User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.10.06

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » កោសម្ពិក្ខន្ធកៈ

២៧៦. អដ្ឋារសវត្ថុកថា

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 10.06 បាលី cs-km: vin.mv.10.06 អដ្ឋកថា: vin.mv.10.06_att PTS: ?

អដ្ឋារសវត្ថុកថា (ទី២៧៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

អដ្ឋារសវត្ថុអធម្មវាទិ អធម្មវាទីបុគ្គល

លំដាប់នោះ ពួកភិក្ខុក្រុងកោសម្ពី ក៏រៀបចំទុកដាក់​គ្រឿងសេនាសនៈ រួចនាំយកបាត្រ និងចីវរ ចូល​ទៅក្រុងសាវត្ថី។

[១៥៨] ព្រះសារីបុត្រដ៏មានអាយុបានឮដំណឹងថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នក​ធ្វើការ​បង្កហេតុ ឈ្លោះទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិរកណ៍ ក្នុងសង្ឃ បានមកដល់​ក្រុងសាវត្ថី។ ទើប​ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​នៅក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយ​នៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តា​ប្រោស ឮថាពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើសេចក្តីបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆាន​កថា និងធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថី សូមទ្រង់ព្រះមេត្តាប្រោស តើខ្ញុំព្រះអង្គ នឹង​ប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដូចម្តេចខ្លះ។ ព្រះដ៏មានព្រះភាគ ទ្រង់តបថា នែសារីបុត្ត បើដូច្នោះ អ្នកចូរតាំងនៅ ឲ្យសមគួរតាមធម៌ចុះ។ ព្រះសារីបុត្តក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ធ្វើដូចម្តេច ខ្ញុំព្រះអង្គអាចស្គាល់ថាជាធម៌ ឬមិនមែនជាធម៌បាន។ ព្រះដ៏មានព្រះភាគ តបថា នែសារីបុត្ត អ្នកត្រូវស្គាល់អធម្មវាទីបុគ្គល (បុគ្គល​ពោលខុសធម៌) ដោយវត្ថុ១៨យ៉ាង នែសារីបុត្ត ក្នុងសាសនានេះ មានភិក្ខុសំដែងសភាវៈ ដែលមិនមែនធម៌ ថាជាធម៌វិញ សំដែងធម៌ ថាមិនមែនជាធម៌វិញ សំដែងសភាវៈមិនមែនវិន័យ ថាជាវិន័យវិញ សំដែងវិន័យ ថាមិនមែនវិន័យវិញ សំដែងពាក្យ ដែលតថាគតមិនបានពោល មិនបានចរចា ថាតថាគត បានពោល បានចរចាវិញ សំដែងពាក្យ ដែលតថាគត បានពោល បានចរចា ថា​តថាគត​មិនបានពោល មិនបានចរចាវិញ សំដែងកិច្ច ដែលតថាគត​មិនបានសន្សំ ថាតថាគត​បានសន្សំវិញ សំដែងកិច្ចដែលតថាគត​បានសន្សំ ថាតថាគតមិនបាន​សន្សំវិញ សំដែងសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ថាតថាគតបានបញ្ញត្តវិញ សំដែងសិក្ខាបទ ដែលតថាគត បានបញ្ញត្ត ថាតថាគត មិនបានបញ្ញត្តវិញ សំដែងអនាបត្តិ ថាជាអាបត្តិវិញ សំដែងអាបត្តិ ថាជាអនាបត្តិវិញ សំដែងអាបត្តិស្រាល ថាជាអាបត្តិធ្ងន់វិញ សំដែងអាបត្តិធ្ងន់ ថាជាអាបត្តិស្រាល​វិញ សំដែងអាបត្តិ ដែលជាសាវសេស1) ថាអាបត្តិជាអនវសេស2) វិញ សំដែងអាបត្តិដែលជាអនវសេស ថាអាបត្តិ​ជាសាវសេសវិញ សំដែងទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិវិញ សំដែងអទុដ្ឋុល្លាបត្តិ ថាទុដ្ឋុល្លាបត្តិវិញ នែសារីបុត្ត អ្នកត្រូវស្គាល់អធម្មវាទីបុគ្គល ដោយវត្ថុ ១៨យ៉ាងនេះឯងចុះ នែសារីបុត្ត ចំណែកខាងធម្មវាទីបុគ្គល អ្នកត្រូវស្គាល់ដោយវត្ថុ១៨យ៉ាងដែរ នែសារីបុត្ត ក្នុងសាសនានេះ មានភិក្ខុសំដែងសភាវៈ មិនមែនធម៌ ថាមិនមែនធម៌ សំដែងធម៌ ថាធម៌ សំដែងសភាវៈមិនមែនជាវិន័យ ថាមិនមែនវិន័យ សំដែងវិន័យ ថាវិន័យ សំដែងពាក្យ ដែលតថាគតមិនបានពោល មិនបានចរចា ថាតថាគត មិនបានពោល មិនបានចរចា សំដែងពាក្យ ដែលតថាគត បានពោល បានចរចា ថា​តថាគត​បានពោល បានចរចា សំដែងកិច្ច ដែលតថាគត​មិនបានសន្សំ ថាតថាគតមិន​បានសន្សំ សំដែងកិច្ចដែលតថាគត​បានសន្សំ ថាតថាគតបាន​សន្សំ សំដែងសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ថាតថាគតមិនបានបញ្ញត្ត សំដែងសិក្ខាបទ ដែលតថាគត បានបញ្ញត្ត ថាតថាគត បានបញ្ញត្ត សំដែងអនាបត្តិ ថាអនាបត្តិ សំដែងអាបត្តិ ថាអាបត្តិ សំដែងអាបត្តិស្រាល ថាអាបត្តិស្រាល សំដែងអាបត្តិធ្ងន់ ថាអាបត្តិធ្ងន់​ សំដែងអាបត្តិ ដែលជាសាវសេស ថាអាបត្តិជាសាវសេសៈ សំដែងអាបត្តិដែលជាអនវសេសៈ ថាអាបត្តិ​ជាអនវសេសៈ សំដែងទុដ្ឋុល្លាបត្តិ ថាទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ ថាអទុដ្ឋុល្លាបត្តិ​ដដែល នែសារីបុត្ត អ្នកត្រូវស្គាល់ធម្មវាទីបុគ្គល ដោយវត្ថុ ១៨យ៉ាងនេះឯង។

[១៥៩] ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឮ។បេ។ ព្រះមហាកស្សបដ៏មានអាយុ​ ព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកោដ្ឋិតដ៏មានអាយុ ព្រះមហាកប្បិនដ៏មានអាយុ ព្រះមហាចុន្ទដ៏មានអាយុ ព្រះអនុរុទ្ធដ៏មានអាយុ ព្រះរេវតដ៏មានអាយុ ព្រះឧបាលិដ៏មានអាយុ ព្រះអានន្ទដ៏មានអាយុ ព្រះរាហុលដ៏មានអាយុ បានឮដំណឹងថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នក​ធ្វើសេចក្តី​បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិរកណ៍ក្នុងសង្ឃ បានមកដល់​ក្រុង​សាវត្ថីហើយ។ គ្រានោះ ព្រះរាហុលដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ទើបក្រាប​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះ​ព្រះរាហុល​ដ៏មានអាយុ អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តា​ប្រោស ឮថាពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើសេចក្តីបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថី សូមទ្រង់​ព្រះមេត្តា​ប្រោស តើខ្ញុំព្រះអង្គ នឹង​ប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដូចម្តេច។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​តបថា នែរាហុល បើដូច្នោះ អ្នកចូរតាំងនៅ ឲ្យសមគួរតាមធម៌ចុះ។ ព្រះរាហុលដ៏មានអាយុ ក្រាប​បង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ធ្វើដូចម្តេច ខ្ញុំព្រះអង្គ អាចស្គាល់ថាធម៌ ឬថាមិនមែន​ជា​ធម៌បាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែរាហុល អ្នកត្រូវស្គាល់អធម្មវាទីបុគ្គល ដោយវត្ថុ​១៨​យ៉ាង។បេ។ នែរាហុល អ្នក​ត្រូវស្គាល់​អធម្មវាទីបុគ្គល ដោយវត្ថុ១៨យ៉ាងនេះឯង នែរាហុល ចំណែក​ខាងធម្មវាទីបុគ្គល អ្នកក៏ត្រូវស្គាល់​ ដោយវត្ថុ​១៨យ៉ាងដែរ។បេ។ នែរាហុល អ្នកត្រូវស្គាល់ធម្មវាទីបុគ្គល ដោយវត្ថុ ១៨យ៉ាងនេះឯង។

[១៦០] ព្រះនាងមហាបជាបតីគោតមី បានឮដំណឹងថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នក​ធ្វើសេចក្តី​បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិរកណ៍ក្នុងសង្ឃ បានមកដល់​ក្រុង​សាវត្ថីហើយ។ គ្រានោះ ព្រះនាងមហាបជាបតីគោតមី បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​​ទៅ​ដល់​ហើយ ទើបក្រាប​ថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយឋិត​នៅក្នុងទីដ៏សមគួរ។ លុះ​ព្រះនាងមហាបជាបតីគោតមី បានឋិត​នៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល ព្រះមានព្រះ​ភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឮថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើ​សេចក្តី​បង្ក​ហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថីហើយ បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំព្រះអង្គ នឹង​ប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដូចម្តេច។ ព្រះមានព្រះ​ភាគ ទ្រង់តបថា នែគោតមី បើដូច្នោះ ព្រះនាងចូរស្តាប់ធម៌ ក្នុងសំណាក់​សង្ឃទាំងពីរពួកចុះ បើនាង​ស្តាប់ធម៌ ក្នុងសំណាក់សង្ឃទាំងពីរពួកហើយ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុណា ដែល​ជាធម្មវាទី ចូរព្រះនាងកាន់យកតាមទិដ្ឋិ សេចក្តីគាប់ចិត្ត សេចក្តីពេញចិត្ត និងលទ្ធិរបស់​ពួកភិក្ខុនោះ ម្យ៉ាងទៀត របស់ឯណានីមួយ ដែលភិក្ខុនីសង្ឃ គប្បីប្រាថ្នាអំពីសំណាក់ភិក្ខុសង្ឃ របស់ទាំងអស់នោះ ភិក្ខុនី ត្រូវប្រាថ្នាអំពីធម្មវាទីបុគ្គលចុះ។

[១៦១] អនាថបិណ្ឌិកគហបតិ បានឮដំណឹងថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នក​ធ្វើ​សេចក្តី​​បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិរកណ៍ក្នុងសង្ឃ បានមកដល់​ក្រុង​សាវត្ថី។ វេលានោះ អនាថបិណ្ឌិកគហបតិ បានចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ទើបក្រាប​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះ​អនាថបិណ្ឌិក​គហបតិ អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តា​ប្រោស ឮថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើសេចក្តីបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថីហើយ សូមទ្រង់​ព្រះមេត្តា​ប្រោស តើខ្ញុំព្រះអង្គ នឹង​ប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដូចម្តេច។ ព្រះដ៏មាន​ព្រះភាគ ទ្រង់តបថា នែគហបតិ បើដូច្នោះ អ្នកត្រូវឲ្យទាន ក្នុងសង្ឃទាំងពីរពួកចុះ លុះអ្នកឲ្យ​ទាន ក្នុងសង្ឃទាំងពីរពួករួចហើយ អ្នកចូរស្តាប់ធម៌ ក្នុងសំណាក់​សង្ឃទាំងពីរពួកទៀត លុះអ្នកស្តាប់​ធម៌ ក្នុងសំណាក់សង្ឃទាំងពីរពួករួចហើយ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុណា ដែល​ជាធម្មវាទី ចូរអ្នកកាន់យកតាមទិដ្ឋិ សេចក្តីគាប់ចិត្ត សេចក្តីពេញចិត្ត នឹងលទ្ធិរបស់ពួកភិក្ខុនោះ​ចុះ។

[១៦២] នាងវិសាខា ជាមិគារមាតា បានឮដំណឹងថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នក​ធ្វើសេចក្តី​បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិរកណ៍ក្នុងសង្ឃ បានមកដល់​ក្រុង​សាវត្ថីហើយ។ លំដាប់នោះ នាងវិសាខា ជាមិគារមាតា បានចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ទើបក្រាប​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះ​នាងវិសាខា ជាមិគារមាតា អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឮថាពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នកធ្វើសេចក្តីបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ធ្វើតិរច្ឆាន​កថា ធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថីហើយ បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំព្រះអង្គ នឹង​ប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដូចម្តេច។ ព្រះដ៏មាន​ព្រះភាគ ទ្រង់តបថា នែនាងវិសាខា បើដូច្នោះ ចូរនាងឲ្យទាន ក្នុងសង្ឃទាំងពីរពួកចុះ លុះនាងឲ្យ​ទាន ដល់សង្ឃទាំងពីរពួករួចហើយ ចូរនាងស្តាប់ធម៌ ក្នុងសំណាក់​សង្ឃទាំងពីរពួកទៀត លុះនាងស្តាប់ធម៌ ក្នុងសំណាក់សង្ឃទាំងពីរពួកហើយ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុណា ដែល​ជាធម្មវាទី ចូរនាងកាន់យកតាមទិដ្ឋិ សេចក្តីគាប់ចិត្ត សេចក្តីពេញចិត្ត នឹងលទ្ធិរបស់ពួកភិក្ខុនោះ​ចុះ។

[១៦៣] គ្រានោះ ពួកភិក្ខុក្រុងកោសម្ពីបានដល់ទៅក្រុងសាវត្ថី ដោយលំដាប់។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់​ហើយ ទើបក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្ត​ដ៏មានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ឮថា ពួកភិក្ខុក្រុងកោសម្ពីនោះ ជាអ្នក​ធ្វើសចក្តីបង្កហេតុ ឈ្មោះ ទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ បានមកដល់ក្រុងសាវត្ថីហើយ សូមទ្រង់ព្រះមេត្តាប្រោស តើខ្ញុំព្រះអង្គ នឹងប្រតិបត្តិ ក្នុងពួកភិក្ខុទាំងនោះ ដោយសេនាសនៈ​ដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់តបថា នែសារីបុត្ត បើដូច្នោះ អ្នកចូរឲ្យទីសេនាសនៈ ដ៏ស្ងាត់​ទៅ ភិក្ខុទាំងនោះចុះ។ ព្រះសារីបុត្ត ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស បើគ្មានទីសេនាសនៈ​ស្ងាត់ទេ តើខ្ញុំព្រះអង្គ ត្រូវប្រតិបត្តិដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា នែសារីបុត្ត បើដូច្នោះ អ្នកត្រូវធ្វើទីសេនាសនៈដ៏ស្ងាត់ ឲ្យតែខាងបាន ហើយប្រគល់ឲ្យ​ភិក្ខុទាំងនោះទៅ នែសារីបុត្ត តថាគតមិនបានពោលថា ភិក្ខុត្រូវហាមទីសេនាសនៈ ដល់ភិក្ខុដែលចាស់ជាង ដោយ​បរិយាយនីមួយទេ ភិក្ខុណាហាម ត្រូវអាបត្តិទុក្កដ។ ព្រះសារីបុត្ត ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ចំណែកខាង​គ្រឿងអាមិសៈវិញ តើខ្ញុំព្រះអង្គ ត្រូវប្រតិបត្តិដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា នែសារីបុត្ត ចំណែកខាងគ្រឿងអាមិសៈនោះ អ្នកត្រូវចែកទៅ​ភិក្ខុទាំងអស់ឲ្យស្មើគ្នា។

 

1)
លើកតែអាបត្តិបារាជិកចេញ អាបត្តិ​ទាំងអស់ ហៅថា សាវសេស។
2)
គឺអាបត្តិបារាជិក
km/tipitaka/vin/mv/vin.mv.10.06.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann