User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.10.02

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » កោសម្ពិក្ខន្ធកៈ

២៧២. ទីឃាវុវត្ថុ

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 10.02 បាលី cs-km: vin.mv.10.02 អដ្ឋកថា: vin.mv.10.02_att PTS: ?

ទីឃាវុវត្ថុ (ទី២៧២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

រឿងទីឃាវុកុមារ

[១៤៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានសេ្តចក្នុងដែនកាសី ក្រុងពារាណសី ទ្រង់ព្រះនាមព្រហ្មទត្ត ជាស្តេចស្តុកស្តម្ភមាំមួន មានទ្រព្យច្រើន មានសម្បត្តិច្រើន មានពលច្រើន មានពាហនៈច្រើន មានដែនច្រើន មានឃ្លាំង និងជង្រុកដ៏បរិបូណ៌។ មានស្តេចក្នុងដែនកោសល ឈ្មោះទីឃីតិ ជាស្តេច​កំសត់ មានទ្រព្យតិច មានសម្បត្តិតិច មានពលតិច មានពាហនៈតិច មានដែនតិច មានឃ្លាំង និងជង្រុកមិនបានបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត បានរៀបចំពួកសេនាប្រកបដោយអង្គ៤ លើកចេញទៅច្បាំង នឹងស្តេច​ទីឃីតិ​កោសល។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ បានឮដំណឹងថា ស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត រៀបចំពួកសេនា ប្រកបដោយអង្គ៤ លើកចេញមកច្បាំង​នឹងអាត្មាអញហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចដែនកោសល ព្រះនាម​ទីឃីតិ ទ្រង់​ព្រះតម្រិះយ៉ាងនេះថា ស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ជាស្តេចស្តុកស្តម្ភមាំមួន មានទ្រព្យ​ច្រើន មានសម្បត្តិច្រើន មានពលច្រើន មានពាហនៈច្រើន មានដែនច្រើន មានឃ្លាំង​ និងជង្រុកដ៏បរិបូណ៌ ឯអាត្មាអញសោត ក៏ជាស្តេចកំសត់ មានទ្រព្យតិច មានសម្បត្តិតិច មាន​ពលតិច មានពាហនៈតិច មានដែនតិច មានឃ្លាំង​ និងជង្រុកមិនបរិបូណ៌ អាត្មាអញ នឹងអាច​ដើម្បីតទល់ ​នឹងស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត សូម្បីតែម្តង ក៏មិនបាន បើដូច្នោះ គួរតែ​អាត្មាអញ លបរត់ចេញ ទៅពីក្រុងជាមុន ឲ្យហើយ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ ក៏នាំមហេសី លបរត់ចេញទៅ ពីក្រុងជាមុន។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះ ស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដណ្តើមយកពួកពល ពាហនៈ ជនបទ ឃ្លាំង ជង្រុក របស់ស្តេច ​ក្នុងដែនកោសល ព្រះនាមទីឃីតិ ហើយក៏គ្រប់គ្រង​រក្សា។ ម្នាលភិក្ខុទាំងឡាយ ឯ​ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី យាងចេញ​ទៅឯក្រុង ពារាណសី ក៏បានទៅដល់ក្រុង​ពារាណសី ដោយលំដាប់។ ម្នាលភិក្ខុទាំងឡាយ បានឮមកថា ស្តេចក្នុងដែន​កោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ក្លែងភេទរបស់ខ្លួន មិនឲ្យ​បុគ្គលដទៃស្គាល់បាន ទ្រង់ស្លៀកដណ្តប់ជា បរិព្វាជក ហើយក៏នៅ​អាស្រ័យ​ក្នុងផ្ទះស្មូនឆ្នាំង ក្នុងឱកាសមួយ ជាទីបំផុត​ ក្រុងពារាណសីនោះឯង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មហេសី របស់​ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ មិនយូរ​ប៉ុន្មាន ក៏ទ្រង់គភ៌។ ឯព្រះមហេសីនោះ ក៏កើតមានចំណង់ មានសភាពយ៉ាងនេះ គឺព្រះនាង ចង់ឃើញពួកសេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរនៅ​ក្នុងទី មានផែនដីរាបស្អាត ក្នុងវេលា ដែលព្រះអាទិត្យរះឡើង១ ចង់សោយទឹក ដែលគេលាង​ព្រះខាន់១។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មហេសី របស់​ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ ក៏បានក្រាបទូល​ស្តេចក្នុងដែន​កោសល ព្រះនាមទីឃីតិ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់​មានគភ៌ហើយ ឯខ្ញុំម្ចាស់ កើតមានចំណង់​ មានសភាពយ៉ាងនេះ គឺខ្ញុំម្ចាស់​ ចង់ឃើញ​សេនា ប្រកបដោយអង្គ៤ ស្អិតស្អាង​គ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរនៅ​ ក្នុងទីមាន​ផែនដី​រាបស្អាត ក្នុងវេលា ដែលព្រះអាទិត្យរះឡើង១ ចង់ផឹកទឹក ដែលគេលាង​ព្រះខាន់១។ ស្តេចនោះ ទ្រង់ត្រាស់តប​ទៅ​វិញ​ថា នែនាងទេវី បើយើងជាអ្នកកំសត់ម្ល៉េះ តើនឹងទៅរកសេនា ប្រកបដោយ​អង្គ៤ ស្អិតស្អាង​គ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរ នៅ​ក្នុងទីមានផែនដីរាបស្អាត និងទឹក ដែលគេលាង​ព្រះខាន់បានមកពីណា។ ព្រះនាងទេវីទូលតបថា បពិត្រព្រះសម្មតិទេព បើខ្ញុំម្ចាស់មិនបានគ្រឿង​ទាំង​នោះទេ ខ្ញុំម្ចាស់​មុខជានឹងស្លាប់មិនខាន។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង មាន​ព្រាហ្មណ៍ ជាបុរោហិត របស់ស្តេច​ក្នុង ដែនកាសី ព្រះនាមព្រហ្មទត្ត ជាសំឡាញ់​នឹងស្តេច ក្នុងដែនកោស ឈ្មោះទីឃីតិ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ យាងចូលទៅរកព្រាហ្មណ៍ ជាបុរោហិត​របស់ ស្តេច​ក្នុងដែន​កាសី ព្រះនាមព្រហ្មទត្ត លុះចូលទៅ​ដល់​ហើយ ទ្រង់ត្រាស់ទៅនឹងព្រាហ្មណ៍ ជាបុរោហិត របស់ស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា នែសំឡាញ់ ឥឡូវ ស្រីជាសំឡាញ់​របស់​អ្នក មានគភ៌ហើយ ឯចំណង់របស់នាងនោះ កើតឡើងបែបនេះ គឺនាងនោះ ចង់តែឃើញ​ពួក​សេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿង​ប្រដាប់ ពាក់អាវក្រោះ ហើយឈរនៅ​ក្នុងទី ​មានផែន​ដី​រាបស្អាត ក្នុងវេលាព្រះអាទិត្យរះឡើង និងចង់ផឹកទឹក ដែលគេលាង​ព្រះខាន់។ ឯព្រាហ្មណ៍​បុរោហិត ទូលតបវិញថា សូមទ្រង់ព្រះមេត្តា​ប្រោស បើដូច្នោះ យើងខ្ញុំ ចង់ឃើញ​ព្រះនាងទេវី​ផង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មហេសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ ក៏បាន​ចូល​ទៅរកព្រាហ្មណ៍ ជាបុរោហិតរបស់ស្តេច​ក្នុង​ដែនកាសី ព្រះនាមព្រហ្មទត្ត។ ម្នាលភិក្ខុទាំងឡាយ ឯព្រាហ្មណ៍ ជាបុរោហិតរបស់​ស្តេច​ក្នុងដែន​កាសី ព្រះនាមព្រហ្មទត្ត បានឃើញមហេសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ យាងមកអំពីចម្ងាយ លុះឃើញ​ហើយ ក៏ក្រោកចាកអាសនៈ ហើយធ្វើសំពត់សម្រាប់​បង្ក លើស្មាម្ខាង រួចប្រណម្យ​អញ្ជលីឡើង ចំពោះមហេសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ ហើយបន្លឺឡើងនូវឧទាន ៣ដងថា អើហ្ន៎ ស្តេចក្នុងដែន កោសល បានមកឋិតនៅ ក្នុងផ្ទៃហើយ អើហ្ន៎ ស្តេច​ក្នុងដែនកោសល បានមកឋិត​នៅក្នុងផ្ទៃហើយ បពិត្រព្រះនាងទេវី ព្រះនាងកុំព្រួយ​ព្រះទ័យឡើយ លុះវេលាព្រះអាទិ្យ​រះឡើងហើយ ព្រះនាងមុខជានឹងបានឃើញ​ពួកសេនា ប្រកបដោយ​អង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរនៅក្នុងទី មានផែនដីរាប​ស្អាត​ផង បានសោយ​ទឹក ដែលគេលាងព្រះខាន់ផង មិនខានឡើយ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ព្រាហ្មណ៍ជាបុរោហិត របស់ស្តេច​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត បានចូលទៅគាល់​ស្តេច​ក្នុង​ដែនកាសី ព្រះនាមព្រហ្មទត្ត លុះចូលទៅដល់ហើយ ក៏ក្រាបទូលស្តេច​ ក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស និមិត្តទាំងឡាយ ក៏ប្រាកដដូច្នេះ កាលបើព្រះអាទិត្យរះឡើង ក្នុងវេលាថ្ងៃស្អែកហើយ សូមឲ្យពួកសេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយឈរ នៅលើទីមានផែនដី​រាបល្អផង សូមឲ្យ​ជនទាំងឡាយ លាងនូវព្រះខាន់ផង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេច​ក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត ក៏បានត្រាស់បង្គាប់ ទៅពួកមនុស្សថា នែនាយទាំងឡាយ ព្រាហ្មណ៍​ជាបុរោហិត បានបង្គាប់យ៉ាងណា ក៏អស់អ្នករាល់គ្នា ចូរធ្វើយ៉ាងនោះកុំខាន។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ព្រះអាទិត្យរះឡើងហើយ ឯមេហសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ ក៏បាន​ឃើញ​ពួក​សេនា ប្រកបដោយអង្គ៤ ស្អិតស្អាងគ្រឿងប្រដាប់ ពាក់អាវក្រោះ ហើយ​ឈរនៅ​លើទីមាន​ផែនដី​រាបល្អផង បានសោយទឹក ដែលគេលាងព្រះខាន់ផង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ មហេសី របស់​ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ លុះមានគភ៌ចាស់ហើយ ក៏ទ្រង់​ប្រសូត​ព្រះរាជបុត្រ​មក។ ព្រះមាតាបិតា ទ្រង់ប្រទាននាម កុមារនោះថា ទីឃាវុ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទីឃាវុកុមារ មិនយូរប៉ុន្មាន ក៏បានដល់នូវការដឹងក្តី។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេច​ក្នុងដែនកោស ព្រះនាមទីឃីតិ ទ្រង់រិះគិតយ៉ាងនេះថា ស្តេច​ក្នុងដែនកាសី ឈ្មោះ​ព្រហ្មទត្ត​នេះ បានធ្វើសេចក្តីវិនាស ដល់យើងជាច្រើន ទាំងពួកពលផង ពាហនៈផង ជនបទផង ឃ្លាំងផង ជង្រុកផង របស់យើង ស្តេចនេះ ក៏រឹបជាន់យកអស់ ប្រសិនបើ​ស្តេចនេះ ជ្រាបដំណឹងយើងហើយ មុខជានឹងឲ្យមនុស្ស​សម្លាប់យើងទាំងបីនាក់ មិនខានឡើយ បើដូច្នោះហើយ គួរអាត្មាអញ ឲ្យ​ទីឃាវុកុមារ ចេញទៅនៅក្រៅក្រុងវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ស្តេចក្នុងដែនកោស ព្រះនាមទីឃីតិ ក៏បានឲ្យទីឃាវុកុមារ ចេញទៅនៅខាងក្រៅក្រុង។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ កាលនៅខាងក្រៅក្រុង មិនយូរប៉ុន្មាន ក៏បានសិក្សា ចេះដឹងនូវសិល្បសាស្ត្រសព្វ​គ្រប់។

[១៥០] ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង នាយខ្មាន់ព្រះកេស របស់ស្តេច ក្នុងដែន​កោសល ព្រះនាមទីឃីតិ នៅអាស្រ័យ ក្នុងសំណាក់ស្តេច ​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត។ ម្នាលភិក្ខុទាំងឡាយ នាយខ្មាន់ព្រះកេស របស់ស្តេច​ ក្នុងដែនកោសល ព្រះនាមទីឃីតិ បានឃើញ​ស្តេច​ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ធ្វើភេទរបស់ខ្លួន ​មិនឲ្យ​បុគ្គល​ដទៃ​ស្គាល់បាន ទ្រង់ស្លៀកដណ្តប់​ ជាបរិព្វាជក ហើយនៅអាស្រ័យ ក្នុងផ្ទះស្មូនឆ្នាំង ក្នុងទីឱកាសមួយ ជាទីបំផុត ក្រុងពារាណសី លុះបានឃើញហើយ ក៏បានចូលទៅគាល់ស្តេច ក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត លុះចូលទៅដល់ហើយ ក៏ក្រាបទូលស្តេច​ ​ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឥឡូវស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំង​មហេសី ធ្វើភេទរបស់ខ្លួន មិនឲ្យបុគ្គលដទៃស្គាល់បាន ទ្រង់ស្លៀកដណ្តប់​ ជាបរិព្វាជក ហើយនៅ​អាស្រ័យ ក្នុងផ្ទះស្មូនឆ្នាំង ក្នុងទីឱកាស មួយជាទីបំផុត ក្រុងពារាណសី ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ក៏ទ្រង់បង្គាប់ ពួកមនុស្ស​ទាំងឡាយថា នែនាយ​ទាំងឡាយ បើដូច្នោះ អ្នករាល់គ្នា ចូរទៅនាំយកស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំង​មហេសីមក។ ម្នាលភិក្ខុទាំងឡាយ ឯមនុស្សទាំងនោះ បានទទួល​ព្រះឱង្ការ របស់ស្តេចក្នុងដែន​កាសី ព្រះនាម​ព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ព្រះអង្គ ហើយក៏ទៅនាំយកស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំង​មហេសីមក។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់បង្គាប់ ទៅពួកមនុស្ស​ទាំងឡាយថា នែនាយ​ទាំងឡាយ បើដូច្នោះ អ្នករាល់គ្នា ចូរនាំគ្នាចាប់ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ចងឲ្យមានដើមដៃ ទៅខាងក្រោយ1) ឲ្យខ្ជាប់ដោយខ្សែដ៏មាំ ហើយកោរក្បាលឲ្យរលីងចេញ រួច (ត្រូវទូង) ស្គរ ដែលមាន​សំឡេងឮខ្លាំង ហើយនាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង រួចនាំចេញតាមទ្វារ​ខាងត្បូង ហើយកាប់​ជា៤កំណាត់ កប់ទៅក្នុងរណ្តៅគ្រប់ទិសទាំង៤ ជាខាងត្បូងនៃក្រុង។ ម្នាលភិក្ខុទាំងឡាយ ឯមនុស្សទាំងនោះ បានទទួល​ព្រះឱង្ការ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយក៏នាំគ្នាចាប់ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ឲ្យមានដើមដៃទៅខាងក្រោយ ឲ្យខ្ជាប់ដោយខ្សែដ៏មាំ ហើយកោរក្បាលឲ្យរលីងចេញហើយ (ទូង) ស្គរ ដែលមានសំឡេងឮខ្លាំង រួចនាំបណ្តើរជុំវិញសព្វ​ច្រកសព្វផ្លូវត្រឡែងកែង។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះ ទីឃាវុកុមារ មានសេចក្តីត្រិះរិះ​ យ៉ាងនេះថា អាត្មាអញ ខានឃើញមាតាបិតាយូរណាស់ហើយ បើដូច្នោះ គួរតែអាត្មាអញ ទៅមើល​មាតាបិតាបានម្តងសិន។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ ចូលទៅក្រុង​ពារាណសីហើយ ក៏បានឃើញមាតាបិតា ដែលគេកំពុងតែចងស្លាបសេក ជាប់ដោយខ្សែ​ដ៏មាំ កោរក្បាល​ឲ្យរលីងចេញ (ទូង)ស្គរ ដែលមានសំឡេងឮខ្លាំង ហើយនាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវត្រឡែងកែង លុះឃើញហើយ ក៏ចូលទៅរកមាតាបិតា។ ម្នាលភិក្ខុទាំងឡាយ ឯ​ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ ទ្រង់ទតទៅឃើញ ទីឃាវុកុមារ មកអំពីចម្ងាយ លុះឃើញ​ហើយ ក៏មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរមិនដែល​រម្ងាប់ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ​តែងរម្ងាប់ដោយការមិនចងពៀរ។ ម្នាលភិក្ខុទាំងឡាយ កាលបើស្តេចនោះ មានព្រះឱង្ការ​ យ៉ាងនេះហើយ ពួកមនុស្សទាំងនោះ ក៏ពោលពាក្យនេះ នឹងស្តេចក្នុងដែនកោសល ព្រះនាម​ទីឃីតិថា ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិនេះឆ្កួត និយាយផ្តេសផ្តាសទេតើ នរណា​ឈ្មោះ ទីឃាវុ (ជាកូន) របស់ស្តេចនេះ ស្តេចនេះនិយាយទៅនឹង​នរណា យ៉ាងនេះថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរមិនដែល​រម្ងាប់​ដោយការ​ចង​ពៀរ​ទេ នែទីឃាវុកូន នែទីឃាវុកូន ឯពៀរតែងរម្ងាប់ដោយការមិនចងពៀរ។ ស្តេច​ទីឃីតិនោះតបទៅវិញថា នែនាយ យើងមិនមែនឆ្កួត និយាយផ្តេសផ្តាសទេ បើនរណា ជាអ្នកប្រាជ្ញ អ្នកនោះទើបថ្លែងសេចក្តីបាន។ ម្នាលភិក្ខុទាំងឡាយ ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ មានព្រះឱង្ការទៅនឹងទីឃាវុកុមារ ជាគំរប់​ពីរដងផង។បេ។ ម្នាលភិក្ខុទាំងឡាយ ស្តេចក្នុងដែនកោសល ព្រះនាមទីឃីតិ មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ ជាគំរប់បីដងផង យ៉ាងនេះថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិនដែល​រម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែងរម្ងាប់ ​ដោយការមិនចងពៀរ។ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងនោះ ក៏បាននិយាយពាក្យនេះ នឹងស្តេចក្នុងដែនកោសល ព្រះនាម ទីឃីតិ ជាគំរប់បីដងទៀតថា ស្តេចក្នុងដែនកោសល ព្រះនាម ទីឃីតិនេះឆ្កួត និយាយ​ផ្តេសផ្តាសទេតើ នរណាឈ្មោះទីឃាវុ (ជាកូន) របស់ស្តេចនេះ ស្តេចនេះនិយាយ​ទៅនឹងនរណា យ៉ាងនេះថា នែទីឃាវុកូន អ្នកកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិន​ដែល​​រម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរតែងរម្ងាប់ដោយការមិនចងពៀរ។ ស្តេច​នោះ ទ្រង់តបទៅវិញថា នែនាយ យើងមិនមែន​ជាមនុស្សឆ្កួត និយាយផ្តេសផ្តាសទេ ប៉ុន្តែបើ​នរណា ជាអ្នកប្រាជ្ញ អ្នកនោះទើបថ្លែងសេចក្តីបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មនុស្ស​ទាំងនោះ ក៏នាំបណ្តើរ​ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិ ព្រមទាំងមហេសី ទៅសព្វច្រក សព្វផ្លូវត្រឡែងកែង ហើយចេញទៅតាមទ្វារ​ខាងត្បូង ហើយកាត់ខ្លួន ជា៤កំណាត់ រួចកប់ក្នុង​រណ្តៅគ្រប់ទិសទាំង៤ ជាខាងត្បូង នៃព្រះនគរ ហើយទុកពួកពល (ឲ្យនៅថែទាំ) រួចថយចេញ​ទៅ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ ចូលទៅកាន់ក្រុងពារាណសី ហើយក៏នាំយក​សុរាមកបំផឹកពួកពល (ទាំងនោះ)។ ពួកពលទាំងនោះ ស្រវឹងដួលដេកទៅ​កាលណា ទីឃាវុកុមារ ក៏ប្រមូលកំណាត់ឈើ ហើយលើកសរីរៈមាតាបិតា ដាក់លើជើងថ្ករ រួចបូជាភ្លើង ហើយផ្គង​អញ្ជលី ធ្វើប្រទក្សិណជើងថ្ករ៣ជុំ។ ម្នាលភិក្ខុទាំងឡាយ ចួនជាពេល​នោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់គង់នៅលើប្រាសាទដ៏ប្រសើរឰដ៏ខាងលើ។ ម្នាលភិក្ខុទាំងឡាយ ស្តេចក្នុង​ដែនកាសី ព្រះនាមព្រហ្មទត្ត បានទតឃើញទីឃាវុកុមារ កំពុង​តែផ្គង​អញ្ជលី ធ្វើប្រទក្សិណជើង​ថ្ករ៣ជុំ លុះឃើញហើយ ក៏ទ្រង់ត្រិះរិះយ៉ាងនេះថា មនុស្សនោះ ច្បាស់ជាញាតិ ឬជាសាលោហិត របស់ស្តេច ក្នុងដែនកោសល ព្រះនាមទីឃីតិហើយ ឱហ្ន៎ សេចក្តី​វិនាស (ព្រោះបុរសនេះ គង់នឹង​មាន) ដល់អាត្មាអញ មិនសមបើ គ្មាននរណាមួយ ប្រាប់អាត្មាអញ​សោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទីឃាវុកុមារ ទៅឯព្រៃ ហើយខ្សឹកខ្សួល ទួញយំអស់​ចិត្ត រួចជូតទឹកភ្នែកហើយ ត្រឡប់​ចូលទៅក្នុង ក្រុងពារាណសីវិញ ក៏ទៅឯរោងដំរី ទៀបព្រះរាជវាំង ហើយនិយាយពាក្យនេះ នឹងហ្មដំរីថា នែអ្នកហ្មដំរី ខ្ញុំចង់រៀនសិល្បៈ (អំពីអ្នក តើបានឬទេ)។ ឯហ្ម​ដំរីនោះ និយាយតបថា នែនាយមាណព បើដូច្នោះ ចូរអ្នករៀនចុះ។​ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ ក្រោកឡើង​ ក្នុងបច្ចូសសម័យ នៃរាត្រី ក៏ស្រែកច្រៀង ដោយសំឡេង​ដ៏ពីរោះ ហើយដេញពិណ​ផង ក្នុងរោងដំរី។ ម្នាលភិក្ខុទាំងឡាយ ឯ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត បានទ្រង់​ព្រះសណ្តាប់​​ចម្រៀង និងពិណ ដែលទីឃាវុកុមារ ក្រោកឡើងក្នុង​បច្ចូសសម័យ នៃរាត្រី ហើយច្រៀង ប្រកបដោយសំឡេង​យ៉ាងពីរោះ ក្នុងរោងដំរី លុះទ្រង់​ព្រះសណ្តាប់រួចហើយ ក៏ទ្រង់​ត្រាស់សួរមនុស្សទាំងឡាយថា នែនាយ នរណាក្រោកឡើង​ ក្នុងបច្ចូសសម័យ នៃរាត្រី ក៏ច្រៀង ដោយសំឡេងដ៏ពីរោះ ហើយដេញពិណផង ក្នុងរោងដំរី។ មនុស្សទាំងនោះ ក្រាបទូលថា សូម​ទ្រង់​​ព្រះមេត្តាប្រោស មាណព ជាកូនសិស្ស របស់ហ្មដំរី​ឯណោះ ក្រោកឡើង ក្នុងបច្ចូសសម័យ នៃ​រាត្រី ក៏ច្រៀងដោយសំឡេងដ៏ពីរោះ ហើយដេញ​ពិណផង ក្នុងរោងដំរី។ ស្តេចនោះ ទ្រង់​ត្រាស់​ថា នែនាយ បើដូច្នោះ អ្នកទាំងឡាយ ចូរនាំមាណព​នោះមក។ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំង​នោះ ទទួលស្តាប់​ព្រះឱង្ការ ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តដោយពាក្យថា ព្រះករុណា​វិសេស ហើយក៏ទៅនាំ ទីឃាវុកុមារមក។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែនាយមាណព អ្នក​ឯងក្រោកឡើង ក្នុងបច្ចូសសម័យ នៃរាត្រី ក៏ច្រៀងដោយសំឡេងដ៏ពីរោះ ហើយដេញពិណផង ក្នុងរោងដំរី មែនឬ។ ទីឃាវុកុមារ ក្រាបទូលថា ព្រះករុណាវិសេស។ ស្តេចនោះ ទ្រង់ត្រាស់ថា នែនាយមាណព បើដូច្នោះ ចូរអ្នកឯងច្រៀង ហើយដេញពិណ ឲ្យយើងស្តាប់មើល។ ម្នាលភិក្ខុ​ទាំងឡាយ ឯទីឃាវុកុមារ ទទួលស្តាប់ព្រះឱង្ការស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយចង់ឲ្យស្តេចប្រោសប្រាណ ទើបស្រែកច្រៀង ដោយ​សំឡេងដ៏ពីរោះ ហើយដេញពិណផង។ ម្នាលភិក្ខុទាំងឡាយ ខណនោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត មានព្រះឱង្ការ ​ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា​ នែនាយមាណព ចូរអ្នកឯង នៅបម្រើយើងចុះ។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ ក៏ទទួលស្តាប់ព្រះឱង្ការ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ទីឃាវុកុមារ ក៏បាន​ក្រោក​មុន ដេកក្រោយ និងទទួលស្តាប់បង្គាប់ការអ្វីៗ ប្រព្រឹត្ត គួរជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ ដល់​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត មិនយូរប៉ុន្មាន ក៏បានតាំង ទីឃាវុកុមារ ក្នុងទីជាអ្នកស្និទ្ធស្នាលខាងក្នុង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត ទ្រង់មានព្រះឱង្ការ ទៅនឹង​ទីឃាវុកុមារ យ៉ាងនេះថា នែនាយមាណព បើដូច្នោះ ចូរអ្នក​ទឹមរាជរថមក យើងនឹងទៅកាន់​ទីប្រពាធម្រឹគ។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ ទទួលស្តាប់​ព្រះឱង្ការ ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយក៏​រៀប​ទឹមរាជរថ រួចក្រាបទូល​​ស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តា​ប្រោស ឯរាជរថ​របស់​ព្រះអង្គ ខ្ញុំព្រះអង្គទឹមរួចស្រេចហើយ សូមព្រះអង្គ ទ្រង់ជ្រាបកាលគួរ ឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់ឡើង​គង់លើរាជរថ ទីឃាវុកុមារ ក៏បររាជរថទៅ។ ពួកសេនាដើរទៅតាមផ្លូវឯទៀត ទីឃាវុកុមារ ជាអ្នក​បររាជរថ ក៏បរ​ទៅតាមផ្លូវឯទៀត បែកផ្សេងពីគ្នា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុង​ដែនកាសី ព្រះនាមព្រហ្មទត្ត យាងទៅដល់ទីឆ្ងាយ ហើយទ្រង់មានព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែនាយមាណព បើដូច្នោះ ចូរអ្នកឯងដាក់រាជរថសិន ដ្បិតយើងនឿយព្រួយលំបាក យើងនឹងដេកសម្រាកបន្តិចសិន។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ បានទទួលស្តាប់ព្រះឱង្ការ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយក៏ដាក់រាជរថ​ចេញ អង្គុយពែនភ្នែនលើផែនដី។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត ក៏ទ្រង់ផ្ទំកើយព្រះសីសៈ លើភ្លៅទីឃាវុកុមារ។ ស្តេចនោះ នឿយព្រួយលំបាក ទ្រង់ផ្ទំលក់​មួយរំពេច។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ទីឃាវុកុមារ ក៏មានសេចក្តីត្រិះរិះ យ៉ាង​នេះថា ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តនេះ បានធ្វើសេចក្តីវិនាសជាច្រើន ដល់អាត្មាអញ ទាំងពល ពាហនៈ ជនបទ ឃ្លាំង នឹងជង្រុក របស់អាត្មាអញ ស្តេចនេះ រឹបជាន់យក​អស់ មិនតែប៉ុណ្ណោះ ទាំងមាតាបិតា របស់អាត្មាអញ ស្តេច​នេះ ក៏សម្លាប់ចោលអស់ វេលានេះ គួរ​អាត្មាអញ សងពៀរ ដល់ស្តេចនេះវិញ ហើយក៏ហូតព្រះខាន់ចេញពីស្រោម។ ម្នាលភិក្ខុទាំង​ឡាយ វេលានោះ ទីឃាវុកុមារ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា បិតាបានផ្តាំអាត្មាអញ ក្នុងពេល​ដែល​ទៀបធ្វើមរណភាពថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែងរម្ងាប់ដោយការមិន​ចង​ពៀរ បើអាត្មាអញ កន្លងពាក្យបិតាហើយ អំពើនេះ ឈ្មោះថា មិនសមគួរ​ដល់អាត្មាអញឡើយ ហើយក៏សៀតព្រះខាន់ ទៅក្នុងស្រោមវិញ។ ម្នាលភិក្ខុទាំងឡាយ ទីឃាវុកុមារ មានសេចក្តី​ត្រិះរិះ​ ជាគំរប់ពីរដងទៀត។បេ។ ម្នាលភិក្ខុទាំងឡាយ ទីឃាវុកុមារ មានសេចក្តីត្រិះរិះ ជាគំរប់​បីដងទៀត យ៉ាងនេះថា ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តនេះ បានធ្វើសេចក្តីវិនាសជាច្រើន ដល់អាត្មា​អញ ទាំងពល ពាហនៈ ជនបទ ឃ្លាំង និងជង្រុក របស់អាត្មាអញ ស្តេចនេះរឹបជាន់យកអស់ មិនតែប៉ុណ្ណោះ ទាំងមាតាបិតា របស់អាត្មាអញ ស្តេចនេះ ក៏សម្លាប់ចោលអស់ វេលានេះ គួរ​អាត្មាអញ សងពៀរ ដល់ស្តេចនេះវិញ ហើយក៏ហូតព្រះខាន់ ចេញពីស្រោម (ម្តងទៀត)។ ម្នាលភិក្ខុទាំងឡាយ ទីឃាវុកុមារ មានសេចក្តីត្រិះរិះ ជាគំរប់បីដងទៀត យ៉ាងនេះថា បិតា​បាន​ផ្តាំអាត្មាអញ ក្នុងពេល​ដែល​ទៀបធ្វើមរណភាពថា នែទីឃាវុកូន អ្នកឯងកុំឃើញកាលវែង កុំឃើញកាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់ ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែងរម្ងាប់ដោយការមិន​ចង​ពៀរ បើអាត្មាអញ កន្លងពាក្យបិតាហើយ អំពើនេះ ឈ្មោះថា មិនសមគួរ​ដល់អាត្មាអញឡើយ ហើយក៏សៀតព្រះខាន់ ទៅក្នុងស្រោមវិញ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់ភិតភ័យ ភ្ញាក់ផ្អើល ស្លើតស្លក់ តក់ស្លុត ហើយក៏តើនឡើងភ្លាម។ ម្នាលភិក្ខុទាំងឡាយ ខណៈនោះ ទីឃាវុកុមារទូលសួរស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ហេតុអ្វី​ បានជាព្រះអង្គទ្រង់ភិតភ័យ ភ្ញាក់ផ្អើល ស្លើតស្លក់ តក់ស្លុត ហើយតើនឡើងភ្លាម។ ស្តេចនោះតបវិញថា នែនាយមាណព ព្រោះ​យើងយល់សប្តិ (ថាដូចជា) ទីឃាវុកុមារ ជាកូនស្តេច ​ក្នុងដែន​កោសល ឈ្មោះទីឃីតិ លើក​ព្រះខាន់ឡើង គម្រាមយើងក្នុងទីនេះ ព្រោះហេតុនោះ បានជាយើងភិតភ័យ ភ្ញាក់ផ្អើល ស្លើតស្លក់ តក់ស្លុត ហើយក្រោកឡើងភ្លាម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ទីឃាវុកុមារ យកដៃ​ខាងឆ្វេង ចាប់សង្កត់​ព្រះសីសៈ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ហើយយកដៃខាងស្តាំ ហូតព្រះខាន់ រួច​និយាយ​ពាក្យនេះ នឹងស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្តថា នែព្រះអង្គ ខ្លួនខ្ញុំឯងហើយ ដែលឈ្មោះ ទីឃាវុកុមារ ជាកូនស្តេច ​ក្នុងដែន​កោសល ព្រះនាមទីឃីតិ ព្រះអង្គបានធ្វើសេចក្តី​វិនាស ជាច្រើនដល់ខ្ញុំ ទាំងពល ពាហនៈ ជនបទ ឃ្លាំង និងជង្រុករបស់ខ្ញុំ ព្រះអង្គ ក៏រឹបជាន់​យកអស់ ម្យ៉ាងទៀត ទាំងមាតាបិតា របស់ខ្ញុំ ព្រះអង្គក៏សម្លាប់ចោលអស់ វេលានេះ គួរ​ខ្ញុំសង​ពៀរ​ដល់​ព្រះអង្គវិញ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ក៏ឱន​ព្រះសីរ្ស ក្រាបទៀបជើង ទីឃាវុកុមារ ហើយមានព្រះឱង្ការ​ ទៅនឹង​ទីឃាវុកុមារ យ៉ាងនេះថា នែទីឃាវុកូន សូមអ្នកអាណិត ឲ្យជីវិតដល់យើងផង នែទីឃាវុកូន សូមអ្នកអាណិត ឲ្យជីវិត​ដល់យើងផង។ ទីឃាវុកុមារ តបវិញថា ខ្ញុំនឹងអាចថ្វាយជីវិត​ព្រះអង្គ ដូចម្តេចបាន គួរតែព្រះអង្គ​ប្រទាន​ជីវិត មកខ្ញុំវិញ។ ស្តេចនោះ ទ្រង់ត្រាស់ថា នែទីឃាវុកូន បើដូច្នោះ អ្នកឯងចូរឲ្យជីវិត​ដល់​យើងចុះ យើងក៏ឲ្យជីវិត ដល់អ្នកឯងវិញ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាម​ព្រហ្មទត្ត និងទីឃាវុកុមារ បានឲ្យជីវិត​គ្នា ទៅវិញទៅមក ហើយបានទាំងចាប់ដៃគ្នាផង ធ្វើសម្បថផង ដើម្បីមិនឲ្យមានរឿងប្រទូស្តគ្នា តទៅទៀត។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់មានព្រះឱង្ការ ​ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែទីឃាវុកូន បើដូច្នោះ ចូរអ្នកទឹមរាជរថចុះ យើងនឹងត្រឡប់​ទៅវិញ។ ម្នាលភិក្ខុទាំងឡាយ ឯទីឃាវុកុមារ បានទទួលស្តាប់​ព្រះឱង្ការ ​ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ដោយពាក្យថា ព្រះករុណាវិសេស ហើយក៏ទឹមរាជរថ រួចក្រាបទូល​ស្តេច ក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឯរាជរថ របស់ព្រះអង្គ ខ្ញុំព្រះអង្គ ទឹមរួចស្រេចហើយ សូម​ព្រះអង្គ ទ្រង់ជ្រាប​កាលគួរ ឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ ខណៈនោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់យាងឡើង​គង់លើរាជរថ ឯទីឃាវុកុមារ ក៏បររាជរថទៅ។ មិនយូរ​ប៉ុន្មាន ទីឃាវុកុមារ ក៏បររាជរថទៅជួបនឹង​ពួកសេនា ដែលទៅតាមផ្លូវផ្សេងពីគ្នានោះ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់យាងចូលទៅ ក្រុងពារាណសី ហើយទ្រង់ប្រជុំពួកអមាត្យ ជាបរិសទ្យរួចហើយ ទ្រង់មានព្រះឱង្ការ​ យ៉ាងនេះ​ថា នែនាយ ប្រសិនបើអ្នកទាំងឡាយ បានឃើញទីឃាវុកុមារ ជាកូនស្តេច ក្នុងដែនកោសល ឈ្មោះ​ទីឃីតិហើយ តើគួរធ្វើ ទីឃាវុកុមារ នោះដូចម្តេច។ អមាត្យទាំងឡាយ ក៏ក្រាបទូល​ដោយពួកៗ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ដៃចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ជើងចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ទាំងដៃ ទាំងជើងចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ត្រចៀក​ចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ច្រមុះចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំគួរតែកាត់ទាំងត្រចៀក ទាំងច្រមុះចេញ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំ គួរតែកាត់ក្បាលចេញ។ ស្តេចនោះ ទ្រង់ប្រាប់ថា នែនាយទាំងឡាយ បុរសនេះឯងហើយ ដែលឈ្មោះ​ទីឃាវុកុមារ ជាកូនស្តេចក្នុងដែនកោសល ឈ្មោះទីឃីតិនោះ អ្នកទាំងឡាយ មិនត្រូវ​ធ្វើទោសកុមារ​នេះតិចតួចទេ ព្រោះកុមារនេះ បានឲ្យជីវិត​យើង យើងក៏បានឲ្យ​ជីវិត​ដល់កុមារ​នេះដែរ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់មាន​ព្រះឱង្ការ ទៅនឹងទីឃាវុកុមារ យ៉ាងនេះថា នែទីឃាវុកូន កាលដែលបិតារបស់អ្នកជិតនឹង​មរណភាព បានផ្តាំបណ្តាំណា ចំពោះ​អ្នកឯងថា នែទីឃាវុកូន អ្នកឯងកុំឃើញ​កាលវែង កុំឃើញ​កាលខ្លី នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់​ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែង​រម្ងាប់​ដោយការមិនចងពៀរ តើបិតារបស់អ្នក សំដៅយកហេតុត្រង់ណា បានជាផ្តាំ (ដូច្នេះ)។ ទីឃាវុកុមារ ក្រាបទូលថា សូមទ្រង់ព្រះមេត្តា​ប្រោស កាលដែលបិតា​ របស់ខ្ញុំព្រះអង្គ ជិតនឹងធ្វើ​មរណភាព បានផ្តាំបណ្តាំណា ចំពោះ​ខ្ញុំព្រះអង្គថា អ្នកកុំឃើញ​កាលវែង គឺថា អ្នកឯង កុំធ្វើពៀរ​ ឲ្យយូរអង្វែងឡើយ សូមទ្រង់ព្រះមេត្តា​ប្រោស កាលដែលបិតារបស់ខ្ញុំព្រះអង្គ ជិតនឹងធ្វើ​មរណភាព បានផ្តាំបណ្តាំនេះឯង (នេះហៅថា) កុំឃើញកាលវែង សូមទ្រង់ព្រះមេត្តាប្រោស កាលដែលបិតារបស់ខ្ញុំព្រះអង្គ ទៀបនឹងធ្វើ​មរណភាព បានផ្តាំ​បណ្តាំណា ចំពោះខ្ញុំព្រះអង្គថា​ អ្នកឯងកុំឃើញ​កាលខ្លី គឺថា អ្នកឯងកុំ​ប្រញាប់​បែកចាកពួកមិត្តសំឡាញ់ឡើយ សូមទ្រង់ព្រះ​មេត្តា​ប្រោស កាលដែលបិតា​របស់ខ្ញុំ​ព្រះអង្គ ជិតនឹងធ្វើ​មរណភាព បានផ្តាំបណ្តាំនេះឯង (នេះ​ហៅថា) កុំឃើញកាលខ្លី សូមទ្រង់​ព្រះមេត្តាប្រោស កាលដែលបិតារបស់ខ្ញុំព្រះអង្គ ជិតនឹងធ្វើ​មរណភាព បានផ្តាំបណ្តាំណា ចំពោះ​ខ្ញុំព្រះអង្គថា នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់ ​ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែង​រម្ងាប់ ​ដោយការមិនចងពៀរ (នោះសំដៅត្រង់) មាតាបិតា​របស់ខ្ញុំព្រះអង្គ ដែលព្រះអង្គ សម្លាប់ចោលអស់ ព្រោះហេតុនោះ បើខ្ញុំព្រះអង្គ នឹង​បំផ្លាញ​ព្រះអង្គ ​ឲ្យចាកជីវិតហើយ គង់មានពួកជន ដែល​ប្រាថ្នាប្រយោជន៍ ចំពោះ​ព្រះអង្គ នឹង​បំផ្លាញ​ខ្ញុំព្រះអង្គ ឲ្យដាច់ចាក​ជីវិតវិញ ពួកជនដែលប្រាថ្នាប្រយោជន៍ ដល់ខ្ញុំព្រះអង្គ មុខជានឹង​បំផ្លាញ​ជនទាំងនោះ ឲ្យដាច់ចាក​​ជីវិតមិនខានឡើយ ពៀរនោះ មិនបានរម្ងាប់​ ដោយការ​ចងពៀរ​ យ៉ាងនេះឯង ឥឡូវ ព្រះអង្គ ទ្រង់ប្រទានជីវិត ដល់ខ្ញុំព្រះអង្គហើយ ខ្ញុំព្រះអង្គ ក៏ថ្វាយជីវិត ដល់​ព្រះអង្គវិញ ពៀរនោះ នឹងរម្ងាប់​ ដោយការមិនចងពៀរ យ៉ាងនេះឯង សូមទ្រង់ព្រះមេត្តាប្រោស កាលដែលបិតា របស់ខ្ញុំ​ព្រះអង្គ ជិតនឹង​ធ្វើមរណភាព បានផ្តាំបណ្តាំនេះឯងថា នែទីឃាវុកូន ធម្មតា ពៀរ មិនដែលរម្ងាប់​ដោយការចងពៀរទេ នែទីឃាវុកូន ឯពៀរ តែង​រម្ងាប់​ដោយការ​មិន​ចង​ពៀរ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្តេចក្នុងដែនកាសី ព្រះនាមព្រហ្មទត្ត ទ្រង់ស្ងើចថា អើហ្ន៎ (ហេតុនេះ) ហៅពេញជា អស្ចារ្យណាស់ អើហ្ន៎ (ហេតុនេះ) ហៅពេញជាចំឡែកណាស់ ទីឃាវុកុមារនេះ ពេញជាអ្នកប្រាជ្ញ​មែន ព្រោះដឹងសេចក្តី ដែលបិតា ពោលដោយសង្ខេប ដោយពិស្តារបាន ហើយក៏ទ្រង់​ត្រឡប់​ប្រគល់​ពល ពាហនៈ ជនបទ ឃ្លាំង និងជង្រុក ជាដំណែល​បិតា ទៅទីឃាវុកុមារវិញ បាន​ទាំង​ប្រទាន​ធីតា១ថែមទៀត។ ម្នាលភិក្ខុទាំងឡាយ គួរកោតដែរ យ៉ាង​ពួកក្សត្រទាំងនោះ (ធ្លាប់តែ) កាន់ដំបង (ធ្លាប់តែ) កាន់គ្រឿង​សស្ត្រាហើយ ចេះមានអំណត់ ​នឹងសេចក្តី​ប្រព្រឹត្តល្អ បែបនេះបាន។ ព្រោះហេតុដូច្នោះ ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា បានមក​បួស ក្នុងធម្មវិន័យនេះ ដែលតថាគត​ បានសំដែង ដោយល្អយ៉ាងនេះហើយ គួរតែខំអត់ធន់ គួរតែខំ​ប្រព្រឹត្តល្អ ឲ្យល្អឡើង។

[១៥១] ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា ទៅនឹង​ភិក្ខុទាំងនោះ​ ជាគំរប់បីដង​ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើសេចក្តីបង្កហេតុ កុំធ្វើសេចក្តី​ឈ្មោះគ្នា កុំធ្វើសេចក្តីប្រកាន់ផ្សេងៗគ្នា កុំធ្វើសេចក្តីវិវាទគ្នាឡើយ។ ឯអធម្មវាទីភិក្ខុនោះ ក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ ជាគំរប់​បីដង យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះ​មានព្រះភាគ ជាធម្មស្សាមី ទ្រង់ឈប់បង្អង់ចុះ សូមទ្រង់ព្រះមេត្តាប្រោស សូម​ព្រះដ៏មានព្រះភាគ មានសេចក្តី​ខ្វល់ខ្វាយតិច សូមទ្រង់ប្រកបតែធម៌ ដែល​ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នរឿយៗចុះ ឯយើងខ្ញុំទាំងឡាយ មុខជានឹងប្រាកដ ដោយសេចក្តីបង្កហេតុ ដោយសេចក្តីឈ្លោះគ្នា ដោយ​សេចក្តី​ប្រកាន់​ផ្សេងៗគ្នា ដោយសេចក្តីវិវាទគ្នាមិនខាន។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់​រិះគិតថា ពួកមោឃបុរសទាំងនេះ មានសភាព គឺកិលេស​គ្របសង្កត់ហើយ តថាគត មិនងាយ​នឹង​ពន្យល់មោឃបុរសទាំងនេះបានឡើយ ហើយក៏ទ្រង់​ក្រោកចាកអាសនៈ ចៀសចេញទៅ។

ចប់ វារៈពោលអំពីទីឃាវុកុមារ ទី១។

[១៥២] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយទ្រង់បាត្រ និងចីវរ យាងចូល​ទៅក្រុងកោសម្ពី ដើម្បីបិណ្ឌបាត ក្នុងពេលព្រឹកព្រហាម លុះយាងទៅបិណ្ឌបាត ក្នុងក្រុងកោសម្ពី​ហើយ ទ្រង់ត្រឡប់មកពីបិណ្ឌបាតវិញ ក៏ទ្រង់​រៀបទុកដាក់គ្រឿងសេនាសនៈ ហើយកាន់យក​បាត្រ និងចីវរ ទ្រង់ឋិតកណ្តាលជំនុំសង្ឃ ក្នុងវេលាក្រោយភត្ត ហើយទ្រង់ពោលព្រះគាថាទាំង​នេះថា

[១៥៣] ជននេះមានសំឡេងខ្លាំងផង ជាជនប្រហែលគ្នាផង សូម្បីជនណាមួយ ដឹងខ្លួន​ថាជាបុគ្គលពាល ក៏គ្មាន កាលបើសង្ឃកំពុងតែបែកគ្នា ជនទាំងឡាយ ក៏មិនបានដឹងហេតុដទៃ ឲ្យក្រៃលែង។ ពួកជនដែលភ្លេចស្មារតី ហើយធ្វើឫក្សពាខ្លួនដូចជាអ្នកប្រាជ្ញ មានសំដីជាអារម្មណ៍ ចង់ហារមាត់និយាយប៉ុន្មាន ក៏និយាយប៉ុណ្ណោះទៅ ទុកជាមានគេនាំទៅប្រជល់​ឲ្យឈ្លោះគ្នា ក៏​មិនដឹងសេចក្តីនោះថា ជាសេចក្តី​ឈ្លោះឡើយ។ ពួកជនណា ចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអាត្មាអញ ជនឯណោះ បានវាយ​អាត្មាអញ ជនឯណោះ បានផ្ចាញ់​ផ្ចាលអាត្មាអញ ជនឯណោះ បានលួចទ្រព្យអាត្មាអញ ពៀររបស់ជនទាំងនោះ មិនបាន​រម្ងាប់ទេ។ ម្យ៉ាងទៀត ពួកជនណា មិនបានចងសេចក្តី​ក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអាត្មាអញ ជនឯណោះ បានវាយ​អាត្មាអញ ជនឯណោះ បានផ្ចាញ់​ផ្ចាលអាត្មាអញ ជនឯណោះ បានលួចទ្រព្យអាត្មាអញ ពៀររបស់ជនទាំងនោះ ទើប​រម្ងាប់ទៅ​បាន។ ក្នុងលោកនេះ ធម្មតា ពៀរ មិនដែលរម្ងាប់ ដោយការចងពៀរបានម្តងឡើយ រម្ងាប់​បានតែ ដោយការមិនចងពៀរ នេះជាធម្មតា តែងមានពីដើមរៀងមក។ ពួកជនដទៃ មិនដែលដឹងច្បាស់ថា យើងដល់នូវសេចក្តីវិនាស ក្នុងកណ្តាលជំនុំសង្ឃនេះទេ បណ្តាជន​ទាំងនោះ បើពួកជនណាមួយដឹងច្បាស់ សេចក្តីឈ្លោះ ទើបរម្ងាប់អំពីសំណាក់​ជនទាំងនោះបាន។ អម្បាលឆ្អឹងមាតាបិតា របស់ទីឃាវុកុមារ គេកាត់ចោល ទាំងជីវិត គេក៏សម្លាប់ចោល ទាំងគោ សេះ និងធនធាន គេក៏នាំយកទៅ ទាំងដែន គេក៏រឹបជាន់ ដណ្តើមយកអស់ ម្តេចស្តេចទាំងនោះ គង់នៅ​មានសេចក្តីព្រមព្រៀងគ្នាបាន។ ចុះអ្នកទាំងឡាយ ហេតុអ្វី ក៏គ្មានសេចក្តី​ព្រមព្រៀងគ្នា។

បើបុគ្គលបានសំឡាញ់មានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន2) ជាអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅសប្បាយ ត្រាច់ទៅជាមួយគ្នា បុគ្គលនោះ អាច​គ្របសង្កត់ នូវសេចក្តីអន្តរាយ​ទាំងពួងបាន ហើយជាអ្នកមានសេចក្តី​ត្រេកអរ មានស្មារតី គប្បី​ត្រាច់ទៅជាមួយនឹងសំឡាញ់នោះចុះ។ បើបុគ្គលមិនបានសំឡាញ់ ដែលមានប្រាជ្ញា ជាគ្រឿង​រក្សាខ្លួន ជាអ្នកប្រាជ្ញ មានធម៌ ជាគ្រឿង​នៅសប្បាយ ត្រាច់ទៅជាមួយគ្នាទេ បុគ្គលនោះ គួរត្រាច់​ទៅតែម្នាក់ឯង ប្រៀបដូចជាស្តេច លះបង់ដែន ដែលខ្លួន​ឈ្នះហើយ ត្រាច់ទៅម្នាក់ឯង (ពុំនោះ​សោត) ប្រៀបដូចជា ដំរីដ៏ប្រសើរ ត្រាច់ទៅម្នាក់ឯងក្នុងព្រៃ។ ការដែលបុគ្គល ត្រាច់ទៅតែម្នាក់​ឯង ហៅពេញជាប្រសើរ ព្រោះបុគ្គលពាល គ្មានសហាយតាគុណ3) ទេ។ ម្យ៉ាងទៀត បុគ្គល គួរត្រាច់ទៅ​តែម្នាក់ឯង មិនគួរធ្វើ​អំពើលាមកឡើយ ប្រៀបដូចជាដំរី ដ៏ប្រសើរ មានសេចក្តីខ្វល់ខ្វាយ​តិច ត្រាច់ទៅតែម្នាក់ឯងក្នុងព្រៃ។

 

1)
គឺចងស្លាបសេក បណ្តើរ​អាក្រោស។
2)
ក្នុងអដ្ឋកថា មេត្តសូត្តថា បុគ្គល​មានប្រាជ្ញា ចេះរក្សាសីល ឲ្យបរិសុទ្ធ និងពិចារណាបច្ច័យ មានចីវរជាដើម និងកំណត់ដឹង​នូវ​សេចក្តី​សប្បាយ៧យ៉ាង មានសប្បាយ​ដោយអាវាសជាដើម ហៅថា មានប្រាជ្ញា ជាគ្រឿង​រក្សាខ្លួន។
3)
អដ្ឋកថាធម្មបទថា ចុល្លសីល មជ្ឈិមសីល មហាសីល កថាវត្ថុ១០ ធុតង្គគុណ១៣ វិបស្សនាញាណ មគ្គ៤ ផល៤ វិជ្ជា៣ អភិញ្ញា៦ អមតមហានិព្វាន ហៅថា សហាយតាគុណ។
km/tipitaka/vin/mv/vin.mv.10.02.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann