km:tipitaka:vin:mv:vin.mv.10.04

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » កោសម្ពិក្ខន្ធកៈ

២៧៤. បាចីនវំសទាយគមនកថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 10.04 បាលី cs-km: vin.mv.10.04 អដ្ឋកថា: vin.mv.10.04_att PTS: ?

បាចីនវំសទាយគមនកថា (ទី២៧៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២៧៤)

សម័យនោះឯង ចួន​ជាព្រះអនុរុទ្ធដ៏មានអាយុ១ ព្រះនន្ទិយៈ​ដ៏មានអាយុ១ ព្រះកិម្ពិលៈដ៏មានអាយុ១ គង់នៅក្នុង​​ប្រទេស នៃព្រៃឈ្មោះបាចីនវង្សដែរ។ មានបុរសម្នាក់ ជាអ្នករក្សាព្រៃ បានឃើញព្រះមានព្រះភាគ ទ្រង់យាងមកអំពីចម្ងាយ លុះឃើញហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​សមណៈ ព្រះអង្គ កុំយាងចូលទៅក្នុងព្រៃនេះឡើយ ដ្បិតមានពួកកុលបុត្ត៣រូប មានសភាព​ជាអ្នក​ស្រឡាញ់ខ្លួន នៅក្នុងព្រៃនេះ ព្រះអង្គ កុំធ្វើសេចក្តីអផ្សុក ដល់កុលបុត្តទាំងនោះឡើយ។ ព្រះអនុរុទ្ធដ៏មានអាយុ ក៏បានឮពាក្យ​បុរស ជាអ្នករក្សាព្រៃ កំពុងប្រឹក្សាជាមួយនឹង​ព្រះមានព្រះ​ភាគដែរ លុះឮហើយ ក៏និយាយទៅនឹងបុរសជាអ្នករក្សាព្រៃ យ៉ាងនេះថា ម្នាលអ្នករក្សាព្រៃ​ដ៏មានអាយុ អ្នកឯង កុំឃាត់ព្រះមានព្រះភាគឡើយ ដ្បិតព្រះមានព្រះភាគ ជាគ្រូរបស់យើង ព្រះអង្គ ទ្រង់យាងមកដល់ហើយ។ ខណៈនោះ ព្រះអនុរុទ្ធដ៏មានអាយុ ចូលទៅរក​ព្រះនន្ទិយៈ​ដ៏មានអាយុ និងព្រះកិម្ពិលៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះនន្ទិយៈ​ដ៏មានអាយុ និងព្រះកិម្ពិលៈ​ដ៏មានអាយុ យ៉ាងនេះថា ម្នាលលោកដ៏មានអាយុទាំងឡាយ ចូរ​លោកទាំងឡាយ និមន្តទៅទទួល ម្នាលលោកដ៏មានអាយុទាំងឡាយ ចូរលោកទាំងឡាយ និមន្ត​ទៅទទួល ដ្បិតព្រះមានព្រះភាគ ជាគ្រូរបស់យើង ព្រះអង្គទ្រង់យាងមកដល់ហើយ។ វេលានោះ ព្រះអនុរុទ្ធដ៏មានអាយុ ព្រះនន្ទិយៈដ៏មានអាយុ និងព្រះកិម្ពិលៈដ៏មានអាយុ ក៏ក្រោកទៅទទួល​ព្រះមានព្រះភាគ មួយអង្គទទួលបាត្រ និងចីវរព្រះមានព្រះភាគ មួយអង្គរៀបចំក្រាលអាសនៈ មួយអង្គដំកល់ទឹកសម្រាប់លាងព្រះបាទ តាំងសម្រាប់​ដំកល់ព្រះបាទ ដែលលាងហើយ និងគ្រឿង​សម្រាប់ដំកល់ព្រះបាទ ដែលមិនទាន់បានលាង។ ព្រះមានព្រះភាគ ទ្រង់គង់លើ​អាសនៈ ដែលភិក្ខុនោះក្រាលហើយ លុះគង់ហើយ ទ្រង់លាងព្រះបាទា។ ចំណែកលោក​ដ៏មានអាយុទាំងនោះ ក៏នាំគ្នាក្រាបថ្វាយបង្គំព្រះមានព្រះភាគជាម្ចាស់រួចហើយ អង្គុយ​នៅក្នុង​ទីសមគួរ។ លុះព្រះអនុរុទ្ធដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះអង្គទ្រង់ត្រាស់​សួរ​ យ៉ាងនេះថា ម្នាលអនុរុទ្ធទាំងឡាយ1) អ្នកទាំងឡាយ ល្មមអត់ធន់បាន​ឬទេ អ្នកទាំងឡាយ ល្មមប្រព្រឹត្តទៅបានស្រួលឬទេ អ្នកទាំងឡាយ មិនលំបាកដោយ​បិណ្ឌបាត​ឬទេ។ ព្រះថេរៈទាំង៣អង្គ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំ ល្មមអត់ធន់​បាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំ ល្មមប្រព្រឹត្តទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស ម្យ៉ាងទៀត យើងខ្ញុំ មិនលំបាកដោយបិណ្ឌបាតទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរ​ទៀតថា ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ បានព្រមព្រៀង ស្មោះសរ មិនវិវាទគ្នា ដូចជាទឹក​ដោះលាយទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់ដែរឬ។ ព្រះអនុរុទ្ធ​ក្រាប​បង្គំទូលថា ព្រះករុណា យើងខ្ញុំទាំងនោះ ព្រមព្រៀង ស្មោះសរនឹងគ្នា មិនវិវាទគ្នា ដូចជាទឹកដោះ​លាយទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់បាន។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់សួរទៀតថា ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយ បានជាព្រមព្រៀង ស្មោះសរនឹងគ្នា មិនវិវាទគ្នា ដូចជាទឹក​ដោះលាយទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែក​ជាទីស្រឡាញ់​ដូចម្តេចទៅ។ ព្រះអនុរុទ្ធ​ក្រាប​បង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីនេះ ខ្ញុំព្រះអង្គ មានសេចក្តី​ត្រិះរិះថា អាត្មាអញ បាននៅជាមួយនឹងពួកបុគ្គល ដែលប្រព្រឹត្តធម៌​ ដ៏ប្រសើរស្មើគ្នា​បែបនេះ ហៅពេញជាលាភ របស់អាត្មាអញ អាត្មាអញ ហៅពេញជាបានស្រួលពេកហើយ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ តែងដំកល់​កាយកម្ម ប្រកបដោយមេត្តា​ ចំពោះលោកដ៏​មានអាយុទាំងអម្បាលនេះ ទាំងទីចំពោះមុខ និងទីកំបាំង ខ្ញុំព្រះអង្គ តែងដំកល់វចីកម្ម និងមនោកម្ម ប្រកបដោយមេត្តា ទាំងទីចំពោះមុខ និងទីកំបាំង សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំ​ព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ អាត្មាអញ គួរដាក់ចិត្តរបស់ខ្លួនចេញ ហើយប្រព្រឹត្ត​តាមអំណាចចិត្ត​លោកដ៏មានអាយុទាំងនេះវិញ សូមទ្រង់ព្រះមេត្តាប្រោស (លុះ​គិតដូច្នេះហើយ) ខ្ញុំព្រះអង្គ ក៏បានដាក់ចិត្ត​របស់ខ្លួនចេញ ហើយប្រព្រឹត្តតាមអំណាចចិត្តលោក​ដ៏មានអាយុ​ទាំងនេះទៅ សូមទ្រង់ព្រះមេត្តាប្រោស ឯកាយរបស់យើងខ្ញុំ​ផ្សេងគ្នាក៏ពិតមែន ប៉ុន្តែ ចិត្តដូចគ្នាតែម្យ៉ាង។ ឯព្រះនន្ទិយៈដ៏មានអាយុ និងព្រះកិម្ពិលៈដ៏មានអាយុ ក៏បានក្រាបបង្គំ​ ទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ទៀតថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា អាត្មាអញ នៅជាមួយនឹងពួកបុគ្គល ដែលប្រព្រឹត្តធម៌​ ដ៏ប្រសើរស្មើគ្នា​បែបនេះ ហៅពេញជាលាភ របស់អាត្មាអញ អាត្មាអញ ហៅពេញជាបានស្រួលពេកហើយ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ តែងដំកល់​កាយកម្ម ប្រកបដោយមេត្តា​ ចំពោះលោកដ៏​មានអាយុទាំងអម្បាលនេះ ទាំងទីចំពោះមុខ និងទីកំបាំងមុខ ខ្ញុំព្រះអង្គ តែងដំកល់វចីកម្ម និងមនោកម្ម ប្រកបដោយមេត្តា ទាំងទីចំពោះមុខ និងទីកំបាំង សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំ​ព្រះអង្គនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ អាត្មាអញ គួរដាក់ចិត្តរបស់ខ្លួនចេញ ហើយប្រព្រឹត្ត​តាមអំណាចចិត្ត​លោកដ៏មានអាយុទាំងនេះវិញចុះ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គនោះ បានដាក់ចិត្ត​របស់ខ្លួនចេញ ហើយប្រព្រឹត្តតាមអំណាចចិត្តលោក​ដ៏មានអាយុ​ទាំងនេះវិញ សូមទ្រង់ព្រះមេត្តាប្រោស ឯកាយរបស់យើងខ្ញុំ​ផ្សេងគ្នា ក៏ពិតមែន ប៉ុន្តែ ចិត្តដូចគ្នា​តែ​ម្យ៉ាង សូមទ្រង់ព្រះមេត្តាប្រោស ដោយហេតុយ៉ាងនេះហើយ បានជាយើងខ្ញុំព្រមព្រៀង ស្មោះសរ មិនវិវាទគ្នា ដូចជាទឹកដោះលាយទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយចក្ខុ​ជាទី​ស្រឡាញ់បាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយ មិនបាន​ប្រហែសធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅត្រង់ខ្លះដែរឬ។ ព្រះអនុរុទ្ធ​ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំមិនបានប្រហែសធ្វេសទេ ហើយមានព្យាយាម​ដុតកិលេស និងមានចិត្ត​បញ្ជូនទៅត្រង់។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលអនុរុទ្ធ​ទាំង​ឡាយ អ្នកទាំងឡាយ ដែលឥតមាន​ប្រហែសធ្វេស មានតែព្យាយាមដុតកិលេស មានចិត្ត​បញ្ជូន​ទៅ​ត្រង់ តើយ៉ាងដូចម្តេច។ ព្រះថេរៈទាំង៣អង្គ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស បណ្តាយើងខ្ញុំ ដែល​នៅក្នុងទីនេះ បើលោកណាត្រឡប់មកពីបិណ្ឌបាត អំពីស្រុកមុនគេ លោក​នោះ រៀបចំក្រាលអាសនៈ ដំកល់ទឹកសម្រាប់លាងជើង ដំកល់តាំងសម្រាប់ទ្រជើង ដែលលាង​រួច និងដំកល់​គ្រឿងសម្រាប់​ទ្រជើង ដែលមិនទាន់លាង ហើយលាងភាជន៍ សម្រាប់ផ្ទេរបាយ ដំកល់​ទុកឲ្យស្រួល រួចដំកល់ទឹកឆាន់ និងទឹកប្រើប្រាស់ លោកណាមកពីបិណ្ឌបាត អំពីស្រុកក្រោយគេ បើមានរបស់ដែលសល់ពីឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ទៅ បើមិនចង់ឆាន់ទេ ចាក់ចោល​ទៅក្នុងទី​គ្មានស្មៅស្រស់ក៏បាន បាចសាចទៅក្នុងទឹក ដែលគ្មានសត្វតូចក៏បាន រួចលោកនោះ រើអាសនៈចេញ ហើយរៀបចំទុកដាក់ទឹក សម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាង​រួចហើយ និងគ្រឿងសម្រាប់ទ្រជើង ដែល​មិនទាន់លាង ហើយលាងភាជន៍សម្រាប់ផ្ទេរបាយ រៀបចំទុកដាក់ រួចរៀប​ទុកដាក់ទឹកឆាន់ និងទឹកប្រើប្រាស់ ហើយបោសរោងភត្ត បើលោកណា ឃើញក្អម​សម្រាប់ដាក់ទឹកឆាន់ក្តី ក្អមសម្រាប់ដាក់ទឹកប្រើប្រាស់ក្តី ក្អមសម្រាប់​ដាក់ទឹកលាង​វច្ចៈក្តី រលីងសោះទទេ លោកនោះ ក៏ដំកល់ទុកឲ្យមានឡើង បើលោកនោះ មិនអាច​លើកដោយ​កំឡាំង​ដៃបានទេ ក៏យើងខ្ញុំ​ហៅភិក្ខុ (ឯទៀត) មកជាពីររូប ជួយលើក ឬសែងដោយដៃ យកទៅដំកល់​ទុក សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំមិនបាច់បញ្ចេញ​វាចា ព្រោះហេតុ​ប៉ុណ្ណោះឡើយ សូមទ្រង់​ព្រះ​មេត្តា​ប្រោស ម្យ៉ាងទៀត តែគ្រប់៥ថ្ងៃហើយ យើងខ្ញុំតែងអង្គុយប្រជុំគ្នា ដោយធម្មីកថា អស់រាត្រី​ទាំង​មូល2) សូមទ្រង់ព្រះមេត្តាប្រោស ដោយហេតុយ៉ាងនេះហើយ បានជាយើងខ្ញុំព្រះអង្គ ឥតមានសេចក្តី​ប្រហែសធ្វេស ខំព្យាយាម​ដុតកិលេស មានចិត្តបញ្ជូន​ទៅត្រង់ ឥតមាន​នឹកនា (ដល់​កាយ និងជីវិតឡើយ)។

 

1)
ព្រះអង្គទ្រង់ត្រាស់ហៅ មិនសំដៅយកព្រះអនុរុទ្ធ​តែមួយ​អង្គទេ ទ្រង់ត្រាស់ហៅ ចំពោះ​ព្រះនាមព្រះថេរៈទាំងបីព្រះអង្គ។
2)
គ្រប់៥ថ្ងៃ តែងប្រជុំគ្នា និយាយធម៌អាថ៌ អស់មួយយប់។
km/tipitaka/vin/mv/vin.mv.10.04.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann