User Tools

Site Tools


Translations of this page?:
km:tipitaka:vin:par:vin.par.pj.02

ព្រះត្រៃបិដក » វិន័យបិដក » មហាវិភង្គ » បារាជិកកណ្ឌេ

បារាជិកកណ្ឌេ ទុតិយសិក្ខាបទំ

vin.par.pj.02 | book_001

(២. ទុតិយបារាជិកំ)

អទិន្នាទាន បឋមភាណវារៈ

vin.par.pj.02.01 | book_001

( )

[៧៩] សម័យនោះ ព្រះសព្វញ្ញុពុទ្ធដ៏មាន​ព្រះភាគ ទ្រង់គង់​នៅលើ​ភ្នំគិជ្ឈកូដ ទៀប​ក្រុង​រាជគ្រឹះ។ ក៏​ក្នុង​សម័យ​នោះ មានភិក្ខុ​ច្រើនរូប​ជាមិត្ត​សម្លាញ់ គ្រាន់​តែ​ជួប​ឃើញ​គ្នាខ្លះ ជាមិត្ត​សម្លាញ់​នៅ​រួបរួម​ជា​មួយ​គ្នាខ្លះ ធ្វើ​កុដិប្រក់​ដោយ​ស្មៅ​ក្បែរ​ជើងភ្នំ​ឥសិគិលិ ហើយ​ចាំ​វស្សា (នៅ​នោះ)។ មាន​ភិក្ខុ១រូប ឈ្មោះ​ធនិយ​ដ៏​មាន​អាយុ​ជា​កូន​ស្មូនឆ្នាំង ធ្វើ​កុដិ​តូចប្រក់​ដោយ​ស្មៅ ហើយ​ចាំវស្សា​នៅនោះ​ដែរ។ គ្រានោះ ភិក្ខុ​ទាំងនោះ លុះចាំ​វស្សា​គ្រប់៣ខែ​ហើយ ក៏រុះរើ​កុដិ​ស្មៅ​នោះ ហើយ​រៀបចំ​ទុកដាក់​ស្មៅ និងឈើ (តាម​ដោយឡែក​ស្រួល​បួល) ហើយ​ចេញទៅ​កាន់​ជនបទ​ចារិក។ ចំណែក​ខាង​ឯធនិយភិក្ខុ​ដ៏មាន​អាយុជា​កូនស្មូនឆ្នាំង ក៏នៅ​តែក្នុង​ទីនោះ​អស់​វស្សានរដូវ ហើយ​នៅអស់​ហេមន្តរដូវ និង​គិម្ហរដូវ​ក្នុង​ទីនោះ (តទៅ​ទៀត)។ គ្រានោះ កាល​ដែល​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ចូល​ទៅ​បិណ្ឌបាត​ក្នុងស្រុក មាន​ពួកអ្នក​រកស្មៅ និង​ពួកអ្នក​រកឧស នាំគ្នា​រុះកុដិ​ប្រក់ដោយ​ស្មៅ​(របស់​ធនិយភិក្ខុ) ហើយ​ប្រមូល​យកស្មៅ និងឈើ​ទៅអស់។ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូន​ស្មូនឆ្នាំង ក៏រក​ស្មៅ និងឈើមក ហើយសង់​កុដិប្រក់​ដោយស្មៅ​ជាគំរប់ពីរ​ដង។ កាល​ធនិយភិក្ខុដ៏​មានអាយុជា​កូនស្មូនឆ្នាំង ចូល​ទៅបិណ្ឌបាត​ក្នុងស្រុក ពួក​អ្នករក​ស្មៅ និងពួក​អ្នករកឧស ក៏រុះ​កុដិស្មៅ​ហើយ​ជញ្ជូន​យកស្មៅ និង​ឈើទៅទៀត​ជាគំរប់ពីរ​ដង។ ធនិយភិក្ខុ​ដ៏មាន​អាយុជាកូន​ស្មូនឆ្នាំង ក៏​រកស្មៅ និង​ឈើមក ហើយ​សង់កុដិ​ស្មៅជា​គំរប់បី​ដង។ កាល​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ចូល​ទៅ​បិណ្ឌបាត​ក្នុងស្រុក ពួក​អ្នក​រកស្មៅ និង​ពួកអ្នក​រកឧស ក៏រុះកុដិ​ស្មៅ​ហើយ​ជញ្ជូន​យកស្មៅ និង​ឈើទៅ​ទៀត ជាគំរប់​បីដង។ គ្រានោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ត្រិះរិះថា កាល​អញចូល​ទៅបិណ្ឌបាត​ក្នុងស្រុក មានពួក​អ្នករក​ស្មៅ និងពួក​អ្នករកឧស​មករុះរើ​កុដិ ហើយយក​ស្មៅ និងឈើ​ទៅអស់ ដរាប​អស់វារៈ​បីដង​ហើយ ឯខ្លួនអញ​ជាអ្នក​សិក្សា​រៀនសូត្រ​ដោយ​ពេញលេញ ឥត​មានខ្វះខាត​ដោយសិល្បសាស្ត្រ​ណាមួយ​ឡើយ បានចេះ​ប្រាកដ​ក្នុងសិល្បសាស្ត្រ​ខាងការងារ​ស្មូនឆ្នាំង​ក្នុងសំណាក់​ គ្រូអាចារ្យ​របស់ខ្លួន​មកហើយ​ដែរ បើ​ដូច្នោះ មាន​តែអញ​ត្រូវជាន់ដី​ដោយខ្លួន​ឯង ហើយ​ធ្វើកុដិ​តូច១ ឲ្យ​សុទ្ធដោយដី​ទាំងអស់។ លំដាប់​នោះ ធនិយភិក្ខុ​ដ៏មាន​អាយុ​ជាកូនស្មូនឆ្នាំង ក៏​ជាន់ដី​ដោយ​ខ្លួនឯង ហើយ​ធ្វើកុដិតូច​ដោយដីសុទ្ធ​ទាំងអស់ រួចហើយ​យកស្មៅ ឧស និងអាចមន៍គោ​មកដុតកុដិ​នោះ (ដើម្បី​ឲ្យឆ្អិន)។ កុដិនោះ​មានទ្រង់ទ្រាយ​ល្អ គួរចង់​មើល គួរឲ្យ​កើតសេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម ដូច​ជាពណ៌​នៃ​សត្វមេភ្លៀង។ កុដិ​នោះ (កាល​បើមាន​ខ្យល់បក់​មកត្រូវ ក៏មាន​សម្លេង​លាន់ឮ) បីដូច​ជាសម្លេង​កណ្តឹង។ គ្រានោះ​ឯង ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់ កាល​យាងចុះ​ពីភ្នំគិជ្ឈកូដ​ជាមួយនឹង​ភិក្ខុច្រើនរូប ទ្រង់​ទតទៅឃើញ​កុដិនោះ មាន​ទ្រង់ទ្រាយល្អ​គួរចង់​មើល គួរឲ្យ​កើតសេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម លុះទត​ហើយ ទើប​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ហើយមាន​ព្រះបន្ទូល​ថា ម្នាល​ភិក្ខុទាំងឡាយ កុដិនោះ​មានទ្រង់ទ្រាយ​ល្អ គួរចង់មើល គួរឲ្យកើត​សេចក្តី​ជ្រះថ្លា មាន​ពណ៌ក្រហម ដូចជា​ពណ៌នៃ​សត្វមេភ្លៀង​ឬអ្វី។ ភិក្ខុ​ទាំងឡាយ​ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ក្នុងគ្រា​ នោះ។ ព្រះសព្វញ្ញុពុទ្ធ​ដ៏មាន​ព្រះភាគ ទ្រង់​តិះដៀល​ថា ម្នាលភិក្ខុ​ទាំងឡាយ (ការងារ) របស់​មោឃបុរស​នោះជាការងារ​មិនសមគួរ មិនមាន​ទំនង មិនមាន​បែបផែន មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើឡើយ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​ហេតុដូចម្តេច​ក៏បានជា​មោឃបុរស​នោះជាន់​ដីដោយ​ខ្លួន​ឯង ហើយ​ធ្វើកុដិ​សុទ្ធដោយ​ដីទាំងអស់ (ដូច្នោះ) ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​ករុណា សេចក្តី​អនុគ្រោះ និងសេចក្តី​មិនបៀតបៀន​ដល់ពួក​សត្វមាន​ជីវិត ទំនង​ជាមិនមាន​ដល់មោឃបុរស​នោះទេដឹង ម្នាល​ភិក្ខុ​ទាំងឡាយ ចូរអ្នក​ទាំងឡាយ​ទៅទំលាយ​កុដិនោះ​ចេញ កុំឲ្យ​បណ្តាជន​ជាខាងក្រោយ​បៀតបៀន​បំផ្លាញ​ដល់​បាណជាតិ​ទៀត​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិន​ត្រូវធ្វើកុដិ​ឲ្យសុទ្ធដោយដី​ទាំងអស់ទេ បើ​ភិក្ខុ​ណាធ្វើ ភិក្ខុនោះ​ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​ទាំងនោះ​ទទួល​ពុទ្ធដីកាថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន យ៉ាងនេះ រួចហើយ កុដិនោះ​នៅក្នុងទីណា នាំគ្នា​ចូលទៅ​ក្នុងទីនោះ លុះចូល​ទៅដល់​ហើយ ក៏​វាយ​បំបាក់​កុដិនោះ​ទៅ។ គ្រានោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង សួរភិក្ខុ​ទាំងនោះ​ថា នែលោក​ទាំងឡាយ ចុះហេតុអ្វី​បានជាលោក​នាំគ្នាមក​វាយបំបាក់​កុដិខ្ញុំ​ដូច្នេះ។ ភិក្ខុ​ទាំងនោះ​ឆ្លើយថា ម្នាល​អាវុសោ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់​ទ្រង់ត្រាស់​ឲ្យវាយ​បំបាក់។ ធនិយភិក្ខុ​ឆ្លើយតប​ថា អើ លោកដ៏មាន​អាយុទាំងឡាយ បើ​ព្រះដ៏មាន​ព្រះភាគ​ជា​ធម្មសាមី ទ្រង់​ត្រាស់ឲ្យ​វាយ​បំបាក់ និមន្ត​វាយ​បំបាក់ចុះ។

[៨០] លំដាប់នោះ ធនិយភិក្ខុដ៏មានអាយុជាកុម្ភការបុត្រ​មានសេចក្តី​ត្រិះរិះថា កាលដែល​អញចូលទៅ​បិណ្ឌបាត​ក្នុងស្រុក មានពួក​អ្នករកស្មៅ និង​ពួកអ្នក​រកឧសមករុះកុដិ​ដែលប្រក់​ដោយស្មៅ ហើយ​ជញ្ជូន​យកស្មៅ និងឈើ​អស់ទៅ ដរាប​អស់វារៈ​បីដង កុដិ​ដែលអញ​ធ្វើ​ហើយឲ្យ​សុទ្ធ​ដោយដី​ទាំងអស់​នោះ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់​ ត្រាស់ប្រើ​ឲ្យភិក្ខុ​វាយបំបាក់​ចេញអស់ មាន​បុរសអ្នក​កាន់កាប់​ថែរក្សា​ឈើក្នុង​ឃ្លាំង1) ហ្លួង (១នាក់) អញ​ធ្លាប់​ស្គាល់​ដែរ បើដូច្នោះ​មានតែអញ​ត្រូវសុំឈើ​នឹងអ្នក​ដែលកាន់​កាប់ថែរក្សា​ឈើក្នុង​ ឃ្លាំងរបស់​ស្តេច ហើយ​ធ្វើកុដិ​ដោយ​ឈើវិញ។ លំដាប់​នោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ក៏​ចូលទៅរក​អ្នកកាន់កាប់​ថែរក្សា​ឈើក្នុងឃ្លាំង​របស់ស្តេច លុះ​ចូល​ទៅដល់​ហើយ ក៏​និយាយ​នឹងអ្នក​កាន់កាប់​ថែរក្សា​ឈើក្នុង​ឃ្លាំងរបស់​ស្តេច​នោះ​ថា ម្នាលអ្នក​ដ៏មានអាយុ កាល​អាត្មាចូល​ទៅបិណ្ឌបាត​ក្នុងស្រុក មាន​ពួកអ្នក​រកស្មៅ និងពួក​អ្នករក​ឧសមករុះ​កុដិដែលប្រក់​ដោយស្មៅ ហើយ​ជញ្ជូន​យកស្មៅ និង​ឈើទៅ​អស់ (តែ​ដូច្នេះ​ឯង) អស់វារៈ​បីដង​ហើយ កុដិ​ដែលអាត្មា​ធ្វើហើយ​ឲ្យសុទ្ធ​ដោយដី​ទាំងអស់​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់ប្រើ​ឲ្យភិក្ខុ​វាយបំបាក់​បំបែក​ចេញ​អស់ នែអ្នក​ដ៏មានអាយុ ចូរអ្នក​ប្រគេន​ឈើមក​អាត្មា ៗចង់​ធ្វើ​កុដិឈើ។ អ្នកកាន់​កាប់ថែរក្សា​ឈើក្នុងឃ្លាំង​របស់ស្តេច​ឆ្លើយថា បពិត្រ​លោកដ៏ចំរើន ឈើ​ដែលខ្ញុំ​ករុណាល្មម​គួរសម​នឹងប្រគេន​លោកម្ចាស់​នោះ គ្មាន​ទេ មាន​តែឈើ​ព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ​ដែលទុក​ប្រយោជន៍​ ការពារអន្តរាយ លោក​ម្ចាស់ បើព្រះរាជា​ទ្រង់ត្រាស់​ឲ្យប្រគេន (មាន​អ្វី) លោកម្ចាស់​ឲ្យគេ​មកនាំយក​ទៅចុះ។ ធនិយភិក្ខុ​ឆ្លើយថា ម្នាល​អាវុសោ សេ្តច​ប្រគេន​ហើយតើ។ លំដាប់​នោះ អ្នក​កាន់កាប់​ថែរក្សា​ឈើក្នុងឃ្លាំង​របស់​ស្តេច​គិតថា សមណៈ​ទាំងនេះជា​សក្យបុត្ត ជាអ្នក​ប្រព្រឹត្ត​នូវធម៌ មាន​សេចក្តី​ប្រព្រឹត្ត​ស្មើជាប្រក្រតី មាន​កិរិយាប្រព្រឹត្ត​នូវធម៌​ដ៏ប្រសើរ លោក​និយាយ​តែពាក្យ​ពិត លោកជា​អ្នកមាន​សីល និងមានធម៌​ដ៏ល្អ សូម្បី​ស្តេចក៏ជ្រះថ្លា​នឹងសមណៈ​ទាំងនេះ​ពេញទី (បើ​ដូច្នេះ) របស់​ដែលគេ​មិនទាន់​ឲ្យ លោក​មិនគួរ​នឹងនិយាយ​ថាគេឲ្យ​ទេ (លុះ​គិតដូច្នេះ​ហើយ) ក៏​និយាយ​នឹងធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ថា បពិត្រ​លោកដ៏ចំរើន លោកម្ចាស់​ឲ្យគេមក​នាំយកឈើ​នោះទៅ​ចុះ។ គ្រានោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ឲ្យមនុស្ស​កាត់ឈើ​នោះជាកំណាត់​ តូចកំណាត់​ធំ ហើយ​ឲ្យ​ដឹកនាំ​យកទៅ​ដោយ​រទេះ​ទាំងឡាយ ហើយ​បាន​ចាត់ចែង​ធ្វើកុដិឈើ។

[៨១] គ្រានោះ វស្សការព្រាហ្មណ៍ជាមហាមាត្យ​ក្នុងដែនមគធៈ កាលដើរ​ពិនិត្យត្រួតត្រា​មើលការងារ​ក្នុងក្រុង​រាជគ្រឹះ ក៏ចូល​ទៅរកអ្នក​កាន់កាប់​ថែរក្សាឈើក្នុង​ឃ្លាំងរបស់​សេ្តច លុះចូល​ទៅដល់​ហើយ ក៏និយាយ​នឹងអ្នក​កាន់កាប់​ថែរក្សា​ឈើ​ក្នុង​ឃ្លាំង​របស់​ស្តេចនោះ​ថា នែ​នាយឈើ ព្រះរាជទ្រព្យ​ឯណា​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ ឈើនោះ​នៅឯណា។ អ្នក​កាន់កាប់​ថែរក្សា​ឈើក្នុងឃ្លាំង​របស់ស្តេច​ឆ្លើយថា បពិត្រ​លោកជាម្ចាស់ ឈើ​នោះស្តេច​បានប្រគេន​ទៅ​ធនិយភិក្ខុ​ជាម្ចាស់​ជាកូន​ស្មូនឆ្នាំង​ហើយ។ លំដាប់​នោះ វស្សការព្រាហ្មណ៍​ជា​មហាមាត្យ​ក្នុង​ដែនមគធៈ​មានសេចក្តី​តូចចិត្ត (ដោយ​គិត) ថា ចុះ​ហេតុអ្វី​ក៏បានជា​ស្តេច​ប្រគេន​ឈើព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ​ទៅ​ធនិយភិក្ខុ​ជាកូន​ស្មូនឆ្នាំង​វិញ។ គ្រានោះ វស្សការព្រាហ្មណ៍​ជាមហាមាត្យ ក្នុង​ដែនមគធៈ ចូល​ទៅក្នុង​ទីដែល​ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ​គង់នៅ លុះ​ចូល​ទៅដល់​ហើយ ក៏​ក្រាប​ទូល​ថា បានឮថា ឈើ​ព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុក​ប្រយោជន៍​ការពារ​អន្តរាយ ព្រះអង្គ​ទ្រង់ប្រគេន​ទៅ​ធនិយភិក្ខុ​មែនឬ។ ព្រះបាទ​ពិម្ពិសារ​សួរថា អ្នកណា​និយាយ​យ៉ាងនេះ។ មហាមាត្យ​ឆ្លើយថា បពិត្រ​ព្រះសម្មតិទេព អ្នក​កាន់កាប់​ថែរក្សា​ឈើ។ ព្រះបាទ​ពិម្ពិសារ​ទ្រង់មាន​ព្រះបន្ទូល​ថា ម្នាល​ព្រាហ្មណ៍ បើ​ដូច្នោះ អ្នកឯង​ឲ្យមនុស្ស​ទៅនាំអ្នក​កាន់កាប់​ថែរក្សា​ឈើមក​មើល។ លំដាប់​នោះ វស្សការព្រាហ្មណ៍​ជាមហាមាត្យ​ក្នុង​ដែនមគធៈ ក៏ឲ្យ​មនុស្ស​ទៅ​ចាប់ចង​អ្នក​កាន់កាប់​ថែរក្សា​ឈើ​ហើយ​នាំ​មក។

[៨២] ធនិយភិក្ខុដ៏មានអាយុជាកូនស្មូនឆ្នាំង បានឃើញ​អ្នកកាន់កាប់​ថែរក្សាឈើ ដែល​ជាប់ក្តី ហើយ​គេកំពុង​បណ្តើរទៅ លុះ​ឃើញ​ហើយ ក៏សួរ​អ្នកកាន់​កាប់​ថែរក្សាឈើ​នោះថា ចុះ​ហេតុអ្វី​អាវុសោ បាន​ជាអ្នក​ត្រូវគេ​ចង​បណ្តើរ​ទៅដូច្នេះ។ អ្នក​កាន់កាប់​ថែរក្សាឈើ​ឆ្លើយថា បពិត្រ​លោក​ដ៏ចំរើន ព្រោះ​រឿង​ឈើ​នោះ។ ធនិយភិក្ខុ​ឆ្លើយថា អាវុសោ អ្នក​ទៅចុះ អាត្មា​នឹងទៅ​ដែរ។ អ្នកកាន់​កាប់ថែរក្សា​ឈើឆ្លើយ​ថា លោកម្ចាស់​គួរមក ខ្ញុំព្រះករុណា​លំបាក​មុនហើយ។ លំដាប់​នោះ ធនិយភិក្ខុ​ដ៏មានអាយុ​ជា​កុម្ភការបុត្រ ក៏ចូល​ទៅកាន់​ព្រះរាជ​ដំណាក់​នៃព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ លុះ​ចូលទៅ​ដល់​ហើយ ក៏គង់​លើអាសនៈ​ដែល​គេបាន​ក្រាល​ប្រគេន។ វេលា​នោះ ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ ក៏ចូល​ទៅត្រង់​កន្លែងដែល​ធនិយភិក្ខុ​ដ៏មាន​អាយុ​ជាកុម្ភការបុត្រ​គង់នៅ លុះ​ចូលទៅ​ដល់ហើយ ក៏ថ្វាយ​បង្គំ​ចំពោះ​ធនិយភិក្ខុ​ដ៏មានអាយុ​ជា​កុម្ភការបុត្រ ហើយ​គង់នៅ​ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ គង់​ក្នុងទី​ដ៏សមគួរ​ហើយ ទើប​ទ្រង់មាន​ព្រះបន្ទូល​សួរធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង​ថា បពិត្រ​លោកដ៏ចំរើន បាន​ឮថា ឈើ​ព្រះរាជទ្រព្យ​សម្រាប់​ជួសជុល​ព្រះនគរ ដែល​ទុកបម្រុង​ការពារ​អន្តរាយ ខ្ញុំ​បានប្រគេន​លោក​ពិតមែន​ឬ។ ធនិយភិក្ខុ​ឆ្លើយថា ថ្វាយ​ព្រះពរ​មហារាជ ពិត​មែន។ ព្រះបាទ​ពិម្ពិសារ​ទ្រង់មាន​ព្រះបន្ទូល​ថា បពិត្រ​លោកដ៏ចំរើន ធម្មតា​យើងជាស្តេច​មានកិច្ច​ច្រើន ការងារ​ដែលត្រូវ​ធ្វើក៏មាន​ច្រើន បើទុក​ជាយើង​ឲ្យមែន ក៏នឹក​មិនឃើញ​ដែរ ហេតុនេះ​សូមលោក​រំលឹក​ខ្ញុំផង។ ធនិយភិក្ខុ​ឆ្លើយថា ថ្វាយ​ព្រះពរ​មហារាជ សូម​ព្រះអង្គ​ទ្រង់រំពឹង​ទៅមើល កាល​ដែល​ទ្រង់ទើប​បានរាជាភិសេក​នោះ ទ្រង់មាន​ព្រះបន្ទូល មាន​សភាព​យ៉ាងនេះ​ថា ស្មៅ ឈើ និងទឹក ខ្ញុំបាន​ឲ្យហើយ ដល់​សមណៈ និង​ព្រាហ្មណ៍​ទាំងឡាយ ៗចូរ​ប្រើប្រាស់ (នូវ​ស្មៅ​ឈើ និងទឹក​នោះ​ចុះ)។ ព្រះបាទ​ពិម្ពិសារ​មាន​ព្រះបន្ទូល​ថា បពិត្រ​លោកដ៏ចំរើន ខ្ញុំនឹក​ឃើញហើយ (ប៉ុន្តែ​ថា) សមណៈ និងព្រាហ្មណ៍​ទាំងឡាយ​ដែលមាន​សេចក្តី​អៀនខ្មាស សេចក្តី​សង្ស័យ និងមាន​សេចក្តី​ប្រាថ្នា​ក្នុងសិក្ខា សមណៈ និងព្រាហ្មណ៍​ទាំងនោះ រមែង​កើតមាន​សេចក្តី​សង្ស័យក្នុង​ហេតុនីមួយ​សូម្បី​តែបន្តិច​បន្តួច ស្មៅ ឈើ និងទឹក ដែលខ្ញុំ​និយាយ​ថាឲ្យនោះ គឺ​ឲ្យចំពោះ​សមណៈ និងព្រាហ្មណ៍​ទាំងនោះ ព្រោះថា ស្មៅ ឈើ និងទឹក​នោះឯង ដែល​មានក្នុង​ព្រៃឥត​មានអ្នក​ណាហួង​ហែង​ឡើយ បពិត្រ​លោកដ៏ចំរើន លោក​សំគាល់អាង​ដោយហេតុ​បន្តិចបន្តួច​នោះ ដើម្បី​នាំយកឈើ​ដែលគេ​មិនបាន​ឲ្យយ៉ាងនេះ មនុស្ស​ទាំងឡាយ​ប្រហែល​ដូចខ្ញុំ​នឹងសម្លាប់ ឬចង ឬ​បំបរបង់ នូវ​សមណៈ ឬព្រាហ្មណ៍ ដូចម្តេច​កើត បពិត្រ​លោកដ៏ចំរើន សូម​លោកនិមន្ត​ទៅចុះ លោករួច (ទោស) ហើយ​ដោយសារ​រោម (គឺភេទ​នៃបព្វជិត) លោក​កុំធ្វើ​យ៉ាងនេះ​ទៀតឡើយ។

[៨៣] មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់​ថា សមណៈជាសក្យបុត្ត​ទាំងនេះគ្មាន​សេចក្តី​អៀនខ្មាស ជាអ្នក​ទ្រូស្តសីល និយាយ​កុហក គួរណាស់​តែសមណៈ​ទាំងនេះ​ប្រព្រឹត្ត​នូវធម៌ មានសេចក្តី​ប្រព្រឹត្តស្មើ​ជាប្រក្រតី និងប្រព្រឹត្ត​នូវធម៌​ដ៏ប្រសើរ និយាយ​ទៀងត្រង់ មាន​សីល និងមាន​ធម៌ល្អ ទើប​នឹងប្តេជ្ញា (ខ្លួន​ជាសមណៈ​បាន) ភាវៈនៃ​សមណៈ​របស់លោក​ទាំងនេះគ្មាន​ទេ ភាវៈនៃធម៌​ដ៏ប្រសើរ​របស់លោក​ទាំងនេះគ្មាន​ទេ សាមញ្ញគុណ​របស់លោក​ទាំងនេះ​វិនាសអស់​ហើយ ព្រហ្មញ្ញគុណ​របស់លោក​ទាំងនេះ​វិនាសអស់​ហើយ សាមញ្ញគុណ​របស់​លោកទាំង​នេះនឹង​មាន​មកអំពី​ឯណា ព្រហ្មញ្ញគុណ​របស់​លោក​ទាំងនេះ​នឹង​មានមក​អំពី​ឯណា លោក​ទាំងនេះ​ប្រាសហើយ​ចាក​សាមញ្ញគុណ លោក​ទាំងនេះ​ប្រាសហើយ​ចាក​ព្រហ្មញ្ញគុណ សមណៈ​ទាំងនេះ​ហ៊ានបញ្ឆោត​ដល់ស្តេច​ផែនដី ចំណង់​បើមនុស្ស​ឯទៀត​យ៉ាងណា​ទៅអេះ។ ភិក្ខុ​ទាំងឡាយ​បាន​ឮមនុស្ស​ទាំង​នោះ​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ដូច្នេះ​ហើយ។ ពួក​ភិក្ខុ​ឯណា​មានសេចក្តី​ប្រាថ្នាតិច ជា​អ្នក​សន្តោស អ្នក​អៀនខ្មាស មាន​សេចក្តី​រង្កៀស មាន​ប្រាថ្នា​ក្នុងសិក្ខា ភិក្ខុ​ទាំងនោះ​ក៏ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា ចុះ​ហេតុអ្វី​បានជា​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូន​ឆ្នាំង ទៅយក​របស់​ដែលគេ​មិន​បានឲ្យ គឺឈើ​របស់​ស្តេច (ដូច្នោះ)។ គ្រានោះ ភិក្ខុ​ទាំងនោះ​ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រោះ​និទាននេះ ដំណើរ​នេះ ព្រះដ៏មាន​ព្រះភាគទ្រង់​ត្រាស់​ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយ​សួរចំពោះ​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូន​ស្មូនឆ្នាំង​ក្នុងវេលា​នោះថា ធនិយភិក្ខុ ឮថា អ្នក​ឯងបាន​យករបស់​ដែលគេ​មិនបាន​ឲ្យ គឺឈើ​របស់​ព្រះរាជា មែន​ឬ។ ធនិយភិក្ខុ​ឆ្លើយថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ការនោះ​ពិតមែន។ ព្រះសព្វញ្ញុពុទ្ធ​ដ៏មានព្រះភាគ ទ្រង់​តិះដៀល​ធនិយភិក្ខុ​ថា នែ​មោឃបុរស កម្មនេះ​ជាកម្ម​មិនសមគួរ មិន​ត្រូវទំនង មិន​ត្រូវ​បែបផែន មិនមែន​ជារបស់​សមណៈ មិន​គប្បី មិនគួរ​ធ្វើឡើយ នែ​មោឃបុរស ហេតុអ្វី​ក៏បានជា​អ្នកឯង​ទៅយក​របស់​ដែលគេ​មិនបាន​ឲ្យ គឺឈើ​របស់​ព្រះរាជា (ដូច្នោះ) នែ​មោឃបុរស អំពើ​នេះមិន​មែននាំ​ឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែល​មិនទាន់​ ជ្រះថ្លា និង​មិនមែន​នាំឲ្យ​រឹងរិត​តែជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលជ្រះថ្លា​ស្រាប់​ នោះទេ នែ​មោឃបុរស អំពើនេះ​ប្រាកដ​ជានាំ​បណ្តាល​មនុស្សពួក​ខ្លះ ដែល​មិនទាន់​ជ្រះថ្លា​ឲ្យខាត ខានមានសេចក្តី​ជ្រះថ្លា និងនាំ​បណ្តាល​មនុស្សពួកខ្លះ​ដែលជ្រះថ្លា​ហើយ ឲ្យបាត់​ជ្រះថ្លា​ទៅវិញ។ សម័យ​នោះ មាន​មហាមាត្យ​ម្នាក់ ពីដើម​ធ្លាប់ធ្វើ​ជាចៅក្រម​ចាស់ បាន​បួស​ក្នុង​សំណាក់​ពួកភិក្ខុ (ភិក្ខុ​នោះឯង) បាន​ទៅអង្គុយ​ជិត​ព្រះដ៏មាន​ព្រះភាគ។ វេលា​នោះ ព្រះអង្គ​ទ្រង់មាន​ព្រះបន្ទូល​សួរភិក្ខុ​នោះថា ម្នាល​ភិក្ខុ ព្រះបាទ​ពិម្ពិសារ​មាគធសេនិយរាជ​ចាប់ចោរ​បានហើយ សម្លាប់​ក្តី ឃុំខាំង​ក្តី និរទេស​ក្តី ដោយ​របស់មាន​ដម្លៃចំនួន​ប៉ុន្មាន។ ភិក្ខុ​នោះក្រាប​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ដោយ​របស់​មានដម្លៃ​ចំនួន១បាទ ឬគួរ​ដល់១បាទ ឬច្រើន​ជាង១បាទ។ សម័យ​នោះឯង ក្នុង​ក្រុងរាជគ្រឹះ គេចាយ​ប្រាក់​៥មាសក​ជា​១បាទ។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់តិះ​ដៀល​ធនិយភិក្ខុ​ដ៏មានអាយុ​ជាកូនស្មូនឆ្នាំង ដោយ​អនេក​បរិយាយ ហើយ​ទ្រង់​សំដែង​នូវទោស​នៃការ​ដែល​គេពិបាក​ចិញ្ចឹម។ បេ។ ហើយ​ទ្រង់ត្រាស់​សរសើរ​គុណនៃ​ការប្រារព្ធ​ព្យាយាម រួចទ្រង់​សំដែង​នូវធម្មីកថា ដ៏សម​គួរដល់​សិក្ខាបទ​នោះ ឲ្យមាន​ទំនងតាម​សិក្ខាបទ​នោះចំពោះ​ភិក្ខុ​ទាំងឡាយ ទើបទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកជួប​ជុំ។ បេ។ ហើយ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែងឡើង​នូវសិក្ខាបទ​នេះដូច្នេះ​ថា ភិក្ខុណា​មួយកាន់​យកទ្រព្យ​ដែលគេ​មិនបាន​ឲ្យ ដោយ​ចំណែក​នៃចិត្តលួច ស្តេច​ទាំងឡាយ​ចាប់បាន​ចោរហើយ ត្រូវ​សម្លាប់ក្តី ឃុំខាំង​ក្តី និរទេស​ក្តី ដោយ​ពាក្យថា អាឯង​ជាចោរ ជាមនុស្ស​ពាល​វង្វេង ជាមនុស្ស​ល្មួចព្រោះ​អទិន្នាទាន មាន​សភាព​យ៉ាងណា ភិក្ខុ​កាលដែល​កាន់យក​ទ្រព្យដែលគេ​មិនបានឲ្យ​មានសភាព​ដូច្នោះ ភិក្ខុនេះ​ក្តី ក៏ត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន (គឺឥត​មានកិរិយា​នៅរួបរួម​គ្នាបាន)។ សិក្ខាបទ​នេះព្រះដ៏មាន​ព្រះភាគ​ទ្រង់បាន​បញ្ញត្ត​ហើយ​ដល់ភិក្ខុ​ទាំងឡាយ​ យ៉ាងនេះ។

[៨៤] សម័យនោះ ឆព្វគ្គិយភិក្ខុទាំងឡាយ នាំគ្នាទៅកាន់​កំពង់របស់​ជាងជ្រលក់ ហើយ​លួចយក​បង្វិចសំពត់​របស់​ជាង​ជ្រលក់ មកកាន់​អារាម​ហើយ​ចែកគ្នា។ ភិក្ខុ​ទាំងឡាយ​និយាយ​យ៉ាងនេះ​ថា ម្នាល​អាវុសោ លោក​ទាំងឡាយ​ជាអ្នក​មាន​បុណ្យ​ច្រើន ចីវរ​កើតឡើង​ដល់​លោក​ច្រើន។ ឆព្វគ្គិយភិក្ខុ​ឆ្លើយថា ម្នាល​អាវុសោ បុណ្យ​របស់យើង​មានមក​ពីណា អម្បាញ់​មិញ​យើងទៅ​ឯកំពង់​របស់ជាង​ជ្រលក់ ហើយ​យើងបាន​លួចយក​បង្វិច​សំពត់​របស់​ជាង​ជ្រលក់មក​ទេតើ។ ភិក្ខុ​ទាំងឡាយ​និយាយ​ថា អាវុសោ សិក្ខាបទ ព្រះបរមគ្រូ​ទ្រង់​បញ្ញត្ត​រួចហើយ​តើ ចុះ​ហេតុអ្វី​បានជា​លោក​នាំគ្នា​ទៅលួច​បង្វិច​សំពត់​របស់​ជាង​ជ្រលក់​មក។ ឆព្វគ្គិយភិក្ខុ​ឆ្លើយតប​ថា ម្នាល​អាវុសោ សិក្ខាបទ ព្រះបរមគ្រូ​ជាម្ចាស់​ទ្រង់​បញ្ញត្ត​រួចហើយ​ក៏ពិត​មែន តែថា​សិក្ខាបទ​នោះ ទ្រង់បញ្ញត្ត​ចំពោះតែ​ក្នុងស្រុក ត្រង់​ក្នុងព្រៃ​ទ្រង់មិន​បញ្ញត្ត​ទេ។ ភិក្ខុ​ទាំងនោះ​និយាយ​ថា អាវុសោ សិក្ខាបទ​ដែល​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ហើយក្នុង​ស្រុកនោះ​ក៏ប្រាកដ​ ដូចជាក្នុង​ព្រៃដូច្នោះ​ដែរ មិនមែន​ឬអ្វី នែ​អាវុសោ អំពើ​ដែលលោក​ធ្វើនេះ មិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែបផែន មិនមែន​ជារបស់​សមណៈ មិន​គប្បី មិនគួរ​ធ្វើឡើយ នែ​អាវុសោ​ទាំងឡាយ ចុះ​ហេតុដូចម្តេច ក៏​បានជា​លោក​នាំគ្នា​ទៅលួច​បង្វិច​សំពត់​របស់​ជាង​ជ្រលក់​មក ម្នាល​អាវុសោ កម្មនេះ​មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិនទាន់​ ជ្រះថ្លា និង​មិនមែន​នាំឲ្យរឹង​រិតតែកើត​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមាន​ សេចក្តី​ជ្រះថ្លា​ហើយនោះ​ទេ ម្នាល​អាវុសោ កម្ម​នេះ​ប្រាកដ​ជានាំ​បណ្តាល​ឲ្យមនុស្ស​ពួកខ្លះ​ដែល​មិនទាន់​ជ្រះថ្លា ឲ្យខាន​បានកើត​សេចក្តី​ជ្រះថ្លា និងនាំ​បណ្តាល​មនុស្ស​ពួកខ្លះ​ដែលជ្រះថ្លា​ហើយ ឲ្យ​ត្រឡប់ជា​រាយមាយ​រសាយបាត់​សេចក្តី​ជ្រះថ្លា​ទៅវិញ។ គ្រានោះ ភិក្ខុ​ទាំងឡាយ​នោះ​ក៏តិះដៀល​ឆព្វគ្គិយភិក្ខុ ដោយ​អនេក​បរិយាយ ហើយ​ក្រាបទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រោះ​និទាន​នេះ ដំណើរ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ត្រាស់ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ ហើយ​សួរចំពោះ​ឆព្វគ្គិយភិក្ខុ​ក្នុង​ពេលនោះ​ថា ម្នាលភិក្ខុ​ទាំងឡាយ បាន​ឮថា ពួកអ្នក​ឯងនាំ​គ្នាទៅកាន់​កន្លែងដែល​ជាងជ្រលក់​គេលាត្រដាង​សំពត់ ហើយ​បាន​លួចបង្វិច​សំពត់​របស់​ជាងជ្រលក់​មែនឬ។ ឆព្វគ្គិយភិក្ខុ​ឆ្លើយថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ពិត​មែន។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​តិះដៀល​ឆព្វគ្គិយភិក្ខុ​ថា នែ​មោឃបុរស​ទាំងឡាយ អំពើ​ដែលពួក​អ្នកឯង​ធ្វើនេះ ជាអំពើ​មិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែបផែន មិនមែន​ជារបស់​សមណៈ មិន​គប្បី មិនគួរ​ធ្វើឡើយ នែ​មោឃបុរស​ទាំងឡាយ ចុះ​ហេតុអ្វី​បានជា​អ្នកនាំ​គ្នាទៅ​លួចបង្វិច​សំពត់​របស់ជាង​ជ្រលក់ នែ​មោឃបុរស អំពើ​នេះមិនមែន​នាំឲ្យកើត​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិន​ទាន់ជ្រះថ្លា​នោះ​ ទេ។ បេ។ នឹង​នាំបណ្តាល​ឲ្យជន​ពួកខ្លះ​ដែល​ជ្រះថ្លា​ហើយ ត្រឡប់​ជា​រាយមាយ​រសាយបាត់​សេចក្តី​ជ្រះថ្លា​ទៅវិញ។ គ្រា​នោះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់​តិះដៀល​ឆព្វគ្គិយភិក្ខុ​ដោយ​ព្រះពុទ្ធដីកា​ជាអនេក​ បរិយាយ ហើយ​ទ្រង់​សំដែង​ទោសនៃការ​ដែលគេ​ពិបាក​ចិញ្ចឹម។ បេ។ ទើប​ទ្រង់ត្រាស់​សរសើរគុណ​នៃការប្រារព្ធ​នូវព្យាយាម រួច​ហើយទ្រង់​សំដែង​នូវធម្មីកថា​ដ៏សមគួរ​ដល់​សិក្ខាបទ​នោះៗ ឲ្យមាន​ទំនង​តាម​សិក្ខាបទ​នោះៗ ចំពោះ​ភិក្ខុ​ទាំងឡាយ ទើប​ទ្រង់​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មក​ជួបជុំ។ បេ។ ហើយ​ទ្រង់បញ្ញត្ត​សិក្ខាបទ​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​គប្បី​សំដែងឡើង​នូវ​សិក្ខាបទ​នេះថា ភិក្ខុណា​មួយ​កាន់យក​ទ្រព្យ​ដែលគេមិន​បានឲ្យ​ដោយចំណែក​នៃចិត្ត​លួច អំពី​ស្រុកក្តី ព្រៃក្តី ស្តេច​ទាំងឡាយ​ចាប់បាន​ចោរហើយ​ត្រូវសម្លាប់​ក្តី ឃុំខាំង​ក្តី និរទេស​ក្តី ដោយ​ពាក្យថា ឯង​ជាចោរ ជាមនុស្ស​ពាលវង្វេង ជា​មនុស្សល្មួច ព្រោះ​អទិន្នាទាន​មានសភាព​យ៉ាងណា ភិក្ខុ​កាលដែល​កាន់យក​ទ្រព្យដែល​គេមិន​បានឲ្យ មាន​សភាព​យ៉ាងនោះ ភិក្ខុនេះ​ក្តី ក៏ត្រូវ​អាបត្តិ​បារាជិក​រកសំវាសគ្មាន (គឺឥត​មាន​កិរិយានៅ​រួបរួមគ្នា​បាន)។

[៨៥] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ឯណា ប្រាកដដូចជា​ឯណា។ បេ។ ភិក្ខុ​នេះ តថាគត​ហៅថា ណាមួយ។ ត្រង់ពាក្យ​ថា ភិក្ខុ។ បេ។ សេចក្តីថា ភិក្ខុ​នេះតថាគត​អធិប្បាយ​ក្នុងសេចក្តី​នេះ។ ដែល​ឈ្មោះថា ស្រុក​(នោះ) គឺស្រុក​ដែលមាន​ខ្ទមមួយ​ក្តី ស្រុក​ដែលមាន​ខ្ទមពីរ​ក្តី ស្រុក​ដែល​មាន​ខ្ទមបី​ក្តី ស្រុកដែល​មានខ្ទម​បួនក្តី ស្រុក​ដែល​មាន​មនុស្សក្តី ស្រុក​ដែល​ឥតមនុស្ស​ក្តី ស្រុក​ដែលមាន​របង​ឬកំផែង​ក្តី ស្រុក​ដែលឥត​របងឬ​កំផែង​ក្តី ស្រុក​ដែលគេ​ទើបតាំង​នៅថ្មី (មាន​ផ្ទះពីរបី) ដូចជា​គោឈរ​ក្តី ពុំ​នោះ​សោត ប្រទេស​ណាដែល​មានពួក​ឈ្មួញ​បាន​អាស្រ័យ​នៅលើស​ជាង​៤ខែឡើង​ទៅ ប្រទេស​នោះក៏លោក​ហៅថា​ស្រុក។ ដែល​ឈ្មោះថា​ឧបចារ​នៃស្រុក (នោះ) គឺទី​ដែលធ្លាក់​ចុះដុំដី​របស់មជ្ឈិម​បុរសឈរ​ប្រប​ធរណីទ្វារ​ស្រុក​ដែល​ មានរបង ឬកំផែង ចោល​ទៅ (ឬ) ទីដែល​ធ្លាក់ចុះ​ដុំដីរបស់​មជ្ឈិមបុរស​ឈរប្រប​ឧបចារផ្ទះ​នៃស្រុក​ដែលឥត​របង ឬកំផែង ចោល​ទៅ។ ដែល​ឈ្មោះថា​ព្រៃ (នោះ) គឺទី​ដ៏សេស លើកលែង​តែស្រុក និង​ឧបចារ​នៃស្រុក​ចេញ ឈ្មោះថា​ព្រៃ។ ដែលឈ្មោះ​ថាទ្រព្យ​ដែលគេ​មិនបាន​ឲ្យ (នោះ) គឺ​របស់​ណាដែល​គេមិន​ទាន់ឲ្យ មិនទាន់​លះបង់​ឲ្យ មិនទាន់​ដាច់ចិត្ត​ឲ្យ គេរក្សា​ទុក គេគ្រប់​គ្រង​ទុក គេនៅ​ប្រកាន់ គេ​នៅហួង​ហែង ទ្រព្យ​នោះ​ឈ្មោះ​ថា ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ។ ត្រង់​បទថា ដោយ​ចំណែក​នៃចិត្ត​លួច សេចក្តី​ថា ភិក្ខុ​មានចិត្ត​ជាអ្នក​ល្មួច គឺថា ភិក្ខុ​មានចិត្ត​បម្រុង​នឹងលួច។

[៨៦] ត្រង់បទថា គប្បីកាន់យក សេចក្តីថា ភិក្ខុគប្បី​ចាប់យក គប្បី​នាំទៅ គប្បី​លួចយក គប្បីឲ្យ​កំរើក​ឥរិយាបថ គប្បី​ឲ្យឃ្លាត​ចាកទី គប្បីឈាន​កន្លងនូវ​ទីដែល​កំណត់។

[៨៧] ដែលឈ្មោះថា មានសភាពយ៉ាងណា (នោះ) គឺទ្រព្យចំនួន​មួយបាទ ឬទ្រព្យគួរដល់​ថ្លៃមួយបាទ ឬថា ក្រៃ​លែង​ជាងមួយ​បាទឡើងទៅ។ ដែល​ឈ្មោះថា ស្តេច​ទាំងឡាយ (នោះ) គឺស្តេច​ជាធំលើ​ប្រថពី​ទាំងអស់ ស្តេចជា​ធំក្នុង​ប្រទេស ពួកអ្នក​ត្រួត​មណ្ឌល (ចៅហ្វាយខេត្ត) ពួក​អ្នក​បរិភោគ​ស្រុកជា​លំដាប់ (ចៅហ្វាយស្រុក) ពួក​អ្នក​កាត់ក្តី ពួក​មហាមាត្យ ពុំនោះ​សោត ពួក​ឥស្សរជន​ណាជា​អ្នកត្រួតត្រា​ក្នុងការ​កាប់សម្លាប់ ពួក​ឥស្សរជន​ទាំងនោះ ឈ្មោះ​ថាស្តេច។ ដែល​ឈ្មោះថា ចោរ​(នោះ) គឺអ្នក​ណាដែល​កាន់យក​ទ្រព្យ​ដែលម្ចាស់​គេមិន​បានឲ្យ មាន​ដម្លៃ​ប្រមាណ​៥មាសក ឬច្រើន​ជាង៥​មាសក​ឡើងទៅ ដោយ​ចំណែក​នៃចិត្ត​លួច អ្នកនោះ​ឈ្មោះថា ចោរ។ ត្រង់​ពាក្យថា គប្បី​សម្លាប់​ក្តី សេចក្តីថា គប្បី​សម្លាប់ដោយ​ដៃក្តី ដោយ​ជើងក្តី ដោយ​រំពាត់​ខ្សែតីក្តី ដោយ​ផ្តៅក្តី ដោយ​ដម្បង​វែងក្តី ដោយ​កាប់កាត់​ក្តី។ ត្រង់​ពាក្យថា គប្បី​ចងក្តី សេចក្តី​ថា គប្បី​ចងដោយ​ចំណង​គឺខ្សែក្តី ដោយ​ចំណង​គឺខ្នោះ​ក្តី ដោយ​ចំណង​គឺច្រវាក់ក្តី ដោយ​បង្ខាំទុក​ក្នុងផ្ទះ​ក្តី ដោយ​បង្ខាំទុក​ក្នុងក្រុង​ក្តី ដោយបង្ខាំ​ទុកក្នុង​ស្រុកក្តី ដោយ​បង្ខាំទុក​ក្នុងនិគម​ក្តី ឬគប្បី​ធ្វើនូវការ​ឃុំខាំងដោយ​បុរស។ ត្រង់ពាក្យ​ថា គប្បី​បំបរបង់​ក្តី ឬថាគប្បី​និរទេសក្តី សេចក្តី​ថា គប្បី​បំបរបង់​ចាកស្រុក​ក្តី ចាក​និគម​ក្តី ចាកក្រុង​ក្តី ចាក​ជនបទ​ក្តី ចាកប្រទេស​ក្នុងជនបទ​ក្តី។ ត្រង់​ពាក្យ៤ម៉ាត់​ថា អ្នកឯង​ជាចោរ អ្នកឯង​ជាពាល អ្នកឯង​ជាបុគ្គល​វង្វេង អ្នកឯង​ជាអ្នក​ល្មួចនេះ ជាពាក្យ​ជេរប្រទេច។

[៨៨] ដែលឈ្មោះថា មានសភាព​ដូច្នោះ (នោះ) គឺទ្រព្យ​ចំនួនមួយបាទ ឬទ្រព្យ​គួរដល់ដម្លៃ​មួយបាទ ឬថា ក្រៃលែង​ជាងមួយបាទ​ឡើងទៅ។ ត្រង់ពាក្យ​ថា កាល​កាន់យក សេចក្តីថា កាល​ចាប់យក កាលនាំ​ទៅ កាល​លួច កាលឲ្យ​កំរើក​ឥរិយាបថ កាលឲ្យ​ឃ្លាតចាកទី កាល​ឲ្យ​កន្លង​ហួសទី​ដែល​កំណត់។

[៨៩] ត្រង់បទថា ភិក្ខុនេះដែរ គឺពោល​ប្រៀបធៀប​នឹងភិក្ខុដែល​មានក្នុងសិក្ខាបទ​មុន។ ត្រង់ពាក្យ​ថា ជាបារាជិក អធិប្បាយ​ជាសេចក្តី​ឧបមាថា ធម្មតា​ស្លឹកឈើទុំ​ដែលជ្រុះ​ចាកទងហើយ មិន​អាចត្រឡប់​ទៅជាមាន​ពណ៌ខៀវ​វិញបាន ដូចម្តេច​មិញ ភិក្ខុ​កាន់យក​ទ្រព្យដែល​គេមិន​បានឲ្យ​ចំនួន១បាទ ឬគួរ​ដល់ដម្លៃ​១បាទ ឬថា​ក្រៃលែង​ជាង១បាទ​ឡើងទៅ ដោយ​ចំណែក​នៃ​ចិត្តលួច ក៏​មិនមែន​ជាសមណៈ មិនមែន​ជាពូជ​ពង្សរបស់​ព្រះពុទ្ធ​ជាសក្យបុត្រ ដូច្នោះ​ដែរ ព្រោះហេតុ​នោះ បាន​ជា​តថាគត​ហៅភិក្ខុ​នោះជា​បារាជិក។ ត្រង់​បទថា រកសំវាសគ្មាន (នោះ) សេចក្តី​ថា សង្ឃកម្ម​ជាមួយ​គ្នា ឧទ្ទេស​ជាមួយគ្នា ការសិក្សា​ស្មើគ្នា នេះ​ឈ្មោះថា សំវាស សំវាស​នោះមិន​មានជា​មួយនឹង​ភិក្ខុដែល​ត្រូវបារាជិក​នោះឡើយ ព្រោះ​ហេតុនោះ បាន​ជា​តថាគត​ហៅថា រកសំវាសគ្មាន។

[៩០] (មាតិការាយឈ្មោះទ្រព្យ) ទ្រព្យដែលស្ថិតនៅក្នុងដី ស្ថិតនៅ​លើគោក ស្ថិតនៅ​ព្ធដ៏អាកាស ស្ថិតនៅ​លើធ្នើរ ស្ថិតនៅ​ក្នុងទឹក ស្ថិតនៅ​ក្នុងទូក ស្ថិតនៅ​លើយាន ស្ថិតនៅ​លើភារៈ ស្ថិត​នៅក្នុង​ច្បារ ស្ថិតនៅ​ក្នុងវត្ត ស្ថិតនៅ​ក្នុងស្រែ ស្ថិតនៅ​ក្នុងទីដី ស្ថិតនៅ​ក្នុងស្រុក ស្ថិតនៅ​ក្នុងព្រៃ ទឹក ឈើស្ទន់ ដើមឈើ របស់​ដែលគេ​កំពុងនាំ​ទៅ របស់​ដែលគេ​ផ្ញើ ទីដែល​ហូតពន្ធ (គយ) សត្វ​មាន​ជីវិត គឺមនុស្ស សត្វគ្មាន​ជើង សត្វ​ជើងពីរ សត្វ​ជើងបួន សត្វជើង​ច្រើន អ្នក​កំណត់​របស់​ដើម្បីឲ្យ​គេលួច អ្នក​រក្សា​របស់ផ្ញើរ​ទុកមួយ​រំពេច កិរិយា​លួចយក​ដោយ​បបួលគ្នា សង្កេតកម្ម និមិត្តកម្ម។

[៩១] ដែលឈ្មោះថា ទ្រព្យស្ថិតនៅក្នុងដី (នោះ) គឺទ្រព្យដែលគេ​កប់លាក់ទុកក្នុងដី។ ភិក្ខុ​មានថេយ្យ​ចិត្តថា អញ​នឹងលួច​នូវទ្រព្យ​ដែលស្ថិត​នៅក្នុងដី ហើយ​ស្វែងរក​គ្នាឲ្យបាន​ពីរនាក់ក្តី ស្វែង​រកចប​ក្តី កញ្ជើក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​កាត់នូវ​ឈើ ឬវល្លិ​ដែលកើត​ក្នុងទីនោះ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​ជីក ឬកកាយ ឬគាស់​នូវ​អាចមន៍ដី ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​ចាប់ពាល់​នូវឆ្នាំង ត្រូវ​អាបត្តិ​ទុក្កដ។ ឲ្យ​កំរើកត្រូវ​អាបត្តិថុល្លច្ច័យ។ ឲ្យ​ឃ្លាតចាក​ទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុមាន​ថេយ្យចិត្ត បញ្ចូល​នូវភាជនៈ​របស់ខ្លួន​ទៅ ហើយចាប់​ពាល់នូវ​វត្ថុមាន​ដំឡៃ​ប្រមាណ​៥មាសកៈ ឬក្រៃ​លែង​ជាង​៥មាសកៈ​ឡើងទៅ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យឲ្យ​ចូលទៅ​ក្នុងភាជន​របស់ខ្លួន​ក្តី កាត់ដាច់​នូវក្តាប់​ដៃក្តី ត្រូវ​អាបត្តបារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់ពាល់​នូវភណ្ឌ​ដែលគេ​ដោតក្រង​ដោយខ្សែ គឺសង្វារ​ក្តី ខ្សែកក្តី ខ្សែចង្កេះ​ក្តី សម្ពត់​សាដកក្តី ឈ្នួតក្តី ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ចាប់​ត្រង់ទី​បំផុត ហើយ​លើកឡើង ត្រូវ​អាបត្តិថុល្លច្ច័យ។ កាល​បើប៉ះ​ទង្គុក រួចនាំ​យកចេញ ត្រូវ​អាបត្តិថុល្លច្ច័យ។ ដោយ​ហោចទៅ​សូម្បីតែ​ឲ្យផុត​អំពីមាត់ឆ្នាំង ប្រមាណ​ប៉ុនចុង​សក់ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានថេយ្យ​ចិត្ត ផឹកនូវ​សប្បិក្តី ប្រេងក្តី ទឹកឃ្មុំ​ក្តី ទឹកអំពៅ​ក្តី ជារបស់​មានដំឡៃ​ប្រមាណ​៥មាសកៈ ឬក្រៃលែង​ជាង៥មាសកៈ​ឡើងទៅ ដោយ​ប្រយោគ​តែមួយ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ទំលាយក្តី ចាក់ចោល​ក្តី ដុតចោល​ក្តី ធ្វើ (នូវ​វត្ថុមាន​សប្បិជា​ដើមនោះ) ឲ្យជា​របស់​ប្រើប្រាស់​មិនកើត​ក្តី ក្នុង​ទីនោះឯង ត្រូវ​អាបត្តិទុក្កដ។

[៩២] ដែលឈ្មោះថា ទ្រព្យស្ថិតនៅលើគោក (នោះ) គឺទ្រព្យ​ដែលគេដម្កល់​ទុកលើទីគោក។ ភិក្ខុ​មានថេយ្យ​ចិត្តថា អញ​នឹងលួចទ្រព្យ​ដែលស្ថិត​នៅលើទី​គោក ហើយ​ស្វែងរកគ្នា​ឲ្យបាន​ពីរនាក់ក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ ចាប់​ពាល់ ត្រូវអាបត្តិទុក្កដ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ ឲ្យ​ឃ្លាតចាក​ទី ត្រូវ​អាបត្តិបារាជិក។

[៩៣] ដែលឈ្មោះថា ទ្រព្យស្ថិត​នៅព្ធដ៏អាកាស (នោះ) គឺភណ្ឌ​ដែលទៅព្ធដ៏​អាកាស ទោះសត្វ​ក្ងោកក្តី ចចាតក្តី ទទាក្តី ចាបក្តី ឬជា​សម្ពត់សាដក​ក្តី ឈ្នួតក្តី ប្រាក់ក្តី មាសក្តី ដែល​ដាច់ធ្លាក់​ចុះ។ ភិក្ខុ​មាន​ថេយ្យចិត្ត​ថា អញនឹង​លួចនូវ​ភណ្ឌ ដែលស្ថិត​នៅព្ធដ៏អាកាស ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​ពីរនាក់ក្តី ដើរ​ទៅតែឯង​ក្តី ត្រូវ​អាបត្តិទុក្កដ។ ផ្តាច់​បង់នូវ​ដំណើរ ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[៩៤] ដែលឈ្មោះថា ទ្រព្យស្ថិតនៅ​លើធ្នើរ (នោះ) គឺភណ្ឌ​ដែលដម្កល់​នៅលើធ្នើរ (អធិប្បាយថា) ទ្រព្យ​ដែលគេ​ដម្កល់ទុក​លើគ្រែក្តី លើតាំង​ក្តី ឬទ្រព្យ​ដែលគេពាក់​លើឈើ​ស្បៀងសម្រាប់​ពាក់ចីវរ​ក្តី លើខ្សែ​សម្រាប់​ពាក់ចីវរ​ក្តី លើ​ចម្រឹង​ជញ្ជាំងក្តី លើដៃ​កែវក្តី ដែល​គេព្យួរ​ទុកលើ​ដើមឈើ​ក្តី ដោយ​ហោចទៅ ទ្រព្យ​ដែលគេ​ដម្កល់ទុក​លើជើង​បាត្រក៏ដោយ។ ភិក្ខុមាន​ថេយ្យចិត្ត​ថា អញនឹង​លួចយក​ភណ្ឌដែល​ស្ថិតនៅ​លើធ្មើរ ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាពីរនាក់​ក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[៩៥] ដែលឈ្មោះថា ទ្រព្យស្ថិតនៅក្នុងទឹក (នោះ) គឺភណ្ឌ​ដែលគេដម្កល់​ទុកក្នុងទឹក។ ភិក្ខុមាន​ថេយ្យចិត្តថា អញ​នឹងលួចយក​ភណ្ឌដែល​ស្ថិតនៅក្នុងទឹក ហើយស្វែង​រកគ្នាឲ្យ​បានជាពីរនាក់​ក្តី ដើរទៅ​តែឯងក្តី ត្រូវ​អាបត្តិទុក្កដ។ មុជ​ចុះក្តី ងើប​ឡើងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់ពាល់ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើឲ្យ​ឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មានថេយ្យ​ចិត្ត ចាប់ពាល់​ផ្កាឧប្បលក្តី ផ្កាឈូកក្រហម​ក្តី ផ្កាឈូក​សក្តី ក្រអៅឈូក​ក្តី ត្រីក្តី អណ្តើក​ក្តី ដែលកើត​ក្នុងទឹកនោះ មាន​ដំឡៃ៥មាសក​ក្តី លើសពី​៥មាសកក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើរបស់​នោះឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[៩៦] គេឆ្លង (នូវទីមានទឹក មានស្ទឹងនិងទន្លេជាដើម) ដោយរបស់អ្វី របស់​នោះឈ្មោះ​ថាទូក។2) ទ្រព្យ​ដែលគេ​ដាក់ទុក​នៅក្នុងទូក ឬលើទូក ឈ្មោះ​ថាទ្រព្យ​ស្ថិត​នៅក្នុង​ទូក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​យកទ្រព្យ​ដែល​ស្ថិតនៅ​ក្នុងទូក ហើយ​ស្វែង​រកគ្នា​ឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរទៅ​ម្នាក់ឯង​ក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់​(ទ្រព្យ​នោះ) ត្រូវ​អាបត្តិទុក្កដ។ (ធ្វើទ្រព្យ​នោះ)ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ (ធ្វើ​ទ្រព្យ​នោះ) ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​យកទូក ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ (ទូកនោះ) ត្រូវ​អាបត្តិទុក្កដ។ ធ្វើទូក​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ស្រាយ​ចំណង ត្រូវ​អាបត្តិទុក្កដ។ ស្រាយ​ចំណង​រួចហើយ ចាប់ត្រូវ​(ទូក) ត្រូវ​អាបត្តិទុក្កដ។ (ធ្វើ​ទូក)ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ (ធ្វើទូក) ឲ្យ​អណ្តែត​ច្រាសទឹកក្តី បណ្តោយ​ទឹកក្តី ទទឹងទឹក​ក្តី ដោយ​ហោចទៅ សូម្បី​ធ្វើឲ្យឃ្លាត​ចាកទី​ប៉ុនចម្រៀក​សក់ ត្រូវ​អាបត្តិបារាជិក។

[៩៧] អង្រឹងស្នែង រថ រទេះ រថទ្រង់គ្រឿង ឈ្មោះថាយាន។ ទ្រព្យដែល​ដាក់ក្នុងយាន ឬ​លើយាន ឈ្មោះថា ទ្រព្យ​ស្ថិតនៅ​លើយាន។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យដែល​ស្ថិតនៅ​លើយាន ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ដើរទៅ​ម្នាក់ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ទ្រព្យ​នោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើទ្រព្យ​នោះឲ្យ​ឃ្លាតចាក​ទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​យកយាន ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់​យាននោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​យាននោះ​ឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​យាននោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[៩៨] ទ្រព្យដែលនៅលើក្បាល (ទ្រនូល) នៅលើ-ក (ទ្រព្យ​ដែលរែក ឬលី) នៅ​លើចង្កេះ (កណ្តៀត) និង​ទ្រព្យដែល​យួរនឹង​ដៃ ឈ្មោះ​ថាភារៈ។ ភិក្ខុ​មាន​ថេយ្យចិត្ត​ចាប់ពាល់​ភារៈដែល​នៅលើ​ក្បាល ត្រូវ​អាបត្តិទុក្កដ។ ធ្វើភារៈ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ដាក់​ភារៈនោះ​ចុះមក​ដល់ត្រឹម-ក ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មានថេយ្យ​ចិត្ត ចាប់​ពាល់ភារៈ​ដែលនៅ​លើ-ក ត្រូវ​អាបត្តិទុក្កដ។ ធ្វើភារៈ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ដាក់​ចុះមកដល់​ត្រឹមចង្កេះ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​ចាប់ពាល់​ភារៈដែល​នៅលើ​ចង្កេះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើភារៈ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ដាក់​ចុះមក​កាន់ជាប់​នឹងដៃ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ដាក់​ចុះនូវភារៈ​ដែលនៅ​ក្នុងដៃ​មកលើ​ផែនដី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត​កាន់យក​ទ្រព្យអំពី​ផែនដី​ទៅ ត្រូវ​អាបត្តិ​បារាជិក។

[៩៩] សួនផ្កាឈើ សួនផ្លែឈើ ឈ្មោះថាអារាម (សួនច្បារ) ទ្រព្យ​ដែលបុគ្គល​ដំកល់ទុក​ក្នុងសួន​ច្បារមាន​៤កន្លែង គឺក្នុង​ដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យ​ស្ថិតនៅ​ក្នុងសួន​ច្បារ។ ភិក្ខុ​មានថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យនៅ​ក្នុងសួនច្បារ ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ទ្រព្យ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យនោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់​ពាល់ឫស​ឈើក្តី សម្បក​ឈើក្តី ស្លឹក​ឈើក្តី ផ្កា​ឈើក្តី ផ្លែ​ឈើក្តី ដែលដុះ​ក្នុងសួនច្បារ​នោះ ទោះមាន​ដម្លៃប្រមាណ​៥មាសកក្តី លើពី​៥មាសក​ទៅក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុចោទ​ប្រកាន់​យកសួនច្បារ ត្រូវ​អាបត្តិទុក្កដ។ ធ្វើឲ្យ​ម្ចាស់សួនច្បារ​សង្ស័យ ត្រូវ​អាបត្តិថុល្លច្ច័យ។ បើម្ចាស់​សួនច្បារ​ដាក់ធុរៈ​ថា សួនច្បារ​មុខជានឹង​មិនបាន​មកអញ​វិញទេ ភិក្ខុ​ត្រូវ​អាបត្តិបារាជិក។ ភិក្ខុធ្វើ​ការវិនិច្ឆ័យ​ឲ្យម្ចាស់​របស់ចាញ់ (គឺ​កាលដែល​ជំនុំជំរះ​ក្នុងជំនុំ​សង្ឃ ឬក្នុង​រាជត្រកូល ហើយ​សូកពួក​អ្នកវិនិច្ឆ័យ​ឲ្យយក​សាក្សី​កោង ធ្វើម្ចាស់​សួនច្បារ​ឲ្យចាញ់) ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់ (គឺ បើពួក​អ្នកវិនិច្ឆ័យ​កាត់សេចក្តី​នោះតាម​ធម៌វិន័យ​ជាសត្ថុសាសនា ហើយ​ត្រឡប់​ចាញ់លើ​ខ្លួនឯង​វិញ) ត្រូវ​អាបត្តិថុល្លច្ច័យ។

[១០០] ទ្រព្យដែលបុគ្គលដំកល់ទុកក្នុងវិហារ (វត្ត) មាន៤កន្លែង គឺ ក្នុងដី១ លើ​គោក១ ឯ​អាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យនៅក្នុងវត្ត។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួចទ្រព្យ​ដែលឋិត​នៅក្នុងវត្ត ហើយ​ស្វែងរក​គ្នាឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​ទ្រព្យ​នោះ​ឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យ​នោះ​ឲ្យ​ឃ្លាត​ចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ចោទប្រកាន់​យកវត្ត ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​ម្ចាស់វត្ត​ឲ្យកើត​សង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើម្ចាស់​វត្តដាក់​ធុរៈថា វត្តមុខ​ជាមិនបាន​មកអញ​វិញទេ ភិក្ខុ​ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ឲ្យម្ចាស់​របស់​ចាញ់ (គឺ​កាលដែល​ជំនុំជំរះ​ក្នុងជំនុំ​សង្ឃ ឬរាជ​ត្រកូល ភិក្ខុបាន​សូកដល់​ពួកអ្នក​វិនិច្ឆ័យ​ឲ្យកាត់​សេចក្តីដោយ​មិនយុត្តិធម៌) ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់វិញ (គឺពួក​អ្នកវិនិច្ឆ័យ​កាត់ក្តី​ដោយ​យុត្តិធម៌​ថា ឲ្យ​ភិក្ខុចាញ់​វិញ) ត្រូវ​អាបត្តិថុល្លច្ច័យ។

[១០១] ស្រូវទាំងឡាយ៧យ៉ាង មានស្រូវសាលីជាដើមក្តី ផ្លែឈើ​ទាំងឡាយ មាន​សណ្តែក​រាជមាស​ជាដើមក្តី ដុះក្នុង​ទីណា ទីនោះ​ឈ្មោះថា ខេត្ត (ស្រែ)។ ទ្រព្យ​ដែលបុគ្គល​ដំកល់ទុក​ក្នុងស្រែ មាន៤​កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យ​នៅក្នុង​ស្រែ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យនៅ​ក្នុងស្រែ​ដូច្នេះ ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ដើរទៅ​ម្នាក់ឯង​ក្តី ត្រូវ​អាបត្តិទុក្កដ។ ចាប់​ពាល់ទ្រព្យ​នោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​ទ្រព្យនោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់​ពាល់ស្រូវ​ទាំងឡាយ មាន​ស្រូវ​សាលី​ជាដើមក្តី ផ្លែឈើ​ទាំងឡាយ មាន​សណ្តែក​រាជមាស​ជាដើម​ក្តី ដែលដុះ​ក្នុងស្រែ​នោះ មាន​ដម្លៃប្រមាណ​៥មាសក​ក្តី លើសពី​៥មាសក​ទៅក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ចោទ​ប្រកាន់​យកស្រែ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ឲ្យម្ចាស់​ស្រែកើត​សង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើ​ម្ចាស់ស្រែ​ដាក់ធុរៈ​ថា ស្រែមុខ​ជានឹង​មិនបាន​មកអញ​វិញទេ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ឲ្យម្ចាស់​របស់​ចាញ់ (គឺកាល​ដែលជំនុំ​ជំរះ​ក្នុងជំនុំ​សង្ឃ ឬក្នុង​រាជត្រកូល ហើយ​សូក​ពួកអ្នក​វិនិច្ឆ័យ​ឲ្យយក​សាក្សីកោង ធ្វើម្ចាស់​ស្រែឲ្យ​ចាញ់) ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់ (គឺបើ​ពួកអ្នក​វិនិច្ឆ័យ​កាត់ក្តី​នោះតាម​ធម៌ជា​សត្ថុសាសនា ហើយ​ត្រឡប់​ជាចាញ់​លើខ្លួន​ឯងវិញ) ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​បង្ខិត​គោលក្តី ខ្សែក្តី របងក្តី ទំនប់​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ នៅ​តែ​ប្រយោគ​មួយមិន​ទាន់មក​ដល់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះ​ប្រយោគ​មួយនោះ​មកដល់ ត្រូវ​អាបត្តិ​បារាជិក។

[១០២] ទីសួនច្បារ និងទីវត្ត ឈ្មោះថាវត្ថុ (ទីដី)។ ទ្រព្យដែលគេដម្កល់ទុក​ក្នុងទីដី មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះថា ទ្រព្យ​ស្ថិតនៅ​ក្នុងទីដី។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញនឹង​លួចទ្រព្យ​ដែលគេ​ដម្កល់​ទុកក្នុង​ទីដី ស្វែង​រកគ្នា​ឲ្យបាន​ជាគំរប់​ពីរនាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ចោទប្រកាន់​យកទីដី ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​ម្ចាស់ដី​កើតសង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើ​ម្ចាស់ដី​ដាក់ធុរៈ​ថា ដីមុខ​ជាមិន​បានមក​អញ​វិញទេ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ភិក្ខុធ្វើ​ការវិនិច្ឆ័យ​ឲ្យម្ចាស់​របស់​ចាញ់ (គឺកាល​ដែលជំនុំ​ជំរះក្នុង​ជំនុំសង្ឃ ឬក្នុង​រាជត្រកូល ហើយ​សូកពួក​អ្នកវិនិច្ឆ័យ​ឲ្យយក​សាក្សីកោង ធ្វើ​ម្ចាស់ដី​ឲ្យចាញ់) ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ធ្វើការ​វិនិច្ឆ័យ​ចាញ់ម្ចាស់​របស់ (គឺ​បើពួក​អ្នក​វិនិច្ឆ័យ​នោះកាត់​តាមធម៌​វិន័យជា​សត្ថុសាសនា ហើយ​ត្រឡប់​ជាចាញ់​ខ្លួនឯង​វិញ) ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​បង្ខិត​គោលក្តី ខ្សែក្តី របងក្តី កំផែងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ នៅតែ​ប្រយោគ​មួយមិនទាន់​មកដល់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះ​ប្រយោគ​មួយនោះ​មកដល់3) ត្រូវ​អាបត្តិ​បារាជិក។

[១០៣] ទ្រព្យដែលគេដម្កល់ទុកក្នុងស្រុក មាន៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯអាកាស១ លើធ្នើរ១ ឈ្មោះ​ថា ទ្រព្យ​ឋិត​នៅ​ក្នុងស្រុក។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យដែល​ឋិតនៅ​ក្នុងស្រុក ដូច្នេះ ហើយ​ស្វែងរក​គ្នាឲ្យ​បានជា​គំរប់ពីរ​នាក់ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ចាប់​ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិថុល្លច្ច័យ។ ធ្វើ​ទ្រព្យ​នោះឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិបារាជិក។

[១០៤] ដែលហៅថាព្រៃ គឺទីណាដែលពួកមនុស្សហួងហែង​រក្សា ទីនោះ​ឈ្មោះថាព្រៃ។ ទ្រព្យ​ដែល​បុគ្គល​ដម្កល់​ទុកក្នុង​ព្រៃ មាន​៤កន្លែង គឺ ក្នុងដី១ លើគោក១ ឯ​អាកាស១ លើធ្នើរ១ ឈ្មោះ​ថា ទ្រព្យ​ឋិតនៅ​ក្នុងព្រៃ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតថា អញ​នឹងលួច​ទ្រព្យដែល​ឋិតនៅ​ក្នុងព្រៃ ដូច្នេះ ហើយ​ស្វែងរក​គ្នាឲ្យ​បានគំរប់​ពីរនាក់​ក្តី ដើរ​ទៅម្នាក់​ឯងក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើទ្រព្យ​នោះឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ហើយ​ចាប់ពាល់​ឈើក្តី វល្លិ៍ក្តី ស្មៅក្តី កើត​ក្នុង​ព្រៃនោះ មាន​ដំឡៃ​ប្រមាណ​៥មាសក​ក្តី ដែលលើស​ពី៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​របស់​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី ត្រូវ​អាបត្តិ​បារាជិក។

[១០៥] ទឹកដែលមាននៅក្នុងភាជនៈក្តី ក្នុងស្រះក្តី ក្នុងបឹងក្តី ឈ្មោះ​ថាទឹក។ ភិក្ខុមានថេយ្យចិត្ត ចាប់​ពាល់​ទឹកនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទឹកនោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើ​ទឹកនោះ​ឲ្យហូរ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់​ពាល់​ទឹកដែល​មាន​ដម្លៃ​ប្រមាណ​៥មាសក​ក្តី ដែល​លើសពី​៥មាសក​ក្តី ឲ្យ​ចូល​ទៅក្នុង​ភាជនៈ​របស់ខ្លួន ត្រូវ​អាបត្តិទុក្កដ។ ធ្វើទឹក​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើទឹក​នោះឲ្យ​បាន​ដម្កល់​ក្នុងភាជនៈ​របស់ខ្លួន ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ទំលុះ​ភ្លឺស្រែគេ ត្រូវ​អាបត្តិ​ទុក្កដ។ ទំលុះ​ភ្លឺស្រែ​ហើយ​បង្ហូរ​យកទឹក​មាន​ដម្លៃ​ប្រមាណ​៥មាសក​ក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​បង្ហូរយក​ទឹកមាន​ដម្លៃលើស​ពី១មាសកក្តី ថយ​ពី៥មាសក​ចុះមក​ក្តី ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​បង្ហូរយក​ទឹកមាន​ដម្លៃ​១មាសក​ក្តី ថយចុះ​ពី១មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។

[១០៦] (ឈើសម្រាប់​ជំរះធ្មេញ) ទោះគេកាត់​ហើយក្តី គេមិនបាន​កាត់ក្តី ហៅថា​ឈើស្ទន់។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​ឈើស្ទន់ដែល​មានដម្លៃ​៥មាសក​ក្តី លើសពី៥មាសក​ក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

[១០៧] ឈើណាជាគ្រឿងប្រើប្រាស់ ដែលមានពួក​មនុស្សថែរក្សាទុក ឈើ​នោះឈ្មោះ​ថាដើមឈើ។ ភិក្ខុ​មាន​ថេយ្យចិត្ត កាត់​ឈើនោះ ត្រូវ​អាបត្តិទុក្កដ​គ្រប់ៗប្រហារ។ នៅ​ប្រហារម្តង​ទៀតមិន​ទាន់មក​ដល់ (គឺថា​នៅតែប្រហារ​ម្តងទៀត​នឹងដាច់) ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះ​ប្រហារ​ម្តងទៀត​មកដល់ (គឺថា​បានកាត់​ដាច់ហើយ) ត្រូវ​អាបត្តិ​បារាជិក។

[១០៨] ទ្រព្យដែលបុគ្គលដទៃកំពុងនាំទៅ ឈ្មោះថា ទ្រព្យដែល​គេកំពុងនាំ​ទៅ។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​ទ្រព្យនោះ ត្រូវ​អាបត្តិទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើទ្រព្យ​នោះឲ្យឃ្លាត​ផុតចាកទី ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​គិតថា អញ​នឹង​លួច​យកទ្រព្យ​ព្រមទាំង​អ្នក​នាំទ្រព្យ ហើយ​ឲ្យមនុស្ស​នោះដើរ​ទៅ ១ជំហាន​ដំបូង ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ ឲ្យមនុស្ស​នោះដើរ​ទៅបាន​២ជំហាន ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​មានថេយ្យចិត្ត គិត​ថា អញនឹង​យករបស់​ដែលជ្រុះ​ចុះ ហើយ​ធ្វើរបស់​គេឲ្យជ្រុះ ឬឲ្យ​ធ្លាក់ចុះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​មាន​ថេយ្យចិត្ត ចាប់​ពាល់​របស់​ដែលជ្រុះ​នោះ មាន​ដម្លៃ​៥មាសក​ក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ធ្វើឲ្យ​ឃ្លាតផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

[១០៩] ទ្រព្យដែលគេផ្ញើទុក ឈ្មោះថាបញ្ញើ។ ម្ចាស់បញ្ញើនិយាយថា លោកចូរឲ្យទ្រព្យ​មកខ្ញុំ ភិក្ខុពោលថា អាត្មា​មិនបាន​ទទួល​ទុកទេ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​ម្ចាស់របស់​គេកើត​សេចក្តី​សង្ស័យ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ម្ចាស់​របស់ដាក់​ធុរៈថា (ភិក្ខុនេះ) នឹង​មិនឲ្យ​អញវិញ​ទេ (ភិក្ខុនោះ) ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​ពឹងក្រម​វិនិច្ឆ័យ​ឲ្យសម្រេច​សេចក្តី ឲ្យម្ចាស់​បញ្ញើចាញ់ ត្រូវ​អាបត្តិ​បារាជិក។ កាល​ក្រមវិនិច្ឆ័យ​សម្រេច​សេចក្តី​ដោយធម៌ ភិក្ខុ​ត្រឡប់​ចាញ់វិញ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។

[១១០] ទីសម្រាប់ហូតពន្ធ ដែលព្រះបរមក្សត្រទ្រង់បញ្ញត្តថា ជនណានាំ​របស់ចូលទៅ​ក្នុងទីនោះៗ គឺក្នុង​ទីភ្នំខណ្ឌ​ក្តី ក្នុងទី​កំពង់ទឹកក្តី ក្នុង​ទីទៀប​ទ្វារស្រុកក្តី ពួក​រាជបុរស​ត្រូវយក​ពន្ធពី​ជននោះ ឈ្មោះថា​គយ។ ភិក្ខុ​ចូលទៅ​ក្នុងខេត្ត​គយនោះ​ហើយ មាន​ថេយ្យចិត្ត ចាប់​ពាល់​នូវ​ទ្រព្យដ៏​គួរដល់​ព្រះរាជា​នឹងយក​ពន្ធ មាន​ដំឡៃ៥មាសក​ក្តី លើស​ពី៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​ញុំាងរបស់​នោះឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​ឈានជំហាន​ទី១ ឲ្យកន្លង​ខេត្តគយ​ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​ឈានជំហាន​ទី២ ឲ្យកន្លង​ខេត្តគយ​ទៅ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​ឋិតនៅ​ខាងក្នុង​ខេត្ត​របស់​គយ ហើយ​បោះផ្លោង​របស់ឲ្យ​ធ្លាក់ចុះ​ទៅខាង​ក្រៅខេត្ត​របស់គយ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​នាំទ្រព្យ​រត់ពន្ធ (ដោយ​វាង​ខេត្តគយ) ត្រូវ​អាបត្តិ​ទុក្កដ។

[១១១] សត្វ គឺមនុស្ស ហៅថាសត្វមានជីវិត។ ភិក្ខុមានថេយ្យចិត្ត ចាប់​ពាល់មនុស្ស​នោះ ត្រូវអាបត្តិទុក្កដ។ ធ្វើ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុតចាក​ទីទៅ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុគិតថា អញ​នឹងនាំមនុស្ស​ដើរទៅ​ដោយជើង ហើយឲ្យ​ឈានជំហាន​ទី១ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យឈាន​ជំហានទី២​ទៅ ត្រូវ​អាបត្តិ​បារាជិក។

[១១២] ពស់ ត្រី ហៅថា សត្វគ្មានជើង។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​នូវសត្វគ្មាន​ជើង មានដំឡៃ​៥មាសក​ក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិ​ទុក្កដ។ ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

[១១៣] មនុស្ស សត្វស្លាប ហៅថា សត្វមានជើងពីរ។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់​​នូវសត្វជើង​​ពីរនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យឃ្លាត​ផុតចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​គិតថា អញ​នឹងនាំ​បណ្តើរសត្វជើង​ពីរទៅ​ដោយជើង ហើយ​ឲ្យឈាន​ជំហានទី១ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យឈាន​ជំហានទី២ ត្រូវ​អាបត្តិបារាជិក។

[១១៤] ដំរី សេះ ឩដ្ឋ គោ លា ជាពួកសត្វចិញ្ចឹម​ហៅថា សត្វមាន​ជើង៤។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​សត្វ​ជើង៤នោះ ត្រូវ​អាបត្តិទុក្កដ។ ឲ្យ​កំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​គិតថា អញនឹង​នាំបណ្តើរ​នូវសត្វ​ជើង​៤​ទៅ​ដោយ​ជើង ហើយ​ឲ្យ​ឈាន​ជំហាន​ទី១ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យ​ឈានជំហាន​ទី២ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យ​ឈាន​ជំហាន​ទី៣ទៅ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យ​ឈាន​ជំហានទី៤ទៅ ត្រូវ​អាបត្តិ​បារាជិក។

[១១៥] ខ្ទួយ ក្អែប ដង្កូវរមាស់ ហៅថា ពួកសត្វមានជើងច្រើន។ ភិក្ខុមានថេយ្យចិត្ត ចាប់ពាល់​សត្វមាន​ជើងច្រើន​នោះ មានដំឡៃ​៥មាសក​ក្តី ហួសពី​៥មាសកក្តី ត្រូវអាបត្តិទុក្កដ។ ឲ្យកំរើក ត្រូវអាបត្តិថុល្លច្ច័យ។ ឲ្យផុតចាកទី ត្រូវអាបត្តិបារាជិក។ ភិក្ខុគិតថា អញនឹងនាំបណ្តើរសត្វមានជើងច្រើនទៅដោយជើង ហើយញុំាងសត្វមានជើងច្រើនឲ្យឈានទៅ ត្រូវអាបត្តិថុល្លច្ច័យ គ្រប់ជំហាន។ ញុំាងជើងទីបំផុតរបស់សត្វនោះឲ្យឈានទៅ ត្រូវអាបត្តិបារាជិក។

[១១៦] ភិក្ខុគយគន់ទ្រព្យដែលគេទុកដាក់ធ្វេសប្រហែស ហើយប្រាប់ (ភិក្ខុដទៃ) ថា លោកចូរលួចទ្រព្យឈ្មោះនេះមក (ភិក្ខុនោះ) ហៅថា អ្នកកំណត់​របស់ឲ្យគេលួច ត្រូវ​អាបត្តិទុក្កដ។ បើភិក្ខុអ្នកទទួល​បង្គាប់នោះ​លួចយកទ្រព្យ​នោះបានមក ត្រូវ​អាបត្តិ​បារាជិកទាំងពីររូប។

[១១៧] ភិក្ខុអ្នកថែរក្សាទ្រព្យដែលគេនាំមកផ្ញើទុក​មួយសំណើរ ហៅថា អ្នករក្សា​បញ្ញើ។ ភិក្ខុមាន​ថេយ្យចិត្ត ចាប់ពាល់​នូវទ្រព្យ​មានដំឡៃ​៥មាសកក្តី លើសពី​៥មាសក​ក្តី ត្រូវ​អាបត្តិទុក្កដ។ ធ្វើទ្រព្យ​នោះឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ឲ្យផុត​ចាកទី ត្រូវ​អាបត្តិ​បារាជិក។

[១១៨] ដែលហៅថាកិរិយាលួចយកដោយបបួលគ្នា (នោះ) គឺភិក្ខុ​ដែលរួមគំនិត​ចូលគ្នា​ច្រើនរូប ភិក្ខុ១រូប​ទៅលួចយក​ទ្រព្យបាន​មក ត្រូវ​អាបត្តិ​បារាជិក​ទាំងអស់គ្នា។

[១១៩] ភិក្ខុធ្វើសញ្ញាកំណត់ពេលឲ្យលួច ហៅថា សង្កេតកម្ម ភិក្ខុប្រើភិក្ខុឲ្យទៅលួចថា អ្នកចូល​លួចយកទ្រព្យ​នោះ ដោយសង្កេត​នោះ ក្នុងពេល​ព្រឹកក្តី ល្ងាចក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុលួច​ទ្រព្យនោះ​បានមកតាម​សង្កេតនោះ ត្រូវ​អាបត្តិ​បារាជិកទាំងពីររូប។ ភិក្ខុ​ទៅលួច​ទ្រព្យនោះ​មុនសង្កេត​នោះក្តី ក្រោយក្តី ភិក្ខុអ្នក​ប្រើដើម​មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុ​អ្នកលួច។

[១២០] ភិក្ខុធ្វើនិមិត្តគ្រឿងសំគាល់ឲ្យលួច ហៅថា និមិត្តកម្ម គឺភិក្ខុបង្គាប់ភិក្ខុផងគ្នាថា ខ្ញុំនឹង​ប៉ប្រិចភ្នែកក្តី ញាក់​ចិញ្ចើមក្តី ងក់ក្បាល​ក្តី អ្នកចូរលួច​យកទ្រព្យ​នោះមកតាម​និមិត្តនោះ ភិក្ខុអ្នក​ប្រើនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់ លួច​ទ្រព្យ​នោះ​បាន​មក​តាមនិមិត្ត​នោះ ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុអ្នក​ទទួលបង្គាប់​ទៅលួចទ្រព្យ​នោះបាន​មកមុន​និមិត្ត​នោះ​ក្តី ក្រោយក្តី ភិក្ខុ​អ្នកបង្គាប់​ដើម មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុអ្នកលួច។

[១២១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា អ្នកចូរលួចទ្រព្យឈ្មោះនេះមក ភិក្ខុអ្នក​ប្រើនោះ ត្រូវ​អាបត្តិទុក្កដ។ ភិក្ខុ​អ្នក​ទទួល​បង្គាប់​នោះសំគាល់​ទ្រព្យនោះ​បានហើយ ទៅលួច​ទ្រព្យនោះ​បានមក ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរ​នាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា អ្នកចូរ​លួចទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុ​អ្នកប្រើ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ សំគាល់​ទ្រព្យនោះ​បានហើយ ទៅ​លួចទ្រព្យ​ដទៃបាន​មកវិញ ភិក្ខុ​អ្នកបង្គាប់​ដើម មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុ​អ្នកលួច។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា អ្នក​ចូរលួច​ទ្រព្យឈ្មោះ​នេះមក ភិក្ខុ​អ្នកប្រើ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នក​ទទួល​បង្គាប់​នោះ ត្រឡប់​សំគាល់​ទ្រព្យដទៃ​វិញ តែទៅ​លួចទ្រព្យ​បានមក ត្រូវ​ពានលើ​ទ្រព្យដែល​ភិក្ខុប្រើ​នោះ ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផងគ្នា​ថា អ្នកចូរ​លួចទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុ​អ្នកប្រើ​នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ សំគាល់​នូវទ្រព្យ​ដទៃ ទៅ​លួចបាន​ទ្រព្យ​ដទៃមក​វិញ ភិក្ខុអ្នក​បង្គាប់ដើម មិន​ត្រូវអាបត្តិ​ឡើយ ត្រូវអាបត្តិ​បារាជិកតែ​ភិក្ខុអ្នក​លួច។ ភិក្ខុបង្គាប់​ភិក្ខុផងគ្នា​ថា លោកចូរ​ទៅប្រាប់ត​ដល់ភិក្ខុ​ឈ្មោះនេះ ឲ្យ​ភិក្ខុឈ្មោះ​នេះឯងទៅ​ប្រាប់តដល់​ភិក្ខុឈ្មោះ​នេះថា ភិក្ខុឈ្មោះ​នេះចូរទៅ​លួចទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុអ្នក​ប្រើដើម ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់ទី១​នោះទៅ​ប្រាប់ភិក្ខុ​អ្នកទទួល​បង្គាប់ទី២ ភិក្ខុ​អ្នកទទួល​បង្គាប់ទី១នោះ ត្រូវ​អាបត្តិទុក្កដ​ក្នុងខណៈ​ប្រាប់។ (ភិក្ខុអ្នក​ទទួល​បង្គាប់ទី២ ទៅប្រាប់​ដល់អ្នក​ទទួល​បង្គាប់ទី៣) ភិក្ខុ​អ្នកទទួល​បង្គាប់​ទី៣ ព្រមទទួល​នឹងទៅ​លួច ភិក្ខុអ្នក​បង្គាប់​ដំបូង ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​អ្នកទទួល​បង្គាប់ទី៣​នោះទៅលួច​ទ្រព្យនោះ​បានមក ត្រូវ​អាបត្តិ​បារាជិក​ទាំងអស់គ្នា។ ភិក្ខុ​បង្គាប់​ភិក្ខុផងគ្នា​ថា លោកចូរ​ទៅប្រាប់​តដល់ភិក្ខុ​ឈ្មោះនេះ ឲ្យភិក្ខុ​ឈ្មោះនេះ​ឯង ទៅប្រាប់​តដល់ភិក្ខុ​ឈ្មោះនេះ​ថា ភិក្ខុឈ្មោះ​នេះចូរ​ទៅលួច​ទ្រព្យឈ្មោះ​នេះមក ភិក្ខុ​អ្នកប្រើ​ដើម ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​ទី១នោះ ទៅ​ប្រើភិក្ខុ​ដទៃ (គឺអ្នក​ទទួលបង្គាប់​ទី៣វិញ) ខ្លួន​អ្នកទទួល​បម្រើទី១​នោះ ត្រូវ​អាបត្តិទុក្កដ​ក្នុងខណៈ​ប្រើត។ អ្នក​ទទួល​បង្គាប់ទី៣ ទទួល​នឹងទៅ​លួច អ្នក​ទទួលបង្គាប់​ទី៣នោះ ត្រូវ​អាបត្តិទុក្កដ​ក្នុងខណៈ​ទទួល។ អ្នកទទួល​បង្គាប់ទី៣​នោះទៅលួច​ទ្រព្យនោះ​បានមក អ្នក​ប្រើដើម​មិនត្រូវ​អាបត្តិ​ឡើយ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុអ្នក​ទទួល​បង្គាប់ទី១ និង​ភិក្ខុអ្នក​លួចទី៣។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ទៅលួចយក​ទ្រព្យឈ្មោះ​នេះមក ភិក្ខុអ្នក​ប្រើនោះ ត្រូវអាបត្តិ​ទុក្កដ​ក្នុងខណៈ​ប្រើ។ ភិក្ខុ​អ្នកទទួល​បង្គាប់នោះ ទៅហើយ​ត្រឡប់មក​វិញប្រាប់​ថា ខ្ញុំ​មិនអាច​នឹងទៅលួច​យកទ្រព្យ​នោះមក​ទេ។ ភិក្ខុអ្នក​បង្គាប់ ប្រើម្តង​ទៀតថា លោកអាច​លួចយកបាន​ក្នុងពេល​ណា ចូរលួច​ទ្រព្យនោះក្នុង​ពេលនោះ​ចុះ ភិក្ខុអ្នក​បង្គាប់នោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​លួចយកទ្រព្យ​នោះបាន​មក ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា លោក​ចូរលួច​យកទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុអ្នក​ប្រើនោះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​បង្គាប់នោះ លុះដល់​បង្គាប់ភិក្ខុ​នោះហើយ មានសេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​វិញ តែមិនទាន់​បានប្រាប់​ភិក្ខុនោះ​ថា អ្នកកុំលួច​ឡើយ ភិក្ខុអ្នក​ទទួលបង្គាប់​នោះ ទៅលួច​ទ្រព្យនោះ​បានមក ត្រូវ​អាបត្តិ​បារាជិក​ទាំងពីរនាក់។ ភិក្ខុ​បង្គាប់​ភិក្ខុផងគ្នា​ថា លោកចូរ​ទៅលួចយក​ទ្រព្យឈ្មោះ​នេះមក ភិក្ខុ​អ្នកបង្គាប់​នោះ ត្រូវ​អាបត្តិ​ទុក្កដក្នុង​ខណៈ​បង្គាប់។ ភិក្ខុ​អ្នកបង្គាប់​នោះ លុះដល់​បង្គាប់ភិក្ខុ​នោះហើយ មាន​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​វិញ ត្រឡប់​ហាមឃាត់​ថា លោក​កុំលួច​ឡើយ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ មិន​ព្រម​ត្រឡប់​ខានលួច​តាម ពោល​តបថា លោកបង្គាប់​ខ្ញុំហើយ រួចទៅ​លួចយក​ទ្រព្យនោះ​បានមក ភិក្ខុអ្នក​បង្គាប់មិន​ត្រូវអាបត្តិ ត្រូវ​អាបត្តិ​បារាជិក​តែភិក្ខុ​អ្នកលួច។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​លួចយកទ្រព្យ​ឈ្មោះនេះ​មក ភិក្ខុអ្នក​បង្គាប់នោះ​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកបង្គាប់​នោះ លុះ​ដល់បង្គាប់​ភិក្ខុនោះ​ហើយ មាន​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​វិញ ត្រឡប់​ឃាត់ថា លោកកុំទៅ​លួចឡើយ ភិក្ខុអ្នក​ទទួល​បង្គាប់ ទទួល​ពាក្យថា ប្រពៃ​ហើយ ក៏លែង​លួចទៅ ភិក្ខុ​ទាំងពីររូប​មិនត្រូវ​អាបត្តិ​ឡើយ។

[១២២] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៥យ៉ាង ត្រូវ​អាបត្តិ​បារាជិក គឺទ្រព្យ​ដែលអ្នក​ដទៃហួងហែង​រក្សា១ សំគាល់​ថាទ្រព្យ​មានអ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​ច្រើន ចំនួន​៥មាសក ឬលើស​ពី៥​មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាកទី១ ត្រូវ​អាបត្តិ​បារាជិក។ (បើមិន​ទាន់ឲ្យឃ្លាត​ផុតចាកទី​ទេ) ភិក្ខុចាប់​ពាល់ ត្រូវអាបត្តិ​ទុក្កដ។ ញុំាង​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​កាន់យក​ទ្រព្យដែល​ម្ចាស់គេមិន​បានឲ្យ​ដោយអាការ៥​យ៉ាង ត្រូវ​អាបត្តិ​ថុល្លច្ច័យ គឺទ្រព្យ​ដែលអ្នក​ដទៃហួង​ហែងរក្សា១ សំគាល់​ថា ទ្រព្យមាន​អ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​លើសពី​១មាសក ឬថយ​ពី៥មាសក​ចុះមក១ មាន​ថេយ្យចិត្ត​កើតឡើង​ប្រាកដ១ ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ​មិនទាន់​ញុំាងរបស់​នោះឲ្យ​ឃ្លាតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវ​អាបត្តិ​ទុក្កដ។ ញុំាង​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុកាន់​យកទ្រព្យ​ដែលម្ចាស់​គេមិនបាន​ឲ្យដោយ​អាការ៥យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺទ្រព្យ​ដែលអ្នក​ដទៃហួង​ហែង​រក្សា១ សំគាល់​ថា ទ្រព្យមាន​អ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​១មាសក ឬថយពី​១មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (សូម្បី​មិនទាន់​ឲ្យឃ្លាត​ចាកទី) ភិក្ខុចាប់​ពាល់ ក៏ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើឲ្យ​កំរើក ក៏ត្រូវ​អាបត្តិ​ទុក្កដ។

[១២៣] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់គេមិនបានឲ្យដោយអាការ៦យ៉ាង ត្រូវអាបត្តិ​បារាជិក គឺមិន​បានសំគាល់​ថាជា​របស់ខ្លួន១ មិន​បានកាន់​យកដោយ​វិស្សាសៈ១ មិន​បានកាន់​យកជា​របស់ខ្ចី១ បរិក្ខារ​មានដំឡៃ​ច្រើន ប្រមាណ​៥មាសក ឬលើស​ពី៥មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​បារាជិក។ (បើមិន​ទាន់ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវ​អាបត្តិ​ទុក្កដ។ ញុំាង​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ភិក្ខុ​កាន់យក​ទ្រព្យដែល​ម្ចាស់គេ​មិនបាន​ឲ្យដោយ​អាការ៦​យ៉ាង ត្រូវ​អាបត្តិ​ថុល្លច្ច័យ គឺមិន​បានសំគាល់​ថាជា​របស់​ខ្លួន១ មិនបាន​កាន់យក​ដោយស្និទ្ធ​ស្នាល១ មិន​បានកាន់​យកជា​របស់ខ្ចី១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​លើសពី​១មាសក ឬថយ​ពី៥មាសក​មក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវអាបត្តិ​ទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុកាន់​យកទ្រព្យ​ដែលម្ចាស់​របស់​មិនបាន​ឲ្យដោយ​អាការ៦​យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺមិន​បានសំគាល់​ថាជា​របស់ខ្លួន១ មិន​បានកាន់​យកដោយ​ស្និទ្ធស្នាល១ មិន​បាន​កាន់យក​ជារបស់​ខ្ចី១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​១មាសក ឬ​ថយពី​១មាសក​មក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​របស់នោះ​ឲ្យកំរើក ត្រូវ​អាបត្តិ​ទុក្កដ។

[១២៤] ភិក្ខុកាន់យកទ្រព្យដែលម្ចាស់របស់មិនបានឲ្យដោយអាការ៥យ៉ាង ត្រូវអាបត្តិទុក្កដ គឺទ្រព្យ​ដែលអ្នក​ដទៃមិនបាន​ហួងហែង​រក្សា១ សំគាល់​ថាជាទ្រព្យ​មានអ្នក​ដទៃហួង​ហែង​រក្សា១ បរិក្ខារ​មានដំឡៃ​ច្រើន ប្រមាណ​៥មាសក ឬលើស​ពី៥មាសក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ក៏​ត្រូវអាបត្តិ​ទុក្កដ។ ញុំាង​ទ្រព្យនោះ​ឲ្យកំរើក ក៏​ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​កាន់យក​ទ្រព្យដែល​ម្ចាស់របស់​មិនបាន​ឲ្យដោយ​អាការ៥​យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺទ្រព្យ​ដែល​អ្នក​ដទៃមិន​បានហួង​ហែង​រក្សា១ សំគាល់​ថាទ្រព្យ​មានអ្នកដទៃ​ហួងហែង​រក្សា១ បរិក្ខារ​មាន​ដំឡៃតិច ប្រមាណ​លើសពី​១មាសក ឬថយ​ពី៥មាសក​ចុះមក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើមិន​ទាន់ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ក៏​ត្រូវ​អាបត្តិ​ទុក្កដ។ ញុំាង​ទ្រព្យនោះ​ឲ្យកំរើក ក៏​ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុកាន់​យកទ្រព្យ​ដែលម្ចាស់​របស់មិន​បានឲ្យ​ដោយអាការ៥​យ៉ាង ត្រូវ​អាបត្តិ​ទុក្កដ គឺទ្រព្យ​ដែលអ្នក​ដទៃមិនបាន​ហួងហែង​រក្សា១ សំគាល់​ថាទ្រព្យ​មានអ្នក​ដទៃហួងហែង​រក្សា១ បរិក្ខារ​មានដំឡៃ​តិច ប្រមាណ​១មាសក ឬថយ​ពី១មាសក​ចុះមក១ មាន​ថេយ្យចិត្ត​តាំងឡើង​ប្រាកដ១ ញុំាង​ទ្រព្យនោះ​ឲ្យឃ្លាត​ផុតចាក​ទី១ ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មិនទាន់​ឲ្យឃ្លាត​ផុតចាក​ទីទេ) ភិក្ខុ​ចាប់ពាល់ ក៏​ត្រូវ​អាបត្តិ​ទុក្កដ។ ធ្វើ​ទ្រព្យនោះ​ឲ្យកំរើក ក៏​ត្រូវអាបត្តិ​ទុក្កដ។

[១២៥] ភិក្ខុកាន់យកដោយសំគាល់ថាជារបស់ខ្លួន កាន់យក​ដោយស្និទ្ធស្នាល​នឹងគ្នា កាន់យក​ជារបស់ខ្ចីគ្នា កាន់​យករបស់​ដែលពួក​ប្រេត​ហួងហែង​រក្សា កាន់យក​របស់ដែល​សត្វតិរច្ឆាន​ហួងហែង​រក្សា កាន់យក​ដោយ​សំគាល់​ថាជារបស់​បំសុកូល ភិក្ខុឆ្កួត ភិក្ខុអ្នក​ដើមបញ្ញត្តិ (អម្បាល​នេះ) មិន​ត្រូវ​អាបត្តិឡើយ។

អទិន្នាទាន បឋមភាណវារៈ ចប់។

វិនីតវត្ថុ

vin.par.pj.02.02 | book_001

(វិនីតវត្ថុ)

(មាតិកានុក្រម បញ្ជីរឿងតាមរបៀបដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះ)

[១២៦] រឿងភិក្ខុ៥រូបលួចភណ្ឌៈរបស់ជាងជ្រលក់ រឿងភិក្ខុ៤រូបលួចគ្រឿងកម្រាល រឿងភិក្ខុ៥រូបលួច​ទ្រព្យក្នុង​វេលាយប់ (ដោយ​ចំណាំទុក​ពីថ្ងៃ) រឿងភិក្ខុ៥រូប​លួចទ្រព្យ​គេដែលខ្លួន​កំពុងជួយ​នាំទៅ រឿងភិក្ខ៥រូប​ពោលតែពាក្យ​ថាលួច (តែគ្មាន​ថេយ្យចិត្ត) រឿងភិក្ខុ២រូប​ទៀត រើស​សម្ពត់​សាដក និងឈ្នួត​ដែលប៉ើង​ទៅដោយ​ខ្យល់ រឿងភិក្ខុ១រូប​ទស់យក​សម្ពត់បំសុកូល​អំពីសាក​អសុភ​ដែលមិនទាន់​បែកធ្លាយ រឿងភិក្ខុ១រូប​លួចប្តូរស្លាក​ចីវរ រឿងព្រះអានន្ទត្ថេរ​ច្រឡំស្លៀក​ស្បង់របស់​ភិក្ខុដទៃ​ក្នុងរោង​ភ្លើង រួមទាំង​រឿងភិក្ខុ៥ពួក​ដែលឆាន់​រំពា4) សត្វផង ត្រូវ​ជា១០ រឿង​ភិក្ខុ៥រូប​មិនមាន​ហេតុ កុហក​យកខាទនីយ​ភោជនីយាហារ ដែល​គេចែក​ដល់សង្ឃ រឿងភិក្ខុ​៥រូបលួច​បាយ សាច់ នំ ស្ករក្រាម នំអន្សម ក្នុង​វេលាស្រុក​អត់បាយ រឿងពួក​ភិក្ខុលួច​បរិក្ខារ​ព្រមទាំង​ថង់យាម រឿងពួក​ភិក្ខុលួចពូក​របស់សង្ឃ និង​ចីវរលើ​ខ្សែស្បៀង រឿងភិក្ខុ​លួចចីវរ​ក្នុងវិហារ ហើយ​មិនហ៊ាន​ចេញទៅ​ក្រៅ រឿងភិក្ខុ​ឆាន់ខាទនីយ​របស់ភិក្ខុ​ជាសំឡាញ់ ព្រោះ​សេចក្តី​ស្និទ្ធស្នាល រឿងភិក្ខុ២រូប​ទៀតយក​ខាទនីយរបស់​ភិក្ខុដទៃឆាន់ ដោយ​សំគាល់ថា ជា​របស់ខ្លួន រឿងភិក្ខុ​៧ពួកប្រកែក​មិនទទួល​ខ្លួនថា​លួចយក រឿង​ភិក្ខុ៧ពួក​តាំងចិត្ត​លួចយក​ពិត រឿង​ភិក្ខុ៧រូប​លួចយក​ខាទនីយ​របស់សង្ឃ រឿង​ភិក្ខុ២រូប​ទៀតលួច​ផ្កា រឿងភិក្ខុ​៣រូបទៅ​និយាយ​យករបស់​អំពីត្រកូល​ឧបដ្ឋាក​នៃភិក្ខុ​ដទៃ តាមពាក្យ​ដែលលោក​ម្ចាស់ត្រកូល​ផ្តាំ រឿងភិក្ខុ​៣រូបយក​កែវមណី​រំលងគយ រឿង​ពួកភិក្ខុ​ដោះជ្រូក​ជាប់អន្ទាក់​លែង រឿងពួក​ភិក្ខុដោះម្រឹគ​ជាប់អន្ទាក់​លែង រឿង​ពួកភិក្ខុ​ដោះត្រី​ជាប់លប​លែង រឿង​ភិក្ខុ១រូប លួច​ប្រមៀល​ភណ្ឌនៅ​ក្នុងយាន រឿងភិក្ខុ២រូប​លួចយក​ដុំសាច់ រឿងភិក្ខុ២ពួក លួច​យកឈើ​ក្បូនរបស់​គេ រឿងភិក្ខុ១រូប​បំសុកូល​យកសម្ពត់​សាដក​របស់គេ រឿងភិក្ខុ២រូប រើស​យកសម្ពត់​សាដក​អណ្តែតទឹក រឿងភិក្ខុ១រូប​លួចផឹក​សប្បិ5) រឿង​ពួកភិក្ខុ​ចូលដៃ​គ្នាលួច​ទ្រព្យគេ ហើយចែក​គ្នាមិនពេញ​៥មាសក​ម្នាក់ រឿងភិក្ខុ​៤រូបលួច​ធញ្ញជាតិ​ម្នាក់១ក្តាប់ វេលា​ក្រុងសាវត្ថី​អត់បាយ រឿងភិក្ខុ២​ពួកបំសុកូល​យកសាច់​ដែលសល់​អំពីចោរ​បរិភោគ រឿងភិក្ខុ២រូប​លួចស្មៅគេ រឿង​ភិក្ខុ៧ពួក​យក​ខាទនីយ​របស់​សង្ឃចែក​គ្នាឆាន់ រឿងភិក្ខុ៧​ពួកមិន​ហ៊ានទទួល​ខាទនីយ​ដែលមនុស្ស​មិនមែន​ម្ចាស់​ប្រគេន រឿងភិក្ខុ​យកឈើ​របស់សង្ឃ​ធ្វើជញ្ជាំង​កុដិដោយ​គិតថាខ្ចី រឿង​ភិក្ខុលួច​ទឹកសង្ឃ រឿង​ភិក្ខុលួច​ដីស្អិតសង្ឃ រឿង​ភិក្ខុ២រូបលួច​ស្មៅយាប្លង​របស់សង្ឃ រឿង​ភិក្ខុ៧រូប​លួចគ្រឿង​សេនាសនៈ​របស់​សង្ឃ រឿង​ភិក្ខុយក​សេនាសនៈ​សម្រាប់​វិហារ មាន​ម្ចាស់ទៅ​ប្រើប្រាស់ ហើយ​ចោល រឿងភិក្ខុ​១ពួក ព្រះដ៏មាន​ព្រះភាគ ទ្រង់​អនុញ្ញាត​ឲ្យខ្ចីគ្រឿង​សេនាសនៈ​របស់គេ​ប្រើប្រាស់​បាន រឿងពួក​ភិក្ខុនីជា​សិស្សរបស់​ថុល្លនន្ទាភិក្ខុនី​ក្នុងក្រុង​ចម្បា និងក្រុង​រាជគ្រឹះ ទៅ​និយាយ​យកបបរ​លាយ​ល្ងច្រឡំ​ដោយ​សណ្តែក​បាយ និងក្បាល​ទឹកឃ្មុំ​ក្នុងត្រកូល​ឧបដ្ឋាក​របស់​ថុល្លនន្ទាភិក្ខុនី រឿង​អជ្ជុកត្ថេរ​ក្នុងក្រុង​វេសាលី ចែក​មត៌កដល់​ក្មួយ​គហបតី រឿងបិលិន្ទវច្ឆត្ថេរ​ក្នុងក្រុង​ពារាណសី​នាំយកក្មេង​ពីរនាក់​របស់ឧបដ្ឋាក អំពី​ដៃចោរបាន​មកដោយ​ឫទ្ធិ រឿងភិក្ខុ​ជាសំឡាញ់​នឹងគ្នា២នាក់ ក្នុង​ក្រុងកោសម្ពី​រើសរំងក​ជ្រូក គិតថា​នឹងឲ្យ​ដល់ម្ចាស់ រឿង​ភិក្ខុជា​សទ្ធិវិហារិក​របស់​ទឡ្ហិកត្ថេរ​ក្នុងក្រុង​សាគល លួច​យកឈ្នួត​របស់គេ។

[១២៧] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ទៅកាន់ទីកន្លែងហាលភណ្ឌៈ​នៃជាងជ្រលក់ ហើយ​លួចយក​ទ្រព្យរបស់​ជាង​ជ្រលក់។ ភិក្ខុ​អម្បាលនោះ មាន​សេចក្តី​សង្ស័យថា សិក្ខាបទ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ យើង​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយឬហ្ន៎។ ទើប​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១២៨] សម័យនោះ មានភិក្ខុ១រូប ទៅកាន់កន្លែងហាលភណ្ឌៈនៃជាងជ្រលក់ បានឃើញសម្ពត់​មានដំឡៃ​ច្រើន ហើយ​ញុំាង​ថេយ្យចិត្ត​ឲ្យកើត​ឡើង។ ភិក្ខុនោះ មានសេចក្តី​សង្ស័យថា អញ​ត្រូវអាបត្តិ​បារាជិក​ហើយឬហ្ន៎។ ទើប​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ បើ​ថេយ្យចិត្ត​កើតឡើង​ប៉ុណ្ណោះ អ្នក​មិនត្រូវ​អាបត្តិ​អ្វីឡើយ។ សម័យ​នោះ មាន​ភិក្ខុ១រូប ទៅកាន់​កន្លែង​ហាលភណ្ឌៈ​នៃជាង​ជ្រលក់ ឃើញ​សម្ពត់មាន​ដំឡៃច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់ពាល់​សម្ពត់នោះ។ ភិក្ខុ​នោះ មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ទុក្កដ។ សម័យ​នោះឯង មានភិក្ខុ​១រូប ទៅកាន់​កន្លែង​ហាល​ភណ្ឌៈនៃ​ជាង​ជ្រលក់ បានឃើញ​សម្ពត់មាន​ដំឡៃច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ធ្វើសម្ពត់​នោះឲ្យ​កំរើក។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ទៅកាន់​កន្លែងហាល​ភណ្ឌៈនៃជាង​ជ្រលក់ បាន​ឃើញសម្ពត់​មានដំឡៃ​ច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ញុំាងសម្ពត់​នោះឲ្យ​ឃ្លាត​ផុតចាក​ទី។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១២៩] សម័យនោះឯង មានភិក្ខុ១រូប អ្នកត្រាច់ទៅបិណ្ឌបាត បានឃើញ​កំរាលដ៏ប្រសើរ​មានដំឡៃ​ច្រើន ហើយ​ញុំាងថេយ្យចិត្ត​ឲ្យកើត​ឡើង។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ បើ​ថេយ្យចិត្ត​កើតឡើង​ប៉ុណ្ណោះ អ្នក​មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះ​ឯង មាន​ភិក្ខុ១រូប អ្នក​ត្រាច់​ទៅបិណ្ឌ​បាត បានឃើញ​កំរាល​ដ៏ប្រសើរ​មានដំឡៃ​ច្រើន មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់ពាល់។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ទុក្កដ។។ បេ។ ភិក្ខុ​មានថេយ្យ​ចិត្ត ធ្វើរបស់​នោះឲ្យ​កំរើក។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។ បេ។ ភិក្ខុ​មានថេយ្យ​ចិត្ត ញុំាង​របស់នោះ​ឲ្យឃ្លាត​ផុតចាក​ទី។ ភិក្ខុនោះ មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៣០] សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យ​ក្នុងវេលាថ្ងៃ ហើយ​បានធ្វើ​និមិត្ត​សំគាល់ថា អញ​នឹងលួច​យកទ្រព្យ​នោះក្នុងវេលា​យប់។ ភិក្ខុនោះ កាល​បើសំគាល់​ទ្រព្យនោះ​បានហើយ ក៏​លួច​យកទ្រព្យ​នោះមក។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ បេ។ ភិក្ខុ​សំគាល់​ទ្រព្យនោះ​បាន (ក្នុង​វេលា​ថ្ងៃហើយ ដល់​វេលា​យប់) លួច​យកទ្រព្យ​ដទៃបាន​មកវិញ។ បេ។ (វេលាថ្ងៃ) សំគាល់​ទ្រព្យ​ដទៃទេ (តែដល់​វេលាយប់) ត្រឡប់​លួចបាន​ទ្រព្យ​នោះមក។ បេ។ សំគាល់​ទ្រព្យ​ដទៃបាន​ហើយ ទៅលួច​យកទ្រព្យ​ដទៃបាន​មក។ បេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ឃើញ​ទ្រព្យក្នុង​វេលាថ្ងៃ ហើយ​បានធ្វើ​និមិត្ត​សំគាល់​ថា អញនឹង​លួចយក​ទ្រព្យនោះ​ក្នុងវេលា​យប់។ ភិក្ខុនោះ សំគាល់​ទ្រព្យនោះ​បានហើយ (វេលា​យប់) ត្រឡប់​លួចបាន​ទ្រព្យរបស់​ខ្លួនមក​វិញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវ​តែអាបត្តិ​ទុក្កដ។

[១៣១] សម័យនោះឯង មានភិក្ខុ១រូប ទូលនាំយកទ្រព្យរបស់អ្នក​ដទៃទៅឲ្យគេ (វេលា​កំពុងដើរ) កើត​មាន​ថេយ្យចិត្ត ហើយ​ចាប់ពាល់​របស់តាំង​នៅលើ​ក្បាល។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ទុក្កដ។ បេ។ ភិក្ខុ​មានថេយ្យចិត្ត ហើយ​ធ្វើរបស់​នោះឲ្យ​កំរើក។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។ បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ដាក់របស់​ចុះមក​ត្រង់-ក។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់ពាល់​ភារៈដែល​តាំងនៅ​លើ-ក។ បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ធ្វើភារៈ6) នោះ​ឲ្យ​កំរើក។ បេ។ ភិក្ខុមាន​ថេយ្យចិត្ត​គិតលួច ហើយ​ដាក់ភារៈ​ចុះមក​ត្រង់ចង្កេះ។ បេ។ ភិក្ខុ​មាន​ថេយ្យចិត្ត​គិតលួច ហើយ​ចាប់​ពាល់​ភារៈ​ដែលតាំង​នៅលើ​ចង្កេះ។ បេ។ ភិក្ខុ​មានថេយ្យ​ចិត្តគិត​លួច ហើយ​ធ្វើភារៈ​ឲ្យ​កំរើក។ បេ។ ភិក្ខុ​មានថេយ្យ​ចិត្តគិត​លួច ហើយ​បានកាន់​យកដោយ​ដៃ។ បេ។ ភិក្ខុ​មានថេយ្យចិត្ត​គិតលួច ហើយ​ដាក់ភារៈ​ដែលតាំង​នៅនឹងដៃ​មកលើ​ផ្ទៃផែន​ដី។ បេ។ ភិក្ខុ​មានថេយ្យចិត្ត​គិតលួច ហើយ​បានចាប់​យក​របស់អំពី​ផែនដី។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៣២] សម័យនោះឯង មានភិក្ខុ១រូបហាលចីវរក្នុង​ទីវាល ហើយចូល​ទៅកាន់​វិហារ។ មាន​ភិក្ខុឯទៀត​ទុកដាក់​ចីវរនោះ​ដោយ​គិតថា កុំឲ្យ​ចីវរនេះ​បាត់​ទៅ​ឡើយ។ ភិក្ខុនោះ ចេញ​ពីវិហារ​ទៅ​ហើយ សួរភិក្ខុ​នោះថា អាវុសោ ចីវរ​របស់​ខ្ញុំ លោកណា​លួចយក​ទៅ។ ភិក្ខុ​នោះ​ពោល​តប​យ៉ាងនេះ​ថា (ចីវរ​លោក) យើង​លួចយក​ហើយ។ ភិក្ខុ​ម្ចាស់ចីវរ​នោះ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នក​មានចិត្ត​គិត​ដូចម្តេច។ ភិក្ខុ​នោះទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​គ្រាន់​តែថា​ដោយ​ពាក្យ (តែគ្មាន​ថេយ្យចិត្ត​ទេ) ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ បើត្រឹម​តែថា​ដោយ​ពាក្យ អ្នកមិន​ត្រូវអាបត្តិ​អ្វីឡើយ។ សម័យ​នោះ មាន​ភិក្ខុ១រូប ទុក​ដាក់ចីវរ​លើតាំង។ បេ។ ទុក​ដាក់​សម្ពត់​និសីទន​លើតាំង។ បេ។ ទុកដាក់​បាត្រក្រោម​តាំង ហើយចូល​ទៅកាន់​វិហារ។ មាន​ភិក្ខុឯ​ទៀត​ទុកដាក់​បាត្រនោះ​ដោយ​គិតថា កុំឲ្យ​បាត្រនេះ​បាត់ទៅ​ឡើយ។ ភិក្ខុម្ចាស់​បាត្រនោះ ចេញ​ពីវិហារ ហើយ​ទៅសួរ​ភិក្ខុនោះ​ថា អាវុសោ បាត្រ​របស់ខ្ញុំ លោក​ណាលួច​យកទៅ។ ភិក្ខុ​នោះពោល​តបយ៉ាង​នេះថា (បាត្រ​របស់​លោក) យើង​លួចយក​ហើយ។ ភិក្ខុ​ម្ចាស់​បាត្រ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ បើត្រឹម​តែពោល​ពាក្យទេ មិន​ត្រូវ​អាបត្តិ​អ្វីឡើយ។ សម័យ​នោះឯង មាន​ភិក្ខុនី១រូប ហាល​ចីវរនឹង​របង ហើយ​ចូលទៅ​កាន់វិហារ។ មាន​ភិក្ខុនី​ឯទៀត​ទុកដាក់​ចីវរនោះ​ដោយ​គិតថា កុំឲ្យ​ចីវរនេះ​បាត់​ទៅឡើយ។ ភិក្ខុនី​ជាម្ចាស់​ចីវរនោះ​ចេញ​ពីវិហារ​ទៅ ហើយ​សួរភិក្ខុនី​នោះថា នាង ចីវរ​របស់​ខ្ញុំ អ្នកណា​លួចយក​បាត់ទៅ។ ភិក្ខុនី​នោះពោល​តបយ៉ាង​នេះថា (ចីវរ​នាង) យើង​លួច​យក​ហើយ។ ភិក្ខុនី​ម្ចាស់ចីវរ​នោះ ចោទ​ប្រកាន់​ភិក្ខុនី​នោះថា នាង​មិនមែន​ជាសមណី​ទេ។ ភិក្ខុនី​នោះមាន​សេចក្តី​សង្ស័យ។ ទើប​ភិក្ខុនី​នោះប្រាប់​សេចក្តី​នុ៎ះដល់​ភិក្ខុនី​ទាំងឡាយ។ ភិក្ខុនី​ទាំងឡាយ​បានប្រាប់​សេចក្តីនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​បានក្រាប​ទូលសចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បើត្រឹម​តែពោល​ពាក្យទេ (ភិក្ខុនី​នេះ) មិន​ត្រូវអាបត្តិ​អ្វីឡើយ។

[១៣៣] សម័យនោះឯង មានភិក្ខុ១រូប ឃើញ​សម្ពត់សាដក​ប៉ើងទៅដោយ​ខ្យល់កំបុត​ត្បូង ក៏បាន​រើសយក ដោយ​គិតថា អញ​នឹងឲ្យដល់​ជនទាំងឡាយ​ជាម្ចាស់​សម្ពត់។ ពួកម្ចាស់​សម្ពត់ចោទ​ប្រកាន់​ភិក្ខុនោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នកមាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​គ្មានថេយ្យចិត្ត​គិតលួច​ទេ។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនមាន​ថេយ្យចិត្ត ឥត​មានអាបត្តិ​អ្វីឡើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​បានរើស​យកឈ្នួត​ក្បាលរបស់​គេដែល​ប៉ើងទៅ​ដោយខ្យល់​កំបុតត្បូង ដោយ​គិតថា ក្រែង​ម្ចាស់របស់​ទាំងឡាយ​ឃើញមុន (ហើយ​យកទៅ)។ ពួកម្ចាស់​របស់ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានថេយ្យចិត្ត​មែន។ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៣៤] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ទីស្មសាន ហើយបានកាន់​យកសម្ពត់​បំសុកូលអំពីសរីរៈខ្មោច​ដែលមិន​ទាន់បែក​ធ្លាយ។ ក៏ក្នុង​សរីរៈខ្មោច​នោះ មានប្រេត​មកអាស្រ័យ​នៅ។ គ្រានោះ ប្រេត​នោះបាន​និយាយ​នឹងភិក្ខុនោះ​យ៉ាងនេះ​ថា បពិត្រ​លោកដ៏ចំរើន លោក​កុំយក​សាដក​របស់ខ្ញុំ​ឡើយ។ ភិក្ខុនោះ​មិនអើពើ​នឹងពាក្យ​ប្រេតនោះ ក៏ចេះ​តែកាន់​យកទៅ។ ខណៈនោះ សរីរៈនោះ​ក្រោកឡើង ហើយ​ដេញជាប់​តាមក្រោយ​ខ្នងភិក្ខុ​នោះ។ លំដាប់​នោះឯង ភិក្ខុនោះ​រត់ចូល​ទៅក្នុង​វិហារហើយ​បិទទ្វារ។ សរីរៈ​នោះ ក៏ដួល​ខ្ពោកក្នុង​ទីនោះ​ឯង។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាល​ភិក្ខុទាំង​ឡាយ តែ​តទៅ ពួកភិក្ខុ​កុំគប្បី​កាន់យក​សម្ពត់​បំសុកូល​អំពីសរីរៈ​ខ្មោចដែល​មិនទាន់​ បែកធ្លាយ ភិក្ខុ​ណាកាន់​យក ភិក្ខុនោះ ត្រូវ​អាបត្តិទុក្កដ។

[១៣៥] សម័យនោះឯង មានភិក្ខុ១រូប កាល​គេកំពុងចែក​ចីវរដើម្បី​សង្ឃ មាន​ថេយ្យចិត្ត​គិតលួច ហើយបាន​ផ្លាស់ស្លាក​ខ្លួន លួចយក​ចីវរភិក្ខុ​ដទៃ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៣៦] សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ សំគាល់ស្បង់​របស់ភិក្ខុ​ដទៃថា ជារបស់​ខ្លួន ហើយ​ស្លៀកក្នុង​រោងភ្លើង។ គ្រានោះ​ឯង ភិក្ខុម្ចាស់​ស្បង់នោះ បានសួរ​ព្រះអានន្ទដ៏​មានអាយុ​យ៉ាងនេះ​ថា ម្នាល​អាវុសោ​អានន្ទ ហេតុអ្វី​បានជាលោក​ស្លៀកស្បង់​របស់ខ្ញុំ។ ព្រះ​អានន្ទ​និយាយ​តបថា អាវុសោ ខ្ញុំ​សំគាល់​ថាជា​របស់​ខ្ញុំ។ ពួកភិក្ខុ​ក្រាបទូល​សេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នកកាន់​យកដោយ​សំគាល់​ថា ជា​របស់ខ្លួន​ទេ។

[១៣៧] សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប ចុះចាក​ភ្នំគិជ្ឈកូដ បានឃើញ​រំពាសត្វសីហ ហើយ​យកមក​ចំអិនចែក​គ្នាឆាន់។ ភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ ទើបនាំ​គ្នាក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ ការ​ឆាន់​រំពាសត្វ​សីហ មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង ភិក្ខុ​ទាំងឡាយ​ច្រើនរូប ចុះ​អំពី​ភ្នំគិជ្ឈកូដ ហើយបាន​ឃើញរំពា​សត្វខ្លាធំ។ បេ។ ឃើញ​រំពា​សត្វខ្លាដំបង។ បេ។ ឃើញ​រំពាសត្វ​ខ្លារខិន។7) បេ។ ឃើញ​រំពាសត្វ​ឆ្កែព្រៃ ហើយ​នាំគ្នាយក​មកចំអិន​បរិភោគ។ ភិក្ខុ​ទាំងឡាយ​នោះ មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ វត្ថុជា​របស់សត្វ​តិរច្ឆាន មិន​ត្រូវ​អាបត្តិ​ឡើយ។

[១៣៨] សម័យនោះឯង មានភិក្ខុ១រូប កាលគេកំពុងចែក​បាយដល់សង្ឃ ខ្លួន​និយាយថា លោកចូរ​ឲ្យ១ចំណែក​ទៀតដើម្បី​ភិក្ខុដទៃ ថាដូច្នោះ​ហើយ ក៏កាន់​យកបាយ​ដោយឥត​មានមូល។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែអាបត្តិ​បាចិត្តិយ ព្រោះដឹង​ខ្លួនហើយ​ពោលពាក្យ​កុហក​ប៉ុណ្ណោះ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប កាលគេ​កំពុងចែក​ខាទនីយាហារ​ដល់សង្ឃ។ បេ។ កាល​គេកំពុងចែក​នំដល់សង្ឃ។ បេ។ កាល​គេកំពុង​ចែកអំពៅ​ដល់សង្ឃ។ បេ។ កាល​គេកំពុង​ចែកផ្លែទន្លាប់​ដល់​សង្ឃ បាន​ពោលថា លោក​ចូរឲ្យ​១ចំណែក​ដើម្បីភិក្ខុ​ឯទៀត​ផង ថាដូច្នោះ​ហើយក៏​កាន់យក​ចំណែកនោះ​ដោយឥត​មានមូល។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​បាចិត្តិយ ព្រោះ​ដឹងខ្លួន​ហើយពោល​ពាក្យកុហក​ប៉ុណ្ណោះ។

[១៣៩] សម័យនោះឯង មានភិក្ខុ១រូបចូលទៅកាន់ផ្ទះ​ដែលគេដាំបាយ ក្នុង​វេលាស្រុក​អត់បាយ មាន​ថេយ្យចិត្ត​ហើយបាន​លួចយក​បាយពេញ​១បាត្រ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ចូល​ទៅកាន់ផ្ទះ​សម្រាប់​ចំអិនសាច់​លក់ក្នុង​វេលាស្រុក​អត់បាយ ហើយ​មានថេយ្យ​ចិត្តលួច​យកសាច់​ដាក់ពេញ​១បាត្រ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ចូល​ទៅកាន់​ផ្ទះធ្វើនំ​ក្នុងវេលា​ស្រុកអត់បាយ ហើយ​មាន​ថេយ្យចិត្ត​បានលួច​យកនំដាក់​ពេញ​១បាត្រ។ បេ។ មាន​ថេយ្យចិត្ត​ហើយលួច​យកនំក្រៀប​ដាក់ពេញ​១បាត្រ។ បេ។ មាន​ថេយ្យចិត្ត​ហើយបាន​លួចយក​នំអន្សម​ដាក់ពេញ​១បាត្រ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៤០] សម័យនោះឯង មានភិក្ខុ១រូបឃើញបរិក្ខារក្នុងវេលាថ្ងៃ ហើយ​ធ្វើនិមិត្ត​ទុកថា អញនឹង​លួចយក​ក្នុងវេលា​យប់។ ភិក្ខុនោះ​សំគាល់​របស់នោះ​បានហើយ លួច​យករបស់​នោះបាន​មក។ បេ។ សំគាល់​របស់នោះ​បានហើយ លួច​បានរបស់​ដទៃមក​វិញ។ បេ។ សំគាល់​របស់​ដទៃទេ ត្រឡប់​លួច​បានរបស់​នោះមក​វិញ។ បេ។ សំគាល់​របស់ដទៃ លួចបាន​របស់ដទៃ​មក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យនោះ​ឯង មាន​ភិក្ខុ១រូប ឃើញ​បរិក្ខារក្នុង​វេលាថ្ងៃ ហើយ​បានធ្វើ​និមិត្តទុក​ថា អញនឹង​លួចយក​ក្នុងវេលា​យប់។ ភិក្ខុ​នោះសំគាល់​របស់នោះ​បានហើយ ត្រឡប់​លួចបាន​បរិក្ខារ​របស់ខ្លួន​ឯងមក​វិញ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​អាបត្តិទុក្កដ។

[១៤១] សម័យនោះឯង មានភិក្ខុ១រូបឃើញថង់យាមនៅលើតាំង ហើយ​គិតថា កាល​អញយក​ថង់យាម​អំពីទីនេះ មុខជា​នឹងត្រូវ​អាបត្តិ​បារាជិក ហើយ​រំកិលយក​ថង់យាម​នោះ ព្រមទាំង​តាំងទៅ​ផង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៤២] សម័យនោះឯង ភិក្ខុ១រូបមាន​ថេយ្យចិត្តហើយ​លួចយកពូក​របស់សង្ឃ។ ភិក្ខុ​នោះមានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកត្រូវ​អាបត្តិបារាជិក​ហើយ។

[១៤៣] សម័យនោះឯង ភិក្ខុ១រូប មានថេយ្យចិត្តហើយលួចយកចីវរ​ដែលពាក់លើ​ខ្សែស្បៀង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិកហើយ។

[១៤៤] សម័យនោះឯង មានភិក្ខុ១រូប លួចយកចីវរក្នុងវិហារ ហើយគិតថា កាលអញ​ចេញអំពីវិហារ​នេះទៅ អញនឹង​ត្រូវអាបត្តិ​បារាជិក​មិនខាន ហើយ​ពុំបានចេញ​អំពីវិហារ​ឡើយ។ ភិក្ខុទាំង​ឡាយក្រាបបង្គំ​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ មោឃបុរស​នោះគប្បី​ចេញទៅ​ក្តី មិនគប្បី​ចេញទៅ​ក្តី គង់តែ​ត្រូវ​អាបត្តិ​បារាជិក​ដែរ។

[១៤៥] សម័យនោះឯង មានភិក្ខុ២រូប ជាសំឡាញ់នឹងគ្នា ភិក្ខុ១រូបចូលទៅកាន់​ស្រុកដើម្បី​បិណ្ឌបាត ឯភិក្ខុទី២ កាល​គេចែកខាទនីយាហារ​ដល់សង្ឃ ក៏បាន​កាន់យក​ចំណែករបស់​ភិក្ខុជា​សំឡាញ់ ហើយ​បរិភោគដោយ​សេចក្តី​ស្និទ្ធស្នាល​នឹងគ្នា។ ភិក្ខុ​សំឡាញ់នោះ​ដឹងហើយ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មានចិត្ត​គិតដូចម្តេច។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​កាន់យក​ដោយ​ស្និទ្ធស្នាល​នឹងគ្នា។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ បើកាន់​យកដោយ​សេចក្តី​ស្និទ្ធស្នាល​ដូច្នោះ អ្នកមិន​ត្រូវអាបត្តិ​ឡើយ។

[១៤៦] សម័យនោះឯង ភិក្ខុច្រើនរូបធ្វើនូវចីវរកម្ម។ កាលគេចែក​ខាទនីយាហារ​ដល់សង្ឃ ខាទនីយាហារ​ជាចំណែក​របស់ភិក្ខុ​ទាំងអស់​នោះ គេក៏​បាននាំយក​ទៅទុកដាក់​១កន្លែង​ហើយ។ មាន​ភិក្ខុ១រូប សំគាល់​ចំណែក​របស់ភិក្ខុ​ឯទៀត ថា​ជារបស់​ខ្លួន ហើយ​ឆាន់អស់​ទៅ។ ភិក្ខុ​ម្ចាស់​របស់​ដឹងហើយ ចោទ​ប្រកាន់​ភិក្ខុ​នោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជា​របស់ខ្លួន។ សម័យ​នោះឯង ភិក្ខុ​ច្រើនរូប​ធ្វើនូវ​ចីវរកម្ម។ កាល​គេចែក​ខាទនីយាហារ​ដល់សង្ឃ ភិក្ខុ​យក​បាត្រ​ភិក្ខុឯ​ទៀត​មកទទួល​យកចំណែក​របស់ភិក្ខុ​ឯទៀត ហើយ​យកទៅ​ទុក។ ភិក្ខុ​ម្ចាស់បាត្រ​សំគាល់​ថាជា​របស់ខ្លួន ហើយ​ឆាន់​អស់ទៅ។ ភិក្ខុនោះ​ដឹងហើយ ចោទ​ប្រកាន់​ភិក្ខុម្ចាស់​បាត្រនោះ​ថា លោក​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អាបត្តិ​មិន​មានដល់​ភិក្ខុដែល​សំគាល់​ថាជា​របស់ខ្លួន។

[១៤៧] សម័យនោះឯង ពួកចោរលួចស្វាយ បេះ​ផ្លែស្វាយ​បាន ហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ពួកមនុស្ស​ជាម្ចាស់ស្វាយ​នាំគ្នាដេញ​តាមចោរ​អម្បាល​នោះ។ ពួកចោរ​ឃើញម្ចាស់​ស្វាយទាំង​ឡាយដេញ​តាម ក៏ទំលាក់​សំពាយស្វាយ​រត់ចោល​ទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់​សំពាយ​ស្វាយនោះ ថា​ជារបស់​បំសុកូល ហើយ​ទស់ឆាន់​ទៅ។ ពួកម្ចាស់​ស្វាយចោទ​ប្រកាន់ភិក្ខុ​អម្បាលនោះ​ថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទើប​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុ​ទាំងឡាយ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ​សំគាល់ថា​ជារបស់​បំសុកូល។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជា​របស់​បំសុកូល​ឡើយ។ សម័យ​នោះឯង ពួក​ចោរលួច​ព្រីង។ បេ។ ពួក​ចោរលួច​ខ្នុរសំឡ។ បេ។ ពួកចោរ​លួចខ្នុរ​ណាំង។ បេ។ ពួកចោរ​លួចត្នោត​ទុំ។ បេ។ ពួកចោរ​លួចអំពៅ។ បេ។ ពួកចោរ​លួច​ផ្លែទន្លាប់ នាំគ្នា​លួចបេះ​ផ្លែទន្លាប់​ទាំងឡាយ បានហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ពួកម្ចាស់​ទន្លាប់ដេញ​តាមពួកចោរ​អម្បាល​នោះ។ ចោរ​ទាំងឡាយ​ឃើញ​ពួកម្ចាស់​ទន្លាប់​ហើយ ទំលាក់​សំពាយ​ចោល រត់ទៅ។ ភិក្ខុ​ទាំងឡាយ​ឃើញ សំគាល់​នូវសំពាយ​នោះ ថាជា​របស់​បំសុកូល ហើយ​នាំគ្នា​ទស់ឆាន់​ទៅ។ ពួកជន​ជាម្ចាស់​នាំគ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា លោក​ទាំងឡាយ​មិនមែនជា​សមណៈ​ទេ។ ភិក្ខុអម្បាល​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​បំសុកូល​ឡើយ។

[១៤៨] សម័យនោះឯង ពួកចោរលួចស្វាយ បេះផ្លែស្វាយបាន ហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ពួកម្ចាស់​ស្វាយដេញ​តាមចោរ​ទាំងអម្បាល​នោះ។ ចោរទាំង​ឡាយឃើញ​ពួកម្ចាស់​ស្វាយហើយ ទំលាក់​សំពាយ​ចោល រត់ទៅ។ ភិក្ខុ​ទាំងឡាយ​មានថេយ្យចិត្ត​គិតថា ក្រែង​ម្ចាស់​ស្វាយ​គេឃើញ​មុន ទើបនាំ​គ្នាឆាន់​អស់ទៅ។ ពួកម្ចាស់​ស្វាយនាំគ្នា​ចោទប្រកាន់​ពួកភិក្ខុ​អម្បាល​នោះថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ពួក​ចោរលួច​ព្រីង។ បេ។ ពួកចោរ​លួចខ្នុរសំឡ។ បេ។ ពួកចោរ​លួចផ្លែ​ខ្នុរណាំង។ បេ។ ពួកចោរ​លួចផ្លែ​ត្នោតទុំ។ បេ។ ពួកចោរ​លួចអំពៅ។ បេ។ ពួកចោរ​លួចផ្លែ​ទន្លាប់ លួចបេះ​ផ្លែទន្លាប់​ទាំងឡាយ​បាន ហើយ​វេចជា​សំពាយ ស្ពាយ​ដើរទៅ។ ម្ចាស់​ទន្លាប់​ទាំងឡាយ​ដេញតាម​ពួកចោរ​អម្បាល​នោះ។ ចោរ​ទាំងឡាយ​ឃើញម្ចាស់ទន្លាប់​ហើយ ទំលាក់​សំពាយចោល ហើយ​រត់ទៅ។ ភិក្ខុ​ទាំងឡាយ​មានថេយ្យចិត្ត​គិតថា ក្រែងម្ចាស់​ទន្លាប់ទាំង​ឡាយគេ​មកឃើញ​មុន ទើបនាំ​គ្នាឆាន់​អស់ទៅ។ ម្ចាស់​ទន្លាប់ទាំងឡាយ​នាំគ្នាចោទ​ប្រកាន់ភិក្ខុ​អម្បាល​នោះថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ។

[១៤៩] សម័យនោះឯង ភិក្ខុ១រូប មានថេយ្យចិត្តលួចយកស្វាយ​របស់សង្ឃ។ បេ។ លួច​យកព្រីងរបស់​សង្ឃ។ បេ។ លួចយក​ផ្លែខ្នុរសំឡ​របស់សង្ឃ។ បេ។ លួច​យក​ផ្លែខ្នុរណាំង​របស់សង្ឃ។ បេ។ លួច​យកផ្លែត្នោត​ទុំរបស់​សង្ឃ។ បេ។ លួច​យកអំពៅ​របស់​សង្ឃ។ បេ។ មាន​ថេយ្យចិត្ត ហើយ​លួចយក​ផ្លែទន្លាប់​របស់សង្ឃ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។

[១៥០] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់សួនផ្កា ហើយមានថេយ្យចិត្ត​លួចយក​ផ្កាមាន​ដំឡៃ៥មាសក ដែល​ម្ចាស់គេ​បានបេះទុក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ​ឯង មាន​ភិក្ខុ១រូប​ទៅកាន់​សួនផ្កា ហើយ​មានថេយ្យ​ចិត្តលួច​បេះផ្កា​មានដំឡៃ​៥មាសក។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។

[១៥១] សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ស្រុកតូចមួយ ហើយ​​បាននិយាយ​នឹងភិក្ខុ​១រូប​ថា អាវុសោ លោក​ផ្តាំខ្ញុំ​ហើយ ខ្ញុំនឹង​ទៅប្រាប់​ត្រកូលជា​ឧបដ្ឋាក​របស់លោក។ ភិក្ខុ​នោះទៅ​ហើយ បានឲ្យ​ត្រកូលនោះ​យកសម្ពត់​សាដក១​មក ហើយ​ប្រើប្រាស់​ដោយ​ខ្លួនឯង។ ភិក្ខុ​អ្នក​ជិតដិត​នឹង​ត្រកូល​​ដឹង​ហើយ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​​មានសេចក្តី​​សង្ស័យ​។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ តែភិក្ខុ​កុំគប្បី​ពោលថា អ្នក​ផ្តាំខ្ញុំហើយ ខ្ញុំ​នឹងប្រាប់​ដូច្នេះ តែ​ភិក្ខុណា​ពោល ភិក្ខុ​នោះត្រូវ​អាបត្តិ​ទុក្កដ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប​ទៅកាន់​ស្រុកតូច​មួយ។ ភិក្ខុឯទៀត​​បាននិយាយ​ពាក្យនេះ​​នឹងភិក្ខុ​នោះ​ថា អាវុសោ ខ្ញុំ​ផ្តាំហើយ លោក​ប្រាប់ត្រកូល​ឧបដ្ឋាក​របស់ខ្ញុំ​ចុះ។ ភិក្ខុនោះ​ទៅហើយ ឲ្យ​​ត្រកូល​​ឧបដ្ឋាក​​នោះយក​សម្ពត់សាដក​១គូមក ហើយ​ប្រើប្រាស់​សម្ពត់​សាដក១​ដោយខ្លួន​ឯង រួច​ឲ្យសម្ពត់​​សាដក១​​ដល់​ភិក្ខុ​អ្នកជិត​ដិតនឹង​ត្រកូលនោះ។ ភិក្ខុ​នោះ​ដឹង​​ហើយ ចោទ​ប្រកាន់ភិក្ខុ​នោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ​។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ តែ​ភិក្ខុ​កុំគប្បី​ពោលថា លោក​ខ្ញុំផ្តាំ​ហើយ ប្រាប់​ចុះដូច្នេះ តែភិក្ខុ​ណា​ពោល ភិក្ខុនោះ​ត្រូវអាបត្តិ​​ទុក្កដ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប​ទៅកាន់​ស្រុកតូច​មួយ ហើយ​​បាននិយាយ​ពាក្យនេះ​នឹងភិក្ខុ​ឯទៀត​ថា អាវុសោ លោក​ផ្តាំនឹង​ខ្ញុំហើយ ខ្ញុំនឹង​ប្រាប់​ត្រកូល​ឧបដ្ឋាក​របស់​លោក។ ឯភិក្ខុនោះ​ក៏បាន​និយាយ​យ៉ាងនេះ​ថា ខ្ញុំបាន​ផ្តាំនឹង​លោកហើយ លោក​ប្រាប់ចុះ។ ភិក្ខុ​នោះទៅ​ហើយ ឲ្យត្រកូល​ឧបដ្ឋាក​នោះយក​សប្បិ១អាឡ្ហកៈ8) ស្ករ អំពៅ១គុលៈ9) អង្ករ១ទោណៈ10) មក​ហើយ បរិភោគ​ដោយខ្លួន​ឯង។ ភិក្ខុ​អ្នកជិតដិត​នឹង​ត្រកូលនោះ​ដឹង​ហើយ ចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ តែ​ភិក្ខុកុំ​គប្បីពោល​ថា លោក​ផ្តាំនឹង​ខ្ញុំហើយ ខ្ញុំនឹង​ប្រាប់​ដូច្នេះ ម្យ៉ាងទៀត កុំគប្បី​​ពោល​ថា​ ខ្ញុំផ្តាំ​នឹង​លោក​ហើយ លោក​ប្រាប់ចុះ តែ​ភិក្ខុណា​ពោល ភិក្ខុ​នោះត្រូវ​អាបត្តិ​ទុក្កដ។

[១៥២] សម័យនោះឯង បុរសម្នាក់នាំយក​កែវមណី​មានដំឡៃ​ច្រើន ហើយ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយជា​មួយនឹង​ភិក្ខុឯ​ទៀត។ លំដាប់​នោះ បុរស​នោះឃើញ​ទីគយ​ហើយ ដាក់កែវ​មណីក្នុង​ថង់​យាម​របស់​ភិក្ខុនោះ ៗឥត​ដឹងឡើយ លុះ​កន្លង​ផុតទី​គយហើយ ក៏យក​កែវមណី​ពីថង់​យាមមក​វិញ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​គិតដូច​ម្តេច។ ភិក្ខុ​នោះ​ទូល​ថា បពិត្រព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនបាន​ដឹងសោះ​ឡើយ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នកមិន​ដឹង។ សម័យ​នោះឯង បុរស​ម្នាក់នាំ​យក​កែវមណី​មានដំឡៃ​ច្រើន ដើរ​ទៅ​​កាន់​ផ្លូវ​ឆ្ងាយជាមួយ​នឹងភិក្ខុ​ឯទៀត។ លំដាប់​នោះ បុរស​នោះឃើញ​ទីគយ​ហើយ ក៏ធ្វើអាការ​ហាក់ដូច​ជាឈឺ ហើយ​បានប្រគល់​បង្វិចកែវ​មណីរបស់​ខ្លួនដល់​ភិក្ខុនោះ។ គ្រា​នោះឯង បុរស​នោះ​ដើរ​រំលង​ហួសទីគយ​ទៅហើយ បាន​និយាយពាក្យ​នេះ​នឹងភិក្ខុ​នោះថា បពិត្រ​លោកម្ចាស់ ចូរ​លោកយក​បង្វិចរបស់​ខ្ញុំមក ខ្ញុំ​មិនឈឺ​ទេ។ ភិក្ខុ​នោះសួរ​ថា អាវុសោ ចុះ​ហេតុអ្វី​បានជា​អ្នកធ្វើ​​អាការ​​យ៉ាងនេះ។ ទើប​បុរសនោះ​ប្រាប់​សេចក្តី​នុ៎ះដល់​ភិក្ខុនោះ។ ភិក្ខុ​នោះ​មាន​សេចក្តី​​សង្ស័យ​។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​គិតដូច​ម្តេច។ ភិក្ខុនោះ​ទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនដឹង​សោះឡើយ។ ព្រះដ៏មាន​ព្រះភាគ​ត្រាស់ថា ម្នាល​ភិក្ខុ អាបត្តិ​​មិនមាន​ដល់​ភិក្ខុ​អ្នក​មិន​ដឹង។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ដើរទៅ​កាន់ផ្លូវ​ឆ្ងាយជា​មួយនឹង​ឈ្មួញរទេះ។ បុរស​ម្នាក់​ក៏​លួង​លោម​ភិក្ខុនោះ​ដោយ​អាមិស​ លុះឃើញ​ទីគយ​ហើយ បានឲ្យ​កែវមណី​មានដំឡៃ​ច្រើន ដល់​ភិក្ខុ​នោះដោយ​ពាក្យថា បពិត្រ​លោកដ៏​ចំរើន សូម​លោកម្ចាស់​យក​កែវមណី​នេះ ឲ្យរំលង​ទីគយ​ទៅ​ផង។ ភិក្ខុ​នោះយក​កែវមណី​នោះ រំលង​ទីគយ​ទៅក្នុង​កាលនោះ​ឯង។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៥៣] សម័យនោះ​ឯង មានភិក្ខុ១រូប ដោះលែង​ជ្រូកជាប់​អន្ទាក់ ដោយ​សេចក្តី​ករុណា។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាល​ភិក្ខុ អ្នក​គិតដូច​ម្តេច។ ភិក្ខុ​នោះ​ក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានសេចក្តី​ប្រាថ្នា​ដោយ​សេចក្តី​ករុណា (ហើយ​ដោះ​លែង​ទៅ)។ ព្រះដ៏មាន​ព្រះភាគទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នកមាន​សេចក្តី​ប្រាថ្នាដោយ​សេចក្តី​ករុណា​ទេ។ សម័យ​នោះឯង មាន​ភិក្ខុ១រូប ឃើញ​ជ្រូកជាប់​អន្ទាក់ ក៏មាន​​ថេយ្យចិត្ត​គិតថា ក្រែង​ពួកម្ចាស់​គេឃើញ​មុន ហើយដោះ​លែងជ្រូក​នោះទៅ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានភិក្ខុ​១រូប ដោះលែង​សត្វម្រឹគ​ជាប់អន្ទាក់ ដោយ​សេចក្តី​ករុណា។ បេ។ ភិក្ខុ​ឃើញម្រឹគ​ជាប់​អន្ទាក់ មាន​ថេយ្យចិត្ត​គិតថា ក្រែង​ពួកម្ចាស់​គេឃើញ​មុន ហើយ​ដោះលែង​ម្រឹគនោះ​ទៅ។ បេ។ ភិក្ខុ​ដោះ​លែង​​ត្រីទាំងឡាយ​ដែលជាប់​លបដោយ​សេចក្តី​ករុណា។ បេ។ ភិក្ខុ​ឃើញត្រី​ទាំងឡាយ​ជាប់លប មាន​​ថេយ្យចិត្ត​ថា ក្រែងពួក​ម្ចាស់គេ​ឃើញមុន ហើយ​ដោះលែង​ត្រីនោះទៅ។ ភិក្ខុ​នោះមាន​សេចក្តី​​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៥៤] សម័យនោះឯង មានភិក្ខុ១រូប ឃើញទ្រព្យនៅក្នុងយាន ហើយគិតថា បើអញ​​យក​ចាក​ទីនេះ មុខជា​នឹងត្រូវ​អាបត្តិ​បារាជិក ទើប​ឈូស​ប្រមៀល​ឲ្យធ្លាក់ចុះ ហើយ​ក៏កាន់យក​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៥៥] សម័យនោះឯង មានភិក្ខុ១រូប បានរើសយកដុំសាច់​ដែលសត្វ​រអាតពាំ​យកទៅ ដោយ​​គិតថា អញ​នឹងប្រគល់​ឲ្យពួក​ម្ចាស់សាច់។ ពួក​ម្ចាស់សាច់​នាំគ្នា​ចោទប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អាបត្តិ​​មិនមាន​ដល់ភិក្ខុ​ដែល​មិនមាន​ថេយ្យចិត្ត។ សម័យ​នោះឯង មាន​ភិក្ខុ១រូប​ឃើញដុំ​សាច់​ដែល​សត្វ​រអាត​ពាំយក​ទៅ មានថេយ្យចិត្ត​គិតថា ក្រែង​ពួកម្ចាស់គេ​ឃើញមុន ហើយ​ក៏កាន់យក​ដុំសាច់នោះ​ទៅ។ ពួកម្ចាស់​សាច់នាំគ្នា​ចោទប្រកាន់​ភិក្ខុនោះ​ថា លោក​​មិនមែន​​ជា​សមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​ត្រូវអាបត្តិ​​បារាជិក​ហើយ។

[១៥៦] សម័យនោះឯង មនុស្សទាំងឡាយចងក្បូន ហើយបណ្តែត​តាមស្ទឹងអចិរវតី។ កាល​​ចំណង​ក្បូនដាច់ ឈើ​ទាំងឡាយ​ក៏អណ្តែត​ខ្ចាត់ខ្ចាយ​ទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់ថា ជា​របស់​​បំសុកូល ហើយ​នាំគ្នាស្រង់​យកឡើង។ ពួកម្ចាស់​ក្បូននាំ​គ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា លោក​ទាំងឡាយ​​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុ​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​បំសុកូល។ សម័យ​នោះឯង មនុស្ស​ទាំងឡាយ​ចងក្បូន ហើយ​បណ្តែតតាម​ស្ទឹងអចិរវតី។ កាល​​ចំណង​ក្បូនដាច់ ឈើ​ទាំងឡាយ​​ក៏​អណ្តែត​ខ្ចាត់ខ្ចាយ​ទៅ។ ភិក្ខុ​ទាំងឡាយ​មាន​ថេយ្យចិត្ត​គិតថា ក្រែងម្ចាស់​ឈើគេ​ឃើញ​មុន ហើយ​ស្រង់​យកឡើង ពួកម្ចាស់​ឈើនាំគ្នា​ចោទប្រកាន់​ភិក្ខុអម្បាល​នោះថា លោក​​ទាំងឡាយ​​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​ទាំងអម្បាល​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​​ថា ម្នាល​ភិក្ខុទាំង​ឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ហើយ។

[១៥៧] សម័យនោះឯង មានបុរសគង្វាលគោម្នាក់ ពាក់​សម្ពត់សាដក​នឹងដើមឈើ ហើយក៏​​ដើរ​ទៅ​បន្ទោឧច្ចារៈ។ ភិក្ខុ១រូប​សំគាល់​ថា​ជា​របស់​បំសុកូល ហើយក៏​កាន់យក​ទៅ។ គ្រានោះ បុរស​គង្វាលគោ​នោះចោទ​ប្រកាន់​ភិក្ខុនោះថា លោក​មិនមែនជា​សមណៈ​ទេ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​​បំសុកូល។

[១៥៨] សម័យនោះឯង កាលភិក្ខុ១រូបកំពុងឆ្លងស្ទឹង សម្ពត់សាដកក៏របូតអំពីដៃ​ជាងជ្រលក់​​ទាំងឡាយ ហើយ​ទៅជាប់​នឹងជើង​ភិក្ខុ។ ភិក្ខុនោះ​បានកាន់​យកសម្ពត់​សាដកនោះ​​ដោយ​គិត​ថា អញ​នឹង​ឲ្យដល់ម្ចាស់​ទាំងឡាយ។ ពួកម្ចាស់​សម្ពត់សាដក​ក៏នាំគ្នា​ចោទប្រកាន់​ភិក្ខុនោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលមិនមាន​ថេយ្យចិត្ត។ សម័យ​នោះឯង កាលភិក្ខុ​១រូបកំពុង​ឆ្លងស្ទឹង សម្ពត់​សាដករបូត​អំពីដៃនៃ​ជាងជ្រលក់​​ទាំងឡាយ ហើយ​រសាត់ទៅ​ជាប់នឹង​ជើងភិក្ខុ។ ភិក្ខុ​នោះ មាន​ថេយ្យចិត្ត​​​គិត​ថា ក្រែង​ពួកម្ចាស់​សម្ពត់សាដក​ឃើញមុន ហើយ​ក៏កាន់យក​ទៅ។ ម្ចាស់​​សម្ពត់​សាដក​​ទាំងឡាយ​នាំគ្នាចោទ​ប្រកាន់ភិក្ខុ​នោះថា លោក​​មិនមែន​​ជាសមណៈ​ទេ។ ភិក្ខុនោះ​​មាន​សេចក្តី​​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៥៩] សម័យនោះឯង ភិក្ខុ១រូបបាន​ឃើញឆ្នាំងដាក់សប្បិ ហើយ​បានឆាន់​បន្តិចៗម្តង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែ​អាបត្តិទុក្កដ។

[១៦០] កាលណោះ ភិក្ខុទាំងឡាយច្រើនរូបបាននិយាយបបួលគ្នាថា យើង​ទាំងឡាយ​នឹង​ទៅលួចទ្រព្យ ហើយ​នាំគ្នា​ទៅ។ ភិក្ខុ១រូបលួចទ្រព្យបានមក។ ភិក្ខុ​ទាំងឡាយ​នោះ បាន​និយាយគ្នា​យ៉ាងនេះថា ពួកយើង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ លោកណា​លួចបានមក លោកនោះ​ត្រូវអាបត្តិ​បារាជិក។ ភិក្ខុទាំងឡាយ​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​ត្រូវ​អាបត្តិ​​បារាជិក​ហើយ។ កាលណោះ ភិក្ខុ​ទាំងឡាយ​​ច្រើន​រូប បបួល​គ្នាលួចទ្រព្យ​បានមក​ហើយ ក៏ចែក​គ្នា។ កាល​ដែលភិក្ខុ​អម្បាលនោះ​កំពុង​ចែកគ្នា ភិក្ខុ​១រូប​ៗ បាន​ចំណែក​មិនពេញ​៥មាសក។ ភិក្ខុ​ទាំងនោះ​បាននិយាយ​យ៉ាងនេះថា យើង​ទាំងឡាយ​​មិន​ត្រូវ​អាបត្តិ​បារាជិក​ទេ។ ទើបនាំ​គ្នា​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៦១] សម័យនោះ ភិក្ខុ១រូប កាលក្រុងសាវត្ថីកើតទូរភិក្ស អត់បាយ (ភិក្ខុនោះ) មាន​​ថេយ្យចិត្ត ហើយ​លួចយក​អង្ករ​របស់អ្នក​ផ្សារ​ប្រមាណ​១ក្តាប់។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាលភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ ភិក្ខុ១រូប កាល​ក្រុងសាវត្ថី​កើតទូរភិក្ស​អត់បាយ មាន​ថេយ្យចិត្ត ហើយ​លួចយក​សណ្តែកបាយ​របស់អ្នកផ្សារ​១ក្តាប់។ បេ។ សណ្តែក​រាជមាស​១ក្តាប់។ បេ។ ល្ងរ១ក្តាប់។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា​ ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។

[១៦២] សម័យនោះ ពួកចោរសម្លាប់មេគោ ស៊ីសាច់ហើយ ក៏​ទុកដាក់សាច់​ដ៏សេសសល់​​ក្នុង​ព្រៃ​អន្ធវន ទៀប​ក្រុងសាវត្ថី ហើយ​នាំគ្នាទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់​ថាជារបស់​បំសុកូល ហើយ​​នាំ​គ្នាកាន់​យកសាច់នោះ​បរិភោគ​ទៅ។ ពួកចោរ​នាំគ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា​ លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អម្បាលនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជារបស់​បំសុកូល។ សម័យនោះ ពួកចោរ​សម្លាប់ជ្រូក ស៊ីសាច់ ហើយ​ទុកដាក់​សាច់ដ៏សេស​សល់​ក្នុង​​ព្រៃ​អន្ធវន ទៀប​ក្រុងសាវត្ថី ហើយ​នាំគ្នាទៅ។ ភិក្ខុ​ទាំងឡាយ​សំគាល់​ថាជារបស់​បំសុកូល ហើយ​​នាំ​គ្នា​កាន់​យក​សាច់​នោះ​មក​ឆាន់​ទៅ។ ពួកចោរ​នាំគ្នាចោទ​ប្រកាន់​ភិក្ខុអម្បាល​នោះថា​ លោក​ទាំងឡាយ​មិនមែន​ជា​សមណៈ​ទេ។ ភិក្ខុ​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលសំគាល់​ថាជា​របស់​បំសុកូល។

[១៦៣] កាលណោះ ភិក្ខុ១រូប​ទៅកាន់​ស្រែស្មៅ (ចម្ការ​ស្មៅ) មាន​ថេយ្យចិត្ត ហើយ​បាន​លួច​យកស្មៅ​ដែលគេច្រូត​ទុក មាន​ដំឡៃ​៥មាសក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវអាបត្តិ​បារាជិក​ហើយ។

[១៦៤] សម័យនោះ ភិក្ខុ១រូបទៅកាន់ស្រែស្មៅ មានថេយ្យចិត្ត ហើយលួច​ច្រូតយក​ស្មៅ​គេ​មាន​​ដំឡៃ​៥មាសក។ ភិក្ខុ​នោះមានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៦៥] សម័យនោះ ភិក្ខុទាំងឡាយ​ជា​អាគន្តុក (ភិក្ខុអ្នកមកថ្មី) ញុំាងគ្នា​នឹងគ្នាឲ្យចែកផ្លែ​​ស្វាយ​របស់សង្ឃ ហើយ​បរិភោគ​ទៅ។ ភិក្ខុម្ចាស់​អាវាស​ទាំងឡាយ នាំគ្នាចោទ​ប្រកាន់ភិក្ខុ​ជា​អាគន្តុក​អម្បាលនោះ​ថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អាគន្តុក​អម្បាល​នោះមាន​សេចក្តី​សង្ស័យ។ ទើបនាំ​គ្នាក្រាប​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​គិតដូច​ម្តេច។ ភិក្ខុ​អម្បាល​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ មាន​ចិត្តប្រាថ្នា​ដើម្បីនឹង​បរិភោគ។ ព្រះអង្គ​​ទ្រង់​ត្រាស់​​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែល​​ប្រាថ្នាដើម្បី​នឹងបរិភោគ​ទេ។ សម័យនោះ ភិក្ខុ​ទាំងឡាយ​ជាអាគន្តុក ញុំាងគ្នា​នឹងគ្នាឲ្យ​ចែកផ្លែ​ព្រីងរបស់​សង្ឃ។ បេ។ ផ្លែខ្នុរសំឡ​របស់​សង្ឃ។ បេ។ ផ្លែខ្នុរណាំង​របស់​​សង្ឃ។ បេ។ ផ្លែត្នោតទុំ​របស់​សង្ឃ។ បេ។ អំពៅ​របស់​សង្ឃ។ បេ។ ផ្លែទន្លាប់​របស់សង្ឃ ហើយ​នាំគ្នា​បរិភោគ​​ទៅ។ ពួកភិក្ខុ​ដែលជា​ម្ចាស់​អាវាស នាំគ្នា​ចោទប្រកាន់​ភិក្ខុ​អាគន្តុក​អម្បាលនោះ​ថា លោក​ទាំងឡាយ​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​អាគន្តុក​អម្បាល​នោះ​មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​ដែលប្រាថ្នា​ដើម្បីនឹង​បរិភោគ​​ទេ។

[១៦៦] សម័យនោះ ពួកមនុស្សអ្នករក្សាស្វាយ នាំគ្នាប្រគេនផ្លែស្វាយដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​សង្ស័យមិន​មានទទួល ដោយ​គិតថា មនុស្ស​អម្បាល​នេះ ជាឥស្សរៈ​ត្រឹមតែរក្សា​ថែ​ទាំ​ប៉ុណ្ណោះ មនុស្ស​អម្បាល​នេះ មិនជា​ឥស្សរៈ​ដើម្បីនឹង​ឲ្យបានទេ។ ទើប​នាំគ្នា​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ បើទាន​ដែលបុគ្គល​អ្នករក្សា​គេ​ឲ្យ​ហើយ (ភិក្ខុអ្នក​ទទួល) មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង មនុស្ស​អ្នករក្សា​ព្រីងទាំង​ឡាយ​។ បេ។ អ្នករក្សា​ខ្នុរសំឡ​ទាំងឡាយ។ បេ។ អ្នករក្សា​ខ្នុរណាំង​ទាំងឡាយ។ បេ។ អ្នក​រក្សាផ្លែ​ត្នោតទុំ​ទាំងឡាយ​។ បេ។ អ្នករក្សា​អំពៅទាំង​ឡាយ។ បេ។ អ្នករក្សា​ផ្លែទន្លាប់​ទាំងឡាយ បាន​​ប្រគេន​ផ្លែ​ទន្លាប់​ទាំងឡាយ​ដល់ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​សង្ស័យ​មិនហ៊ាន​ទទួល ដោយគិត​ថា មនុស្ស​អម្បាលនេះ ជាឥស្សរៈ​ត្រឹមតែ​រក្សា​​ប៉ុណ្ណោះ មនុស្ស​អម្បាលនេះ មិន​ជាឥស្សរៈ​ដើម្បី​នឹងឲ្យទេ។ ទើប​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ ព្រោះ​ទានដែល​អ្នក​ថែ​រក្សា​ឲ្យ​នោះ​ទេ។

[១៦៧] សម័យនោះ ភិក្ខុ១រូបខ្ចីឈើរបស់សង្ឃយកទៅឧបត្ថម្ភ (ជួសជុល) ជញ្ជាំង​វិហារ​​របស់ខ្លួន។ ភិក្ខុ​ទាំងឡាយ​នាំគ្នាចោទ​ប្រកាន់​ភិក្ខុនោះថា លោក​មិនមែន​ជាសមណៈ​ទេ។ ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ។ ទើប​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា ម្នាល​ភិក្ខុ អ្នក​គិតដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​តាំងចិត្ត​ថា​ជា​របស់​ខ្ចី។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ បើកាន់​យកជា​របស់ខ្ចី​ដូច្នោះ អ្នក​មិនមាន​អាបត្តិ​ឡើយ។

[១៦៨] សម័យនោះ ភិក្ខុ១រូប មានថេយ្យចិត្ត ហើយបានលួចយកទឹក​របស់​សង្ឃ។ បេ។ មាន​ថេយ្យចិត្ត ហើយ​បានលួច​យកដី​របស់​សង្ឃ។ បេ។ មាន​ថេយ្យចិត្ត ហើយ​បានលួច​យកស្មៅ​យាប្លង​របស់​សង្ឃ។ បេ។ ភិក្ខុនោះ​មាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​លួច​ដុត​ស្មៅ​យាប្លង​របស់​សង្ឃ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវ​តែ​អាបត្តិ​ទុក្កដ។

[១៦៩] សម័យនោះ ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​លួចយក​គ្រែរបស់​សង្ឃ។ ​សេចក្តី​សង្ស័យ​មានដល់ភិក្ខុ​នោះ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកត្រូវ​អាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ភិក្ខុ១រូប មាន​ថេយ្យចិត្ត ហើយ​លួចយក​តាំងរបស់​សង្ឃ។ បេ។ ពូក​របស់​សង្ឃ។ បេ។ ខ្នើយ​របស់​សង្ឃ។ បេ។ សន្ទះទ្វារ​របស់​សង្ឃ។ បេ។ សន្ទះ​បង្អួច​របស់​សង្ឃ។ បេ។ ឈើ​បង្កង់​របស់​សង្ឃ។ សេចក្តី​សង្ស័យ​មានដល់ភិក្ខុ​នោះ។ បេ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ត្រូវ​អាបត្តិ​បារាជិក​ហើយ។

[១៧០] សម័យនោះ ភិក្ខុទាំងឡាយយកសេនាសនៈរបស់ឧបាសកម្នាក់ ដែល​គេទុកជា​​របស់​សម្រាប់​​ប្រើប្រាស់​ក្នុងវត្ត ទៅ​ប្រើប្រាស់​ក្នុងទីដទៃ។ គ្រានោះ ឧបាសក​នោះពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា លោក​ដ៏ចំរើន​ទាំងឡាយ​មិនសម​នឹងមកយក​របស់គេ​សំរាប់ទុក​ប្រើប្រាស់​ក្នុង​ ទីដទៃ ទៅ​ប្រើប្រាស់​ក្នុងទី​ដទៃវិញ។ ភិក្ខុ​ទាំងឡាយ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ គ្រឿង​ប្រើប្រាស់​របស់គេ​ក្នុង​ទី​ដទៃ ភិក្ខុមិន​គប្បីយក​ទៅប្រើប្រាស់​ក្នុងទី​ដទៃទេ តែភិក្ខុ​ណាយក​ទៅប្រើ​ប្រាស់ ភិក្ខុ​នោះ​ត្រូវ​អាបត្តិ​ទុក្កដ។ សម័យ​នោះ ភិក្ខុ​ទាំងឡាយ​ប្រុងនឹង​នាំយក​អាសនៈ​សំរាប់អង្គុយ​ក្នុងរោង​ឧបោសថ តែ​មាន​សេចក្តី​សង្ស័យ​ មិនហ៊ាន​នាំយកទៅ ហើយ​ក៏អង្គុយ​ផ្ទាល់លើ​ផែនដី។ ខ្លួនក្តី ចីវរក្តី ក៏ប្រឡាក់​ទៅ​ដោយ​ធូលី។ ភិក្ខុ​ទាំងឡាយ​យកសេចក្តី​នុ៎ះក្រាបបង្គំ​ទូល​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យអ្នក​ទាំងឡាយ​ខ្ចីរបស់​ទាំនោះ​​ទៅ​ប្រើ​​ប្រាស់បាន។

[១៧១] សម័យនោះឯង ភិក្ខុនី១រូប ជាសិស្សរបស់ថុល្លនន្ទាភិក្ខុនី​នៅក្នុងក្រុងចម្បា ទៅ​កាន់​​ត្រកូលជា​ឧបដ្ឋាករបស់​ថុល្លនន្ទាភិក្ខុនី ហើយ​បង្គាប់ត្រកូល​នោះថា ថុល្លនន្ទាភិក្ខុនី​ជាម្ចាស់ ចង់ឆាន់​​បបរដែល​​លាយ​សណ្តែក​និងល្ង ហើយក៏យក​ទៅបរិភោគ​ដោយខ្លួន​ឯង។ ថុល្លនន្ទា​ភិក្ខុនី​នោះដឹង​​ហើយ ចោទប្រកាន់​សិស្សនោះថា នាង​ឯងមិនមែន​ជាសមណី​ទេ។ ភិក្ខុនី​នោះ​មាន​​សេចក្តី​​សង្ស័យ។ ទើបភិក្ខុ​នីនោះនាំយក​រឿងនុ៎ះ​ទៅដំណាល​ប្រាប់ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនី​នាំយក​រឿង​​នុ៎ះ​ទៅ​ប្រាប់​ដល់ភិក្ខុ​ទាំងឡាយ។ ពួកភិក្ខុ​នាំយករឿង​នុ៎ះ​ទៅ​ក្រាប​ទូល​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​នោះមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវ​តែអាបត្តិ​​បាចិត្តិយ ព្រោះ​ដឹងខ្លួន​ហើយពោល​ពាក្យកុហក។ សម័យ​នោះឯង ភិក្ខុនី១រូប​ជាសិស្ស​​ថុល្លនន្ទា​ភិក្ខុនី​នៅ​ក្នុងក្រុង​រាជគ្រឹះ ទៅ​កាន់​​ត្រកូលជា​ឧបដ្ឋាក​របស់​ថុល្លនន្ទា​ភិក្ខុនី ហើយ​បង្គាប់​ត្រកូល​នោះថា ថុល្លនន្ទាភិក្ខុនី​ជាម្ចាស់ ចង់ឆាន់​នំមានរស​ឆ្ងាញ់ក្រៃ​ពេក ហើយ​ក៏​យក​ទៅ​​បរិភោគ​ដោយខ្លួន​ឯង។ ថុល្លនន្ទា​ភិក្ខុនីនោះ​ដឹង​ហើយ ចោទ​ប្រកាន់សិស្ស​នោះថា នាង​ឯងមិនមែន​ជាសមណី​ទេ។ ភិក្ខុនី​នោះ​មាន​​សេចក្តី​​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​នោះមិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​​បាចិត្តិយ ព្រោះដឹង​ខ្លួនហើយ​ពោលពាក្យ​កុហក។

[១៧២] សម័យនោះឯង ក្មេងពីរនាក់ គឺកូនប្រុស១ ក្មួយប្រុស១​របស់គហបតី​​ជាឧបដ្ឋាក​​​របស់​​ព្រះអជ្ជុកត្ថេរ​ដ៏មានអាយុ ក្នុង​ក្រុង​វេសាលី។ គ្រានោះ គហបតី​នោះបាន​និយាយ​ពាក្យ​​នេះ​នឹង​​ព្រះ​អជ្ជុកត្ថេរ​ដ៏មាន​អាយុ​ថា បពិត្រ​​លោកដ៏ចំរើន ជំនុំ​ក្មេង​ទាំងពីរ​​នាក់នេះ ក្មេងណា​​មានសទ្ធា​ជ្រះថ្លា ព្រះករុណា​គប្បីប្រាប់​ឱកាស​នេះ​ដល់​ក្មេងនោះ។ គហបតី​នោះធ្វើ​កាល​កិរិយា​ទៅ។ សម័យ​​នោះ​ឯង ក្មួយ​របស់​គហបតី​នោះ​​មាន​សទ្ធា​ជ្រះថ្លា។ លំដាប់​នោះ ព្រះអជ្ជុកត្ថេរ​ដ៏មាន​អាយុ បាន​ប្រាប់​​ឱកាស​នោះ​​ដល់ទារក​ដែលជា​ក្មួយ​នោះ។ ទារក​ដែលជា​ក្មួយ​នោះ ក៏បាន​​បីបាច់​រក្សា​​នូវ​ទ្រព្យ​ និង​​ចាត់ចែង​​នូវ​ទាន​ដោយសម្បត្តិ​នោះ។ លំដាប់​នោះ កូនរបស់​​គហបតីនោះ​​បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រះអានន្ទ​ដ៏មានអាយុ​ថា បពិត្រ​​ព្រះអានន្ទ​ដ៏ចំរើន អ្នក​ណា​ជាអ្នកទទួល​មត៌ករបស់​បិតា កូន ឬក្មួយ។ ព្រះអានន្ទ​និយាយ​តបថា ម្នាលអ្នក​ដ៏មានអាយុ កូន​ទើបត្រូវ​ទទួល​ទ្រព្យមត៌ក​របស់​បិតា​បាន។ កូនរបស់​គហបតីនោះ បាន​និយាយតទៅ​ទៀតថា បពិត្រ​លោកដ៏ចំរើន លោកម្ចាស់​អជ្ជុកត្ថេរ​នេះ​​ប្រាប់សម្បត្តិ​របស់ខ្ញុំដល់​បងប្អូន​ជីដូនមួយ​ របស់ខ្ញុំ​ហើយ។ ព្រះអានន្ទ​ពោលថា ម្នាលអ្នក​ដ៏​មានអាយុ អជ្ជុកត្ថេរ​ដ៏មានអាយុ​នេះ មិនមែន​ជាសមណៈ​ទេ។ គ្រានោះ ព្រះអជ្ជុកត្ថេរ​ដ៏មាន​អាយុ បាន​និយាយ​ពាក្យនេះនឹង​ព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាល​អាវុសោ​អានន្ទ លោកចូរ​ឲ្យ​សេចក្តី​​វិនិច្ឆ័យ​ដល់​ខ្ញុំចុះ។ សម័យ​នោះឯង ព្រះឧបាលីដ៏​មានអាយុ ជាបក្ខ​ពួករបស់​ព្រះអជ្ជុកត្ថេរ​ដ៏មានអាយុ។ លំដាប់​នោះ ព្រះឧបាលី​ដ៏មានអាយុ បាន​និយាយ​ពាក្យនេះ​នឹងព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាល​អាវុសោ​អានន្ទ ភិក្ខុណា​ដែលម្ចាស់​ទ្រព្យផ្តាំទុក​ថា លោកចូរ​ប្រាប់ឱកាស​នេះដល់​អ្នក​នេះ ហើយភិក្ខុ​នោះទៅប្រាប់​ដល់អ្នកនោះ ភិក្ខុ​នោះត្រូវ​អាបត្តិអ្វី។ ព្រះអានន្ទ​ឆ្លើយតប​ទៅវិញថា បពិត្រ​លោក​ដ៏ចំរើន ភិក្ខុ​នោះ​មិនត្រូវ​អាបត្តិអ្វី​បន្តិចទេ ដោយ​ហោចទៅ តែ​​អាបត្តិទុក្កដ​ក៏មិនត្រូវ​​ដែរ។ ព្រះឧបាលី​ឆ្លើយថា ម្នាល​អាវុសោ ព្រះអជ្ជុកត្ថេរ​ដ៏មានអាយុ​នេះ ម្ចាស់ទ្រព្យ​​បានផ្តាំទុក​​ថា លោកចូរ​ប្រាប់ឱកាស​នេះដល់ជន​ឈ្មោះនេះ ក៏បាន​ប្រាប់ដល់​អ្នកនោះ​មែន ម្នាល​អាវុសោ អជ្ជុកត្ថេរ​ដ៏​មានអាយុ​មិនត្រូវ​អាបត្តិទេ។

[១៧៣] សម័យនោះឯង ក្នុងក្រុងពារាណសី ពួកចោរ​នាំគ្នា​ប្លន់ត្រកូល​ឧបដ្ឋាក​របស់​​ព្រះ​បិលិន្ទវច្ឆត្ថេរ​ដ៏មាន​ អាយុ ហើយ​ក៏នាំយក​កូនក្មេងពីរ​នាក់ទៅ។ លំដាប់​នោះ ព្រះបិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ សំដែង​ឫទ្ធិទៅនាំយក​ក្មេងទាំង​ពីរនាក់​នោះបាន​មក ហើយ​ទុកក្នុង​ប្រាសាទ។ មនុស្ស​ទាំងឡាយ​បានឃើញ​​ក្មេងទាំង​ពីរនាក់នោះ​ហើយ និយាយ​ថា នេះជា​ឫទ្ធានុភាព​របស់លោក​ម្ចាស់​បិលិន្ទវច្ឆត្ថេរ ហើយ​ក៏នាំគ្នា​ជ្រះថ្លានឹង​ព្រះបិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ​ពេកណាស់។ ភិក្ខុ​ទាំងឡាយ នាំគ្នា​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា បិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ មិន​សមគួរ​នឹងទៅ​នាំយក​​ក្មេង​ពីរនាក់ ដែលពួក​ចោរវា​នាំយក​ទៅហើយ។ ភិក្ខុ​ទាំងឡាយ​​នាំគ្នាក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​​ទ្រង់ត្រាស់​​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុ​អ្នក​មាន​ឫទ្ធិ​ទេ ព្រោះ​វិស័យ​នៃ​ឫទ្ធិ។

[១៧៤] សម័យនោះឯង ភិក្ខុពីររូបជាសំឡាញ់គ្នា ឈ្មោះ​បណ្ឌកៈ១ កបិលៈ១។ ភិក្ខុ១រូប​​នៅ​ស្រុក​ក្រៅ ១រូបនៅ​ក្នុងក្រុង​កោសម្ពី។ គ្រាដែល​ភិក្ខុនោះ​ចេញពី​ស្រុកក្រៅ ទៅកាន់​​ក្រុងកោសម្ពី កាល​កំពុងឆ្លង​ទឹកស្ទឹង​​ក្នុងរវាង​ពាក់កណ្តាល​ផ្លូវ កន្សោម​ខ្លាញ់របូត​អំពីដៃនៃ​មនុស្សអ្នក​សម្លាប់​ជ្រូក​​ទាំងឡាយ ទៅជាប់​នូវជើង​របស់ភិក្ខុ​នោះ។ ភិក្ខុនោះ​បានកាន់យក​ដោយគិត​ថា នឹងឲ្យ​ដល់ជន​ទាំង​ឡាយ​​ជាម្ចាស់វិញ។ ពួក​ម្ចាស់នាំ​គ្នាចោទ​ប្រកាន់​ភិក្ខុនោះ​ថា លោក​មិនមែន​ជាសមណៈ​ទេ។ ស្រី​គង្វាល​គោម្នាក់ឃើញ​ភិក្ខុនោះ​ឆ្លងទឹកស្ទឹង​រួចហើយ បាន​និយាយ​ពាក្យនេះ​ថា បពិត្រ​លោកម្ចាស់ លោក​​ចូរមក​សេពមេថុនធម្ម​នឹងខ្ញុំ។ ភិក្ខុ​នោះគិត​ថា អញមិន​មែនជា​សមណៈ​តាមប្រក្រតី​ទេ ទើប​ព្រម​​សេព​​មេថុនធម្ម​នឹងស្រីនោះ ហើយ​ទៅកាន់ក្រុង​កោសម្ពី ប្រាប់​សេចក្តីនុ៎ះ​​ដល់​ភិក្ខុ​ទាំងឡាយ។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា នែ​ភិក្ខុ​ទាំង​ឡាយ ភិក្ខុនោះ​មិនត្រូវ​​អាបត្តិ​បារាជិកព្រោះ​អទិន្នាទាន​ទេ ត្រូវ​អាបត្តិ​បារាជិក ព្រោះ​​សេព​​មេថុនធម្ម។

[១៧៥] សម័យនោះឯង ភិក្ខុជាសទ្ធិវិហារិករបស់ព្រះទឡ្ហិកត្ថេរដ៏មានអាយុ ក្នុង​សាគលនគរ មានសេចក្តី​មិនសប្បាយ​មកបៀតបៀន ក៏ទៅ​លួចយកឈ្នួត​របស់អ្នកផ្សារ ហើយ​បាននិយាយ​ពាក្យ​នេះ​នឹង​​ព្រះទឡ្ហិកត្ថេរ​ដ៏មានអាយុ​យ៉ាងនេះ​ថា បពិត្រ​លោកដ៏ចំរើន ខ្ញុំមិន​មែនជា​សមណៈ​ទេ ខ្ញុំនឹង​​សឹក (ឥឡូវនេះ)។ ព្រះទឡ្ហិកត្ថេរ បាន​សួរថា ម្នាល​អាវុសោ អំពើដូច​ម្តេចដែល​អ្នកធ្វើ​ហើយ។ ភិក្ខុនោះ​​ប្រាប់ថា បពិត្រ​លោកដ៏ចំរើន ខ្ញុំលួច​យកឈ្នួត​របស់អ្នក​ផ្សារ។ ព្រះទឡ្ហិកត្ថេរ ក៏ឲ្យ​យក​ឈ្នួត​នោះមក ហើយ​កាត់ថ្លៃ។ ឈ្នួត​នោះកាត់​ថ្លៃទៅ ដំឡៃ​មិនដល់​៥មាសក។ ព្រះទឡ្ហិកត្ថេរ​ប្រាប់​ថា ម្នាល​អាវុសោ អ្នកមិន​ត្រូវអាបត្តិ​បារាជិក​ទេ ដូច្នេះ​ហើយ ក៏បាន​សំដែង​ធម្មីកថា។ ឯភិក្ខុ​នោះ​មាន​​សេចក្តី​ត្រេកអរ​ក្រៃពេក។

ទុតិយបារាជិក ចប់។

 

1)
ទីនេះ ច្រើនប្រែថា នាយស្មៀន តែតាមន័យក្នុងអដ្ឋកថា ប្រែថា អ្នកកាន់កាប់ថែរក្សាឈើក្នុងឃ្លាំងឈើរបស់សេ្តច (នាយឃ្លាំងឈើ)។
2)
ក្នុងអដ្ឋកថា​ថា ស្នូក​សម្រាប់​ជ្រលក់ក្តី បាច់​ឫស្សីក្តី ក្បូនក្តី ឲ្យ​ឈ្មោះថា នាវា ដែល​ប្រែជា ទូក​ក្នុងទី​នេះ
3)
អដ្ឋកថា ថា បណ្តា​កិរិយា​បង្ខិត​ទាំងឡាយ មាន​បង្ខិតគោល​ជាដើម នោះមាន​អធិប្បាយ​ថា ធម្មតា​ផែនដី​ជារបស់​កាត់ថ្លៃ​មិនបាន ព្រោះ​ហេតុដូច្នោះ បើ​សណ្ឋាន​ដីនោះ គេបោះ​គោលតែមួយ​ស្រេច ភិក្ខុបង្ខិត​គោលឲ្យ​ចូលទៅ​ក្នុងដីគេ សូម្បី​ប៉ុនចម្រៀក​សក់ ទោះបី​ម្ចាស់គេ​ឃើញក្តី មិន​ឃើញក្តី ត្រូវ​បារាជិក បើ​សណ្ឋាន​ដីនោះ គេ​បោះគោល​ពីរ ភិក្ខុ​បង្ខិត​គោលទី១ ត្រូវ​ថុល្លច្ច័យ ទី២ ត្រូវបារាជិក បើ​សណ្ឋានដី​នោះ គេបោះ​គោលបី ភិក្ខុបង្ខិត​គោលទី១ ត្រូវទុក្កដ ទី២ ត្រូវ​ថុល្លច្ច័យ ទី៣ ត្រូវ​បារាជិក។
4)
របស់​ដែលសល់​អំពីសត្វ​ស៊ី
5)
ទឹកដោះ​គោដែល​គេចំរាញ់​ឲ្យទៅ​ជាខ្លាញ់​បែបយ៉ាង​រាវៗ។
6)
បានដល់​របស់ដែល​គេនាំ​ទៅ ដោយ​អវយវ​មានក្បាល​ជាដើម គឺទ្រនូល ឬអម្រែក។
7)
ប្រែថា ឆ្កែព្រៃ​ក៏បាន
8)
មាត្រាវាល់​ក្នុងដែន​មគធៈ ៤នាឡិជា ១អាឡ្ហកៈ។
9)
ទម្ងន់​២០ដំឡឹង
10)
គ្រឿង​វាល់ ៤អាឡ្ហកៈ ត្រូវជា​១ទោណៈ។
km/tipitaka/vin/par/vin.par.pj.02.txt · ពេលកែចុងក្រោយ: 2018/11/19 11:47 និពន្ឋដោយ Johann