User Tools

Site Tools


Translations of this page?:
km:tipitaka:vin:par:vin.par.pj.03

ព្រះត្រៃបិដក » វិន័យបិដក » មហាវិភង្គ » បារាជិកកណ្ឌេ

បារាជិកកណ្ឌេ តតិយសិក្ខាបទំ

vin.par.pj.03 | book_001

(៣. តតិយបារាជិកំ)

[១៧៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានជោគ ទ្រង់គង់​នៅក្នុង​កូដាគារសាលា1) ក្បែរព្រៃ​មហាវន2) ទៀប​ក្រុងវេសាលី3)។ កាល​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​សំដែង​​អសុភកថា ទ្រង់​សំដែងរៀប​រាប់អំពី​អសុភ ទ្រង់​សំដែងគុណ​នៃការចំរើន​អសុភកម្មដ្ឋាន ទ្រង់​​សំដែង​គុណ​​នៃ​អសុភ​សមាបត្តិ​ក្នុងអសុភកម្មដ្ឋាន​ជាញឹកញយ ដោយ​បរិយាយ​ដ៏ច្រើន។ លំដាប់​នោះឯង ព្រះ​ដ៏​មានព្រះភាគ ទ្រង់ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ដោយ​ព្រះពុទ្ធ​ដីកាថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​ចង់​គេច​ចាកអារម្មណ៍ សម្ងំនៅ​អស់កាល​កន្លះខែ (ក្នុង​កម្មដ្ឋាន) កុំឲ្យ​អ្នកណាមួយ​ចូល​ទៅ​រក​តថាគត​ឡើយ វៀរលែង​តែភិក្ខុ​មួយរូប​ជាអ្នក​នាំបិណ្ឌបាត​ទៅឲ្យ​តថាគត។ ទើប​ពួក​ភិក្ខុ​ទាំងនោះ ទទួល​ព្រះពុទ្ធដីកា​របស់​ព្រះដ៏មាន​ព្រះភាគ​ថា ឯវំភន្តេ (យ៉ាង​ហ្នឹង​ព្រះអង្គ) តាំង​ពីកាល​នោះមក មិនមាន​អ្នកណា​មួយចូល​ទៅគាល់​ព្រះដ៏មាន​ព្រះភាគ​ឡើយ វៀរលែង​តែភិក្ខុមួយ​រូបជា​អ្នក​នាំ​​បិណ្ឌបាត​​ទៅថ្វាយ​ព្រះអង្គ។ ភិក្ខុ​ទាំងឡាយ​គិតគ្នាថា ព្រះដ៏មាន​ព្រះភាគទ្រង់​សំដែង​អសុភ​​កថា ទ្រង់​សំដែង​រៀប​​រាប់អំពី​​អសុភ ទ្រង់​សំដែងគុណ​នៃការ​ចំរើន​អសុភកម្មដ្ឋាន ទ្រង់​សំដែង​​គុណ​នៃ​​អសុភ​សមាបត្តិ ក្នុង​អសុភកម្មដ្ឋាន​ជាញឹក​ញយ។ ដោយ​បរិយាមិន​តែមួយ លុះ​គិត​ដូច្នេះហើយ ក៏​នាំគ្នា​ប្រកបសេចក្តី​ព្យាយាមក្នុង​ការចំរើន​​អសុភកម្មដ្ឋាន​​ជា​​ ច្រើនបែប​ច្រើនវិធី។ ពួក​ភិក្ខុ​ទាំង​នោះ​​កើត​សេចក្តី​​ទុក្ខ នឿយណាយ ខ្ពើមឆ្អើម​​នឹងរាងកាយ​របស់ខ្លួន​ឯង មាន​គួរនា​ដូចជា​ស្រីក្រមុំ ឬ​ប្រុស​​កំឡោះ ជាអ្នក​មានកិរិយាស្អិតស្អាង​ជាប្រក្រតី លុះបាន​ងូតទឹក កក់ក្បាល​ហើយ រមែង​​ជាទុក្ខ​​នឿយ​ណាយ ខ្ពើមឆ្អើម​​សាក​អសុភពស់ សាក​អសុភឆ្កែ ឬសាក​អសុភមនុស្ស​​ដែល​គេ​ព្យួរ​​នឹង​ក យ៉ាង​​ណា​មិញ ពួកភិក្ខុ​ទាំងនោះ​ ក៏ជា​ទុក្ខនឿយ​ណាយ ខ្ពើមឆ្អើម​នឹង​កាយ​របស់ខ្លួន យ៉ាង​នោះឯង ទើប​​ផ្តាច់​ជីវិត​​ខ្លួន​ដោយ​​ខ្លួនឯងខ្លះ ផ្តាច់ជីវិត​គ្នាទៅវិញ​ទៅមកខ្លះ ភិក្ខុខ្លះ​ចូលទៅរក​សមណកុត្តក4) ឈ្មោះ​​មិគលណ្ឌិក ហើយ​ពោលយ៉ាង​នេះថា នែអ្នក​ដ៏មាន​អាយុ យើងសូម​អង្វរអ្នក ៗចូរ​ផ្តាច់បង់​ជីវិតពួក​យើងចុះ បាត្រ​​និង​ចីវរ​ទាំង​នេះ នឹងបាន​ជារបស់​អ្នក។ គ្រានោះ​ឯង សមណកុត្តក​ឈ្មោះមិគលណ្ឌិក​ទទួល​ស៊ី​ឈ្នួល​​យក​បាត្រ និង​​ចីវរហើយ ទើប​ផ្តាច់បង់​ជីវិតភិក្ខុ​ទាំងឡាយ​ជាច្រើន​រូប ហើយ​កាន់ដាវ​​ប្រឡាក់​​ឈាមដើរ​ទៅកាន់ស្ទឹង​ឈ្មោះ​វគ្គុមុទា កាល​ដែល​សមណកុត្តក​ឈ្មោះ​មិគលណ្ឌិក​កំពុង​លាង​​ដាវ​ប្រឡាក់​​ឈាមនោះ (គាត់) ក៏​មាន​សេចក្តី​សង្ស័យ ក្តៅក្រហាយ​ស្តាយក្រោយ​ក្នុងកាលនោះ ដោយ​គិត​ឃើញថា ការនេះ​មិនមែន​ជា​លាភ​របស់អញ​ទេតើ នឹងចាត់​ថាជាលាភ​​របស់​អញ​មិនបាន​ឡើយ ជាតិ​ជា​មនុស្ស​អញ​បាន​ដោយក្រ​ណាស់ ជាតិជាមនុស្ស​ឈ្មោះថា អញ​បានដោយ​ងាយមិនមែន​ឡើយ អញបាន​បាបច្រើន​ណាស់ ព្រោះអញ​បានផ្តាច់​បង់ជីវិត​ពួកភិក្ខុអ្នក​មានសីល មាន​ធម៌ល្អ។ លំដាប់​នោះ ទេវតា ជាពួក​របស់មារ ដើរមក​លើទឹកមិនមាន​បែកធ្លាយ បាននិយាយ​ពាក្យនេះ​នឹង​សមណកុត្តក​ឈ្មោះ​មិគលណ្ឌិក​ថា ល្អហើយ​ៗអ្នកសប្បុរស ការនេះ​ជាលាភ​របស់អ្នក​ហើយ អ្នក​សប្បុរស ជាតិជាមនុស្ស​អ្នកក៏បាន​ដោយប្រពៃ​ហើយ អ្នកសប្បុរស អ្នកបាន​ប្រទះបុណ្យ​​ច្រើន​ហើយ អ្នក​សប្បុរស ព្រោះអ្នក​បានញុំាងជន​ទាំងឡាយដែល​មិនទាន់ឆ្លង​សង្សារវដ្ត​ឲ្យ​ឆ្លងផុត​ ទៅបាន។ គ្រានោះ​ឯង សមណកុត្តក​ឈ្មោះមិគលណ្ឌិក ក៏នឹកអរ​ថា ឮថា (ការនេះ) ជាលាភ​របស់អញ ឮគេថា ជាតិ​មនុស្ស អញបាន​ដោយល្អ​ហើយ ឮគេថា អញបាន​ប្រទះបុណ្យ​ជាច្រើន ឮគេថា អញបាន​ញុំាង​ជន​ទាំងឡាយ​ដែលមិនទាន់ឆ្លង (សង្សារវដ្ត) ឲ្យឆ្លង​ផុតទៅបាន លុះ​គិតដូច្នេះ​ហើយ ក៏កាន់​ដាវមុត​ដើរ​ចេញពីវិហារ​ចូលទៅ​កាន់វិហារ ចេញ​ពីបរិវេណ​ចូលទៅ​កាន់បរិវេណ ហើយ​ពោលយ៉ាង​នេះថា លោកណា​មិនទាន់ឆ្លង (សង្សារវដ្ត) ខ្ញុំនឹង​ឲ្យលោកណា​ឆ្លងសង្សារវដ្ត​បាន។ បណ្តា​ភិក្ខុទាំងនោះ ភិក្ខុ​ទាំងឡាយ​ណាដែលមិន​ទាន់ប្រាសចាក​រាគៈ សេចក្តីខ្លាច សេចក្តី​ញាប់ញ័រ និងសេចក្តី​ព្រឺ​រោម ក៏​មាន​ដល់ភិក្ខុ​ទាំងនោះជា​ប្រាកដក្នុង​សម័យនោះ។ ចំណែក​ភិក្ខុទាំង​ឡាយណា ដែល​ប្រាសចាក​​រាគៈ​ហើយ សេចក្តីខ្លាច សេចក្តី​ញាប់ញ័រ និង​សេចក្តីព្រឺរោម ក៏​មិនមាន​ដល់ភិក្ខុ​ទាំងនោះក្នុង​សម័យ​នោះ​ឡើយ។ គ្រានោះ សមណកុត្តក​ឈ្មោះ​​មិគលណ្ឌិក ក៏ផ្តាច់​បង់ជីវិតភិក្ខុ​ក្នុងមួយថ្ងៃ​១រូបក៏មាន ក្នុង១ថ្ងៃ​ ផ្តាច់​បង់ជីវិត​ភិក្ខុពីររូប​ក៏មាន ១ថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​បីរូបក៏មាន ១ថ្ងៃផ្តាច់​បង់ជីវិត​ភិក្ខុបួនរូប​​ក៏​មាន ១ថ្ងៃផ្តាច់​បង់ជីវិតភិក្ខុ​ប្រាំរូបក៏​មាន។ បេ។ ១ថ្ងៃផ្តាច់​បង់ជីវិត​ភិក្ខុដប់រូប​ក៏មាន ១ថ្ងៃផ្តាច់​បង់ជីវិតភិក្ខុ​ម្ភៃរូបក៏មាន ១ថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​សាមសិបរូប​ក៏មាន ១ថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​សែសិបរូប​ក៏មាន ១ថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​ហាសិប​រូបក៏មាន ១ថ្ងៃផ្តាច់​បង់ជីវិត​ភិក្ខុហុកសិប​រូបក៏មាន

[១៧៧] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាក​ទីសម្ងំក្នុងព្រះកម្មដ្ឋាន​ដោយកន្លង​កន្លះខែ​នោះទៅ ទើបទ្រង់​ត្រាស់​នឹង​ព្រះអានន្ទ​ដ៏មានអាយុ ដោយ​ព្រះពុទ្ធដីកា​ថា ដូចម្តេច​ហ្ន៎ អានន្ទ បានជា​ភិក្ខុសង្ឃហាក់​ដូចជាស្តួច​ស្តើងទៅ។ ទើប​ព្រះអានន្ទត្ថេរ ក្រាប​បង្គំទូល​ថា បពិត្រ​ព្រះអង្គ​​ដ៏​ចំរើន ពិតដូច​ព្រះពុទ្ធដីកា​ណាស់ ព្រោះ​ព្រះ​ដ៏មានព្រះភាគ​ទ្រង់​សំដែង​អសុភកថា ដោយ​បរិយាយ​​ជាច្រើន ទ្រង់​សរសើររៀប​រាប់អំពី​អសុភ ទ្រង់​សរសើរ​គុណ​អសុភភាវនា ទ្រង់​សរសើរគុណ​នៃ​អសុភ​សមាបត្តិ ក្នុង​អសុភកម្មដ្ឋាន​ជាញឹកញយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​ទាំងនោះ ក៏គិត​គ្នាថា ព្រះដ៏មាន​ព្រះភាគ ទ្រង់​សំដែង​អសុភកថា ដោយ​បរិយាយដ៏​ច្រើន ទ្រង់​​សរសើរ​​រៀប​រាប់​អំពី​អសុភ​​កថា ទ្រង់​សរសើរគុណ​អសុភភាវនា ទ្រង់​សរសើរគុណ​នៃការ​ប្រកប​ដោយអសុភកម្មដ្ឋាន​ជាញឹក​ញយ ហើយ (នាំគ្នា) ប្រកប​សេចក្តីព្យាយាម​ក្នុងអសុភភាវនា ជា​ច្រើនវិធី​ណាស់។ ទើប​ភិក្ខុ​ទាំងនោះ ជា​ទុក្ខនឿយ​ណាយ ខ្ពើមឆ្អើម​នឹងកាយ​របស់ខ្លួន ប្រៀបដូច​ជាស្រីក្រមុំ ឬបុរស​ក្មេង​កំឡោះ មាន​ជាតិជាអ្នក​ស្អិតស្អាង លុះងូតទឹក កក់ក្បាល​ហើយ រមែង​ជា​ទុក្ខនឿយ​ណាយ ខ្ពើម​ឆ្អើម​សាកអសុភពស់​ក្តី សាកអសុភឆ្កែ​ក្តី សាកអសុភ​មនុស្ស​ក្តី ដែលចង​ភ្ជាប់នឹងក មាន​ឧបមាយ៉ាង​ណា​មិញ ភិក្ខុ​ទាំងអម្បាល​នោះ កាលជា​ទុក្ខនឿយ​ណាយ ខ្ពើមឆ្អើម​នឹងកាយ​របស់ខ្លួន ក៏មាន​ឧបមេយ្យ​​យ៉ាងនោះ ទើបផ្តាច់​បង់ជីវិតខ្លួន​ដោយខ្លួន​ឯងក៏មាន ខ្លះផ្លាស់​គ្នាឲ្យផ្តាច់​បង់ជីវិត​ទៅវិញទៅមក​ក៏​មាន រូបខ្លះ​បានចូលទៅ​រកសមណកុត្តក​ឈ្មោះមិគលណ្ឌិក ហើយ​ពោលយ៉ាង​នេះថា ម្នាល​អាវុសោ ពួកយើង​សូមអង្វរ​អ្នក អ្នកចូរ​ផ្តាច់បង់​ជីវិតពួក​យើងចុះ បាត្រ និងចីវរ​នេះនឹងបាន​ជារបស់អ្នក បពិត្រ​​ព្រះអង្គដ៏ចំរើន គ្រានោះ​ឯង សមណកុត្តក​ឈ្មោះមិគលណ្ឌិក លុះបាន​ទទួលស៊ីឈ្នួល​យកបាត្រ និងចីវរ​ហើយ ទើបផ្តាច់​បង់ជីវិត​ភិក្ខុមួយ​រូបមួយថ្ងៃ​ក៏មាន។ បេ។ មួយថ្ងៃ​ផ្តាច់បង់​ជីវិតភិក្ខុ​ហុកសិប​រូប​​ក៏មាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​សូមអង្វរ ភិក្ខុសង្ឃ​នេះគប្បីស្ថិត​ស្ថេរនៅបាន​ដោយ​ហេតុ​​ណា សូមព្រះដ៏​មានព្រះភាគ ទ្រង់​សំដែងហេតុ​នោះដទៃ​ទៀត។ ទើប​​ព្រះដ៏មាន​ព្រះភាគទ្រង់​​ត្រាស់​ថា ម្នាល​អានន្ទ បើដូច្នោះ ភិក្ខុ​ទាំង​អម្បាល​មាណ​ដែលអាស្រ័យ​នៅក្នុង​ក្រុងវេសាលី អ្នកចូរ​ឲ្យ​ភិក្ខុ​​អម្បាលនោះ​ទាំងអស់ប្រជុំ​គ្នាក្នុង​ឧបដ្ឋាន​សាលាចុះ។ ព្រះអានន្ទ​ដ៏មានអាយុ ទទួល​ព្រះពុទ្ធដីកា​​របស់ព្រះ​ដ៏មានព្រះភាគ​ថា ព្រះករុណា​ព្រះអង្គ ដូច្នេះ​ហើយ ភិក្ខុ​ទាំងឡាយ​មានប្រមាណ​​ប៉ុន្មាន​ដែល​​អាស្រ័យ​​នៅក្នុង​ក្រុងវេសាលី ព្រះអានន្ទ​ក៏បង្គាប់​ភិក្ខុអម្បាល​នោះទាំង​អស់ឲ្យ​ប្រជុំគ្នាក្នុង​​ ឧបដ្ឋានសាលា5) ទើប​ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ ហើយ​បានក្រាប​បង្គំទូល​ព្រះដ៏​មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​សង្ឃប្រជុំគ្នា​ព្រមហើយ ព្រះករុណា​ម្ចាស់ សូម​ព្រះដ៏មាន​ព្រះភាគ​ទ្រង់សំគាល់​កាលដ៏សម​គួរក្នុង​កាល​ឥឡូវនេះ។

[១៧៨] គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់យាងចូលទៅកាន់​ឧបដ្ឋានសាលា លុះចូល​​ទៅដល់ហើយ ទ្រង់​ប្រថាប់លើ​អាសនៈដែលគេ​តាក់តែងថ្វាយ។ លុះ​ព្រះដ៏មាន​ព្រះភាគ​ទ្រង់​​គង់​ប្រថាប់​​ស្រេចហើយ ទើបត្រាស់​នឹងភិក្ខុ​ទាំងឡាយ​ដោយព្រះពុទ្ធដីកា​ថា ម្នាលភិក្ខុ​ទាំងឡាយ អានាបានស្សតិ​សមាធិ​នេះឯង ដែល​បុគ្គលចំរើន​ហើយ ធ្វើឲ្យច្រើន​ជាប្រក្រតី​ហើយ ជាធម៌​​ល្អិត​ផង ជាធម៌​​ឧត្តមផង ជាធម៌​​មិនច្រឡូក​ច្រឡំ គឺជាធម៌​ដោយឡែក​ផង ជាគ្រឿង​នៅ នាំមកនូវ​សេចក្តី​សុខ​​ផង តែងញុំាង​អកុសលធម៌​ទាំងឡាយ​ដ៏លាមក ដែល​កើតឡើង​ៗឲ្យសាប​សូន្យទៅ​ផង ឲ្យស្ងប់​រម្ងាប់​​ទៅផង ដោយ​ទំនងដ៏​សមគួរ ម្នាល​ភិក្ខុទាំងឡាយ ប្រៀប​ដូចកំទេច​ធូលីដែល​ខ្យល់បក់​​កួចឡើងក្នុង​ខែដែលជា​ចុងគិម្ហន្ត​រដូវ គឺខែ​អាសាឡ្ហ មហា​អកាលមេឃ (ភ្លៀង​ធំបង្អុរចុះ​​ខុស​កាល​​វេលា) តែងញុំាង​​កំទេចធូលី​នោះឲ្យ​អន្តរធាន ឲ្យ​ស្ងប់ទៅ​បាន ដោយ​ទំនង​ដ៏សមគួរ មាន​ឧបមា​យ៉ាង​ណាមិញ ម្នាល​ភិក្ខុទាំងឡាយ អានាបានស្សតិ​សមាធិ ដែល​បុគ្គល​បានអប់រំ ធ្វើឲ្យ​ច្រើន​ជា​​ប្រក្រតី​ហើយ ជាធម៌ល្អិត​ផង ជាធម៌​ឧត្តម​ផង ជាធម៌មិន​ច្រឡូកច្រឡំ គឺ​ជា​ធម៌ដោយ​ឡែកផង ជា​​គ្រឿងនៅ នាំមក​នូវសេចក្តី​សុខផង តែង​ញុំាង​អកុសលធម៌​ទាំងឡាយ​​ដ៏លាមក ដែលកើត​ឡើងៗ ឲ្យ​សាបសូន្យ​ទៅ ឲ្យស្ងប់​រំងាប់ទៅ​ដោយទំនង​ដ៏សមគួរ ក៏មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ អានាបានស្សតិ​សមាធិដែល​បុគ្គលចំរើន​ហើយ តើដូចម្តេច ដែល​បុគ្គលធ្វើ​ឲ្យច្រើន​ជា​ប្រក្រតី​ហើយ ជាធម៌​ល្អិតផង ជា​ធម៌ឧត្តមផង ជា​ធម៌មិនច្រឡូក​ច្រឡំ គឺជាធម៌​​ដោយឡែក​ផង ជា​គ្រឿង​នៅ នាំមក​នូវសេចក្តី​សុខផង តែងញុំាង​​អកុសលធម៌​ទាំងឡាយ​​ដ៏លាមក ដែលកើត​ឡើងៗ ឲ្យសាប​សូន្យទៅ ឲ្យស្ងប់​រំងាប់ទៅដោយ​ទំនងដ៏សម​គួរ តើដូចម្តេច ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​​សាសនានេះ ទៅកាន់​ព្រៃក្តី ទៅកាន់​ទីជិតនៃ​ដើមឈើក្តី ទៅកាន់​ផ្ទះដ៏ស្ងាត់​ក្តី អង្គុយ​ពែនភ្នែន តាំង​​កាយ​ឲ្យត្រង់ ដំកល់​សតិឲ្យ​មានមុខ​ឆ្ពោះទៅ​រកកម្មដ្ឋាន ភិក្ខុ​នោះមាន​សតិ ដក​ដង្ហើមចេញ មាន​​សតិ​ដកដង្ហើម​ចូល កាលដក​ដង្ហើមចេញ​វែង ក៏ដឹង​ច្បាស់ថា អញដក​ដង្ហើមចេញ​វែង ឬកាល​​ដកដង្ហើម​​ចូលវែង ក៏ដឹង​ច្បាស់ថា អញដក​ដង្ហើមចូល​វែង កាលដក​ដង្ហើមចេញ​ខ្លី ក៏ដឹង​ច្បាស់ថា អញដក​ដង្ហើមចេញ​ខ្លី ឬកាល​​ដកដង្ហើម​​ចូលខ្លី ក៏ដឹង​ច្បាស់ថា អញ​ដកដង្ហើម​ចូលខ្លី (ភិក្ខុ) សិក្សា​ថា អញនឹង​កំណត់ដឹង​ច្បាស់នូវ​កងខ្យល់​ទាំងពួង សឹម​ដកដង្ហើម​ចេញ សិក្សា​ថា អញ​នឹង​​កំណត់​ដឹង​​ច្បាស់​នូវ​​កង​ខ្យល់​​ទាំងពួង សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​រម្ងាប់កាយ​សង្ខារ (គឺ​ខ្យល់​អស្សាស​បស្សាស) សឹម​ដកដង្ហើម​ចេញ សិក្សាថា អញ​នឹងរម្ងាប់​កាយសង្ខារ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងកំណត់​ដឹងច្បាស់​នូវបីតិ (គឺ​សេចក្តី​ឆ្អែតកាយ​ឆ្អែតចិត្ត) សឹម​ដក​ដង្ហើមចេញ សិក្សា​​ថា អញ​នឹង​កំណត់​ដឹងច្បាស់​នូវបីតិ សឹមដក​ដង្ហើមចូល សិក្សា​ថា អញនឹង​កំណត់ដឹង​ច្បាស់នូវ​សុខ (គឺ​សុខកាយ សុខចិត្ត) សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងកំណត់​ដឹងច្បាស់​នូវសុខ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងកំណត់​ដឹងច្បាស់​នូវចិត្តសង្ខារ (គឺវេទនា និងសញ្ញា) សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងកំណត់​ដឹងច្បាស់​នូវចិត្តសង្ខារ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងរម្ងាប់​ចិត្តសង្ខារ សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងរំងាប់​ចិត្តសង្ខារ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងកំណត់​ដឹងច្បាស់​នូវចិត្ត សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងកំណត់​ដឹង​ច្បាស់​នូវចិត្ត សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងធ្វើចិត្ត​ឲ្យរីករាយ សឹម​ដក​ដង្ហើមចេញ សិក្សា​ថា អញ​នឹង​ធ្វើចិត្ត​ឲ្យរីករាយ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងតាំង​ចិត្តខ្ជាប់ សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងតាំង​ចិត្តខ្ជាប់ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹងដោះចិត្ត​ឲ្យផុត​ស្រឡះ សឹម​​ដកដង្ហើម​ចេញ សិក្សា​ថា អញ​​នឹងដោះ​ចិត្តឲ្យផុត​ស្រឡះ សឹម​ដកដង្ហើម​ចូល សិក្សាថា អញ​នឹង​ពិចារណា​ដោយ​សភាពជា​របស់មិន​ទៀង សឹម​ដក​ដង្ហើមចេញ សិក្សា​ថា អញ​នឹងពិចារណា​ដោយ​សភាព​ជារបស់មិនទៀង សឹមដកដង្ហើម​ចូល សិក្សាថា អញនឹង​ពិចារណា​ដោយសភាពឥតរាគៈ សឹម​ដកដង្ហើមចេញ សិក្សា​ថា អញ​នឹងពិចារណា​ដោយ​សភាព​ឥតរាគៈ សឹមដកដង្ហើមចូល សិក្សាថា អញនឹង​ពិចារណា​ដោយសភាពរលត់ទៅ សឹម​ដកដង្ហើមចេញ សិក្សា​ថា អញ​នឹងពិចារណា​ដោយ​សភាពរលត់ទៅ សឹមដកដង្ហើមចូល សិក្សាថា អញនឹង​ពិចារណា​រឿយៗ ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹម​ដកដង្ហើម​ចេញ សិក្សា​ថា អញ​នឹងពិចារណារឿយៗ ​ដោយកិរិយាលះបង់នូវសេចក្តីប្រកាន់ សឹមដកដង្ហើមចូល ម្នាលភិក្ខុ​ទាំងឡាយ អានាបានស្សតិសមាធិ ដែលបុគ្គលបានចំរើនហើយយ៉ាងនេះ ដែលបុគ្គលធ្វើឲ្យច្រើនហើយ​យ៉ាងនេះ ជាធម៌​ល្អិតផង ជាធម៌​ឧត្តមផង ជាធម៌មិនច្រឡូកច្រឡំ គឺជាធម៌​ដោយឡែកផង ជាគ្រឿង​នៅ នាំមកនូវសេចក្តីសុខផង តែង​ញុំាង​​អកុសលធម៌​ទាំងឡាយដ៏លាមក​ដែល​កើតឡើងៗ ឲ្យ​សាបសូន្យទៅ ឲ្យ​ស្ងប់ទៅ ដោយទំនងដ៏សមគួរ។

[១៧៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយ​ទ្រង់​សាកសួរ​ភិក្ខុ​ទាំងឡាយ​ក្នុងគ្រានោះ​ថា ម្នាលភិក្ខុ​ទាំងឡាយ បានឮថា ពួកភិក្ខុ​ផ្តាច់បង់​ជីវិត​ខ្លួន​ដោយខ្លួន​ឯងខ្លះ ផ្លាស់គ្នា​ឲ្យផ្តាច់បង់​ជីវិតទៅវិញ​ទៅមកខ្លះ ភិក្ខុ​ខ្លះ​ចូល​ទៅរក​សមណកុត្តក ឈ្មោះ​មិគលណ្ឌិក ហើយ​និយាយ​យ៉ាងនេះថា ម្នាល​អាវុសោ ពួកយើង​សូមអង្វរអ្នក ៗចូរ​ផ្តាច់បង់​ជីវិត​ពួក​យើងចុះ បាត្រ និង​ចីវរ​ទាំងនេះនឹង​បានជារបស់​អ្នក (យ៉ាងនេះ) ពិតមែន​ឬ។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​ថា សូមទ្រង់​ព្រះមេត្តា​ប្រោស ពិតមែន។ ព្រះពុទ្ធ​ដ៏ទ្រង់​ព្រះភាគ ទ្រង់​តិះដៀលថា ម្នាល​ភិក្ខុ​​ទាំងឡាយ អំពើ​ដែលអ្នក​ទាំងឡាយ​បានធ្វើហើយ​នេះ មិនសម មិនទំនង មិនគួរ មិនមែន​ជា​កិច្ច​របស់​សមណៈ មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលភិក្ខុ​ទាំងឡាយ ហេតុ​ដូចម្តេច បានជា​ពួកភិក្ខុ​ទាំង​នោះទៅផ្តាច់​បង់ជីវិត​ខ្លួនដោយ​ខ្លួនឯងខ្លះ ផ្លាស់​គ្នាឲ្យផ្តាច់​ជីវិតទៅវិញ​ទៅមកខ្លះ ភិក្ខុខ្លះ​ចូល​ទៅ​រកសមណកុត្តក ឈ្មោះ​មិគលណ្ឌិក ហើយពោល​យ៉ាងនេះថា ម្នាល​អាវុសោ ពួកយើង​សូម​អង្វរ​អ្នក ៗចូរផ្តាច់​បង់ជីវិត​ពួកយើង​ចុះ បាត្រ និង​ចីវរ​នេះនឹងបាន​ជារបស់​អ្នក ម្នាល​ភិក្ខុទាំងឡាយ អំពើនេះ​មិន​ប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​ជ្រះថ្លា​ដល់ជន​ទាំងឡាយ​ ដែលមិនទាន់​ជ្រះថ្លា។ បេ។ ម្នាល​​ភិក្ខុទាំង​ឡាយ អ្នក​ទាំងឡាយ​​គប្បីសំដែង​សិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយក្លែង​ផ្តាច់​បង់​រាង​កាយ​របស់​មនុស្ស​ឲ្យឃ្លាតចាក​ជីវិតក្តី ទោះបី​ស្វែងរក​គ្រឿងសស្ត្រាវុធ (ឲ្យគេ​សម្លាប់) រាងកាយ​មនុស្ស​នោះក្តី ភិក្ខុនេះឯង​ហៅថា ត្រូវ​អាបត្តិ​បារាជិក រកសំវាសគ្មាន។ សិក្ខាបទ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ហើយ ដល់ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ។

[១៨០] សម័យនោះឯង មានឧបាសកម្នាក់មានជម្ងឺ។ ប្រពន្ធរបស់​ឧបាសកនោះ មានរូប​ល្អ​​ស្រស់បស់​មុខគួរឲ្យគយ​គន់ជាទីនាំ​មកនូវសេចក្តី​ជ្រះថ្លា។ ពួក​ឆព្វគ្គិយភិក្ខុ​មានចិត្ត​ប្រតិព័ទ្ធ​​ចំពោះ​ស្រី​នោះ។ គ្រានោះ​សេចក្តីបរិវិតក្ក​នេះបានមាន​ដល់ពួកឆព្វគ្គិយភិក្ខុ​ដូច្នេះថា ម្នាល​អាវុសោ​ទាំង​ឡាយ បើ​ឧបាសកនោះ​នឹងរស់នៅ ពួកយើង​មុខជានឹង​មិនបានស្រី​នោះទេ ម្នាល​អាវុសោ​ទាំង​ឡាយ បើដូច្នោះ យើង (នាំគ្នា) ពណ៌នា​គុណនៃសេចក្តី​ស្លាប់ដល់​ឧបាសកនោះ។ គ្រានោះ​ឯង ពួក​ឆព្វគ្គិយភិក្ខុ​នាំគ្នាចូលទៅ​កាន់ទីដែល​ឧបាសក​នោះនៅ លុះចូល​ទៅដល់​ហើយ ក៏និយាយ​ពាក្យ​នេះ​នឹង​ឧបាសក​នោះថា ម្នាល​ឧបាសក អ្នកឯង​បានធ្វើអំពើ​ល្អមកហើយ បាន​ធ្វើកុសលមក​ហើយ បាន​ធ្វើ​កម្មជាគ្រឿង​ការពារភ័យ​រួចអស់​ហើយ អ្នកឯង​មិនដែល​ធ្វើបាប មិនដែល​ធ្វើអំពើ​លាមក មិនដែល​ធ្វើអំពើអាក្រក់ អំពើល្អ​អ្នកបាន​ធ្វើហើយ បាបអ្នក​មិនធ្លាប់​ធ្វើឡើយ អ្នកឯង​មាន​ប្រយោជន៍​​អ្វី​ដោយ​ជីវិតអាក្រក់​លាមកនេះ អ្នកស្លាប់​ទៅប្រសើរ​ជាងរស់នៅ អ្នកធ្វើ​កាលកិរិយា រំលាង​ខន្ធ​ស្លាប់​ចាក​មនុស្សលោកនេះ ទៅកាន់​បរលោក នឹងកើតក្នុង​មនុស្សសុគតិ ឬស្ថាន​សួគ៌ អ្នកនឹងបាន​ឆ្អែត​ស្កប់​ស្កល់ (នឹងបាន​ឲ្យស្រីអប្សរ​ទាំងឡាយ) បម្រើ​ដោយកាមគុណ​ទាំង៥ ដ៏ជាទិព្វ​ក្នុងស្ថាន​សួគ៌​នោះ។ គ្រានោះ​ឯង ឧបាសក​នោះគិតថា លោកម្ចាស់​ទាំងឡាយ​និយាយ (នេះ) ពិត​ណាស់ ដ្បិត​ខ្លួន​​អញ​ជាមនុស្ស​បានធ្វើអំពើ​ល្អមកហើយ បាន​ធ្វើកុសល​មកហើយ បានធ្វើ​វិធីការពារ​ភ័យ (ក្នុង​អបាយភូមិ) ហើយ បាប អញមិន​ដែលធ្វើ​ឡើយ អំពើ​អាក្រក់ ក៏អញ​មិនដែល​ធ្វើ មិន​ធ្លាប់ធ្វើ​អំពើ​អាក្រក់​​សោះ អំពើ​ប្រពៃ អញបាន​ធ្វើហើយ បាប អញ​មិនធ្លាប់​ធ្វើឡើយ អញ​មាន​​ប្រយោជន៍​អ្វី​ដោយ​ជីវិតអាក្រក់​លាមកនេះ អញ​​ស្លាប់ទៅ​ប្រសើរជាង​រស់នៅ អញ​​ធ្វើកាលកិរិយា​ រំលាង​ខន្ធស្លាប់​ចាកមនុស្ស​លោកនេះ ទៅកាន់​បរលោក នឹងកើត​ក្នុងមនុស្ស​សុគតិ ឬស្ថាន​សួគ៌ អញ​មុខ​​ជានឹងបាន​ឆ្អែតស្កប់​ស្កល់ (ឲ្យស្រី​ទេពអប្សរ​ទាំងឡាយ) បម្រើ​ដោយកាមគុណ​ទាំង៥ ដែល​ជា​ទិព្វក្នុងស្ថាន​សួគ៌នោះ។ ឧបាសក​នោះបរិភោគ​ភោជនទាំងឡាយ​ដែលមិន​សប្បាយ (គឺអាហារ​​ដែល​ស្លែង​​នាំឲ្យកើត​រោគ) ទំពាស៊ី​តែខាទនីយ (គ្រឿង​ទំពា) ដែលមិន​សប្បាយផង ជញ្ជាប់​​ជញ្ជក់​តែវត្ថុ​សម្រាប់​ជញ្ជាប់ជញ្ជក់​ដែលមិន​សប្បាយផង ផឹកទឹក​ដែលមិន​សប្បាយផង។ កាលឧបាសក​​នោះ​បរិភោគ​ភោជនដែល​មិនសប្បាយ​តែម្យ៉ាងផង កាលទំពា​ស៊ីខាទនីយ​វត្ថុដែលមិន​សប្បាយផង កាល​ជញ្ជាប់ជញ្ជក់​វត្ថុសម្រាប់​ជញ្ជាប់ជញ្ជក់​​មិនសប្បាយ​ផង ផឹកទឹក​​ដែល​មិន​សប្បាយ​ផង អាពាធ​ដ៏​ក្លៀវក្លា​​ក៏កើត​ឡើង។ ឧបាសក​នោះក៏ធ្វើកាល​កិរិយាស្លាប់​ទៅដោយ​អាពាធនោះ​ឯង។ ទើប​​ប្រពន្ធ​របស់​​ឧបាសក​នោះពោល​ទោស តិះដៀល បន្តុះបង្អាប់ថា ពួក​សមណៈ​ទាំងនេះ ជាសក្យបុត្រ ជាបុគ្គល​ឥតខ្មាស ជាមនុស្ស​ទ្រុស្តសីល មានប្រក្រតី​ពោលពាក្យ​មុសា ពួកសមណៈ​ទាំងនេះ​នឹង​ប្តេជ្ញាខ្លួនថា​ជាអ្នក​ប្រព្រឹត្តធម៌ ជា​អ្នកប្រព្រឹត្ត​រៀបរយ ជាអ្នក​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ជាអ្នក​​ពោល​ពាក្យ​សត្យ ជាអ្នក​មានសីល ជាអ្នក​មានកល្យាណធម៌ ដូច​ម្តេចបាន ភាព​សមណៈរ​បស់ភិក្ខុ​​ទាំង​នេះ​គ្មាន​ទេ ព្រហ្មចរិយធម៌​របស់ភិក្ខុ​ទាំងនេះ​ក៏គ្មានទេ សាមញ្ញ​គុណរបស់​សមណៈទាំង​នេះវិនាស​អស់​​ហើយ ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះ​វិនាសអស់​ហើយ សាមញ្ញគុណ​របស់សមណៈ​​ទាំង​នេះ​​នឹងមានមក​ពីណា ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះនឹង​មានមកពីណា សមណៈ​ទាំងនេះបា្រស​​ចាក​សាមញ្ញគុណ​ហើយ សមណៈ​ទាំងនេះប្រាស​ចាកព្រហ្មញ្ញ​គុណហើយ (ព្រោះ) សមណៈ​ទាំង​នេះ​បានពណ៌នា​គុណនៃសេចក្តី​ស្លាប់​ដល់​ស្វាមីរបស់​អញ ស្វាមីរបស់​អញ គឺ​សមណៈ​ទាំងនេះ​សម្លាប់​ហើយ។ ទាំងពួកមនុស្ស​ឯទៀតក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ​ពួកនេះ ជាសក្យបុត្រ ជាមនុស្ស​ឥតខ្មាស ជាមនុស្ស​ទ្រុស្តសីល ពោល​តែពាក្យ​មុសា ពួក​សមណៈ​ទាំងនេះ​​ប្តេជ្ញាខ្លួន​ថាជាអ្នក​ប្រព្រឹត្តធម៌ ប្រព្រឹត្ត​រៀបសា ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ​ពោល​​ពាក្យសច្ច មាន​សីល មានកល្យាណធម៌ ដូចម្តេច​បាន (ព្រោះ) សាមញ្ញគុណ​របស់សមណៈ​ទាំងនេះគ្មាន​ទេ ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះក៏​គ្មានទេ សាមញ្ញគុណ​របស់សមណៈ​​ទាំង​នេះ​វិនាស​អស់ហើយ ព្រហ្មញ្ញគុណ​របស់សមណៈ​ទាំងនេះ​វិនាសអស់​ហើយ សាមញ្ញគុណ​របស់សមណៈ​ទាំងនេះនឹង​មានមក​ពីណា ព្រហ្មញ្ញគុណ​របស់សមណៈ​​ទាំងនេះ​នឹង​​មាន​មក​ពីណា ពួកសមណៈ​ទាំងនេះបា្រស​​ចាក​សាមញ្ញគុណ​ហើយ ពួក​​សមណៈ​​ទាំងនេះ​ប្រាស​​ចាក​ព្រហ្មញ្ញ​គុណហើយ (ព្រោះ) សមណៈ​ទាំងនេះ​បានពណ៌នា​គុណនៃ​សេចក្តីស្លាប់​ដល់​ឧបាសក ឧបាសក​ដែលស្លាប់ ពីព្រោះ​តែសមណៈ​ទាំងនេះ។ ភិក្ខុទាំង​ឡាយបាន​ឮមនុស្ស​​ពួកនោះ​​កំពុង​​ពោល​ទោស តិះដៀល បន្តុះបង្អាប់។ ពួកភិក្ខុ​ណាជាអ្នក​មានសេចក្តី​ប្រាថ្នាតិច។ បេ។ ភិក្ខុ​ទាំងនោះ ក៏ពោល​ទោស តិះដៀល បន្តុះ​បង្អាប់​ថា​ ហេតុម្តេច​បានជាពួក​ឆព្វគ្គិយភិក្ខុទៅ​ពណ៌នា​គុណ​​នៃ​សេចក្តី​ស្លាប់ដល់​ ឧបាសក (ដូច្នោះ)។ គ្រានោះ​ឯង ពួកភិក្ខុ​ទាំងនោះ បាន​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ បេ។ ព្រះបរម​សាស្តា​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ ឮថា អ្នក​ទាំង​ឡាយ​ពណ៌នា​គុណនៃ​សេចក្តី​ស្លាប់ដល់​ឧបាសក មែនឬ។ ពួកភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា បពិត្រ​​ព្រះដ៏មាន​ព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ ទ្រង់តិះដៀល​ថា ម្នាលមោឃបុរស​ទាំងឡាយ (អំពើ​ដែលអ្នក​ទាំងអស់គ្នា​ធ្វើហើយនុ៎ះ) មិន​សមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើសោះ ម្នាល​មោឃបុរស​ទាំងឡាយ ហេតុម្តេច​ បានជា​អ្នកទាំងឡាយ ទៅពណ៌នា​គុណនៃ​សេចក្តីស្លាប់​ដល់ឧបាសក (ដូច្នោះ) ម្នាល​មោឃបុរស​ទាំងឡាយ អំពើ​នេះ​មិន​នាំ​ឲ្យជ្រះថ្លា​ដល់ជន​ទាំងឡាយ​ដែលមិនទាន់​ជ្រះថ្លាទេ។ បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយ​គប្បី​សំដែង​​សិក្ខាបទនេះ យ៉ាងនេះ​ថា ភិក្ខុណា​មួយក្លែង​ផ្តាច់បង់​រាងកាយ​របស់មនុស្ស ឲ្យឃ្លាត​ចាក​ជីវិត​ក្តី ទោះបី​ស្វែងរក​គ្រឿង​សស្ត្រាវុធ (ឲ្យគេ​សម្លាប់) រាងកាយ​មនុស្សនោះ​ក្តី ពណ៌នា​គុណ​នៃ​​សេចក្តី​ស្លាប់ក្តី ឬនិយាយ​ណែនាំដើម្បី​សេចក្តី​ស្លាប់ថា នែបុរស​ដ៏ចំរើន អ្នកមាន​ប្រយោជន៍អ្វី​​ដោយ​ជីវិត​អាក្រក់លាមក​នេះ អ្នកស្លាប់​ទៅ​ប្រសើរ​ជាងរស់នៅ (ភិក្ខុ) មាន​ចិត្តគិត​ដូច្នេះ មានសេចក្តី​ត្រិះរិះ​ក្នុង​ចិត្ត​ដូច្នេះ គប្បីពណ៌នា​គុណនៃ​សេចក្តីស្លាប់ ឬគប្បី​ណែនាំដើម្បី​សេចក្តីស្លាប់​ដោយអនេក​​បរិយាយ ភិក្ខុនេះ​ក្តី ហៅថា​ត្រូវអាបត្តិ​បារាជិក មិនមាន​សំវាសឡើយ។

[១៨១] ត្រង់ពាក្យថា ភិក្ខុណាមួយ (ក្នុងបេយ្យាលទាំងពីរ មាន​សេចក្តីអធិប្បាយ​ដូចក្នុង​​បារាជិកកណ្ឌទី១)។ ត្រង់បទ​ថា ក្លែង (នោះ) គឺដឹងជាក់​ច្បាស់ហើយ ក្លែង​សម្លាប់។ ដែលហៅថា រាងកាយ​នៃមនុស្ស (នោះ) គឺបឋម​ចិត្តណាដែល​កើតឡើង​ហើយ បឋមវិញ្ញាណ​ណាដែល​​កើត​ឡើង​​ប្រាកដ​ហើយ ក្នុងផ្ទៃ​នៃមាតា ដរាបដល់​ពេលស្លាប់ ក្នុងរវាង​​កាលប៉ុណ្ណេះ នេះឯង​ហៅថា រាងកាយ​​របស់​មនុស្ស។ ត្រង់​ពាក្យថា ផ្តាច់បង់​ចាកជីវិត គឺចូល​ទៅផ្តាច់បង់ ញុំាង​ឥន្ទ្រិយ គឺជីវិត​ឲ្យរលត់ទៅ គឺថាញុំាង​សន្តតិ (ខ្សែត​នៃចិត្ត) ឲ្យ​កំរើក។ ត្រង់​ពាក្យថា ទោះបី​ស្វែងរក​គ្រឿងសាស្ត្រាវុធ (ឲ្យ​គេសម្លាប់) រាង​កាយមនុស្ស​នោះក្តី សេចក្តីថា គឺគប្បី​ស្វែងរក​ដាវក្តី លំពែង​ក្តី ច្បូកក្តី ឈើស្រួចក្តី អន្លូងក្តី ថ្មក្តី កាំបិតក្តី ថ្នាំពិសក្តី ខ្សែក្តី។

[១៨២] ត្រង់ពាក្យថា ពណ៌នាគុណនៃ​សេចក្តីស្លាប់ក្តី សេចក្តីថា សំដែង​​ទោស​ក្នុងកិរិយា​រស់​នៅ ពោល​សរសើរគុណ​ក្នុងការស្លាប់។

[១៨៣] ត្រង់ពាក្យថា និយាយណែនាំដើម្បីសេចក្តីស្លាប់ក្តី សេចក្តីថា និយាយ​ណែនាំថា អ្នក​ចូរ​នាំគ្រឿង​សស្ត្រាមកក្តី ថាអ្នកចូរ​ស៊ីថ្នាំពិសក្តី ថាអ្នកចូរ​ចងរិតដោយខ្សែ ហើយធ្វើ​មរណកាល​​ទៅ​ក្តី (យ៉ាងនេះ​ហៅថា និយាយ​ណែនាំដើម្បី​សេចក្តី​ស្លាប់)។

[១៨៤] ត្រង់ពាក្យថា នែបុរសដ៏ចំរើន (នេះ) ជាឈ្មោះនៃពាក្យអាលបន (ពាក្យ​សម្រាប់​​ហៅ​រក) ថា ម្នាលបុរស​ដ៏ចំរើន។ ត្រង់ពាក្យ​ថា អ្នកមាន​ប្រយោជន៍​អ្វី​ដោយជីវិត​អាក្រក់លាមកនេះ អ្នក​ស្លាប់ទៅប្រសើរ​ជាងកិរិយា​រស់នៅ មាន​អធិប្បាយថា ជីវិត​របស់ពួក​មនុស្សកំសត់ បើ​ធៀប​ផ្ទឹម​នឹង​ជីវិត​របស់​ពួក​មនុស្សស្តុកស្តម្ភ (ក៏ឃើញថា) ជាជីវិត​លាមក ជីវិត​របស់ពួក​មនុស្សឥត​ទ្រព្យ បើ​ធៀប​ផ្ទឹម​នឹងជីវិត​របស់​ពួកមនុស្ស​មានទ្រព្យ (ក៏ឃើញ​ថា) ជាជីវិត​លាមក ជីវិត​របស់​មនុស្ស​ទាំងឡាយ បើ​​ធៀបផ្ទឹម​​គ្នានឹងជីវិត​របស់​ទេវតា​ទាំងឡាយ (ក៏ឃើញ​ថា) ជាជីវិត​លាមក (យ៉ាងនេះ) ហៅថា ជីវិត​លាមក។ ជីវិត​របស់​មនុស្ស​ដាច់ដៃ ដាច់ជើង ដាច់ទាំង​ដៃទាំង​ជើង មនុស្ស​ដាច់ត្រចៀក មនុស្ស​ដាច់​ច្រមុះ មនុស្សដាច់​ទាំងត្រចៀក ទាំង​ច្រមុះ (ទាំងនេះ) ហៅថា ជីវិត​អាក្រក់។ អ្នក​មានប្រយោជន៍​អ្វី​នឹង​ជីវិត​ដ៏លាមក​នេះ នឹងជីវិតដ៏​អាក្រក់នេះ អ្នក​ស្លាប់ទៅ​ប្រសើរ​ជាងរស់នៅ។ ត្រង់​ពាក្យថា មាន​​ចិត្ត​គិត​ដូច្នេះ សេចក្តីថា ធម្មជាត​ណាជា​ចិត្ត ធម្មជាត​នោះជា​មនោ ធម្មជាត​ណាជា​មនោ ធម្មជាត​នោះ​គឺ​ចិត្ត។ ត្រង់​ពាក្យថា មាន​សេចក្តី​ត្រិះរិះ​ក្នុង​ចិត្តដូច្នេះ សេចក្តី​ថា មាន​សេចក្តី​សំគាល់ក្នុង​សេចក្តី​ស្លាប់ មាន​ចេតនាចង់​ឲ្យស្លាប់ មាន​សេចក្តី​​ប៉ុនប៉ង​ចង់ឲ្យ​ស្លាប់។ ត្រង់​ពាក្យថា ដោយ​អនេក​បរិយាយ គឺ​ដោយ​អាការទាំងឡាយ​ខ្ពស់និងទាប (ដោយ​ឧបាយ​ច្រើនយ៉ាង)។ ត្រង់​ពាក្យថា ពណ៌នា​​គុណនៃ​សេចក្តី​ស្លាប់ក្តី អធិប្បាយថា ភិក្ខុ​សំដែង​ទោស​ក្នុងការ​រស់នៅ ពោល​សរសើរគុណ​ក្នុង​ការ​ស្លាប់​ទៅដូច្នេះ​ថា អ្នកស្លាប់​អំពីលោក​នេះ គឺអ្នក​រំលាង​ខន្ធស្លាប់​ទៅកាន់​បរលោក នឹង​កើតក្នុង​មនុស្ស​សុគតិ ឬស្ថានសួគ៌ អ្នក​នឹងបាន​ឆ្អែតស្កប់​ស្កល់ (ឲ្យស្រី​ទេពអប្សរ​ទាំង​ឡាយ) បម្រើ​ដោយ​កាមគុណ​ទាំង៥ដ៏​ជាទិព្វក្នុង​ស្ថានសួគ៌​នោះ។

[១៨៥] ត្រង់ពាក្យថា ឬនិយាយណែនាំដើម្បីសេចក្តីស្លាប់ សេចក្តីថា (និយាយ​ដឹកនាំ) ថា អ្នក​ចូរនាំគ្រឿង​សស្ត្រាមក​ក្តី អ្នកចូរស៊ីថ្នាំពិសក្តី អ្នកចូរចងរឹតដោយខ្សែ ហើយធ្វើកាលកិរិយាទៅ​ក្តី អ្នកចូរលោតទម្លាក់ទៅក្នុងបឹងក្តី អណ្តូងក្តី ជ្រោះក្តី។

[១៨៦] ត្រង់ពាក្យថា ភិក្ខុនេះក្តី មានសេចក្តីអធិប្បាយដូចខាងដើម (ត្រង់​បារាជិក​កណ្ឌ​ទី១)។ ត្រង់ពាក្យថា ត្រូវ​អាបត្តិ​បារាជិក អធិប្បាយ​ថា ថ្មក្រាស់​បែកជា​ពីរចំណែក ជាវត្ថុ​ភ្ជាប់គ្នា​មិន​បាន​ទៀតយ៉ាងណាមិញ ភិក្ខុក្លែងផ្តាច់​បង់រាងកាយ​របស់​មនុស្ស​ឲ្យចាក​ជីវិត មិនមែន​ជាសមណៈ មិនមែន​ជាសក្យបុត្រ មាន​ឧបមេយ្យ​ដូច្នោះឯង ព្រោះ​ហេតុនោះ ទើប​ហៅថា ត្រូវ​អាបត្តិ​បារាជិក។ ត្រង់​ពាក្យ​ថា រកសំវាសគ្មាន សេចក្តី​ថា កម្មជា​មួយគ្នា ឧទ្ទេស​ជាមួយគ្នា សិក្ខា​ស្មើគ្នា នេះ​ហៅថា មាន​​សំវាស ភិក្ខុ​នោះ​គ្មានសំវាស​ដូច្នោះទេ ព្រោះ​ហេតុនោះ ទើប​ហៅថា រកសំវាសគ្មាន។

[១៨៧] ភិក្ខុស្ថិតនៅក្នុងទីជិត (តាំងចិត្តនឹងសម្លាប់មនុស្ស) ដោយខ្លួនឯង ដោយ​ប្រើបម្រើ ដោយ​ប្រើបម្រើ តៗគ្នា ដោយ​បម្រើទៅ​ធ្វើការ​ខុសសង្កេត ដោយ​បម្រើទៅ​ហើយ ត្រឡប់​មកវិញ ភិក្ខុ​នៅក្នុង​ទីមិន​កំបាំង សំគាល់​ថាកំបាំង នៅក្នុង​ទីកំបាំង សំគាល់​ថាមិន​កំបាំង នៅក្នុង​ទីមិន​កំបាំង សំគាល់​ថាមិន​កំបាំង នៅក្នុង​ទីកំបាំង សំគាល់​ថាកំបាំង ភិក្ខុ​ពណ៌នា (សេចក្តី​ស្លាប់) ដោយ​កាយ ពណ៌នា​ដោយវាចា ពណ៌នា​ដោយ​កាយ និងវាចា ពណ៌នា​ដោយប្រើ​បម្រើ ពណ៌នា​ដោយ​ចារិក​អក្សរ ជីក​រណ្តៅ ធ្វើបង្អែក បង្កប់​ចម្រូង ឲ្យភេសជ្ជៈ សម្លាប់​ដោយរូប សម្លាប់​ដោយ​សម្លេង សម្លាប់​ដោយក្លិន សម្លាប់​ដោយរស សម្លាប់​ដោយ​សម្ផស្ស សម្លាប់​ដោយធម៌ បង្គាប់​ឲ្យស្លាប់ ប្រៀន​​ប្រដៅ​ដើម្បីឲ្យ​ស្លាប់ ធ្វើសង្កេត​កម្ម ធ្វើនិមិត្តកម្ម។

[១៨៨] ត្រង់ពាក្យថា ដោយខ្លួនឯង គឺភិក្ខុសម្លាប់ (គេ) ខ្លួនឯង ដោយកាយក្តី ដោយ​​អាវុធ​ដែល​ជាប់​​នឹងកាយក្តី ដោយ​គ្រឿងប្រយោល​ក្តី។ ត្រង់ពាក្យ​ថា ឋិតនៅ​ក្នុងទីជិត សេចក្តី​ថា ឋិតនៅ​ (ក្នុង​ទីជិត) ក៏បង្គាប់​ថា អ្នកចូរ​ចាក់យ៉ាង​នេះ អ្នកចូរ​ប្រហារ​យ៉ាងនេះ អ្នក​ចូរសម្លាប់​យ៉ាងនេះ។

[១៨៩] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិត​មនុស្ស​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់នោះ​ចំណាំ​មនុស្សនោះ​បាន ហើយផ្តាច់​បង់ជីវិត​មនុស្សនោះ ត្រូវ​​អាបត្តិ​​បារាជិក​ទាំងពីររូប។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ផ្តាច់បង់​ជីវិតមនុស្ស​ឈ្មោះនេះ​ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​ចំណាំ​មនុស្សបាន (ប៉ុន្តែ) ទៅ​ផ្តាច់បង់​ជីវិតមនុស្ស​ដទៃវិញ ភិក្ខុ​អ្នក​បង្គាប់មិន​ត្រូវអាបត្តិ​ឡើយ ភិក្ខុអ្នក​សម្លាប់ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ផ្តាច់បង់ជីវិត​មនុស្សឈ្មោះ​នេះដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួល​បង្គាប់​​ចំណាំ​​មនុស្ស​ដទៃ​វិញ (ប៉ុន្តែ) ទៅផ្តាច់​បង់ជីវិត​មនុស្សនោះ (គឺ​មនុស្សដែល​អ្នកប្រើ ប្រាប់​ឲ្យសម្លាប់​នោះ) ត្រូវ​អាបត្តិ​បារាជិក​ទាំងពីររូប។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ផ្តាច់បង់​ជីវិតមនុស្ស​ឈ្មោះនេះ ដូច្នេះ ត្រូវ​​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​ចំណាំមនុស្ស​ដទៃវិញ (លុះ​វេលា) ទៅផ្តាច់​បង់ ៗជីវិត​មនុស្ស​ដទៃ​នោះ (បើធ្វើ​ខុសបង្គាប់​ដូច្នេះ) ភិក្ខុអ្នក​បង្គាប់មិន​ត្រូវអាបត្តិ​ឡើយ ភិក្ខុអ្នក​សម្លាប់​ត្រូវ​អាបត្តិ​​បារាជិក។

[១៩០] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា6) លោកចូរ​ប្រាប់​ភិក្ខុឈ្មោះ​នេះ ឲ្យភិក្ខុ​ឈ្មោះនេះ​ប្រាប់ដល់​ភិក្ខុឈ្មោះ​នេះថា ភិក្ខុឈ្មោះ​នេះចូរផ្តាច់​បង់ជីវិត​​បុគ្គល​ឈ្មោះ​នេះដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​ទទួលបង្គាប់​នោះទៅប្រាប់​អ្នកឯ​ទៀតវិញ (ដូច្នេះ) ក៏ត្រូវ​អាបត្តិ​ទុក្កដដែរ។ ភិក្ខុអ្នក​សម្លាប់ទទួល​បង្គាប់ ភិក្ខុអ្នក​ប្រើដើម​ត្រូវអាបត្តិ​ថុល្លច្ច័យ។ លុះ​ភិក្ខុ​អ្នក​សម្លាប់​បានផ្តាច់​បង់ជីវិត​បុគ្គលនោះ​សម្រេច ត្រូវអាបត្តិ​បារាជិក​គ្រប់ទាំង​បួនរូប។ ភិក្ខុ​​បង្គាប់​ភិក្ខុ​​ផង​គ្នាថា លោកចូរ​ទៅប្រាប់​ភិក្ខុឈ្មោះ​នេះ ឲ្យភិក្ខុ​ឈ្មោះនេះទៅ​ប្រាប់ភិក្ខុឈ្មោះ​នេះថា ភិក្ខុ​ឈ្មោះ​នេះ ចូរទៅ​ផ្តាច់បង់​ជីវិតបុគ្គល​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ ទៅ​បង្គាប់​​ភិក្ខុឯ​ទៀតវិញ (ធ្វើខុស​បង្គាប់​ដូច្នេះ) ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​សម្លាប់​ទទួល​បង្គាប់ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុអ្នក​សម្លាប់នោះ បានផ្តាច់​បង់ជីវិត​បុគ្គលនោះ​សម្រេច ភិក្ខុអ្នក​បង្គាប់​ដើម​​មិនត្រូវ​​អាបត្តិ​ឡើយ ត្រូវអាបត្តិ​បារាជិក​តែភិក្ខុអ្នក​បង្គាប់ និងភិក្ខុ​អ្នក​សម្លាប់។

[១៩១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​អ្នកទទួល​បង្គាប់នោះ ទៅ​ហើយ ត្រឡប់​មកប្រាប់​វិញថា ខ្ញុំ​មិន​អាច​នឹង​ផ្តាច់​​បង់​ជីវិត​​បុគ្គលនោះ​ទេ។ ភិក្ខុនោះ​បង្គាប់​ទៀតថា លោកអាច​វេលាណា លោកចូរ​ទៅផ្តាច់បង់​ជីវិត​គេ​វេលា​នោះចុះ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ លុះភិក្ខុ​អ្នកទទួល​បង្គាប់នោះ បានផ្តាច់​បង់ជីវិត​​បុគ្គលនោះ​​សម្រេច​ ក៏ត្រូវ​អាបត្តិ​បារាជិក​ទាំងពីររូប។

[១៩២] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុនោះ លុះបង្គាប់​ភិក្ខុផងគ្នា​នោះហើយ ក៏ស្រាប់​តែកើត​សេចក្តី​ក្តៅក្រហាយ (ស្តាយ​ក្រោយ) តែ​នឹងបាន​ប្រាប់ឲ្យ​ដឹងថា លោកកុំ​ទៅសម្លាប់​ដូច្នេះ​ក៏ទេ។ ភិក្ខុ​អ្នក​ទទួល​បង្គាប់ លុះ​ផ្តាច់​បង់ជីវិត​បុគ្គល​នោះ​ស្រេច​ ក៏ត្រូវ​អាបត្តិ​បារាជិក​ទាំង​ពីររូប។ ភិក្ខុ​បង្គាប់​ភិក្ខុផង​គ្នាថា លោកចូរ​ទៅផ្តាច់​បង់ជីវិត​បុគ្គល​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​​ទុក្កដ។ (តែ) ភិក្ខុ​នោះ លុះ​បង្គាប់​រួច​ហើយ ក៏ស្រាប់​តែកើត​សេចក្តី​ក្តៅក្រហាយ (ស្តាយ​ក្រោយ) ទើប​ប្រាប់​វិញថា លោក​កុំទៅ​សម្លាប់​ឡើយ។ ភិក្ខុ​នោះ​អាងថា លោកបង្គាប់​ខ្ញុំហើយ ក៏ទៅ​ផ្តាច់ជីវិត​បុគ្គលនោះ​ទៅ (យ៉ាងនេះ) ភិក្ខុ​អ្នក​ប្រើ​ដើមមិនត្រូវ​អាបត្តិទេ ត្រូវ​អាបត្តិ​បារាជិក​តែអ្នក​សម្លាប់។ ភិក្ខុ​បង្គាប់ភិក្ខុ​ផងគ្នាថា លោកចូរ​ទៅ​ផ្តាច់​ជីវិតបុគ្គល​ឈ្មោះនេះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ លុះ​ភិក្ខុនោះ បង្គាប់​ហើយ ក៏​កើត​សេចក្តី​ក្តៅក្រហាយ (ស្តាយ​ក្រោយ) ទើប​ប្រាប់​វិញថា លោក​កុំទៅសម្លាប់​ឡើយ។ ភិក្ខុអ្នក​សម្លាប់​នោះទទួល​ថា សាធុ ហើយ​ឈប់វិញ (ដូច្នេះ) មិន​ត្រូវអាបត្តិ​ទាំងពីររូប។

[១៩៣] ភិក្ខុសំគាល់ទីដែលមិនស្ងាត់ថាទីស្ងាត់ ទើបពោលថា ឱ បុគ្គល​ឈ្មោះនេះ អញ​​ត្រូវតែ​​សម្លាប់ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុសំគាល់​ទីដែលស្ងាត់​ថាទីមិនស្ងាត់ ទើប​ពោលថា ឱ បុគ្គល​ឈ្មោះនេះ សូមឲ្យ​វិនាសទៅ​ចុះ ដូច្នេះ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុសំគាល់​ទីដែល​មិន​​ស្ងាត់​ថា​​ទី​មិន​ស្ងាត់ ទើប​ពោលថា ឱ បុគ្គល​ឈ្មោះនេះ សូម​វិនាស​ទៅចុះ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ ភិក្ខុ​សំគាល់​ទី​​ដែលស្ងាត់​ថាស្ងាត់ ទើប​ពោលថា ឱ បុគ្គល​ឈ្មោះនេះ សូមឲ្យ​វិនាសទៅ​ចុះ ដូច្នេះ ត្រូវ​​អាបត្តិ​​ទុក្កដ។

[១៩៤] ដែលហៅថា ពណ៌នាដោយកាយ (នោះ) គឺភិក្ខុធ្វើ​វិការដោយ​កាយ​ដូច្នេះ បុគ្គល​ណា ស្លាប់ទៅ​យ៉ាងនេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬនឹង​បាន​យសស័ក្តិ ឬនឹង​ទៅកាន់​ស្ថានសួគ៌ (ភិក្ខុ​ធ្វើ​យ៉ាងនេះ) ត្រូវ​អាបត្តិ​ទុក្កដ។ (បើ​មនុស្សស្តាប់​សេចក្តី​ពណ៌នា​នោះហើយ) ញុំាង​ទុក្ខវេទនា​ឲ្យ​កើត​ឡើង​ដោយគិតថា អញ​នឹងស្លាប់​ដោយ​កិរិយា​ពោល​ពណ៌នា​នោះ ដូច្នេះ ភិក្ខុ​​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ដែល​ហៅថា ពោល​ពណ៌នា​ដោយវាចា (នោះ) គឺ​ភិក្ខុ​ពោលដោយ​វាចាថា បុគ្គល​ណាស្លាប់​យ៉ាងនេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬបាន​យសស័ក្តិ ឬទៅ​កាន់ស្ថាន​សួគ៌ ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។ (បើ​មនុស្ស​ស្តាប់សេចក្តី​ពណ៌នា​នោះហើយ) ញុំាង​​ទុក្ខវេទនា​​ឲ្យ​កើត​ឡើង​ដោយគិតថា អញនឹង​ស្លាប់​ដោយ​កិរិយា​ពោល​ពណ៌នា​នោះ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ​បុគ្គល​នោះ) ស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ ដែល​ហៅថា ពោល​ពណ៌នា​ដោយ​កាយ និងវាចា (នោះ) គឺ​ភិក្ខុ​ធ្វើវិការ​ដោយកាយ​ផង ពោល​ដោយវាចា​ផង ដូច្នេះថា បុគ្គល​ណាស្លាប់​ទៅយ៉ាង​នេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬបាន​យសស័ក្តិ ឬទៅ​កាន់ស្ថាន​សួគ៌ ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។ (បើ​មនុស្សស្តាប់​សេចក្តី​ពណ៌នា​នោះហើយ) ញុំាង​​ទុក្ខវេទនា​ឲ្យ​កើត​ឡើង​ដោយ​គិតថា អញ​នឹងស្លាប់​ដោយ​កិរិយា​ពោល​ពណ៌នា​នោះ ដូច្នេះ ភិក្ខុ​​ត្រូវអាបត្តិ​ថុល្លច្ច័យ។ បើ​បុគ្គលនោះ​ស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។

[១៩៥] ដែលហៅថា ពោលពណ៌នាដោយប្រើបម្រើ (នោះ) គឺ​ភិក្ខុប្រាប់ដំណឹង​ដល់បម្រើថា បុគ្គលណា​ស្លាប់យ៉ាងនេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬបាន​យសស័ក្តិ ឬពុំនោះ​ទៅកាន់​ស្ថានសួគ៌ ដូច្នេះ ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ។ (បើ) បុគ្គល​នោះបាន​ស្តាប់ដំណឹង​របស់បម្រើ ហើយ​គិតថា អញ​នឹង​ស្លាប់ ហើយ​ក៏ញុំាង​ទុក្ខវេទនា​ឲ្យ​កើត​ឡើងភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) បុគ្គលនោះ​ស្លាប់ ភិក្ខុត្រូវ​អាបត្តិ​បារាជិក។ ដែល​ហៅថា ពណ៌នា​ដោយវិធី​សរសេរ​អក្សរ (នោះ) គឺ​ភិក្ខុ​ឆ្លាក់អក្សរ (ជា​សេចក្តី) ថា បុគ្គល​ណាស្លាប់​ទៅយ៉ាង​នេះ បុគ្គល​នោះនឹង​បានទ្រព្យ ឬ​បានយសស័ក្តិ ឬទៅ​កាន់ស្ថាន​សួគ៌ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ​គ្រប់ៗ​អក្ខរ។ (បុគ្គល​នោះ) ឃើញ​អក្សរចារិក​ហើយគិត​ថា អញ​នឹង​ស្លាប់ទៅ ហើយ​ញុំាង​ទុក្ខវេទនា​ឲ្យ​កើត​ឡើង ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) បុគ្គល​នោះ​ស្លាប់ ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។

[១៩៦] ដែលហៅថា រណ្តៅ (នោះ) គឺ​ភិក្ខុជីករណ្តៅចំពោះមនុស្ស​ដោយ​តាំងចិត្តថា អ្នក​ណាមួយធ្លាក់ទៅ គង់ស្លាប់ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ កាលបើ​អ្នកណាមួយ​ធ្លាក់ទៅ​ហើយ កើត​ទុក្ខ​វេទនាឡើង (ដល់អ្នកនោះ) ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ។ បើអ្នក​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​​បារាជិក។ ភិក្ខុ​​ជីក​រណ្តៅ​មិនចំពោះ (មនុស្ស​ ឬអមនុស្ស) ដោយ​គិតថា ជន​ណា​មួយធ្លាក់​ទៅ គង់ស្លាប់ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ (បើ) មនុស្ស​ធ្លាក់ទៅក្នុង​រណ្តៅនោះ ភិក្ខុត្រូវ​អាបត្តិទុក្កដ។ កាល​មនុស្សនោះ​ធ្លាក់ទៅ កើត​ទុក្ខ​វេទនា​ឡើង ភិក្ខុត្រូវ​អាបត្តិថុល្លច្ច័យ។ (បើមនុស្ស​នោះ) ស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។ (បើ) យក្សក្តី ប្រេតក្តី សត្វតិរច្ឆាន​ដែលមាន​រាងកាយ​ដូចមនុស្ស​ក្តី ធ្លាក់​ទៅ​ក្នុងរណ្តៅនោះ ភិក្ខុ​ត្រូវអាបត្តិ​ទុក្កដ។ កាល​បើជន មានយក្ស​ជាដើមនោះ​ធ្លាក់ទៅហើយ កើត​ទុក្ខ​វេទនា ភិក្ខុ​ក៏ត្រូវអាបត្តិ​ទុក្កដដែរ។ (បើ) ជន​មានយក្ស​ជាដើមនោះ​ស្លាប់ ភិក្ខុត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) សត្វតិរច្ឆាន​ធ្លាក់ទៅក្នុង​រណ្តៅនោះ ភិក្ខុត្រូវ​អាបត្តិទុក្កដ។ កាលបើ​ធ្លាក់ទៅ​ហើយ កើតទុក្ខ​​វេទនា ត្រូវអាបត្តិ​ទុក្កដ។ (បើ) វាស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បាចិត្តិយ។

[១៩៧] ដែលហៅថា បង្អែក (នោះ) គឺភិក្ខុបង្កប់សស្ត្រាក្នុងទីសម្រាប់ផ្អែកក្តី លាបដោយ​​ថ្នាំ​ពិស​ក្តី ធ្វើឲ្យទ្រុឌទ្រោមក្តី បង្កប់សស្ត្រាក្នុង​ត្រពាំងក្តី ក្នុងអណ្តូងក្តី ក្នុង​ជ្រោះក្តី ដោយគិតថា មនុស្ស​ណា​មួយ​នឹងធ្លាក់​ទៅស្លាប់​ដោយ​គ្រឿង​ប្រហារនេះ ត្រូវអាបត្តិ​ទុក្កដ។ បើមនុស្ស​នោះមានទុក្ខ​វេទនា​កើត​ឡើង​ដោយ​សស្ត្រាក្តី ដោយថ្នាំ​ពិសក្តី ដោយដំណើរ​ដែលធ្លាក់ចុះ​ទៅ (តាមធម្មតា) ក្តី ភិក្ខុ​​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បើមនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​បារាជិក។

[១៩៨] ដែលហៅថា បង្កប់ចម្រូង (នោះ) គឺភិក្ខុបង្កប់ដាវក្តី លំពែងក្តី ច្បូកក្តី ឈើស្រួចក្តី អន្លូងក្តី ថ្មក្តី កាំបិតក្តី ​ថ្នាំ​ពិស​ក្តី ខ្សែក្តី ដោយ​គិតថា មនុស្ស​ណាមួយ​នឹងស្លាប់​ដោយ​វត្ថុមានដាវ​ជា​ដើម​នេះ (យ៉ាងនេះ) ត្រូវអាបត្តិ​ទុក្កដ។ (បើ) មនុស្ស​នោះញុំាង​ទុក្ខ​វេទនា​ឲ្យ​កើតឡើង​ដោយ​គិតថា អញ​នឹងស្លាប់​ដោយវត្ថុ​មានដាវ​ជាដើម​នោះ ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​​បារាជិក។

[១៩៩] ដែលហៅថា ភេសជ្ជៈ (នោះ) គឺភិក្ខុឲ្យសប្បិក្តី នវនីតក្តី ប្រេងក្តី ទឹកឃ្មុំក្តី ស្ករអំពៅ​ក្តី [អដ្ឋកថា ពន្យល់ថា ភិក្ខុឲ្យ​ភេសជ្ជៈ មានសប្បិ​ជាដើម ដល់ភិក្ខុ​ដែលមាន​ជម្ងឺ ដោយមាន​បំណង​ថា តែឆាន់ទៅ​នឹងលាប់ស្លាប់។ ) ដោយ​តាំងចិត្តថា មនុស្ស​ដែលជញ្ជក់​ជញ្ជាប់ (ស៊ី) ភេសជ្ជៈ មាន​សប្បិ​ជាដើមនេះហើយ គង់នឹង​ស្លាប់ ដូច្នេះ ត្រូវអាបត្តិ​ទុក្កដ។ កាលបើ​មនុស្ស​ស៊ីភេសជ្ជៈ មានសប្បិ​ជាដើម​នោះហើយ កើត​ទុក្ខ​វេទនា ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្ស​នោះស្លាប់ ភិក្ខុ​ត្រូវអាបត្តិ​​បារាជិក។

[២០០] ដែលហៅថា សម្លាប់ដោយរូប (នោះ) គឺភិក្ខុនាំយករូបដែលមិនគាប់ចិត្ត មុខគួរឲ្យ​ខ្លាច ភិតភ័យ ស្ញប់ស្ញែង ដោយតាំងចិត្តថា មនុស្ស​ណាមួយមកឃើញរូបនេះហើយ នឹងតក់ស្លុត​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សឃើញរូប​នោះហើយតក់ស្លុត ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្សស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយករូបដែលជាទីគាប់ចិត្ត គួរឲ្យស្រឡាញ់ ពេញចិត្ត ដោយបំណងថា មនុស្ស​ណាមួយមកឃើញរូបនេះហើយ តែមិនបាន (រូបនេះ) មុខ​ជានឹង​សង្រេង​សង្រៃ រីងរៃស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) មនុស្សឃើញរូប​នោះហើយក្រៀមក្រំ ព្រោះ​មិនបាន​ (តាមប្រាថ្នា) ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្សនោះស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ដែលហៅថា សម្លាប់ដោយសម្លេង (នោះ) គឺភិក្ខុនាំយកសម្លេងមិនជាទីគាប់ចិត្ត មុខគួរឲ្យ​ខ្លាច ភិតភ័យ ស្ញប់ស្ញែង ដោយបំណងថា មនុស្ស​ណាមួយបានឮសម្លេងនេះហើយ នឹងតក់ស្លុត​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះមនុស្សឮសម្លេង​នោះហើយតក់ស្លុត ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយកសម្លេងជាទីគាប់ចិត្ត មុខគួរស្រឡាញ់ ចូលចាប់ដួងចិត្ត ដោយបំណងថា មនុស្ស​ណាមួយបានឮសម្លេងនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះចង់បាន​មិនបាន​ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះមនុស្សឮសម្លេងនោះហើយ ក្រៀមក្រំចិត្ត ព្រោះចង់​បាន​មិនបាន ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) មនុស្សនោះស្លាប់ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយក្លិន (នោះ) គឺភិក្ខុនាំយកក្លិនមិនគាប់ចិត្ត មុខគួរខ្ពើមឆ្អើម ដោយបំណងថា មនុស្ស​ណាមួយហិតក្លិនហើយ គង់នឹងស្លាប់ ព្រោះជារបស់គួរខ្ពើម គួរឆ្អើម ដូច្នេះ ត្រូវអាបត្តិទុក្កដ។ កាលបើគេហិតក្លិននោះហើយ មានទុក្ខវេទនាកើតឡើង ព្រោះខ្ពើម ព្រោះឆ្អើម ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ គេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយកក្លិនជាទីគាប់ចិត្តចូលទៅ ដោយបំណងថា មនុស្ស​ណាមួយបានហិតក្លិននេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះចង់បាន​មិនបាន​ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះគេហិតក្លិននោះហើយ ក្រៀមក្រំព្រោះ​មិនបាន ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយរស (នោះ) គឺភិក្ខុនាំយក​រសដែលមិនជាទីគាប់​ចិត្ត មុខគួរខ្ពើមឆ្អើម ដោយតាំងចិត្តថា មនុស្ស​ណាមួយបានជញ្ជក់ជញ្ជាប់រសនេះហើយ នឹង​​ស្លាប់ ព្រោះជារសគួរខ្ពើមឆ្អើម ដូច្នេះ ត្រូវអាបត្តិទុក្កដ។ កាលបើគេជញ្ជក់ជញ្ជាប់រស​នោះហើយ មានទុក្ខ​វេទនាកើតឡើង ព្រោះជារបស់គួរខ្ពើមឆ្អើម ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយករសជាទីគាប់ចិត្ត ដោយបំណងថា មនុស្ស​ណាមួយបានជញ្ជក់​ជញ្ជាប់​រស​នេះ​ហើយ នឹងក្រៀមក្រំស្លាប់ ព្រោះ​មិនបាន (ដូចបំណង)​ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះ​គេ​ជញ្ជក់​ជញ្ជាប់​រស​នោះហើយ កើតក្រៀមក្រំ ព្រោះ​មិនបាន (តាមបំណង) ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់​ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយសម្ផស្ស (នោះ) គឺភិក្ខុនាំយក​ផោដ្ឋព្វមិនជាទី​គាប់​ចិត្ត ដែលមានសម្ផស្សនាំមកនូវសេចក្តីទុក្ខ ដែលមានសម្ផស្សរឹង ដោយបំណងថា មនុស្ស​ណាមួយបានពាល់ត្រូវសម្ផស្សនេះ មុខជានឹង​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) ទុក្ខវេទនា​កើតឡើងដល់បុគ្គលដែលបានពាល់ត្រូវសម្ផស្ស​នោះ ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុនាំយកផោដ្ឋព្វជាទីគាប់ចិត្ត ដែលមានសម្ផស្សជាសុខ ដែលមាន​សម្ផស្ស​ទន់ ដោយបំណងថា បុគ្គលណាមួយមកពាល់ត្រូវសម្ផស្សនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះ​មិនបាន​ (តាមប្រាថ្នា) ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះគេពាល់ត្រូវសម្ផស្សនោះហើយ កើត​ក្រៀម​ក្រំ ព្រោះ​មិនបាន (តាមប្រាថ្នា) ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់​ ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។ ដែលហៅថា សម្លាប់ដោយធម៌ (នោះ) គឺភិក្ខុពោលអំពីរឿងនរក នៃសត្វដែលទៅកើត​ក្នុង​នរក ដោយបំណងថា មនុស្ស​ណាមួយបានស្តាប់រឿងនរកនេះហើយ នឹងតក់ស្លុត ហើយ​ស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះគេបានស្តាប់រឿងនរក​នោះហើយ កើតតក់ស្លុត ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ភិក្ខុពោលអំពីរឿងស្ថានសួគ៌នៃបុគ្គលដែល​បានធ្វើកម្មដ៏ល្អ ដោយបំណងថា មនុស្ស​ណាមួយបានស្តាប់និទានអំពីស្ថានសួគ៌នេះហើយ នឹងអត់ដង្ហើមស្លាប់ ដូច្នេះ ​ត្រូវ​អាបត្តិ​ទុក្កដ។ លុះគេបានស្តាប់និទានអំពីស្ថានសួគ៌នោះហើយ ញុំាងទុក្ខវេទនា​ឲ្យ​កើត​ឡើង ដោយគិតថា អញនឹងអត់ដង្ហើម​ស្លាប់ ដូច្នេះ ភិក្ខុត្រូវអាបត្តិ​ថុល្លច្ច័យ។ (បើ) គេស្លាប់​ ភិក្ខុ​ត្រូវ​អាបត្តិ​បារាជិក។

[២០១] ដែលហៅថា បង្គាប់ឲ្យស្លាប់ (នោះ) គឺ​មានមនុស្សសួរភិក្ខុ ៗឆ្លើយថា អ្នកឯងចូរ​ស្លាប់​ទៅ​យ៉ាងនេះចុះ ព្រោះបុគ្គលណាមួយស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយស​ស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ បុគ្គលនោះញុំាងទុក្ខវេទនាឲ្យកើតឡើង ដោយ​គិតថា អញនឹងស្លាប់ តាមបង្គាប់នោះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។ ដែលហៅថា ប្រៀនប្រដៅដើម្បីឲ្យស្លាប់ (នោះ) គឺគេមិនបានសួរភិក្ខុទេ តែភិក្ខុនិយាយ​ថា អ្នកចូរ​ស្លាប់​យ៉ាងនេះចុះ (ព្រោះ) បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយស​ស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ព្រោះពាក្យប្រៀនប្រដៅប៉ុណ្ណោះ ទើប​បុគ្គល​នោះញុំាងទុក្ខវេទនាឲ្យកើតឡើង ដោយ​គិតថា អញនឹងស្លាប់ ដូច្នេះ ភិក្ខុ​ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ លុះបុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិ​បារាជិក។

[២០២] ដែលហៅថា ធ្វើសង្កេតកម្ម (នោះ) គឺ​ភិក្ខុកំណត់វេលាថា លោកចូរទៅផ្តាច់បង់​ជីវិត​បុគ្គលនោះ តាមសេចក្តីកំណត់នោះ ទោះនៅវេលាមុនបាយក្តី ក្រោយបាយក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ ត្រូវអាបត្តិទុក្កដ។ បើភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមសេចក្តីកំណត់នោះ ត្រូវអាបត្តិ​បារាជិកទាំងពីររូប។ (បើ) ភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ មុនក្តី ក្រោយ​ក្តី អំពី​កំណត់​នោះ ភិក្ខុអ្នកប្រើដើម មិនត្រូវអាបត្តិទេ ឯអ្នកសម្លាប់ត្រូវអាបត្តិបារាជិក។ ដែលហៅថា ធ្វើនិមិត្ត​កម្ម (នោះ) គឺ​ភិក្ខុធ្វើនិមិត្តសញ្ញាដូច្នេះថា បើ់ខ្ញុំប៉ប្រិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី លោកចូរផ្តាច់បង់​ជីវិត​បុគ្គលនោះ តាមនិមិត្តសញ្ញានោះចុះ (ធ្វើនិមិត្តសញ្ញាប៉ុណ្ណេះ) ត្រូវអាបត្តិទុក្កដ។ (បើ) ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមនិមិត្តសញ្ញានោះ ត្រូវអាបត្តិ​បារាជិក​ទាំងពីររូប។ (បើ) ភិក្ខុអ្នកទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះ មុន ឬក្រោយនិមិត្តសញ្ញា​នោះ ភិក្ខុអ្នកប្រើខាងដើម មិនត្រូវអាបត្តិឡើយ ឯអ្នកសម្លាប់ត្រូវអាបត្តិ​បារាជិក។

[២០៣] ភិក្ខុមិនក្លែង១ ភិក្ខុមិនដឹង១ ភិក្ខុមិនប្រាថ្នាឲ្យស្លាប់១ ភិក្ខុឆ្កួត១ ភិក្ខុមាន​ចិត្ត​រវើ​រវាយ​១ ភិក្ខុមានវេទនាគ្របសង្កត់១ ភិក្ខុដើមបញ្ញត្តិ១ (ភិក្ខុទាំងនេះ) មិនត្រូវអាបត្តិទេ។

ចប់ បឋមភាណវារក្នុងមនុស្សវិគ្គហបារាជិក។

វិនីតវត្ថុ

vin.par.pj.03.01 | book_001

(វិនីតវត្ថុ)

(មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានខាងក្រោមនេះ)

[២០៤] រឿងភិក្ខុពណ៌នាសេចក្តីស្លាប់ រឿងភិក្ខុអង្គុយសង្កត់ក្មេង រឿងអង្រែ​និងត្បាល់ រឿងបិតា និងបុត្រ​បួសឯចាស់ រឿងសាច់​ជាប់បំពង់ក រឿងភិក្ខុ​បិណ្ឌបាតបាន​ចង្ហាន់លាយ​ថ្នាំពិស រឿងភិក្ខុ​៣ពួកធ្វើការ​កសាងទីលំនៅ រឿងភិក្ខុ៣ពួក​ទៀតធ្វើការ​កសាងដោយ​ឥដ្ឋ រឿង​កាំបិតព្រា រឿង​បង្កង់ រឿងរន្ទា រឿងឡើងភ្នំ រឿងនត្ថុថ្នាំ​ឲ្យចេញញើស រឿងច្របាច់ រឿងផ្ងូតទឹក រឿងលាបប្រេង រឿងភិក្ខុ​ធ្វើភិក្ខុមាន​ជម្ងឺឲ្យក្រោក រឿងភិក្ខុ​ផ្តួលភិក្ខុ​មានជម្ងឺ រឿងភិក្ខុ​សម្លាប់ភិក្ខុ​ដោយបាយ​និងទឹក រឿងស្រី​មានផ្ទៃពោះ​ព្រោះសហាយ រឿងស្រីរួមប្តី រឿងភិក្ខុ​សម្លាប់ម្តាយ​និងកូន​ទាំងពីរនាក់ រឿងស្រី​ពីរនាក់​រំលូតកូន តែមិនស្លាប់ រឿងកំដៅ​ផ្ទៃពោះ រឿងស្រីអារ រឿងស្រី​មានកូន រឿងភិក្ខុ​ចាក់ក្រឡេក រឿងខ្មោច​ចូលភិក្ខុ រឿងភិក្ខុ​បញ្ជូនភិក្ខុទៅ​កាន់ទីមាន​ខ្មោចលង រឿងភិក្ខុចំណាំ​ភិក្ខុជាសត្រូវ​ហើយប្រហារ រឿងភិក្ខុ​ពោលពីស្ថានសួគ៌ និងនរក រឿងភិក្ខុ​ស្រុកអាឡវី​បីរូបនាំ​គ្នាកាប់​ដើមឈើ រឿងភិក្ខុ​បីរូបទៀត​ដុតភ្លើងព្រៃ រឿងភិក្ខុ​និយាយនឹង​មនុស្សសម្លាប់​ចោរ រឿងប្រេង​ខ្លាញ់គោ និងថ្នាំ​ត្រាំទុកយូរ។

[២០៥] សម័យនោះឯង មានភិក្ខុមួយរូប​មានជម្ងឺ។ ទើបភិក្ខុ​ទាំងឡាយពណ៌នា​គុណនៃ​សេចក្តី​ស្លាប់ដល់​ភិក្ខុមាន​ជម្ងឺនោះ ដោយ​ចិត្តអាណិត​អាសូរ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ទើបភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យថា យើង​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិក​ទេដឹង។ ភិក្ខុ​ទាំងនោះ​ក៏ក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ​ក្នុងកាល​ នោះឯង។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវអាបត្តិ​បារាជិកហើយ។

[២០៦] សម័យនោះឯង មានភិក្ខុមួយរូបកាន់បិណ្ឌបាតចារិកវត្ត អង្គុយ​សង្កត់ក្មេង​ដែលគេដណ្តប់​ដោយកំណាត់​សម្ពត់នៅ​លើតាំង​ស្លាប់ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា អាត្មា​ត្រូវអាបត្តិ​បារាជិក​ទេ​ដឹង។ ទើបភិក្ខុ​នោះក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​មិនទាន់បាន​ពិនិត្យទេ កុំអាល​អង្គុយលើ​អាសនៈ ភិក្ខុណា​អង្គុយ (ភិក្ខុនោះ) ត្រូវ​អាបត្តិទុក្កដ។

[២០៧] សម័យនោះឯង មានភិក្ខុមួយរូបឲ្យគេក្រាលអាសនៈក្នុងរោងភត្ត​ត្រង់ចន្លោះ​ផ្ទះ ហើយបាន​ឈោងទៅចាប់​អង្រែមួយ​ត្រង់កន្លែង​ដែលគេ​បញ្ឈរ​អង្រែ។ អង្រែ​ជាគំរប់ពីរ រលំ​ទៅសង្កត់​លើក្បាល​ទារកម្នាក់។ ទារក​នោះក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកមាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនបាន​ក្លែងទេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនក្លែង មិន​ត្រូវអាបត្តិ​ទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​ឲ្យគេក្រាល​អាសនៈ​ក្នុងរោង​ភត្តត្រង់​ចន្លោះផ្ទះ បានទៅ​ជាន់ឈើ ដែល​គេសម្រាប់​ដម្កល់ត្បាល់ ឲ្យវិល​ទៅសង្កត់​ទារកម្នាក់​ស្លាប់។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ (បើ) មិនក្លែង មិនត្រូវអាបត្តិទេ។

[២០៨] សម័យនោះឯង បិតានិងបុត្របានចេញបួសក្នុងសំណាក់​ភិក្ខុទាំងឡាយ។ កាលដល់​ពេលចង្ហាន់​គេបានប្រាប់​ហើយ ភិក្ខុជា​បុត្របាន​និយាយនឹង​ភិក្ខុជា​បិតាថា បពិត្រ​លោកឪពុក​ដ៏ចំរើន លោកឪពុក​និមន្តទៅ​ចុះ ព្រះសង្ឃ​នឹងអង្គាស​លោកឪពុក (ថា​ហើយក៏) ចាប់ខ្នង​ច្រានទៅ។ ភិក្ខុ​ជាបិតានោះ​ក៏ដួលស្លាប់។ ភិក្ខុ​ជាកូននោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ឥតមានបំណង​ឲ្យស្លាប់ទេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណង​ឲ្យស្លាប់ទេ មិន​ត្រូវអាបត្តិ​ទេ។ សម័យ​នោះឯង បិតានិង​បុត្របាន​មកបួស​ក្នុងសំណាក់​ភិក្ខុទាំងឡាយ។ កាល​ដល់ពេល​ឆាន់គេប្រាប់​ហើយ ភិក្ខុជា​បុត្របាន​និយាយនឹង​ភិក្ខុជាបិតា​ថា បពិត្រលោក​ឪពុកដ៏ចំរើន លោកឪពុក​និមន្តទៅ​ចុះ សង្ឃនឹង​អង្គាស​លោកឪពុក (ថា​ហើយ) មាន​បំណងចង់​ឲ្យស្លាប់ ក៏ចាប់ខ្នង​ច្រានទៅ។ ភិក្ខុ​ជាបិតានោះ​ក៏ដួលចុះ​ហើយស្លាប់ទៅ។ ភិក្ខុ​ជាបុត្រនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង បិតា​និងបុត្រ​បានចេញ​បួសក្នុងសំណាក់​ភិក្ខុទាំងឡាយ។ កាល​ដល់ពេល​ចង្ហាន់គេបាន​ប្រាប់ហើយ ភិក្ខុ​ជាបុត្រ​បាននិយាយ​នឹងភិក្ខុ​ជាបិតា​ថា បពិត្រ​លោកឪពុក​ដ៏ចំរើន លោកឪពុក​និមន្តទៅ​ចុះ សង្ឃនឹង​អង្គាសលោក​ឪពុក (ថាហើយ) មាន​បំណងចង់​ឲ្យស្លាប់ ទើបចាប់​ខ្នងច្រាន​ទៅ។ ភិក្ខុជា​បិតានោះក៏​ដួលទៅ តែមិន​ស្លាប់។ ភិក្ខុជា​បុត្រនោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២០៩] សម័យនោះឯង មានភិក្ខុមួយរូប​កំពុងឆាន់​ចង្ហាន់ សាច់ក៏ស្លាក់​ជាប់ក្នុង​បំពង់ក។ មានភិក្ខុ​មួយរូបទៀត បានវាយ​ចំបំពង់ក​នៃភិក្ខុនោះ។ ក៏ធ្លាក់​សាច់ដោយទាំង​ឈាមមកផង។ ភិក្ខុ​នោះក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុអ្នក​វាយនោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណងចង់​ឲ្យស្លាប់ទេ មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​កំពុងឆាន់ សាច់ក៏​ស្លាក់ជាប់​ក្នុងបំពង់​ក។ មានភិក្ខុ​មួយរូបទៀត​ចង់សម្លាប់ ទើបវាយ​ចំបំពង់ក​នៃភិក្ខុនោះ។ ក៏ធ្លាក់សាច់​ដោយទាំង​ឈាមមក​ផង។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុអ្នក​វាយនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបកំពុង​ឆាន់ សាច់ក៏ស្លាក់​ជាប់ក្នុងបំពង់​ក។ មានភិក្ខុមួយ​រូបទៀតមាន​ប្រាថ្នាចង់​ឲ្យស្លាប់ ទើបវាយ​បំពង់ក​នៃភិក្ខុនោះ។ ក៏ធ្លាក់​សាច់ដោយ​ទាំងឈាម​មកផង តែភិក្ខុ​នោះមិន​ស្លាប់។ ភិក្ខុ​អ្នកវាយ​នោះមានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២១០] សម័យនោះឯង មានបិណ្ឌចារិកភិក្ខុមួយរូប បាន​ចង្ហាន់​លាយដោយ​ថ្នាំពិស ហើយនាំ​ចេញទៅ បាន​ប្រគេនភោជន​ដ៏ឧត្តមដល់​ភិក្ខុទាំងឡាយ ភិក្ខុ​ទាំងនោះក៏ (នាំគ្នា​ឆាន់) ពុលស្លាប់​អស់ទៅ។ ភិក្ខុ​អ្នកប្រគេន​បិណ្ឌបាត​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ត្រាស់សួរ​ថា នែភិក្ខុ អ្នក​ឯងមាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនដឹង​សោះ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនដឹង មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប មានប្រាថ្នា​ចង់ល្បង​លេង បានឲ្យ​ថ្នាំពិសដល់​ភិក្ខុមួយ​រូប។ ភិក្ខុនោះ​ស្លាប់។ ភិក្ខុ​អ្នកឲ្យ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានបំណង​នឹងល្បង​លេងទេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២១១] សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវីនាំគ្នារៀបចំទីវត្ត។ មានភិក្ខុមួយរូប​នៅខាង​ក្រោមហុច​ថ្មទៅ ភិក្ខុ​នៅខាងលើ​ទទួលថ្ម​មិនមាំ ក៏របូត​ធ្លាក់មក​ចំក្បាលភិក្ខុ​អ្នកនៅខាង​ក្រោម។ ភិក្ខុត្រូវ​ថ្មធ្លាក់លើ​នោះក៏ស្លាប់​ទៅ។ ភិក្ខុអ្នក​ទទួលថ្ម​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​មិនត្រូវ​អាបត្តិទេ ព្រោះ​មិនបាន​ក្លែង។ សម័យនោះ​ឯង ពួកភិក្ខុ​ស្រុកអាឡវី (នាំគ្នា) រៀប​ចំទីវត្ត។ មានភិក្ខុ​មួយរូបនៅ​ខាងក្រោម​ហុចថ្ម​ទៅលើ។ ភិក្ខុ​អ្នកនៅខាង​លើ មានបំណង​ចង់សម្លាប់ ក៏ទម្លាក់​ថ្មមកចំ​ក្បាលភិក្ខុ​អ្នកនៅ​ខាងក្រោម។ ភិក្ខុនោះ​ស្លាប់។ ភិក្ខុអ្នក​ទម្លាក់​ថ្មនោះមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) រៀបចំ​ទីវត្ត។ មានភិក្ខុ​មួយរូប (ធ្វើការ) នៅខាង​ក្រោម បានហុច​ថ្មទៅ។ ភិក្ខុនៅ​ខាងលើ​មានបំណង​ចង់សម្លាប់ (ភិក្ខុនៅ​ខាងក្រោម) ទើប​ទម្លាក់ថ្ម​មកចំក្បាល​ភិក្ខុនៅ​ខាងក្រោម​នោះ។ ភិក្ខុនោះ​មិនស្លាប់។ ភិក្ខុអ្នក​ទម្លាក់ថ្មនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) លើក​ជញ្ជាំង​វិហារ។ មានភិក្ខុ​មួយរូបនៅ​ខាងក្រោម​ហុចឥដ្ឋ​ទៅខាង​លើ។ ឥដ្ឋ​ដែលភិក្ខុ​នៅខាង​លើចាប់​មិនមាំ ក៏ធ្លាក់​មកចំក្បាល​ភិក្ខុអ្នកនៅ​ខាងក្រោម។ ភិក្ខុនោះ​ស្លាប់។ ភិក្ខុទទួល​ឥដ្ឋនោះមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិ​ទេ ព្រោះមិន​បានក្លែង។ សម័យនោះ​ឯង ពួកភិក្ខុ​នៅក្នុងដែន​អាឡវី (នាំគ្នា) ក​ជញ្ជាំង​វិហារ។ មានភិក្ខុ​មួយរូប​នៅខាងក្រោម​ហុចឥដ្ឋ​ទៅ។ ភិក្ខុ (អ្នក​ទទួលឥដ្ឋ) នៅខាង​លើ មានបំណង​ចង់សម្លាប់ ក៏ទម្លាក់​ឥដ្ឋមកចំ​ក្បាលភិក្ខុ​អ្នកនៅខាង​ក្រោម។ ភិក្ខុនោះ​ស្លាប់។ បេ។ ភិក្ខុនោះ​មិនស្លាប់។ ភិក្ខុអ្នក​ទម្លាក់ឥដ្ឋ​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅប្រទេស​អាឡវី (នាំគ្នា) ធ្វើ​នវកម្ម (ការកសាង)។ មាន​ភិក្ខុមួយរូប​ទៀតនៅខាង​ក្រោមហុច​កាំបិតព្រា​ទៅខាងលើ។ កាំបិតព្រា​ដែលភិក្ខុនៅ​ខាងលើចាប់​មិនជាប់ ក៏របូត​មកចំក្បាល​ភិក្ខុនៅខាង​ក្រោម។ ភិក្ខុនោះ​ធ្វើកាលកិរិយា​ទៅ។ ភិក្ខុ​អ្នកទទួល​កាំបិតនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិទេ ព្រោះមិន​បានក្លែង។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) ធ្វើនវកម្ម។ មាន​ភិក្ខុមួយរូប​នៅខាងក្រោម​ហុចកាំបិតព្រា​ទៅខាង​លើ។ ភិក្ខុនៅ​ខាងលើ មាន​បំណងចង់​សម្លាប់ (ភិក្ខុនៅ​ខាងក្រោម) ទើប​ទម្លាក់​កាំបិតព្រា​ចំក្បាល​ភិក្ខុនៅខាង​ក្រោម។ ភិក្ខុនោះ​ធ្វើកាលកិរិយា​ទៅ។ បេ។ ភិក្ខុនោះ​មិនបានធ្វើ​កាលកិរិយា។ ភិក្ខុអ្នក​ទម្លាក់កាំបិត​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅដែនអាឡវី (នាំគ្នា) ធ្វើ​នវកម្ម។ មានភិក្ខុ​មួយរូប​នៅខាងក្រោម ហុចបង្កង់​វិហារទៅ​ខាងលើ។ បង្កង់ដែល​ភិក្ខុនៅខាង​លើចាប់មិនមាំ ក៏ធ្លាក់​មកចំក្បាល​ភិក្ខុអ្នកនៅ​ខាងក្រោម។ ភិក្ខុនោះ​ក៏ធ្វើកាល​កិរិយាទៅ។ ភិក្ខុ​អ្នកទម្លាក់​នោះមានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិទេ ព្រោះមិន​បានក្លែង។ សម័យ​នោះឯង ពួកភិក្ខុ​នៅប្រទេស​អាឡវី (នាំគ្នា) ធ្វើនវកម្ម។ មាន​ភិក្ខុមួយរូប​នៅខាងក្រោម​ហុចបង្កង់​ទៅខាងលើ។ ភិក្ខុនៅ​ខាងលើ មាន​បំណងចង់​សម្លាប់ (ភិក្ខុនៅ​ខាងក្រោម) ទើបទម្លាក់​បង្កង់មក​ចំក្បាលភិក្ខុ​នៅខាង​ក្រោម។ ភិក្ខុនោះ​ធ្វើកាល​កិរិយាទៅ។ បេ។ ភិក្ខុនោះ​មិនបានធ្វើ​កាលកិរិយា។ ភិក្ខុ​អ្នកទម្លាក់​បង្កង់នោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី (នាំគ្នា) ធ្វើ​នវកម្ម​ចងរន្ទា។ មានភិក្ខុ​មួយរូប​បាននិយាយ​នឹងភិក្ខុ​មួយរូប​ទៀតថា ម្នាល​អាវុសោ លោកចូរ​ឈរក្នុងទីនោះ ហើយ​ចងរន្ទា​ទៅ។ ភិក្ខុនោះ​ឈរនៅក្នុង​ទីនោះ ចងរន្ទា ក៏ភ្លាត់​ធ្លាក់មក ហើយ​ធ្វើកាល​កិរិយាទៅ។ ភិក្ខុអ្នក​បង្គាប់នោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនមាន​បំណងនឹង​សម្លាប់ទេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង ពួកភិក្ខុ​នៅដែនអាឡវី កាលនឹង​ធ្វើនវកម្ម (បាននាំគ្នា) ចងរន្ទា។ មានភិក្ខុ​មួយរូប​មានបំណង​នឹងសម្លាប់ ទើបនិយាយ​នឹងភិក្ខុ​មួយរូបថា ម្នាល​អាវុសោ លោកចូរ​ឈរនៅ​ទីនោះចង​រន្ទាទៅ។ ភិក្ខុ​នោះឈរ​នៅទីនោះ កំពុង​តែចងរន្ទា ក៏ភ្លាត់​ធ្លាក់ចុះ​មក ធ្វើ​មរណកាល​ទៅ។ បេ។ (មានភិក្ខុ​មួយរូបទៀត) ភ្លាត់​ធ្លាក់ដែរ តែ​មិនបាន​ធ្វើមរណកាល​ទេ។ លោកដែល​បង្គាប់នោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​អាបត្តិ​ថុល្លច្ច័យ។

[២១២] សម័យនោះឯង មានភិក្ខុមួយរូបប្រក់វិហារ ហើយចុះ​មក។ មានភិក្ខុ​មួយ​រូបទៀត បាន​និយាយ​​នឹងភិក្ខុ​នោះ​ថា ម្នាល​អាវុសោ លោកចូរ​ចុះខាង​នេះ។ ភិក្ខុនោះ​កាលចុះ​មកតាម​ផ្លូវនោះ ក៏ធ្លាក់​ធ្វើមរណកាល​ទៅ។ ភិក្ខុអ្នក​បង្គាប់នោះមានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អាបត្តិ​មិនមាន​ដល់អ្នក​ដែលមិនមាន​បំណង​នឹងសម្លាប់​ទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​ប្រក់វិហារ ហើយ​ចុះមក។ មានភិក្ខុ​មួយរូប​ទៀត មានបំណង​នឹងសម្លាប់ ទើប​និយាយ​នឹងភិក្ខុនោះ​ថា ម្នាល​អាវុសោ លោកចូរចុះ​ខាងនេះ។ ភិក្ខុនោះ​កាលចុះតាម​ផ្លូវនោះ​មក ក៏ធ្លាក់ចុះ ធ្វើ​មរណកាល​ទៅ។ បេ។ (មានភិក្ខុ​មួយរូប​ទៀត) ធ្លាក់​ចុះហើយ តែមិនបាន​ធ្វើមរណកាល។ ភិក្ខុអ្នក​បង្គាប់នោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២១៣] សម័យនោះឯង មានភិក្ខុមួយរូបមានសេចក្តីអផ្សុក​មកបៀតបៀន ឡើងទៅ​កាន់ភ្នំ​គិជ្ឈកូដ ក៏ទម្លាក់​ខ្លួនចុះមក​ក្នុងជ្រោះ​សង្កត់លើ​ជាងត្បាញ​ផែងម្នាក់​ស្លាប់ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​ភិក្ខុកុំ​គប្បីទម្លាក់​សម្លាប់ខ្លួន​ឯង ភិក្ខុណា​ទម្លាក់​សម្លាប់ខ្លួន​ឯង (ភិក្ខុនោះ) ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ (នាំគ្នា) ឡើង​ទៅកាន់ភ្នំ​គិជ្ឈកូដ ហើយប្រមៀល​ថ្មលេង។ ថ្មនោះ​ធ្លាក់មក​សង្កត់អ្នក​គង្វាលគោ​ម្នាក់ស្លាប់ទៅ។ ពួក​ភិក្ខុទាំង​នោះមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ម្នាល​ភិក្ខុទាំង​ឡាយ ប៉ុន្តែភិក្ខុ​មិនត្រូវ​ប្រមៀលថ្ម​ដើម្បីជា​ល្បែងលេង​ទេ ភិក្ខុណា​ប្រមៀល (ភិក្ខុនោះ) ត្រូវ​អាបត្តិទុក្កដ។

[២១៤] សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។ ទើបភិក្ខុទាំងឡាយនាំគ្នាឲ្យភិក្ខុនោះ​ឆ្ពុង។ ភិក្ខុនោះធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ អាបត្តិ​មិនមានដល់​ភិក្ខុដែល​មិនមានបំណង​នឹងសម្លាប់​ទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប​ឲ្យភិក្ខុ​នោះឆ្ពុង។ ភិក្ខុនោះ​ធ្វើមរណកាល​ទៅ។ បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបកើត​រោគក្តៅ​ក្បាល។ ទើបភិក្ខុ​ទាំងឡាយ​ឲ្យភិក្ខុនោះ​នត្ថុថ្នាំ។ ភិក្ខុនោះ​ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានរោគ​ក្តៅក្បាល។ ភិក្ខុទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើបឲ្យ​ភិក្ខុនោះ​នត្ថុថ្នាំ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុទាំង​ឡាយនាំគ្នា​ច្របាច់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើបនាំ​គ្នាច្របាច់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាលទៅ។ បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះក៏មាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានភិក្ខុមួយ​រូបមានជម្ងឺ។ ទើប​ភិក្ខុទាំងឡាយ​ឲ្យភិក្ខុនោះ​ងូតទឹក។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណងនឹង​សម្លាប់ទេ មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើបឲ្យ​ភិក្ខុនោះ​ស្រង់ទឹក។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ទើប​ភិក្ខុទាំង​ឡាយ យកប្រេង​មកលាបភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប (នាំគ្នា) យកប្រេង​មកលាប​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ទើបភិក្ខុ​ទាំងឡាយ​ឲ្យភិក្ខុ​នោះក្រោក​ឡើង។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ (បើ) មិនមាន​បំណងនឹង​សម្លាប់ ឥត​មានអាបត្តិ​ទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹង​សម្លាប់ ទើប​ញុំាងភិក្ខុ​នោះឲ្យស្ទុះ​ក្រោកឡើង។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​ចាប់ភិក្ខុ​នោះផ្តួល។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះ​ក៏មាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ (បើ) មិនមាន​បំណង​នឹងសម្លាប់ ឥត​មានអាបត្តិ​ទេ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប (នាំគ្នា) ផ្តួល​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានឲ្យបាយ​ដល់ភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ (បើ) មិនមាន​បំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះ​ឯង មានភិក្ខុ​​មួយរូប​​មានជម្ងឺ។ ភិក្ខុ​​ទាំងឡាយ​​មានបំណង​នឹងសម្លាប់ បាន​ឲ្យបាយ​ដល់ភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ពួកភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានឲ្យ​ទឹកសម្រាប់​ផឹកដល់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ អាបត្តិ​មិនមាន​ដល់ភិក្ខុដែល​មិនមាន​បំណងនឹង​សម្លាប់ទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​មានបំណង​នឹងសម្លាប់ ទើប​ឲ្យទឹក​សម្រាប់​ផឹកដល់​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើ​មរណកាល​ទៅ។ បេ។ ភិក្ខុនោះ​មិនបាន​ធ្វើមរណកាល។ ពួកភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ មិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។

[២១៥] សម័យនោះឯង មានស្រីម្នាក់ព្រាត់ប្រាស​ចាកប្តីមកយូរ​ហើយ ទើប​មានគភ៌​នឹងសហាយ។ ស្រីនោះ​បាននិយាយ​នឹងភិក្ខុ​ជាជីតុនថា7) សូមទាន​មេត្តាចុះ លោក​ម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌ (ឲ្យ​ទាន​ខ្ញុំករុណា)។ ភិក្ខុ​នោះទទួល​ថា ស្រួលហើយ​ប្អូនស្រី ហើយ​ក៏បានឲ្យ​ថ្នាំរំលូត​គភ៌ដល់​ស្រីនោះ។ ទារក (ដែល​នៅក្នុង​គភ៌) ក៏ធ្វើ​មរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានបុរស​ម្នាក់មាន​ប្រពន្ធពីរ (តែ) ប្រពន្ធ​ម្នាក់នោះ​ជាស្រីអារ ម្នាក់​ទៀតជាស្រី​មានកូន។ ស្រីអារ​និយាយនឹង​ភិក្ខុជា​ជីតុនថា បពិត្រ​លោកម្ចាស់ បើស្រីនោះ​សម្រាលកូន មុខតែ​នឹងបានជា​ធំលើទ្រព្យ​សម្បត្តិ​ទាំងអស់ សូមទាន​មេត្តាចុះ​លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌​វាចេញ។ ភិក្ខុ​ទទួលថា ស្រួលហើយ​ប្អូនស្រី (ថាហើយ) ក៏បាន​ឲ្យថ្នាំ​រំលូតគភ៌​ដល់ស្រី​នោះ។ ទារក (ដែល​នៅក្នុង​គភ៌) ក៏ធ្វើ​មរណកាល​ទៅ។ ឯម្តាយ​មិនបានធ្វើ​មរណកាល​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះឯង មានបុរស​ម្នាក់មាន​ប្រពន្ធពីរ ប្រពន្ធ​ម្នាក់ជា​ស្រីអារ ម្នាក់​ជាស្រី​មានកូន។ ឯស្រីអារ​និយាយ​នឹងភិក្ខុ​ជាជីតុន​ថា បពិត្រ​លោកម្ចាស់ បើស្រី​នោះសម្រាល​កូន គេនឹង​បានជាធំ​លើទ្រព្យ​សម្បត្តិ​ទាំងអស់ សូមទាន​មេត្តាចុះ លោក​ម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌​វាចេញ។ ភិក្ខុជា​ជីតុនទទួល​ថា ស្រួល​ហើយប្អូន​ស្រី (ថា​ហើយ) ក៏បាន​ឲ្យថ្នាំរំលូត​គភ៌ដល់​ស្រីនោះ។ ម្តាយ​ក៏ធ្វើ​មរណកាល​ទៅ។ ឯទារក​មិនធ្វើ​មរណកាល​ទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានបុរស​ម្នាក់មាន​ប្រពន្ធពីរ ប្រពន្ធ​ម្នាក់ជា​ស្រីអារ ម្នាក់ទៀត​ជាស្រី​មានកូន។ ស្រីអារ​និយាយ​នឹងភិក្ខុជា​ជីតុនថា បពិត្រ​លោកម្ចាស់ បើស្រីនោះ​សម្រាលកូន គេនឹង​បានជាធំ​លើទ្រព្យ​សម្បត្តិ​ទាំងអស់ សូមទាន​មេត្តាចុះ លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំរំលូត​គភ៌វាចេញ។ ភិក្ខុ​ទទួលថា ស្រួលហើយ​ប្អូនស្រី (ថាហើយ) ក៏ឲ្យថ្នាំ​រំលូតគភ៌​ដល់ស្រីនោះ។ ម្តាយ​និងកូនទាំង​ពីរនាក់ ក៏ធ្វើ​មរណកាល​ទៅ។ បេ។ ម្តាយ​និងកូនទាំង​ពីរនាក់មិន​បានធ្វើ​មរណកាល។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិបារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានស្រីម្នាក់​មានគភ៌ បាននិយាយ​នឹងភិក្ខុជា​ជីតុនថា សូមទាន​មេត្តាចុះ លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌ (ដល់ខ្ញុំ)។ ភិក្ខុនោះ​ពោលថា នែប្អូនស្រី បើដូច្នោះ នាងចូរ​ច្របាច់ពោះ​ទៅ។ ស្រីនោះក៏​ច្របាច់ពោះ​រំលូតគភ៌​មក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិកហើយ។ សម័យ​នោះឯង មានស្រីម្នាក់​មានគភ៌ បាន​និយាយ​នឹងភិក្ខុ​ជាជីតុន​ថា សូមទាន​មេត្តាចុះ លោកម្ចាស់ សូមទាន​ប្រាប់ថ្នាំ​រំលូតគភ៌ (ឲ្យទាន​ខ្ញុំព្រះករុណា) ភិក្ខុ​នោះប្រាប់​ថា នែប្អូនស្រី បើដូច្នោះ នាងចូរ​កំដៅផ្ទៃពោះ​ទៅ។ នាងនោះ​ក៏កំដៅគភ៌​រំលូតកូន​មក។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិកហើយ។ សម័យ​នោះឯង មានស្រីអារ​ម្នាក់បាននិយាយ​នឹងកុលុបកភិក្ខុ​ជា (ជីតុន) ថា សូម​ទានមេត្តា​ចុះ លោកម្ចាស់ ខ្ញុំគប្បី​សម្រាលកូន​ដោយថ្នាំណា (ស្រួល) មេត្តា​ប្រាប់ថ្នាំ​នោះ (ដល់ខ្ញុំ)។ ភិក្ខុនោះ​ទទួលថា ស្រួលហើយ​ប្អូនស្រី (ថាហើយ) ក៏បាន​ឲ្យថ្នាំដល់​នាងនោះ។ នាងនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ទុក្កដ។ សម័យ​នោះឯង មានស្រីម្នាក់​ជាស្រីមាន​កូន បាននិយាយ​នឹងភិក្ខុជា​ជីតុនថា សូមទាន​មេត្តាចុះ លោកម្ចាស់ ខ្ញុំមិន​សម្រាលកូន​ដោយថ្នាំ​ណា សូមលោកម្ចាស់​ឲ្យថ្នាំនោះ (ដល់ខ្ញុំ)។ លោកនោះ​ទទួលថា ស្រួល​ហើយប្អូន​ស្រី (ថាហើយ) ក៏បាន​ឲ្យថ្នាំដល់​ស្រីនោះ។ នាងនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​ទុក្កដ។

[២១៦] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ បានចាក់ក្រឡេកភិក្ខុ (មួយរូប) ដែលរាប់​បញ្ចូលក្នុងពួក​សត្តរសវគ្គិយភិក្ខុ ដោយចុង​ម្រាមដៃ។ ភិក្ខុនោះ (រសើប​ភ័យខ្លាំង) តក់ស្លុត ផុត​ដង្ហើមស្លាប់​ទៅ។ ពួកឆព្វគ្គិយភិក្ខុ​ទាំងនោះមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវត្រឹម​តែអាបត្តិ​បាចិត្តិយ។

[២១៧] សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុគិតគ្នាថា យើងនឹង​ធ្វើកម្ម8) (គិតហើយ) ក៏ចាប់​សង្កត់សម្រុញ​ឆព្វគ្គិយភិក្ខុ​មួយរូបទាល់​តែស្លាប់ទៅ។ ពួក​សត្តរសវគ្គិយភិក្ខុ​ទាំងនោះ​មានសេចក្តី​សង្ស័យកើត​ឡើង។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវត្រឹម​តែអាបត្តិ​បាចិត្តិយ។

[២១៨] សម័យនោះឯង មានភិក្ខុមួយរូបជាពេទ្យ​ចាប់ខ្មោច បានផ្តាច់​បង់ជីវិត​យក្ខមួយ។ ភិក្ខុនោះមាន​សេចក្តីសង្ស័យ​កើតឡើង។ បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។

[២១៩] សម័យនោះឯង មានភិក្ខុមួយរូប បានបញ្ជូនភិក្ខុមួយរូបទៅកាន់​វិហារដែលមាន​យក្ខកាច (អាស្រ័យនៅ)។ ពួក​យក្ខក៏ (នាំគ្នា) ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។ ឯភិក្ខុដែល​ជាអ្នកបញ្ជូន​ក៏មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនមាន​អាបត្តិ​ដល់ភិក្ខុ​ដែលមិនមាន​បំណងនឹង​សម្លាប់ទេ។ សម័យ​នោះឯង ភិក្ខុមួយរូប​មានបំណង​នឹងសម្លាប់ ក៏បញ្ជូន​ភិក្ខុមួយរូប​ទៅកាន់វិហារ​ដែលមាន​យក្ខកាច។ ពួកយក្ខ​ក៏ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។ បេ។ ពួកយក្ខ​មិនបានផ្តាច់​បង់ជីវិត​ភិក្ខុនោះ​ទេ។ ឯភិក្ខុជា​អ្នកបញ្ជូន​នោះក៏មាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ភិក្ខុ​មួយរូប បញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​លំបាកមាន​សត្វសាហាវ។ សត្វសាហាវ​ទាំងឡាយ ក៏ផ្តាច់បង់​ជីវិតភិក្ខុ​នោះទៅ។ ភិក្ខុអ្នក​បញ្ជូនមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិន​មានអាបត្តិ​ដល់ភិក្ខុ​ដែលមិន​មានបំណង​នឹងសម្លាប់ទេ។ សម័យ​នោះឯង ភិក្ខុមួយ​រូបមានបំណង​នឹងសម្លាប់ បានបញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​ឆ្ងាយដាច់​ស្រយាល​មានសត្វ​សាហាវ។ សត្វសាហាវ​ទាំងឡាយ​ក៏ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។ បេ។ ពួកសត្វ​សាហាវ​មិនបានផ្តាច់​ជីវិតភិក្ខុ​នោះទេ។ ភិក្ខុអ្នក​បញ្ជូននោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង មានភិក្ខុ​មួយរូប បានបញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​ឆ្ងាយដាច់​សង្វែង មានចោរ (អាស្រ័យ​នៅ)។ ពួកចោរ​ក៏ផ្តាច់បង់​ជីវិតភិក្ខុ​នោះទៅ។ ភិក្ខុអ្នក​បញ្ជូននោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ (បើ) មិនមាន​បំណងនឹង​សម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង ភិក្ខុមួយ​រូបមានបំណង​នឹងសម្លាប់ ក៏បញ្ជូន​ភិក្ខុមួយរូប​ទៅកាន់ផ្លូវ​ឆ្ងាយដាច់​សង្វែង ដែលមាន​ចោរ (អាស្រ័យនៅ)។ ពួកចោរ​ក៏ផ្តាច់បង់​ជីវិតភិក្ខុនោះ​ទៅ។ បេ។ ពួកចោរ​មិនបានផ្តាច់​បង់ជីវិត​ភិក្ខុនោះទេ។ ភិក្ខុអ្នក​បញ្ជូននោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។

[២២០] សម័យនោះឯង មានភិក្ខុមួយរូបចំណាំ​ភិក្ខុជាសត្រូវ​នោះបាន ហើយក៏ទៅ​ផ្តាច់បង់​ជីវិតភិក្ខុ​ជាសត្រូវ​នោះទៅ។ ចំណាំភិក្ខុ​ជាសត្រូវនោះ​បាន តែទៅផ្តាច់បង់​ជីវិតភិក្ខុដទៃ​វិញ។ ចូលចិត្ត​ថាជាភិក្ខុ​ដទៃ តែទៅផ្តាច់បង់​ជីវិតភិក្ខុជា​សត្រូវនោះ​វិញ។ សំគាល់ថា​ជាភិក្ខុដទៃ ក៏ទៅ​ផ្តាច់បង់​ជីវិតភិក្ខុ​ដទៃ (នោះ)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។

[២២១] សម័យនោះឯង មានភិក្ខុមួយរូបខ្មោចចូល។ មានភិក្ខុ​មួយរូបទៀត​បានវាយភិក្ខុ​នោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុដែល​វាយនោះ​ក៏មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនមាន​បំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មាន​ភិក្ខុមួយ​រូបខ្មោច​ចូលដែរ។ មានភិក្ខុ​មួយរូបទៀត​មានបំណង​នឹងសម្លាប់ បានវាយ​ភិក្ខុនោះ។ ភិក្ខុនោះ​ក៏ធ្វើមរណកាល​ទៅ។ បេ។ ភិក្ខុនោះ​មិនបានធ្វើ​មរណកាល។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២២២] សម័យនោះឯង មានភិក្ខុមួយរូបពោលសគ្គកថា (ថ្លែងអំពីស្ថានសួគ៌) ដល់បុគ្គល​ដែលបាន​ធ្វើអំពើល្អ។ បុគ្គល​ដែលបាន​ស្តាប់នោះ ក៏អត់ដង្ហើម​ធ្វើមរណកាល​ទៅ។ ភិក្ខុអ្នក​សំដែង មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែល​មិនមានបំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបមាន​បំណងនឹង​សម្លាប់ ទើបសំដែង​សគ្គកថា របស់បុគ្គល​ដែលបានធ្វើ​អំពើល្អមក​ហើយ។ បុគ្គលនោះ ក៏អត់​ដង្ហើមធ្វើ​មរណកាល​ទៅ។ បេ។ បុគ្គលនោះ បានអត់​ដង្ហើមដែរ តែមិន​បានធ្វើ​មរណកាល​ទេ។ ឯភិក្ខុអ្នក​សំដែងមាន​សេចក្តី​សង្ស័យ។ បេ។ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​សំដែងនិរយ​កថា (ដំណាល​អំពីនរក) នៃសត្វ​ដែលទៅកើត​ក្នុងនរក។ ភិក្ខុអ្នកស្តាប់​នោះតក់ស្លុត ហើយធ្វើ​មរណកាល​ទៅ។ ភិក្ខុអ្នក​សំដែងនោះ មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកដែល​មិនមានប្រាថ្នា​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យនោះ​ឯង មានភិក្ខុ​មួយរូប​មានប្រាថ្នា​នឹងសម្លាប់ ទើបពោល​និរយកថា នៃសត្វ​ដែលទៅកើត​ក្នុងនរក។ បុគ្គល​នោះ តក់ស្លុត ហើយធ្វើ​មរណកាល​ទៅ។ បេ។ បុគ្គលនោះ​តក់ស្លុត តែមិន​បានធ្វើមរណកាល​ឡើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២២៣] សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី កាលធ្វើនវកម្ម ទើបនាំគ្នា​កាប់ដើមឈើ។ មានភិក្ខុ​មួយរូបបាន​និយាយនឹង​ភិក្ខុមួយ​រូបទៀតថា ម្នាលអាវុសោ លោកចូរ​ឈរត្រង់ទីនេះ​កាប់ឈើទៅ។ ដើមឈើ​ក៏រលំសង្កត់ភិក្ខុនោះ​ដែលកំពុង​ឈរកាប់ ស្លាប់ក្នុង​ទីនោះទៅ។ ភិក្ខុអ្នក​បង្គាប់​នោះ មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុ​ដែលមិនប្រាថ្នា​នឹងសម្លាប់​មិនត្រូវអាបត្តិ​ទេ។ សម័យ​នោះឯង ពួកភិក្ខុ​នៅស្រុកអាឡវី កាលនឹង​ធ្វើនវកម្ម បាននាំ​គ្នាកាប់​ដើមឈើ។ មានភិក្ខុ​មួយរូប មានបំណង​នឹងសម្លាប់ ទើបនិយាយ​នឹងភិក្ខុមួយ​រូបទៀតថា ម្នាល​អាវុសោ លោក​ចូរឈរ​ត្រង់ទីនេះ​កាប់ឈើទៅ។ ដើមឈើ​ក៏រលំសង្កត់​ភិក្ខុនោះដែល​កំពុងឈរ​កាប់ ស្លាប់ក្នុង​ទីនោះ​ទៅ។ បេ។ ដើមឈើ​រលំសង្កត់​មិនស្លាប់។ ភិក្ខុអ្នក​បង្គាប់នោះ មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិ​ថុល្លច្ច័យ។

[២២៤] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយនាំគ្នាដុតភ្លើងព្រៃ។ មនុស្ស (ដែលនៅក្នុងព្រៃ) ត្រូវភ្លើង​ឆេះស្លាប់ (ជាច្រើន​នាក់)។ ភិក្ខុទាំងនោះ​ក៏មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​មិនមានបំណង​នឹងសម្លាប់ មិនត្រូវ​អាបត្តិទេ។ សម័យ​នោះឯង ពួក​ឆព្វគ្គិយភិក្ខុ​មានបំណង​នឹងសម្លាប់ ក៏នាំគ្នា​ដុតភ្លើងព្រៃ។ មនុស្ស​ទាំងឡាយ ត្រូវភ្លើងព្រៃ​ឆេះស្លាប់ (ជាច្រើន​នាក់)។ បេ។ ពួកមនុស្ស​ត្រូវភ្លើងព្រៃឆេះ តែមិន​ស្លាប់។ ពួកភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ពួកអ្នក​មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។

[២២៥] សម័យនោះឯង មានភិក្ខុមួយរូបដើរទៅកាន់ទីសម្លាប់ចោរ ហើយ​បាននិយាយ​នឹងពេជ្ឈឃាត​ថា ម្នាលអាវុសោ អ្នកកុំធ្វើ​ឲ្យបុរសនេះ​លំបាកឡើយ អ្នកចូរ​ផ្តាច់បង់ជីវិត​ដោយប្រហារ​ត្រឹមតែម្តង​ទៅ។ ពេជ្ឈឃាត​ទទួលពាក្យថា ស្រួលហើយ លោកម្ចាស់ (ថាហើយ) ក៏ផ្តាច់បង់​ជីវិត (ចោរ) ដោយប្រហារ​តែត្រឹមម្តង។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិកហើយ។ សម័យ​នោះឯង មានភិក្ខុ​មួយរូបដើរ​ទៅកាន់ទី​សម្លាប់ចោរ ហើយបាន​និយាយនឹង​ពេជ្ឈឃាត​ថា ម្នាលអាវុសោ អ្នកកុំ​ធ្វើបុរសនេះ​ឲ្យលំបាកឡើយ ចូរអ្នក​ផ្តាច់បង់​ជីវិតដោយ​ប្រហារតែ​ត្រឹមម្តងទៅ។ ពេជ្ឈឃាត​ឆ្លើយថា ខ្ញុំព្រះករុណា​មិនធ្វើតាម​ពាក្យលោកទេ (ថាហើយ) ក៏ផ្តាច់បង់​ជីវិតបុរស​នោះទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកមិន​ត្រូវអាបត្តិ​បារាជិកទេ ត្រូវតែត្រឹម​អាបត្តិទុក្កដ។

[២២៦] សម័យនោះឯង មានបុរសម្នាក់ គេកាត់ដៃកាត់ជើង (មកនៅ) ក្នុងផ្ទះត្រកូល មានពួក​ញាតិមកប្រជុំគ្នា​ព្យាបាល។ មានភិក្ខុ​មួយរូបបាន​និយាយនឹងពួក​មនុស្សទាំង​នោះថា ម្នាល​អាវុសោ អ្នកទាំងឡាយ​ចង់ឲ្យបុរសនេះ​ស្លាប់ទេ។ ពួកមនុស្ស​ឆ្លើយតបថា ករុណា យើងចង់​ឲ្យគាត់​ស្លាប់ដែរ។ ភិក្ខុនោះ​ប្រាប់ថា បើដូច្នោះ អ្នក​ទាំងឡាយ​ចូរឲ្យគាត់​ផឹកខ្លាញ់ទឹកដោះគោ​ទៅ។ ពួកមនុស្ស​ក៏ឲ្យបុរសនោះ​ផឹកខ្លាញ់ទឹកដោះគោ។ បុរសនោះ​ក៏ធ្វើមរណកាល​ទៅ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យនោះ​ឯង មាន​បុរសម្នាក់ គេកាត់​ដៃកាត់ជើង (មកនៅ) ក្នុង​ផ្ទះត្រកូល ពួកញាតិ​ក៏ប្រជុំគ្នា​មកព្យាបាល។ មាន​ភិក្ខុនី (មួយរូប) និយាយ​នឹងពួកមនុស្ស​ទាំងនោះថា ម្នាល​អាវុសោ អ្នក​ទាំងឡាយ​ចង់ឲ្យបុរស​នេះស្លាប់​ឬទេ។ ពួក​មនុស្សឆ្លើយ​ថា ករុណា លោកម៉ែម្ចាស់ យើងចង់​ឲ្យស្លាប់​ដែរ។ ភិក្ខុនី​នោះប្រាប់​ថា បើដូច្នោះ អ្នកទាំងឡាយ​ចូរឲ្យគាត់​ផឹកថ្នាំត្រាំ​ដោយអំបិល​ទៅ។ មនុស្ស​ទាំងនោះក៏ឲ្យ​បុរសនោះ​ផឹកថ្នាំត្រាំ​ដោយអំបិល​នោះ។ បុរសនោះ​ធ្វើមរណកាល​ទៅ។ ភិក្ខុនីនោះ​មានសេចក្តី​សង្ស័យ។ លំដាប់​នោះឯង ភិក្ខុនី​នោះបានប្រាប់​ដំណឹងនុ៎ះ​ដល់ភិក្ខុនី​ទាំងឡាយ។ ពួកភិក្ខុនី​ក៏ដំណាល​សេចក្តីនុ៎ះ​ដល់ភិក្ខុ​ទាំងឡាយ។ ពួកភិក្ខុ​ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនី​នោះ ត្រូវអាបត្តិ​បារាជិកហើយ។

បារាជិកទី ៣ ចប់។

 

1)
សាលា គឺផ្ទះ​មានកំពូល។ តាមអដ្ឋកថា ថា ក្នុងព្រៃ​មហាវននោះ គេសាង​វត្ត សង់​សាលា ធ្វើគន្ធកុដិ សម្រាប់ជា​ទីប្រថាប់​នៃព្រះបរម​សាស្តា។
2)
គឺព្រៃធំ​មួយក្បែរ​កបិលវស្តុបូរី ជិតជាប់គ្នាមិនមាន​ដាច់នឹង​ព្រៃហេមពាន្តទៅទល់​នឹងមហា​សមុទ្រ​(ឥណ្ឌា)។
3)
ឈ្មោះ​ក្រុង​របស់​ដែន​វជ្ជី ពីដើម​មកជា​ទីក្រុង​ធំមួយ មានកំពែង​ព័ទ្ធជុំវិញ​ដល់៣ជាន់។ (សេចក្តី​នេះមាននិយាយ​ពិស្តារ​ក្នុង​​គម្ពីរ​បរមត្ថជោតិកា អដ្ឋកថា​ខុទ្ទកនិកាយ)។
4)
តាមន័យ​ក្នុង​អដ្ឋកថា ថា សមណកុត្តក ប្រែថា អ្នក​ទ្រង់នូវ​ភេទ​​ប្រហែល​​នឹង​សមណៈ។ ក្នុង​ដីកា ថា អ្នក​ធ្វើកិច្ចការ​បម្រើ​សមណៈ។ មាន​សេចក្តីពន្យល់​ក្នុង​អដ្ឋកថា ថា គាត់​កោរសក់​ឡៅ ឲ្យ​មាន​​សល់​បន្តិច​​ទុកជាជុក គាត់​ស្លៀកសម្ពត់​ជ្រលក់​​អម្ចត់មួយ បង់​កមួយ ចិញ្ចឹម​ជីវិតដោយ​សារ​អាហារ​​ដែល​សេស​សល់​អំពី​ភិក្ខុសង្ឃ។ ឯ​ពាក្យថា មិគលណ្ឌិក គឺជា​​ឈ្មោះ​របស់​​គាត់។
5)
សាលា​ជាទីបម្រើ គឺសាលា​សម្រាប់​ប្រើប្រាស់​ដោយកិច្ច​ផ្សេងៗ មានឆាន់​ចង្ហាន់​ជាដើម។
6)
ក្នុងអដ្ឋកថា ពន្យល់សេចក្តីថា ភិក្ខុជាអាចារ្យ​ប្រើភិក្ខុ​ឈ្មោះ​ពុទ្ធរក្ខិតឲ្យទៅ​ប្រាប់ភិក្ខុឈ្មោះ​ ធម្មរក្ខិតឲ្យ​ប្រាប់ភិក្ខុឈ្មោះ​សង្ឃរក្ខិត ឲ្យទៅ​សម្លាប់មនុស្ស​​ឈ្មោះនេះ។ ត្រង់​ពាក្យថា ឈ្មោះនេះ គឺ​មនុស្សនោះ​ឈ្មោះអ្វី ក៏ចេញ​ឈ្មោះនោះ​ឯង។
7)
ភិក្ខុអ្នក​ចូលទៅកាន់​ត្រកូល គឺភិក្ខុ​ដែលជិត​ដិតស្និទ្ធ​ស្នាលនឹង​ត្រកូល។
8)
ធ្វើបាបឲ្យ​ពិបាក។
km/tipitaka/vin/par/vin.par.pj.03.txt · ពេលកែចុងក្រោយ: 2018/11/19 11:50 និពន្ឋដោយ Johann