទើបថ្លែងសេចក្តីបាន។ ម្នាលភិក្ខុទាំងឡាយ ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ មានព្រះឱង្ការទៅនឹងទីឃាវុកុមារ ជាគំរប់​ពីរដងផង។បេ។ ម្នាលភិក្ខុទាំងឡាយ ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ ជាគំរប់បីដងផង យ៉ាងនេះថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិនដែល​រម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែងរម្ងាប់ ​ដោយការមិនចងពៀរ។ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងនោះ ក៏បាននិយាយពាក្យនេះ នឹងស្តេចក្នុងដែនកោសល ព្រះនាម ទីឃីតិ ជាគំរប់បីដងទៀតថា ស្តេចក្នុងដែនកោសល ព្រះនាម ទីឃីតិនេះឆ្កួត និយាយ​ផ្តេសផ្តាសទេតើ នរណាឈ្មោះទីឃាវុ (ជាកូន) របស់ស្តេចនេះ ស្តេចនេះនិយាយ​ទៅនឹងនរណា យ៉ាងនេះថា នែទីឃាវុកូន អ្នកកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិន​ដែល​​រម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរតែងរម្ងាប់ដោយការមិនចងពៀរ។ ស្តេច​នោះ ទ្រង់តបទៅវិញថា នែនាយ យើងមិនមែន​ជាមនុស្សឆ្កួត និយាយផ្តេសផ្តាសទេ ប៉ុន្តែបើ​នរណា ជាអ្នកប្រាជ្ញ អ្នកនោះទើបថ្លែងសេចក្តីបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មនុស្ស​ទាំងនោះ ក៏នាំបណ្តើរ​ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ទៅសព្វច្រក សព្វផ្លូវត្រឡែងកែង ហើយចេញទៅតាមទ្វារ​ខាងត្បូង ហើយកាត់ខ្លួន ជា៤កំណាត់ រួចកប់ក្នុង​រណ្តៅគ្រប់ទិសទាំង៤ ជាខាងត្បូង នៃព្រះនគរ ហើយទុកពួកពល (ឲ្យនៅថែទាំ) រួចថយចេញ​ទៅ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ ចូលទៅកាន់ក្រុងពារាណសី ហើយក៏នាំយក​សុរាមកបំផឹកពួកពល (ទាំងនោះ)។ ពួកពលទាំងនោះ ស្រវឹងដួលដេកទៅ​កាលណា ទីឃាវុកុមារ ក៏ប្រមូលកំណាត់ឈើ ហើយលើកសរីរៈមាតាបិតា ដាក់លើជើងថ្ករ រួចបូជាភ្លើង ហើយផ្គង​អញ្ជលី ធ្វើប្រទក្សិណជើងថ្ករ៣ជុំ។ ម្នាលភិក្ខុទាំងឡាយ ចួនជាពេល​នោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់គង់នៅលើប្រាសាទដ៏ប្រសើរឰដ៏ខាងលើ។ ម្នាលភិក្ខុទាំងឡាយ ស្តេចក្នុង​ដែនកាសី ព្រះនាមព្រហ្មទត្ត បានទតឃើញទីឃាវុកុមារ កំពុង​តែផ្គង​អញ្ជលី ធ្វើប្រទក្សិណជើង​ថ្ករ៣ជុំ លុះឃើញហើយ ក៏ទ្រង់ត្រិះរិះយ៉ាងនេះថា មនុស្សនោះ ច្បាស់ជាញាតិ ឬជាសាលោហិត របស់ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិហើយ ឱហ្ន៎ សេចក្តី​វិនាស (ព្រោះបុរសនេះ គង់នឹង​មាន) ដល់អាត្មាអញ មិនសមបើ គ្មាននរណាមួយ ប្រាប់អាត្មាអញ​សោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទីឃាវុកុមារ ទៅឯព្រៃ ហើយខ្សឹកខ្សួល ទួញយំអស់​ចិត្ត រួចជូតទឹកភ្នែកហើយ ត្រឡប់​ចូលទៅក្នុង ក្រុងពារាណសីវិញ ក៏ទៅឯរោងដំរី ទៀបព្រះរាជវាំង ហើយនិយាយពាក្យនេះ នឹងហ្មដំរីថា នែអ្នកហ្មដំរី ខ្ញុំចង់រៀនសិល្បៈ (អំពីអ្នក តើបានឬទេ)។ ឯហ្ម​ដំរីនោះ និយាយតបថា នែនាយមាណព បើដូច្នោះ ចូរអ្នករៀនចុះ។​ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ ក្រោកឡើង​ ក្នុងបច្ចូសសម័យ នៃរាត្រី ក៏ស្រែកច្រៀង ដោយសំឡេង​ដ៏ពីរោះ ហើយដេញពិណ​ផង ក្នុងរោងដំរី។ ម្នាលភិក្ខុទាំងឡាយ ឯ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត បានទ្រង់​ព្រះសណ្តាប់​​ចម្រៀង និងពិណ ដែលទីឃាវុកុមារ ក្រោកឡើងក្នុង​បច្ចូសសម័យ នៃរាត្រី ហើយច្រៀង ប្រកបដោយសំឡេង​យ៉ាងពីរោះ ក្នុងរោងដំរី លុះទ្រង់​ព្រះសណ្តាប់រួចហើយ ក៏ទ្រង់​ត្រាស់សួរមនុស្សទាំងឡាយថា នែនាយ នរណាក្រោកឡើង​ ក្នុងបច្ចូសសម័យ នៃរាត្រី ក៏ច្រៀង ដោយសំឡេងដ៏ពីរោះ ហើយដេញពិណផង ក្នុងរោងដំរី។ មនុស្សទាំងនោះ ក្រាបទូលថា សូម​ទ្រង់​​ព្រះមេត្តាប្រោស មាណព ជាកូនសិស្ស របស់ហ្មដំរី​ឯណោះ ក្រោកឡើង ក្នុងបច្ចូសសម័យ នៃ​រាត្រី ក៏ច្រៀងដោយសំឡេងដ៏ពីរោះ ហើយដេញ​ពិណផង ក្នុងរោងដំរី។ ស្តេចនោះ ទ្រង់​ត្រាស់​ថា នែនាយ បើដូច្នោះ អ្នកទាំងឡាយ ចូរនាំមាណព​នោះមក។ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំង​នោះ ទទួលស្តាប់​ព្រះឱង្ការ ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តដោយពាក្យថា ព្រះករុណា​វិសេស ហើយក៏ទៅនាំ ទីឃាវុកុមារមក។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែនាយមាណព អ្នក​ឯងក្រោកឡើង ក្នុងបច្ចូសសម័យ នៃរាត្រី ក៏ច្រៀងដោយសំឡេងដ៏ពីរោះ ហើយដេញពិណផង ក្នុងរោងដំរី មែនឬ។ ទីឃាវុកុមារ ក្រាបទូលថា ព្រះករុណាវិសេស។ ស្តេចនោះ ទ្រង់ត្រាស់ថា នែនាយមាណព បើដូច្នោះ ចូរអ្នកឯងច្រៀង ហើយដេញពិណ ឲ្យយើងស្តាប់មើល។ ម្នាលភិក្ខុ​ទាំងឡាយ ឯទីឃាវុកុមារ ទទួលស្តាប់ព្រះឱង្ការស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយចង់ឲ្យស្តេចប្រោសប្រាណ ទើបស្រែកច្រៀង ដោយ​សំឡេងដ៏ពីរោះ ហើយដេញពិណផង។ ម្នាលភិក្ខុទាំងឡាយ ខណនោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត មានព្រះឱង្ការ ​ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា​ នែនាយមាណព ចូរអ្នកឯង នៅបម្រើយើងចុះ។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ ក៏ទទួលស្តាប់ព្រះឱង្ការ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ ក៏បាន​ក្រោក​មុន ដេកក្រោយ និងទទួលស្តាប់បង្គាប់ការអ្វីៗ ប្រព្រឹត្ត គួរជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ ដល់​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត មិនយូរប៉ុន្មាន ក៏បានតាំង ទីឃាវុកុមារ ក្នុងទីជាអ្នកស្និទ្ធស្នាលខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត ទ្រង់មានព្រះឱង្ការ ទៅនឹង​ទីឃាវុកុមារ យ៉ាងនេះថា នែនាយមាណព បើដូច្នោះ ចូរអ្នក​ទឹមរាជរថមក យើងនឹងទៅកាន់​ទីប្រពាធម្រឹគ។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ ទទួលស្តាប់​ព្រះឱង្ការ ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយក៏​រៀប​ទឹមរាជរថ រួចក្រាបទូល​​ស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តា​ប្រោស ឯរាជរថ​របស់​ព្រះអង្គ ខ្ញុំព្រះអង្គទឹមរួចស្រេចហើយ សូមព្រះអង្គ ទ្រង់ជ្រាបកាលគួរ ឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់ឡើង​គង់លើរាជរថ ទីឃាវុកុមារ ក៏បររាជរថទៅ។ ពួកសេនាដើរទៅតាមផ្លូវឯទៀត ទីឃាវុកុមារ ជាអ្នក​បររាជរថ ក៏បរ​ទៅតាមផ្លូវឯទៀត បែកផ្សេងពីគ្នា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុង​ដែនកាសី ព្រះនាមព្រហ្មទត្ត យាងទៅដល់ទីឆ្ងាយ ហើយទ្រង់មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែនាយមាណព បើដូច្នោះ ចូរអ្នកឯងដាក់រាជរថសិន ដ្បិតយើងនឿយព្រួយលំបាក យើងនឹងដេកសម្រាកបន្តិចសិន។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ បានទទួលស្តាប់ព្រះឱង្ការ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយក៏ដាក់រាជរថ​ចេញ អង្គុយពែនភ្នែនលើផែនដី។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត ក៏ទ្រង់ផ្ទំកើយព្រះសីសៈ លើភ្លៅទីឃាវុកុមារ។ ស្តេចនោះ នឿយព្រួយលំបាក ទ្រង់ផ្ទំលក់​មួយរំពេច។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ទីឃាវុកុមារ ក៏មានសេចក្តីត្រិះរិះ យ៉ាង​នេះថា ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តនេះ បានធ្វើសេចក្តីវិនាសជាច្រើន ដល់អាត្មាអញ ទាំងពល ពាហនៈ ជនបទ ឃ្លាំង នឹងជង្រុក របស់អាត្មាអញ ស្តេចនេះ រឹបជាន់យក​អស់ មិនតែប៉ុណ្ណោះ ទាំងមាតាបិតា របស់អាត្មាអញ ស្តេច​នេះ ក៏សម្លាប់ចោលអស់ វេលានេះ គួរ​អាត្មាអញ សងពៀរ ដល់ស្តេចនេះវិញ ហើយក៏ហូតព្រះខាន់ចេញពីស្រោម។ ម្នាលភិក្ខុទាំង​ឡាយ វេលានោះ ទីឃាវុកុមារ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា បិតាបានផ្តាំអាត្មាអញ ក្នុងពេល​ដែល​ទៀបធ្វើមរណភាពថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែងរម្ងាប់ដោយការមិន​ចង​ពៀរ បើអាត្មាអញ កន្លងពាក្យបិតាហើយ អំពើនេះ ឈ្មោះថា មិនសមគួរ​ដល់អាត្មាអញឡើយ ហើយក៏សៀតព្រះខាន់ ទៅក្នុងស្រោមវិញ។ ម្នាលភិក្ខុទាំងឡាយ ទីឃាវុកុមារ មានសេចក្តី​ត្រិះរិះ​ ជាគំរប់ពីរដងទៀត។បេ។ ម្នាលភិក្ខុទាំងឡាយ ទីឃាវុកុមារ មានសេចក្តីត្រិះរិះ ជាគំរប់​បីដងទៀត យ៉ាងនេះថា ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តនេះ បានធ្វើសេចក្តីវិនាសជាច្រើន ដល់អាត្មា​អញ ទាំងពល ពាហនៈ ជនបទ ឃ្លាំង និងជង្រុក របស់អាត្មាអញ ស្តេចនេះរឹបជាន់យកអស់ មិនតែប៉ុណ្ណោះ ទាំងមាតាបិតា របស់អាត្មាអញ ស្តេចនេះ ក៏សម្លាប់ចោលអស់ វេលានេះ គួរ​អាត្មាអញ សងពៀរ ដល់ស្តេចនេះវិញ ហើយក៏ហូតព្រះខាន់ ចេញពីស្រោម (ម្តងទៀត)។ ម្នាលភិក្ខុទាំងឡាយ ទីឃាវុកុមារ មានសេចក្តីត្រិះរិះ ជាគំរប់បីដងទៀត យ៉ាងនេះថា បិតា​បាន​ផ្តាំអាត្មាអញ ក្នុងពេល​ដែល​ទៀបធ្វើមរណភាពថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែងរម្ងាប់ដោយការមិន​ចង​ពៀរ បើអាត្មាអញ កន្លងពាក្យបិតាហើយ អំពើនេះ ឈ្មោះថា មិនសមគួរ​ដល់អាត្មាអញឡើយ ហើយក៏សៀតព្រះខាន់ ទៅក្នុងស្រោមវិញ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់ភិតភ័យ ភ្ញាក់ផ្អើល ស្លើតស្លក់ តក់ស្លុត ហើយក៏តើនឡើងភ្លាម។ ម្នាលភិក្ខុទាំងឡាយ ខណៈនោះ ទីឃាវុកុមារទូលសួរស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ហេតុអ្វី​ បានជាព្រះអង្គទ្រង់ភិតភ័យ ភ្ញាក់ផ្អើល ស្លើតស្លក់ តក់ស្លុត ហើយតើនឡើងភ្លាម។ ស្តេចនោះតបវិញថា នែនាយមាណព ព្រោះ​យើងយល់សប្តិ (ថាដូចជា) ទីឃាវុកុមារ ជាកូនស្តេច ​ក្នុងដែន​កោសល ឈ្មោះទីឃីតិ លើក​ព្រះខាន់ឡើង គម្រាមយើងក្នុងទីនេះ ព្រោះហេតុនោះ បានជាយើងភិតភ័យ ភ្ញាក់ផ្អើល ស្លើតស្លក់ តក់ស្លុត ហើយក្រោកឡើងភ្លាម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ទីឃាវុកុមារ យកដៃ​ខាងឆ្វេង ចាប់សង្កត់​ព្រះសីសៈ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ហើយយកដៃខាងស្តាំ ហូតព្រះខាន់ រួច​និយាយ​ពាក្យនេះ នឹងស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តថា នែព្រះអង្គ ខ្លួនខ្ញុំឯងហើយ ដែលឈ្មោះ ទីឃាវុកុមារ ជាកូនស្តេច ​ក្នុងដែន​កោសល ព្រះនាមទីឃីតិ ព្រះអង្គបានធ្វើសេចក្តី​វិនាស ជាច្រើនដល់ខ្ញុំ ទាំងពល ពាហនៈ ជនបទ ឃ្លាំង និងជង្រុករបស់ខ្ញុំ ព្រះអង្គ ក៏រឹបជាន់​យកអស់ ម្យ៉ាងទៀត ទាំងមាតាបិតា របស់ខ្ញុំ ព្រះអង្គក៏សម្លាប់ចោលអស់ វេលានេះ គួរ​ខ្ញុំសង​ពៀរ​ដល់​ព្រះអង្គវិញ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ក៏ឱន​ព្រះសីរ្ស ក្រាបទៀបជើង ទីឃាវុកុមារ ហើយមានព្រះឱង្ការ​ ទៅនឹង​ទីឃាវុកុមារ យ៉ាងនេះថា នែទីឃាវុកូន សូមអ្នកអាណិត ឲ្យជីវិតដល់យើងផង នែទីឃាវុកូន សូមអ្នកអាណិត ឲ្យជីវិត​ដល់យើងផង។ ទីឃាវុកុមារ តបវិញថា ខ្ញុំនឹងអាចថ្វាយជីវិត​ព្រះអង្គ ដូចម្តេចបាន គួរតែព្រះអង្គ​ប្រទាន​ជីវិត មកខ្ញុំវិញ។ ស្តេចនោះ ទ្រង់ត្រាស់ថា នែទីឃាវុកូន បើដូច្នោះ អ្នកឯងចូរឲ្យជីវិត​ដល់​យើងចុះ យើងក៏ឲ្យជីវិត ដល់អ្នកឯងវិញ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត និងទីឃាវុកុមារ បានឲ្យជីវិត​គ្នា ទៅវិញទៅមក ហើយបានទាំងចាប់ដៃគ្នាផង ធ្វើសម្បថផង ដើម្បីមិនឲ្យមានរឿងប្រទូស្តគ្នា តទៅទៀត។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់មានព្រះឱង្ការ ​ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែទីឃាវុកូន បើដូច្នោះ ចូរអ្នកទឹមរាជរថចុះ យើងនឹងត្រឡប់​ទៅវិញ។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ បានទទួលស្តាប់​ព្រះឱង្ការ ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយក៏ទឹមរាជរថ រួចក្រាបទូល​ស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឯរាជរថ របស់ព្រះអង្គ ខ្ញុំព្រះអង្គ ទឹមរួចស្រេចហើយ សូម​ព្រះអង្គ ទ្រង់ជ្រាប​កាលគួរ ឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ ខណៈនោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់យាងឡើង​គង់លើរាជរថ ឯទីឃាវុកុមារ ក៏បររាជរថទៅ។ មិនយូរ​ប៉ុន្មាន ទីឃាវុកុមារ ក៏បររាជរថទៅជួបនឹង​ពួកសេនា ដែលទៅតាមផ្លូវផ្សេងពីគ្នានោះ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់យាងចូលទៅ ក្រុងពារាណសី ហើយទ្រង់ប្រជុំពួកអមាត្យ ជាបរិសទ្យរួចហើយ ទ្រង់មានព្រះឱង្ការ​ យ៉ាងនេះ​ថា នែនាយ ប្រសិនបើអ្នកទាំងឡាយ បានឃើញទីឃាវុកុមារ ជាកូនស្តេច ក្នុងដែនកោសល ឈ្មោះ​ទីឃីតិហើយ តើគួរធ្វើ ទីឃាវុកុមារ នោះដូចម្តេច។ អមាត្យទាំងឡាយ ក៏ក្រាបទូល​ដោយពួកៗ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ដៃចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ជើងចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ទាំងដៃ ទាំងជើងចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ត្រចៀក​ចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ច្រមុះចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំគួរតែកាត់ទាំងត្រចៀក ទាំងច្រមុះចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ក្បាលចេញ។ ស្តេចនោះ ទ្រង់ប្រាប់ថា នែនាយទាំងឡាយ បុរសនេះឯងហើយ ដែលឈ្មោះ​ទីឃាវុកុមារ ជាកូនស្តេចក្នុងដែនកោសល ឈ្មោះទីឃីតិនោះ អ្នកទាំងឡាយ មិនត្រូវ​ធ្វើទោសកុមារ​នេះតិចតួចទេ ព្រោះកុមារនេះ បានឲ្យជីវិត​យើង យើងក៏បានឲ្យ​ជីវិត​ដល់កុមារ​នេះដែរ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់មាន​ព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែទីឃាវុកូន កាលដែលបិតារបស់អ្នកជិតនឹង​មរណភាព បានផ្តាំបណ្តាំណា ចំពោះ​អ្នកឯងថា នែទីឃាវុកូន អ្នកឯងកុំឃើញ​កាលវែង កុំឃើញ​កាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់​ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែង​រម្ងាប់​ដោយការមិនចងពៀរ តើបិតារបស់អ្នក សំដៅយកហេតុត្រង់ណា បានជាផ្តាំ (ដូច្នេះ)។ ទីឃាវុកុមារ ក្រាបទូលថា សូមទ្រង់ព្រះមេត្តា​ប្រោស កាលដែលបិតា​ របស់ខ្ញុំព្រះអង្គ ជិតនឹងធ្វើ​មរណភាព បានផ្តាំបណ្តាំណា ចំពោះ​ខ្ញុំព្រះអង្គថា អ្នកកុំឃើញ​កាលវែង គឺថា អ្នកឯង កុំធ្វើពៀរ​ ឲ្យយូរអង្វែងឡើយ សូមទ្រង់ព្រះមេត្តា​ប្រោស កាលដែលបិតារបស់ខ្ញុំព្រះអង្គ ជិតនឹងធ្វើ​មរណភាព បានផ្តាំបណ្តាំនេះឯង (នេះហៅថា) កុំឃើញកាលវែង សូមទ្រង់ព្រះមេត្តាប្រោស កាលដែលបិតារបស់ខ្ញុំព្រះអង្គ ទៀបនឹងធ្វើ​មរណភាព បានផ្តាំ​បណ្តាំណា ចំពោះខ្ញុំព្រះអង្គថា​ អ្នកឯងកុំឃើញ​កាលខ្លី គឺថា អ្នកឯងកុំ​ប្រញាប់​បែកចាកពួកមិត្តសំឡាញ់ឡើយ សូមទ្រង់ព្រះ​មេត្តា​ប្រោស កាលដែលបិតា​របស់ខ្ញុំ​ព្រះអង្គ ជិតនឹងធ្វើ​មរណភាព បានផ្តាំបណ្តាំនេះឯង (នេះ​ហៅថា) កុំឃើញកាលខ្លី សូមទ្រង់​ព្រះមេត្តាប្រោស កាលដែលបិតារបស់ខ្ញុំព្រះអង្គ ជិតនឹងធ្វើ​មរណភាព បានផ្តាំបណ្តាំណា ចំពោះ​ខ្ញុំព្រះអង្គថា នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់ ​ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែង​រម្ងាប់ ​ដោយការមិនចងពៀរ (នោះសំដៅត្រង់) មាតាបិតា​របស់ខ្ញុំព្រះអង្គ ដែលព្រះអង្គ សម្លាប់ចោលអស់ ព្រោះហេតុនោះ បើខ្ញុំព្រះអង្គ នឹង​បំផ្លាញ​ព្រះអង្គ ​ឲ្យចាកជីវិតហើយ គង់មានពួកជន ដែល​ប្រាថ្នាប្រយោជន៍ ចំពោះ​ព្រះអង្គ នឹង​បំផ្លាញ​ខ្ញុំព្រះអង្គ ឲ្យដាច់ចាក​ជីវិតវិញ ពួកជនដែលប្រាថ្នាប្រយោជន៍ ដល់ខ្ញុំព្រះអង្គ មុខជានឹង​បំផ្លាញ​ជនទាំងនោះ ឲ្យដាច់ចាក​​ជីវិតមិនខានឡើយ ពៀរនោះ មិនបានរម្ងាប់​ ដោយការ​ចងពៀរ​ យ៉ាងនេះឯង ឥឡូវ ព្រះអង្គ ទ្រង់ប្រទានជីវិត ដល់ខ្ញុំព្រះអង្គហើយ ខ្ញុំព្រះអង្គ ក៏ថ្វាយជីវិត ដល់​ព្រះអង្គវិញ ពៀរនោះ នឹងរម្ងាប់​ ដោយការមិនចងពៀរ យ៉ាងនេះឯង សូមទ្រង់ព្រះមេត្តាប្រោស កាលដែលបិតា របស់ខ្ញុំ​ព្រះអង្គ ជិតនឹង​ធ្វើមរណភាព បានផ្តាំបណ្តាំនេះឯងថា នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់​ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែង​រម្ងាប់​ដោយការ​មិន​ចង​ពៀរ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់ស្ងើចថា អើហ្ន៎ (ហេតុនេះ) ហៅពេញជា អស្ចារ្យណាស់ អើហ្ន៎ (ហេតុនេះ) ហៅពេញជាចំឡែកណាស់ ទីឃាវុកុមារនេះ ពេញជាអ្នកប្រាជ្ញ​មែន ព្រោះដឹងសេចក្តី ដែលបិតា ពោលដោយសង្ខេប ដោយពិស្តារបាន ហើយក៏ទ្រង់​ត្រឡប់​ប្រគល់​ពល ពាហនៈ ជនបទ ឃ្លាំង និងជង្រុក ជាដំណែល​បិតា ទៅទីឃាវុកុមារវិញ បាន​ទាំង​ប្រទាន​ធីតា១ថែមទៀត។ ម្នាលភិក្ខុទាំងឡាយ គួរកោតដែរ យ៉ាង​ពួកក្សត្រទាំងនោះ (ធ្លាប់តែ) កាន់ដំបង (ធ្លាប់តែ) កាន់គ្រឿង​សស្ត្រាហើយ ចេះមានអំណត់ ​នឹងសេចក្តី​ប្រព្រឹត្តល្អ បែបនេះបាន។ ព្រោះហេតុដូច្នោះ ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា បានមក​បួស ក្នុងធម្មវិន័យនេះ ដែលតថាគត​ បានសំដែង ដោយល្អយ៉ាងនេះហើយ គួរតែខំអត់ធន់ គួរតែខំ​ប្រព្រឹត្តល្អ ឲ្យល្អឡើង។

[១៥១] ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា ទៅនឹង​ភិក្ខុទាំងនោះ​ ជាគំរប់បីដង​ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើសេចក្តីបង្កហេតុ កុំធ្វើសេចក្តី​ឈ្មោះគ្នា កុំធ្វើសេចក្តីប្រកាន់ផ្សេងៗគ្នា កុំធ្វើសេចក្តីវិវាទគ្នាឡើយ។ ឯអធម្មវាទីភិក្ខុនោះ ក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ ជាគំរប់​បីដង យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះ​មានព្រះភាគ ជាធម្មស្សាមី ទ្រង់ឈប់បង្អង់ចុះ សូមទ្រង់ព្រះមេត្តាប្រោស សូម​ព្រះដ៏មានព្រះភាគ មានសេចក្តី​ខ្វល់ខ្វាយតិច សូមទ្រង់ប្រកបតែធម៌ ដែល​ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នរឿយៗចុះ ឯយើងខ្ញុំទាំងឡាយ មុខជានឹងប្រាកដ ដោយសេចក្តីបង្កហេតុ ដោយសេចក្តីឈ្លោះគ្នា ដោយ​សេចក្តី​ប្រកាន់​ផ្សេងៗគ្នា ដោយសេចក្តីវិវាទគ្នាមិនខាន។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់​រិះគិតថា ពួកមោឃបុរសទាំងនេះ មានសភាព គឺកិលេស​គ្របសង្កត់ហើយ តថាគត មិនងាយ​នឹង​ពន្យល់មោឃបុរសទាំងនេះបានឡើយ ហើយក៏ទ្រង់​ក្រោកចាកអាសនៈ ចៀសចេញទៅ។

ចប់ វារៈពោលអំពីទីឃាវុកុមារ ទី១។

[១៥២] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយទ្រង់បាត្រ និងចីវរ យាងចូល​ទៅក្រុងកោសម្ពី ដើម្បីបិណ្ឌបាត ក្នុងពេលព្រឹកព្រហាម លុះយាងទៅបិណ្ឌបាត ក្នុងក្រុងកោសម្ពី​ហើយ ទ្រង់ត្រឡប់មកពីបិណ្ឌបាតវិញ ក៏ទ្រង់​រៀបទុកដាក់គ្រឿងសេនាសនៈ ហើយកាន់យក​បាត្រ និងចីវរ ទ្រង់ឋិតកណ្តាលជំនុំសង្ឃ ក្នុងវេលាក្រោយភត្ត ហើយទ្រង់ពោលព្រះគាថាទាំង​នេះថា

[១៥៣] ជននេះមានសំឡេងខ្លាំងផង ជាជនប្រហែលគ្នាផង សូម្បីជនណាមួយ ដឹងខ្លួន​ថាជាបុគ្គលពាល ក៏គ្មាន កាលបើសង្ឃកំពុងតែបែកគ្នា ជនទាំងឡាយ ក៏មិនបានដឹងហេតុដទៃ ឲ្យក្រៃលែង។ ពួកជនដែលភ្លេចស្មារតី ហើយធ្វើឫក្សពាខ្លួនដូចជាអ្នកប្រាជ្ញ មានសំដីជាអារម្មណ៍ ចង់ហារមាត់និយាយប៉ុន្មាន ក៏និយាយប៉ុណ្ណោះទៅ ទុកជាមានគេនាំទៅប្រជល់​ឲ្យឈ្លោះគ្នា ក៏​មិនដឹងសេចក្តីនោះថា ជាសេចក្តី​ឈ្លោះឡើយ។ ពួកជនណា ចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអាត្មាអញ ជនឯណោះ បានវាយ​អាត្មាអញ ជនឯណោះ បានផ្ចាញ់​ផ្ចាលអាត្មាអញ ជនឯណោះ បានលួចទ្រព្យអាត្មាអញ ពៀររបស់ជនទាំងនោះ មិនបាន​រម្ងាប់ទេ។ ម្យ៉ាងទៀត ពួកជនណា មិនបានចងសេចក្តី​ក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអាត្មាអញ ជនឯណោះ បានវាយ​អាត្មាអញ ជនឯណោះ បានផ្ចាញ់​ផ្ចាលអាត្មាអញ ជនឯណោះ បានលួចទ្រព្យអាត្មាអញ ពៀររបស់ជនទាំងនោះ ទើប​រម្ងាប់ទៅ​បាន។ ក្នុងលោកនេះ ធម្មតា ពៀរ មិនដែលរម្ងាប់ ដោយការចងពៀរបានម្តងឡើយ រម្ងាប់​បានតែ ដោយការមិនចងពៀរ នេះជាធម្មតា តែងមានពីដើមរៀងមក។ ពួកជនដទៃ មិនដែលដឹងច្បាស់ថា យើងដល់នូវសេចក្តីវិនាស ក្នុងកណ្តាលជំនុំសង្ឃនេះទេ បណ្តាជន​ទាំងនោះ បើពួកជនណាមួយដឹងច្បាស់ សេចក្តីឈ្លោះ ទើបរម្ងាប់អំពីសំណាក់​ជនទាំងនោះបាន។ អម្បាលឆ្អឹងមាតាបិតា របស់ទីឃាវុកុមារ គេកាត់ចោល ទាំងជីវិត គេក៏សម្លាប់ចោល ទាំងគោ សេះ និងធនធាន គេក៏នាំយកទៅ ទាំងដែន គេក៏រឹបជាន់ ដណ្តើមយកអស់ ម្តេចស្តេចទាំងនោះ គង់នៅ​មានសេចក្តីព្រមព្រៀងគ្នាបាន។ ចុះអ្នកទាំងឡាយ ហេតុអ្វី ក៏គ្មានសេចក្តី​ព្រមព្រៀងគ្នា។

បើបុគ្គលបានសំឡាញ់មានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន6) ជាអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅសប្បាយ ត្រាច់ទៅជាមួយគ្នា បុគ្គលនោះ អាច​គ្របសង្កត់ នូវសេចក្តីអន្តរាយ​ទាំងពួងបាន ហើយជាអ្នកមានសេចក្តី​ត្រេកអរ មានស្មារតី គប្បី​ត្រាច់ទៅជាមួយនឹងសំឡាញ់នោះចុះ។ បើបុគ្គលមិនបានសំឡាញ់ ដែលមានប្រាជ្ញា ជាគ្រឿង​រក្សាខ្លួន ជាអ្នកប្រាជ្ញ មានធម៌ ជាគ្រឿង​នៅសប្បាយ ត្រាច់ទៅជាមួយគ្នាទេ បុគ្គលនោះ គួរត្រាច់​ទៅតែម្នាក់ឯង ប្រៀបដូចជាស្តេច លះបង់ដែន ដែលខ្លួន​ឈ្នះហើយ ត្រាច់ទៅម្នាក់ឯង (ពុំនោះ​សោត) ប្រៀបដូចជា ដំរីដ៏ប្រសើរ ត្រាច់ទៅម្នាក់ឯងក្នុងព្រៃ។ ការដែលបុគ្គល ត្រាច់ទៅតែម្នាក់​ឯង ហៅពេញជាប្រសើរ ព្រោះបុគ្គលពាល គ្មានសហាយតាគុណ7) ទេ។ ម្យ៉ាងទៀត បុគ្គល គួរត្រាច់ទៅ​តែម្នាក់ឯង មិនគួរធ្វើ​អំពើលាមកឡើយ ប្រៀបដូចជាដំរី ដ៏ប្រសើរ មានសេចក្តីខ្វល់ខ្វាយ​តិច ត្រាច់ទៅតែម្នាក់ឯងក្នុងព្រៃ។

២៧៣. ពាលកលោណកគមនកថា

(២៧៣)

[១៥៤] កាលបើព្រះមានព្រះភាគ ទ្រង់ឋិតកណ្តាលជំនុំសង្ឃ ពោលព្រះគាថា​អម្បាលនេះ​ហើយ ក៏ទ្រង់យាងទៅឯពាលកលោណការកគ្រាម។ សម័យនោះឯង ក៏ចួនជាព្រះភគុដ៏មាន​អាយុ គង់នៅក្នុងពាលកលោណការកគ្រាមដែរ។ ឯព្រះភគុដ៏មានអាយុ បានឃើញ​ព្រះមានព្រះ​ភាគ ទ្រង់យាងមកអំពីចម្ងាយ លុះឃើញហើយ ក៏រៀបក្រាលអាសនៈ រួចដំកល់ទឹកសម្រាប់​លាងព្រះបាទ តាំងសម្រាប់ទ្រព្រះបាទ ដែលលាងរួចហើយ និងគ្រឿងសម្រាប់ទ្រព្រះបាទ ដែល​មិនទាន់លាង ស្រេចហើយ ទើបក្រោកឡើង ទៅទទួល​បាត្រ និងចីវរ។ ព្រះមានព្រះភាគ ក៏ទ្រង់​គង់​លើអាសនៈ ដែលភិក្ខុក្រាលថ្វាយ លុះគង់ហើយ ទើបលាងព្រះបាទា។ ចំណែកឯ​ព្រះភគុ​ដ៏មានអាយុ ក៏ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ រួចអង្គុយ​នៅក្នុងទីសមគួរ។ លុះព្រះភគុដ៏​មានអាយុ អង្គុយក្នុងទី​សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរយ៉ាងនេះថា ម្នាលភិក្ខុ អ្នកល្មមអត់ធន់បានទេឬ អ្នកល្មមប្រព្រឹត្តទៅបានស្រួលទេឬ អ្នកមិនលំបាកដោយ​បិណ្ឌបាត​ទេឬ។ ព្រះភគុដ៏មានអាយុ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ ល្មមអត់ធន់​បាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ ល្មមប្រព្រឹត្តទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស ម្យ៉ាងទៀត ខ្ញុំព្រះអង្គ មិនលំបាកដោយបិណ្ឌបាតទេ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់​ព្រះភគុដ៏​មានអាយុ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់​ក្រោកចាកអាសនៈ យាងទៅឯប្រទេស​ នៃព្រៃឈ្មោះបាចីនវង្ស។

២៧៤. បាចីនវំសទាយគមនកថា

(២៧៤)

សម័យនោះឯង ចួន​ជាព្រះអនុរុទ្ធដ៏មានអាយុ១ ព្រះនន្ទិយៈ​ដ៏មានអាយុ១ ព្រះកិម្ពិលៈដ៏មានអាយុ១ គង់នៅក្នុង​​ប្រទេស នៃព្រៃឈ្មោះបាចីនវង្សដែរ។ មានបុរសម្នាក់ ជាអ្នករក្សាព្រៃ បានឃើញព្រះមានព្រះភាគ ទ្រង់យាងមកអំពីចម្ងាយ លុះឃើញហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​សមណៈ ព្រះអង្គ កុំយាងចូលទៅក្នុងព្រៃនេះឡើយ ដ្បិតមានពួកកុលបុត្ត៣រូប មានសភាព​ជាអ្នក​ស្រឡាញ់ខ្លួន នៅក្នុងព្រៃនេះ ព្រះអង្គ កុំធ្វើសេចក្តីអផ្សុក ដល់កុលបុត្តទាំងនោះឡើយ។ ព្រះអនុរុទ្ធដ៏មានអាយុ ក៏បានឮពាក្យ​បុរស ជាអ្នករក្សាព្រៃ កំពុងប្រឹក្សាជាមួយនឹង​ព្រះមានព្រះ​ភាគដែរ លុះឮហើយ ក៏និយាយទៅនឹងបុរសជាអ្នករក្សាព្រៃ យ៉ាងនេះថា ម្នាលអ្នករក្សាព្រៃ​ដ៏មានអាយុ អ្នកឯង កុំឃាត់ព្រះមានព្រះភាគឡើយ ដ្បិតព្រះមានព្រះភាគ ជាគ្រូរបស់យើង ព្រះអង្គ ទ្រង់យាងមកដល់ហើយ។ ខណៈនោះ ព្រះអនុរុទ្ធដ៏មានអាយុ ចូលទៅរក​ព្រះនន្ទិយៈ​ដ៏មានអាយុ និងព្រះកិម្ពិលៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះនន្ទិយៈ​ដ៏មានអាយុ និងព្រះកិម្ពិលៈ​ដ៏មានអាយុ យ៉ាងនេះថា ម្នាលលោកដ៏មានអាយុទាំងឡាយ ចូរ​លោកទាំងឡាយ និមន្តទៅទទួល ម្នាលលោកដ៏មានអាយុទាំងឡាយ ចូរលោកទាំងឡាយ និមន្ត​ទៅទទួល ដ្បិតព្រះមានព្រះភាគ ជាគ្រូរបស់យើង ព្រះអង្គទ្រង់យាងមកដល់ហើយ។ វេលានោះ ព្រះអនុរុទ្ធដ៏មានអាយុ ព្រះនន្ទិយៈដ៏មានអាយុ និងព្រះកិម្ពិលៈដ៏មានអាយុ ក៏ក្រោកទៅទទួល​ព្រះមានព្រះភាគ មួយអង្គទទួលបាត្រ និងចីវរព្រះមានព្រះភាគ មួយអង្គរៀបចំក្រាលអាសនៈ មួយអង្គដំកល់ទឹកសម្រាប់លាងព្រះបាទ តាំងសម្រាប់​ដំកល់ព្រះបាទ ដែលលាងហើយ និងគ្រឿង​សម្រាប់ដំកល់ព្រះបាទ ដែលមិនទាន់បានលាង។ ព្រះមានព្រះភាគ ទ្រង់គង់លើ​អាសនៈ ដែលភិក្ខុនោះក្រាលហើយ លុះគង់ហើយ ទ្រង់លាងព្រះបាទា។ ចំណែកលោក​ដ៏មានអាយុទាំងនោះ ក៏នាំគ្នាក្រាបថ្វាយបង្គំព្រះមានព្រះភាគជាម្ចាស់រួចហើយ អង្គុយ​នៅក្នុង​ទីសមគួរ។ លុះព្រះអនុរុទ្ធដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះអង្គទ្រង់ត្រាស់​សួរ​ យ៉ាងនេះថា ម្នាលអនុរុទ្ធទាំងឡាយ8) អ្នកទាំងឡាយ ល្មមអត់ធន់បាន​ឬទេ អ្នកទាំងឡាយ ល្មមប្រព្រឹត្តទៅបានស្រួលឬទេ អ្នកទាំងឡាយ មិនលំបាកដោយ​បិណ្ឌបាត​ឬទេ។ ព្រះថេរៈទាំង៣អង្គ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំ ល្មមអត់ធន់​បាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំ ល្មមប្រព្រឹត្តទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស ម្យ៉ាងទៀត យើងខ្ញុំ មិនលំបាកដោយបិណ្ឌបាតទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរ​ទៀតថា ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ បានព្រមព្រៀង ស្មោះសរ មិនវិវាទគ្នា ដូចជាទឹក​ដោះលាយទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់ដែរឬ។ ព្រះអនុរុទ្ធ​ក្រាប​បង្គំទូលថា ព្រះករុណា យើងខ្ញុំទាំងនោះ ព្រមព្រៀង ស្មោះសរនឹងគ្នា មិនវិវាទគ្នា ដូចជាទឹកដោះ​លាយទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់បាន។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់សួរទៀតថា ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយ បានជាព្រមព្រៀង ស្មោះសរនឹងគ្នា មិនវិវាទគ្នា ដូចជាទឹក​ដោះលាយទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែក​ជាទីស្រឡាញ់​ដូចម្តេចទៅ។ ព្រះអនុរុទ្ធ​ក្រាប​បង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីនេះ ខ្ញុំព្រះអង្គ មានសេចក្តី​ត្រិះរិះថា អាត្មាអញ បាននៅជាមួយនឹងពួកបុគ្គល ដែលប្រព្រឹត្តធម៌​ ដ៏ប្រសើរស្មើគ្នា​បែបនេះ ហៅពេញជាលាភ របស់អាត្មាអញ អាត្មាអញ ហៅពេញជាបានស្រួលពេកហើយ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ តែងដំកល់​កាយកម្ម ប្រកបដោយមេត្តា​ ចំពោះលោកដ៏​មានអាយុទាំងអម្បាលនេះ ទាំងទីចំពោះមុខ និងទីកំបាំង ខ្ញុំព្រះអង្គ តែងដំកល់វចីកម្ម និងមនោកម្ម ប្រកបដោយមេត្តា ទាំងទីចំពោះមុខ និងទីកំបាំង សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំ​ព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ អាត្មាអញ គួរដាក់ចិត្តរបស់ខ្លួនចេញ ហើយប្រព្រឹត្ត​តាមអំណាចចិត្ត​លោកដ៏មានអាយុទាំងនេះវិញ សូមទ្រង់ព្រះមេត្តាប្រោស (លុះ​គិតដូច្នេះហើយ) ខ្ញុំព្រះអង្គ ក៏បានដាក់ចិត្ត​របស់ខ្លួនចេញ ហើយប្រព្រឹត្តតាមអំណាចចិត្តលោក​ដ៏មានអាយុ​ទាំងនេះទៅ សូមទ្រង់ព្រះមេត្តាប្រោស ឯកាយរបស់យើងខ្ញុំ​ផ្សេងគ្នាក៏ពិតមែន ប៉ុន្តែ ចិត្តដូចគ្នាតែម្យ៉ាង។ ឯព្រះនន្ទិយៈដ៏មានអាយុ និងព្រះកិម្ពិលៈដ៏មានអាយុ ក៏បានក្រាបបង្គំ​ ទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ទៀតថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា អាត្មាអញ នៅជាមួយនឹងពួកបុគ្គល ដែលប្រព្រឹត្តធម៌​ ដ៏ប្រសើរស្មើគ្នា​បែបនេះ ហៅពេញជាលាភ របស់អាត្មាអញ អាត្មាអញ ហៅពេញជាបានស្រួលពេកហើយ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ តែងដំកល់​កាយកម្ម ប្រកបដោយមេត្តា​ ចំពោះលោកដ៏​មានអាយុទាំងអម្បាលនេះ ទាំងទីចំពោះមុខ និងទីកំបាំងមុខ ខ្ញុំព្រះអង្គ តែងដំកល់វចីកម្ម និងមនោកម្ម ប្រកបដោយមេត្តា ទាំងទីចំពោះមុខ និងទីកំបាំង សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំ​ព្រះអង្គនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ អាត្មាអញ គួរដាក់ចិត្តរបស់ខ្លួនចេញ ហើយប្រព្រឹត្ត​តាមអំណាចចិត្ត​លោកដ៏មានអាយុទាំងនេះវិញចុះ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនោះ បានដាក់ចិត្ត​របស់ខ្លួនចេញ ហើយប្រព្រឹត្តតាមអំណាចចិត្តលោក​ដ៏មានអាយុ​ទាំងនេះវិញ សូមទ្រង់ព្រះមេត្តាប្រោស ឯកាយរបស់យើងខ្ញុំ​ផ្សេងគ្នា ក៏ពិតមែន ប៉ុន្តែ ចិត្តដូចគ្នា​តែ​ម្យ៉ាង សូមទ្រង់ព្រះមេត្តាប្រោស ដោយហេតុយ៉ាងនេះហើយ បានជាយើងខ្ញុំព្រមព្រៀង ស្មោះសរ មិនវិវាទគ្នា ដូចជាទឹកដោះលាយទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយចក្ខុ​ជាទី​ស្រឡាញ់បាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយ មិនបាន​ប្រហែសធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅត្រង់ខ្លះដែរឬ។ ព្រះអនុរុទ្ធ​ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំមិនបានប្រហែសធ្វេសទេ ហើយមានព្យាយាម​ដុតកិលេស និងមានចិត្ត​បញ្ជូនទៅត្រង់។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលអនុរុទ្ធ​ទាំង​ឡាយ អ្នកទាំងឡាយ ដែលឥតមាន​ប្រហែសធ្វេស មានតែព្យាយាមដុតកិលេស មានចិត្ត​បញ្ជូន​ទៅ​ត្រង់ តើយ៉ាងដូចម្តេច។ ព្រះថេរៈទាំង៣អង្គ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស បណ្តាយើងខ្ញុំ ដែល​នៅក្នុងទីនេះ បើលោកណាត្រឡប់មកពីបិណ្ឌបាត អំពីស្រុកមុនគេ លោក​នោះ រៀបចំក្រាលអាសនៈ ដំកល់ទឹកសម្រាប់លាងជើង ដំកល់តាំងសម្រាប់ទ្រជើង ដែលលាង​រួច និងដំកល់​គ្រឿងសម្រាប់​ទ្រជើង ដែលមិនទាន់លាង ហើយលាងភាជន៍ សម្រាប់ផ្ទេរបាយ ដំកល់​ទុកឲ្យស្រួល រួចដំកល់ទឹកឆាន់ និងទឹកប្រើប្រាស់ លោកណាមកពីបិណ្ឌបាត អំពីស្រុកក្រោយគេ បើមានរបស់ដែលសល់ពីឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ទៅ បើមិនចង់ឆាន់ទេ ចាក់ចោល​ទៅក្នុងទី​គ្មានស្មៅស្រស់ក៏បាន បាចសាចទៅក្នុងទឹក ដែលគ្មានសត្វតូចក៏បាន រួចលោកនោះ រើអាសនៈចេញ ហើយរៀបចំទុកដាក់ទឹក សម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាង​រួចហើយ និងគ្រឿងសម្រាប់ទ្រជើង ដែល​មិនទាន់លាង ហើយលាងភាជន៍សម្រាប់ផ្ទេរបាយ រៀបចំទុកដាក់ រួចរៀប​ទុកដាក់ទឹកឆាន់ និងទឹកប្រើប្រាស់ ហើយបោសរោងភត្ត បើលោកណា ឃើញក្អម​សម្រាប់ដាក់ទឹកឆាន់ក្តី ក្អមសម្រាប់ដាក់ទឹកប្រើប្រាស់ក្តី ក្អមសម្រាប់​ដាក់ទឹកលាង​វច្ចៈក្តី រលីងសោះទទេ លោកនោះ ក៏ដំកល់ទុកឲ្យមានឡើង បើលោកនោះ មិនអាច​លើកដោយ​កំឡាំង​ដៃបានទេ ក៏យើងខ្ញុំ​ហៅភិក្ខុ (ឯទៀត) មកជាពីររូប ជួយលើក ឬសែងដោយដៃ យកទៅដំកល់​ទុក សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំមិនបាច់បញ្ចេញ​វាចា ព្រោះហេតុ​ប៉ុណ្ណោះឡើយ សូមទ្រង់​ព្រះ​មេត្តា​ប្រោស ម្យ៉ាងទៀត តែគ្រប់៥ថ្ងៃហើយ យើងខ្ញុំតែងអង្គុយប្រជុំគ្នា ដោយធម្មីកថា អស់រាត្រី​ទាំង​មូល9) សូមទ្រង់ព្រះមេត្តាប្រោស ដោយហេតុយ៉ាងនេះហើយ បានជាយើងខ្ញុំព្រះអង្គ ឥតមានសេចក្តី​ប្រហែសធ្វេស ខំព្យាយាម​ដុតកិលេស មានចិត្តបញ្ជូន​ទៅត្រង់ ឥតមាន​នឹកនា (ដល់​កាយ និងជីវិតឡើយ)។

២៧៥. បាលិលេយ្យកគមនកថា

(២៧៥)

គ្រានោះ ព្រះមាន​ព្រះភាគ ទ្រង់ពន្យល់​ព្រះអនុរុទ្ធ​ដ៏មានអាយុផង ព្រះនន្ទិយៈ​ដ៏មានអាយុផង ព្រះកិម្ពិលៈ​ដ៏មានអាយុផង ឲ្យយល់ប្រយោជន៍ ក្នុងបច្ចុប្បន្ន និងបរលោក ឲ្យ​ប្រតិបត្តិតាម ឲ្យខ្មីឃ្មាត​ក្នុងការកុសល ឲ្យរីករាយ ដោយធម្មីកថា រួចទ្រង់​ក្រោកចាកអាសនៈ​ហើយ យាងទៅកាន់ចារិក​ប្រទេសបារិលេយ្យកៈ កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅប្រទេស​បារិលេយ្យកៈ។ ឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្រោមម្លប់​ភទ្ទសាលព្រឹក្ស ក្នុងដងព្រៃ​ឈ្មោះ​រក្ខិត នាប្រទេសបារិលេយ្យកៈនោះ។

[១៥៥] វេលានោះ កាលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ សម្ងំនៅក្នុង​ព្រះកម្មដ្ឋាន ទ្រង់កើតមានព្រះហឫទ័យ ត្រិះរិះឡើងយ៉ាងនេះថា ក្នុងពេលមុន តថាគត នៅ​ច្រឡូកច្រឡំ ដោយពួកភិក្ខុទាំងនោះ ដែលនៅក្នុងក្រុងកោសម្ពី ជាអ្នកធ្វើសេចក្តីបង្កហេតុ ធ្វើ​សេចក្តីឈ្មោះ ធ្វើសេចក្តីវិវាទ ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ មិនបានសេចក្តី​សប្បាយ ក្នុងពេលនេះ តថាគត តែម្នាក់ឯង គ្មាននរណាជាគំរប់ពីរ ហើយបាននៅជាសប្បាយ ព្រោះវៀរ​ផុត​អំពីពួកភិក្ខុទាំងនោះ ដែលនៅក្នុងក្រុងកោសម្ពី ជាអ្នកធ្វើសេចក្តីបង្កហេតុ ធ្វើសេចក្តី​ឈ្លោះគ្នា ធ្វើសេចក្តីវិវាទគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ។ មានដំរីដ៏ប្រសើរ១ នៅច្រឡូកច្រឡំនឹង​ពួកដំរីឈ្មោល ពួកដំរីញី ពួកដំរីស្ទាវ និងពួកកូនដំរីតូចៗ ហើយស៊ីស្មៅដែលពួកដំរី (មានដំរី​ឈ្មោលជាដើមនោះ) បោចផ្តាច់ចុងចេញ ចំណែកខាងពួកដំរីទាំងនោះ ក៏ស៊ីមែកឈើបាក់ៗ ដែលដំរី​ដ៏ប្រសើរនោះកាច់បំបាក់​ខ្ទេចខ្ទីវិញ ឯដំរីដ៏ប្រសើរ ក៏ផឹកតែទឹកល្អក់ កាលបើដំរី​ដ៏ប្រសើរ ដើរចុះឡើងកំពង់ទឹក អស់ពួកមេដំរី ក៏ដើរត្រដុសកាយ។ ឯដំរីដ៏ប្រសើរនោះ ក៏មានសេចក្តី​ត្រិះរិះ​ យ៉ាងនេះថា អាត្មាអញ នៅច្រឡូកច្រឡំដោយពួកដំរីឈ្មោល ពួកដំរីញី ពួកដំរីស្ទាវ និងពួក​កូនដំរីតូចៗ ហើយស៊ីស្មៅដែលដំរីទាំងនោះ បោចផ្តាច់ចុងចេញ ចំណែក​ពួកដំរីទាំងនោះ ក៏ស៊ី​មែកឈើបាក់ៗ ដែលអាត្មាអញកាច់បំបាក់​ខ្ទេចខ្ទីវិញ អាត្មាអញ ផឹកទឹកក៏ល្អក់ កាលបើអាត្មាអញ ដើរចុះឡើងកំពង់ទឹក អស់ពួកមេដំរី ក៏ដើរត្រដុសកាយ បើដូច្នោះ គួរអាត្មាអញ ថយចេញពីហ្វូង ទៅនៅម្នាក់ឯងវិញចុះ។ គ្រានោះ ដំរីដ៏ប្រសើរនោះ ដើរបែកចេញ​ពីហ្វូង ចូលទៅកាន់សំណាក់​ព្រះដ៏មានព្រះភាគ ដែលទ្រង់គង់ក្រោមម្លប់ភទ្ទសាលព្រឹក្ស ក្នុងដង​ព្រៃឈ្មោះរក្ខិត នាបារិលេយ្យកប្រទេស លុះចូលទៅដល់ហើយ ក៏ដំកល់ទឹក​ឆាន់ និងទឹកប្រើប្រាស់ ដោយ​ប្រមោយ ចំពោះព្រះដ៏មានព្រះភាគ ហើយធ្វើទីកន្លែងនោះ មិនឲ្យ​មានស្មៅស្រស់ផង។ លំដាប់ពីនោះមក ដំរីដ៏ប្រសើរនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលពីដើម អាត្មាអញ នៅច្រឡូកច្រឡំនឹង​ពួកដំរីឈ្មោល ពួកមេដំរី ពួកដំរីស្ទាវ និងពួក​កូនដំរីតូចៗ ហើយអាត្មាអញ បានស៊ីស្មៅដែលពួកដំរីទាំងនោះ បោចផ្តាច់ចុងចេញ ចំណែក​ខាង​ពួក​ដំរីទាំងនោះ ក៏បានស៊ីមែកឈើបាក់ៗ ដែលអាត្មាអញ កាច់បំបាក់​ខ្ទេចខ្ទីវិញ មិនតែប៉ុណ្ណោះ​សោត អាត្មាអញ បានទាំងផឹកទឹកល្អក់ កាលបើអាត្មាអញ ដើរចុះឡើងកំពង់ទឹក ពួកមេដំរី វាក៏ដើរត្រដុសកាយ ក្នុងពេលនេះ អាត្មាអញ តែម្នាក់ឯង ឥតមាននរណាជាគំរប់ពីរ ហើយបាន​នៅជាសុខស្រួលបួល ព្រោះបានវៀរចាកពួកដំរីឈ្មោល ពួកដំរីញី ពួកដំរីស្ទាវ និងពួក​កូនដំរី​តូចៗ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តី​វិវេក របស់ព្រះអង្គផង ហើយទ្រង់​ជ្រាប​សេចក្តីត្រិះរិះ នៃចិត្ត​របស់ដំរី​ដ៏ប្រសើរនោះ ដោយព្រះហឫទ័យ របស់ព្រះអង្គផង ហើយក៏ទ្រង់​បន្លឺព្រះឧទាន​នេះ ក្នុងពេលនោះថា

ហត្ថិនាគ (ដំរីប្រសើរ) រមែងត្រេកអរក្នុងព្រៃ តែម្នាក់ឯង ហេតុណា ហេតុនុ៎ះ ចិត្តរបស់​ហត្ថិនាគ មានភ្លុកងរទន្ទាំនេះ ស្មើគ្នានឹងចិត្ត​របស់ព្រះពុទ្ធនាគដែរ។10)

[១៥៦] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងបារិលេយ្យកប្រទេស គួរដល់ពុទ្ធ​អធ្យាស្រ័យហើយ ទ្រង់យាងទៅកាន់ចារិក នៃក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅក្រុងសាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថីនោះ។

[១៥៧] វេលានោះ ពួកឧបាសកដែលនៅក្នុងក្រុងកោសម្ពី មានសេក្តីត្រិះរិះ​ យ៉ាងនេះថា ពួកលោកជាម្ចាស់ទាំងនេះ ជាភិក្ខុនៅក្នុងក្រុងកោសម្ពី បានធ្វើអំពើឥតប្រយោជន៍ជាច្រើន ដល់យើង ព្រះដ៏មានព្រះភាគសោត ក៏ពួកភិក្ខុទាំងនេះបៀតបៀន ទាល់តែទ្រង់យាង​ចេញបាត់​ទៅ បើដូច្នោះ យើងមិនគួរសំពះ មិនគួរក្រោកទទួល មិនគួរធ្វើអញ្ជលីកម្ម មិនគួរធ្វើសាមីចិកម្ម មិនគួរធ្វើ​សក្ការៈ មិនគួរធ្វើសេចក្តីគោរព មិនគួររាប់អាន មិនគួរបូជា ពួកលោកម្ចាស់ ជាភិក្ខុនៅ​ក្នុងក្រុងកោសម្ពីទេ ទុកជាភិក្ខុទាំងនោះ ចូលមកជិត យើងក៏មិនគួរឲ្យបិណ្ឌបាតឡើយ ភិក្ខុទាំងនេះ តែពួកយើងលែងធ្វើសក្ការៈ លែងធ្វើសេចក្តីគោរព លែងរាប់អាន លែងបូជា យ៉ាងនេះ​ហើយ ក៏ទៅជាអ្នកគ្មានគ្រឿងសក្ការៈហើយ មុខជានឹងរត់ចេញទៅខ្លះ សឹកចេញទៅខ្លះ ញុំាង​ព្រះមានព្រះភាគ ឲ្យប្រោសប្រាណខ្លះមិនខាន។ គ្រានោះ ពួកឧបាសកក្រុងកោសម្ពី លែង​សំពះ លែងក្រោកទទួល លែងធ្វើអញ្ជលិកម្ម និងសាមីចិកម្ម លែងធ្វើ​សក្ការៈ គោរព រាប់អាន បូជា ពួកភិក្ខុក្រុងកោសម្ពី ទុកជាភិក្ខុទាំងនោះ ចូលទៅបិណ្ឌបាត ក៏លែងឲ្យបិណ្ឌបាត។ វេលានោះ ពួកភិក្ខុក្រុងកោសម្ពី កាលបើពួក​ឧបាសកក្រុងកោសម្ពី លែងធ្វើសក្ការៈ គោរព រាប់អាន បូជា ក៏ទៅជាអ្នកគ្មានគ្រឿងសក្ការៈ ហើយក៏និយាយនឹងគ្នាយ៉ាងនេះថា នែអាវុសោ បើដូច្នោះ មានតែយើងទៅក្រុងសាវត្ថី រម្ងាប់អធិករណ៍នេះ ក្នុងសំណាក់ព្រះមានព្រះភាគចេញ។

២៧៦. អដ្ឋារសវត្ថុកថា

អដ្ឋារសវត្ថុអធម្មវាទិ អធម្មវាទីបុគ្គល

លំដាប់នោះ ពួកភិក្ខុក្រុងកោសម្ពី ក៏រៀបចំទុកដាក់​គ្រឿងសេនាសនៈ រួចនាំយកបាត្រ និងចីវរ ចូល​ទៅក្រុងសាវត្ថី។

[១៥៨] ព្រះសារីបុត្រដ៏មានអាយុបានឮដំណឹងថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នក​ធ្វើការ​បង្កហេតុ ឈ្លោះទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិរកណ៍ ក្នុងសង្ឃ បានមកដល់​ក្រុងសាវត្ថី។ ទើប​ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​នៅក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយ​នៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តា​ប្រោស ឮថាពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើសេចក្តីបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆាន​កថា និងធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថី សូមទ្រង់ព្រះមេត្តាប្រោស តើខ្ញុំព្រះអង្គ នឹង​ប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដូចម្តេចខ្លះ។ ព្រះដ៏មានព្រះភាគ ទ្រង់តបថា នែសារីបុត្ត បើដូច្នោះ អ្នកចូរតាំងនៅ ឲ្យសមគួរតាមធម៌ចុះ។ ព្រះសារីបុត្តក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ធ្វើដូចម្តេច ខ្ញុំព្រះអង្គអាចស្គាល់ថាជាធម៌ ឬមិនមែនជាធម៌បាន។ ព្រះដ៏មានព្រះភាគ តបថា នែសារីបុត្ត អ្នកត្រូវស្គាល់អធម្មវាទីបុគ្គល (បុគ្គល​ពោលខុសធម៌) ដោយវត្ថុ១៨យ៉ាង នែសារីបុត្ត ក្នុងសាសនានេះ មានភិក្ខុសំដែងសភាវៈ ដែលមិនមែនធម៌ ថាជាធម៌វិញ សំដែងធម៌ ថាមិនមែនជាធម៌វិញ សំដែងសភាវៈមិនមែនវិន័យ ថាជាវិន័យវិញ សំដែងវិន័យ ថាមិនមែនវិន័យវិញ សំដែងពាក្យ ដែលតថាគតមិនបានពោល មិនបានចរចា ថាតថាគត បានពោល បានចរចាវិញ សំដែងពាក្យ ដែលតថាគត បានពោល បានចរចា ថា​តថាគត​មិនបានពោល មិនបានចរចាវិញ សំដែងកិច្ច ដែលតថាគត​មិនបានសន្សំ ថាតថាគត​បានសន្សំវិញ សំដែងកិច្ចដែលតថាគត​បានសន្សំ ថាតថាគតមិនបាន​សន្សំវិញ សំដែងសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ថាតថាគតបានបញ្ញត្តវិញ សំដែងសិក្ខាបទ ដែលតថាគត បានបញ្ញត្ត ថាតថាគត មិនបានបញ្ញត្តវិញ សំដែងអនាបត្តិ ថាជាអាបត្តិវិញ សំដែងអាបត្តិ ថាជាអនាបត្តិវិញ សំដែងអាបត្តិស្រាល ថាជាអាបត្តិធ្ងន់វិញ សំដែងអាបត្តិធ្ងន់ ថាជាអាបត្តិស្រាល​វិញ សំដែងអាបត្តិ ដែលជាសាវសេស11) ថាអាបត្តិជាអនវសេស12) វិញ សំដែងអាបត្តិដែលជាអនវសេស ថាអាបត្តិ​ជាសាវសេសវិញ សំដែងទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិវិញ សំដែងអទុដ្ឋុល្លាបត្តិ ថាទុដ្ឋុល្លាបត្តិវិញ នែសារីបុត្ត អ្នកត្រូវស្គាល់អធម្មវាទីបុគ្គល ដោយវត្ថុ ១៨យ៉ាងនេះឯងចុះ នែសារីបុត្ត ចំណែកខាងធម្មវាទីបុគ្គល អ្នកត្រូវស្គាល់ដោយវត្ថុ១៨យ៉ាងដែរ នែសារីបុត្ត ក្នុងសាសនានេះ មានភិក្ខុសំដែងសភាវៈ មិនមែនធម៌ ថាមិនមែនធម៌ សំដែងធម៌ ថាធម៌ សំដែងសភាវៈមិនមែនជាវិន័យ ថាមិនមែនវិន័យ សំដែងវិន័យ ថាវិន័យ សំដែងពាក្យ ដែលតថាគតមិនបានពោល មិនបានចរចា ថាតថាគត មិនបានពោល មិនបានចរចា សំដែងពាក្យ ដែលតថាគត បានពោល បានចរចា ថា​តថាគត​បានពោល បានចរចា សំដែងកិច្ច ដែលតថាគត​មិនបានសន្សំ ថាតថាគតមិន​បានសន្សំ សំដែងកិច្ចដែលតថាគត​បានសន្សំ ថាតថាគតបាន​សន្សំ សំដែងសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ថាតថាគតមិនបានបញ្ញត្ត សំដែងសិក្ខាបទ ដែលតថាគត បានបញ្ញត្ត ថាតថាគត បានបញ្ញត្ត សំដែងអនាបត្តិ ថាអនាបត្តិ សំដែងអាបត្តិ ថាអាបត្តិ សំដែងអាបត្តិស្រាល ថាអាបត្តិស្រាល សំដែងអាបត្តិធ្ងន់ ថាអាបត្តិធ្ងន់​ សំដែងអាបត្តិ ដែលជាសាវសេស ថាអាបត្តិជាសាវសេសៈ សំដែងអាបត្តិដែលជាអនវសេសៈ ថាអាបត្តិ​ជាអនវសេសៈ សំដែងទុដ្ឋុល្លាបត្តិ ថាទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ ថាអទុដ្ឋុល្លាបត្តិ​ដដែល នែសារីបុត្ត អ្នកត្រូវស្គាល់ធម្មវាទីបុគ្គល ដោយវត្ថុ ១៨យ៉ាងនេះឯង។

[១៥៩] ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឮ។បេ។ ព្រះមហាកស្សបដ៏មានអាយុ​ ព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកោដ្ឋិតដ៏មានអាយុ ព្រះមហាកប្បិនដ៏មានអាយុ ព្រះមហាចុន្ទដ៏មានអាយុ ព្រះអនុរុទ្ធដ៏មានអាយុ ព្រះរេវតដ៏មានអាយុ ព្រះឧបាលិដ៏មានអាយុ ព្រះអានន្ទដ៏មានអាយុ ព្រះរាហុលដ៏មានអាយុ បានឮដំណឹងថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នក​ធ្វើសេចក្តី​បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិរកណ៍ក្នុងសង្ឃ បានមកដល់​ក្រុង​សាវត្ថីហើយ។ គ្រានោះ ព្រះរាហុលដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ទើបក្រាប​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះ​ព្រះរាហុល​ដ៏មានអាយុ អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តា​ប្រោស ឮថាពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើសេចក្តីបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថី សូមទ្រង់​ព្រះមេត្តា​ប្រោស តើខ្ញុំព្រះអង្គ នឹង​ប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដូចម្តេច។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​តបថា នែរាហុល បើដូច្នោះ អ្នកចូរតាំងនៅ ឲ្យសមគួរតាមធម៌ចុះ។ ព្រះរាហុលដ៏មានអាយុ ក្រាប​បង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ធ្វើដូចម្តេច ខ្ញុំព្រះអង្គ អាចស្គាល់ថាធម៌ ឬថាមិនមែន​ជា​ធម៌បាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែរាហុល អ្នកត្រូវស្គាល់អធម្មវាទីបុគ្គល ដោយវត្ថុ​១៨​យ៉ាង។បេ។ នែរាហុល អ្នក​ត្រូវស្គាល់​អធម្មវាទីបុគ្គល ដោយវត្ថុ១៨យ៉ាងនេះឯង នែរាហុល ចំណែក​ខាងធម្មវាទីបុគ្គល អ្នកក៏ត្រូវស្គាល់​ ដោយវត្ថុ​១៨យ៉ាងដែរ។បេ។ នែរាហុល អ្នកត្រូវស្គាល់ធម្មវាទីបុគ្គល ដោយវត្ថុ ១៨យ៉ាងនេះឯង។

[១៦០] ព្រះនាងមហាបជាបតីគោតមី បានឮដំណឹងថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នក​ធ្វើសេចក្តី​បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិរកណ៍ក្នុងសង្ឃ បានមកដល់​ក្រុង​សាវត្ថីហើយ។ គ្រានោះ ព្រះនាងមហាបជាបតីគោតមី បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​​ទៅ​ដល់​ហើយ ទើបក្រាប​ថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយឋិត​នៅក្នុងទីដ៏សមគួរ។ លុះ​ព្រះនាងមហាបជាបតីគោតមី បានឋិត​នៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល ព្រះមានព្រះ​ភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឮថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើ​សេចក្តី​បង្ក​ហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថីហើយ បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំព្រះអង្គ នឹង​ប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដូចម្តេច។ ព្រះមានព្រះ​ភាគ ទ្រង់តបថា នែគោតមី បើដូច្នោះ ព្រះនាងចូរស្តាប់ធម៌ ក្នុងសំណាក់​សង្ឃទាំងពីរពួកចុះ បើនាង​ស្តាប់ធម៌ ក្នុងសំណាក់សង្ឃទាំងពីរពួកហើយ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុណា ដែល​ជាធម្មវាទី ចូរព្រះនាងកាន់យកតាមទិដ្ឋិ សេចក្តីគាប់ចិត្ត សេចក្តីពេញចិត្ត និងលទ្ធិរបស់​ពួកភិក្ខុនោះ ម្យ៉ាងទៀត របស់ឯណានីមួយ ដែលភិក្ខុនីសង្ឃ គប្បីប្រាថ្នាអំពីសំណាក់ភិក្ខុសង្ឃ របស់ទាំងអស់នោះ ភិក្ខុនី ត្រូវប្រាថ្នាអំពីធម្មវាទីបុគ្គលចុះ។

[១៦១] អនាថបិណ្ឌិកគហបតិ បានឮដំណឹងថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នក​ធ្វើ​សេចក្តី​​បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិរកណ៍ក្នុងសង្ឃ បានមកដល់​ក្រុង​សាវត្ថី។ វេលានោះ អនាថបិណ្ឌិកគហបតិ បានចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ទើបក្រាប​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះ​អនាថបិណ្ឌិក​គហបតិ អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តា​ប្រោស ឮថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើសេចក្តីបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថីហើយ សូមទ្រង់​ព្រះមេត្តា​ប្រោស តើខ្ញុំព្រះអង្គ នឹង​ប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដូចម្តេច។ ព្រះដ៏មាន​ព្រះភាគ ទ្រង់តបថា នែគហបតិ បើដូច្នោះ អ្នកត្រូវឲ្យទាន ក្នុងសង្ឃទាំងពីរពួកចុះ លុះអ្នកឲ្យ​ទាន ក្នុងសង្ឃទាំងពីរពួករួចហើយ អ្នកចូរស្តាប់ធម៌ ក្នុងសំណាក់​សង្ឃទាំងពីរពួកទៀត លុះអ្នកស្តាប់​ធម៌ ក្នុងសំណាក់សង្ឃទាំងពីរពួករួចហើយ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុណា ដែល​ជាធម្មវាទី ចូរអ្នកកាន់យកតាមទិដ្ឋិ សេចក្តីគាប់ចិត្ត សេចក្តីពេញចិត្ត នឹងលទ្ធិរបស់ពួកភិក្ខុនោះ​ចុះ។

[១៦២] នាងវិសាខា ជាមិគារមាតា បានឮដំណឹងថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នក​ធ្វើសេចក្តី​បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិរកណ៍ក្នុងសង្ឃ បានមកដល់​ក្រុង​សាវត្ថីហើយ។ លំដាប់នោះ នាងវិសាខា ជាមិគារមាតា បានចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ទើបក្រាប​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះ​នាងវិសាខា ជាមិគារមាតា អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឮថាពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើសេចក្តីបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថីហើយ បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំព្រះអង្គ នឹង​ប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដូចម្តេច។ ព្រះដ៏មាន​ព្រះភាគ ទ្រង់តបថា នែនាងវិសាខា បើដូច្នោះ ចូរនាងឲ្យទាន ក្នុងសង្ឃទាំងពីរពួកចុះ លុះនាងឲ្យ​ទាន ដល់សង្ឃទាំងពីរពួករួចហើយ ចូរនាងស្តាប់ធម៌ ក្នុងសំណាក់​សង្ឃទាំងពីរពួកទៀត លុះនាងស្តាប់ធម៌ ក្នុងសំណាក់សង្ឃទាំងពីរពួកហើយ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុណា ដែល​ជាធម្មវាទី ចូរនាងកាន់យកតាមទិដ្ឋិ សេចក្តីគាប់ចិត្ត សេចក្តីពេញចិត្ត នឹងលទ្ធិរបស់ពួកភិក្ខុនោះ​ចុះ។

[១៦៣] គ្រានោះ ពួកភិក្ខុក្រុងកោសម្ពីបានដល់ទៅក្រុងសាវត្ថី ដោយលំដាប់។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់​ហើយ ទើបក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្ត​ដ៏មានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឮថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នក​ធ្វើសចក្តីបង្កហេតុ ឈ្មោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថីហើយ សូមទ្រង់ព្រះមេត្តាប្រោស តើខ្ញុំព្រះអង្គ នឹងប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដោយសេនាសនៈ​ដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់តបថា នែសារីបុត្ត បើដូច្នោះ អ្នកចូរឲ្យទីសេនាសនៈ ដ៏ស្ងាត់​ទៅ ភិក្ខុទាំងនោះចុះ។ ព្រះសារីបុត្ត ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស បើគ្មានទីសេនាសនៈ​ស្ងាត់ទេ តើខ្ញុំព្រះអង្គ ត្រូវប្រតិបត្តិដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា នែសារីបុត្ត បើដូច្នោះ អ្នកត្រូវធ្វើទីសេនាសនៈដ៏ស្ងាត់ ឲ្យតែខាងបាន ហើយប្រគល់ឲ្យ​ភិក្ខុទាំងនោះទៅ នែសារីបុត្ត តថាគតមិនបានពោលថា ភិក្ខុត្រូវហាមទីសេនាសនៈ ដល់ភិក្ខុដែលចាស់ជាង ដោយ​បរិយាយនីមួយទេ ភិក្ខុណាហាម ត្រូវអាបត្តិទុក្កដ។ ព្រះសារីបុត្ត ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ចំណែកខាង​គ្រឿងអាមិសៈវិញ តើខ្ញុំព្រះអង្គ ត្រូវប្រតិបត្តិដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា នែសារីបុត្ត ចំណែកខាងគ្រឿងអាមិសៈនោះ អ្នកត្រូវចែកទៅ​ភិក្ខុទាំងអស់ឲ្យស្មើគ្នា។

២៧៧. ឱសារណានុជាននា

(២៧៧)

[១៦៤] គ្រានោះ ឧក្ខិត្តកភិក្ខុនោះ កាលពិចារណាធម៌ និងវិន័យហើយ ក៏មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា នេះជាអាបត្តិ នេះមិនមែនជាអនាបត្តិទេ អាត្មាអញ ជាភិក្ខុត្រូវអាបត្តិ​ហើយ មិនមែន​ជាភិក្ខុមិនត្រូវអាបត្តិទេ អាត្មាអញ ជាភិក្ខុដែលសង្ឃ (គួរ) លើកវត្តហើយ មិនមែនជា​ភិក្ខុ ដែលសង្ឃ​លើកវត្តមិនបានទេ អាត្មាអញ ជាភិក្ខុដែលសង្ឃ​លើកវត្តហើយ ដោយកម្មប្រកប​ដោយធម៌ ជាកម្មមិនកំរើក ជាកម្មគួរដល់ហេតុ។ វេលានោះ ឧក្ខិត្តកភិក្ខុនោះ បានចូលទៅរកពួក​ឧក្ខិត្តានុវត្តកភិក្ខុ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យនេះ នឹងពួក​ឧក្ខិត្តានុវត្តកភិក្ខុថា នែ​អាវុសោ នេះជាអាបត្តិ នេះមិនមែនជាអនាបត្តិទេ ខ្ញុំជាភិក្ខុត្រូវអាបត្តិ​ហើយ មិនមែន​ជាភិក្ខុ​មិន​ត្រូវ​អាបត្តិទេ ខ្ញុំជាភិក្ខុដែលសង្ឃ (គួរ) លើកវត្តហើយ មិនមែនជា​ភិក្ខុ ដែលសង្ឃ​លើកវត្តមិនបានទេ ខ្ញុំជាភិក្ខុដែលសង្ឃ​លើកវត្តហើយ ដោយកម្មប្រកប​ដោយធម៌ ជាកម្មមិនកំរើក ជាកម្មគួរ​ដល់​ហេតុ បពិត្រលោកដ៏មានអាយុទាំងឡាយ សូមអស់លោក មកធ្វើឱសារណាកម្ម ចំពោះខ្ញុំចុះ។ លំដាប់នោះ ឧក្ខិត្តានុវត្តកភិក្ខុទាំងនោះ បាននាំឧក្ខិត្តកភិក្ខុនោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ លុះ​ភិក្ខុទាំងនោះ អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឧក្ខិត្តកភិក្ខុនេះ បាននិយាយ​យ៉ាងនេះថា នែអាវុសោ នេះជាអាបត្តិ នេះមិនមែនជាអនាបត្តិទេ ខ្ញុំជាភិក្ខុត្រូវអាបត្តិ​ហើយ មិនមែន​ជាភិក្ខុ​មិន​ត្រូវ​អាបត្តិទេ ខ្ញុំជាភិក្ខុដែលសង្ឃ (គួរ) លើកវត្តហើយ មិនមែនជា​ភិក្ខុ ដែលសង្ឃ​លើកវត្តមិនបានទេ ខ្ញុំជាភិក្ខុដែលសង្ឃ​លើកវត្តហើយ ដោយកម្មប្រកប​ដោយធម៌ ជាកម្មមិនកំរើក ជាកម្មគួរ​ដល់​ហេតុ បពិត្រលោកដ៏មានអាយុទាំងឡាយ សូមអស់លោក មកធ្វើឱសារណាកម្ម ចំពោះខ្ញុំចុះ សូមទ្រង់ព្រះមេត្តាប្រោស តើយើងខ្ញុំ​ព្រះអង្គ គួរប្រតិបត្តិដូចម្តេចទៅ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះជាអាបត្តិ នេះមិនមែនជាអនាបត្តិទេ ភិក្ខុនេះ ជាអ្នកត្រូវអាបត្តិ​ហើយ ភិក្ខុនេះ មិនមែន​ជា​មិន​ត្រូវ​អាបត្តិទេ ភិក្ខុនេះ ជាភិក្ខុដែលសង្ឃ (គួរ) លើកវត្តហើយ ភិក្ខុនេះ មិនមែនជា​ភិក្ខុ ដែលសង្ឃ​លើកវត្តមិនបានទេ ភិក្ខុនេះ សង្ឃបាន​លើក​វត្តហើយ ដោយកម្មប្រកប​ដោយធម៌ ជាកម្មមិនកំរើក ជាកម្មគួរ​ដល់​ហេតុ ម្នាលភិក្ខុទាំងឡាយ វេលាណា បើភិក្ខុនោះត្រូវអាបត្តិផង សង្ឃលើកវត្តហើយផង ឃើញអាបត្តិផង ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នករាល់គ្នា ចូរធ្វើឱសារណកម្មភិក្ខុនោះវេលានោះចុះ។

២៧៨. សង្ឃសាមគ្គីកថា

(២៧៨)

វេលានោះ ឧក្ខិត្តានុវត្តកភិក្ខុទាំងនោះ ក៏បានធ្វើឱសារណកម្ម ចំពោះ​ឧក្ខិត្តកភិក្ខុនោះរួចហើយ ក៏ចូលទៅរក​ពួក​ឧក្ខេបកភិក្ខុវិញ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យនេះ នឹងពួកឧក្ខេបកភិក្ខុថា នែអាវុសោ សេចក្តីបង្កហេតុ សេចក្តីឈ្លោះ សេចក្តីកាន់យកផ្សេងៗ ការវិវាទ ការបំបែកសង្ឃ សេចក្តី​ប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់​សង្ឃ ព្រោះរឿងរ៉ាវណា ភិក្ខុនោះឯង ត្រូវអាបត្តិផង សង្ឃបានលើកវត្ត​ផង ឃើញអាបត្តិផង សង្ឃ​បានធ្វើឱសារណកម្ម​ស្រេចហើយ នែអាវុសោ ណ្ហើយចុះ យើងធ្វើសង្ឃសាមគ្គី ដើម្បី​នឹងរម្ងាប់​រឿងរ៉ាវនោះចេញ។ វេលានោះ ឧក្ខេបកភិក្ខុទាំងនោះ ក៏បានចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះពួក​ឧក្ខេបកភិក្ខុនោះ អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ពួកឧក្ខិត្តានុវត្តកភិក្ខុនោះ បាននិយាយ​ យ៉ាងនេះថា នែអាវុសោ សេចក្តីបង្កហេតុ សេចក្តីឈ្លោះ សេចក្តីកាន់យកផ្សេងៗ ការវិវាទ ការបំបែកសង្ឃ សេចក្តី​ប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់​សង្ឃ ព្រោះរឿងរ៉ាវណា ភិក្ខុនោះឯង ដែលត្រូវអាបត្តិផង សង្ឃបាន​លើក​វត្ត​ផង បានឃើញអាបត្តិផង សង្ឃ​បានធ្វើឱសារណកម្ម​ស្រេចហើយផង នែអាវុសោ ណ្ហើយចុះ យើង​ធ្វើសង្ឃសាមគ្គី ដើម្បី​រម្ងាប់​រឿងរ៉ាវនោះចេញ សូមទ្រង់ព្រះមេត្តាប្រោស តើពួកខ្ញុំព្រះអង្គ ត្រូវ​ប្រតិបត្តិ​ដូចម្តេចទៅ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ វេលាណា បើភិក្ខុនោះ ត្រូវអាបត្តិផង សង្ឃបានលើកវត្ត​ផង ឃើញអាបត្តិផង សង្ឃ​បានធ្វើឱសារណកម្មផង​ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើសង្ឃសាមគ្គី ដើម្បីរម្ងាប់​រឿងរ៉ាវនោះចេញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវធ្វើបែបយ៉ាងនេះ។ ភិក្ខុទាំងអស់ ត្រូវប្រជុំគ្នាក្នុងទីតែមួយ ពួកភិក្ខុ​ឯណានីមួយ ទោះឈឺក្តី មិនឈឺក្តី មិនបាច់ឲ្យឆន្ទៈទេ។ លុះប្រជុំគ្នារួចហើយ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ដ្បិតសេចក្តីបង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ សេចក្តី​ប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដមានដល់​សង្ឃហើយ ព្រោះរឿងណា ភិក្ខុនោះហើយ ដែលត្រូវអាបត្តិផង សង្ឃបានលើកវត្ត​ផង ឃើញអាបត្តិផង សង្ឃ​បានធ្វើឱសារណកម្ម​ស្រេចហើយផង។ បើកម្មមានកាលសមគួរដល់សង្ឃហើយ សង្ឃត្រូវធ្វើសង្ឃសាមគ្គី ដើម្បីរម្ងាប់​រឿងនោះចេញ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យខ្ញុំ ដ្បិតសេចក្តីបង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ សេចក្តី​ប្រេះឆារ របស់សង្ឃ សេចក្តី​កំណត់​របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់​សង្ឃហើយ ព្រោះរឿងណា ភិក្ខុនោះហើយ ដែលត្រូវអាបត្តិផង សង្ឃបានលើកវត្ត​ផង ឃើញអាបត្តិផង សង្ឃ​បានធ្វើឱសារណកម្ម​ផង។ ឥឡូវ សង្ឃបានធ្វើសង្ឃសាមគ្គី ដើម្បីរម្ងាប់​រឿងនោះហើយ។ ការធ្វើសង្ឃសាមគ្គី ដើម្បីរម្ងាប់​រឿងនោះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម បើមិនគាប់ចិត្ត ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ឯសង្ឃសាមគ្គី សង្ឃបានធ្វើហើយ ការបំបែកសង្ឃ សង្ឃក៏បានផ្សះផ្សាហើយ សេចក្តីកំណត់​របស់សង្ឃ សង្ឃក៏បានផ្សះផ្សាហើយ ទាំងអំពើផ្សេងៗរបង់សង្ឃ សង្ឃក៏បានផ្សះផ្សាហើយ ដើម្បី​រម្ងាប់នូវ​រឿងនោះ។ ការធ្វើ​សង្ឃសាមគ្គី ប្រហែលជាគាប់ចិត្ត​ដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីព្រមព្រៀងនេះ ដោយការស្ងៀមនៅយ៉ាងនេះ។ សង្ឃ​ត្រូវធ្វើឧបោសថ ត្រូវសំដែងបាតិមោក្ខ ក្នុងខណៈនោះឯង។

២៧៩. ឧបាលិសង្ឃសាមគ្គីបុច្ឆា

(២៧៩)

[១៦៥] គ្រានោះ ព្រះឧបាលិដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយ​ក្នុងទីសមគួរ។ លុះព្រះ​ឧបាលិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស សេចក្តីបង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ សេចក្តី​ប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់​សង្ឃហើយ ព្រោះរឿងណា សង្ឃមិនទាន់បានជំរះរឿងនោះ មិនទាន់ដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយស្រាប់តែធ្វើសង្ឃសាមគ្គីតែម្តង សូមទ្រង់ព្រះមេត្តាប្រោស សង្ឃសាមគ្គីនោះ ប្រកបដោយធម៌ដែរឬ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែឧបាលិ សេចក្តី​បង្កហេតុ សេចក្តីឈ្លោះ សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ ការ​ប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់​សង្ឃហើយ ព្រោះរឿងណា សង្ឃមិនទាន់បានជំរះរឿងនោះ មិនទាន់ដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយស្រាប់​តែធ្វើសង្ឃសាមគ្គីតែម្តង នែឧបាលិ សង្ឃសាមគ្គីនោះ មិនប្រកបដោយធម៌ទេ។ ព្រះឧបាលិ ក្រាបបង្គំទូលសួរថា សូមទ្រង់ព្រះមេត្តាប្រោស ម្យ៉ាងទៀត ចុះបើសេចក្តី​បង្កហេតុ សេចក្តីឈ្លោះ សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ សេចក្តី​ប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់​សង្ឃហើយ ព្រោះរឿងណា សង្ឃបានជំរះរឿងនោះ បានដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយក៏ធ្វើសង្ឃសាមគ្គីទៅ សូមទ្រង់ព្រះមេត្តាប្រោស សង្ឃសាមគ្គីនោះ ប្រកបដោយធម៌ដែរឬ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ថា នែឧបាលិ សេចក្តី​បង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការ​បំបែកសង្ឃ សេចក្តី​ប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់​សង្ឃហើយ ព្រោះរឿងណា សង្ឃក៏បានជំរះរឿងនោះចេញ បានដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយក៏ធ្វើសង្ឃសាមគ្គីទៅ នែឧបាលិ សង្ឃសាមគ្គីនោះ ហៅថា ប្រកប​ដោយធម៌។ ព្រះឧបាលិ ក្រាបបង្គំទូលសួរថា សូមទ្រង់ព្រះមេត្តាប្រោស សង្ឃសាមគ្គី តើមាន​ប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា នែឧបាលិ សង្ឃសាមគ្គី មានពីរយ៉ាង នែឧបាលិ សង្ឃសាមគ្គី​ប្រាសចាកអត្ថ តែប្រកបដោយព្យញ្ជនៈ១ នែឧបាលិ សង្ឃសាមគ្គីប្រកប​ទាំងអត្ថ ទាំង​ព្យញ្ជនៈ១។ នែឧបាលិ ឯសង្ឃសាមគ្គី ដែល​ប្រាសចាកអត្ថ តែប្រកបដោយព្យញ្ជនៈ តើដូចម្តេច។ នែឧបាលិ សេចក្តី​បង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទ ការបំបែកសង្ឃ សេចក្តី​ប្រេះឆារ របស់សង្ឃ សេចក្តីកំណត់របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់​សង្ឃហើយ ព្រោះរឿងណា សង្ឃមិនទាន់បានជំរះរឿងនោះ មិនទាន់ដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយស្រាប់តែធ្វើសង្ឃសាមគ្គីទៅ នែឧបាលិ សង្ឃសាមគ្គីនេះ តថាគត ហៅថា ប្រាសចាកអត្ថ តែប្រកបដោយព្យញ្ជនៈ។ នែឧបាលិ ចំណែកខាងសង្ឃសាមគ្គី ដែល​ប្រកបទាំងអត្ថ ទាំងព្យញ្ជនៈ តើដូចម្តេច។ នែឧបាលិ សេចក្តី​បង្កហេតុ សេចក្តីឈ្លោះគ្នា សេចក្តីប្រកាន់ផ្សេងៗគ្នា ការវិវាទគ្នា ការបំបែកសង្ឃ សេចក្តី​ប្រេះឆារ របស់សង្ឃ សេចក្តី​កំណត់​របស់សង្ឃ និងអំពើផ្សេងៗ របស់សង្ឃ ប្រាកដដល់​សង្ឃហើយ ព្រោះរឿងណា សង្ឃក៏បាន​ជំរះ​រឿងនោះ បានដឹងដើមហេតុ តាមហេតុនៃរឿងនោះ ហើយក៏ធ្វើសង្ឃសាមគ្គីទៅ នែឧបាលិ សង្ឃសាមគ្គីនេះ តថាគត ហៅថា ប្រកបទាំងអត្ថ ទាំងព្យញ្ជនៈ។ នែឧបាលិ សង្ឃសាមគ្គី មានពីរយ៉ាងនេះឯង។ វេលានោះ ព្រះឧបាលិដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ (ចីពរ) ឆៀងស្មាម្ខាង រួចប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ ហើយក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដោយព្រះគាថា ថា

[១៦៦] កាលបើកិច្ចក្តី ការប្រឹក្សាវិន័យក្តី សេចក្តីអធិប្បាយវិន័យក្តី សេចក្តីវិនិច្ឆ័យ​វិន័យក្តី កើតចំពោះសង្ឃហើយ តើជន គឺភិក្ខុមានប្រការដូចម្តេច ទើបហៅថា មានឧបការៈច្រើន ក្នុងសាសនានេះ និងដូចម្តេច ដែលគួរលើកដម្កើង ក្នុងសាសនានេះ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ថា ភិក្ខុនោះ ដែលគេមិនគួរតិះដៀល ដោយសីលជាបឋម បានពិចារណាមើលមារយាទ​ខ្លួន បានសង្រួមឥន្ទ្រិយ ដោយល្អហើយ ពួកសត្រូវ ក៏មិនបានតិះដៀល ដោយធម៌ឡើយ អ្នកដទៃ គួរ​និយាយ (បន្ទោស) ភិក្ខុដោយហេតុណា ហេតុនោះ មិនមានដល់​ភិក្ខុនោះឡើយ។ ភិក្ខុបែបនោះឯង តាំងនៅក្នុងសីលវិសុទ្ធិ ក្លៀវក្លា អង់អាច និយាយគ្របសង្កត់គេបាន ទៅក្នុង​កណ្តាលបរិសទ្យ ក៏គ្មានតក់ស្លុត គ្មានរន្ធត់ឡើយ ភិក្ខុនោះ មិនបាននិយាយពាក្យមិនគួរ ដែលញុំាង​ប្រយោជន៍ឲ្យសាបសូន្យឡើយ (បើមាន) គេសួរប្រស្នា ក្នុងពួកបរិសទ្យយ៉ាងនោះ ក៏ឥតជ្រប់ស្រពោន ឥតអៀនអន់ឡើយ។ ភិក្ខុនោះ មានប្រាជ្ញា ញុំាងបរិសទ្យ ជាអ្នកប្រាជ្ញឲ្យ​ត្រេកអរ និងពាក្យដែលមានមកក្នុងកាលគួរ និងគួរជាទីដោះស្រាយប្រស្នាបាន ទាំងមានសេចក្តី​គោរពពួកភិក្ខុចាស់ជាង និងក្លៀវក្លាក្នុងពាក្យអាចារ្យរបស់ខ្លួន ហើយអាចពិចារណា នូវហេតុ​នោះៗ និងស្ទាត់ក្នុងពាក្យដែលគួរនិយាយ ឆ្លាសក្នុងហេតុដែល​ភ្លាត់ខុសរបស់ពួកសត្រូវ ពួកសត្រូវ​សង្កត់សង្កិនក្តី មហាជនតែងពន្យល់ក្តី ដោយពាក្យណា ភិក្ខុនេះ មិនលះបង់​ នូវពាក្យ​អាចារ្យរបស់ខ្លួន ដោយពាក្យនោះឡើយ កាលនឹងដោះស្រាយ​ប្រស្នា ជាប្រស្នាមិនបាន​បៀតបៀន​ឡើយ ហើយអាចក្នុងទូតេយ្យកម្មផង ទទួលរងខាងកិច្ចការ របស់សង្ឃផង ដូចជាជនអ្នកទទួល​យកនូវគ្រឿងបូជា ភិក្ខុនោះ កាលពួកភិក្ខុបញ្ជូនទៅ​ (ដើម្បី) ធ្វើនូវពាក្យជាកិច្ចការរបស់សង្ឃ ក៏​មិនបានមើលងាយ ដោយអំពើនោះថា អាត្មាអញធ្វើឡើយ បើត្រូវអាបត្តិ ក្នុងវត្ថុមានប្រមាណ​ណា ក៏ចេញចាកអាបត្តិ ដោយសមគួរតាម (វត្ថុមានប្រមាណប៉ុណ្ណោះ) ភិក្ខុនោះ ចេះចាំស្ទាត់ នូវ​វិភង្គទាំងពីរនេះ ហើយវាងវៃ ក្នុងហេតុដែលចេញចាកអាបត្តិ ប្រសិនបើភិក្ខុដទៃ ប្រព្រឹត្តនូវអំពើ​ទាំងឡាយណា មានសេចក្តី​បង្កហេតុជាដើម ហើយគួរនឹង​ធ្វើនិស្សារណាកម្ម (កម្មដែលរលាស់​ខ្លួនចេញ) ភិក្ខុនោះ បានជួយធ្វើនិស្សារណាកម្ម ដោយសមគួរតាមរឿង (នៃអំពើនោះ) ឱសារណាកម្ម (កម្មដែលសង្ឃឲ្យចូលពួកវិញ) ណា ដែលសង្ឃត្រូវធ្វើចំពោះ​ជន គឺភិក្ខុ​ដែលប្រព្រឹត្តតាមវត្តនោះ ភិក្ខុនោះ ក៏ឆ្លាសក្នុងវិភង្គ អាចស្គាល់​ឱសារណាកម្មនុ៎ះឯង ភិក្ខុនោះ ប្រកបដោយសេចក្តីគោរព ក្នុងពួក​ភិក្ខុដែលចាស់ជាងខ្លួន ម្យ៉ាងទៀត ប្រកបដោយសេចក្តី​គោរព​ក្នុងភិក្ខុខ្ចីផង ភិក្ខុចាស់ផង ភិក្ខុជាកណ្តាលផង ជាបណ្ឌិតប្រព្រឹត្តនូវប្រយោជន៍ ដល់មហាជន ក្នុងលោកនេះ ភិក្ខុបែបនោះឯង គួរគេនឹងដម្កល់ដម្កើងក្នុងសាសនានេះ។

ចប់ កោសម្ពិក្ខន្ធកៈ ទី១០។

២៨០. តស្សុទ្ទានំ

ឧទ្ទាននៃកោសម្ពិក្ខន្ធកៈនោះគឺ

[១៦៧] រឿងព្រះជិនស្រីដ៏ប្រសើរ គង់ក្នុងក្រុងកោសម្ពី១ រឿងវិវាទព្រោះឃើញ​អាបត្តិ១ រឿងភិក្ខុលើកវត្ត ព្រោះមិនឃើញអាបត្តិនោះ១ រឿងព្រះអង្គទ្រង់ត្រាស់ថា អាបត្តិណា មានដល់​ភិក្ខុនោះ ភិក្ខុនោះ ត្រូវសំដែងអាបត្តិនោះចេញ១ រឿង​ឧក្ខិត្តានុវត្តកភិក្ខុ ធ្វើឧបោសថ សង្ឃកម្ម​ខាងក្នុងសីមា១ រឿងព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ពាលកលោណការកគ្រាម១ រឿង​ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ព្រៃបាចីនវង្ស១ រឿង​ព្រះដ៏មានព្រះភាគ​ ទ្រង់យាងទៅកាន់​ប្រទេស ឈ្មោះបារិលេយ្យកៈ១ រឿងព្រះមានព្រះភាគ ទ្រង់យាងទៅកាន់​ក្រុងសាវត្ថី១ រឿង​ព្រះសារីបុត្ត ព្រះកោលិតៈ (មោគ្គលាន) ព្រះមហាកស្សប ព្រះមហាកច្ចានៈ ព្រះកោដ្ឋិតៈ ព្រះកប្បិន ព្រះមហាចុន្ទ ព្រះអនុរុទ្ធ ព្រះរេវតៈ ព្រះឧបាលិ ព្រះអានន្ទ និងព្រះរាហុល១ រឿងព្រះនាងគោតមី១ រឿងអនាថបិណ្ឌិកសេដ្ឋី១ រឿងនាងវិសាខា ជាមិគារមាតា១ រឿងព្រះសារីបុត្ត ក្រាបបង្គំទូលព្រះអង្គថា យើងខ្ញុំត្រូវប្រតិបត្តិ​ ភិក្ខុទាំងនោះ ដោយសេនាសនៈដូចម្តេច១ រឿងសេនាសនៈស្ងាត់១ រឿងចែកគ្រឿងអាមិសៈស្មើគ្នា១ រឿង​ភិក្ខុណាមួយមិនត្រូវឲ្យឆន្ទៈ១ រឿងព្រះឧបាលិ ក្រាបបង្គំទូលសួរ១ រឿងបុគ្គល ដែលគេមិនគួរ​តិះដៀល ដោយសីល១ រឿងសង្ឃសាមគ្គីក្នុងសាសនាព្រះជិនស្រី១។

ចប់ មហាវគ្គ។

ចប់ ភាគ៨។

 

ខន្ធកៈ ទី១ | ទី២ | ទី៣ | ទី៤ | ទី៥ | ទី៦ | ទី៧ | ទី៨ | ទី៩ | ទី១០

លេខយោង

1)
ការថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន។
2)
ការគោរព ដោយកិរិយាក្រោកទទួល
3)
ការគោរព ដោយ​ការ​ប្រណម្យ​ដៃ។
4)
ការកោតក្រែង
5)
គឺចងស្លាបសេក បណ្តើរ​អាក្រោស។
6)
ក្នុងអដ្ឋកថា មេត្តសូត្តថា បុគ្គល​មានប្រាជ្ញា ចេះរក្សាសីល ឲ្យបរិសុទ្ធ និងពិចារណាបច្ច័យ មានចីវរជាដើម និងកំណត់ដឹង​នូវ​សេចក្តី​សប្បាយ៧យ៉ាង មានសប្បាយ​ដោយអាវាសជាដើម ហៅថា មានប្រាជ្ញា ជាគ្រឿង​រក្សាខ្លួន។
7)
អដ្ឋកថាធម្មបទថា ចុល្លសីល មជ្ឈិមសីល មហាសីល កថាវត្ថុ១០ ធុតង្គគុណ១៣ វិបស្សនាញាណ មគ្គ៤ ផល៤ វិជ្ជា៣ អភិញ្ញា៦ អមតមហានិព្វាន ហៅថា សហាយតាគុណ។
8)
ព្រះអង្គទ្រង់ត្រាស់ហៅ មិនសំដៅយកព្រះអនុរុទ្ធ​តែមួយ​អង្គទេ ទ្រង់ត្រាស់ហៅ ចំពោះ​ព្រះនាមព្រះថេរៈទាំងបីព្រះអង្គ។
9)
គ្រប់៥ថ្ងៃ តែងប្រជុំគ្នា និយាយធម៌អាថ៌ អស់មួយយប់។
10)
ពាក្យថា ពុទ្ធនាគ គឺព្រះពុទ្ធ​ជាម្ចាស់។
11)
លើកតែអាបត្តិបារាជិកចេញ អាបត្តិ​ទាំងអស់ ហៅថា សាវសេស។
12)
គឺអាបត្តិបារាជិក
km/tipitaka/vin/mv/vin.mv.10.txt · ពេលកែចុងក្រោយ: 2023/01/30 03:31 និពន្ឋដោយ Johann