User Tools

Site Tools


Translations of this page?:
km:tipitaka:vin:par:vin.par.ve

ព្រះត្រៃបិដក » វិន័យបិដក » មហាវិភង្គ » វេរញ្ជកណ្ឌ

វេរញ្ជកណ្ឌ

vin.par.ve | book_001

វេរញ្ជកណ្ឌំ

[១] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់គង់នៅក្បែរដើមស្តៅ ជា​លំនៅ​របស់​នឡេរុយក្ស ជិតស្រុកវេរញ្ជា ជាមួយនឹងភិក្ខុសង្ឃ​មានប្រមាណ​ច្រើន ​ចំនួន​៥០០រូប។ វេរញ្ជព្រាហ្មណ៍ 1) បានឮច្បាស់ (នូវ​ដំណឹងនោះហើយ ទើប​ប្រកាស​សេចក្តី​ថា) ម្នាល​គ្នា​យើង បាន​ឮថា ព្រះសមណគោតម ជា​សក្យបុត្រ​ចេញចាក​សក្យត្រកូល ទៅ​ទ្រង់​ព្រះផ្នួស ឥឡូវ​មក​គង់​នៅ​ក្បែរ​ដើម​ស្តៅ ជា​លំនៅ​របស់​នឡេរុ​យក្ស ជិត​ស្រុកវេរញ្ជា ជាមួយ​នឹង​ភិក្ខុសង្ឃ​មាន​ប្រមាណ​ច្រើន​ចំនួន​៥០០រូប។ កិត្តិសព្ទ​ដ៏​ពីរោះ​របស់​​ព្រះគោតម​ដ៏ចំរើន​នោះ ឮ​ខ្ចរខ្ចាយ សុះសាយ យ៉ាង​នេះ​ថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា អរហំ ព្រោះ​ព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់​យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះ​ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ ថា វិជ្ជាចរណសម្បន្នោទ. ២ ព្រោះ​ព្រះអង្គ​បរិបូណ៌​ដោយ​វិជ្ជា ​និងចរណៈ គឺ​សេចក្តី​ចេះដឹង​និង​ក្រឹត្យ​ដែល​បុគ្គល​គប្បី​ប្រព្រឹត្ត ថា សុគតោ ព្រោះ​ព្រះអង្គ​មាន​ដំណើរ​ល្អ ទៅ​កាន់​ព្រះនិព្វាន ថា លោកវិទូ ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក ថា អនុត្តរោ ព្រោះ​ព្រះអង្គ​ប្រសើរ ដោយ​សីលាទិគុណ រក​បុគ្គល​ណា​មួយ​ស្មើ​គ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជា​អ្នកទូន្មាន​នូវបុរស​ដែលគួរ​ទូន្មាន​បាន ថា សត្ថា ទេវមនុស្សានំ ព្រោះ​ព្រះអង្គ​ជា​គ្រូ​នៃ​​ទេវតា ​និង​មនុស្ស​ទាំងឡាយ ថា ពុទ្ធោ ព្រោះ​ព្រះអង្គ​បាន​ត្រាស់ដឹង​នូវ​អរិយសច្ចធម៌ ថា ភគវា ព្រោះ​​ព្រះអង្គ​​លែង​វិល​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត ព្រះអង្គ​បាន​ត្រាស់ដឹង បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់​ចំពោះ​ព្រះអង្គ​នូវលោក​នេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចំពោះព្រះអង្គ ទ្រង់ញ៉ាំងនូវពពួកសត្វ ព្រមទាំងសមណៈ​និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេពនិងមនុស្សដ៏សេស ហើយ​ទ្រង់ប្រកាស ទ្រង់សំដែងធម៌ ពីរោះ​បទដើម បទកណ្តាលនិងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និង​ព្យញ្ជនៈដ៏ពេញ​បរិបូណ៌​បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានជួបនឹង​ព្រះអរហន្ត​ទាំងឡាយ មានសភាពយ៉ាង​ហ្នឹង ជាការប្រពៃពេក។

[២] គ្រានោះ វេរញ្ជព្រាហ្មណ៍ក៏ចូលសំដៅទៅត្រង់ទីដែលព្រះដ៏មានព្រះភាគគង់ លុះចូលទៅដល់​ហើយ ក៏​ពោល​ពាក្យ​រាក់ទាក់ សំណេះ​ទ. ៣សំណាល​ទៅ​រក​ព្រះដ៏មានព្រះភាគ លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និង​ពាក្យ​ដែល​គួរ​រឭក​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ។ កាលដែល​វេរញ្ជព្រាហ្មណ៍​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ ក៏​ផ្តើម​ពាក្យ​នេះ​ក្រាប​ទូល​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះ​គោតម​ដ៏ចម្រើន ខ្ញុំបានឮពាក្យថា ព្រះសមណគោតម មិន​សំពះ មិន​ក្រោក​ទទួល​ព្រាហ្មណ៍​​ទាំងឡាយ​ដែល​ចាស់​គ្រាំគ្រា ជា​ព្រឹទ្ធាចារ្យ មាន​អាយុ​ច្រើន រស់​នៅ​បាន​យូរឆ្នាំ​មក​ហើយ មាន​អាយុ​ក៏​ជ្រុល​ចូល​មក​​ក្នុង​បច្ឆឹមវ័យ​ហើយ ទោះបី​គ្រាន់​តែ​អញ្ជើញ​ហៅ​រក​ព្រាហ្មណ៍​ទាំងនោះ​ឲ្យ​អង្គុយ​លើ​អាសនៈ (ព្រះអង្គ​ក៏​មិន​ធ្វើ) បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ពាក្យ​ដែល​ខ្ញុំ​បាន​ឮ​មក​នោះ ជា​ប្រាកដ​ថា ព្រះសមណគោតមដ៏ចម្រើន មិន​​សំពះ មិន​ក្រោក​ទទួល​ព្រាហ្មណ៍​ទាំងឡាយ​​ដែល​ចាស់​គ្រាំគ្រា ជា​ព្រឹទ្ធាចារ្យ មាន​អាយុ​ច្រើន រស់នៅ​​យូរ​ឆ្នាំ​មក​ហើយ មាន​អាយុ​ក៏ជ្រុល​ចូល​មក​​ក្នុង​​បច្ឆឹមវ័យ​ហើយ ថា សូម្បី​ត្រឹម​តែ​អញ្ជើញ​ហៅ​រក​ព្រាហ្មណ៍​ទាំងនោះឲ្យអង្គុយលើ​អាសនៈ (ព្រះអង្គ​ក៏​មិន​ធ្វើ) បពិត្រ​ព្រះគោតម​ដ៏​ចម្រើន កិច្ច​ មាន​មិន​សំពះ​ជា​ដើម​នោះ ជា​ទំនង​ពុំ​សមគួរ​ឡើយ។ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ក្នុង​លោក (នេះ) ព្រមទាំង​ទេវ​លោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រមទាំងសមណៈទ. ៤និងព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស តថាគតមិនឃើញអ្នកណាមួយ ល្មមឲ្យតថាគតសំពះ ឬក្រោក​ទទួល ឬ​អញ្ជើញ​ហៅ​រក​​ឲ្យ​អង្គុយ​លើ​អាសនៈ​នោះ​ឡើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​ថា​បើ​តថាគត​សំពះ​អ្នកណា ឬក្រោកទទួលអ្នកណា ឬ​អញ្ជើញ​ហៅ​រក​អ្នក​ណា​ឲ្យ​អង្គុយ​លើ​អាសនៈ ក្បាល​របស់​អ្នក​នោះ នឹង​ដាច់​ធ្លាក់​ចេញ​ចាក​-ក។ វេរញ្ជព្រាហ្មណ៍ ក៏​ពោល​ពាក្យ​​ច្រឡោះបោះ​ទៅ​រក​ព្រះសាស្តា​ថា ព្រះគោតម​ដ៏​ចម្រើន ជា​មនុស្ស​សោះ​កក្រោះ ឥត​រសជាតិ​ទេ​តើ។ ព្រះដ៏មានព្រះភាគត្រាស់តបថា ម្នាលព្រាហ្មណ៍ ពិតមែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នកផង​គេ​ថា ព្រះសមណគោតម​ជា​មនុស្ស​សោះកក្រោះ ឥតរសជាតិ ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​រស​ជាតិ គឺ រូប សម្លេង ក្លិន ឳជារស សម្ផស្ស ទាំង​ប៉ុន្មាន​នោះ តថាគត​បាន​លះ​ស្រឡះ​ហើយ បាន​ផ្តាច់ផ្តិល​​ឫសគល់​អស់​ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត​ឲ្យ​អស់រលីងដូចជា​ដើម​ត្នោត​ដែល​គេ​ក្របែល​ គាស់​​រំលើង​ ឲ្យ​លែង​ដុះ​តទៅទៀត​ហើយ ជា​ធម៌​លែង​មាន​បែប​ភាព​តទៅទៀត​ហើយ ជា​ធម៌​លែង​មាន​កំណើត​​តទៅ​​ខាង​មុខ​ទៀត​ហើយ ម្នាលព្រាហ្មណ៍ ដែល​អ្នកផងគេថា ព្រះសមណគោតម ជាមនុស្សសោះកក្រោះ ឥត​រសជាតិនោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯងទ. ៥ ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នកឯង​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតម​ដ៏​ចម្រើន គ្មាន​គ្រឿង​បរិភោគ​ទេ​តើ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​តប​ថា ម្នាលព្រាហ្មណ៍ ពិត​មែន មានហេតុជាទំនង គួរ​ឲ្យ​អ្នក​ផង​គេថា ព្រះសមណគោតម ជា​មនុស្ស​គ្មាន​គ្រឿង​​បរិភោគ ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​គ្រឿង​បរិភោគ គឺ រូប សម្លេង ក្លិន រស សម្ផស្ស​ទាំង​ប៉ុន្មាន​នោះ តថាគត​បាន​លះ​ស្រឡះ​ហើយ បាន​ផ្តាច់ផ្តិល​ឫសគល់​អស់​ហើយ បាន​ធ្វើ​វត្ថុ​​សម្រាប់​កើត​ទៀត​ឲ្យ​អស់​រលីង ដូចជា​ដើម​ត្នោត​ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀតងហើយ ជាធម៌លែង​មាន​បែប ​ភាព​តទៅ​ទៀត​ហើយ ជា​ធម៌​មិនមាន​កំណើត​តទៅ​ខាង​មុខ​ទៀត​ទេ ម្នាល​ព្រាហ្មណ៍ ដែល​អ្នកផង​គេ​ថា ព្រះសមណគោតម ជា​មនុស្ស​គ្មាន​គ្រឿង​បរិភោគ​នោះ គឺជា​សំដី​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតម​ដ៏​ចម្រើន ជា​អ្នក​ពោល​ពាក្យ​ឃាត់​កិច្ចការ ថា​មិនត្រូវ​ធ្វើ​ទេ​តើ។ទ. ៦ ព្រះសាស្តា​ទ្រង់​ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិត​​មែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​​ពោលពាក្យ​ឃាត់​កិច្ចការ​ថា មិនត្រូវ​ធ្វើ ដែល​គេ​ថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​តថាគត​ប្រកាន់​និយាយ​ហាម​ឃាត់​ថា មិនត្រូវ​អ្នក​ណា​មួយ​ធ្វើ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត​ឡើយ តថាគត​តែង​និយាយ​ហាមឃាត់​ថា មិនត្រូវ​អ្នកណា​មួយ ធ្វើ​នូវ​ធម៌​ទាំងឡាយ​ជា​អកុសល​ដ៏​អាក្រក់​ច្រើន​ប្រការ​នោះ​ឡើយ ម្នាលព្រាហ្មណ៍ ដែល​អ្នក​ផង​គេ​ថា ព្រះ​សមណគោតម ជា​អ្នក​ពោល​ពាក្យ​ឃាត់​កិច្ចការ​ថា មិន​ត្រូវ​ធ្វើ​នោះ គឺជាសំដីត្រូវត្រង់ហេតុនេះឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នកឯង​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍ពោល​ថា ព្រះគោតមដ៏ចម្រើន ជា​អ្នក​​ពោល​ពាក្យ​កាត់​ផ្តាច់ផ្តិល​ទេ​តើ។ ព្រះសាស្តា​ទ្រង់​ត្រាស់​តប​ថា ម្នាល​ព្រាហ្មណ៍ ពិត​មែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​ពោល​ពាក្យ​កាត់​ផ្តាច់ផ្តិល ដែល​គេ​ថា​នោះ ត្រូវ​ហើយ ម្នាល​​ព្រាហ្មណ៍ ព្រោះ​តថាគត​ប្រកាន់​និយាយ​ថា ឲ្យ​សត្វ​កាត់​ផ្តាច់​ផ្តិល​នូវ​រាគៈ ទោសៈ មោហៈ តថាគត​តែង​​និយាយ​ថា ឲ្យ​សត្វ​កាត់ផ្តាច់នូវធម៌ទាំងឡាយ ជាអកុសលដ៏អាក្រក់ ​ច្រើន​យ៉ាង​នោះ​ចេញ ម្នាល​ព្រាហ្មណ៍ ដែល​អ្នកផងគេ​ថា ព្រះសមណគោតម ជា​អ្នក​ពោលពាក្យ​ផ្តាច់​ផ្តិល​នោះ គឺ​ត្រូវ​ត្រង់​ហេតុនេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតម​ដ៏​ចម្រើន ជា​អ្នក​​ខ្ពើម​រអើម​ណាស់​ទេ​តើ។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង គួរឲ្យអ្នក​ផងគេថា ព្រះសមណគោតម ជា​អ្នក​ខ្ពើម​រអើម ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ តថាគត​ខ្ពើម​សេចក្តី​ប្រព្រឹត្តិ​អាក្រក់ ដោយ​កាយ វាចា ចិត្ត តថាគត​ខ្ពើម​សេចក្តី​ប្រកប​ចិត្ត​ផ្តេកផ្តិត​ទៅរកអកុសលធម៌​ ទាំងឡាយដ៏អាក្រក់​ច្រើន​ប្រការ (នោះ​ណាស់) ម្នាល​ព្រាហ្មណ៍​ ដែល​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​ខ្ពើម​រអើម​នោះ គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតមដ៏ចម្រើន ជា​អ្នក​បំផ្លាញ​ទេ​តើ។ ព្រះ​លោកនាថ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាល​​ព្រាហ្មណ៍ ពិត​មែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​បំផ្លាញ ដែល​គេថា​​នោះ​ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ តថាគត​សំដែង​ធម៌​ចំពោះ​ផ្លូវ​ប្រតិបត្តិ ដែល​បំផ្លាញ​បង់​នូវ​រាគៈ ទោសៈ មោហៈ តថាគត​សំដែង​ធម៌​ចំពោះ​ផ្លូវប្រតិបត្តិ ដែល ​រំលាង​បង់នូវ​អកុសលធម៌​ទាំងឡាយ​ដ៏អាក្រក់​ច្រើនប្រការ ម្នាលព្រាហ្មណ៍ ដែល​អ្នក​ផង​គេថា ព្រះសមណគោតម ជា​អ្នក​បំផ្លាញ​នោះ គឺ​​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍​ពោល​ថា ព្រះគោតម​ដ៏​ចម្រើន ជា​អ្នក​ដុត​កំដៅ​ទេ​តើ។ ព្រះសព្វញ្ញូ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា ម្នាលព្រាហ្មណ៍ ពិតមែន មាន​ហេតុ​ជា​ទំនង គួរ​ឲ្យ​អ្នក​ផង​គេ​ថា ព្រះសមណគោតម​ជា​អ្នក​ដុត​កំដៅ ដែល​គេថា​នោះ​ត្រូវ​ហើយ ម្នាលព្រាហ្មណ៍ ព្រោះ​តថាគត​ប្រកាន់​និយាយ​ថា ការ​ប្រព្រឹត្តិ​អាក្រក់​ដោយ​កាយ វាចា ចិត្ត ជា​ទីតាំង​នៃ​សេចក្តី​ក្តៅ​ក្រហាយ ជា​អកុសលធម៌ដ៏​អាក្រក់ អកុសល​ធម៌​ទាំងឡាយ​ដ៏អាក្រក់ ដែលជាទីតាំងនៃសេចក្តីក្តៅក្រហាយ (នោះ) បើ​អ្នកណាបានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង​ដូច​ដើមត្នោត​ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​​តទៅ​ទៀត​ហើយ ឲ្យជាធម៌លែងមាន​កំណើត​តទៅ​ខាង​មុខ​ទៀត​ហើយ តថាគត​ហៅ​អ្នក​នោះ​ថា អ្នក​ដុត​​កំដៅ ម្នាល​ព្រាហ្មណ៍ អកុសលធម៌​ទាំងឡាយ​ដ៏​អាក្រក់​ជា​ទីតាំង​នៃ​សេចក្តី​ក្តៅក្រហាយ (នោះ)​ តថាគត​​ឯង​​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្តាច់​ផ្តិល​ឫសគល់​អស់​ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង ដូចជា​ដើម​ត្នោត ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​ត​ទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​តទៅ​ខាង​មុខ​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ដែល​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​អ្នក​ដុត​កំដៅ​នោះ​គឺ​ត្រូវ​ត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិន​មែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​​និយាយ​សំដៅ​នោះ​ទេ។ ព្រាហ្មណ៍ពោលថា ព្រះគោតមដ៏ចម្រើន ជាមនុស្សឥតកំណើតទេតើ។ ព្រះដ៏​មាន​ជោគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពិតមែនហើយ មានហេតុជាទំនង គួរឲ្យអ្នក​ផង​គេ​ថា ព្រះសមណ​គោតម ជា​មនុស្ស​ឥត​កំណើត ដែល​គេថា​នោះត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ព្រោះ​កិរិយា​ដេក​ក្នុង​គភ៌​តទៅ​​ទៀត ដំណើរ​កើត​ក្នុង​ភព​តទៅ​មុខ​ទៀត បើ​អ្នកណា​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្តាច់​ផ្តិល​ឫសគល់​អស់​​ហើយ បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង ដូចជា​ដើម​ត្នោត ដែល​គេ​ក្របែល​គាស់​រំលីង ឲ្យលែងដុះ​តទៅទៀតហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែប​ភាព​តទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​តទៅ​ខាង​​មុខ​ទៀត​ហើយ តថាគត​ហៅ​អ្នកនោះ​ថា អ្នក​ឥត​កំណើត ម្នាល​ព្រាហ្មណ៍ កិរិយា​ដេក​ក្នុង ​គភ៌​តទៅ​ទៀត ដំណើរ​កើត​ក្នុង​ភព​តទៅ​មុខ​ទៀត (នោះ) តថាគត​ឯង​បាន​លះបង់​ស្រឡះ​ហើយ បាន​ផ្តាច់ផ្តិល​ឫសគល់​​អស់​ហើយ​បាន​ធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យ​អស់​រលីង ដូច​ជា​ដើម​ត្នោត ដែល​គេ​ក្របែល​គាស់​រំលើង ឲ្យ​​លែង​ដុះ​តទៅ​ទៀត​ហើយ បាន​ធ្វើ​ឲ្យ​លែង​មាន​បែបភាព​តទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌​លែង​មាន​កំណើត​តទៅ​​ខាងមុខ​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ដែល​អ្នក​ផង​គេ​ថា ព្រះសមណគោតម ជា​មនុស្ស​ឥត​កំណើត​នោះ គឺ​​ត្រូវត្រង់​ហេតុ​នេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវ​ត្រង់​ហេតុ ដែល​អ្នក​ឯង​និយាយ​សំដៅ​នោះ​ទេ។

[៣] ម្នាលព្រាហ្មណ៍ ប្រៀបដូចជាពងមាន់ទាំងឡាយ៨ក្តី ១០ក្តី ១២ក្តី ពងមាន់ទាំងនោះ គឺមេមាន់​ក្រាប​ដោយ​ប្រពៃ​ហើយ ធ្វើឲ្យកក់ក្តៅដោយប្រពៃហើយ ឲ្យចាប់ក្លិនវា​ជាមេដោយ​ប្រពៃ​ហើយ (លុះ​ដល់​​វេលា​​ញាស់) ក៏​បណ្តា​កូនមាន់​ទាំង​នោះ កូន​មាន់​ណា ទំលាយ​សម្បក​ពង ដោយ​ចុង​ក្រចក​ជើង ឬ​ដោយ​​ចុង​ចំពុះ ហើយ​ញាស់​ចេញ​មក​ដោយ​ស្រួល​មុន​គេ​បំផុត បើ​ដូច្នេះ តើ​អ្នក​​ផង​​គួរ​ហៅ​កូនមាន់​នោះ​ថា កូន​​ច្បង ឬ​កូន​ពៅ​ហ៏។ ព្រាហ្មណ៍​ក្រាប​ទូល​ថា បពិត្រ​ព្រះគោតម​ដ៏​ចម្រើន (កូនមាន់​នោះ) គេ​គួរ​ហៅ​ថា កូន​​ច្បង ព្រោះ​វា​ជា​បង​គេ​បំផុត។ ព្រះសាស្តា​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ កាល​បើ​ពពួក​សត្វ ដូចជា​ពង​មាន់ កើត​ហើយ មានអវិជ្ជាគឺសេចក្តីល្ងង់ ដូច​ជា​សម្បកពង​កំពុង​រួបរឹត​ក្នុង​លោក មានតែតថាគតម្នាក់​ឯង ដែល​​ទំលាយ​សម្បក​ពង គឺ​សេចក្តី​ល្ងង់ ហើយ​ត្រាស់ដឹង​ខ្លួន​ឯង​ដោយ​ប្រពៃ​នូវ​សម្មាសម្ពោធិញ្ញាណ ដែល​មិន​​មាន​គុណជាត​ឯ​ទៀត ប្រសើរ​ជាង​ឡើយ ម្នាល​ព្រាហ្មណ៍ តថាគត​ឯង​ជា​ចម្បង ជា​បុគ្គល​ប្រសើរ​បំផុត​ជាង​​សត្វលោក ម្នាល​ព្រាហ្មណ៍ ព្យា​យាម តថាគត​បាន​តាំង​ផ្តើម​ហើយ មិន​បន្ធូរ​បន្ថយ​ទេ ទាំង​ស្មារតី តថាគត​ក៏​​ប្រុង​មិន​ឲ្យ​មាន​ភ្លាត់ កាយ​សោត ក៏​ស្ងប់​រំងាប់​មិន​ក្រវល់​ក្រវាយ ចិត្ត​ក៏​នឹង​ល្អ ជា​ចិត្ត​មាន​អារម្មណ៍​តែ​មួយ ម្នាល​ព្រាហ្មណ៍ តថាគត​ឯង លុះ​ដល់​ប្រាកដ ជា​ស្ងាត់​ចាកកាម​ទាំង​ឡាយ ប្រាកដ​ជា​ស្ងាត់​ចាក​ធម៌​ទាំង​​ឡាយ ជា​អកុសល​ហើយ ក៏​ចូល​ដល់​បឋមជ្ឈាន ដែល​ប្រកប​ដោយ​វិតក្កៈ វិចារៈ មាន​បីតិ និង​សុខ ដែល​កើត​​អំពី​សេចក្តី​ស្ងប់ស្ងាត់​ជា​អារម្មណ៍​នៅ​ហើយ។ លុះ​តថាគត ចូល​ទៅ​ជិត​រំងាប់​វិតក្កៈ វិចារៈ រួច​ហើយ ក៏​​បាន​ចូល​ដល់​ទុតិយជ្ឈាន ជាទី​ផូរផង់​ប្រព្រឹត្តទៅខាងក្នុង មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ វិចារៈ មាន​តែបីតិនិងសុខ កើតពី​សមាធិ​នៅ​ហើយ។ លុះ​លះបង់​បីតិ​ចេញ​ហើយ តថាគត​ជា​បុគ្គល​ព្រងើយ មាន​​សតិ មាន​សេចក្តី​ដឹងច្បាស់​នៅ​ហើយ តថាគត​សោយ​សុខ​ដោយ​កាយ​ផង អរិយ​បុគ្គល​ទាំងឡាយ តែង​​សំដែង​​នូវ​បុគ្គល ដែល​បាន​តតិយជ្ឈាន​ណា ថា​ជា​បុគ្គល​មាន​ចិត្ត​ព្រងើយ ជា​អ្នក​មាន​ស្មារតី មាន​ប្រក្រតី​​នៅ​ជា​សុខ តថាគត​ក៏​បាន​ដល់​នូវ​តតិយជ្ឈាន​នោះ​ហើយ​នៅ។ ព្រោះ​លះបង់​នូវ​សេចក្តី​សុខ​ផង ព្រោះ​លះ​បង់​នូវ​​សេចក្តី​ទុក្ខ​ផង ព្រោះ​រំលត់​នូវ​សោមនស្ស និង​ទោមនស្ស អំពី​មុន​ផង តថាគត​បាន​ចូល​ដល់​​ចតុត្ថជ្ឈាន​ឥត​​ទុក្ខ ឥត​សុខ មាន​សតិ​ដ៏​ស្អាត​ព្រោះ​ឧបេក្ខា​ហើយ​នៅ។ កាល​ដែល​ចិត្ត​ខ្ជាប់​ខ្ជួន បរិសុទ្ធ​ផូរផង់ មិនមាន​​កិលេស ប្រាសចាកសេចក្តីសៅហ្មង ជា​ចិត្ត​ទន់ សមគួរ​ដល់​កម្ម ជា​ចិត្ត​នឹង​ធឹង មិន​ញាប់ញ័រ យ៉ាង​នេះ​​ហើយ តថាគត​ឯង ក៏​បាន​បង្អោន​ចិត្ត​ចូល​ទៅ ក្នុង​បុព្វេនិវាសានុស្សតិញ្ញាណ (ញាណ​ជា​គ្រឿង​រឭកជាតិ​​មុន​បាន)។ តថាគត​ឯង ក៏​រឭកជាតិ​ដែល​បាន​អាស្រ័យ​នៅ​មក​អំពី​មុន ជា​អនេក​ជាតិ។ រឭក​ជាតិ​បាន​​ដូចម្តេច។ រឭកបាន​១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ​ក៏បាន រឭក​បាន​ច្រើន​សំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើន​សំវដ្តវិវដ្ដកប្ប​ក៏​បាន ដូច្នេះ​ថា តថាគត​បាន​កើត​ក្នុង​ភព​ឯ​ណោះ មាន​ឈ្មោះ​យ៉ាងនេះ មាន​គោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាង​នេះ មាន​​អាហារ​​​យ៉ាង​នេះ ទទួល​សុខ​ទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ តថាគត​ច្យុតចាកអត្តភាពនោះ ហើយបានទៅកើតក្នុងភពឯណោះ ដែលទៅកើត​ក្នុង​ភព​នោះ តថាគត ​ក៏​មាន​ឈ្មោះ​យ៉ាង​នេះ មានគោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ មាន​កំណត់​អាយុ​ប៉ុណ្ណេះ តថាគត​ឯង​ច្យុត​ចាក​អត្តភាព​នោះ​ហើយ មក​កើត​ក្នុង​ភព​នេះ។ តថាគត​រឭក​តាម​នូវ​ជាតិ ដែល​​អាស្រ័យ​នៅ​ពី​មុន បាន​ច្រើន​ជាតិ ព្រមទាំងអាការៈ ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ។ ម្នាលព្រាហ្មណ៍ បឋមវិជ្ជា​​នេះ​ហើយ ដែល​តថាគត​បាន​ត្រាស់ដឹង​ក្នុង​យាម​ជា​ដំបូង​នៃ​រាត្រី លុះ​ដល់​សេចក្តី​ល្ងង់ខ្ចាត់​បាត់​ទៅ សេចក្តី​​ចេះដឹង​ប្រាកដ ក៏​កើត​ឡើង​ ងងឹត​​ខ្ចាត់​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង​ដល់​តថាគត ដែល​កំពុង​អង្គុយ​ប្រុង​ស្មារតី មិន​ប្រហែស​ធ្វេស​ខំ​ប្រឹង​ដុត​បំផ្លាញ​កិលេស មាន​ចិត្ត​មូល​ស្លុង​ឥត​មាន​នឹកនា​ដល់​កាយ និង​ជីវិត​ឡើយ ដូច​ជាបណ្ឌិត​ទាំង​ឡាយ ដែល​បាន​នូវ​បឋម​វិជ្ជា​នុ៎ះ​ដូច្នោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ នេះ​ឯង​ជា​បឋមវិជ្ជា​ដែល​តថាគត​បាន​ត្រាស់ដឹង​ហើយ ដូចជាកូនមាន់ញាស់ចេញចាកសម្បកពង។ កាលដែលចិត្តខ្ជាប់ខ្ជួនបរិសុទ្ធ​​ផូរផង់ មិន​មាន​កិលេស ប្រាសចាក​សេចក្តី​សៅហ្មង​ជា​ចិត្ត​ទន់សមគួរ​ដល់​កម្ម ជា​ចិត្ត​នឹងធឹងមិនញាប់ញ័រ​​យ៉ាង​នេះ​ហើយ តថាគត​ទើប​បង្អោន​ចិត្ត​ចូល​ទៅ​ក្នុង​ញាណ ដែល​នាំ​ឲ្យ​បាន​ត្រាស់ដឹង​នូវ​ចុតិ និង​បដិសន្ធិ​​នៃ​សត្វ​ទាំងឡាយ គឺចុតូបបាតញ្ញាណ។ តថាគត​ពិចារណា​មើល​នូវ​សត្វ​ទាំងឡាយ ដែល​ ច្យុត និង​ចាប់​​បដិសន្ធិ​ទាប​ថោក​ និងឧត្តម មាន​សណ្ឋាន​ល្អ និង​អាក្រក់ ទៅ​កាន់​សុគតិ និង​ទុគ្គតិ​ដោយ​ចក្ខុ​ដូច​ជា​ទិព្វ​​ដ៏​​បរិសុទ្ធ ក្រៃលែង​ជាង​ចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏​ឃើញ​ច្បាស់​នូវ​សត្វ​ទាំងឡាយ ដែល​អន្ទោល​ទៅ​តាម​កម្ម​​ថា អើហ្ន៎ សត្វ​ទាំង​អម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត ជា​មិច្ឆាទិដ្ឋិ ប្រកាន់​មាំ​នូវ​​កម្ម ជា​មិច្ឆាទិដ្ឋិ និយាយ​តិះដៀល​អរិយបុគ្គល​ទាំងឡាយ សត្វ​ទាំង​នោះ លុះ​ដល់​រំលាង​ខន្ធ បន្ទាប់​អំពី​​មរណៈ ក៏​ទៅ​កើត​ឯ​អបាយ2) ទុគ្គតិ3) វិនិបាត4) នរក5) មួយ​សោត អើ​ហ្ន៎ សត្វ​ទាំង​អម្បាល​នេះ ប្រកប​​ដោយ​កាយសុចរិត ប្រកប​ដោយ​វចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជា​សម្មា​ទិដ្ឋិ​ ប្រកាន់មាំ​នូវ​កម្ម ជា​សម្មា​ទិដ្ឋិ មិន​តិះដៀល​អរិយបុគ្គល​ទាំងឡាយ សត្វទាំង​អម្បាល​នោះ លុះដល់​​រំលាង​ខន្ធ បន្ទាប់​អំពី​មរណៈ ក៏​ទៅ​កើត​ក្នុង​លោក គឺ​សុគតិ6) និង​ស្ថាន​សួគ៌។7) តថាគត​ពិចារណា​មើល​​នូវសត្វទាំងឡាយ ដែលច្យុត នឹងចាប់​បដិសន្ធិ ទាប​ថោក និងឧត្តម មាន​សណ្ឋានល្អ និងអាក្រក់ ទៅកាន់​​សុគតិ និង​ទុគ្គតិ ដោយ​ចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ ក្រៃលែង​ជាង​ចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏​ឃើញ​ច្បាស់​នូវ​សត្វ​​ទាំងឡាយ ដែល​អន្ទោល​ទៅ​តាម​កម្ម ដោយ​ប្រការ​ដូច្នេះ។ ម្នាល​ព្រាហ្មណ៍ វិជ្ជាទី២នេះ​ឯង​ហើយ ដែល​តថាគតបានត្រាស់ដឹងក្នុងយាមជា ​កណ្តាល​នៃ​រាត្រី លុះ​ដល់​សេចក្តី​ល្ងង់ខ្លៅ​បាត់​ទៅ សេចក្តី​ចេះដឹង​ប្រាកដ​ក៏​កើត​ឡើង ងងឹតខ្ចាត់​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង​ដល់​តថាគត​ដែល​កំពុង​ប្រុង​ស្មារតី មិន​ប្រហែស​ធ្វេស ខំ​ប្រឹង​ដុត​បំផ្លាញ​កិលេស មាន​ចិត្ត​មូល​ស្លុង​ឥត​មាន​នឹក​នា​ដល់​កាយ និង​ជីវិត​ឡើយ ដូចជាបណ្ឌិតទាំងឡាយ​​ដែល​បាន​នូវ​វិជ្ជា​ទី២ នុ៎ះ​ដូច្នោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ នេះ​ឯង​ជា​វិជ្ជាទី២ ដែល​តថាគត​បាន​ត្រាស់​ដឹង​​ហើយ ដូចជា​កូនមាន់​ដែល​ញាស់​ចេញចាក​សម្បក​ពង។ កាល​ដែល​ចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ​ផូរផង់ មិន​មាន​​កិលេស ប្រាសចាក​សេចក្តី​សៅហ្មង ជា​ចិត្តទន់ សមគួរ​ដល់​កម្ម ជាចិត្ត​នឹង​ធឹងមិនញាប់ញ័រ យ៉ាងនេះ ​ហើយ តថាគត​ទើប​បង្អោន​ចិត្ត​ចំពោះ​ទៅ​ក្នុង​ញាណ​ជា​ហេតុ​ឲ្យ​បាន​អស់​ទៅ​នៃ​ អាសវៈ​ទាំងឡាយ គឺ​អាសវ​ក្ខយញ្ញាណ តថាគត​ក៏​ដឹង​ប្រាកដ​តាម​ពិត​ថា នេះ​ជា​ទុក្ខ ដឹង​ប្រាកដ​តាម​ពិត​ថា នេះជា​ហេតុ​នាំឲ្យ​កើត​ទុក្ខ ដឹងប្រាកដ​តាមពិតថា នេះ​ជា​សេចក្តី​រលត់​ទុក្ខ ដឹងប្រាកដ​តាម​ពិត​ថា នេះ​ជា​បដិបទា​ឲ្យ​បាន​ដល់​នូវ​​សេចក្តី​​រលត់​ទុក្ខ ដឹង​ប្រាកដ​តាម​ពិតថា ធម៌​ប៉ុណ្ណេះ​ជា​អាសវៈ ដឹងប្រាកដ​តាម​ពិតថាធម៌នេះជាហេតុនាំឲ្យ ​កើត​អាសវៈ ដឹងប្រាកដតាមពិតថា នេះ​ជា​សេចក្តី​រលត់​នៃ​អាសវៈ ដឹង​ប្រាកដ​តាម​ពិតថា នេះជា​បដិបទា​ឲ្យ​បាន​​ដល់​នូវ​សេចក្តី​រលត់​នៃ​អាសវៈ កាល​ដែល​តថាគត​ដឹង​យ៉ាង​នេះ តថាគត​ឃើញ​យ៉ាងនេះ ចិត្តតថាគតក៏​ផុត​ចាកគ្រឿងត្រាំគឺកាមផង គឺភពផង គឺអវិជ្ជាផង កាល​បើ​ចិត្ត​តថាគត​បាន​រួច​ផុត​ស្រឡះ​ហើយ ប្រាជ្ញាក៏កើត​ប្រាកដដល់តថាគតថា ចិត្តរួច​ផុត​ស្រឡះ​ចាក​អាសវៈ​ហើយ ទាំង​តថាគត​ក៏​ដឹង​ច្បាស់​ថា កំណើត​របស់​អញ​​អស់​ហើយ ព្រហ្មចរិយធម៌​អញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អញ​ក៏​បាន​ធ្វើ​ស្រេច​ហើយ កិច្ច​​ដទៃ ដើម្បី​សោឡសកិច្ច​នេះ​ទៀត មិន​មាន​ឡើយ។ ម្នាល​ព្រាហ្មណ៍ វិជ្ជាទី៣ នេះ​ហើយ ដែល​តថាគត​បាន​​ត្រាស់​ដឹង​​ក្នុង​យាម​ជា​បំផុត​នៃ​រាត្រី លុះ​ដល់​សេចក្តី​ល្ងង់ខ្លៅ​ខ្ចាត់បាត់​ទៅ សេចក្តីចេះដឹង​ប្រាកដ​ក៏​កើត​ឡើង ​ងងឹត​ខ្ចាត់បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង​ដល់​តថាគត​ដែល​កំពុង​អង្គុយ​ប្រុង​ស្មារតី មិន​ប្រហែស​ធ្វេស ខំ​ប្រឹង​ដុត​​បំផ្លាញ​កិលេស មាន​ចិត្ត​មូល​ស្លុង​ឥត​មាន​នឹកនា​ដល់​កាយ និង​ជីវិត​ឡើយ ដូច​ជា​បណ្ឌិត​ទាំងឡាយ ដែល​​បាន​នូវ​វិជ្ជា​ទី៣ នុ៎ះ​ដូច្នោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ ការ​ត្រាស់ដឹង​របស់​តថាគត ជា​គំរប់៣​នេះ ដូចគ្នា​នឹង​ការ​​ញាស់​ចេញ​របស់​កូនមាន់​អំពី​សម្បកពង។

[៤] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វេរញ្ជព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះ​ដ៏មានព្រះភាគ​វិញ​ថា ព្រះគោតមដ៏ចម្រើន ព្រះអង្គជាចម្បងជាងមនុស្ស ប្រសើរបំផុតជាងមនុស្ស បពិត្រ​ព្រះគោតមដ៏ចម្រើន ភាសិត​របស់​ព្រះអង្គ​ច្បាស់​ណាស់ បពិត្រ​ព្រះគោតម​ដ៏​ចម្រើន ភាសិត​របស់​ព្រះអង្គ​​ច្បាស់​ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌​ដែល​ព្រះអង្គ​សម្តែង​ហើយ ដោយ​អនេក​បរិយាយ​យ៉ាងនេះ (ភ្លឺ​ច្បាស់ណាស់) គួរនា​ដូចជា​មនុស្ស​ចាប់​របស់​ដែល​គេផ្កាប់​ចុះ​ឲ្យ​ផ្ងារឡើង ពុំ​នោះ ដូចជា​មនុស្ស​បើក​​បង្ហាញ​របស់​ដែលគេលាក់បិទបាំង ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងទិស ឬក៏ដូចជា​មនុស្សកាន់​ប្រទីប​ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានភ្នែករមែងមើលឃើញនូវរូបទាំងឡាយ ខ្ញុំព្រះអង្គ​នោះ​សូម​ដល់​នូវ​ព្រះគោតមដ៏ចម្រើន​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផង ជា​ទីពឹង​ទីរឭក ចាប់ដើម​ តាំង​ពី​ថ្ងៃនេះ​ទៅ​សូម​ព្រះគោតម​ដ៏​ចម្រើន​ជ្រាប​ នូវខ្ញុំព្រះអង្គថាជាឧបាសក ដល់សរណគមន៍ស្មើដោយ​ជីវិត មិនតែប៉ុណ្ណោះទេ សូម​ព្រះគោតម​ដ៏​ចម្រើន ទទួល​និមន្ត​គង់​ចាំ​វស្សា​ជិត​ស្រុកវេរញ្ជា​មួយ​អន្លើ​ដោយ​​ភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ​ក៏​ព្រម​ទទួល​និមន្ត​ដោយ​តុណ្ហីភាព។8) លំដាប់​នោះ វេរញ្ជព្រាហ្មណ៍​ដឹងច្បាស់​ថា ព្រះអង្គ​ទទួល​និមន្ត​ហើយ ក៏​ក្រោក​ចាក​អាសនៈថ្វាយ​បង្គំលា​ព្រះដ៏មាន​ព្រះភាគ ហើយ​ធ្វើ​​ប្រទក្សិណ​ដើរ​ចេញ​ទៅ។

[៥] សម័យនោះឯង ស្រុកវេរញ្ជាកើតអំណត់អត់បាយ មនុស្សទាំងឡាយចិញ្ចឹមជីវិតបានដោយ​កម្រក្រៃពេក មនុស្ស​ណា​ដែល​ក្រ​លំបាក​ស្រាប់​ក៏​ស្លាប់ មាន​ឆ្អឹង​ស (ដេរដាស​លើ​ផែនដី) មនុស្ស​ដែល​មាន​​ទ្រព្យសម្បត្តិ​ល្មម​ទិញ​ដូរ​ស្រូវ​អង្ករ​គេ​បាន ក៏មិនងាយនឹងទិញដូរ បើលុះតែមានស្លាកកាន់ជាសំគាល់ ទើប​ទិញ​ដូរ​បាន ជន​ទាំងអស់​ក្នុង​ស្រុក​នោះ​ព្យាយាម​ស្វែង​រក​អាហារ​បាន​ដោយ​កម្រ​ក្រៃពេក។ សម័យនោះ មាន​ពួកឈ្មួញសេះ​នៅ​ក្នុង​ឧត្តរាបថប្រទេស នាំ​សេះ​ចំនួន​៥០០ចូល​មក​នៅ​សម្រាក​ក្នុង​ស្រុកវេរញ្ជា ក្នុង​​រដូវ​ខែ​វស្សា។ ពួក​ឈ្មួញ​ដែល​នៅ​ក្នុង​រោងសេះ​ទាំង​នោះ ក៏បានបញ្ញត្តគ្នាឲ្យ​ប្រគេន​បាយក្រៀម​ចំនួន​​១នាឡិ​ៗ​ម្នាក់ ដល់​ភិក្ខុ​ទាំងឡាយ។ លុះដល់​​ពេល​​បុព្វណ្ហសម័យ9) ភិក្ខុ​ទាំងឡាយ​ស្លៀកស្បង់​ទ្រង់​ចីវរ និង​បាត្រ​នាំ​គ្នា​ចូល​ទៅ​​បិណ្ឌបាត​ ក្នុង​ស្រុកវេរញ្ជា ក៏​មិន​ប្រទះ​បាន​អាហារ​បិណ្ឌបាត​សោះ​ឡើយ ទើប​ទៅ​បិណ្ឌ​បាត​​​ខាង​​ពួក​ឈ្មួញឯរោងសេះវិញ ក៏​បានបាយក្រៀម​១នាឡិៗម្នាក់ ហើយ​វិល​មក​អារាម​យក​បាយក្រៀម​នោះ​​បុក​ក្នុង​ត្បាល់​រួចនាំ​គ្នា​ឆាន់។ ចំណែក​ខាង​ព្រះអានន្ទ​ដ៏មានអាយុ យក​បាយក្រៀម១នាឡិ កិន​ក្នុង​​ត្បាល់​ថ្ម​​ហើយ​យក​ទៅ​ថ្វាយ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ក៏​ទ្រង់​ទទួល​សោយ​បាយក្រៀម​នោះ។ វេលា​​នោះ ព្រះ​សម្ពុទ្ធ​ទ្រង់​បាន​ឮ​សូរ​ត្បាល់ និងអង្រែ​នោះ​ដែរ។ ព្រះតថាគត​ទាំងឡាយ បាន​ជ្រាប​នូវ​ហេតុ​​ហើយ​សួរ​​ក៏​មាន ​បានជ្រាប​ហើយ​មិន​សួរ​ក៏​មាន ជ្រាបច្បាស់​នូវ​កាល​គួរ​ហើយ​សួរ​ក៏​មាន ជ្រាប​ច្បាស់​នូវ​​កាលគួរ​ហើយ​មិន​​សួរ​ក៏​មាន ឯ​ព្រះតថាគត​ទាំងឡាយ ព្រះអង្គ​តែង​សួរ​នូវ​ការណា​ដែល​ប្រកប​ដោយ​​ប្រយោជន៍ កម្ម​ដែល​​មិន​​ប្រកប​ដោយ​ប្រយោជន៍ ព្រះអង្គ​មិន​សួរ​ឡើយ ព្រោះ​ព្រះតថាគត​ទាំងឡាយ ទ្រង់​បាន​ផ្តាច់បង់​​នូវ​កម្ម​មិន​​ប្រកប​ដោយ​ប្រយោជន៍ ​ទាំងឡាយ ដោយអរិយមគ្គជ្រះស្រឡះហើយ។ ព្រះ​សព្វញ្ញុពុទ្ធ​ដ៏មានជោគ​ទាំង​ឡាយ ទ្រង់​តែង​សួរ​នូវ​ភិក្ខុ​ទាំងឡាយ ដោយ​ហេតុ​ពីរ​ប្រការ គឺ​ទ្រង់​សួរ​ដើម្បី​​នឹង​​សម្តែង​នូវ​ធម៌១ ដើម្បី​នឹង​​បញ្ញត្ត​នូវ​សិក្ខាបទ​ដល់​សាវក​ទាំងឡាយ១។ គ្រានោះ ព្រះដ៏មានព្រះភាគ​ទ្រង់​ហៅ​​ព្រះអានន្ទដ៏មានអាយុ​​មក ហើយ​ទ្រង់​សួរ​ថា ម្នាល​អានន្ទ សូរ​សម្លេង​នោះ​ជា​សូរ​ត្បាល់​អង្រែ​ឬអ្វី។ ទើប​ព្រះអានន្ទ​ដ៏មានអាយុ​ ក្រាបទូល​រឿង​នុ៎ះ​ឲ្យ​ព្រះដ៏មានព្រះភាគ​ជ្រាប​គ្រប់​ប្រការ។ ព្រះអង្គ​ត្រាស់​​សសើរ​​ថា ត្រូវ​ហើយ​អានន្ទ ប្រពៃ​ហើយអានន្ទ អ្នក​ឯង​រាល់គ្នា​ជា​សប្បុរស​ឈ្នះ​វិសេស​ហើយ បណ្តាល​​ជន​ខាង​ក្រោយ​គេ​នឹង​នឹក​ចង់​ឲ្យ​​នូវ​ចង្ហាន់​ដែល​គេ​ចំអិន ដោយ​អង្ករ​ស្រូវ​ខ្សាយ ព្រម​ទាំង​ម្ហូប​លាយ​ដោយ​​សាច់​​ដ៏​ឆ្ងាញ់​ពិសារ (ដល់​អ្នក​រាល់​​គ្នា)។

[៦] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់​​បាន​ក្រាប​ថ្វាយ​បង្គំ​ព្រះអង្គ​ដោយ​គោរព រួចហើយ​ក៏​គង់​ក្នុង​ទី​ដ៏​សមគួរ។ លុះព្រះមហាមោគ្គល្លានដ៏មាន​​អាយុ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ ក៏​ក្រាប​ទួល​ស្នើ​សេចក្តី​នេះ​ចំពោះ​ព្រះដ៏មានព្រះភាគ​ថា​សូម​ទ្រង់​ព្រះ​ មេត្តា​​ប្រោស ឥឡូវ​នេះ ស្រុកវេរញ្ជា​កើត​អំណត់​អត់​បាយ មនុស្ស​ទាំងឡាយ​នឹង​ចិញ្ចឹម​ជីវិត​បាន​ដោយ​កម្រ​ក្រៃ​​ពេក មនុស្ស​ណា​ដែល​ក្រលំបាក​ស្រាប់​ក៏​ស្លាប់​មាន​ឆ្អឹងស (ដេរដាស​លើ​ផែនដី) មនុស្ស​ដែលមាន​ទ្រព្យ​ សម្បត្តិ ​​ល្មម​ទិញ​ដូរ​ស្រូវ​អង្ករ​គេ​បាន ក៏​មិន​ងាយ​នឹង​ទិញ​ដូរ បើលុះ​តែ​មាន​ស្លាក​កាន់​ជា​សំគាល់​នោះ​ទើប​​ទិញ​ដូរ​បាន ជន​ទាំងអស់​ក្នុង​ស្រុក​នោះ នឹង​ព្យាយាម​ស្វែង​រក​អាហារ​បាន​ដោយ​កម្រ​ក្រៃ​ពេក សូមទ្រង់ព្រះ​មេត្តា ​ប្រោស ផ្ទៃ​ខាង​ក្រោម​នៃ​ផែនដី​នេះ មាន​ឱជារស​ផ្អែម​ដូច​ទឹកឃ្មុំ ដែល​ស្អាត​បរិសុទ្ធ​ឥត​លាយ​ច្រឡំដោយ​មេឃ្មុំ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះអង្គ​ចង់​ប្រែ​ត្រឡប់​ផែនដី​នេះ​ឲ្យ​ផ្ងារ​ឡើង ដើម្បី​នឹង​ឲ្យ​ភិក្ខុ​ទាំង​ឡាយ​ឆាន់​នូវ​ឱជារស ដែល​កើត​ឡើង​អំពី​ស្រទាប់​នៃ​ផែនដី​នោះ។ ព្រះបរមសាស្តា​ទ្រង់ត្រាស់​ថា ម្នាលមោគ្គល្លាន ចុះ​អ្នក​នឹង​យក​មនុស្ស សត្វ​ទាំងឡាយ​ដែល​នៅ​អាស្រ័យ​លើ​ផែនដី​នេះ អោយ​ទៅ​នៅ​ឯណា។ ព្រះមហាមោគ្គល្លាន​ទូល​តប​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំព្រះអង្គ​នឹង​និម្មិត​បាតដៃ​ម្ខាង ឲ្យ​បាន​ដូច​ជា​ផែនដី ​ធំ នឹង​ឲ្យ​សត្វ​ទាំងឡាយ​ដែល​នៅ​អាស្រ័យ​លើ​ផែនដី មក​នៅ​លើបាតដៃ​ម្ខាង​នោះ ហើយ​​ខ្ញុំព្រះអង្គ​នឹង​ប្រែ​នូវ​ផែនដី​ដោយ​ដៃ​ម្ខាង។ ព្រះអង្គ​ទ្រង់​ឃាត់​ថា មោគ្គល្លាន អ្នក​កុំ​ពេញ​ចិត្ត​នឹង​ត្រឡប់​ផែនដី​​នោះ​ឡើយ សត្វ​ទាំងឡាយ​នឹង​បាន​នូវ​សេចក្តី​ជ្រួល​ជ្រើម​របល់។ ព្រះមហាមោគ្គល្លាន​ក្រាបទូល​ថា សូម​ទ្រង់​​ព្រះមេត្តាប្រោស ព្រះពុទ្ធដីកា​ដែល​ទ្រង់​ត្រាស់​មក​នោះ​ប្រពៃ​ហើយ (បើ​ដូច្នោះ) សូម​ឲ្យ​ភិក្ខុ​សង្ឃ​ទាំងអស់​​ទៅ​​បិណ្ឌបាត​ឯ​ឧត្តរកុរុទ្វីប​វិញ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​តប​ថា ម្នាល​មោគ្គល្លាន ចុះ​ភិក្ខុ​ទាំងឡាយ​ឯណា​ដែល​មិនមាន​ឫទ្ធិ អ្នក​នឹង​ធ្វើ​នូវ​ភិក្ខុ​ទាំងនោះ​ដូចម្តេច​ទៅ។ ព្រះមហាមោគ្គល្លាន​ក្រាបទូល​ថា សូម​ទ្រង់​​ព្រះមេត្តា​​ប្រោស ភិក្ខុ​ទាំងអស់​នឹង​ទៅ​បាន​យ៉ាង​ណា ខ្ញុំព្រះអង្គ​នឹង​ធ្វើ​យ៉ាង​នោះ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់តប​ថា កុំ មោគ្គល្លាន អ្នក​កុំ​ពេញចិត្ត​ឲ្យ​ភិក្ខុសង្ឃ​ទាំងអស់​ទៅ​បិណ្ឌបាត​ឯ​ឧត្តរកុរុទ្វីប​ នោះ​ឡើយ។

[៧] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ លោកចូលទៅនៅក្នុងរហោឋានជា​ទីចេញ​ចាកពួក ហើយសម្ងំ​នៅ​ក្នុង​កម្មដ្ឋាន មានសេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា ព្រហ្មចរិយធម៌10) របស់​ព្រះពុទ្ធ​ដ៏មានជោគ​ទាំងឡាយ​អង្គណាខ្លះហ្ន៎ ជាព្រហ្មចរិយាធម៌​មិន​ឋិតនៅយូរ ព្រហ្មចរិយធម៌​របស់​ព្រះពុទ្ធដ៏មានជោគ​ទាំងឡាយ​អង្គណាខ្លះ​ហ្ន៎ ជា​ព្រហ្មចរិយធម៌​ឋិត​នៅ​យូរ។ គ្រានោះ ព្រះសារីបុត្តត្ថេរ​ដ៏មាន​អាយុ ចេញចាក​ទី​សម្ងំពួន​ក្នុង​វេលា​សាយណ្ហសម័យ ហើយ​ចូល​ទៅ​គាល់​​ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅ​ដល់ បាន​ក្រាប​​ថ្វាយបង្គំ​ព្រះអង្គ​​ដោយ​គោរព ហើយគង់ក្នុងទីដ៏សមគួរ។ លុះ​ព្រះសារីបុត្រ​ដ៏មានអាយុ គង់​ក្នុង​ទី​ដ៏​សម​គួរ​​ហើយ ក៏​ក្រាបទូល​សួរ​ ចំពោះ​ព្រះដ៏មានព្រះភាគ​ថា សូម​ទ្រង់​ព្រះ​មេត្តាប្រោស ខ្ញុំព្រះអង្គចូល​ទៅ​នៅ​ក្នុង​រហោឋាន​ជាទីចេញចាកពួក ហើយ​សម្ងំ​នៅ​ក្នុង​កម្មដ្ឋាន មាន​សេចក្តី​​ត្រិះរិះ​ថា ព្រហ្មចរិយធម៌​របស់​ព្រះពុទ្ធដ៏មានជោគ​ទាំងឡាយអង្គណាខ្លះហ្ន៎ ជា​ព្រហ្មចរិយធម៌​មិន​ឋិត​នៅ​យូរ ព្រហ្មចរិយធម៌​​របស់​ព្រះពុទ្ធ​ដ៏មានជោគ​ទាំងឡាយ​អង្គណាខ្លះហ្ន៎ ជា​ព្រហ្មចរិយធម៌​ឋិត​នៅ​យូរ។ ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ​ព្រះនាម​វិបស្សី១ ព្រះដ៏មានព្រះភាគ​ព្រះនាម​​សិខី១ ព្រះដ៏មានព្រះភាគ​ព្រះនាមវេស្សភូ១ ជា​ព្រហ្មចរិយធម៌​​មិន​ឋិត​នៅ​យូរ ម្នាល​​សារីបុត្ត ឯ​ព្រហ្មចរិយធម៌​របស់​​ព្រះដ៏មានព្រះភាគ​ព្រះនាម​កកុសន្ធ១ ព្រះដ៏មានព្រះភាគ​​ព្រះនាម​កោនាគមន១ ព្រះដ៏មានព្រះភាគ​ព្រះនាម​កស្សប១ ជា​ព្រហ្មចរិយធម៌​ឋិត​នៅ​បាន​យូរ។ ព្រះសារីបុត្តត្ថេរ​​ក្រាបទូល​សួរ​ថា សូម​​ទ្រង់​ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ​​ព្រះនាម​វិបស្សី១ ព្រះដ៏មានព្រះភាគ​ព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាម​វេស្សភូ១ បានជាមិនឋិតនៅយូរ នោះតើ​ព្រោះហេតុ និង​បច្ច័យ​ដូចម្តេច។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគ​ព្រះនាម​សិខី១ ព្រះដ៏មានព្រះភាគព្រះនាម​វេស្សភូ១ ព្រះអង្គ​មិនសូវ​ប្រឹង​ប្រែង 11) សំដែងធម៌ដល់សាវកទាំងឡាយ​ដោយ​ពិស្តារ​ប៉ុន្មាន​ទេ ព្រហ្មចរិយធម៌​មាន​អង្គ៩​ប្រការ របស់​ព្រះពុទ្ធ​ទាំងឡាយ​នោះ​គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ជា​ធម៌​មាន​ចំនួន​តិចៗ​ណាស់ សិក្ខាបទ​ក៏ព្រះពុទ្ធទាំងនោះ​មិនបាន​បញ្ញត្ត​ដល់​សាវក​ទាំងឡាយទេ អាណាបាតិមោក្ខ ក៏​ព្រះពុទ្ធ​ទាំងនោះ​មិនបានសំដែងឡើយ ដល់អំណើះ ឥតពីព្រះពុទ្ធ​ដ៏មានជោគ​ទាំងឡាយនោះទៅ អំណើះឥតពីសាវកទាំងឡាយជាអ្នក​ត្រាស់ដឹង​តាម​ព្រះពុទ្ធនោះទៅ សាវក​ទាំងឡាយ​ជាខាងក្រោយតមក ដែល​មាននាម​ផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា ចេញពីត្រកូលផ្សេងៗគ្នា ហើយ​បួស​នោះ ក៏ញុំាងព្រហ្មចរិយធម៌នោះ​ឲ្យ​សាបសូន្យ​បាត់អស់​ភ្លាមទៅ ម្នាលសារីបុត្ត ឧបមា​ដូចជាផ្កាឈើ​ផ្សេងៗ​ ដែល​គេ​មិនបាន​ដោតក្រង​ចង​ដោយ​ចេស​ហើយ គេដាក់លើបន្ទះក្តារ ខ្យល់ក៏​រមែងតែបក់​បោកកំចាត់​កំចាយផ្កា​ទាំងនោះ​ឲ្យ​វិនាស​អស់​ទៅ ខ្យល់​ដែល​ធ្វើ​នូវផ្កាទាំងនោះ​ឲ្យ​វិនាស​ ព្រោះហេតុអ្វី ពីព្រោះ​ផ្កាទាំងនោះ គេមិនបាន​ដោត​ក្រង​ ចង​ដោយចេស ក៏សេចក្តីនេះ​យ៉ាងណាមិញ ម្នាលសារីបុត្ត លុះអំណើះឥត​នឹង​ព្រះសម្ពុទ្ធ​ដ៏ទ្រង់ព្រះភាគ (ទាំង៣​ព្រះអង្គ) នោះ និងពួកសាវកដែល​ជាអ្នក​ត្រាស់ដឹង​តាមព្រះពុទ្ធ​ទាំងនោះទៅហើយ ពួកសាវក​ជាន់​ក្រោយ​ៗ​ តមក មាននាម គោត្ត ជាតិផ្សេងៗគ្នា ដែល​ចេញចាក​ត្រកូល​ផ្សេងៗ​គ្នា​មក​បួស​នោះ ក៏​ញុំាង​ព្រហ្មចរិយធម៌​នោះ​ឲ្យ​វិនាស​ទៅឆាប់ភ្លាម ដូចជា​ផ្កា​ឥត​កំរង​យ៉ាងនោះ​ឯង ម្យ៉ាងទៀត ព្រះពុទ្ធ​ដ៏មានជោគ​ទាំងនោះ លោក​មិន​សូវ​ប្រឹង​ប្រែងស្ទង់ចិត្ត (របស់​សាវក) ដោយ​ព្រះហឫទ័យ (របស់​ព្រះអង្គ) ហើយទូន្មាននូវ​សាវក​ទាំងឡាយ​ប៉ុន្មាន​ឡើយ ម្នាលសារីបុត្ត ពីដើមមកមានរឿងដំណាលថា ព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់​ព្រះនាម​វេស្សភូ ព្រះអង្គ​កំណត់​នូវ​ចិត្ត (របស់​សាវក) ដោយ​ព្រះហឫទ័យ (របស់​ព្រះអង្គ) ហើយ​ទ្រង់​ទូន្មាន​ប្រៀនប្រដៅ​ភិក្ខុសង្ឃ​ចំនួន​១ពាន់រូប​នៅ​នា​ដង​ព្រៃ​មួយ ជាដងព្រៃគួរស្បើម ដោយពុទ្ធភាសិតថា អ្នកទាំងឡាយចូររិះគិតយ៉ាងនេះ កុំរិះគិតយ៉ាងនេះឡើយ ចូរ​យកចិត្ត​ទុក​ដាក់​យ៉ាង​នេះ កុំ​យកចិត្ត​ទុកដាក់យ៉ាងនេះ​ឡើយ ចូរ​លះបង់​អំពើ​យ៉ាងនេះ​ចេញ ហើយ​ចូរ​ផ្តេកផ្តួល​ចិត្ត​ឲ្យ​ប្រដិតប្រជីទៅ​រក​អំពើ​នេះ​វិញ ម្នាលសារីបុត្ត នៅវេលាដែលព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់​ព្រះនាម​វេស្សភូ ទ្រង់​បាន​ទូន្មាន​ប្រៀនប្រដៅ​យ៉ាងនេះៗ​ហើយ ចិត្ត​របស់​ភិក្ខុ​ទាំង​១ពាន់រូប​នោះ ក៏​បាន​រួច​ស្រឡះ​ចាក​អាសវក្កិលេស មិន​មាន​សេចក្តី​ប្រកាន់មាំ​ឡើយ ម្នាលសារីបុត្ត ដងព្រៃ​ដែល​មាន​នៅ​ទីនោះ មុខ​គួរ​ឲ្យ​ស្បើម​ពេក​ណាស់ បើបុគ្គលណាមួយមិនទាន់ប្រាសចាករាគៈនៅឡើយទេ លុះបានចូលទៅកាន់ដងព្រៃនោះហើយ បុគ្គលនោះនឹងព្រឺរោមដោយច្រើន ម្នាលសារីបុត្ត ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ ព្រះនាម​វិបស្សី១ ព្រះនាមសិខី១ ព្រះនាមវេស្សភូ១ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ព្រោះហេតុ និងបច្ច័យ​ប៉ុណ្ណេះ​ឯង។ ព្រះសារីបុត្ត​ក្រាបទូល​សួរតទៅទៀត​ថា សូម​ទ្រង់​ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ​ព្រះនាម​កកុសន្ធ១ ព្រះនាម​កោនាគមន១ ព្រះនាម​​កស្សប១ (ទាំង៣ព្រះអង្គ​នេះ) បាន​ជា​ឋិត​នៅ​យូរ តើព្រោះហេតុ និងបច្ច័យ​អ្វី។ ព្រះសព្វញ្ញុពុទ្ធត្រាស់តបថា ម្នាលសារីបុត្ត ឯព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ១ ព្រះនាមកោនាគមន១ ព្រះនាមកស្សប១ (ទាំង៣ព្រះអង្គនោះ) ទ្រង់មានសេចក្តីឧស្សាហ៍ខ្វល់ខ្វាយសំដែងធម៌ដល់ពួកសាវកដោយពិស្តារ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ របស់ព្រះពុទ្ធទាំង៣ព្រះអង្គនោះក៏សឹងមានច្រើន ព្រះអង្គទ្រង់បញ្ញត្តសិក្ខាបទ ទ្រង់សំដែងអាណាបាតិមោក្ខដល់ពួកសាវក លុះព្រះសម្ពុទ្ធដ៏មានជោគទាំងអម្បាលនោះ ទ្រង់​ចូល​និព្វាន​ទៅ ទាំង​​សាវក​ដែល​ត្រាស់ដឹង​តាម​ព្រះពុទ្ធ​ទាំងនោះ ក៏​និព្វាន​អស់​ទៅ​ទៀត សាវក​ទាំងឡាយ​ជាន់​ក្រោយ​ៗតមក ដែល​មាន​នាម​ផ្សេងៗ​គ្នា មាន​គោត្ត​ផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា បានចេញអំពីត្រកូល​ផ្សេងៗគ្នា ហើយ​បួស​នោះ ក៏​បាន​ញុំាង​ព្រហ្មចរិយធម៌ ឲ្យ​ឋិតថេរ​អស់​កាល​ជា​អង្វែង​តមក ម្នាលសារីបុត្ត មាន​គួរនា​ដូចជា ផ្កាឈើ​ផ្សេងៗ​ដែល​គេ​ក្រង​ដោយ​ចេស ហើយ​ដាក់​លើ​បន្ទះក្តារ ខ្យល់​ក៏​មិន (អាច) បក់បោក​ផ្កា​ទាំងនោះ​ឲ្យ​រាត់រាយ​ខ្ចាត់ខ្ចាយ​វិនាស​ទៅ​បាន​ឡើយ សេចក្តី​នោះ​ព្រោះហេតុអ្វី ព្រោះថា ផ្កា​ទាំងនោះ គេ​ក្រងចងខ្ជាប់​ដោយ​អម្បោះ នេះ​មាន​ឧបមា​យ៉ាងណាមិញ ម្នាល​សារីបុត្ត សេចក្តី​ឧបមេយ្យ​ក៏​ដូចគ្នា​ដែរ លុះ​ព្រះពុទ្ធដ៏មានជោគទាំងអម្បាលនោះចូលនិព្វានទៅហើយ សាវក​ទាំងឡាយ​ដែល​ត្រាស់ដឹង​តាម​ព្រះពុទ្ធ​ទាំង​នោះ ក៏និព្វានទៅហើយដែរ សាវកទាំងឡាយជាខាងក្រោយ ដែល​មាន​ឈ្មោះ​ផ្សេងៗ​គ្នា មាន​គោត្ត​ផ្សេងៗ​គ្នា មាន​ជាតិ​ផ្សេងៗ​គ្នា ចេញចាក​ត្រកូល​ផ្សេងៗ​ហើយ​បួស ក៏​ញុំាង​ព្រហ្មចរិយធម៌ (សាសនា) ឲ្យ​ឋិតនៅ​ជា​អង្វែង​មក ម្នាលសារីបុត្ត នេះឯងជា​ហេតុ ជា​បច្ច័យ ញុំាង​ព្រហ្មចរិយធម៌​របស់​ព្រះដ៏មានព្រះភាគ ទ្រង់​ព្រះនាម​កកុសន្ធក្តី ព្រះដ៏មានព្រះភាគ​ទ្រង់​ព្រះនាម​កោនាគមន​ក្តី ព្រះដ៏មានព្រះភាគ​ទ្រង់​ព្រះនាម​កស្សប​ក្តី​ឲ្យ​ឋិត​នៅ​បាន​យូរ។

[៨] លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុក្រោកចាកអាសនៈ ហើយធ្វើសម្ពត់ឧត្តរាសង្គឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី​ចំពោះ​ព្រះដ៏មានព្រះភាគ ហើយក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស កាលនេះ​ជា​កាលគួរ​ហើយ បពិត្រ​ព្រះសុគត កាលនេះ​ជា​កាល​គួរ​ដល់​ព្រះដ៏មានព្រះភាគ​ជា​ម្ចាស់ ៗគួរ​បញ្ញត្តសិក្ខាបទ គួរ​សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ ព្រោះកិច្ចដូច្នេះហើយ ជាហេតុ​នឹង​ឲ្យ​ព្រហ្មចរិយធម៌​ឋិតថេរ​អស់​កាល​អង្វែង​ទៅ។ ព្រះដ៏មានព្រះភាគ​ជា​ម្ចាស់ ទ្រង់​ត្រាស់​ថា ម្នាល​សារីបុត្ត អ្នក​ចូរ​បង្អង់​សិន ម្នាលសារីបុត្ត អ្នក​ចូរ​បង្អង់​សិន តថាគត​ឯង​សឹង​ដឹង​កាល​គួរ​ក្នុង​កិច្ច​ដែលនឹងបញ្ញត្តសិក្ខាបទជាដើមនោះ ម្នាលសារីបុត្ត ក៏​ធម៌​ទាំងឡាយ​ខ្លះ ដែល​ជា​ទីតាំង​នៃ​អាសវៈ មិនទាន់​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ត្រឹម​ណា ព្រះសាស្តា ក៏​មិនទាន់​បញ្ញត្តសិក្ខាបទ មិនទាន់​សំដែង​អាណាបាតិមោក្ខ ដល់​សាវក​ទាំងឡាយ​ត្រឹម​នោះ ម្នាលសារីបុត្ត ធម៌ទាំងឡាយខ្លះជាទីតាំងនៃអាសវៈ មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ក្នុង​កាល​ណា ទើប​ព្រះសាស្តា​បញ្ញត្ត​សិក្ខាបទ សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ​ក្នុង​កាល​នោះ ដើម្បី​នឹង​ការពារ​រារាំង​នូវ​ធម៌​ទាំងឡាយ ដែល​ជា​ទីតាំង​នៃ​អាសវៈ ទាំងនោះ​ប៉ុណ្ណោះ ម្នាលសារីបុត្ត សង្ឃ​នៅ​មិនទាន់​មាន​ភិក្ខុបួសចាស់វស្សា​ច្រើនគ្នា​ត្រឹម​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជាទីតាំង​នៃ​អាសវៈ ក៏​មិនទាន់​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ត្រឹម​នោះ ម្នាលសារីបុត្ត ម្យ៉ាង​ទៀត សង្ឃ​បាន​ដល់​នូវ​សេចក្តី​ចម្រើន មាន​ភិក្ខុបួសចាស់វស្សា​ច្រើន​គ្នា​ក្នុង​កាល​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏នឹងមានប្រាកដចំពោះសង្ឃក្នុងសាសនានេះក្នុងកាលនោះ ទើបព្រះសាស្តាបញ្ញត្តសិក្ខាបទ សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ ដើម្បី​ការពារ​រារាំង​នូវ​ធម៌​ទាំងឡាយ​ដែល​ជាទីតាំង​នៃ​អាសវៈទាំង​អម្បាល​ នោះ ក្នុង​កាល​នោះ​ឯង ម្នាល​សារីបុត្ត សង្ឃ​មិនទាន់​បាន​នូវ​សេចក្តី​ចំរើន មាន​គ្នា​ច្រើន​ត្រឹម​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏​មិនទាន់​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ត្រឹម​នោះ ម្នាលសារីបុត្ត ម្យ៉ាង​ទៀត សង្ឃ​បាន​ដល់​នូវ​សេចក្តី​ចម្រើន មាន​គ្នា​ច្រើន​ក្នុង​កាល​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ក្នុង​កាល​នោះ ទើប​ព្រះសាស្តា​បញ្ញត្ត​សិក្ខាបទ សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ ដើម្បី​ការពារ​រារាំង​នូវ​ធម៌​​ដែល​ជា​ទីតាំង​នៃ​អាសវៈ​ទាំង​​អម្បាល​នោះ ក្នុង​កាល​នោះ​ឯង ម្នាល​សារីបុត្ត សង្ឃ​មិនទាន់​ដល់​នូវសេចក្តីចំរើន ដោយ​លាភ​សក្ការៈ​ដ៏​ប្រសើរ​ត្រឹម​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏​នៅ​មិនទាន់​មាន​ប្រាកដ​ចំពោះ​សង្ឃ​ត្រឹម​នោះ ម្នាលសារីបុត្ត លុះ​សង្ឃ​ដល់​នូវ​សេចក្តី​ចំរើន ដោយ​លាភសក្ការៈ​ដ៏​ប្រសើរ​ក្នុង​កាល​ណា ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជា​ទីតាំង​នៃ​អាសវៈ ក៏​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​កាលនោះ​ដែរ ទើប​ព្រះសាស្តា​បញ្ញត្តសិក្ខាបទ សំដែង​អាណាបាតិមោក្ខ​ដល់​សាវក​ទាំងឡាយ ដើម្បី​ការពារ​រារាំង​នូវ​ធម៌​ដែល​ជា​ទីតាំង​នៃ​អាសវៈ​ទាំង​អម្បាល​នោះ ក្នុង​កាល​នោះ​ឯង ម្នាលសារីបុត្ត ពីព្រោះ (ឥឡូវ) ភិក្ខុសង្ឃ​នៅ​មិនទាន់​មាន​ពុត (ហ៊ាន​លបលួច​ធ្វើ​អាក្រក់) នៅ​ឡើយ មិនទាន់​មាន​ទោស​មោះមៃ​នៅ​ឡើយ កំពុង​នៅ​មាន​ធម៌​បរិសុទ្ធ ឥត​ទាន់​មាន​ពណ៌​ខ្មៅ​សៅហ្មង សុទ្ធសឹង​តែ​ផូរផង់ ផ្ចង់ចិត្ត​ស្ថិតនៅ​ក្នុង​ធម៌​មាន​ខ្លឹម​នៅ​ឡើយ ម្នាលសារីបុត្ត ក៏​បណ្តា​ភិក្ខុ​ទាំង​៥០០រូប12) នេះ ភិក្ខុ​ដែល​មាន​មគ្គផល​យ៉ាង​ទាប​ចុង​គេ​បំផុត​នោះ ក៏​គង់​បាន​សម្រេច​ត្រឹម​ថ្នាក់​សោតៈ ជា​បុគ្គល​ទៀងទាត់ លែង​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ​ហើយ នឹង​បាន​ត្រាស់ដឹង​មគ្គផល​តៗ​ទៅ​ទៀត​ជា​ប្រាកដ។

[៩] (លុះដល់ចេញវស្សាហើយ) ព្រះដ៏មានជោគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមក ហើយមានព្រះបន្ទូលថា អានន្ទ ទំនៀម​ព្រះតថាគត​ទាំងឡាយ បើ​អ្នកណា​គេ​និមន្ត​ឲ្យ​នៅ​ចាំវស្សាហើយ តែនៅមិនទាន់បានលាអ្នកនោះទេ ក៏​មិន​ដែល​ចៀស​ចេញ (ពីទីនោះ) ទៅកាន់​ជនបទ​ចារិក​ឡើយ ចរិត​នេះ​ជា​ទំនៀម​របស់​ព្រះតថាគត​ទាំងឡាយ មក​អានន្ទ យើង​នឹង​ទៅ​លា​វេរញ្ជព្រាហ្មណ៍។ ព្រះអានន្ទ​ដ៏មានអាយុ​ក៏​ទទួល​ព្រះពុទ្ធដីកា​ថា សូមទ្រង់ព្រះមេត្តាប្រោស មែន​យ៉ាង​នេះ​ហើយ។ លំដាប់​​នោះ ព្រះភគវា ព្រះអង្គ​ទ្រង់​ស្បង់​ចីពរ ព្រម​ទាំង​បាត្រ​ស្រេច​ហើយ ទ្រង់​យក​ព្រះអានន្ទ​ដ៏មាន​អាយុ​ជា​បច្ឆាសមណៈ (ឲ្យ​និមន្ត​តាម​ក្រោយ​ព្រះអង្គ​ទៅ) ទ្រង់​យាង​សំដៅ​ទៅ​រក​លំនៅ​របស់​វេរញ្ជព្រាហ្មណ៍ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​គង់​លើ​អាសនៈដែល​​គេ​រៀបចំ​ថ្វាយ។ គ្រានោះ វេរញ្ជព្រាហ្មណ៍ ក៏​ចូល​មក​គាល់​ព្រះអង្គ លុះ​មក​ដល់​ទីគំនាល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះអង្គ​ដោយ​គោរព ហើយ​អង្គុយ​ក្នុង​ទី​ដ៏សមគួរ។ កាល​បើ​វេរញ្ជព្រាហ្មណ៍​អង្គុយ​ស្រួល​បួល​ហើយ ក៏​ព្រះដ៏មានព្រះភាគមាន​ព្រះបន្ទូល​ថា ព្រាហ្មណ៍ អ្នក​ឯង​បាន​និមន្តយើងឲ្យនៅចាំវស្សា (ឥឡូវ) ចេញ​វស្សា​ហើយ យើង​ត្រូវ​លាអ្នក​នឹង​ចេញ​ទៅកាន់​ជនបទចារិក។ វេរញ្ជព្រាហ្មណ៍ ក៏​ក្រាប​ទូល​តប​ថា បពិត្រ​ព្រះគោតមដ៏​ចំរើន មែន​ហើយ ខ្ញុំ​ព្រះអង្គ​បាន​និមន្ត​សូមឲ្យព្រះអង្គគង់ចាំវស្សា តែ​ថា​ទេយ្យធម៌​ដែល​ខ្ញុំព្រះអង្គ​បំរុង​នឹងថ្វាយ​នោះ ខ្ញុំព្រះអង្គ​មិនទាន់​បាន​ថ្វាយ​នៅ​ឡើយ ឯ​ទេយ្យធម៌​នោះ មិនមែន​ជា​គ្មាន​ទេ ខ្ញុំព្រះអង្គ​នឹង​បាន​បំរុង​ថា​នឹង​មិន​ថ្វាយ​នោះ​ក៏​ទេ (ចេះតែ​ខាន​មិនទាន់​បាន​ថ្វាយ) ព្រោះជាតិជាគ្រហស្ថអ្នកគ្រប់គ្រងផ្ទះសម្បែង រមែងមានកិច្ចរវល់ច្រើន មានការងារក៏ច្រើន ចំណែកខាងព្រះអង្គសោត ទ្រង់នឹងបានទេយ្យធម៌នោះមកពីណា សូម​ព្រះគោតម​ដ៏​ចំរើន ព្រមទាំងព្រះ​ភិក្ខុសង្ឃ​ទទួល​ចង្ហាន់​របស់​ខ្ញុំព្រះអង្គ​ក្នុង​ថ្ងៃស្អែក​ សិន។ ព្រះដ៏មានព្រះភាគ ក៏​ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ ក៏​ត្រាស់​សំដែង​ធម៌ ពន្យល់​ណែនាំ​ឲ្យ​វេរញ្ជព្រាហ្មណ៍​យល់​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​បរលោក ឲ្យ​ជឿជាក់​ក្នុង​កុសលធម៌ ឲ្យ​រីករាយ ខ្មីឃ្មាត​សង្វាត​ធ្វើការ​កុសល រួច​ទ្រង់​ក្រោកចាកអាសនៈ ហើយ​យាង​ត្រឡប់​មក​វិញ។ ដល់​វេលា​ព្រឹក​ឡើង វេរញ្ជព្រាហ្មណ៍ បង្គាប់​ជន​ទាំងឡាយ​ឲ្យ​ចាត់ចែង​ធ្វើ​ខាទនីយ​ភោជនីយាហារ (បង្អែម និងចំអាប) ដ៏​ឆ្ងាញ់​ពិសារក្នុងលំនៅរបស់ខ្លួនស្រេច​ហើយ ទើប​ចាត់​បំរើ​ឲ្យ​ទៅ​ក្រាបទូល​ព្រះដ៏មានព្រះភាគ​តាម​កំណត់​ពេល​ថា បពិត្រ​ព្រះគោតម​ដ៏ចំរើន កាលនេះ​ជា​កាល​គួរ​ហើយ ចង្ហាន់​ក៏​បាន​រៀបចំ​ស្រេច​ហើយ។ លំដាប់​នោះ ព្រះដ៏មានព្រះភាគ​ព្រះអង្គ​ទ្រង់​ស្បង់ ​ចីវរ​ព្រម​ទាំង​បាត្រ ហើយ​យាង​ចូល​ទៅ​កាន់​លំនៅ​នៃ​វេរញ្ជព្រាហ្មណ៍ ជាមួយ​នឹង​ព្រះភិក្ខុសង្ឃ​ក្នុង​វេលា​ព្រឹក​នោះ លុះ​ដល់​ហើយ ទ្រង់​គង់​លើ​អាសនៈដែល​គេ​រៀបចំ​ថ្វាយ។ វេលា​នោះ វេរញ្ជព្រាហ្មណ៍ បាន​អង្គាស​ថ្វាយ​ខាទនីយ​ភោជនីយាហារ (បង្អែម និងចំអាប) ដ៏​ឆ្ងាញ់​ពិសារ​ដោយ​ដៃ​ខ្លួន​ឯង ចំពោះព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ឲ្យ​ឆ្អែត​ស្កប់ស្កល់​ត្រា​តែ​ដល់​លោក​ប្រកែក​លែង​ទទួល​ទៀត លុះព្រះដ៏មានជោគ ទ្រង់សោយស្រេច លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ ក៏​ថ្វាយ​ចីវរ​១ត្រៃ ហើយ​ប្រគេន​សម្ពត់​ព្រះភិក្ខុសង្ឃ​១គូៗ​រាល់​អង្គ។ លំដាប់​នោះ ព្រះភគវា​ទ្រង់​ត្រាស់​សំដែង​ធម៌​ណែនាំ​ពន្យល់​ឲ្យ​វេរញ្ជព្រាហ្មណ៍​យល់​ ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​បរលោក ឲ្យ​ជឿជាក់​ក្នុង​កុសលធម៌ ឲ្យ​រីករាយ​ខ្មីឃ្មាត​សង្វាត​ធ្វើ​កុសល រួច​ព្រះអង្គ​ក្រោក​ចាក​អាសនៈ ហើយ​ទ្រង់​យាង​ត្រឡប់​មក​វិញ។ លុះ​ព្រះអង្គ​គង់​នៅជិត​ស្រុកវេរញ្ជា តាម​គួរ​ដល់​អធ្យាស្រ័យ​ហើយ ទ្រង់​ក៏​យាងចេញ​ទៅកាន់​នគរសោរេយ្យ រួច​ទៅ​នគរសង្កស្ស ហើយ​ហួស​ទៅ​នគរកណ្ណកុជ្ជៈ (ត​ពីនោះ​ទៅ) ទ្រង់​យាង​សំដៅ​ទៅ​ស្រុកបយាគបតិដ្ឋាន លុះ​ទៅ​ដល់​ហើយ ទ្រង់​ឆ្លង​គង្គានទី​ក្នុង​ស្រុក​បយាគបតិដ្ឋាន ហើយ​យាង​ទៅ​ដល់​នគរពារាណសី។ គ្រានោះ ព្រះអង្គ​គង់​កំសាន្ត​ក្នុង​ក្រុងពារាណសី ហើយ​ទ្រង់​ចៀស​ទៅ​កាន់​ចារិក​នៃ​ក្រុងវេសាលី កាល​ទ្រង់​យាង​ទៅកាន់​ចារិក​តាម​លំដាប់ ក៏​បាន​ទៅ​ដល់​ក្រុងវេសាលី។ បាន​ឮថា ព្រះដ៏មានជោគ ព្រះអង្គ​ទៅ​គង់​សម្រាន្ត​ឥរិយាបថ​ក្នុង​កូដាគារសាលា នៅ​នា​មហាវន (ព្រៃធំ) ជិត​ក្រុងវេសាលី​នោះ។

វារៈសំដែងអំពីនិទានវេរញ្ជព្រាហ្មណ៍ ចប់។

 

1)
ក្នុងអដ្ឋកថា ព្រាហ្មណ៍នេះ ឈ្មោះឧទយៈ ដែល​ហៅ​ថា វេរញ្ជៈ គឺ​ហៅ​តាមនាមស្រុកវេរញ្ជា ជា​ស្រុក​របស់គាត់នៅ
2)
កំណើត​សត្វតិរច្ឆាន
3)
ប្រេត​វិស័យ
4)
អសុរកាយដែលមានមហិទ្ធិឫទ្ធិ​ដូច​រាហូអសុរិន្ទ​ជាដើម
5)
លោក​ដែល​គ្មាន​​សេចក្តី​ចំរើន​មាន​ប្រការ​ច្រើន មានអវចីនរកជាដើម
6)
សង្គ្រោះយក​គតិ​របស់​មនុស្ស​ចូល​ផង
7)
ចំពោះ​យក​គតិ​នៃ​ទេវតា​តែ​ម្យ៉ាង
8)
ទទួល​និមន្ត​ដោយ​ស្ងៀម
9)
សម័យ​ជា​ចំណែក​ខាងដើម​នៃ​ថ្ងៃ គឺ​ពេល​ព្រឹក​ព្រលឹម
10)
ពាក្យប្រៀនប្រដៅ ​របស់​ព្រះពុទ្ធជាម្ចាស់ ចំពោះ​ត្រង់​ត្រៃសិក្ខា គឺ សីល សមាធិ បញ្ញា។
11)
ប្រែចេញ ​ពី​បាលីថា កិលាសុនោ សព្ទនេះប្រែថាខ្ជិល ប៉ុន្តែក្នុងទីនេះ បើប្រែថាខ្ជិល នឹងទៅជាឆ្គងសេចក្តី មិនសមតាមន័យ​ក្នុង​អដ្ឋកថា ៗប្រាប់សេចក្តីថា ព្រះពុទ្ធ​គ្មាន​សេចក្តី​ខ្ជិល​ទេ។
12)
ភិក្ខុ​ទាំង​៥០០រូប ដែល​មក​នៅ​ចាំ​វស្សា​ជាមួយ​នឹង​ព្រះអង្គ ជិត​ក្រុង​វេរញ្ជា​នោះ​ឯង។
km/tipitaka/vin/par/vin.par.ve.txt · ពេលកែចុងក្រោយ: 2018/11/19 11:45 និពន្ឋដោយ Johann