User Tools

Site Tools


Translations of this page?:
km:tipitaka:vin:par:vin.par.pj.04

ព្រះត្រៃបិដក » វិន័យបិដក » មហាវិភង្គ » បារាជិកកណ្ឌេ

បារាជិកកណ្ឌេ ចតុត្ថសិក្ខាបទំ

vin.par.pj.04 | book_001

(៤. ចតុត្ថបារាជិកំ)

[២២៧] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅកូដាគារសាលា ព្រៃមហាវន ទៀបក្រុងវេសាលី។ គ្រានោះ មានភិក្ខុច្រើនរូបជា​មិត្របានជួប​ប្រទះគ្នាថ្មី និងមិត្រ​ស្និទ្ធស្នាល​មាំមួន បាននៅចាំ​វស្សាប្រប​ឆ្នេរស្ទឹងវគ្គុមុទា។ កាលនោះ ស្រុកវជ្ជី​កើតទុរ្ភិក្ស​អត់បាយ មនុស្ស​ទាំងឡាយ​ចិញ្ចឺមជីវិតបាន​ដោយកម្រ​ក្រៃពេក មនុស្ស (ដែល​ក្រលំបាក​ស្រាប់ ក៏ដល់នូវ​សេចក្តីស្លាប់) មានឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស (ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញដូរ​ស្រូវអង្ករគេ​បាន) ក៏មិនងាយ​នឹងទិញដូរដែរ លុះ​តែមានស្លាក​កាន់ជាសំគាល់ ទើប​ទិញដូរ​បាន មនុស្ស​ទាំងអស់​ក្នុងស្រុក​នោះនឹងព្យាយាម​ស្វែងរកអាហារ​បានដោយ​កម្រក្រៃពេក។ វេលា​នោះឯង ភិក្ខុទាំងនោះ​ក៏គិតគ្នាថា ឥឡូវនេះ ស្រុកវជ្ជីកើត​ទុរ្ភិក្សអត់បាយ មនុស្ស​ទាំងឡាយចិញ្ចឹម​ជីវិតបានដោយ​កម្រក្រៃពេក មនុស្ស (ដែល​ក្រលំបាក​ស្រាប់ ក៏ដល់នូវ​សេចក្តីស្លាប់) មាន​ឆ្អឹងស (ដេរដាស​លើផែនដី) មនុស្ស (ដែលមាន​ទ្រព្យសម្បត្តិ​ល្មមទិញដូរ​ស្រូវអង្ករ​គេបាន) ក៏មិនងាយ​នឹងទិញដូរ​ដែរ លុះតែមាន​ស្លាកកាន់ជា​សំគាល់ ទើបទិញ​ដូរបាន មនុស្ស​ទាំងអស់ក្នុង​ស្រុកនោះនឹង​ព្យាយាមស្វែងរក​អាហារបាន​ដោយកម្រ​ក្រៃពេក តើយើង​នឹងគិតធ្វើ​ឧបាយដូច​ម្តេចឲ្យបាន​សាមគ្គីស្មោះសរ កុំឲ្យ​មានវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាឲ្យ​បានស្រួល​ផង កុំឲ្យលំបាក​ដោយអាហារ​បិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ បើដូច្នោះ យើងត្រូវ​ទទួលរ៉ាប់រង​ការងាររបស់​ពួកគ្រហស្ថ​ចុះ កាលបើ​យើងធ្វើយ៉ាង​នេះហើយ ពួកគ្រហស្ថ​ទាំងនោះ គង់នឹង​នឹកនាឲ្យ​អាហារដល់​យើងមិនខាន កាល​បើបានអាហារ​យ៉ាងនេះហើយ យើងក៏​បានសាមគ្គី​ស្មោះសរ មិនវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាក៏ស្រួល​ផង ហើយមិន​លំបាកដោយ​អាហារបិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ កុំ ប្រយោជន៍អ្វី​នឹងទទួល​រ៉ាប់រងការងារ​របស់គ្រហស្ថ (នោះ) ម្នាល​អាវុសោ ណ្ហើយចុះ យើងត្រូវ​ធ្វើជាអ្នក​បំរើ នាំដំណឹង​ដល់ពួកគ្រហស្ថ​វិញ កាលបើ​យើងធ្វើយ៉ាងនេះ​ហើយ ពួកជន​ទាំងនោះ គង់នឹង​នឹកនាឲ្យ​អាហារ​បិណ្ឌបាត​ដល់យើង​មិនខាន កាលបើ​បានអាហារ​យ៉ាងនេះ យើងនឹង​ព្រមព្រៀង​ស្មោះសរ មិនវិវាទ​ទាស់ទែងគ្នា នៅចាំ​វស្សាក៏ស្រួល​ផង ហើយមិន​លំបាកដោយ​អាហារ​បិណ្ឌបាត​ផង។ ភិក្ខុខ្លះ​ឆ្លើយថា ម្នាល​អាវុសោ កុំ ប្រយោជន៍​អ្វីនឹងទទួល​រ៉ាប់រងការងារ​របស់គ្រហស្ថ ប្រយោជន៍​អ្វីនឹងធ្វើជា​អ្នកបំរើ​នាំដំណឹង​ដល់ពួក​គ្រហស្ថ (នោះ) ម្នាល​អាវុសោ ណ្ហើយចុះ យើង​ត្រូវពោលអួត​ឧត្តរិមនុស្សធម្ម​គ្នាយើងទៅ​វិញទៅ​មក ឲ្យពួក​គ្រហស្ថ (គេស្តាប់​វិញ) ថា ភិក្ខុ​ឯណោះបាន​ឈានទី១ ភិក្ខុឯណោះ​បានឈានទី២ ភិក្ខុ​ឯណោះបាន​ឈានទី៣ ភិក្ខុឯណោះ​បានឈានទី៤ ភិក្ខុ​ឯណោះជា​សោតាបន្ន ភិក្ខុ​ឯណោះ​ជាសកទាគាមី ភិក្ខុឯណោះ​ជាអនាគាមី ភិក្ខុ​ឯណោះជា​ព្រះអរហន្ត ភិក្ខុ​ឯណោះ​បានត្រៃវិជ្ជា ភិក្ខុ​ឯណោះ​បានអភិញ្ញា៦ កាល​បើយើង​ពោលយ៉ាង​នេះហើយ ពួក​ជនទាំង​នោះ គង់នឹង​នឹកនា ឲ្យអាហារ​បិណ្ឌបាត​ដល់យើង​មិនខាន កាលបើ​បានអាហារ​យ៉ាងនេះ​ហើយ យើងក៏​នឹងមានសាមគ្គី​ស្មោះសរ​នឹងគ្នា មិនវិវាទ​ទាស់ទែងគ្នា​ឡើយ នៅចាំ​វស្សាក៏​ស្រួល ហើយមិន​លំបាកដោយ​បិណ្ឌបាត​ផង។ ភិក្ខុ​ទាំងនោះក៏​យល់ព្រម​ថា ម្នាល​អាវុសោ​ទាំងឡាយ ការ​ពោលអួត​ឧត្តរិមនុស្សធម្ម​របស់គ្នា​យើងទៅវិញ​ទៅមក​ដល់ពួក​គ្រហស្ថ ដែលលោក​ថាមកនឹងយើង (អម្បាញ់​មិញនេះ) ស្រួល​ហើយ។ ក្នុងកាល​ជាខាងក្រោយ​មក ភិក្ខុទាំងនោះ​ក៏បានពោលអួត​ឧត្តរិមនុស្សធម្ម​ទៅវិញទៅមក​ដល់ពួកគ្រហស្ថ​ថា ភិក្ខុឯណោះ​បានឈាន​ទី១។ បេ។ ភិក្ខុ​ឯណោះបាន​ឈានទី៤ ភិក្ខុ​ឯណោះជា​សោតាបន្ន។ បេ។ ភិក្ខុ​ឯណោះបាន​អភិញ្ញា៦។ គ្រានោះ មនុស្ស​ទាំងនោះក៏​និយាយគ្នា​ថា យើងរាល់គ្នា​បានភិក្ខុបែប​នេះមកនៅ​ចាំវស្សា អើហ្ន៎ ហៅពេញ​ជាលាភរបស់​យើង ឈ្មោះថា​យើងបានបុណ្យ​ដោយងាយ​ណាស់ហ្ន៎ ពីដើម​យើងរាល់គ្នា​មិនដែលបាន​ពួកភិក្ខុមាន​សីល មាន​ធម៌ជា​កុសល ដូចជា​ពួកភិក្ខុនេះ​មកនៅចាំ​វស្សា (ដល់ម្តង) សោះឡើយ។ មនុស្ស​ទាំងនោះ (កាលបើបាន) ភោជនាហារ​ដែលឆ្ងាញ់​ពីសា ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​បរិភោគមាត់​ខ្លួនឡើយ ហើយមិន​ដែលបាន​ជូនទៅ​មាតាបិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករ​បុរស1) មិត្រ អមាត្យ មន្ត្រី និងញាតិ​សាលោហិត​សោះឡើយ ឬបាន​ខាទនីយាហារ​ដែលឆ្ងាញ់ពីសា ក៏បំរុង​ទុកតែនឹងប្រគេន​ភិក្ខុទាំងនោះ មិនហ៊ាន​បរិភោគមាត់​ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅ​មាតាបិតាទេ។ បេ។ មិន​ដែលបានឲ្យ​ទៅញាតិសាលោហិត​ឡើយ ឬបាន​គ្រឿង​សម្រាប់​ជញ្ជក់​ជញ្ជាប់ ដែលឆ្ងាញ់​ពីសា ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​ជញ្ជក់ជញ្ជាប់​មាត់ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅ​មាតាបិតា​ទេ។ បេ។ មិនដែល​បានឲ្យទៅ​ញាតិសាលោហិត​ឡើយ ឬបាន​ទឹកដែលមាន​រសល្អ ក៏បំរុង​ទុកតែនឹង​ប្រគេនភិក្ខុ​ទាំងនោះ មិនហ៊ាន​ផឹកមាត់​ខ្លួនឡើយ ហើយ​មិនដែលបាន​ជូនទៅមាតា​បិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករ​បុរស មិត្រ អមាត្យ ញាតិ​សាលោហិត​ឡើយ។ គ្រានោះ ភិក្ខុ​ទាំងនោះ (លុះបាន​អាហារឆាន់​បរិបូណ៌) ក៏មាន​សម្បុរល្អ មាន​ឥន្ទ្រិយ​ពេញលេញ មាន​ទឹកមុខ​ស្រស់បស់ សម្បុរស្បែក​ក៏ជ្រះថ្លា។ ភិក្ខុ​ទាំងឡាយ កាល​បើចេញ​វស្សារូច​ហើយ តែងនាំគ្នា​ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ នេះជា​ទំនៀមមិនដែល​ខានឡើយ។ វេលានោះ​ឯង ភិក្ខុទាំង​នោះ លុះបាន​នៅចាំវស្សា​គ្រប់៣ខែ​ហើយ ក៏រៀបចំ​ទុកដាក់គ្រឿង​សេនាសនៈ​រួចហើយ នាំយក​បាត្រ និងចីវរ​ចូលទៅក្រុង​វេសាលី ដើរទៅ​កាន់ចារិក​តាមលំដាប់ បាន​ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ ដែលគង់​នៅកូដាគារសាលា​ព្រៃមហាវន​ទៀបក្រុង​វេសាលី លុះចូល​ទៅដល់ហើយ ទើប​ក្រាបថ្វាយ​បង្គំព្រះដ៏​មានព្រះភាគ ហើយ​អង្គុយក្នុង​ទីដ៏សមគួរ។

[២២៨] សម័យនោះឯង ពួកភិក្ខុដែល​នៅចាំវស្សាក្នុង​ទិសទាំងឡាយ (រាល់ដំបន់ឯទៀត) សឹង​ដ៏មានកាយ​ស្គាំងស្គម​សៅហ្មង មានសម្បុរ​អាក្រក់ កើតជា​រោគលឿង​ស្លេកស្លាំង មានខ្លួន​រវាមដោយ​សរសៃ។ ឯពួកភិក្ខុ​ដែលនៅទៀប​ត្រើយស្ទឹង​វគ្គុមុទា សឹងដ៏​មានសម្បុរ​ល្អ មាន​ឥន្ទ្រិយ​ពេញលេញ មានមុខ​មាត់ស្រស់បស់ សម្បុរស្បែក​ក៏ជ្រះថ្លា​ទាំងអស់គ្នា។ មាន​សេចក្តីថា ការស្មោះសរ​ចំពោះជា​មួយនឹង​អាគន្តុក​ភិក្ខុ គឺភិក្ខុ​ដែលទើប​នឹងមកដល់​ថ្មី នេះជា​ទំនៀមរបស់​ព្រះពុទ្ធដ៏​មានព្រះភាគ​គ្រប់ព្រះអង្គ។ គ្រា​នោះ ព្រះដ៏មាន​ព្រះភាគ​ជាម្ចាស់ ទ្រង់​ត្រាស់សួរ​ទៅពួកភិក្ខុ​ដែលនៅទៀប​ឆ្នេរស្ទឹង​វគ្គុមុទាថា ម្នាល​ភិក្ខុទាំង​ឡាយ អ្នករាល់​គ្នាល្មម​អត់ធន់បាន​ទេឬ2) អ្នក​រាល់គ្នា​ល្មមប្រព្រឹត្ត​ទៅបានស្រួល​ទេឬ3) អ្នក​ទាំងឡាយ​មានសេចក្តី​សាមគ្គី​ស្មោះសរ មិនវិវាទ​ទាស់ទែង​គ្នា នៅចាំវស្សា​ស្រួលបួល មិនលំបាក​ដោយអាហារ​បិណ្ឌបាត​ទេឬ។ ពួក​ភិក្ខុ​ទាំងនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងអស់គ្នា​ល្មមអត់ធន់​បាន បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​ទាំងអស់គ្នា ល្មម​ប្រព្រឹត្តទៅ​បានដែរ បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​ទាំងអស់គ្នា​មានសេចក្តី​សាមគ្គី​ស្មោះសរ ឥតមាន​វិវាទទាស់ទែង​គ្នាទេ នៅចាំ​វស្សា ក៏ស្រួល​បួល មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ទេ។ (មាន​សេចក្តីថា) ព្រះតថាគត​ទាំងឡាយ ទ្រង់ជ្រាប​ច្បាស់នូវ​ហេតុ ហើយត្រាស់​សួរក៏មាន ជ្រាបច្បាស់​ហើយមិន​ត្រាស់សួរ​ក៏មាន ជ្រាបច្បាស់​នូវកាលគួរ​ហើយ ត្រាស់សួរ​ក៏មាន ជ្រាបច្បាស់​នូវកាលគួរ​ហើយ មិនត្រាស់​សួរក៏មាន ព្រះតថាគត​ទាំងឡាយ​ទ្រង់សួរ​ចំពោះតែ​អំពើដែល​មានប្រយោជន៍ អំពើ​ដែលមិន​មាន​ប្រយោជន៍ ទ្រង់​មិនសួរ​ឡើយ ព្រោះ​ព្រះតថាគត​ទាំងឡាយ ទ្រង់ផ្តាច់​បង់នូវអំពើ​ដែលមិនមាន​ប្រយោជន៍​ដោយ​អរិយមគ្គ​អស់ហើយ។ ព្រះសម្ពុទ្ធ​ជាម្ចាស់ទាំង​ឡាយដ៏មាន​ជោគ ទ្រង់សួរ​ពួកភិក្ខុ​ដោយហេតុ​ពីរប្រការ គឺ​ទ្រង់សួរ​ដើម្បីនឹង​សំដែង​ធម៌១ ដើម្បី​នឹងបញ្ញត្ត​សិក្ខាបទ​ដល់ពួក​សាវក១។ កាលនោះ ព្រះដ៏មាន​ព្រះភាគទ្រង់​ត្រាស់សួរ​ពួកភិក្ខុ​ដែលនៅទៀប​ឆ្នេរស្ទឹង​ វគ្គុមុទាថា ម្នាល​ភិក្ខុទាំង​ឡាយ អ្នក​រាល់គ្នា បានជា​មានសេចក្តី​សាមគ្គី​ស្មោះសរ មិនវិវាទ​ទាស់ទែង​គ្នា នៅចាំ​វស្សាក៏ស្រួល​បួល មិនលំបាក​ដោយអាហារ​បិណ្ឌបាត នោះ​តើដោយ​ហេតុអ្វី។ គ្រានោះ ភិក្ខុ​ទាំងអម្បាល​នោះ ក៏ក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ (ដោយ​សព្វគ្រប់)។ ទើប​ព្រះអង្គ​ត្រាស់សួរ​ថា នែភិក្ខុ​ទាំងឡាយ ហេតុនេះ​ពិតមែនឬ។ ភិក្ខុ​ទាំងនោះ​ក្រាបទូល​តបវិញថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ហេតុនេះ​មិនពិតទេ។

[២២៩] ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា នែ​មោឃបុរស​ទាំងឡាយ អំពើដែល​អ្នកទាំងអស់​គ្នាធើ្វនេះ មិន​សមគួរ មិនត្រូវ​ទំនង មិនត្រូវ​បែប មិនមែន​ជារបស់​សមណៈ មិនគប្បី មិនគួរ​ធ្វើសោះ នែ​មោឃបុរស​ទាំងឡាយ គួរបើ​ដែរ អ្នក​ឯងរាល់គ្នា​ហ៊ានពោល​អួតឧត្តរិមនុស្សធម្ម​ទៅវិញទៅ​មកចំពោះ​ពួកគ្រហស្ថ ព្រោះ​ហេតុតែ​ចង់ចំអែត​ផ្ទៃ នែ​មោឃបុរស​ទាំងឡាយ បើអ្នក​រាល់គ្នា​យកកាំបិត​យ៉ាងមុត ដែល​សំរាប់ពន្លះ​សាច់គោ មក​វះពោះ (របស់​ខ្លួន) វិញ​ប្រសើរ​ជាង ឯការពោល​អួតឧត្តរិ​មនុស្សធម្ម​របស់គ្នា​នឹងគ្នា​ចំពោះពួក​គ្រហស្ថ ព្រោះ​ហេតុតែ​ចង់​ចំអែតផ្ទៃ ដែល​អ្នកឯង​ទាំងអស់​គ្នាពោលរួច​ទៅហើយ (នោះ) ពុំប្រសើរ​សោះឡើយ ហេតុអ្វី​បានជា​តថាគត​ពោលយ៉ាង​នោះ ម្នាល​មោឃបុរស​ទាំងឡាយ ពីព្រោះ​បុគ្គលដែល​វះពោះខ្លួន​ឯងនោះ ជាហេតុ​បានតែត្រឹម​សេចក្តី​ស្លាប់ ឬលំបាក​ទៀបស្លាប់​ប៉ុណ្ណោះ កាល​បើរំលាង​ខន្ធតអំពី​មរណកាល​ទៅ ក៏មិន​ទៅកើត​ជាតិរច្ឆាន ប្រេត អសុរកាយ នរក ព្រោះហេតុ​ដែលវះពោះ​នោះឡើយ ម្នាល​មោឃបុរស​ទាំងឡាយ ឯចំណែក​ខាងភិក្ខុដែល​ពោលអួត​ឧត្តរិមនុស្សធម្ម ជាហេតុ ជាទី​តាំងនេះ កាលបើ​រំលាងខន្ធ​តអំពីមរណកាល​ទៅហើយ ទៀងតែ​ទៅកើត​ជាតិរច្ឆាន ប្រេត អសុរកាយ នរក មិនខាន​ឡើយ ម្នាល​មោឃបុរស​ទាំងឡាយ ការដែល​ពោលអួត​ឧត្តរិមនុស្ស​ធម្មនេះ នឹង​បាននាំមនុស្ស​ដែលមិនទាន់​ជ្រះថ្លា​ឲ្យជ្រះថ្លា ឬមនុស្ស​ដែលជ្រះថ្លា​ហើយ ឲ្យកាន់​តែជ្រះថ្លាឡើង​ក៏ទេ។ បេ។ ព្រះសម្ពុទ្ធ​ជាម្ចាស់ ទ្រង់​តិះដៀលពួក​ភិក្ខុទាំងនោះ រួច​ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកជួប​ជុំហើយ ទើបទ្រង់​សំដែង​ធម្មីកថា តទៅថា

[២៣០] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ មានភិក្ខុ​ជាមហាចោរ​៥ពួក។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​មហាចោរ៥​ពួកនោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីតិ្រះរិះ​របស់មហាចោរ​ខ្លះដែលមានក្នុង​លោកនេះថា បើដល់​វេលាណា​អញបាន​បរិសទ្យ១រយ ឬ១ពាន់​ចោមរោម​ជាគ្នាហើយ នឹងលើក​ចូលទៅក្នុង​ស្រុកនិគម​រាជធានី ហើយនឹង​វាយសំពង ផ្តាច់​ជីវិតពួក​អ្នកស្រុក​ទាំងនោះ ដោយខ្លួន​ឯង ឬប្រើអ្នក​ដទៃឲ្យផ្តាច់​ជីវិត ដុតរោល​អ្នកស្រុក​ទាំងនោះ ដោយ​ខ្លួនឯង ឬប្រើ​អ្នកដទៃ​ឲ្យដុតរោល។ លុះដល់​សម័យខាង​ក្រោយមក មហាចោរ​នោះ បាន​បរិសទ្យ១រយ ឬ១ពាន់​ចោមរោម​ជាគ្នាហើយ ក៏លើក​ចូលទៅក្នុង​ស្រុកនិគម​រាជធានី វាយ​សំពង ផ្តាច់ជីវិត​អ្នកស្រុក​ទាំងនោះ ដោយខ្លួន​ឯង ឬប្រើអ្នក​ដទៃឲ្យផ្តាច់​ជីវិត ដុតរោល​អ្នកស្រុកទាំង​នោះដោយ​ខ្លួនឯង ឬប្រើអ្នក​ដទៃឲ្យដុត​រោល យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ត្រិះរិះ​របស់ភិក្ខុ​បាបខ្លះ ដែល​មានក្នុង​សាសនា​នេះ ក៏យ៉ាងនោះ​ដែរ (ត្រិះរិះ) ថាបើ​ដល់កាល​ណាអញបាន​បរិសទ្យ១រយ ឬ១ពាន់​ចោមរោម​ជាគ្នាហើយ នឹងត្រេច​ទៅកាន់ចារិក ក្នុង​ស្រុកនិគម​រាជធានី ក៏នឹង​បាននូវ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ ដែល​ពួកគ្រហស្ថ​ក្តី ពួកបព្វជិត​ក្តី ធ្វើសក្ការ​គោរពរាប់អាន​បូជាកោត​ក្រែង។ លុះដល់​សម័យខាង​ក្រោយមក ភិក្ខុបាប​នោះបាន​បរិសទ្យ​១រយ ឬ១ពាន់​ចោមរោមជា​គ្នាហើយ ក៏ត្រេចទៅ​កាន់ចារិក ក្នុងស្រុក​និគមរាជធានី បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ ដែលពួក​គ្រហស្ថក្តី បព្វជិត​ក្តី ធ្វើ​សក្ការ​គោរព​រាប់អាន​បូជាកោត​ក្រែង។ ម្នាលភិក្ខុ​ទាំឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី១ ដែលមាន​ប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃមាន​តទៅទៀត ក្នុងសាសនានេះ មានភិក្ខុ​បាបខ្លះរៀនសូត្រ​ធម្មវិន័យដែល​តថាគតបាន​សំដែងហើយ ដុតកំដៅ​ខ្លួនឯងចោល​4) ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី២ ដែលមាន​ប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃ​មានតទៅ​ទៀត ក្នុង​សាសនានេះ មានភិក្ខុ​បាបខ្លះពោល​ចោទភិក្ខុ​ដែលប្រព្រឹត្ត​ធម៌ប្រសើរ​ដ៏ស្អាត ដែល​កំពុង​ប្រព្រឹត្តធម៌​ប្រសើរដ៏​បរិសុទ្ធ ចោទដោយ​ការប្រព្រឹត្ត​មិនប្រសើរ5) រក​មូលគ្មាន។6) ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី៣ មានប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដទៃ​មានតទៅ​ទៀត ក្នុងសាសនា​នេះ មានភិក្ខុ​បាបខ្លះ​សង្គ្រោះ​ផ្គាប់ផ្គុន​គ្រហស្ថដោយ​គ្រឿងគរុភណ្ឌ​របស់សង្ឃ ឬគ្រឿង​គរុណបរិក្ខារ គ្រឿង​គរុភណ្ឌ គឺអ្វីខ្លះ គ្រឿងគរុភណ្ឌ​នោះគឺ គុម្ពផ្កា និង​ដើមឈើ១ ទីដែល​សំរាប់ដាំ​គុម្ពផ្កា និង​ដើមឈើ១ កុដិ១ ទីដែល​សំរាប់សង់​កុដិ១ គ្រែ១ តាំង១ ពូក១ ខ្នើយ១ ឆ្នាំង​លោហៈ១ ស្នូក​លោហៈ១ ក្អមលោហៈ១ ផើងលោហៈ១7) កាំបិត១ ពូថៅ១ ដឹង១ ចប១ ពន្លាក (ឬដែក​កណ្តារ)១ វល្លិប្រវែង​មួយលូក​ឡើងទៅ១ ឫស្សី​ប្រវែង៨ធ្នាប់​ឡើងទៅ១ ស្មៅដំណេកទន្សាយ១ ស្មៅយាប្លង១ ស្មៅធម្មតា១ ដីស្អិត១ គ្រឿងធ្វើ​នឹងឈើ១ គ្រឿងធ្វើ​នឹងដី១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា មហាចោរទី៤ មានប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា​ពោលអួត​ឧត្តរិមនុស្សធម្ម ដែល​មិនមាន មិនប្រាកដ​ក្នុងខ្លួន ភិក្ខុនេះ​ជាមហាចោរទី៥ ជាចោរធំ​បំផុតក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួក​សត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្ស​ដ៏សេស ហេតុអ្វីបាន​ជាតថាគត​ពោលដូច្នោះ ម្នាលភិក្ខុ​ទាំងឡាយ ពីព្រោះ​ដុំបាយរបស់​ជនអ្នកនៅក្នុងដែន គឺភិក្ខុនោះ​ឯងលួចយក​មកបរិភោគ។ (ព្រះសម្ពុទ្ធ​ជាម្ចាស់ ទ្រង់ប្រាថ្នា​នឹងធ្វើសេចក្តី​នោះឲ្យច្បាស់​លាស់ឡើង ទើបត្រាស់​សំដែងសេចក្តី​ជាគាថាត​ទៅទៀតថា) ភិក្ខុណា​មានខ្លួនតាំង​នៅដោយ​អាការដទៃ គឺថាខ្លួន​មានកាយ​សមាចារមិន​បរិសុទ្ធ​ជាដើម ហើយ​ញុំាងអ្នក​ដទៃឲ្យ​ដឹងថាខ្លួន​តាំងនៅ​ដោយអាការ​ដទៃ គឺថាខ្លួន​មានកាយ​សមាចារ​ជាដើមស្អាត​វិញ ភិក្ខុនោះ​ឯងហៅថា លួចភោជន​គេមកបរិភោគ ដូចជា​ព្រានសត្វស្លាប លបលាក់​ខ្លួនប្រប​គុម្ពឈើ បម្រុង​ចាំបាញ់សត្វ។ ភិក្ខុ​ដែលយក​សម្ពត់កាសាវ​មកព័ទ្ធព័ន្ធ​ក តែប្រព្រឹត្ត​ធម៌អាក្រក់​ជាធម្មតា គ្មាន​សង្រួម (តាម​ធម៌វិន័យ) ឡើយ ជាបុគ្គល​លាមកក្រៃលែង​សឹងមានច្រើន ភិក្ខុនោះ​ទៀងតែ​ទៅនរក ព្រោះអំពើ​​ដែលខ្លួន​ធ្វើអាក្រក់។ បរិភោគ​ដុំដែកដែល​កំពុងឆេះក្តៅ ឧបមា​ដូចជាអណ្តាតភ្លើង​វិញ ប្រសើរ​ជាង ឯភិក្ខុ​ដែលទ្រុស្តសីល មិន​សង្រួម (តាម​ធម៌វិន័យ) នឹងបរិភោគ​នូវដុំអាមិស​របស់ជន​អ្នកនៅក្នុង​ដែន (នោះ) ពុំ​ប្រសើរ​សោះឡើយ។

[២៣១] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់តិះដៀលពួក​ភិក្ខុដែលនៅទៀប​ឆ្នេរស្ទឹងវគ្គុមុទា​ ដោយអនេក​បរិយាយ ហើយទ្រង់​សំដែងនូវទោស​នៃការដែល​គេពិបាក​ចិញ្ចឹម ពិបាក​ថែទាំ។ បេ។ ទើបទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ​គប្បីសំដែង​នូវសិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុ​ណាមួយ​មិនដឹង​ចំពោះ ហើយពោល​អួតឧត្តរិ​មនុស្សធម្ម ជាធម៌​គួរឃើញដោយ​ញាណដ៏ប្រសើរ បង្អោន​មកដាក់ក្នុង​ខ្លួនថា ខ្ញុំដឹង​ដូច្នេះ ខ្ញុំឃើញ​ដូច្នេះ លុះដល់​សម័យដទៃ​ពីនោះមក ទោះមាន​គេសាកសួរ​ក្តី ឥតមាន​គេសាកសួរ​ក្តី ក៏ហៅថា ត្រូវ​អាបត្តិបារាជិក​ហើយ (ទោះបី) មាន​ប្រាថ្នា​ចង់ឲ្យ​បរិសុទ្ធ ហើយត្រឡប់​ជានិយាយ​កែសំនួនយ៉ាង​នេះវិញថា នែ​អាវុសោ ខ្ញុំមិនដឹង​យ៉ាងនេះទេ (ប៉ុន្តែ) ពោល​ថា ដឹង ខ្ញុំមិន​ឃើញយ៉ាង​នេះទេ (ប៉ុន្តែ) ពោលថា ឃើញ ខ្ញុំពោល​កុហកសោះ​ទេ ភិក្ខុនេះ​ឯងក៏នៅ​ជាត្រូវ​អាបត្តិបារាជិក រកសំវាសគ្មាន។ សិក្ខាបទ​នេះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់បញ្ញត្ត​ដល់ពួកភិក្ខុ​រួចជាស្រេច​យ៉ាងនេះ។

[២៣២] វេលានោះឯង មានភិក្ខុច្រើនរូបមានសេចក្តីសំគាល់​ថាឃើញ ក្នុងហេតុ​ដែលខ្លួន​មិនឃើញ សំគាល់ថា​ដល់ ក្នុងហេតុ​ដែលខ្លួនឥត​បានដល់ សំគាល់​ថាត្រាស់ដឹង ក្នុងហេតុ​ដែលខ្លួន​ឥតបាន​ត្រាស់ដឹង សំគាល់ថា​ធ្វើឲ្យច្បាស់​លាស់ ក្នុងហេតុ​ដែលខ្លួនឥត​បានធ្វើឲ្យ​ច្បាស់លាស់ ហើយ​បានពោល​អួតអរហត្តផល​ដោយសំគាល់ថា​ខ្លួនបាន​ត្រាស់ដឹង។ លុះដល់​សម័យដទៃ​មក ចិត្តរបស់​ភិក្ខុទាំងនោះ ក៏ឱន​ទៅរករាគៈ​ខ្លះ ចិត្តឱនទៅ​រកទោសៈខ្លះ ចិត្តឱនទៅ​រកមោហៈខ្លះ។ សេចក្តី​សង្ស័យក៏​កើតឡើង​ដល់ភិក្ខុ​ទាំងនោះថា សិក្ខាបទ​ព្រះដ៏មាន​ព្រះភាគ ទ្រង់​បានបញ្ញត្ត​រួចជាស្រេច​ហើយ ម្តេចឡើយ​ក៏យើងមក​សំគាល់ថា​ឃើញក្នុងហេតុ​ដែលយើង​ឥតបាន​ឃើញ សំគាល់ថា​ដល់ក្នុងហេតុ​ដែលយើង​ឥតបានដល់ សំគាល់ថា​ត្រាស់ដឹង ក្នុងហេតុ​ដែលយើង​ឥតបាន​ត្រាស់ដឹង សំគាល់ថា​ធ្វើឲ្យច្បាស់​លាស់ ក្នុងហេតុ​ដែលយើង​ឥតបានធ្វើ​ឲ្យច្បាស់លាស់ ហើយ​បានពោល​អួតអរហត្តផល ដោយ​សំគាល់ថា​ខ្លួនយើងបាន​ត្រាស់ដឹង (ដូច្នេះ) យើងប្រហែល​ជាត្រូវអាបត្តិបារាជិក​ទេដឹង។ ភិក្ខុទាំង​នោះបានប្រាប់​សេចក្តីនេះ ដល់​ព្រះអានន្ទដ៏​មានអាយុ។ ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះសម្ពុទ្ធ​ជាម្ចាស់ទ្រង់​ត្រាស់ថា ម្នាល​អានន្ទ ភិក្ខុទាំងឡាយ​ដែលមានសេចក្តី​សំគាល់ថា ឃើញក្នុង​ហេតុដែលខ្លួន​ឥតឃើញ សំគាល់ថា​បានដល់ក្នុង​ហេតុដែលខ្លួន​ឥតបានដល់ សំគាល់ថា​បានត្រាស់ដឹង ក្នុងហេតុ​ដែលខ្លួនឥត​បានត្រាស់ដឹង សំគាល់​ថាធ្វើឲ្យ​ច្បាស់លាស់ ក្នុងហេតុ​ដែលខ្លួន​ឥតបានធ្វើ​ឲ្យច្បាស់លាស់ ហើយ​ពោលអួត​អរហត្តផល ដោយ​សេចក្តី​សំគាល់ថា ខ្លួនបាន​ត្រាស់ដឹង ក៏អំពើ​ដែលពោល​អួតនេះជា​អព្វោហារិក (មិនហៅ​ថាជាអង្គ​នៃអាបត្តិ​ឡើយ)។ ព្រោះនិទាន​នេះ ព្រោះដំណើរ​នេះ ទើបព្រះដ៏​មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ហើយទ្រង់​សំដែងធម្មីកថា​ក្នុងគ្រា​នោះ។ បេ។ ម្នាល​ភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ​គប្បីសំដែង​នូវសិក្ខាបទ​នេះយ៉ាងនេះ​ថា ភិក្ខុណា​មួយ មិនដឹង​ច្បាស់ ហើយពោល​អួតឧត្តរិ​មនុស្សធម្ម ជាធម៌​មានញាណ (សេចក្តីដឹង) និងទស្សនៈ (កិរិយាឃើញ) ដ៏ប្រសើរ អាចកំចាត់​នូវកិលេស គួរបង្អោន​មកដាក់ក្នុង​ខ្លួនដោយ​ពាក្យថា ខ្ញុំដឹង​ដូច្នេះ ខ្ញុំឃើញ​ដូច្នេះ លុះដល់​សម័យដទៃ​អំពីនោះមក ទោះមាន​គេសាកសួរ​ក្តី ឥតមាន​គេសាកសួរ​ក្តី ក៏ហៅថា ត្រូវ​អាបត្តិបារាជិក​ហើយ (ទោះបី) មានប្រាថ្នា​ចង់ឲ្យបរិសុទ្ធ ហើយ​ត្រឡប់ជានិយាយ​កែសំនួន​យ៉ាងនេះ​វិញថា នែ​អាវុសោ ខ្ញុំមិនដឹង​យ៉ាងនេះទេ (ប៉ុន្តែ) ពោល​ថាដឹង ខ្ញុំមិន​ឃើញយ៉ាង​នេះទេ (ប៉ុន្តែ) ពោល​ថាឃើញ ខ្ញុំពោល​កុហកសោះ​ទេ ភិក្ខុនេះ​ក្តី ក៏ត្រូវ​អាបត្តិបារាជិក រកសំវាសគ្មាន វៀរលែង​តែ សំគាល់ថា​ខ្លួនបាន​ត្រាស់ដឹង។

[២៣៣] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ណាក៏ដោយ។ បេ។ ត្រង់ពាក្យ​ថា ភិក្ខុ។ បេ។ ភិក្ខុដែល​បានឧបសម្បទា​ដោយ​ញត្តិចតុត្ថកម្មវាចា​នេះ សំដៅឲ្យ​ឈ្មោះថា ភិក្ខុ ក្នុង​អត្ថនេះ។ ត្រង់​ពាក្យថា មិនដឹង​ច្បាស់ សេចក្តីថា មិនដឹង​មិនឃើញ​នូវកុសលធម៌​ដែលមិន​មាន មិនពិត មិន​ប្រាកដ​ក្នុងខ្លួន (ហើយ​ចូលចិត្ត​ថា) កុសលធម៌​ទាំងឡាយ​របស់អញ​មាន។ ឈាន (គុណជាត​សំរាប់ដុត​បង់នូវ​កិលេស)១ វិមោក្ខ (គុណធម៌​ដែលផុត​ស្រឡះចាក​រាគៈជាដើម)១ សមាធិ (សភាព​ដែលដំកល់​ចិត្តស្មើមាំ​ល្អក្នុង​អារម្មណ៍)១ សមាបត្តិ (គុណជាតិ​ដែលដល់​ព្រម)១ ញាណទស្សនៈ (កិរិយា​ឃើញដោយ​បញ្ញា)១ មគ្គភាវនា (កិរិយា​ចំរើននូវ​មគ្គ)១ ផលសច្ឆិកិរិយា (ដំណើរ​ធ្វើឲ្យច្បាស់​លាស់នូវ​ផល)១ កិលេសប្បហាន (កិរិយា​លះបង់​កិលេស)១ វិនីវរណតា ចិត្តស្ស ចិត្តមាន​នីវរណធម៌​ប្រាសហើយ១ សុញ្ញាគារេ អភិរតិ សេចក្តី​ត្រេកអរ​ក្នុងផ្ទះដ៏​ស្ងាត់១ (ធម៌ទាំង​១០នេះ) ហៅថា ឧត្តរិមនុស្សធម្ម។ ត្រង់ពាក្យថា បង្អោន​មកដាក់ក្នុង​ខ្លួន សេចក្តីថា បង្អោន​កងកុសលធម៌​ទាំងនោះមក​ដាក់ក្នុងចិត្ត ឬបង្អោន​ចិត្តទៅក្នុង​កងកុសលធម៌​ទាំងនោះ។ ត្រង់ពាក្យថា ញាណ បានដល់​វិជ្ជា គឺសេចក្តី​ដឹងវិសេស​៣យ៉ាង។ ត្រង់ពាក្យ​ថា ទស្សនៈ សេចក្តីថា ធម្មជាត​ណា ហៅថា ញាណ ធម្មជាត​នោះហៅថា ទស្សនៈ ធម្មជាត​ណាហៅថា ទស្សនៈ ធម្មជាត​នោះហៅថា ញាណ។ ត្រង់ពាក្យថា ពោលអួត សេចក្តីថា ប្រាប់ដល់​ស្រីក្តី ប្រុសក្តី គ្រហស្ថក្តី បព្វជិតក្តី។ ត្រង់ពាក្យ​ថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញ​ដូច្នេះ សេចក្តីថា ខ្ញុំដឹង​ធម៌នេះ ខ្ញុំឃើញ​ធម៌នេះ ម្យ៉ាង​ទៀត ធម៌នេះ​ជារបស់​ខ្ញុំ ៗក៏យល់​ជាក់ច្បាស់​ក្នុងធម៌នេះ​ហើយ។

[២៣៤] ត្រង់ពាក្យថា លុះដល់សម័យ​ដទៃពីនោះមក សេចក្តីថា កិរិយា​ពោលអួត​ក្នុងខណៈ​ណា លុះដល់​សម័យដែល​កន្លងនូវខណៈ នូវ​ស្របក់ នូវពេល​មួយរំពេច​នោះមក។ ត្រង់ពាក្យ​ថា ទោះមាន​គេសាកសួរ​ក្តី សេចក្តីថា វត្ថុណា​ដែលខ្លួនបាន​ប្តេជ្ញាហើយ ក៏មាន​អ្នកឯទៀត​គេសាក​សួរចំពោះ​វត្ថុនោះថា ធម៌​អ្វីខ្លះដែលលោក​បានត្រាស់​ដឹង ព្រោះហេតុ​ដូចម្តេច បានជា​លោកបាន​ត្រាស់ដឹង លោកបាន​ត្រាស់ដឹង​ពីអង្កាល់ លោកបាន​ត្រាស់ដឹង​ក្នុងទីណា កិលេស​ណាខ្លះដែល​លោកបាន​លះរួចហើយ លោកបាន​ធម៌ដូច​ម្តេចខ្លះ។ ត្រង់​ពាក្យថា ទោះឥត​មានគេ​សាកសួរ​ក្តី សេចក្តី​ថា ឥតមាន​អ្នកណា​មួយសួរ​ដណ្តឹង​ឡើយ។ ត្រង់ពាក្យ​ថា ក៏ហៅថា ត្រូវ​អាបត្តិបារាជិក​ហើយ សេចក្តីថា (ភិក្ខុ) មាន​សេចក្តីប្រាថ្នា​អាក្រក់ គឺសេចក្តី​ប្រាថ្នា​គ្របសង្កត់ ហើយ​ពោលអួត​ឧត្តរិមនុស្សធម៌​ដែលមិន​ពិត មិនប្រាកដ ក៏ហៅថា ត្រូវ​អាបត្តិ​បារាជិក​ហើយ។ ត្រង់ពាក្យ​ថា មាន​ប្រាថ្នាចង់​ឲ្យបរិសុទ្ធ សេចក្តី​ថា (ភិក្ខុនោះ) ទោះមាន​ប្រាថ្នាចង់​ទៅជាគ្រហស្ថ​ក្តី ចង់ទៅ​ជាឧបាសក​ក្តី ចង់ទៅ​ជាញោមវត្ត​ក្តី ចង់ទៅ​ជាសាមណេរ​ក្តី។ ត្រង់​ពាក្យថា ម្នាល​អាវុសោ ខ្ញុំមិនដឹង​យ៉ាងនេះ ហើយពោល​ថាដឹង ខ្ញុំមិន​បានឃើញ​យ៉ាងនេះ ហើយពោល​ថាបានឃើញ សេចក្តី​ថា ខ្ញុំមិន​បានដឹង​ធម៌នេះ​ទេ ខ្ញុំមិន​បានឃើញ​ធម៌នេះទេ ធម៌នេះ ខ្ញុំគ្មាន​ទេ ខ្ញុំនឹងបាន​ឃើញច្បាស់​ក្នុងធម៌​នេះក៏ទេ។ ត្រង់​ពាក្យថា ខ្ញុំពោល​កុហកសោះ​ទេ សេចក្តីថា ខ្ញុំពោល​សោះទទេ ខ្ញុំពោល​កុហកទេ ខ្ញុំពោល​មិនពិត​ទេ ខ្ញុំពោល​មិនប្រាកដ​ទេ ខ្ញុំបាន​ជាជ្រុលពោល មកពី​ហេតុមិន​ដឹងសោះ​ទេ។ ត្រង់​ពាក្យថា វៀរលែង​តែសំគាល់​ថាខ្លួនបាន​ត្រាស់ដឹង សេចក្តីថា លើក​លែងតែ​ខ្លួនបាន​ត្រាស់ដឹង​មែន។

[២៣៥] ត្រង់ពាក្យថា ភិក្ខុនេះក្តី ពោលប្រៀបធៀបនឹងភិក្ខុដែលមានក្នុង​សិក្ខាបទមុន។ ត្រង់ពាក្យថា បារាជិក សេចក្តីថា ធម្មតា​ដើមត្នោត តែមាន​កកំបុតហើយ មិនអាច​នឹងដុះឡើង​ទៀតបាន មាន​ឧបមាដូច​ម្តេចមិញ ភិក្ខុ​ដែលមាន​ប្រាថ្នា​អាក្រក់ គឺសេចក្តី​ប្រាថ្នាគ្រប​សង្កត់ ហើយ​ពោលអួត​ឧត្តរិមនុស្សធម្ម ដែល​មិនមាន មិនកើត​ក្នុងខ្លួន មិនមែន​ជាសមណៈ មិនមែន​ជាសក្យបុត្រ ក៏មាន​ឧបមេយ្យ​ដូច្នោះឯង ព្រោះហេតុ​នោះ ទើប​តថាគត​ពោលថា ត្រូវ​អាបត្តិ​បារាជិក។ ត្រង់ពាក្យ​ថា រកសំវាសគ្មាន ដែល​ហៅថា សំវាស​នោះ គឺសង្ឃកម្ម​ជាមួយគ្នា បាតិមោក្ខុទ្ទេស​ជាមួយគ្នា សេចក្តី​សិក្សាស្មើគ្នា នេះ​ហៅថា សំវាស។ ភិក្ខុនោះ​គ្មានសំវាស​ដូច្នេះទេ ព្រោះ​ហេតុនោះ បានជា​តថាគត​ពោលថា រកសំវាសគ្មាន។

[២៣៦] ដែលហៅថា ឧត្តរិមនុស្សធម្ម (នោះសំដៅយក) ឈាន១ វិមោក្ខ១ សមាធិ១ សមាបត្តិ១ ញាណទស្សនៈ១ មគ្គភាវនា១ ផលសច្ឆិកិរិយា១ កិលេសប្បហាន១ វិនីវរណតា ចិត្តស្ស១ សុញ្ញាគារេ អភិរតិ១។ ត្រង់​ពាក្យថា ឈាន បាន​ខាងបឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ត្រង់​ពាក្យថា វិមោក្ខ (នោះ) បានខាង​ឯសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ អប្បណិហិតវិមោក្ខ។ ត្រង់​ពាក្យថា សមាធិ (នោះ) បាន​ខាង ឯសុញ្ញតសមាធិ អនិមិត្តសមាធិ អប្បណិហិតសមាធិ។ ត្រង់ពាក្យ​ថា សមាបត្តិ (នោះ) បានខាង សុញ្ញតសមាបត្តិ អនិមិត្តសមាបត្តិ អប្បណិហិតសមាបត្តិ។ ត្រង់​ពាក្យថា ញាណ (នោះ) បាន​ខាង ត្រៃវិជ្ជា។ ត្រង់​ពាក្យថា មគ្គភាវនា (នោះ) បាន​ខាង សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពល៥ ពោជ្ឈង្គ៧ មគ្គ​ប្រកប​ដោយអង្គ​៨ដ៏ប្រសើរ។ ត្រង់​ពាក្យថា ផលសច្ឆិកិរិយា (នោះ) បានខាង ធ្វើឲ្យ​ច្បាស់លាស់​នូវ​សោតាបត្តិផល ធ្វើឲ្យ​ច្បាស់លាស់​នូវសកទាគាមិផល ធ្វើឲ្យ​ច្បាស់លាស់​នូវនូវអនាគាមិផល ធ្វើឲ្យ​ច្បាស់លាស់​នូវអរហត្តផល។ ត្រង់​ពាក្យថា កិលេសប្បហាន (នោះ) បានខាង កិរិយា​លះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ។ ត្រង់​ពាក្យថា វិនីវរណតា ចិត្តស្ស (នោះ) បានខាង ការហាម​ឃាត់ចិត្ត​ចាករាគៈ ហាមឃាត់​ចិត្តចាក​ទោសៈ ហាមឃាត់​ចិត្តចាក​មោហៈ។ ត្រង់​ពាក្យថា សុញ្ញាគារេ អភិរតិ (នោះ) បាន​ខាង ឯសេចក្តី​ត្រេកអរ​ក្នុងផ្ទះ​ស្ងាត់ ដោយ​បឋមជ្ឈាន សេចក្តី​ត្រេកអរក្នុង​ផ្ទះស្ងាត់ដោយ​ទុតិយជ្ឈាន សេចក្តី​ត្រេកអរ​ក្នុងផ្ទះស្ងាត់​ដោយ​តតិយជ្ឈាន សេចក្តី​ត្រេកអរ​ក្នុងផ្ទះស្ងាត់​ដោយ​ចតុត្ថជ្ឈាន។

[២៣៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូល​បឋមជ្ឈានហើយ ដោយអាការ​៣យ៉ាងគឺ មុននឹងនិយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួនថា អញកំពុង​និយាយកុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញនិយាយ​កុហករួច​ហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាបាន​ចូលបឋមជ្ឈានហើយ ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួនថា អញនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មាបាន​ចូល​បឋមជ្ឈាន​ហើយ ដោយ​អាការ៥យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​បានចូល​បឋមជ្ឈាន​ហើយ ដោយ​អាការ៦​យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានចូល​បឋមជ្ឈាន​ហើយ ដោយអាការ​៧យ៉ាងគឺ មុន​នឹងនិយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

[២៣៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មា​កំពុងចូល​បឋមជ្ឈាន ដោយ​អាការ៣យ៉ាងគឺ មុន​នឹងនិយាយ ដឹងខ្លួន​ថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា អាត្មា​កំពុងចូល​បឋមជ្ឈាន ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញ​និយាយកុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា អាត្មាកំពុង​ចូលបឋមជ្ឈាន ដោយអាការ​៥យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មាកំពុង​ចូលបឋមជ្ឈាន ដោយ​អាការ៦យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយកុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មាកំពុង​ចូលបឋមជ្ឈាន ដោយអាការ៧​យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិបារាជិក។

[២៣៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលបឋមជ្ឈាន ដោយ​អាការ៣យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មាបាន​ចូលបឋមជ្ឈាន ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយកុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានចូល​បឋមជ្ឈាន ដោយអាការ​៥យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយកុហក១ និយាយ​រួចហើយ ដឹងខ្លួនថា អញ​និយាយកុហក​រួចហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិបារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹងខ្លួន​ថា អាត្មា​បានចូល​បឋមជ្ឈាន ដោយ​អាការ៦យ៉ាង​គឺ មុននឹងនិយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានចូល​បឋមជ្ឈាន ដោយ​អាការ៧​យ៉ាងគឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិបារាជិក។

[២៤០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកបានបឋមជ្ឈាន​​ហើយ ដោយអាការ​៣យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួចហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​ជាអ្នកបាន​បឋមជ្ឈាន​ហើយ ដោយអាការ​៤យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តីឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាជា​អ្នកបាន​បឋមជ្ឈាន​ហើយ ដោយអាការ​៥យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហក​ដោយ​ដឹង​ខ្លួនថា អាត្មាជា​អ្នកបាន​បឋមជ្ឈាន​ហើយ ដោយអាការ៦​យ៉ាងគឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​ជាអ្នកបាន​បឋមជ្ឈាន​ហើយ ដោយ​អាការ៧យ៉ាង​គឺ មុននឹង​និយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

[២៤១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាជាអ្នកស្ទាត់ជំនាញហើយក្នុងបឋមជ្ឈាន ដោយ​អាការ៣យ៉ាង​គឺ មុននឹង​និយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយកុហក​រួចហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុនិយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​ជាអ្នកស្ទាត់​ជំនាញ​ហើយក្នុង​បឋមជ្ឈាន ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹង​ខ្លួនថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​ជាអ្នក​ស្ទាត់ជំនាញ​ហើយក្នុង​បឋមជ្ឈាន ដោយ​អាការ៥យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា អាត្មា​ជាអ្នក​ស្ទាត់ជំនាញ​ហើយក្នុង​បឋមជ្ឈាន ដោយ​អាការ៦យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញ​កំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា អាត្មា​ជាអ្នកស្ទាត់​ជំនាញហើយ​ក្នុងបឋមជ្ឈាន ដោយ​អាការ៧យ៉ាង​គឺ មុន​នឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយកុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

[២៤២] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា បឋមជ្ឈានអាត្មា​បានធ្វើឲ្យច្បាស់លាស់​រួចហើយ ដោយ​អាការ៣យ៉ាង​គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា បឋមជ្ឈាន​អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់រួចហើយ ដោយ​អាការ៤យ៉ាង​គឺ មុននឹង​និយាយ ដឹងខ្លួន​ថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា បឋមជ្ឈាន​អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់រួច​ហើយ ដោយ​អាការ៥​យ៉ាងគឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា បឋមជ្ឈាន​អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់រួច​ហើយ ដោយ​អាការ៦យ៉ាងគឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយកុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ ត្រូវ​អាបត្តិ​បារាជិក។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា បឋមជ្ឈាន​អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​រួចហើយ ដោយ​អាការ៧យ៉ាង​គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញនឹង​និយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក (បឋមជ្ឈាន​នេះ ដែលព្រះដ៏​មានព្រះភាគ ទ្រង់​សំដែង ឲ្យពិស្តារ​ហើយយ៉ាង​ណា ឈានទាំង​ពួងមាន ទុតិយជ្ឈាន​ជាដើម បណ្ឌិត​ត្រូវសំដែង​ឲ្យពិស្តារ យ៉ាងនោះ​ផងចុះ)។

[២៤៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូល​ហើយ កំពុង​ចូល បានចូល​កាន់ទុតិយជ្ឈាន កាន់​តតិយជ្ឈាន កាន់​ចតុត្ថជ្ឈាន អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​ចតុត្ថជ្ឈាន ចតុត្ថជ្ឈាន អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយដោយ​អាការ៣8) យ៉ាងគឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញនិយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

[២៤៤] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួនថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់សុញ្ញតវិមោក្ខ កាន់អនិមិត្តវិមោក្ខ កាន់អប្បណិហិតវិមោក្ខ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​អប្បណិហិតវិមោក្ខ អប្បណិហិតវិមោក្ខ អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

[២៤៥] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាបាន​ចូលហើយ កំពុងចូល បានចូល​កាន់សុញ្ញតសមាធិ កាន់​អនិមិត្តសមាធិ កាន់​អប្បណិហិតសមាធិ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​អប្បណិហិតសមាធិ អប្បណិហិតសមាធិ អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

[២៤៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបាន​ចូលហើយ កំពុង​ចូល បាន​ចូលកាន់សុញ្ញតសមាបត្តិ កាន់អនិមិត្តសមាបត្តិ កាន់​អប្បណិហិតសមាបត្តិ អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​អប្បណិហិតសមាបត្តិ អប្បណិហិតសមាបត្តិ អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។ បេ។

[២៤៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបាន​ដល់ហើយ កំពុង​ដល់ បាន​ដល់នូវត្រៃវិជ្ជា អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​ត្រៃវិជ្ជា ត្រៃវិជ្ជា​អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។ បេ។

[២៤៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់​នូវសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុងឥទ្ធិបាទ៤ ឥទ្ធិបាទ៤ អាត្មាបាន​ធ្វើឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។ បេ។

[២៤៩] ភិក្ខុនិយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានដល់​ហើយ កំពុង​ដល់ បានដល់​នូវឥន្ទ្រិយ៥ ពល៥ អាត្មា​ជាអ្នក​បានហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​ពល៥ ពល៥ អាត្មា​បានធ្វើឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។ បេ។

[២៥០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មា​បានត្រាស់ដឹង​ហើយ កំពុង​ត្រាស់ដឹង បានត្រាស់​ដឹងនូវពោជ្ឈង្គ៧ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​ពោជ្ឈង្គ៧ ពោជ្ឈង្គ៧ អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់ហើយ ដោយ​អាការ​៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

[២៥១] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាបាន​ត្រាស់ដឹង​ហើយ កំពុង​ត្រាស់ដឹង បានត្រាស់​ដឹងនូវមគ្គ​ប្រកបដោយ​អង្គ៨ដ៏ប្រសើរ អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​មគ្គប្រកប​ដោយអង្គ​៨ដ៏ប្រសើរ មគ្គ​ប្រកប​ដោយអង្គ​៨ដ៏ប្រសើរ អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយអាការ៣​យ៉ាង ត្រូវ​អាបត្តិបារាជិក។ បេ។

[២៥២] ភិក្ខុនិយាយកុហកដោយ​ដឹងខ្លួនថា អាត្មាបាន​សម្រេចហើយ កំពុង​សម្រេច បានសម្រេច​នូវសោតាបត្តិផល សកទាគាមិផល អនាគាមិផល អរហត្តផល អាត្មាជា​អ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​អរហត្តផល អរហត្តផល អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។ បេ។

[២៥៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា រាគៈអាត្មាបាន​កំចាត់បង់ហើយ រាគៈអាត្មា​បានខ្ជាក់ចោល​ហើយ រាគៈ​អាត្មាបាន (ធ្វើ) ឲ្យផុត​ហើយ រាគៈអាត្មា​បានបន្សាត់​ចេញហើយ រាគៈអាត្មា​បានរលាស់​ចោលហើយ រាគៈ​អាត្មាបាន​រើចោល​ហើយ រាគៈអាត្មា​បានគាស់​រំលើងហើយ ដោយ​អាការ៣​យ៉ាង ត្រូវអាបត្តិ​បារាជិក។ បេ។ ភិក្ខុ​និយាយ​កុហកដោយដឹងខ្លួនថា ទោសៈ​អាត្មាបាន​កំចាត់បង់​ហើយ។ បេ។ មោហៈ​អាត្មាបាន​កំចាត់បង់​ហើយ បានខ្ជាក់​ចោលហើយ បាន (ធ្វើ) ឲ្យផុត​ហើយ បានបន្សាត់​ចេញហើយ បានរលាស់​ចោលហើយ បានរើ​ចោលហើយ បាន​គាស់រំលើង​ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។ បេ។

[២៥៤] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួនថា ចិត្តរបស់អាត្មា​មានសេចក្តីរារាំង​ប្រាស គឺផុតស្រឡះ​ហើយចាករាគៈ ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាកទោសៈ ចិត្តរបស់​អាត្មាផុតស្រឡះ​ហើយចាក​មោហៈ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយកុហក១ និយាយ​រួចហើយ ដឹង​ខ្លួនថា អញនិយាយ​កុហករួចហើយ១ បិទបាំង​សេចក្តីឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

សុទ្ធិកវារ ចប់។

[២៥៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូល​ហើយ កំពុងចូល បានចូលកាន់បឋមជ្ឈាន​ផង កាន់ទុតិយជ្ឈាន​ផង អាត្មាជា​អ្នកបានហើយ ជា​អ្នកស្ទាត់​ជំនាញហើយ ក្នុង​បឋមជ្ឈាន​ផង ទុតិយជ្ឈាន​ផង បឋមជ្ឈាន និង​ទុតិយជ្ឈាន អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។ ភិក្ខុ​និយាយកុហក​ដោយដឹងខ្លួន​ថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន​ផង តតិយជ្ឈាន​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង តតិយជ្ឈាន​ផង បឋមជ្ឈាន និងតតិយជ្ឈាន អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣យ៉ាង ត្រូវ​អាបត្តិបារាជិក។ បេ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូលកាន់​បឋមជ្ឈានផង ចតុត្ថជ្ឈាន​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​បឋមជ្ឈាន​ផង ចតុត្ថជ្ឈានផង បឋមជ្ឈាន និងចតុត្ថជ្ឈាន អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយអាការ​៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

[២៥៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បាន​ចូលកាន់បឋមជ្ឈានផង សុញ្ញតវិមោក្ខផង បឋមជ្ឈានផង អនិមិត្តវិមោក្ខផង បឋមជ្ឈានផង អប្បណិហិតវិមោក្ខផង អាត្មាជាអ្នកបានហើយ ជាអ្នកស្ទាត់ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង អប្បណិហិតវិមោក្ខ​ផង បឋមជ្ឈាន និង​អប្បណិហិតវិមោក្ខ អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិបារាជិក។ បេ។

[២៥៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់បឋមជ្ឈានផង សុញ្ញតសមាធិ​ផង បឋមជ្ឈាន​ផង អនិមិត្តសមាធិ​ផង បឋមជ្ឈាន​ផង អប្បណិហិតសមាធិ​ផង អាត្មា​ជាអ្នក​បានហើយ ជា​អ្នកស្ទាត់​ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង អប្បណិហិតសមាធិ​ផង បឋមជ្ឈាន និង​អប្បណិហិតសមាធិ អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

[២៥៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បាន​ចូលកាន់​បឋមជ្ឈានផង សុញ្ញតសមាបត្តិ​ផង បឋមជ្ឈានផង អនិមិត្តសមាបត្តិ​ផង បឋមជ្ឈាន​ផង អប្បណិហិតសមាបត្តិ​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង អប្បណិហិតសមាបត្តិ​ផង បឋមជ្ឈាន និង​អប្បណិហិតសមាបត្តិ អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

[២៥៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានចូលកាន់​បឋមជ្ឈានផង ត្រៃវិជ្ជា​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នកស្ទាត់​ជំនាញហើយ ក្នុង​បឋមជ្ឈានផង ត្រៃ​វិជ្ជាផង បឋមជ្ឈាន និង​ត្រៃវិជ្ជា អាត្មា​បានធ្វើឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

[២៦០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុងដល់ បានដល់នូវ​បឋមជ្ឈានផង សតិបដ្ឋាន៤ផង បឋមជ្ឈាន​ផង សម្មប្បធាន៤ផង បឋមជ្ឈាន​ផង ឥទ្ធិបាទ៤​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ជំនាញ​ហើយ ក្នុង​បឋមជ្ឈាន​ផង ឥទ្ធិបាទ៤​ផង បឋមជ្ឈាន និង​ឥទ្ធិបាទ៤ អាត្មា​បានធ្វើ​ឲ្យច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

[២៦១] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុង​ដល់ បានដល់​នូវបឋមជ្ឈាន​ផង ឥន្ទ្រិយ៥​ផង បឋមជ្ឈាន​ផង ពល៥​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់​ហើយ ក្នុង​បឋមជ្ឈាន​ផង ពល៥ផង បឋមជ្ឈាន និង​ពល៥ អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

[២៦២] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួនថា អាត្មា​បានដល់ហើយ កំពុង​ដល់ បានដល់​នូវបឋមជ្ឈាន​ផង ពោជ្ឈង្គ៧​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នកស្ទាត់​ហើយ ក្នុង​បឋមជ្ឈាន​ផង ពោជ្ឈង្គ៧​ផង បឋមជ្ឈាន និង​ពោជ្ឈង្គ៧ អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

[២៦៣] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មា​បានដល់ហើយ កំពុង​ដល់ បានដល់​នូវបឋមជ្ឈាន​ផង មគ្គប្រកប​ដោយអង្គ​៨ដ៏ប្រសើរផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​បឋមជ្ឈាន​ផង ក្នុងមគ្គ​ប្រកបដោយ​អង្គ៨ដ៏ប្រសើរ​ផង បឋមជ្ឈាននិង មគ្គ​ប្រកប​ដោយអង្គ​៨ដ៏ប្រសើរ អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

[២៦៤] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានដល់ហើយ កំពុង​ដល់ បានដល់​នូវបឋមជ្ឈាន​ផង សោតាបត្តិផល​ផង បឋមជ្ឈាន​ផង សកទាគាមិផល​ផង បឋមជ្ឈាន​ផង អនាគាមិផល​ផង បឋមជ្ឈាន​ផង អរហត្តផល​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​បឋមជ្ឈាន​ផង អរហត្តផល​ផង បឋមជ្ឈាន និង​អរហត្តផល អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

[២៦៥] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូលកាន់​បឋមជ្ឈាន ទាំងរាគៈ អាត្មា​ក៏បានកំចាត់​ចេញហើយ។ បេ។ អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន។ បេ។ ទាំង​ទោសៈ អាត្មា​ក៏បានកំចាត់​ចេញ​ហើយ។ បេ។ អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន។ បេ។ ទាំង​មោហៈ អាត្មា​ក៏បានកំចាត់​ចេញហើយ បានខ្ជាក់​ចោលហើយ បានធ្វើ​ឲ្យផុត​ស្រឡះហើយ បាន​បន្សាត់ចេញ​ហើយ បានរលាស់​ចោលហើយ បាន​គាស់រំលើង​ហើយ បានរើ​ចោលហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

[២៦៦] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូល​កាន់បឋមជ្ឈាន ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​រាគៈ ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​ទោសៈ ចិត្តរបស់​អាត្មាផុតស្រឡះ​ហើយចាក​មោហៈ ដោយ​អាការ៣យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ដឹងខ្លួនថា អញកំពុង​និយាយកុហក និយាយ​រួចហើយ ដឹងខ្លួនថា អញ​និយាយកុហក​រួចហើយ បិទបាំង​សេចក្តីឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តីពេញ​ចិត្ត បិទបាំង​សេចក្តីពិត​ត្រង់ ត្រូវអាបត្តិ​បារាជិក។ បេ។

ខណ្ឌចក្ក ចប់។

[២៦៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា អាត្មាបានចូលហើយ កំពុងចូល បានចូល​កាន់ទុតិយជ្ឈាន​ផង តតិយជ្ឈាន​ផង អាត្មាជា​អ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​ទុតិយជ្ឈាន​ផង តតិយជ្ឈាន​ផង ទុតិយជ្ឈាន និង​តតិយជ្ឈាន អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ​៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់ទុតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​ទុតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង ទុតិយជ្ឈាន និង​ចតុត្ថជ្ឈាន អាត្មា​បានធ្វើ​ឲ្យច្បាស់​លាស់ហើយ ដោយ​អាការ​៣យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា អាត្មា​បានដល់​ហើយ កំពុង​ដល់ បានដល់​នូវទុតិយជ្ឈាន​ផង សុញ្ញតវិមោក្ខ​ផង ទុតិយជ្ឈាន​ផង អនិមិត្តវិមោក្ខ​ផង ទុតិយជ្ឈាន​ផង អប្បណិហិតវិមោក្ខ​ផង ទុតិយជ្ឈាន​ផង សុញ្ញតសមាធិ​ផង ទុតិយជ្ឈាន​ផង អនិមិត្តសមាធិ​ផង ទុតិយជ្ឈាន​ផង អប្បណិហិតសមាធិ​ផង ទុតិយជ្ឈាន​ផង សុញ្ញតសមាបត្តិ​ផង ទុតិយជ្ឈាន​ផង អនិមិត្តសមាបត្តិ​ផង ទុតិយជ្ឈាន​ផង អប្បណិហិតសមាបត្តិ​ផង ទុតិយជ្ឈាន​ផង ត្រៃវិជ្ជា​ផង ទុតិយជ្ឈាន​ផង សតិប្បដ្ឋាន៤​ផង ទុតិយជ្ឈាន​ផង សម្មប្បធាន៤​ផង ទុតិយជ្ឈាន​ផង ឥទ្ធិបាទ៤​ផង ទុតិយជ្ឈាន​ផង ឥន្ទ្រិយ៥​ផង ទុតិយជ្ឈាន​ផង ពល៥​ផង ទុតិយជ្ឈាន​ផង ពោជ្ឈង្គ៧​ផង ទុតិយជ្ឈាន​ផង មគ្គប្រកប​ដោយអង្គ​៨ដ៏ប្រសើរ​ផង ទុតិយជ្ឈាន​ផង សោតាបត្តិផល​ផង ទុតិយជ្ឈាន​ផង សកទាគាមិផល​ផង ទុតិយជ្ឈាន​ផង អនាគាមិផល​ផង ទុតិយជ្ឈាន​ផង អរហត្តផល​ផង។ បេ។ អាត្មា​បានចូល​ហើយកាន់​ទុតិយជ្ឈាន ទាំង​រាគៈ អាត្មា​ក៏បានកំចាត់​ចេញហើយ។ បេ។ ទាំង​ទោសៈ អាត្មា​ក៏បានកំចាត់​ចេញហើយ។ បេ។ ទាំង​មោហៈ អាត្មា​ក៏បានកំចាត់​ចេញហើយ បាន​ខ្ជាក់ចោល​ហើយ បាន (ធ្វើ) ឲ្យ​ផុតស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់ចោល​ហើយ បាន​គាស់រំលើង​ហើយ បានរើ​ចោល​ហើយ។ បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួន​ថា អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន ទាំងចិត្ត​របស់អាត្មា​ក៏បានផុត​ស្រឡះ​ហើយ​ចាករាគៈ អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន ទាំង​ចិត្តរបស់​អាត្មាក៏​បានផុត​ស្រឡះហើយ​ចាកទោសៈ អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន ទាំង​ចិត្តរបស់​អាត្មាក៏​បានផុត​ស្រឡះហើយ​ចាកមោហៈ ត្រូវ​អាបត្តិ​បារាជិក។ បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា អាត្មា​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់ទុតិយជ្ឈា​នផង បឋមជ្ឈាន​ផង អាត្មា​ជាអ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ​ក្នុងទុតិយជ្ឈាន​ផង បឋមជ្ឈាន​ផង ទុតិយជ្ឈាន និង​បឋមជ្ឈាន អាត្មា​បានធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

ពទ្ធចក្ក ចប់។

បណ្ឌិតត្រូវធ្វើពទ្ធចក្កឲ្យមានបទផ្លាស់ប្តូរគ្នា ធ្វើតាមមូលមួយៗដូចន័យ​ដែលព្រះសម្ពុទ្ធ ទ្រង់​សំដែងហើយ​នោះផងចុះ។

នេះជាសេចក្តីសង្ខេប

[២៦៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ចិត្តរបស់អាត្មាបានផុតស្រឡះ​ហើយចាក​មោហៈផង អាត្មា​បានចូល​ហើយ កំពុង​ចូល បាន​ចូលកាន់​បឋមជ្ឈាន​ផង ចិត្តរបស់​អាត្មាផុត​ស្រឡះ​ហើយចាក​មោហៈផង អាត្មា​ជាអ្នកបាន​ហើយ ជា​អ្នកស្ទាត់​ហើយក្នុង​បឋមជ្ឈាន​ផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ ទាំង​បឋមជ្ឈាន អាត្មា​ក៏បាន​ធ្វើឲ្យ​ច្បាស់លាស់​ហើយ ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួន​ថា ចិត្ត​របស់​អាត្មាផុត​ស្រឡះ​ហើយចាក​មោហៈ​ផង អាត្មា​បានចូល​ហើយកាន់​ទុតិយជ្ឈាន​ផង តតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង សុញ្ញតវិមោក្ខ​ផង អនិមិត្តវិមោក្ខ​ផង អប្បណិហិតវិមោក្ខ​ផង សុញ្ញតសមាធិ​ផង អនិមិត្តសមាធិ​ផង អប្បណិហិតសមាធិ​ផង សុញ្ញតសមាបត្តិ​ផង អនិមិត្តសមាបត្តិ​ផង អប្បណិហិតសមាបត្តិ​ផង ត្រៃវិជ្ជា​ផង សតិប្បដ្ឋាន៤​ផង សម្មប្បធាន៤​ផង ឥទ្ធិបាទ៤​ផង ឥន្ទ្រិយ៥​ផង ពល៥​ផង ពោជ្ឈង្គ៧ផ​ង មគ្គប្រកប​ដោយអង្គ​៨ដ៏ប្រសើរ​ផង សោតាបត្តិផល​ផង សកទាគាមិផល​ផង អនាគាមិផល​ផង អរហត្តផល​ផង ដោយអាការ​៣យ៉ាង។ បេ។ រាគៈ​អាត្មាបាន​កំចាត់ចេញ​ហើយផង។ បេ។ ទោសៈ​អាត្មាបាន​កំចាត់ចេញ​ហើយ​ផង។ បេ។ ទាំង​មោហៈ អាត្មា​ក៏បាន​កំចាត់​ចេញ​ហើយ បានខ្ជាក់​ចោលហើយ បាន (ធ្វើ) ឲ្យផុត​ស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់ចោល​ហើយ បានគាស់​រំលើង​ហើយ បានរើ​ចោល​ហើយ ចិត្តរបស់​អាត្មាបាន​ផុតស្រឡះ​ហើយចាក​រាគៈផង ចិត្ត​របស់អាត្មា​បានផុត​ស្រឡះហើយ​ចាកទោសៈ​ផង ចិត្ត​របស់​អាត្មាបាន​ផុតស្រឡះ​ហើយចាក​មោហៈ​ផង ដោយ​អាការ៣​យ៉ាង ត្រូវ​អាបត្តិ​បារាជិក។ បេ។

ចក្កមានមូល១ ចប់ដោយសង្ខេប។

[២៦៩] ចក្កមានមូល១ ដែលព្រះសម្ពុទ្ធទ្រង់សំដែងដោយពិស្តារហើយ​យ៉ាងណា ចក្កមានមូល​២ក្តី មានមូល៣​ក្តី មានមូល​៤ក្តី មាន​មូល៥ក្តី មាន​មូល៦ក្តី មាន​មូល៧ក្តី មាន​មូល៨ក្តី មាន​មូល៩ក្តី មាន​មូល១០ក្តី បណ្ឌិត​ត្រូវសំដែង​ឲ្យពិស្តារ​យ៉ាងនោះ​ផងចុះ។

ឥទំ សព្វមូលកំ

នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីតទៅនេះ)

[២៧០] ភិក្ខុនិយាយកុហក​ដោយដឹងខ្លួន​ថា អាត្មាបាន​ចូលហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន​ផង ទុតិយជ្ឈាន​ផង តតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង សុញ្ញតវិមោក្ខ​ផង អនិមិត្តវិមោក្ខ​ផង អប្បណិហិតវិមោក្ខ​ផង សុញ្ញតសមាធិ​ផង អនិមិត្តសមាធិ​ផង អប្បណិហិតសមាធិ​ផង សុញ្ញតសមាបត្តិ​ផង អនិមិត្តសមាបត្តិ​ផង អប្បណិហិតសមាបត្តិ​ផង ត្រៃវិជ្ជា​ផង សតិប្បដ្ឋាន៤​ផង សម្មប្បធាន៤​ផង ឥទ្ធិបាទ៤​ផង ឥន្ទ្រិយ៥​ផង ពល៥​ផង ពោជ្ឈង្គ៧​ផង មគ្គ​មានអង្គ​៨ដ៏ប្រសើរ​ផង សោតាបត្តិផល​ផង សកទាគាមិផល​ផង អនាគាមិផល​ផង អរហត្តផល​ផង។ បេ។ រាគៈ​អាត្មាបាន​កំចាត់ចេញ​ហើយផង។ បេ។ ទោសៈ​អាត្មាបាន​កំចាត់ចេញ​ហើយផង។ បេ។ ទាំង​មោហៈ អាត្មា​ក៏បានកំចាត់​ចេញ​ហើយ បានខ្ជាក់​ចោលហើយ បាន (ធ្វើ) ឲ្យ​ផុតស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់​ចោល​ហើយ បាន​គាស់រំលើង​ហើយ បាន​រើចោល​ហើយ ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយ ចាក​រាគៈផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយ ចាក​ទោសៈផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយ ចាក​មោហៈផង ដោយ​អាការ៣​យ៉ាង។ បេ។ ដោយ​អាការ៧​យ៉ាងគឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ក៏ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តីពិត​ត្រង់១ ត្រូវ​អាបត្តិ​បារាជិក។

ចក្កមានមូលគ្រប់ទាំងអស់ ចប់។

សុទ្ធិកវារកថា ចប់។

[២៧១] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈាន កាល​ដែលនិយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​ទុតិយជ្ឈាន ដូច្នេះ​ទៅវិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តីច្បាស់ ត្រូវ​អាបត្តិបារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​បឋមជ្ឈាន កាល​ដែលនិយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយថា អាត្មា​បានចូល​ហើយ កាន់​តតិយជ្ឈាន ដូច្នេះ​វិញ ដោយអាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន កាល​ដែលនិយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​ចតុត្ថជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ ភិក្ខុចង់​និយាយថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​សុញ្ញតវិមោក្ខ កាន់​អនិមិត្តវិមោក្ខ កាន់​អប្បណិហិតវិមោក្ខ កាន់​សុញ្ញតសមាធិ កាន់​អនិមិត្តសមាធិ កាន់​អប្បណិហិតសមាធិ កាន់​សុញ្ញតសមាបត្តិ កាន់​អនិមិត្តសមាបត្តិ កាន់​អប្បណិហិតសមាបត្តិ កាន់​ត្រៃវិជ្ជា កាន់​សតិប្បដ្ឋាន៤ កាន់​សម្មប្បធាន៤ កាន់​ឥទ្ធិបាទ៤ កាន់​ឥន្ទ្រិយ៥ កាន់​ពល៥ កាន់​ពោជ្ឈង្គ៧ កាន់​មគ្គមានអង្គ​៨ដ៏ប្រសើរ កាន់​សោតាបត្តិផល កាន់​សកទាគាមិផល កាន់​អនាគាមិផល កាន់​អរហត្តផល ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តីច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិនដឹង​សេចក្តីច្បាស់​ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន កាល​ដែលនិយាយ ក៏​និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា រាគៈ​អាត្មាបាន​កំចាត់ចេញ​ហើយ។ បេ។ ទោសៈ​អាត្មាបាន​កំចាត់ចេញ​ហើយ។ បេ។ ទាំង​មោហៈអាត្មា​ក៏បានកំចាត់​ចេញហើយ បាន​ខ្ជាក់ចោល​ហើយ បាន (ធ្វើ) ឲ្យ​ផុតស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់ចោល​ហើយ បាន​គាស់រំលើង​ហើយ បាន​រើចោល​ហើយ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​បឋមជ្ឈាន កាល​ដែលនិយាយ ក៏​និយាយកុហក​ដោយដឹង​ខ្លួន បែរ​ជានិយាយ​ថា ចិត្ត​របស់​អាត្មាផុត​ស្រឡះហើយ​ចាករាគៈ ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​ទោសៈ ចិត្តរបស់​អាត្មាផុត​ស្រឡះហើយ​ចាកមោហៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ ដូច្នេះ បិទបាំង​សេចក្តី​ឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តី​ពេញចិត្ត បិទបាំង​សេចក្តី​ពិតត្រង់ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។

ខណ្ឌចក្ក នៃនិក្ខេបបទ ជាវត្ថុនិស្សារក ចប់។

[២៧២] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈាន កាលដែលនិយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរ​ជានិយាយ​ថា អាត្មា​បានចូល​ហើយ កាន់​តតិយជ្ឈាន ដូច្នេះ​វិញ ដោយអាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន កាល​ដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​ទុតិយជ្ឈាន កាល​ដែលនិយាយ ក៏​និយាយកុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។

ពទ្ធចក្កមានមូលមួយ នៃវត្ថុនិស្សារក និយាយពីមូល ដែលព្រះសម្ពុទ្ធសំដែងហើយដោយសង្ខេប

(ដូចមានសេចក្តីតទៅនេះ)

[២៧៣] ភិក្ខុចង់និយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាក​មោហៈ កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវត្រឹម​អាបត្តិ​ថុល្លច្ច័យ។ បេ។ ភិក្ខុ​ចង់និយាយ​ថា ចិត្តរបស់​អាត្មាផុត​ស្រឡះហើយ​ចាកមោហៈ កាល​ដែលនិយាយ ក៏និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា ចិត្តរបស់​អាត្មាផុត​ស្រឡះហើយ​ចាកទោសៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។

ចក្កមានមូល១ នៃវត្ថុនិស្សារក ដែលព្រះសម្ពុទ្ធសំដែងដោយសង្ខេប ចប់។

[២៧៤] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈានផង ទុតិយជ្ឈាន​ផង កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយថា អាត្មា​បានចូល​ហើយ កាន់​តតិយជ្ឈាន​ផង ចតុត្ថជ្ឈាន​ផង ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន​ផង ទុតិយជ្ឈាន​ផង កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា ចិត្តរបស់​អាត្មាបាន​ផុតស្រឡះ​ហើយចាក​មោហៈ ដូច្នេះ​វិញ ដោយ​អាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តីច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។

ខណ្ឌចក្កមានមូលពីរ នៃវត្ថុនិស្សារក។

[២៧៥] ភិក្ខុចង់និយាយថា អាត្មាបានចូលហើយ កាន់ទុតិយជ្ឈានផង កាន់តតិយជ្ឈាន​ផង កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​ចតុត្ថជ្ឈាន ដូច្នេះ​វិញ ដោយអាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ ភិក្ខុចង់​និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​ទុតិយជ្ឈាន​ផង កាន់​តតិយជ្ឈាន​ផង កាលដែល​និយាយ ក៏និយាយ​កុហកដោយ​ដឹងខ្លួន បែរជា​និយាយ​ថា ចិត្តរបស់​អាត្មាផុត​ស្រឡះហើយ​ចាកមោហៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ ភិក្ខុ​ចង់និយាយ​ថា អាត្មាបាន​ចូលហើយ កាន់​ទុតិយជ្ឈាន​ផង កាន់​តតិយជ្ឈាន​ផង កាល​ដែលនិយាយ ក៏​និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ​៣យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។

ពទ្ធចក្កមានមូលពីរ នៃវត្ថុនិស្សារក។

[២៧៦] ភិក្ខុចង់និយាយថា ចិត្តរបស់អាត្មាផុតស្រឡះហើយចាកទោសៈផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ​ផង កាលដែល​និយាយ ក៏និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា អាត្មា​បានចូល​ហើយ កាន់​បឋមជ្ឈាន ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើ​អ្នកស្តាប់​ដឹងសេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។ ភិក្ខុ​ចង់និយាយ​ថា ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយ​ចាកទោសៈ​ផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ​ផង កាល​ដែល​និយាយ ក៏និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា ចិត្ត​របស់​អាត្មាផុត​ស្រឡះហើយ​ចាករាគៈ ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ បេ។

ចក្កមានមូលពីរនៃវត្ថុនិស្សារក ដែលព្រះសម្ពុទ្ធសំដែងដោយសង្ខេប ចប់។

[២៧៧] ចក្កមានមូលមួយៗ នៃបទទាំងឡាយដែលព្រះសង្គីតិកាចារ្យ​បានដំកល់ទុក​ហើយ បណ្ឌិត​គប្បីសំដែង​យ៉ាងណា ចក្កមាន​មូល៣ក្តី មានមូល​៤ក្តី មាន​មូល៥ក្តី មាន​មូល៦ក្តី មាន​មូល៧ក្តី មាន​មូល៨ក្តី មាន​មូល៩ក្តី មាន​មូល១០ក្តី បណ្ឌិត​គប្បីធ្វើ​យ៉ាងនោះ​ផងចុះ។ (ម្យ៉ាងទៀត) ចក្ក​មានមូល​មួយ ព្រះសម្ពុទ្ធ​ទ្រង់សំដែង​ហើយដោយ​ពិស្តារ​យ៉ាងណា (ចក្កមាន​មូលបី​ជាដើម) បណ្ឌិត​គប្បីសំដែង​ដោយពិស្តារ​យ៉ាងនោះ​ផងចុះ។

ឥទំ សព្វមូលកំ

នេះចក្កមានមូលគ្រប់ទាំងអស់ (ដូចមានសេចក្តីតទៅនេះ)

[២៧៨] ភិក្ខុនិយាយថា អាត្មាបានចូលហើយ កាន់បឋមជ្ឈានផង កាន់ទុតិយជ្ឈាន​ផង កាន់​តតិយជ្ឈាន​ផង កាន់​ចតុត្ថជ្ឈាន​ផង កាន់​សុញ្ញតវិមោក្ខ​ផង កាន់​អនិមិត្តវិមោក្ខ​ផង កាន់​អប្បណិហិតវិមោក្ខ​ផង កាន់​សុញ្ញតសមាធិ​ផង កាន់​អនិមិត្តសមាធិ​ផង កាន់​អប្បណិហិតសមាធិ​ផង កាន់​សុញ្ញតសមាបត្តិ​ផង កាន់​អនិមិត្តសមាបត្តិ​ផង កាន់​អប្បណិហិតសមាបត្តិ​ផង កាន់​ត្រៃវិជ្ជា​ផង កាន់​សតិប្បដ្ឋាន៤​ផង កាន់​សម្មប្បធាន៤​ផង កាន់​ឥទ្ធិបាទ៤​ផង កាន់​ឥន្ទ្រិយ៥​ផង កាន់​ពល៥​ផង កាន់​ពោជ្ឈង្គ៧​ផង កាន់​មគ្គមាន​អង្គ៨ដ៏​ប្រសើរ​ផង កាន់​សោតាបត្តិផល​ផង កាន់​សកទាគាមិផល​ផង កាន់​អនាគាមិផល​ផង កាន់​អរហត្តផល​ផង រាគៈ​អាត្មាបាន​កំចាត់​ចេញហើយ​ផង។ បេ។ ទោសៈ​អាត្មាបាន​កំចាត់ចេញ​ហើយផង។ បេ។ ទាំង​មោហៈ​អាត្មាក៏​បានកំចាត់​ចេញហើយ បាន​ខ្ជាក់ចោល​ហើយ បាន (ធ្វើ) ឲ្យ​ផុតស្រឡះ​ហើយ បាន​បន្សាត់​ចេញហើយ បាន​រលាស់​ចោលហើយ បាន​គាស់រំលើង​ហើយ បាន​រើចោល​ហើយ ចិត្ត​របស់​អាត្មាផុត​ស្រឡះ​ហើយ​ចាករាគៈផង ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​ទោសៈផង កាល​ដែល​និយាយ ក៏និយាយ​កុហក​ដោយដឹង​ខ្លួន បែរជា​និយាយ​ថា ចិត្ត​របស់អាត្មា​ផុតស្រឡះ​ហើយចាក​មោហៈ​ផង ដូច្នេះ​វិញ ដោយ​អាការ៣​យ៉ាង។ បេ។ ដោយ​អាការ​៧យ៉ាង​គឺ មុននឹង​និយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ក៏ដឹង​ខ្លួនថា អញ​កំពុង​និយាយ​កុហក១ និយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ បើ​អ្នកស្តាប់​ដឹងសេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​បារាជិក បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​ត្រឹមតែ​អាបត្តិ​ថុល្លច្ច័យ។ បេ។

ចក្កបេយ្យាល នៃវត្ថុនិស្សារក ចប់។

វត្ថុកាមវារកថា ចប់។

[២៧៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណានៅក្នុងវត្តរបស់អ្នក ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន ភិក្ខុ​នោះជា​អ្នកបាន​ហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​បឋមជ្ឈាន បឋមជ្ឈាន ភិក្ខុអង្គ​នោះបាន​ធ្វើឲ្យជាក់​ច្បាស់ហើយ ដោយ​អាការ៣យ៉ាង គឺ មុន​នឹង​និយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក១ លុះនិយាយ​រួចហើយ ដឹងខ្លួន​ថា អញនិយាយ​កុហករួច​ហើយ១ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវអាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន ភិក្ខុ​នោះជាអ្នក​បានហើយ ជាអ្នក​ស្ទាត់ហើយ ក្នុង​បឋមជ្ឈាន បឋមជ្ឈាន ភិក្ខុអង្គ​នោះបាន​ធ្វើឲ្យជាក់​ច្បាស់ហើយ ដោយ​អាការ៤-៥-៦-៧យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក១ កំពុង​និយាយ ដឹងខ្លួនថា អញ​កំពុង​និយាយ​កុហក១ លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ១ បិទបាំង​សេចក្តី​ឃើញ១ បិទបាំង​សេចក្តី​គាប់ចិត្ត១ បិទបាំង​សេចក្តី​ពេញចិត្ត១ បិទបាំង​សេចក្តី​ពិតត្រង់១ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​និយាយ​កុហក​ដោយដឹង​ខ្លួនថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់ទុតិយជ្ឈាន កាន់​តតិយជ្ឈាន កាន់​ចតុត្ថជ្ឈាន កាន់​សុញ្ញតវិមោក្ខ កាន់​អនិមិត្តវិមោក្ខ កាន់​អប្បណិហិតវិមោក្ខ កាន់​សុញ្ញតសមាធិ កាន់​អនិមិត្តសមាធិ កាន់​អប្បណិហិតសមាធិ កាន់​សុញ្ញតសមាបត្តិ កាន់​អនិមិត្តសមាបត្តិ កាន់​អប្បណិហិតសមាបត្តិ កាន់​ត្រៃវិជ្ជា កាន់​សតិប្បដ្ឋាន៤ កាន់​សម្មប្បធាន៤ កាន់​ឥទ្ធិបាទ៤ កាន់​ឥន្ទ្រិយ៥ កាន់​ពល៥ កាន់​ពោជ្ឈង្គ៧ កាន់​មគ្គមាន​អង្គ៨ដ៏​ប្រសើរ កាន់​សោតាបត្តិផល កាន់​សកទាគាមិផល កាន់​អនាគាមិផល កាន់​អរហត្តផល ភិក្ខុ​នោះជា​អ្នកបាន ជាអ្នក​ស្ទាត់ ក្នុង​អរហត្តផល អរហត្តផល ភិក្ខុ​អង្គនោះ​បានធ្វើឲ្យ​ជាក់ច្បាស់​ហើយ ដោយ​អាការ៣​យ៉ាង បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។ បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួនថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក រាគៈ​ភិក្ខុនោះ​បានកំចាត់​ចេញហើយ។ បេ។ ទោសៈ​ភិក្ខុនោះ​បានកំចាត់​ចេញ​ហើយ។ បេ។ ទាំងមោហៈ​ភិក្ខុនោះបាន​កំចាត់ចេញ​ហើយ បានខ្ជាក់​ចោល​ហើយ បាន (ធ្វើ) ឲ្យផុត​ស្រឡះ​ហើយ បាន​បន្សាត់ចេញ​ហើយ បាន​រលាស់​ចោល​ហើយ បានគាស់​រំលើង​ហើយ បានរើ​ចោល​ហើយ ដោយ​អាការ៣យ៉ាង បើ​អ្នកស្តាប់​ដឹងសេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។ បេ។ ភិក្ខុ​និយាយ​កុហកដោយ​ដឹងខ្លួន​ថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក ចិត្ត​របស់ភិក្ខុ​នោះផុត​ស្រឡះហើយ​ចាករាគៈ ចិត្ត​របស់ភិក្ខុ​នោះផុត​ស្រឡះហើយ​ចាកទោសៈ ចិត្ត​របស់ភិក្ខុ​នោះផុត​ស្រឡះហើយ​ចាកមោហៈ ដោយ​អាការ៣​យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ក៏ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ បិទបាំង​សេចក្តី​ឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តី​ពេញចិត្ត បិទបាំង​សេចក្តី​ពិតត្រង់ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។ ភិក្ខុ​និយាយកុហក​ដោយដឹង​ខ្លួនថា ភិក្ខុណា​នៅក្នុងវត្ត​របស់អ្នក ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់​បឋមជ្ឈាន កាន់​ទុតិយជ្ឈាន កាន់​តតិយជ្ឈាន កាន់​ចតុត្ថជ្ឈាន ក្នុងផ្ទះ​ស្ងាត់ ភិក្ខុនោះ​ជាអ្នកបាន ជា​អ្នកស្ទាត់ ក្នុង​ចតុត្ថជ្ឈាន​ក្នុងផ្ទះ​ដ៏ស្ងាត់ ចតុត្ថជ្ឈាន ភិក្ខុ​អង្គនោះបាន​ធ្វើឲ្យជាក់​ច្បាស់ហើយ​ក្នុងផ្ទះ​ដ៏ស្ងាត់ ដោយ​អាការ៣-៧យ៉ាង គឺ មុន​នឹងនិយាយ ដឹងខ្លួន​ថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ក៏ដឹង​ខ្លួនថា អញ​កំពុងនិយាយ​កុហក លុះនិយាយ​រួចហើយ ក៏ដឹង​ខ្លួនថា អញ​និយាយ​កុហក​រួចហើយ បិទបាំង​សេចក្តី​ឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តី​ពេញចិត្ត បិទបាំង​សេចក្តី​ពិតត្រង់ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិទុក្កដ។

[២៨០] ភិក្ខុនិយាយកុហកដោយដឹងខ្លួនថា ភិក្ខុណាបាន​ប្រើចីវរ​របស់អ្នក ភិក្ខុណា​បានឆាន់​បិណ្ឌបាត​របស់អ្នក ភិក្ខុណា​បានប្រើប្រាស់​ទីសេនាសនៈ​របស់​អ្នក ភិក្ខុណា​បានបរិភោគភេសជ្ជ​បរិក្ខារ​ជាបច្ច័យ​ដល់មនុស្ស​ឈឺរបស់​អ្នក វត្តរបស់​អ្នកដែល​ភិក្ខុណា​បាននៅ​ហើយ ចីវរ​របស់​អ្នកដែល​ភិក្ខុបាន​ប្រើប្រាស់​ហើយ បិណ្ឌបាត​របស់អ្នក​ដែលភិក្ខុ​ណាបាន​ឆាន់ហើយ ទីសេនាសនៈ​របស់អ្នក​ដែលភិក្ខុណា​បានប្រើប្រាស់​ហើយ ភេសជ្ជបរិក្ខារ​ជាបច្ច័យ​ដល់មនុស្ស​ឈឺដែល​ភិក្ខុណា​បានបរិភោគ​ហើយ អ្នក​អាស្រ័យនឹង​ភិក្ខុណា ហើយ​បានប្រគេន​វត្ត បាន​ប្រគេន​ចីវរ បាន​ប្រគេន​បិណ្ឌបាត បាន​ប្រគេន​ទីសេនាសនៈ បាន​ប្រគេន​ភេសជ្ជបរិក្ខារ​ជាបច្ច័យ​ដល់មនុស្ស​ឈឺ ភិក្ខុនោះ​បានចូល​ហើយ កំពុង​ចូល បានចូល​កាន់បឋមជ្ឈាន កាន់​ទុតិយជ្ឈាន កាន់​តតិយជ្ឈាន កាន់​ចតុត្ថជ្ឈាន ក្នុងផ្ទះ​ដ៏ស្ងាត់ ភិក្ខុ​នោះជា​អ្នកបាន ជា​អ្នក​ស្ទាត់ ក្នុង​ចតុត្ថជ្ឈាន​ក្នុងផ្ទះ​ដ៏ស្ងាត់ ចតុត្ថជ្ឈាន ភិក្ខុ​អង្គនោះ​បានធ្វើ​ឲ្យជាក់ច្បាស់​ហើយក្នុង​ផ្ទះដ៏ស្ងាត់ ដោយ​អាការ៣​យ៉ាង គឺ មុន​នឹងនិយាយ ដឹង​ខ្លួនថា អញ​នឹងនិយាយ​កុហក កំពុង​និយាយ ដឹងខ្លួន​ថា អញកំពុង​និយាយ​កុហក លុះនិយាយ​រួចហើយ ដឹង​ខ្លួនថា អញ​និយាយ​កុហករួច​ហើយ បិទបាំង​សេចក្តី​ឃើញ បិទបាំង​សេចក្តី​គាប់ចិត្ត បិទបាំង​សេចក្តី​ពេញចិត្ត បិទបាំង​សេចក្តី​ពិតត្រង់ បើអ្នក​ស្តាប់ដឹង​សេចក្តី​ច្បាស់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ បើអ្នក​ស្តាប់មិន​ដឹងសេចក្តី​ច្បាស់ទេ ត្រូវ​អាបត្តិ​ទុក្កដ។

បេយ្យាលចំនួន១៥ ចប់។

បច្ចយប្បដិសំយុត្តវារកថា ចប់។

[២៨១] ភិក្ខុនិយាយស្មានថា ខ្លួនបានមគ្គផល១ ភិក្ខុនិយាយពីមគ្គផលដោយឥតមានប្រាថ្នានឹង​ពោលអួតកុហក១ ភិក្ខុឆ្កួត១ ភិក្ខុ​មានចិត្ត​រវើរវាយ១ ភិក្ខុ​មានវេទនា​គ្របសង្កត់១ ភិក្ខុជា​ខាងដើម​បញ្ញត្តិ១ (ភិក្ខុប៉ុណ្ណេះ) ឥត​មានអាបត្តិ​ឡើយ។

[២៨២] (មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែដែលនឹងសំដែងតទៅ ដូចមានសេចក្តីខាងក្រោមនេះ)

រឿងអធិមានភិក្ខុ រឿងភិក្ខុ​នៅក្នុងព្រៃ រឿងភិក្ខុ​ទៅបិណ្ឌបាត រឿងសទ្ធិវិហារិកនៃឧបជ្ឈាយ៍ រឿង​ពួកភិក្ខុ​ដំកល់ឥរិយាបថ រឿងភិក្ខុ​អួតថាលះ​សញ្ញោជនធម៌​បាន រឿងភិក្ខុ​នៅក្នុងទីស្ងាត់ រឿងភិក្ខុនៅក្នុងវត្ត រឿងភិក្ខុដែល​ឧបាសកផ្គត់ផ្គង់ រឿងភិក្ខុ​និយាយអួត​អរហត្តផល​ថាគ្មានក្រ រឿងភិក្ខុព្យាយាម រឿងពួកភិក្ខុ​និយាយថា អាវុសោ​ទាំងឡាយ ភិក្ខុដែល​មានសេចក្តី​ស្តាយក្រោយ ទើប​ត្រូវខ្លាច​មច្ចុ រឿងពួក​ភិក្ខុនិយាយ​ថា ធម៌តែបុគ្គល​ប្រកបព្យាយាម​ត្រូវហើយ អាចឲ្យ​ប្រោសប្រាណ​បាន រឿងភិក្ខុ​២រូបជា​អ្នកអត់ធន់​វេទនា រឿងភិក្ខុ​៥រូបដែល​ព្រាហ្មណ៍​និមន្ត រឿងភិក្ខុ​៣រូប​និយាយ​អួតអរហត្តផល រឿងភិក្ខុ​ឃាត់បង់​នូវផ្ទះ រឿងភិក្ខុ​ឃាត់បង់កាម​ទាំងឡាយ រឿងភិក្ខុ​អ្នកត្រេកអរ រឿង​ភិក្ខុចៀស​ចេញទៅ រឿងជន​ពិឃាតគោ​២នាក់ ម្នាក់កើត​ជាអដ្ឋិសង្ខលិកប្រេត ម្នាក់​កើតជា​មំសបេសីប្រេត រឿងព្រាន​សត្វស្លាបកើត​ជាមំសបិណ្ឌប្រេត រឿងអ្នក​សម្លាប់​សត្វចៀម កើត​ជានិច្ឆវិប្រេត រឿងអ្នក​សម្លាប់ជ្រូក​កើតជា​អសិលោមប្រេត រឿងព្រាន​ម្រឹគកើត​ជាសត្តិលោមប្រេត រឿងពេជ្ឈឃាត​កើតជា​ឧសុលោមប្រេត រឿងនាយ​សារថីកើត​ជាសូចិលោមប្រេត រឿងបុរស​ដែលនិយាយ​ពាក្យញុះញង់​កើតជា​សូចកប្រេត9) រឿង​អមាត្យកាត់​ក្តីអ្នកស្រុក​វៀច កើតជា​អណ្ឌភារិប្រេត10) រឿង​អ្នកដែល​ធ្វើបរទារកម្ម កើត​ជាប្រេតលិចទៅ​ក្នុងរណ្តៅលាមក រឿង​ព្រាហ្មណ៍​កំណាចកើត​ជាប្រេតស៊ីតែ​លាមកជា​ប្រក្រតី រឿងស្រី​ប្រព្រឹត្តកន្លង​ចិត្តប្តី កើតជា​និច្ឆវិប្រេត រឿង​ស្រីមេមត់ កើត​ជាមង្គុលីប្រេត រឿងស្រី​មកកើតជា​ឱកិលិនីប្រេត ព្រោះចាក់​ស្រោចរងើក​ភ្លើងលើ​ស្រីរួមប្តី រឿងអ្នក​ពិឃាតចោរ កើតជា​ប្រេតដាច់ក្បាល រឿងភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី ដែលបួស​ក្នុងសាសនា​ព្រះពុទ្ធ​ទ្រង់ព្រះនាម​កស្សប ប្រព្រឹត្ត​ធ្វើតែបាបកម្ម​ជាដរាប រឿង​ស្ទឹងតបោទា រឿងចំបាំង​ក្នុងក្រុង​រាជគ្រឹះ រឿងដែល​ចុះឡើង​នៃពួកដំរី រឿង​សោភិតភិក្ខុ​ជាអរហន្ត រលឹក​ជាតិបាន៥០០កល្ប។

វិនីតវត្ថុ

vin.par.pj.04.01 | book_001

(វិនីតវត្ថុ)

[២៨៣] សម័យនោះ ភិក្ខុមួយរួប ពោលអួត​អរហត្តផល ដោយ​នឹកស្មាន​ថាខ្លួនបាន​សម្រេច​ពិតហើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ​ថា សិក្ខាបទ ព្រះដ៏មាន​ព្រះភាគទ្រង់​បញ្ញត្តជា​ស្រេចហើយ អញ​ត្រូវអាបត្តិ​បារាជិក​ហើយដឹង។ ភិក្ខុនោះ​ក៏ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ក្នុងកាល​នោះឯង។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ (ដំណើរ​និយាយ​អួតអរហត្តផល) ដោយ​នឹកស្មានថា​ខ្លួនបាន​សម្រេចពិត មិន​ត្រូវ​អាបត្តិទេ។

[២៨៤] គ្រានោះ មានភិក្ខុមួយរូបនៅក្នុងព្រៃដោយតាំងចិត្តថា កាលបើអញនៅក្នុង​ព្រៃយ៉ាងនេះ អ្នកផង​គង់នឹង​សរសើរអញ។ អ្នកផង​ក៏បានសរសើរ​ភិក្ខុនោះ (មែន)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​មិនត្រូវ​អាបត្តិ​បារាជិកទេ ម្នាល​ភិក្ខុទាំងឡាយ ប៉ុន្តែ​អ្នកទាំងឡាយ​មិនត្រូវ​តាំងចិត្ត​នឹងនៅក្នុង​ព្រៃឲ្យគេ​សរសើរ​ឡើយ ភិក្ខុណា​នៅ (ដោយតាំង​ចិត្តយ៉ាងនេះ) ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះ មានភិក្ខុ​មួយរូប​ដើរទៅ​ដើម្បី​បិណ្ឌបាត ដោយ​តាំងចិត្ត​ថា កាលបើ​អញដើរ​ទៅបិណ្ឌបាត​យ៉ាងនេះ អ្នក​ផងនឹង​សរសើរ​អញ។ អ្នកផង​ក៏បាន​សរសើរ​ភិក្ខុនោះ (មែន)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ឯងមិន​ត្រូវអាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​អ្នកទាំងឡាយ​មិនត្រូវតាំង​ចិត្តនឹងដើរ​ទៅបិណ្ឌបាត​ឲ្យគេ​សរសើរ​ឡើយ ភិក្ខុណា​ដើរទៅ (ដោយ​គិតយ៉ាង​នោះ) ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។

[២៨៥] សម័យនោះឯង មានភិក្ខុមួយរូប​បានពោលពាក្យ​នឹងភិក្ខុមួយ​រូបថា ម្នាល​អាវុសោ ពួកភិក្ខុ​ណាដែលជា​សទ្ធិវិហារិក​របស់​ឧបជ្ឈាយ៍​នៃយើង ភិក្ខុ​ទាំងនោះ​សុទ្ធតែជា​អរហន្ត​ទាំងអស់។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ ក៏ក្រាបទូល​រឿងនុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់​សួរថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានប្រាថ្នា​នឹងអួតអាង។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះ ភិក្ខុមួយរូប​បានពោល​ពាក្យនឹង​ភិក្ខុមួយ​រូបថា ម្នាល​អាវុសោ ពួកភិក្ខុ​ណាដែល​ជាអន្តេវាសិក​នៃឧបជ្ឈាយ៍​របស់យើង ភិក្ខុ​ទាំងអស់នោះ​សុទ្ធតែជា​អ្នកមាន​ឫទ្ធិធំ មានអានុភាព​ច្រើន។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យ។ ទើបក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាល​ភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រ​ព្រះដ៏មាន​បុណ្យ ខ្ញុំព្រះអង្គ​មានបំណង​នឹងពោល​អួត។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២៨៦] សម័យនោះ មានភិក្ខុមួយរូបដើរចង្ក្រម ដោយតាំងចិត្តថា កាលបើ​អញចង្ក្រម​យ៉ាងនេះ បណ្តា​ជននឹង​សរសើរ​អញ។ បណ្តា​ជនក៏បាន​សរសើរ​ភិក្ខុនោះ (មែន)។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ទើប​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះ​ដ៏មានព្រះ​ភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​អ្នកទាំង​ឡាយមិន​ត្រូវដើរ​ចង្ក្រមដោយ​តាំងចិត្ត (នឹងឲ្យ​គេសរសើរ​ដូច្នោះ)​ឡើយ ភិក្ខុណា​ដើរចង្ក្រម (ដោយ​គិតយ៉ាង​នោះ) ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះ មានភិក្ខុ​មួយរូប​ឈរ ដោយ​តាំងចិត្ត។ បេ។ អង្គុយ​ដោយ​តាំងចិត្ត។ បេ។ ដេក​ដោយតាំង​ចិត្តថា កាលបើ​អញប្រព្រឹត្ត​យ៉ាងនេះ អ្នកផង​នឹងសរសើរ​អញ។ អ្នកផង​ក៏សរសើរ​ភិក្ខុនោះ (មែន)។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ ទើបក្រាប​ទូលរឿង​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​អ្នក​ទាំងឡាយ​មិនត្រូវ​សម្រេច​ឥរិយាបថ​ដេក ដោយ​តាំងចិត្ត (នឹងឲ្យ​គេសរសើរ​ដូច្នោះ) ឡើយ ភិក្ខុណា​សម្រេច (ឥរិយាបថ​យ៉ាងនោះ) ភិក្ខុនោះ​ត្រូវអាបត្តិ​ទុក្កដ។

[២៨៧] សម័យនោះ មានភិក្ខុមួយរូបពោលអួតឧត្តរិមនុស្សធម្ម​ដល់ភិក្ខុ​មួយរូប។ ភិក្ខុដែល​អួតនោះ បាននិយាយ​យ៉ាងនេះថា ម្នាល​អាវុសោ សញ្ញោជនធម៌​ទាំងឡាយ ខ្ញុំលះបង់​អស់ហើយ។ ភិក្ខុអ្នក​អួតនោះ ក៏មាន​សេចក្តី​សង្ស័យ។ បាន​ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។

[២៨៨] សម័យនោះ មានភិក្ខុមួយរូបទៅនៅក្នុង​ទីស្ងាត់ ក៏ពោលអួត​ឧត្តរិមនុស្សធម្ម។ មានភិក្ខុ​អ្នកបាន​បរចិត្តវិជ្ជា គឺកិរិយា​កំណត់ដឹង​ចិត្តរបស់​អ្នកដទៃ លោក​បានហាមប្រាម​ភិក្ខុនោះថា ម្នាល​អាវុសោ លោកកុំ​និយាយអួត​ឧត្តរិមនុស្សធម្ម​យ៉ាងនេះ​ឡើយ (ព្រោះ) ឧត្តរិមនុស្សធម្ម​នុ៎ះ មិនមាន​ដល់ខ្លួន​លោកទេ។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យ។ ទើប​ក្រាបទូលរឿង​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែត្រឹម​អាបត្តិ​ទុក្កដ។ ក្នុងសម័យ​នោះ មានភិក្ខុ​មួយរូប​ទៅនៅក្នុង​ទីស្ងាត់ ហើយ​ពោលអួត​ឧត្តរិមនុស្សធម្ម។ ទេវតា​បានពោល​ឃាត់ហាមភិក្ខុ​នោះថា បពិត្រ​លោកម្ចាស់ លោកកុំ​ពោលអួត​ឧត្តរិមនុស្សធម្ម​យ៉ាងនេះ (ពីព្រោះ) ឧត្តរិមនុស្សធម្ម​នុ៎ះ មិនទាន់​មានដល់ខ្លួន​លោកទេ។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យ។ ទើប​ក្រាបទូល​រឿងនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ទុក្កដ។

[២៨៩] សម័យនោះ មានភិក្ខុមួយរូបបាននិយាយនឹង​ឧបាសកម្នាក់​ថា ម្នាលអ្នក​ដ៏មានអាយុ ភិក្ខុណា​គង់នៅក្នុង​វត្តរបស់អ្នក ភិក្ខុនោះ​ជាព្រះអរហន្ត។ ឯភិក្ខុ​នោះតែងនៅ​ក្នុងវត្ត​របស់ឧបាសក​នោះ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ ទើប​ក្រាបទូល​រឿងនុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់សួរថា ម្នាល​ភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានបំណង​នឹងពោលអួត។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិក​ទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។ គ្រានោះ មានភិក្ខុ​មួយរូប​បានពោល​ពាក្យនេះ​នឹងឧបាសក​ម្នាក់ថា ម្នាល​អ្នកដ៏មាន​អាយុ អ្នកបាន​ទំនុកបំរុង​ភិក្ខុអង្គណា​ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​ភេសជ្ជបរិក្ខារ ជា​បច្ច័យដល់​មនុស្សមាន​ជម្ងឺ ភិក្ខុអង្គនោះ​ជាព្រះអរហន្ត។ ឯ​ឧបាសកនោះ​ក៏តែងទំនុក​បំរុងភិក្ខុនោះ​ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​ភេសជ្ជបរិក្ខារ ជាបច្ច័យ​ដល់មនុស្ស​មានជម្ងឺ។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យ។ ទើប​ក្រាបទូល​រឿងនុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានបំណង​នឹងពោលអួត។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិន​ត្រូវអាបត្តិ​បារាជិក​ទេ ត្រូវតែត្រឹម​អាបត្តិថុល្លច្ច័យ។

[២៩០] សម័យនោះ មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានសួរភិក្ខុ​នោះថា លោកដ៏មាន​អាយុបាន​សម្រេចដល់​ឧត្តរិមនុស្សធម្ម​ហើយឬ។ ភិក្ខុនោះ​ឆ្លើយតបថា ម្នាល​អាវុសោ​ទាំងឡាយ កិរិយា​ដែលនឹង​ធ្វើឲ្យជាក់ច្បាស់​នូវអរហត្តផល មិនមែន​ក្រឡើយ។ ភិក្ខុនោះក៏មានសេចក្តីសង្ស័យថា ភិក្ខុទាំងឡាយឯណា ដែលជាសាវករបស់ព្រះដ៏មានព្រះភាគ លោកទាំងអម្បាលនោះ ទើបគួរពោលយ៉ាងនេះ ក៏ខ្លួនអញមិនទាន់បានជាសាវករបស់ព្រះដ៏មានព្រះភាគនៅឡើយ អញប្រហែលត្រូវអាបត្តិបារាជិកហើយដឹង។ (លុះគិត​ដូច្នេះ​ហើយ) ទើប​ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នក​ឯងមាន​ចិត្តគិត​ដូចម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មិនមាន​បំណងនឹង​ពោលអួតទេ។ ទើប​ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ ភិក្ខុដែល​មិនមាន​បំណងនឹង​ពោលអួត មិនត្រូវ​អាបត្តិទេ។ ក្នុងសម័យ​នោះ មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានសួរ​ភិក្ខុនោះថា លោកដ៏មាន​អាយុមាន​ឧត្តរិមនុស្សធម្ម​ដែរឬ។ ភិក្ខុនោះ​តបថា ម្នាល​អាវុសោ​ទាំងឡាយ ធម្មតា អ្នកមាន​ព្យាយាម​ប្រារព្ធហើយ រមែង​ញុំាងព្រះធម៌​ឲ្យប្រោស​ប្រាណ​បាន។ សេចក្តី​សង្ស័យ​ក៏កើតមាន​ដល់ភិក្ខុ​នោះ។ បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែល​មិនមាន​បំណងនឹង​អួត មិនត្រូវ​អាបត្តិ​ឡើយ។ សម័យ​នោះ មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បាននិយាយ​នឹងភិក្ខុ​នោះថា នែ​អាវុសោ លោកកុំ​គប្បីខ្លាច​ឡើយ។ ភិក្ខុនោះ​តបថា ម្នាល​អាវុសោ​ទាំងឡាយ ខ្ញុំមិន​ខ្លាចសេចក្តី​ស្លាប់ទេ។ សេចក្តី​សង្ស័យ​ក៏កើតមាន​ដល់ភិក្ខុ​នោះ។ បេ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ ភិក្ខុដែល​មិនមាន​បំណង​នឹងអួត មិនត្រូវ​អាបត្តិឡើយ។ សម័យ​នោះ មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានពោល​ពាក្យនេះនឹ​ងភិក្ខុនោះថា ម្នាល​អាវុសោ លោកកុំ​ខ្លាចឡើយ។ ភិក្ខុនោះតបថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុណា​នៅ​មានសេចក្តី​ក្តៅក្រហាយ ស្តាយ​ក្រោយ​ដោយពិត​នៅឡើយ ភិក្ខុនោះ​ទើបត្រូវ​ខ្លាច។ សេចក្តី​សង្ស័យ​ក៏កើតមាន​ដល់ភិក្ខុ​នោះ។ បេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកដែល​មិនមាន​បំណងនឹង​ពោលអួត មិនត្រូវ​អាបត្តិទេ។ សម័យ​នោះ មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​សួរភិក្ខុ​នោះថា លោក​ដ៏មានអាយុ​មានឧត្តរិមនុស្សធម្ម​ដែរឬ។ ភិក្ខុនោះ​តបថា ម្នាល​អាវុសោ​ទាំងឡាយ ធម្មតា អ្នកដែល​ប្រកបដោយ​ព្យាយាមត្រូវ​ហើយ រមែង​ញុំាងព្រះធម៌​ឲ្យប្រោសប្រាណ​បាន។ ភិក្ខុនោះ​ក៏មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ អ្នកដែល​មិនមាន​បំណងនឹង​ពោលអួត មិនត្រូវ​អាបត្តិឡើយ។ គ្រានោះ មានភិក្ខុ​មួយរូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​សួរភិក្ខុនោះ​ថា លោកដ៏មាន​អាយុមាន​ឧត្តរិមនុស្សធម្ម​ដែរឬ។ ភិក្ខុនោះ​តបថា ម្នាល​អាវុសោ​ទាំងឡាយ ធម្មតា​អ្នកមាន​ព្យាយាមប្រារព្ធ​ហើយ រមែង​ញុំាងព្រះធម៌​ឲ្យប្រោស​ប្រាណបាន។ ភិក្ខុ​នោះមានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ដែលមិនមាន​បំណងនឹង​ពោលអួត មិនត្រូវ​អាបត្តិទេ។ សម័យ​នោះ មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​សួរភិក្ខុនោះ​ថា លោកដ៏មាន​អាយុមាន​ឧត្តរិមនុស្សធម្ម​ដែរឬ។ ភិក្ខុនោះ​ឆ្លើយ​តបថា ម្នាល​អាវុសោ​ទាំងឡាយ ធម្មតា​អ្នកមាន​ព្យាយាម​ប្រកប​ត្រូវហើយ រមែង​ញុំាងព្រះធម៌​ឲ្យប្រោស​ប្រាណ​បាន។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នក​ដែលមិនមាន​បំណងនឹង​ពោលអួត មិនត្រូវ​អាបត្តិទេ។ សម័យ​នោះ មានភិក្ខុ​មួយរូប​មានជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានសួរភិក្ខុ​នោះថា ម្នាល​អាវុសោ លោក​ល្មមអត់ធន់​បានទេឬ លោក​ល្មមឲ្យ​ប្រព្រឹត្តទៅ​បានឬទេ។ ភិក្ខុ​នោះតប​ថា ម្នាលអាវុសោ​ទាំងឡាយ បុគ្គល​ក្រៅការ​មិនអាចនឹង​អត់ធន់​បានឡើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ អ្នកដែល​មិនមាន​បំណងនឹង​ពោលអួត មិនត្រូវ​អាបត្តិទេ។ សម័យ​នោះ មាន​ភិក្ខុមួយ​រូបមាន​ជម្ងឺ។ ភិក្ខុ​ទាំងឡាយ​បានសួរភិក្ខុ​នោះថា ម្នាល​អាវុសោ លោកល្មម​អត់ធន់​បានទេឬ លោកល្មម​ឲ្យប្រព្រឹត្ត​ទៅបាន​ទេឬ។ ភិក្ខុនោះ​តបថា ម្នាល​អាវុសោ​ទាំងឡាយ បុគ្គល​ជាបុថុជ្ជន មិនអាច​នឹងអត់ធន់​បានឡើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ បាន​ក្រាបទូល​រឿងនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​សួរថា ម្នាល​ភិក្ខុ អ្នកឯង​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​មានបំណង​នឹងពោល​អួត។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ មិនត្រូវ​អាបត្តិ​បារាជិកទេ ត្រូវតែ​ត្រឹមអាបត្តិ​ថុល្លច្ច័យ។

[២៩១] សម័យនោះ មានព្រាហ្មណ៍ម្នាក់បាននិមន្តពួកភិក្ខុ ហើយ​បានទទួល​ពាក្យទូល​ថា បពិត្រ​លោកដ៏ចម្រើន​ទាំងឡាយ សូមលោក​ជាអរហន្ត​ទាំងឡាយ​និមន្តចូល​មក។ ភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យថា យើង​ទាំងឡាយ មិនមែន​ជាព្រះអរហន្ត​ទេ ប៉ុន្តែ ព្រាហ្មណ៍​នេះនិយាយ​លើកយើង​ទាំងឡាយ​ដោយពាក្យ​ថា ព្រះអរហន្ត យើងរាល់​គ្នាត្រូវ​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎។ ទើបភិក្ខុ​ទាំងនោះក្រាប​ទូលរឿង​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថាម្នាលភិក្ខុ​ទាំងឡាយ ព្រាហ្មណ៍​ពោលដោយ​សេចក្តី​ជ្រះថ្លា មិនត្រូវ​អាបត្តិទេ។ សម័យនោះ មានព្រាហ្មណ៍​ម្នាក់និមន្ត​ភិក្ខុទាំងឡាយ​ហើយបាន​ពោលពាក្យ​ថា បពិត្រលោក​ដ៏ចម្រើន​ទាំងឡាយ សូមលោក​ជាអរហន្ត​ទាំងឡាយ​និមន្តគង់។ បេ។ បពិត្រ​លោកដ៏ចម្រើន​ទាំងឡាយ សូមលោក​ជាអរហន្ត​ទាំងឡាយ​និមន្តឆាន់។ បេ។ បពិត្រ​លោកដ៏ចម្រើន​ទាំងឡាយ សូម​លោកជា​អរហន្ត​ទាំងឡាយ​និមន្តឆាន់​ឲ្យឆ្អែត។ បេ។ បពិត្រ​លោកដ៏ចម្រើន​ទាំងឡាយ សូមលោក​ជាអរហន្ត​ទាំងឡាយ​និមន្តទៅចុះ។ ភិក្ខុ​ទាំងនោះក៏​មានសេចក្តី​សង្ស័យថា យើងទាំង​ឡាយមិនមែន​ជាអរហន្តទេ ក៏​ព្រាហ្មណ៍នេះ​និយាយលើក​យើងដោយ​ពាក្យថា ព្រះអរហន្ត យើង​គួរប្រតិបត្តិ​ដូចម្តេច​ហ្ន៎។ ភិក្ខុទាំងនោះ​ក៏ក្រាប​ទូលរឿង​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ ព្រាហ្មណ៍​ពោលដោយ​សេចក្តី​ជ្រះថ្លា មិនត្រូវ​អាបត្តិទេ។

[២៩២] សម័យនោះ មានភិក្ខុមួយរូបពោល​អួតឧត្តរិមនុស្សធម្ម​ចំពោះភិក្ខុ​មួយរូប។ ភិក្ខុ​ដែលពោល​អួតនោះបាន​និយាយ​យ៉ាងនេះថា​ម្នាលអាវុសោ អាសវធម៌​ទាំងឡាយ​ខ្ញុំបាន​លះបង់​អស់ហើយ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ បេ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ គ្រានោះ មានភិក្ខុ​មួយរូប ពោលអួត​ឧត្តរិមនុស្សធម្ម​ចំពោះភិក្ខុ​មួយរូប។ ភិក្ខុដែល​ពោលអួតនោះ​បាននិយាយ​យ៉ាងនេះថា ម្នាល​អាវុសោ ក៏​ឧត្តរិមនុស្សធម្ម​ទាំងនេះ ខ្ញុំករុណា​មានសព្វគ្រប់។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ ទើបក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។ សម័យ​នោះ មានភិក្ខុ​មួយរូប ពោលអួត​ឧត្តរិមនុស្សធម្ម​ចំពោះភិក្ខុ​មួយរូប។ ភិក្ខុដែល​ពោលអួត​នោះបាន​ពោលយ៉ាង​នេះថា ម្នាល​អាវុសោ ខ្ញុំឃើញ​ចំពោះខ្លួន​ឯងក្នុង​ធម៌ទាំង​នោះ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ ក៏​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ។

[២៩៣] សម័យនោះ ជនទាំងឡាយជាញាតិបាននិមន្តភិក្ខុ​មួយរូបថា បពិត្យ​លោកដ៏ចម្រើន សូមលោក​និមន្តមក​នៅគ្រប់គ្រងផ្ទះ។ ភិក្ខុនោះ​ឆ្លើយតប​ថា ម្នាលអាវុសោ​ទាំងឡាយ​បុគ្គលដូច​ជាអាត្មា មិន​គួរដើម្បី​នឹងនៅគ្រប់​គ្រងផ្ទះទេ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យ។ ទើបក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុ​នោះក្រាប​ទូលថា បពិត្រព្រះ​ដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​គ្មានបំណង​នឹងពោល​អួតទេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកដែល​គ្មានបំណង​នឹងពោល​អួតមិនត្រូវ​អាបត្តិទេ។ សម័យ​នោះ ជន​ទាំងឡាយ​ជាញាតិបាន​និមន្តភិក្ខុ​មួយរូបថា បពិត្រ​លោកដ៏​ចម្រើន សូមលោក​និមន្តមក​បរិភោគកាម​ទាំងឡាយ​ចុះ។ ភិក្ខុនោះ​ឆ្លើយតប​ថា ម្នាលអ្នក​ដ៏មានអាយុ​ទាំងឡាយ ឯកាម​ទាំងឡាយ អាត្មា​ឃាត់រាំងរា​បានហើយ។ ភិក្ខុ​នោះមាន​សេចក្តី​សង្ស័យ។ ទើបក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូច​ម្តេច។ ភិក្ខុនោះ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគខ្ញុំ​ព្រះអង្គ​មិនមាន​បំណងនឹង​ពោលអួត​ទេ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​អ្នកដែល​គ្មានបំណង​នឹងអួត មិនត្រូវ​អាបត្តិទេ។ សម័យ​នោះ ជន​ទាំងឡាយ​ជាញាតិ​បានសួរ​ភិក្ខុមួយ​រូបថា បពិត្រ​លោកដ៏​ចម្រើន លោកម្ចាស់​ត្រេក​សប្បាយ ដែរឬទេ។ ភិក្ខុនោះ​និយាយ​ថា ម្នាលអ្នក​ដ៏មានអាយុ​ទាំងឡាយ​ អាត្មាត្រេក​សប្បាយ​ដែរ (តែត្រេក សប្បាយ) ដោយសេចក្តី​សប្បាយ​ដ៏ឧត្តម។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា ភិក្ខុ​ទាំងឡាយ​ណា មួយ​ដែលជា​សាវក​របស់ព្រះដ៏​មានព្រះភាគ ភិក្ខុ​ទាំងនោះ​ទើបគួរ​ពោលពាក្យ​យ៉ាងនេះ​បាន ក៏ខ្លួនអញ​មិនមែន​ជាសាវក​របស់ព្រះដ៏​មានព្រះភាគ​ទេ អញត្រូវ​អាបត្តិ​បារាជិក​ហើយដឹង។ ភិក្ខុនោះ​ក៏ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់សួរ​ថា ម្នាលភិក្ខុ អ្នកឯង​មានចិត្ត​គិតដូចម្តេច។ ភិក្ខុ​នោះក៏​ទូលតប​ថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ ខ្ញុំព្រះអង្គ​គ្មានបំណង​នឹងពោល​អួតទេ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុអ្នកដែល​គ្មានបំណង​នឹងពោល​អួត មិនត្រូវ​អាបត្តិទេ។

[២៩៤] សម័យនោះ មានភិក្ខុច្រើនរូបនៅចាំវស្សាក្នុងអាវាសមួយ បាន​ធ្វើកតិកា (ណាត់គ្នា) ថា ភិក្ខុអង្គ​ណានឹងចេញ​ចាកអាវាសនេះ​ជាមុនគេ យើង​ទាំងឡាយ​នឹងដឹងថា ភិក្ខុអង្គ​នោះជា​ព្រះអរហន្ត។ មានភិក្ខុ​មួយរូប​ចេញចាក​អាវាសនោះ​ទៅមុនគេ ដោយ​គិតថា ភិក្ខុ​ទាំងនោះ​ចូរដឹងនូវ​អញថាជា​ព្រះអរហន្ត​ចុះ។ ភិក្ខុនោះ​មានសេចក្តី​សង្ស័យថា អញ​ត្រូវអាបត្តិ​បារាជិក​ហើយដឹង។ ក៏ក្រាប​ទូលសេចក្តី​នុ៎ះចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ អ្នកឯង​ត្រូវអាបត្តិ​បារាជិកហើយ។

[២៩៥] គ្រានោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងវត្តវេឡុងវនកលន្ទកនិវាបស្ថាន។ សម័យ​នោះ ព្រះលក្ខណត្ថេរ​នឹងព្រះមហាមោគ្គល្លានត្ថេរ​ដ៏មានអាយុ គង់​នៅលើ​ភ្នំគិជ្ឈកូដ។ គ្រានោះ​ឯង ព្រះមហាមោគ្គល្លានត្ថេរ​ដ៏មានអាយុ ស្លៀកស្បង់​ទ្រង់បាត្រ​និងចីវរ​ចូលសំដៅ​ទៅឯទីដែល​ព្រះលក្ខណត្ថេរ​គង់ ក្នុងវេលា​បុព្វណ្ហសម័យ លុះចូល​ទៅដល់​ហើយ បានពោល​ពាក្យនេះ​នឹង​ព្រះលក្ខណត្ថេរ​ដ៏មានអាយុថា ម្នាល​អាវុសោ​លក្ខណៈ មកយើង​នឹងចូលទៅ​កាន់ក្រុង​រាជគ្រឹះដើម្បី​បិណ្ឌបាត។ ព្រះលក្ខណត្ថេរ​ដ៏មានអាយុ ក៏ទទួល​ពាក្យ​ព្រះមហា​មោគ្គល្លានត្ថេរ​ដ៏មានអាយុ​ថា ករុណា អាវុសោ។ គ្រាដែល​ព្រះមហា​មោគ្គល្លានត្ថេរ​ដ៏មានអាយុ កំពុង​តែចុះអំពី​ភ្នំគិជ្ឈកូដ​(ដល់​មក)ត្រង់​កន្លែងមួយ​ក៏បានធ្វើ​នូវញញឹម​ ឲ្យប្រាកដ។ លំដាប់​នោះ ព្រះលក្ខណត្ថេរ​ដ៏មាន​អាយុ ក៏សួរ​ព្រះមហា​មោគ្គល្លានត្ថេរ​ដ៏មានអាយុ​ថា ម្នាល​អាវុសោ​មហាមោគ្គល្លាន​អ្វីជា​ហេតុ អ្វីជា​បច្ច័យ ចំពោះ​កិរិយា​ធ្វើនូវញញឹម​ឲ្យប្រាកដ​(នេះ)។ ព្រះមហា​មោគ្គល្លានត្ថេរ​ឆ្លើយតប​ថា ម្នាលអាវុសោ​លក្ខណៈ កាលនេះ​មិនមែន​ជាកាលគួរ​នឹងព្យាករ​ប្រស្នានេះ​ទេ លោកចូរ​សួរប្រស្នានេះ​នឹងខ្ញុំក្នុង​សំណាក់​ព្រះដ៏មាន​ព្រះភាគចុះ។ លំដាប់​នោះ ព្រះលក្ខណត្ថេរ​ដ៏មានអាយុ និង​ព្រះមហា​មោគ្គល្លានត្ថេរ​ដ៏មាន​អាយុ ក៏និមន្ត​ទៅបិណ្ឌបាត​ក្នុងក្រុង​រាជគ្រឹះ ហើយត្រឡប់​អំពីបិណ្ឌបាត​ក្នុងវេលា​ក្រោយភត្ត ទើប​ចូលទៅ គាល់ព្រះ​ដ៏មានព្រះភាគ លុះ​ចូលទៅ​ដល់ហើយ​ ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ​រួចហើយ ក៏អង្គុយ ក្នុងទី​ដ៏សមគួរ។ ព្រះលក្ខណត្ថេរ​ដ៏មានអាយុ លុះ​អង្គុយក្នុង​ទីដ៏សមគួរ​ហើយ ក៏ពោល​ពាក្យនេះ​នឹង ព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ​ថា ក្នុងថ្ងៃនេះ មហាមោគ្គល្លាន​ដ៏មានអាយុ កាលដែល​ចុះអំពី​ភ្នំគិជ្ឈកូដ​បានធ្វើនូវ​ញញឹមឲ្យ​ប្រាកដក្នុង​កន្លែងមួយ ម្នាល​អាវុសោ​មោគ្គល្លាន អ្វីជា​ហេតុ អ្វីជាបច្ច័យ ចំពោះ​កិរិយាធ្វើ​នូវញញឹម​ឲ្យប្រាកដ​នោះ។ ព្រះមហា​មោគ្គល្លានត្ថេរ​ឆ្លើយ​តបថា ម្នាល​អាវុសោ ក្នុង​ថ្ងៃនេះ ខ្ញុំកាលដែល​ចុះអំពី​ភ្នំគិជ្ឈកូដ បានឃើញ​អដ្ឋិសង្ខលិកប្រេត11) កំពុង​តែអណ្តែត​ឯអាកាស ពពួកត្មាត ពពួកខ្លែង ពពួករអាត12) ដេញតាម ចោមឆាប​ចឹកចោះភើច​ជញ្ជែង​អដ្ឋិសង្ខលិកប្រេតនោះ​តាមចន្លោះ​នៃឆ្អឹង​ជំនីទាំង​ ឡាយ អដ្ឋិសង្ខលិក ប្រេតនោះ​ចេះតែស្រែកថ្ងូរ ម្នាល​អាវុសោ ទើបខ្ញុំ​មានបរិវិតក្ក​ថា យីអើហ្ន៎ (នេះហៅ​ពេញ) ជា​អស្ចារ្យ យីអើហ្ន៎ មិនធ្លាប់​កើតមាន​សោះឡើយ សត្វបែបនេះ​នឹងត្រឡប់​ទៅជាមាន​ខ្លះតើ យក្សបែប​នេះនឹង ត្រឡប់​ទៅជាមាន​ខ្លះ ប្រេតបែប​នេះនឹងត្រឡប់​ទៅជាមានខ្លះ កិរិយា​ត្រឡប់​បានរូបរាង​បែបនេះ​ នឹងត្រឡប់​ទៅជាមាន​ខ្លះដែរ​តើ។ ភិក្ខុទាំង​ឡាយទើប​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ​ពោលអួត​ឧត្តរិមនុស្សធម្ម។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ​ត្រាស់ហៅ​ពួកភិក្ខុ មកហើយ​ត្រាស់ប្រាប់​ថា ម្នាលភិក្ខុ​ទាំងឡាយ សាវក​ទាំងឡាយ​មានចក្ខុ​កើតពិត​ហើយ ម្នាលភិក្ខុ​ទាំងឡាយ សាវក​ទាំងឡាយ​មានញាណ​កើតពិត​ហើយ ព្រោះហេតុ​ថា សាវក​នឹងដឹង ឬនឹងឃើញ ប្រេតបែបនេះ ឬថានឹង​ធ្វើប្រេតបែប​នេះឲ្យជា​បន្ទាល់ (របស់​តថាគត) ម្នាល​ភិក្ខុទាំងឡាយ សត្វនោះ តថាគត​បានឃើញ​ពីក្នុងកាល​មុនរួចមក​ហើយ ប៉ុន្តែ​តថាគត​មិនបាន​សំដែង ព្រោះថា បើ​តថាគត សំដែង​ទៅ ពពួក​ជនដទៃ​មិនជឿ (ពាក្យ) តថាគត ពពួក​ជនណា​ដែលមិន​ជឿតថាគត សេចក្តី​ដែលមិន​ជឿនោះ​នឹងនាំឲ្យ​ខាន​បាន​ប្រយោជន៍ នាំឲ្យ​បានសេចក្តី​ទុក្ខអស់កាល​យូរអង្វែង​ដល់ពពួកជន​ទាំងនោះ ម្នាល​ភិក្ខុទាំង​ឡាយ សត្វនុ៎ះ (កាល​ពីដើម) ជាអ្នក​ពិឃាតគោ ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង ដោយកម្ម​វិបាកនោះ អ្នក​ពិឃាតគោ​នោះទៅឆេះ​នៅក្នុងនរក​អស់ឆ្នាំដ៏ច្រើន គឺអស់​រយពាន់ សែនឆ្នាំ ដ៏ច្រើន ដោយសេសសល់​នៃកម្មវិបាក​នោះ ក៏ត្រឡប់​មកទទួល​ផលគឺ ត្រឡប់​បានូវអត្តភាព បែបនេះឯង។ ម្នាល​ភិក្ខុទាំងឡាយ​មោគ្គល្លាន​ពោលពាក្យ​ពិត ម្នាលភិក្ខុ​ទាំងឡាយ មោគ្គល្លាន​មិនត្រូវ​អាបត្តិទេ។ បេ។ ម្នាល​អាវុសោលក្ខណ ថ្ងៃនេះ ខ្ញុំកាលដែល​ចុះអំពីភ្នំ​គិជ្ឈកូដ បានឃើញ​មំសបេសីប្រេត13) កំពុង​តែអណ្តែត​ទៅឯ​អាកាស ពពួកត្មាត ខ្លែង រអាត ដេញតាម​ចោម​ឆាបចឹកចោះ​ជញ្ជែង​មំសបេសីប្រេត​នោះឯង មំសបេសីប្រេត​នោះចេះតែ​ស្រែកថ្ងូរ។ បេ។ ម្នាលភិក្ខុ​ទាំងឡាយ​សត្វនុ៎ះ (កាល​ពីដើម) ជាអ្នក​ពិឃាតគោ ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។ បេ។ ម្នាល​អាវុសោ​លក្ខណ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះអំពីភ្នំគិជ្ឈកូដ​បានឃើញ​មំសបិណ្ឌប្រេត14) កំពុង​តែអណ្តែត​ទៅឯ​អាកាស ពពួកត្មាត ខ្លែង រអាត ដេញតាម​ចោម ឆាបចឹកចោះ​ជញ្ជែង​មំសបិណ្ឌប្រេត​នោះឯង មំសបិណ្ឌប្រេត​នោះចេះតែ​ស្រែកថ្ងូរ។ បេ។ ម្នាលភិក្ខុ​ទាំងឡាយ​សត្វនុ៎ះ (កាល​ពីដើម) ជាព្រាន​សត្វស្លាប ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។ បេ។ ម្នាល​អាវុសោ លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំគិជ្ឈកូដ ​បានឃើញ​​បុរសដែល​កើតជា​និច្ឆចវិប្រេត15) កំពុង​តែអណ្តែត​ទៅឯអាកាស ពពួកត្មាត ខ្លែង រអាត ដេញតាម​ចោមឆាប​ចឹកចោះជញ្ជែង​និច្ឆវិប្រេត​នោះឯង និច្ឆប្រេតនោះ​ចេះតែស្រែក​ថ្ងូរ។ បេ។ ម្នាល​ភិក្ខុទាំងឡាយ សត្វនុ៎ះ (កាល​ពីដើម) ជាអ្នក​សម្លាប់​សត្វចៀម ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។ បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំគិជ្ឈកូដ បានឃើញ​បុរសដែល​កើតជា​អសិលោមប្រេត16) កំពុង​តែអណ្តែត​ទៅឯអាកាស ដាវ​ទាំងឡាយ​របស់ប្រេត​នោះអណ្តែត​ខ្ពស់ឡើងៗ ហើយ​ធ្លាក់មក​ដោតជាប់​ព្ធដ៏កាយ​នៃប្រេត​នោះឯង អសិលោមប្រេត​នោះចេះ​តែស្រែក​ថ្ងូរ។ បេ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វនុ៎ះ (កាល​ពីដើម) ជាអ្នក​ពិឃាតជ្រូក​ចិញ្ចឹម​ជីវិត ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។ បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំគិជ្ឈកូដ​បានឃើញ​បុរសដែលកើត​ជាសត្តិលោមប្រេត17) កំពុង​តែអណ្តែត​ទៅឯអាកាស លំពែង​ទាំងឡាយ​របស់ប្រេត​នោះអណ្តែត​ខ្ពស់ឡើងៗ ហើយធ្លាក់​មកដោតជាប់​ព្ធដ៏កាយ​នៃប្រេត​នោះឯង សត្តិលោមប្រេត​នោះចេះ​តែស្រែក​ថ្ងូរ។ បេ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វនុ៎ះ (កាលពី​ដើម) ជាព្រាន​ម្រឹគ ក្នុងក្រុង​រាជគ្រឹះនេះ​ឯង។ បេ។ ម្នាល​អាវុសោ​ល្ខណៈ ថ្ងៃនេះ​ខ្ញុំកាលដែល​ចុះអំពីភ្នំគិជ្ឈកូដ​បានឃើញបុរស​ដែលកើតជា​ឧសុលោមប្រេត18) កំពុងតែ​អណ្តែតទៅ​ឯអាកាស ព្រួញ​ទាំងឡាយ​របស់ប្រេត​នោះអណ្តែត​ខ្ពស់ឡើងៗ ហើយ​ធ្លាក់មក​ដោតជាប់​ព្ធដ៏កាយ​នៃប្រេតនោះ​ឯង ឧសុលោមប្រេត​នោះចេះតែ​ស្រែកថ្ងូរ។ បេ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វនុ៎ះ (កាល​ពីដើម) ជា​ពេជ្ឈឃាត19) ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។ បេ។ ម្នាល​អាវុសោ​ល្ខណៈ ថ្ងៃនេះ​ខ្ញុំកាល​ដែលចុះអំពី​ភ្នំគិជ្ឈកូដ​បានឃើញ​បុរសដែល​កើតជា​សូចិលោមប្រេត20) កំពុងតែអណ្តែត​ទៅឯអាកាស ម្ជុល​ទាំងឡាយ​របស់ប្រេត​នោះអណ្តែត​ខ្ពស់ឡើងៗ ហើយធ្លាក់​មកដោតជាប់​ព្ធដ៏កាយនៃ​ប្រេតនោះឯង សូចិលោមប្រេត​នោះចេះតែ​ស្រែកថ្ងូរ។ បេ។ ម្នាល​ភិក្ខុទាំង​ឡាយ សត្វនុ៎ះ (កាលពីដើម) ជានាយ​សារថី ក្នុងក្រុង​រាជគ្រឹះ​នេះឯង។ បេ។ ម្នាល​អាវុសោ​លក្ខណៈ​ថ្ងៃនេះ ខ្ញុំកាល​ដែលចុះអំពីភ្នំគិជ្ឈកូដ​បានឃើញ​បុរសដែល​កើតជាសូចិលោមប្រេត21) កំពុង​តែអណ្តែត​ទៅឯអាកាស ដែក​ស្រួច​ទាំងឡាយ​របស់ប្រេត​នោះដោត​ចូលទៅ​តាមក្បាល ហើយធ្លាយ​ចេញមក​តាមមាត់ ដោតចូល​ទៅតាមមាត់ ហើយ​ធ្លាយចេញ​មកខាង​ទ្រូង ដោតចូល​ទៅតាមទ្រូង ហើយ​ធ្លាយចេញ​មកខាង​ពោះ ដោតចូល​ទៅតាមពោះ ហើយធ្លាយ​ចេញមក​ខាងភ្លៅ (ទាំងពីរ) ដោតចូល​ទៅតាម​ភ្លៅ (ទាំងពីរ) ហើយធ្លាយ​ចេញមក​ខាងស្មង (ទាំងពីរ) ដោតចូល​ទៅតាមស្មង (ទាំងពីរ) ហើយធ្លាយ​ចេញមក​ខាងជើង (ទាំងពីរ) សូចិលោមប្រេត​នោះចេះតែ​ស្រែកថ្ងូរ។ បេ។ ម្នាល​ភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នក​ញុះញង់គេ ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។ បេ។ ម្នាល​អាវុសោ​លក្ខណៈថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពី​ភ្នំគិជ្ឈកូដ​បានឃើញ​បុរសដែល​កើតជាកុម្ភណ្ឌប្រេត22) កំពុងតែ​អណ្តែតទៅឯ​អាកាស ប្រេត​នោះកាល ​បើដើរលុះ​តែលើក​អណ្ឌៈទាំង​នោះលី ទើប​ដើរទៅ​បាន កាល​បើអង្គុយ ក៏ចេះ​តែអង្គុយ​សង្កត់លើ​អណ្ឌៈទាំងនោះ​ឯង ពពួកត្មាត ខ្លែង រអាត ដេញតាម​ចោមឆាប ចឹកចោះជញ្ជែង កុម្ភណ្ឌប្រេត​នោះចេះ​តែស្រែក​ថ្ងូរ។ បេ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអមាត្យ​អ្នកវិនិច្ឆ័យក្តី​នៃអ្នកស្រុក​ដោយអំពើ​វៀច ក្នុងក្រុង​រាជគ្រឹះនេះ​ឯង។ បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំ​គិជ្ឈកូដ​បានឃើញ​បុរសដែល​លិចចុះ​ទាំងក្បាល​ ទៅក្នុងរណ្តៅ​លាមក។23) បេ។ ម្នាល​ភិក្ខុទាំង​ឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នក​ធ្វើបរទារកម្ម ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។ បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំ​គិជ្ឈកូដ​បានឃើញ​បុរសដែល​លិចចុះទាំង​ ក្បាលទៅក្នុងរណ្តៅ​លាមក24) កំពុងតែ (ចាប់) លាមក​ដោយដៃ​ទាំងពីរស៊ី។ បេ។ ម្នាល​ភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាព្រាហ្មណ៍​កំណាចក្នុង​ក្រុងរាជគ្រឹះ​នេះឯង ព្រហ្មណ៍​នោះ កាលក្នុងសាសនា​ព្រះសម្មាសម្ពុទ្ធ​ព្រះនាម​កស្សប បាននិមន្ត​ភិក្ខុសង្ឃ​ដោយ (ពាក្យថា​និមន្តឆាន់) ភត្តាហារ ក៏ចាក់​លាមក​ពេញក្នុង​ស្នូក រួចហើយ​ប្រើគេឲ្យ​ប្រាប់ភត្តកាល​ថា25) បពិត្រ​លោកដ៏ចម្រើន​ទាំងឡាយ សូម​លោកម្ចាស់​និមន្តឆាន់ (ចង្ហាន់)ទាល់ឆ្អែត​ក្នុងទីនេះ​ផង សូមនិមន្ត​យក (ចង្ហាន់) អំពីទីនេះ​ទៅផង ដោយ​កម្មវិបាក​នោះ​ ព្រាហ្មណ៍​កំណាច​នោះក៏ឆេះនៅ​ក្នុងនរក​អស់ឆ្នាំ​ដ៏ច្រើន គឺអស់រយ ពាន់ សែនឆ្នាំដ៏ច្រើន ដោយ​សំណល់នៃ​កម្មវិបាក​នោះឯង ក៏បាន​មកសោយ​នូវផលកម្ម​ដែលត្រឡប់​បាននូវអត្តភាព​បែបនេះ ម្នាល​ភិក្ខុទាំងឡាយ​មោគ្គល្លាន​ពោលនូវ​ពាក្យពិត ម្នាល​ភិក្ខុទាំងឡាយ មោគ្គល្លាន​មិនត្រូវ​អាបត្តិទេ។ បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះអំពី​ភ្នំគិជ្ឈកូដ​បានឃើញ​ស្រីដែលកើត​ជានិច្ចវិប្រេត26) កំពុង​តែអណ្តែត​ទៅឯអាកាស ពពួកត្មាត ខ្លែង រអាត ដេញតាម​ចោមឆាប ចឹកចោះ ជញ្ជែង​និច្ចវិប្រេត​នោះឯង និច្ចវិប្រេត​នោះចេះតែ​ស្រែកថ្ងូរ។ បេ។ ម្នាល​ភិក្ខុទាំង​ឡាយ ស្រីនុ៎ះ (កាលពី​ដើម)ជាស្រី​ប្រព្រឹត្តកន្លង​ចិត្តប្តី​ក្នុងក្រុង​រាជគ្រឹះ​ នេះឯង។ បេ។ ម្នាល​ភិក្ខុទាំងឡាយ មោគ្គល្លាន​ពោលនូវ​ពាក្យពិត ម្នាល​ភិក្ខុទាំងឡាយ មោគ្គល្លាន​មិនត្រូវ​អាបត្តិទេ។ បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំ​គិជ្ឈកូដ​បានឃើញ​ស្រីដែលកើត​ជាមង្គុលីប្រេត27) មានក្លិនស្អុយ កំពុង​តែអណ្តែត​ទៅឯអាកាស ពពួកត្មាត ខ្លែង រអាត ដេញតាម​ចោមឆាប ចឹកចោះ ជញ្ជែង​មង្គុលីប្រេតប្រេត​នោះឯង មង្គុលីប្រេត​នោះចេះ​តែស្រែក​ថ្ងូរ។ បេ។ ម្នាលភិក្ខុ​ទាំងឡាយ ស្រីនុ៎ះ (កាលពី​ដើម) ជាស្រីមេមត់​ក្នុង​ក្រុងរាជគ្រឹះ​នេះឯង។ បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំគិជ្ឈកូដ​បានឃើញស្រី​ដែលកើត​ជាឳកិលិនីប្រេត28) ឆេះរោល​ដោយរងើក​ភ្លើង មាន​រងើកភ្លើង​ធ្លាក់ស្រោច​លើខ្លួន (ក្តៅអន្ទះសារ) កំពុងតែ​អណ្តែត​ទៅឯអាកាស ឳកិលិនីប្រេត​នោះចេះ​តែស្រែក​ថ្ងូរ។ បេ។ ម្នាលភិក្ខុ​ទាំងឡាយ ស្រីនុ៎ះ (កាលពីដើម) ជាអគ្គមហេសី​នៃស្តេចក្នុង​ដែនកលិង្គ ជាស្រីមាន​ចិត្តឫស្យា បាន​ចាក់រងើកភ្លើង​មួយអម្បែងលើ​ស្រីជាសត្រូវ។ បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំ​គិជ្ឈកូដ ​បានឃើញ​អសីសកពន្ធប្រេត29) កំពុងតែ ​អណ្តែតទៅ​ឯអាកាស ប្រេតនោះ​មានភ្នែក និងមុខ​នៅត្រង់ទ្រូង ពពួកត្មាត ខ្លែង រអាត ដេញ​តាមចោមឆាបចឹក ចោះជញ្ជែងនូវ​អសីសកពន្ធប្រេត​នោះឯង​ ប្រេតនោះ​ចេះតែស្រែក​ថ្ងូរ។ បេ។ ម្នាលភិក្ខុ​ទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នកពិឃាត​ចោរឈ្មោះ​ទារមិក​ក្នុងក្រុង​រាជគ្រឹះ​នេះឯង។ បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះអំពី​ភ្នំគិជ្ឈកូដ បានឃើញ​ភិក្ខុ30) កំពុងតែ ​អណ្តែតទៅ​ឯអាកាស សង្ឃាដិ​របស់ភិក្ខុ​នោះក្តី មានភ្លើងឆេះ​ភ្លឺសន្ធោសន្ធៅ បាត្រក្តី ក៏មាន​ភ្លើងឆេះភ្លឺ វត្ថពន្ធចង្កេះ​ក្តីក៏មាន​ភ្លើងឆេះភ្លឺ​សន្ធោសន្ធៅ រាងកាយ​របស់ភិក្ខុ​នោះក្តី ក៏មាន​ភ្លើងឆេះភ្លឺ​សន្ធោសន្ធៅ ភិក្ខុនោះ​ចេះតែស្រែក​ថ្ងូរ។ បេ។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុនុ៎ះ ជាភិក្ខុបាប​ក្នុងសាសនា​នៃព្រះសម្មាសម្ពុទ្ធ​ព្រះនាម​កស្សប។ បេ។ ម្នាល​អាវុសោ​លក្ខណៈ ថ្ងៃនេះ ខ្ញុំកាល​ដែលចុះ​អំពីភ្នំ​គិជ្ឈកូដ បានឃើញភិក្ខុនី31) បានឃើញ​សាមណេរ32) បានឃើញ​សាមណេរី33) កំពុងតែ ​អណ្តែត​ទៅឯអាកាស សង្ឃាដិ​របស់​សាមណេរី​នោះក្តី មានភ្លើង​ឆេះភ្លឺសន្ធោ​សន្ធៅ បាត្រក្តី ក៏មានភ្លើង​ឆេះភ្លឺ​សន្ធោសន្ធៅ វត្តពន្ធចង្កេះ​ក្តី ក៏មានភ្លើង​ឆេះភ្លឺសន្ធោ​សន្ធៅ រាងកាយ​ក្តី ក៏មានភ្លើង​ឆេះភ្លឺសន្ធោ​សន្ធៅ សាមណេរីនោះ​ចេះតែ​ស្រែកថ្ងូរ ម្នាល​អាវុសោ​លក្ខណៈ ខ្ញុំក៏មាន​បរិវិតក្កថា យីអើហ្ន៎ (នេះហៅ​ពេញ) ជាអស្ចារ្យ យីអើហ្ន៎ មិនដែល​កើតមាន​សោះឡើយ សត្វ​បែបនេះ នឹងត្រឡប់​ទៅជាមាន​ខ្លះទេតើ យក្ស​បែបនេះ នឹងត្រឡប់​ទៅជាមានខ្លះ ប្រេតបែបនេះ នឹងត្រឡប់​ទៅជាមាន​ខ្លះ កិរិយា​ត្រឡប់​បាននូវ​អត្តភាព​បែបនេះ ក៏សឹងមានខ្លះ​ដែរតើ។ ភិក្ខុ​ទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ ពោលអួត​ឧត្តរិមនុស្សធម្ម។ គ្រានោះ ព្រះដ៏មាន​ព្រះភាគ​ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកហើយ ទើប​ត្រាស់ថា ម្នាល​ភិក្ខុទាំង​ឡាយ ឥឡូវនេះ​សាវកទាំង​ឡាយមាន​ចក្ខុកើត​ពិតហើយ ម្នាលភិក្ខុ​ទាំងឡាយ​សាវកទាំង​ឡាយមាន​ញាណកើត​ពិតហើយ ព្រោះហេតុ​ថាសាវក​នឹងដឹង ឬឃើញ​សាមណេរី​បែបនេះ ឬថានឹង​ធ្វើនូវសាមណេរី​បែបនេះឲ្យ​ជាបន្ទាល់ ម្នាលភិក្ខុ​ទាំងឡាយ សាមណេរី​នោះ តថាគត​បានឃើញ​តាំងពីក្នុង​កាលមុន​រួចមក​ហើយដែរ តែតថាគត​មិនបានសំដែង​ប្រាប់ ព្រោះថា​បើតថាគត​សម្តែងប្រាប់​ទៅជនទាំងឡាយ​ឯទៀតគេ​ក៏មិនជឿ​ ពួកជនណា​ដែលមិនជឿ​ពាក្យតថាគត​ សេចក្តីដែល​មិនជឿនោះ​នឹងនាំឲ្យ​បាននូវកម្ម​មិនមែន​ជាប្រយោជន៍ នឹងនាំឲ្យ​បានសេចក្តី​ទុក្ខ​អស់កាល​យូរអង្វែង​ដល់ជន​ទាំងនោះ ម្នាលភិក្ខុ​ទាំងឡាយ សាមណេរីនុ៎ះ​ ជាសាមណេរីបាប​ក្នុងសាសនា​ព្រះសម្មាសម្ពុទ្ធ​ព្រះនាមកស្សប ​ដោយកម្មវិបាក​នោះ សាមណេរីនោះ​ឆេះនៅក្នុង​នរកអស់ឆ្នាំ​ដ៏ច្រើន គឺថាអស់រយ-ពាន់-សែនឆ្នាំ​ដ៏ច្រើន ដោយសំណល់​នៃកម្មវិបាក​នោះ ទើប​បានមក​សោយផលកម្ម​ដែលត្រឡប់​បាននូវអត្តភាព​បែបនេះ ម្នាលភិក្ខុ​ទាំងឡាយ មោគ្គល្លាន​ពោលនូវ​ពាក្យពិត ម្នាលភិក្ខុ​ទាំងឡាយ មោគ្គល្លាន​មិនត្រូវអាបត្តិទេ។

[២៩៦] គ្រានោះ ព្រះមហាមោគ្គល្លានដ៏​មានអាយុ​ហៅភិក្ខុទាំងឡាយ​មកហើយ​និយាយ​ប្រាប់ថា ម្នាលអាវុសោ​ទាំងឡាយ ស្ទឹងតបោទា​នេះ​ហូរមក​អំពីអន្លង់​ទឹកណា អន្លង់នោះ​មានទឹកថ្លា ​ទឹកត្រជាក់ ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់​ដ៏ល្អគួរ​ជាទីរីករាយ​មានត្រី និងអណ្តើក​ដ៏ច្រើន​មានទាំង​​ផ្កាឈូក​ប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ តែថា​ស្ទឹងតបោទានេះ មាន​ទឹកក្តៅ​ហូរមក។ ភិក្ខុ​ទាំងឡាយ​ក៏ពោលទោស តិះដៀល ​បន្តុះបង្អាប់ថា ហេតុអ្វី​ព្រះមហា​មោគ្គល្លាន​​ពោលយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ​ស្ទឹងតបោទា​នេះហូរមក​អំពីអន្លង់​ទឹកណា​អន្លង់នោះ​មានទឹកថ្លា​ ទឹកត្រជាក់ ទឹកឆ្ងាញ់ ​ទឹកស្អាត មានកំពង់ដ៏​ល្អគួរជា​ទីរីករាយ​ ​មានត្រី និងអណ្តើក​ដ៏ច្រើន មានទាំង​​ផ្កាឈូក​ប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ តែថាស្ទឹង​តបោទានេះ​មានទឹកក្តៅ​ហូរមក ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ​ពោលអួត​ឧត្តរិមនុស្សធម្ម (ទេតើ)។ ទើប​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ​ម្នាលភិក្ខុ​ទាំងឡាយ ស្ទឹងតបោទា​នេះហូរ​មក​អំពីអន្លង់ទឹកណា អន្លង់នោះមានទឹកថ្លា ទឹកត្រជាក់ ​ទឹកឆ្ងាញ់ ទឹកស្អាត មានកំពង់ដ៏ល្អ​គួរ​ជាទី​រីករាយ មានត្រី និងអណ្តើកដ៏​ច្រើន​ មានទាំងផ្កាឈូក​ប៉ុនៗកង់ (នៃរថ) រីកស្គុះស្គាយ ម្នាល​ភិក្ខុ​ទាំងឡាយ ប៉ុន្តែ​ស្ទឹងតបោទា​នេះមក​តាមចន្លោះ​​នៃមហានរក​ទាំងពីរ34) ព្រោះ​ហេតុ​នោះ បានជាស្ទឹង​តបោទានេះ​មានទឹកក្តៅ​ហូរមក ម្នាលភិក្ខុ​​ទាំងឡាយ​មោគ្គល្លាន​ពោលនូវពាក្យ​​ពិត ម្នាលភិក្ខុ​ទាំងឡាយ មោគ្គល្លាន​មិនត្រូវ​អាបត្តិទេ។

[២៩៧] សម័យនោះព្រះរាជាទ្រង់ព្រះនាមពិម្ពិសារជា​ឥស្សរៈក្នុង​ដែនមគធៈ ជាអធិបតី​លើសេនា​កំពុង​តែ​តសង្គ្រាម​ជាមួយនឹង​ពពួកស្តេចលិច្ឆវី ក៏ទ្រង់​បាក់ទ័ព (បរាជ័យ)។ លុះកាល​ជាខាងក្រោយ​មក ព្រះរាជា​ទ្រង់ត្រាស់​ឲ្យកេណ្ឌ​ប្រមូលពួក​សេនា ហើយទ្រង់​ផ្ចាញ់​ពពួក​ស្តេចលិច្ឆវី​បានវិញ។ ស្តេច​ក៏ទ្រង់ឲ្យ​ទូងវិជយ​ភេរី​ទៅក្នុទី​សង្គ្រាមដោយ​ប្រកាស​សេចក្តីថា ​ពពួក​ស្តេចលិច្ឆវី ព្រះរាជា​ទ្រង់ឲ្យ​បាក់ទ័ព (បរាជ័យ) បាន​ហើយ។ គ្រានោះ​ព្រះមហា​មោគ្គល្លាន​ដ៏មាន​អាយុ​បានហៅ​ពួកភិក្ខុមក ហើយប្រាប់​​ថា ម្នាល​អាវុសោ​ទាំងឡាយ ព្រះបាទ​ពិម្ពិសារ​ទ្រង់ផ្ចាញ់​ពួកស្តេច​លិច្ឆវី​បានហើយ ទើប​ទ្រង់ឲ្យ​ទូងវិជយ​ភេរីទៅ​ក្នុងទី​សង្គ្រាម​​ដោយប្រកាស​សេចក្តី​ថា ពពួក​ស្តេចលិច្ឆវី ព្រះរាជា​ទ្រង់ឲ្យបាក់ទ័ព (បរាជ័យ) បានហើយ។ ភិក្ខុទាំង​ឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ហេតុអ្វី​បានជា​ព្រះមហា​មោគ្គល្លាន​​ពោលយ៉ាង​នេះថា ម្នាល​អាវុសោ​ទាំងឡាយ ព្រះបាទ​ពិម្ពិសារ ទ្រង់ផ្ចាញ់​ពួកសេ្តច​លិច្ឆវី​បានហើយ ក៏ទ្រង់​ឲ្យទូង​វិជយភេរី​ទៅក្នុងទី​សង្គ្រាម ដោយ​ប្រកាស​សេចក្តីថា ពពួក​ស្តេចលិច្ឆវី ព្រះរាជា​ទ្រង់ឲ្យ​បាក់ទ័ព (បរាជ័យ) បាន​ហើយ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ​​ពោលអួត​ឧត្តរិមនុស្សធម្ម (ទេតើ)។ ភិក្ខុទាំង​នោះក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ​ ព្រះបាទពិម្ពិសារ​ទ្រង់បាក់ទ័ព (បរាជ័យ​ចាញ់) ពួកស្តេច​លិច្ឆវី​ជាន់ដំបូង លុះកាល​ជាខាង​ក្រោយ ស្តេចទ្រង់​ឲ្យកេណ្ឌ​ប្រមូលពួក​សេនាបាន ទើបផ្ចាញ់​ពួកស្តេច​លិច្ឆវី​បានវិញ ម្នាលភិក្ខុ​ទាំងឡាយ មោគ្គល្លាន​ពោលនូវ​ពាក្យពិត ម្នាល​ភិក្ខុ​ទាំងឡាយ មោគ្គល្លាន​មិនត្រូវ​អាបត្តិ​ទេ។

[២៩៨] គ្រានោះ ព្រះមហាមោគ្គល្លានដ៏​មានអាយុ ហៅភិក្ខុ​ទាំងឡាយ​មក ហើយប្រាប់​ថា ម្នាល​អាវុសោ​ទាំងឡាយ ថ្ងៃនេះ ខ្ញុំបាន​ចូលសមាធិ ឥតមាន​កំរើកប្រែប្រួល ទៀប​ឆ្នេរស្ទឹង​ឈ្មោះសប្បិនិកា បានឮ​សូរសម្រែក​ដំរីទាំងឡាយ ដែល​កំពុងតែ​ចុះឡើង ស្រែក​បន្លឺ​កោញ្ចនាទ។35) ភិក្ខុ​ទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ហេតុអ្វី​បានជា​ព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ​ពោលយ៉ាង​នេះថា ម្នាល​អាវុសោ​ទាំងឡាយ ថ្ងៃនេះ ខ្ញុំបាន​ចូលសមាធិ ឥតមាន​កំរើក​ប្រែប្រួល ទៀប​ឆ្នេរស្ទឹង​ឈ្មោះសប្បិនិកា បានឮ​សូរសម្រែក​ដំរីទាំង​ឡាយ ដែលកំពុង​ចុះឡើង ស្រែក​បន្លឺកោញ្ចនាទ ព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ​ពោលអួត​ឧត្តរិមនុស្សធម្ម (ទេតើ)។ ភិក្ខុ​ទាំងនោះ​ក៏ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ សមាធិនុ៎ះ​មាន ប៉ុន្តែ​សមាធិនោះ​មិនបរិសុទ្ធ ម្នាល​ភិក្ខុ​ទាំងឡាយ មោគ្គល្លាន​ពោលនូវ​ពាក្យពិត ម្នាលភិក្ខុ​ទាំងឡាយ មោគ្គល្លាន​មិនត្រូវ​អាបត្តិទេ។

[២៩៩] គ្រានោះព្រះសោភិតត្ថេរដ៏មានអាយុ​ហៅភិក្ខុទាំងឡាយ​មកហើយ​និយាយ​ប្រាប់ថា ម្នាល​អាវុសោ​ទាំងឡាយ ខ្ញុំរឭកជាតិ​បានប្រមាណ​៥០០កល្ប។ ភិក្ខុ​ទាំងឡាយ​ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វី បានជា​ព្រះសោភិតត្ថេរ​ដ៏មានអាយុ ពោល​យ៉ាងនេះ​ថា ម្នាល​អាវុសោ​ទាំងឡាយ ខ្ញុំរឭកជាតិ​​បានប្រមាន​៥០០កល្ប ព្រះសោភិតត្ថេរ​ដ៏មានអាយុ​ពោលអួត​ឧត្តរិមនុស្សធម្ម (ទេតើ)។ ទើប​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ​​ទាំងឡាយ​សោភិតភិក្ខុ​រឭកជាតិ​បានមែន តែថារឭក​បានត្រឹមតែ​ជាតិ១ប៉ុណ្ណោះ ម្នាល​ភិក្ខុ​ទាំងឡាយ សោភិតភិក្ខុ​ពោលនូវ​ពាក្យពិត ម្នាល​ភិក្ខុ​ទាំងឡាយ សោភិតភិក្ខុ​មិនត្រូវ​អាបត្តិទេ។

បារាជិកទី ៤ ចប់។

[៣០០] បពិត្រលោកដ៏មានអាយុ​ទាំងឡាយ អាបត្តិឈ្មោះ​បារាជិកទាំង៤ ដែលខ្ញុំ​បានសំដែង​ហើយនេះ បណ្តា​អាបត្តិទាំង​៤នុ៎ះ ភិក្ខុណា​ត្រូវអាបត្តិ​ណាមួយ​ហើយ ក៏មិនបាន​នូវកិរិយា​នៅរួបរួមជាមួយ​នឹងភិក្ខុ​ទាំងឡាយ​ឡើយ ភិក្ខុនោះ​ជាបារាជិក រកសំវាសគ្មាន កាលពី​មុនយ៉ាង​ណាមិញ ខាងក្រោយ​ក៏ដូច្នោះ​ដែរ។36) ខ្ញុំព្រះករុណា សូម​សួរលោក​ដ៏មានអាយុ​ទាំងឡាយ ក្នុង​អាបត្តិ​បារាជិក​ទាំង៤នោះ លោក​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ ខ្ញុំព្រះករុណា សូមសួរ​គំរប់ពីរ​ដងទៀត លោក​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយឬ ខ្ញុំព្រះករុណា សូមសួរ​គំរប់៣ដង​ទៀត លោកទាំង​ឡាយជាអ្នក​បរិសុទ្ធ​ហើយឬ លោក​ដ៏មាន​អាយុ​ទាំងឡាយ​ជាអ្នក​បរិសុទ្ធ​ហើយ​ក្នុងបារាជិកាបត្តិ​ទាំង៤នុ៎ះ ព្រោះ​ហេតុដូច្នោះ បានជា​ស្ងៀម។ ខ្ញុំព្រះករុណា​ដឹងថា លោក​ទាំងឡាយ​បរិសុទ្ធ​ហើយ ដោយហេតុ​ដែលស្ងៀម​យ៉ាងនេះ។

បារាជិកកណ្ឌ ចប់។

ចំនួនសិក្ខាបទរបស់បារាជិកកណ្ឌនោះ

បារាជិកសិក្ខាបទទាំង៤ គឺ សេពមេថុន១ លួចទ្រព្យគេ១ សម្លាប់មនុស្ស១ ពោលអួតឧត្តរិមនុស្សធម្ម១ ហៅថាឆេជ្ជវត្ថុ (វត្ថុដាច់ចាកភិក្ខុភាវៈ) មិនត្រូវសង្ស័យឡើយ។

 

1)
បុរស​អ្នកធ្វើ​ការស៊ី​ឈ្នួល។
2)
ក្នុងអដ្ឋកថា ពន្យល់​ថា ព្រះអង្គ​ត្រាស់សួរ​ដោយសំដៅ​សេចក្តីដូច្នេះ​ថា យន្ត គឺសរីរ​របស់អ្នក​ទាំងអស់គ្នា ដែល​មានចក្រ៤ មាន​ទ្វារ៩នេះ អ្នក​រាល់គ្នា​អាចធន់ទ្រាំ​ថែរក្សា មិនមាន​ទុក្ខលំបាក​ណាស់ទេ​ឬ។
3)
យន្ត គឺសរីរ​នេះ អ្នករាល់គ្នា​អាចឲ្យ​ប្រព្រឹត្តទៅ​បានគ្រប់កិច្ច​ទាំងពួង​មិនមានអន្តរាយ​ ទើសទាស់​អ្វីទេឬ។
4)
ក្នុងអដ្ឋកថា អធិប្បាយ​ថា ភិក្ខុដែល​ចេះប្រៀប​ធៀបបាលី និងអដ្ឋកថា ក្នុងកណ្តាល​បរិសទ្យ ហើយប្រសប់​ធ្វើសំឡេង​ទេសនាផ្លូវ​ព្រះសូត្រ​ឲ្យយ៉ាងពីរោះ កាល​បើចប់ធម៌​ហើយ មាន​គេសួរថា លោកម្ចាស់​រៀនពីលោក​គ្រូអាចារ្យ​ណាមក ភិក្ខុនោះ​ក៏លាក់មិន​ប្រាប់នាម​គ្រូអាចារ្យ ឆ្លើយថា អាត្មា​គ្មានគ្រូ​អាចារ្យណា​អាចនឹង​បង្រៀន​បានទេ រៀនចេះ​ដឹងតែខ្លួន​ឯង យ៉ាងនេះ​ហៅថា ដុតកំដៅ​ខ្លួនឯង​ចោល។
5)
អដ្ឋកថា អធិប្បាយ​ថា ចោទដល់​ទីមេថុនធម្ម។
6)
ចោទដោយ​មិនបាន​ឃើញនឹងភ្នែក មិនបាន​ឮនឹងត្រចៀក ឬមិនបាន​រង្កៀសក្នុង​ចិត្ត។
7)
ពាក្យថា លោហៈ ជាពាក្យ​សំរាប់ហៅ​ពួកគ្រឿង​ដែក ស្ពាន់ ទង់ដែងជាដើម។
8)
ត្រង់​ឈានទាំង៣ គឺ​ទុតិយជ្ឈាន១ តតិយជ្ឈាន១ ចតុត្ថជ្ឈាន១ នេះ ក្នុង​ឈានមួយៗ ត្រូវ​ប្រែជា​៥លើកៗ ដូចជា​បឋមជ្ឈានដែរ គឺទុតិយជ្ឈាន​ប្រកបដោយ​អាការ៣យ៉ាង ទុតិយជ្ឈាន​ប្រកបដោយ​អាការ៤យ៉ាង ទុតិយជ្ឈាន​ប្រកបដោយ​អាការ៥យ៉ាង ទុតិយជ្ឈាន​ប្រកប​ដោយអាការ៦​យ៉ាង ទុតិយជ្ឈាន​ប្រកប​ដោយ​អាការ៧​យ៉ាង។ តតិយជ្ឈាន ប្រកប​ដោយអាការ៣​យ៉ាង ៤យ៉ាង ៥យ៉ាង ៦យ៉ាង ៧យ៉ាង។ ចតុត្ថជ្ឈាន​ប្រកបដោយ​អាការ៣យ៉ាង ៤យ៉ាង ៥យ៉ាង ៦យ៉ាង ៧យ៉ាង។
9)
គឺសូចិលោមប្រេត​ទីពីរ ដែលមាន​សំដែង​ទៅខាង​មុខ។
10)
គឺកុម្ភណ្ឌប្រេត ដែល​មានសំដែង​ទៅខាងមុខ​នោះឯង។
11)
ប្រេតឥត​មានសាច់ឈាម​ឡើយ មានតែ​រាងឆ្អឹង
12)
បានពិនិត្យ ​មើលក្នុង​គម្ពីរទាំងពួង​មាន​អភិធានប្បទីបិកា​ជាដើម ឃើញថា កង្ក ប្រែថា ខ្លែង កុលល ប្រែថា រអាត ឬ ប្រមង់។ ត្រង់កង្កាបិ ក្នុងទីនេះ ឱ.ម.ជា កាកាបិ​(ក្អែក)។ សត្វ​ទាំង៣ពួក​នេះមិន​មែនសត្វ​ធម្មតា​មែនទែន​ទេ គឺសត្វ​ដែលកើត​អំពី​បាបកម្ម​របស់​ប្រេតនុ៎ះ​ឯង
13)
ប្រេតមាន​រាងកាយដូច​ជាចម្រៀក​សាច់
14)
ប្រេតមាន​រាងកាយ​ដូចជា​ដុំសាច់
15)
ប្រេតមាន​រាងកាយ​រងាល​ឥតស្បែក
16)
ប្រេតមាន​ដាវដោតជាប់​នឹងរាងកាយ​ដូចជា​រោម
17)
ប្រេតមាន ​លំពែងដោត​ជាប់នឹងរាង​កាយដូច​ជារោម
18)
ប្រេតមាន​ព្រួញដោត​ជាប់នឹង​រាងកាយ​ដូចជា​រោម
19)
ជាពេជ្ឈឃាត​បាញ់មនុស្ស​ទោសដោយ​ព្រួញ។
20)
ប្រេតមាន​ម្ជុលដោត​ជាប់នឹង​រាងកាយ​ដូចជា​រោម
21)
ប្រេតមាន​ដែកស្រួច​ចាក់ខ្ទាស់​ច្រូងច្រាង​នារាងកាយ​ដូចជារោម
22)
ប្រេតមាន​អណ្ឌៈ (ពងល្វា) ប៉ុនក្អម​យ៉ាងធំ។
23) , 24)
ហៅគូថខាទិប្រេត
25)
ពេល​ដែលចាត់ចែង​ចង្ហាន់ស្រេច​ហើយ ត្រូវនិមន្តឆាន់
26)
ប្រេតមាន​រាងកាយ​រងាលឥតស្បែក
27)
ប្រេត​មានរាង​កាយអាក្រក់​គួរខ្ពើមឆ្អើម
28)
ប្រេតមាន​រាងកាយ​ស្រោចដោយ​រងើកភ្លើង
29)
ប្រេតឥត​ក្បាល មានរូប​សណ្ឋាន​ដូចសាកអសុភ​ដាច់ក្បាល
30)
ហៅ​ភិក្ខុប្រេត គឺប្រេត​មានភេទដូច​ជាភិក្ខុ
31)
ហៅ​សិក្ខមានាប្រេត
32)
ហៅ​សាមណេរប្រេត
33)
ហៅ​សាមណេរីប្រេត
34)
អដ្ឋកថា ​ពន្យល់សេចក្តី​ថា មាន​មហាបេតលោវា គឺលោកជាស្ថាន​លំនៅដ៏ធំ​សម្រាប់ពួក​ប្រេត​ នៅចំក្រុងរាជគ្រឹះ ស្ទឹងតបោទានេះ​មកតាមចន្លោះ​នៃមហា​លោហកុម្ភឺនរក​ទាំងពីរត្រង់​មកលើ​មហាបេតលោក ​នោះ ព្រោះហេតុ​ដូច្នោះ បានជា​មានទឹកក្តៅ​ហូរមក
35)
ដាក់​ប្រមោយ​ក្នុងមាត់ ជញ្ជួច​ឮសូរដូច​ជាសម្រែក​ក្រៀល។
36)
អដ្ឋកថា ពន្យល់​សេចក្តីថា កាល​ដែលបុគ្គល​នោះនៅ​ជាគ្រហស្ថ ឬនៅជា​សាមណេរ មិនអាចរួបរួម​សង្ឃកម្ម​ជាមួយនឹង​ភិក្ខុទាំងឡាយ​បាន យ៉ាងណា លុះដល់​ត្រូវអាបត្តិ​បារាជិក​ហើយ ក៏ដូច្នោះ​ដែរ។
km/tipitaka/vin/par/vin.par.pj.04.txt · ពេលកែចុងក្រោយ: 2018/11/19 11:54 និពន្ឋដោយ Johann